រឿងខ្មោចនាងតានី

ចេកនាងតានី
រឿងខ្មោចព្រាយបិសាច មានទាំងអ្នកជឿ និងមិនជឿ ។ អ្នកមិនជឿគិតថា វាគ្រាន់តែជារឿងកុហក លើកយកមកនិយាយលេងឲ្យសប្បាយដើម្បីឲ្យអ្នកស្ដាប់មានការភ័យខ្លាចតែប៉ុណ្ណោះ ។ បញ្ហាខ្មោចបិសាចនេះ មានការជជែកគ្នាឡើងប៉ោងសរសៃក អស់រាប់រយជំនាន់មកហើយ រវាងអ្នកជឿ និងអ្នកមិនជឿ រវាងអ្នកធ្លាប់ឃើញ និងអ្នកមិនធ្លាប់ឃើញ ។ អ្នកដែលគេជឿថាខ្មោចព្រាយមានពិតនោះ ព្រោះគេធ្លាប់មានបទពិសោធន៍ដោយខ្លួនឯង ។ ចំណែកអ្នកមិនជឿនោះ ព្រោះគេមិនដែលមានឱកាសបានជួប និងបានឃើញ ។ ជាពិសេស អ្នកដែលរស់នៅទីក្រុង ដែលមានភាពរីកចម្រើនស៊ីវីល័យ និងស្ថិតក្នុងបរិយាកាសគគ្រឹកគ្រេងនោះ គេមិនជឿថាខ្មោចមានពិតនោះទេ ។
មិនចំពោះតែជនជាតិខ្មែរប៉ុណ្ណោះទេ ជឿលើរឿងខ្មោចបិសាច អារក្សអ្នកតា សូម្បីតែជនជាតិបរទេស ឬអ្នកវិទ្យាសាស្ត្រ ក៏នៅទទួលស្គាល់ថាមានខ្មោចដែរ ព្រោះធ្លាប់បានឆ្លងកាត់ការពិសោធន៍ និងបានសាកល្បងរួចមកហើយ ។
ណ្ហើយចុះ ! លោកអ្នកជឿ ឬក៏មិនជឿក៏បាន ស្រេចតែនៅលើជំនឿផ្ទាល់ខ្លួនទៅចុះ ។ ពេលនេះខ្ញុំនឹងលើកយករឿងចម្លែកមួយ មកចែកជូនប្រិយមិត្ត ។ រឿងនេះពិតឬមិនពិតនោះ សូមប្រិយមិត្តវិនិច្ឆ័យដោយខ្លួនឯងទៅចុះ !
សំបូរ ជាកំលោះចាស់អាយុ៣០ឆ្នាំគត់ បានបញ្ចប់ការសិក្សាបរិញ្ញាផ្នែកខាងគ្រូបង្រៀនពីសាកលវិទ្យាល័យភ្នំពេញ ឆ្នាំ១៩៦១ ។
ក្រោយពីបានបញ្ចប់ការសិក្សា ក្រសួងបានចេញឈ្មោះឲ្យទៅបង្រៀនក្នុងស្រុកមួយនាខេត្តបាត់ដំបង ដែលតាមពិតនោះ គេមានស្រុកកំណើតនៅខេត្តកំពង់ធំ ។ គេទៅធ្វើគ្រូបង្រៀននៅខេត្តបាត់ដំបង ទាំងគ្មានស្គាល់នរណាម្នាក់សោះ ។ គេបានទៅជួលផ្ទះមួយសម្រាប់ការស្នាក់នៅ ។ ផ្ទះមួយខ្នងនេះ ស្ងាត់ល្អណាស់ ជាផ្ទះរបស់ប្រធានភូមិម្នាក់ ដែលគាត់ធ្វើទុកសម្រាប់ចែកឲ្យកូនស្រីក្រោយពេលដែលរៀបការជាមួយនឹងបុរសអ្នកជំនួញម្នាក់ ។ ប៉ុន្តែ ត្រូវខកបំណងទៅវិញ ដោយសារតែកំលោះអ្នកជំនួញនោះ ទៅរៀបការជាមួយនឹងកូនក្រមុំសៀមបាត់ទៅ ។ ដូច្នេះផ្ទះមួយខ្នងនេះ ត្រូវនៅទំនេរជារហូតមក ។ គាប់ជួននឹងសំបូររកជួលផ្ទះនៅផង លោកប្រធានភូមិក៏យល់ព្រមជួលឲ្យក្នុងតម្លៃថោកបំផុត ។ សំបូរមកនៅផ្ទះថ្មីនេះ ជាផ្ទះទោលមួយខ្នងគត់ ដែលនៅកណ្ដាលចំការចេក ។ មួយរយៈដំបូង ផ្ទះនេះមិនមានបង្ហាញហេតុការណ៍អ្វីខុសប្លែកឡើយ អាចនិយាយបានថា សំបូររស់នៅយ៉ាងមានសេចក្ដីសុខគ្រប់ប្រការ ។
ថ្ងៃមួយ ក្រោយពីងូតទឹកញ៉ាំបាយរួចរាល់អស់ហើយ ម៉ោងប្រហែលជា៧យប់ ។ សំបូរចេញមកអង្គុយយកខ្យល់អាកាសនៅលើរានហាលពីមុខផ្ទះ ដោយបង្ហើរអារម្មណ៍អណ្ដែតអណ្តូងស្ងាត់ៗម្នាក់ឯងនោះ ក្រសែភែ្នករបស់គេក៏ងាកទៅឃើញវត្ថុម្យ៉ាងដោយចៃដន្យ ។ យប់នោះមានខែភ្លឺស្រទន់ អាចល្មមនឹងមើលឃើញវត្ថុជុំវិញខ្លួនបានច្បាស់ ។ សំបូរមានអាការៈភ្ញាក់បន្តិចបន្តួច ព្រោះក្រសែភ្នែកមិនបានកុហកខ្លួនឯងឡើយ ។ ពេលនេះ ស្ត្រីម្នាក់កំពុងតែដើរសំដៅរកគេ ។ គេមានការឆ្ងល់ណាស់ថា «ថ្មើរនេះហើយមានស្ត្រីហ៊ានដើរម្នាក់ឯងទៀត ។»
ទីបំផុតស្ត្រីនោះ ក៏ដើរមកជិតដល់គេ ។ សំបូរក៏ក្រោកឡើងស្វាគមន៍ ក្នុងនាមជាម្ចាស់ផ្ទះ ។ គេគិតថា ប្រហែលជាញាតិមិត្តបងប្អូនរបស់លោកប្រធានភូមិ មានធុរៈ:អ្វីម្យ៉ាងហើយ ទើបមកទាំងយប់ដូច្នេះ ។ «សុំទោស ! មានការអី ! អើ…អញ្ជើញ ! អង្គុយសិន !»
នាងបង្ហាញស្នាមញញឹមដាក់គេបណ្ដើរ និងដើររកកន្លែងអង្គុយបណ្ដើរ ។ ពេលបានអង្គុយក្បែរគ្នាក្រោមពន្លឺព្រះច័ន្ទដ៏ភ្លឺនោះ គេអាចប្រាប់ខ្លួនឯងបានថា ស្រីម្នាក់នេះស្អាត និងមានមន្តស្នេហ៍ណាស់ ។ ស្អាតទាំងមុខ ទាំងរូបរាង រហូតស្ទើរនឹងរកស្រីណាមកប្រៀបប្រដូចគ្មាន ។ «អ្នកនាងជាអ្នកណាបាទ ?» សំបូរសួរបណ្ដើរ ទម្លាក់គូទអង្គុយ និងសម្លឹងទៅមុខនាងបណ្ដើរ ។
«នាងខ្ញុំជាញាតិមិត្តរបស់លោកប្រធានភូមិចា៎ ! នាងឆ្លើយទាំងបញ្ចេញស្នាមញញឹមគួរឲ្យស្រលាញ់ ។ នាងបញ្ជាក់: លោកគ្រូមានអីប្លែកចិត្តឬ ?»
«ទេបាទ ! អើ…សូមទោសអ្នកនាងឈ្មោះអីដែរ ?»
«នាងខ្ញុំឈ្មោះ នី ចា៎ !»
«ឈ្មោះនី ?»
«ចា៎ ជាញាតិឆ្ងាយៗរបស់លោកប្រធានភូមិ !»
«អ្នកនាង មករកខ្ញុំនៅពេលនេះមានការអីដែរ ?»
នាងបង្ហាញស្នាមញញឹមបណើ្តរឆ្លើយតបបណ្តើរថា «នាងខ្ញុំសុំនៅសម្រាកមួយយប់ជាមួយនឹងលោកគ្រូ ។»
ពាក្យសំណូមពររបស់នាង ធើ្វឲ្យសំបូរត្រូវប្រញាប់បដិសេធភា្លម ។ «អូ ! មិនបានទេ ! អ្នកនាងជាស្ត្រី ហើយខ្ញុំជាបុរស ។ យើងប្រាកដជាដេកមួយគ្នាតែពីរនាក់មិនបានទេ ! ម្យ៉ាងទៀត បើលោកប្រធានភូមិដឹង គាត់ច្បាស់ក្ដៅក្រហាយជាមិនខាន !»
«លោកប្រធានភូមិប្រាកដជាមិនដឹងទេចា៎ ! ទោះជានឹងដឹង ក៏មិនអីដែរ ។ សុំឲ្យនាងខ្ញុំបាននៅសម្រាកជាមួយនឹងលោកមួយយប់ទៅ ?»
សំបូរ គ្រវីក្បាលបដិសេធដូចដើម ។ «ខ្ញុំអនុញ្ញាតមិនបានទេ ។ កុំភ្លេចថា អ្នកនាងជាស្រី ខ្ញុំជាប្រុស ។ ការខូចខាត តែងតែកើតឡើងបាន ប្រសិនបើយើងដេកផ្ទះតែមួយជាមួយគ្នានោះ ។ សុំឲ្យឈប់មានគំនិតដូច្នេះ ហើយត្រលប់ទៅផ្ទះវិញទៅល្អជាង !»
«លោកគ្រូស្អប់ខ្ពើមព្រោះតែនាងខ្ញុំមិនស្អាតឬ ?»
«ទេ !… មិនមែនអញ្ចឹងទេ ! តែជារឿងខូចខាតបាត់បង់ ដែលយើងត្រូវទទួលទាំងពីរនាក់ » សំបូរឆ្លើយដោយស្មោះស និង សរសើរថា «អ្នកនាងពិតជាស្អាតណាស់ ! ប្រសិនបើទៅប្រកួតបវរកញ្ញា ប្រាកដជាជាប់មិនខាន !»
នាងញញឹមម្ដងទៀត «កាលពីឆ្នាំមុន លោកប្រធានភូមិធ្លាប់បញ្ជូននាងខ្ញុំទៅប្រកួតធីតាកសិកម្ម គឺនាងខ្ញុំបានទទួលតំណែងឈ្នះដាច់គេទៅហើយ !»
«មែនឬបាទ ?»
«ចា៎ ! អនុញ្ញាតឲ្យនាងខ្ញុំដេកនៅទីនេះមួយយប់ផងទៅណា ?»
ចប់សម្ដីរបស់នាងម្ដងនេះ សំបូរមានការភ្ញាក់ផ្អើលបន្តិចបន្តួច ។ ព្រោះពេលនេះ គេឮសូរសម្លេងឆ្កែលូ ។ សំបូរមានចិត្តខ្វល់ខ្វាយជាងធម្មតា ។ «អ្នកនាងត្រលប់ទៅវិញទៅល្អជាង ! ជឿខ្ញុំចុះ !»
នៅពេលសម្ដីបដិសេធចុងក្រោយរបស់សំបូរបញ្ចប់ទៅ នាងក៏ប្រញាប់ចុះទៅវិញភ្លាម ។
«នាងខ្ញុំសុំសរសើរលោកគ្រូថា ជាបុរសដែលមានចិត្តរឹងបំផុត ។ ណ្ហើយចុះ ! បើមិនពេញចិត្តឲ្យនាងខ្ញុំដេកជាមួយ នាងខ្ញុំសុំលាសិនហើយ !»
និយាយចប់ នាងក៏ឈានជើងដើរចេញទៅបាត់ក្នុងចំណោមដើមចេកដ៏ក្រាស់ឃ្មឹក ។
ព្រឹកស្អែកឡើង សំបូរប្រញាប់ទៅជួបលោកប្រធានភូមិ ដែលជាម្ចាស់ផ្ទះហើយក៏សួរថា«លោកប្រធានភូមិមានកូនក្មួយឈ្មោះនីទេ ? នាងថានាងជាញាតិមិត្តឆ្ងាយៗរបស់លោកប្រធានភូមិ ?»
«ទេ ! ខ្ញុំគ្មានទេ ! ហេតុអីទៅលោកគ្រូ ?»
សំបូរ និយាយហេតុការណ៍ដែលកើតឡើងនោះ ឲ្យលោកប្រធានភូមិស្ដាប់យ៉ាងលម្អិត ។
«នាងថែមទាំងប្រាប់ថា លោកប្រធានភូមិធ្លាប់បានបញ្ជូននាងឲ្យទៅប្រកួតធីតាកសិកម្ម កាលពីឆ្នាំកន្លងទៅ និងបានតំណែងឈ្នះដាច់នារីដទៃទៀតផង !»
លោកប្រធានភូមិ សើចហ៊ឹសឡើង ។ សំបូរឆ្ងល់ក៏សួរបញ្ជាក់ «បានសេចក្ដីថាយ៉ាងម៉េចលោកប្រធានភូមិ ?»
«ឈប់សិន ! ខ្ញុំត្រូវសួរលោកគ្រូសិន…»
«បាទ !…យ៉ាងម៉េច ?»
«ស្រីដែលមកជួបលោកនោះតែងខ្លួនយ៉ាងម៉េច ?»
«ស្លៀកសំពត់ចងក្បិន និងដណ្ដប់ស្បៃ ពាក់ឆៀង…»
«មានផ្កាព័ណ៌សសៀតនៅលើត្រចៀកទៀតផងមែនទេលោកគ្រូ ?»
«បាទ មែន !»
«គេមកជួបនឹងលោកគ្រូនិយាយថាយ៉ាងម៉េចខ្លះ ?»
«នាងប្រាប់ថា នាងជាញាតិឆ្ងាយៗរបស់លោកប្រធានភូមិ ។ លោកប្រធានភូមិ ធ្លាប់បញ្ជូននាងទៅប្រកួតធីតាកសិកម្ម និងបានទទួលតំណែងឈ្នះដាច់ នាងប្រាប់តែប៉ុណ្ណោះ ខ្លាចមានរឿងមិនល្អ ខ្ញុំក៏សំណូមពរឲ្យនាងទៅវិញ !»
«លោកគ្រូបានមើលទេ ថាតើនាងដើរទៅខាងណា !»
«នាងដើរបាត់ ចូលទៅក្នុងចំការចេកទៅ !»
«លោកប្រធានភូមិងក់ក្បាល ។ កាលពីឆ្នាំកន្លងទៅខ្ញុំបានបញ្ជូនផ្លែឈើមួយប្រភេទ ចូលទៅប្រកួតក្នុងពិធីប្រចាំឆ្នាំរបស់ខេត្ត និងបានទទួលរង្វាន់ឈ្នះដាច់គេ !»
«ផ្លែឈើអីទៅ លោកប្រធានភូមិ ?»
«ចេកតានី !»
សំបូរព្រឺខ្លួននៅពេលលោកប្រធានភូមិប្រាប់ថា «កំលោះៗដែលមកនៅផ្ទះមួយខ្នងនេះ តែងជួបនឹងស្រីក្រមុំតែងខ្លួនរបៀបបុរាណ ដូចដែលលោកគ្រូប្រាប់មកអញ្ចឹង ។ គេហៅថា ខ្មោចនាងតានីក្រឡាខ្លួនមក ។ លោកគ្រូចាត់ទុកថាជាបុរសចិត្តរឹងគ្រាន់បើ ដែលមិនព្រមឲ្យនាងដេកជាមួយ ។ បើមិនអញ្ចឹងទេ ! លោកគ្រូប្រាកដជាគ្មានឱកាសបានមកនិយាយរឿងនេះឲ្យខ្ញុំស្ដាប់ទេ !» ៕