ស្វែងយល់ពាក្យ «រាត្រីទឹកឃ្មុំ ឬចន្ទទឹកឃ្មុំ»

«រាត្រីទឹកឃ្មុំ» ឬ «ចន្ទទឹកឃ្មុំ» ជាពាក្យដែលខ្មែរយើងប្រើសំដៅលើរយៈពេល ឬរាត្រីដែលគូស្វាមីភរិយា ទើបតែរៀបការថ្មោងថ្មី ស្ថិតនៅជាមួយគ្នាប្រកបដោយភាពផ្អែមល្ហែម ។ ពាក្យរាត្រីទឹកឃ្មុំ ឬចន្ទទឹកឃ្មុំនេះ ជួនកាលក៏ប្រើសំដៅលើរាត្រីផ្សំដំណេក ឬរួមដំណេកទី១បន្ទាប់ពីរៀបការរួចផងដែរ ។
ជាមតិឯកជនផ្ទាល់ខ្លួនរបស់ខ្ញុំ ពាក្យ «រាត្រីទឹកឃ្មុំ» ឬ «ចន្ទទឹកឃ្មុំ» ប្រហែលជាខ្មែរយើងប្រើតាមភាសាបរទេស ដូចជាពាក្យអង់គ្លេស “Honeymoon” ដែលសំដៅទៅលើរយៈពេល១ខែដំបូងនៃមង្គលការថាជាពេលវេលាដ៏ផ្អែមល្អែមបំផុត ដែលពាក្យនេះត្រូវបានគេយកមកប្រើជាលើកដំបូងនៅឆ្នាំ១៥៤៦ ។ ប៉ុន្តែ វចនានុក្រម ឬសៀវភៅផ្សេងៗ បានផ្ដល់អត្ថន័យ ឬការពន្យល់ខុសៗពីគ្នា ។
ពាក្យ “Honeymoon” ផ្សំឡើងពីពាក្យពីរមាត់គឺ “ទឹកឃ្មុំ” និង “ព្រះចន្ទ” ។ បើតាមសៀវភៅមួយបាននិយាយពីប្រវត្តិថា កាលដ៏យូរលង់មកហើយ (ប្រហែលជាកាលមនុស្សរស់នៅជាកុលសម្ព័ន្ធ) នៅពេលរៀបអាពាហ៍ពិពាហ៍ កូនកំលោះតែងតែនាំកូនក្រមុំគេចចេញពីមនុស្សម្នា មិនឲ្យសាច់ញាតិតាមរកឃើញឡើយ ។ ការរត់គេចនេះ ភាគច្រើនគឺចូលទៅក្នុងព្រៃភ្នំជ្រលងដងអូរ និងបានចំណាយពេលវេលាច្រើនរាត្រី ស្លៀកខ្យល់ដណ្ដប់មេឃ ផ្អែមល្អែម ក្រោមដួងព្រះចន្ទជាមួយគ្នា ។ ដូច្នេះហើយទើបបានជាគេប្រើពាក្យ «ទឹកឃ្មុំ‑ផ្អែមល្អែម» + «ព្រះចន្ទ» => «រាត្រីទឹកឃ្មុំ ឬ ចន្ទទឹកឃ្មុំ Honeymoon» រហូតមកដល់បច្ចុប្បន្ន ៕
