អភិវឌ្ឍភាពជាអ្នកដឹកនាំនៅក្នុងខ្លួនអ្នក

អភិវឌ្ឍភាពជាអ្នកដឹកនាំនៅក្នុងខ្លួនអ្នក
នៅប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានរុះរើ រៀបចំសៀវភៅចាស់ៗឡើងវិញ ហើយក៏បានប្រទះឃើញកិច្ចការមួយដែលចៅហ្វាយនាយរបស់ខ្ញុំបានដាក់ឲ្យធ្វើ កាលនៅបម្រើការដោយស្ម័គ្រចិត្តនៅក្នុងអង្គភាពមួយកាលពី៦ឆ្នាំមុន (ឆ្នាំ២០០៣) ។ កិច្ចការនោះ គឺបកប្រែជាភាសាខ្មែរនូវស្នាដៃរបស់លោក John C. Maxwell ដែលមានចំណងជើងថា «ការអភិវឌ្ឍភាពជាអ្នកដឹកនាំនៅក្នុងខ្លួនអ្នក “Developing The Leader Within You”» ។ កាលនោះ ទាំងជំនាញភាសាអង់គ្លេស និងកុំព្យូទ័ររបស់ខ្ញុំមានការខ្វះខាតច្រើនណាស់ ។ ដំបូង ខ្ញុំធ្វើការបកប្រែដោយសរសេរដៃ ផ្ទៀងផ្ទាត់ពាក្យមិនចេះជាមួយវចនានុក្រមអង់គ្លេស‑ខ្មែរមួយក្បាល ។ បន្ទាប់មក ទើបអង្គុយវាយកុំព្យូទ័រប៉ិកប៉ក់ៗ ។ ការអនុវត្តកិច្ចការបកប្រែ និងកុំព្យូទ័រនេះ ចំណាយពេលអស់៦ខែទើបបានសម្រេច ។
បច្ចុប្បន្ន ខ្ញុំពុំមានឯកសារកិច្ចការនេះជាទម្រង់អេឡិចត្រូនិចទេ គឺមានសល់តែសៀវភៅថតចម្លងមួយក្បាលប៉ុណ្ណោះ ជាអនុស្សាវរីយ៍ ។ ដោយយល់ឃើញថា ឯកសារនេះមានសារៈសំខាន់សម្រាប់ប្រិយមិត្តដែលនឹងក្លាយខ្លួនទៅជាអ្នកដឹកនាំ ទោះបីការបកប្រែកាលនោះមានការខុសឆ្គងខ្លះក៏ដោយ ក៏ខ្លឹមសារដើមទាំងមូលពុំបាត់បង់ទេនោះ ខ្ញុំសូមលើកយកមកបង្ហាញជូនប្រិយមិត្តដើម្បីសិក្សាស្វែងយល់ និងផ្ដល់អនុសាសន៍កែលម្អដូចខាងក្រោម ៖
ស្នាដៃ «ការអភិវឌ្ឍភាពជាអ្នកដឹកនាំនៅក្នុងខ្លួនអ្នក» សរុបទាំងអស់មានកម្រាស់២១៩ទំព័រ ជាក្បួនសម្រាប់ការហ្វឹកហាត់ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំក្នុងរយៈពេល១០សប្ដាហ៍ ដែលក្នុង១សប្ដាហ៍មាន៥មេរៀនសម្រាប់៥ថ្ងៃ ។ ស្នាដៃនេះចែកចេញជាផ្នែកទ្រឹស្ដី និងផ្នែកអនុវត្តប្រចាំថ្ងៃនូវអ្វីដែលអ្នកនិពន្ធធ្លាប់បានសាកល្បង ហើយនៅចុងបញ្ចប់នៃសប្ដាហ៍នីមួយៗ មានសំណួរពិភាក្សាលើខ្លឹមសាររួមមួយ ។ ខ្ញុំសូមមិនធ្វើអត្ថាធិប្បាយអ្វីច្រើនទេ ដោយសូមដកស្រង់សម្ដីរបស់អ្នកនិពន្ធនៅក្នុងអារម្ភកថាដូចតទៅៈ
««បំណងរបស់ខ្ញុំគឺថា អ្នកនឹងអាចសម្រេចការងារជាអ្នកដឹកនាំ ។ សៀវភៅនេះមានទិសដៅចំពោះគោលបំណងនេះ ។ ពេញ១០សប្ដាហ៍បន្ទាប់ទៅនេះ អ្នកនឹងឃើញ និងអភិវឌ្ឍភាពជាអ្នកដឹកនាំនៅក្នុងខ្លួនរបស់អ្នក ។ សៀវភៅនេះ នឹងនាំអ្នកទៅកាន់ភាពដឹកនាំកំពូល ។ សម្រាប់ពេលវេលា១៥ទៅ២០នាទីនៃថ្ងៃនីមួយៗ អ្នកនឹងឃើញ ហើយចាប់ផ្ដើមមានគោលការណ៍ ភាពជាអ្នកដឹកនាំ យ៉ាងស្វាហាប់នៅក្នុងជីវិតរបស់អ្នក ។ អានសៀវភៅរបស់ខ្ញុំអំពីភាពជាអ្នកដឹកនាំ គ្រាន់តែណែនាំអ្នកពីទស្សនៈថ្មីៗ និងការយល់ធ្លុះជ្រៅប៉ុណ្ណោះ ។ ប៉ុន្តែបើអ្នកអនុវត្តតាមក្បួននេះ វានឹងផ្ដល់ឲ្យអ្នកនូវការអនុវត្តដើម្បីឆ្ពោះទៅកាន់ ៖
- ការដឹងពីទីតាំងដែលអ្នកស្ថិតនៅក្នុងនាមជាអ្នកដឹកនាំក្នុងពេលបច្ចុប្បន្ន
- ការបង្ហាញឲ្យដឹងពីការសន្និដ្ឋានរបស់អ្នក និងដំណើរការនៃគោលការណ៍ដែលអាចរារាំងចំណង់របស់អ្នកក្នុងការដឹកនាំ
- ការរៀនពីគោលការណ៍ថ្មីៗដែលមាននៅក្នុងភាពជាអ្នកដឹកនាំ
- ការបញ្ចូលគោលការណ៍ទាំងនោះ ទៅក្នុងឥរិយាបថ និងសកម្មភាពរបស់អ្នក ។
សប្ដាហ៍នីមួយៗនឹងបង្ហាញពីទិដ្ឋភាពថ្មីៗនៃភាពជាអ្នកដឹកនាំ និងបង្កើនពីលើមេរៀនមុន ។ នៅគ្រប់អាយុ ពេលវេលាមកដល់ នៅពេលភាពជាអ្នកដឹកនាំ ត្រូវជួបនឹងតម្រូវការនៃម៉ោង ។ ដូច្នេះ គ្មានអ្នកដឹកនាំមានសក្ដានុពលណាម្នាក់ដែលមិនបានស្វែងរកពេលវេលារបស់គាត់នោះទេ ។ ចូរប្រើសៀវភៅនេះដើម្បីគ្រប់គ្រងពេលវេលារបស់អ្នក!»»
មាតិការឿង
- អារម្ភកថា និងសប្ដាហ៍ទី១ និយមន័យភាពជាអ្នកដឹកនាំៈ ឥទ្ធិពល (ទំព័រ១‑២៦)
- សប្ដាហ៍ទី២ ចំណុចសំខាន់នៃភាពជាអ្នកដឹកនាំៈ អាទិភាព (ទំព័រ២៧‑៤៩)
- សប្ដាហ៍ទី៣ ធាតុផ្សំសំខាន់បំផុតនៃភាពជាអ្នកដឹកនាំៈ សុចរិត (ទំព័រ៥០‑៦៨)
- សប្ដាហ៍ទី៤ តេស្តកម្រិតខ្ពស់នៃភាពជាអ្នកដឹកនាំៈ ការបង្កើតនូវការផ្លាស់ប្ដូរវិជ្ជមាន (ទំព័រ៦៩‑៩២)
- សប្ដាហ៍ទី៥ វិធីលឿនបំផុតដើម្បីទទួលបានភាពជាអ្នកដឹកនាំៈ ការដោះស្រាយបញ្ហា (ទំព័រ៩៣‑១១២)
- សប្ដាហ៍ទី៦ ការបន្ថែមនៅក្នុងភាពជាអ្នកដឹកនាំៈ ឥរិយាបថ (ទំព័រ១១៣‑១៣១)
- សប្ដាហ៍ទី៧ អភិវឌ្ឍទ្រព្យដ៏គួរឲ្យសរសើរបំផុតរបស់អ្នកៈ មនុស្ស (ទំព័រ១៣២‑១៥៤)
- សប្ដាហ៍ទី៨ គុណភាពដែលអត់មិនបាននៃភាពជាអ្នកដឹកនាំៈ ទស្សនៈវិស័យ (ទំព័រ១៥៥‑១៧៥)
- សប្ដាហ៍ទី៩ ស្លាកតម្លៃនៃភាពជាអ្នកដឹកនាំៈ វិន័យផ្ទាល់ខ្លួន (ទំព័រ១៧៦‑១៩៧)
- សប្ដាហ៍ទី១០ មេរៀនសំខាន់បំផុតនៃភាពជាអ្នកដឹកនាំៈ ការអភិវឌ្ឍបុគ្គលិក (ទំព័រ១៩៨‑២១៩)




