ការវាស់កម្រិតខ្លាញ់នៅក្នុងរាងកាយកូនជ្រូក
អ្នកវិទ្យាសាស្ត្រនៃសេវាកម្មស្រាវជ្រាវកសិកម្ម (ARS) សាកល្បងប្រើឧបករណ៍ MRI ដើម្បីវាស់កម្រិតខ្លាញ់នៅក្នុងរាងកាយកូនជ្រូក
ឧបករណ៍ដែលផ្អែកលើរូបភាពខ្ទរម៉ាញេទិច (MRI-ប្រព័ន្ធផលិតរូបភាពអេឡិចត្រូនិចនៃសរីរាង្គនៅក្នុងរាងកាយមនុស្សដោយប្រើរលកវិទ្យុ និងដែនម៉ាញេទិចខ្លាំង) អាចវាស់វែងប្រកបដោយភាពជាក់លាក់អំពីខ្លាញ់នៅក្នុងរាងកាយកូនជ្រូកដោយប្រើគោលការណ៍បរិមាណភាពខ្ទរម៉ាញេទិច (QMR) ។ ឧបករណ៍នេះ ដែលគេហៅថា “EchoMRI” ត្រូវបានអភិវឌ្ឍឡើងដោយប្រព័ន្ធអេកូវិជ្ជសាស្ត្រ និងមានភាពជឿនលឿនជាងបច្ចេកវិទ្យាបច្ចុប្បន្នដែលគេប្រើសម្រាប់ធ្វើតេស្តសមាសភាពរាងកាយ ។
ប្រព័ន្ធស្តង់ដារMRI ត្រូវបានប្រើប្រាស់ជាទូទៅដើម្បីស្កេន (Scan) និងមើលជាលិកាមនុស្ស ប៉ុន្តែប្រព័ន្ធរូបភាពទាំងនេះ មានអត្រាមិនជាក់លាក់ខ្ពស់ ។ EchoMRI ប្រើប្រភេទថ្មីនៃវិធីសាស្ត្រ QMR ដើម្បីទទួលបានលទ្ធផលសមាសភាពរាងកាយ ផ្អែកលើដង់ស៊ីតេណ្វៃយ៉ូអ៊ីដ្រូសែន និងលក្ខណៈរូបរបស់ជាលិកា ។
លទ្ធផលស្រាវជ្រាវបង្ហាញថា EchoMRI គឺជាវិធីត្រឹមត្រូវជាក់លាក់ដែលសមស្របសម្រាប់វាស់កូនជ្រូកអំពីសមាសភាពរូបរាង ខ្លាញ់សរុបរបស់រាងកាយ ម៉ាសជាលិកាគ្មានខ្លាញ់ ម៉ាសគ្មានទឹក និងទឹកសរុបរបស់រាងកាយ ។ EchoMRI អនុញ្ញាតឲ្យការវាស់វែងអាចធ្វើឡើងបានឆាប់រហ័សដោយគ្មានភាពស្ពឹក ឬរងៀម ។ EchoMRI ក៏គ្មានកាំរស្មី និងមិនតម្រូវឲ្យសត្វដែលត្រូវវាស់ស្ថិតក្នុងស្ថានភាពនៅស្ងៀមទ្រឹងទេ ។
ការស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងក្រោមការឧបត្ថម្ភថវិកាពីវិទ្យាស្ថានជាតិសុខាភិបាល ជាទីកន្លែងដែលអ្នកស្រាជ្រាវនានាចង់ដឹងថា តើបច្ចេកវិទ្យាថ្មីនេះអាចយកទៅអនុវត្តលើរាងកាយកុមារនៅពេលអនាគតបានឬទេ ៕ អត្ថបទដោយ Alva D. Mitchell
បកប្រែ និងផ្សព្វផ្សាយដោយមានការអនុញ្ញាតពី USDA (Agricultural Research/April 2009)