ទស្សនៈអំពីការបែរមុខទៅទិសខាងលិចនៃប្រាសាទអង្គរវត្ដ
ទិសខាងកើតថ្ងៃរះ និងទិសខាងលិចថ្ងៃលិច ។ ចំពោះសំណង់ដែលទុកជាទីគោរពសក្ការៈទាំងឡាយមាន ប្រាសាទ ព្រះវិហារ កុដិ សាលា រាជវាំង ផ្ទះ ឬភូមិគ្រឹះរបស់មន្ដ្រីសំខាន់ៗតែងតែបែរមុខទៅទិសខាងកើត ។ ប៉ុន្ដែគេឃើញមានតែព្រះវិហារអដ្ឋរសនៅភ្នំឧត្ដុង្គទេដែលបែរមុខទៅទិសខាងកើត និងប្រាសាទអង្គរវត្ដបែរមុខទៅទិសខាងលិច ។
ប្រាសាទអង្គរវត្ដជាស្នាព្រះហស្ដព្រះបាទសូរ្យវរ្ម័នទី២(គ.ស១១១៣-១១៥២) ។ ប្រាសាទនេះសាងសង់នៅលើផ្ទៃដី១៩០ហិកតា មានរាងចតុកោណកែងស្ទើរស្មើជ្រុង គឺមានបណ្ដោយប្រវែង១៥០០ម៉ែត្រ និងទទឹងប្រហែល១៣០០ម៉ែត្រ និងមានកម្ពស់៦៥ម៉ែត្រ ។ ប្រាសាទអង្គរវត្តមានរូបចម្លាក់ទេពអប្សរាសរុបចំនួន១៥០០រូប ។ បរិវេណប្រាសាទអង្គរវត្ដព័ទ្ធជុំវិញដោយគូទឹកយ៉ាងធំដែលមានទទឹង១៩០ម៉ែត្រ ។ បន្ទាប់ពីគូ គឺកំផែងថ្មព័ទ្ធជុំវិញដែលមានបណ្ដោយ១០២៥ម៉ែត្រ និងទទឹង៨០០ម៉ែត្រ ។ គេចូលទៅក្នុងបរិវេណប្រាសាទពីទិសខាងលិចនៃប្រាសាទតាមផ្លូវដែលក្រាលដោយថ្មភក់របៀបដូចជាស្ពានឆ្លងកាត់គូ ។ លុះដើរទៅជិតខ្លោងទ្វារធំនោះ គេនឹងឃើញប្រាង្គប្រាសាទទាំងមូលស្ថិតនៅពេញប្រឡោះខ្លោងទ្វារសំដៅតួប្រាសាទដែលអមដោយបង្កាន់ដៃមានរាងជានាគក្បាលប្រាំពីរ ។
ដោយមានការសំគាល់ផ្លូវចូលពីទិសខាងលិចយ៉ាងនេះទើបមានទស្សនៈជាច្រើនយល់ថា អង្គរវត្ដបែរមុខទៅទិសខាងលិច រីឯនៅផ្នែកខាងកើតពុំមានស្ថាបនាផ្លូវឱ្យល្អសក្ដិសមដូចផ្លូវនៅទិសខាងលិចនោះឡើយ ។ ប៉ុន្ដែនៅក្នុងតួប្រាសាទទាំងអស់នៅអង្គរវត្ដគេឃើញបដិមាបែរព្រះភ័ក្ដ្រទៅទិសខាងកើតជាធម្មតា ។
បានជាគេឱ្យឈ្មោះថាប្រាសាទអង្គរវត្ដ គឺពាក្យថា «វត្ដ» ក៏ដូចជាវត្ដនៅក្នុងព្រះពុទ្ធសាសនាយើងបច្ចុប្បន្នដែរ ។ «វត្ដ» ប្រែថាជាទីគោរពប្រណិប័តន៍ ឯអង្គរហៅថានគរ ឬប្រទេស ឬផែនដីដែលគួរគោរពប្រណិប័តន៍ ។ ប្រាសាទអង្គរវត្ដជាតំណាងផែនដីនៃព្រះសុមេរុ៍ ។ បើនិយាយអំពីវត្ដ គឺគេអាចធ្វើផ្លូវចូលពីទិសខាងណាក៏បានដែរ ឱ្យតែកុដិសាលា និងព្រះវិហារបែរមុខទៅទិសខាងកើតនោះពិតជាត្រឹមត្រូវហើយ ។
ចំពោះទស្សនៈខ្លះដែលគេឃើញផ្លូវចូលប្រាសាទអង្គរវត្ដពីទិសខាងលិច គេបានយល់ថា ៖
- បើសង់ប្រាសាទបែរមុខទៅទិសខាងកើត (បើកផ្លូវ) នោះវាជិតស្ទឹងសៀមរាបពេក គ្មានទីធ្លាធ្វើបុណ្យទាន ឯផ្លូវទៅកាន់អង្គរធំនៅទិសខាងលិចស្រាប់ ។ នេះបើតាមកត្ដាភូមិសាស្ដ្រ ។ប៉ុន្ដែបើតាមជំនឿគេយល់ថា ស្ទឹងសៀមរាបហូរនាំទឹកដ៏ស័ក្ដិសិទ្ធិប្រៀបដូចទឹកអង្គបំពង់ខ្ចីស្រោចស្រពខាងកើតប្រាសាទ គឺជាសេរីមង្គលជាអមតៈរបស់ប្រាសាទ ។ ម្យ៉ាងទៀតស្ទឹងសៀមរាបដែលហូរនៅខាងកើតប្រាសាទអង្គរវត្ដ គឺជាកំពង់ចម្លងថ្មភក់ដែលដឹកជញ្ជូនមកពីភ្នំគូលែនសម្រាប់កសាងប្រាសាទ ម្ល៉ោះហើយទីនោះមិនអាចទុកឱ្យនៅទំនេរទេគឺជាកន្លែងគំនរថ្មសម្រាប់បន្ដយកទៅកសាងប្រាសាទ ។
- ខ្លះទៀតយល់ថា បើសង់បែរមុខទៅទិសខាងកើតនោះ ហាក់ដូចជាបែរខ្នងឱ្យប្រាសាទសំខាន់ៗឯទៀត ។
- ខ្លះទៀតយល់ថា ការសង់ប្រាសាទបែរទៅទិសខាងលិចគឺជាផ្នូររបស់ព្រះបាទសូរ្យវរ្ម័នទី២ ព្រោះខាងលិចជានិម្មិតរូបនៃសេចក្ដីស្លាប់ ឬមរណភាព ។ លក្ខណៈពិសេសម្យ៉ាងទៀតគឺការដើរទស្សនាប្រាសាទតាមរយៈរូបចម្លាក់ដែលឆ្លាក់លើជញ្ជាំងទី១នៃប្រាសាទដ៏អស្ចារ្យនេះក៏ត្រូវធ្វើដំណើរចេញពីឆ្វេងទៅស្ដាំ ដូចទៅនឹងការដើរហែក្បួនសពជុំវិញឈាបនដ្ឋានដែរ ។ហេតុនេះប្រាសាទអង្គរវត្ដជាកន្លែងសម្រាប់តម្កល់ព្រះសពរបស់មហាក្សត្រខ្មែរព្រះនាមព្រះបាទសូរ្យវរ្ម័នទី២ព្រោះគេឃើញមានបន្សល់មឈូសថ្មជាភស្ដុតាងស្រាប់ ។ ប្រាសាទអង្គរវត្ដជាវិមានទេវៈ ឬហៅថាទេវស្ថានផងដែរព្រោះមហាក្សត្រព្រះនាមសូរ្យវរ្ម័នទី២ក្រោយពីព្រះអង្គសោយទីវង្គតទៅព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គទ្រង់សណ្ឋិតជាទេវៈក្នុងទេវស្ថានដ៏ស័ក្ដិសិទ្ធិនេះ ។
កំណត់សម្គាល់ៈ
មានសម្មតិកម្មមួយចម្លែកជាងគេ ធ្វើឡើងដោយលោកសាស្ត្រាចារ្យ កេង វ៉ាន់សាក់ ។ លោកបានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីថា ប្រាសាទអង្គរវត្តត្រូវបានសង់បែរមុខទៅទិសខាងលិចពីព្រោះប្រាសាទនេះគឺជាប្រាសាទមន្តអាគម ប្រាសាទបណ្ដាសាឲ្យរលំរលាយ រលត់ ស្លាប់ ដោយក្រុមអ្នកប្រាជ្ញខ្មែរដើម ហៅថា «ក្រុមបាគូរ» ដែលគោរពយ៉ាងខ្ជាប់ខ្ជូននូវគ្រូទាំងប្រាំ គឺ មេ បា ព្រះ តា ចៅ ។ ខ្មែរដើមប្រកាន់ចំនួនប្រាំថាល្អ ដូចជា ការរាប់លេខ ការថ្វាយគ្រូខ្មែរដោយស្លាប្រាំ ម្លូប្រាំ ធូបប្រាំ បារីប្រាំ ប្រុសទ្រូងប្រាំហស្ត បាយសីប្រាំជាន់ ជាដើម ហើយដាក់បណ្ដាសាចំនួនបីឲ្យវិនាសអន្តរាយ ដូចជា ថតរូបបីនាក់ជាដើម ។ លោកបញ្ជាក់បន្ថែមថា ក្រុមបាគូរបានរចនាប្លង់ឡើងដោយបង្វែរកំពូលបីក្នុងចំណោមកំពូលប្រាំទៅទិសខាងលិច គឺក្នុងគោលបំណងសម្លាប់អ្វីដែលជាបីៗដែលជាបាតឫសគល់នៃទស្សនៈឥណ្ឌា ។ ក្នុងទស្សនៈឥណ្ឌាទោះជាព្រហ្មញ្ញសាសនា ឬព្រះពុទ្ធសាសនាក្ដីគឺគោរពចំនួនបីៗ ដូចជា ព្រហ្មញ្ញសាសនាគោរពអាទិទេពបី មានព្រះព្រហ្ម ព្រះនរាយណ៍ និងព្រះឥសូរ ត្រៃភព (ភពទាំងបី) ត្រៃវេទ (វេទទាំងបី) រីឯព្រះពុទ្ធសាសនាមានត្រៃរតន៍ ទានបីធូបបី សំពះបីដង ប្រទក្សិណបីជុំ ។ ចំពោះខ្មែរ ចំនួនបី គឺអាក្រក់ ស្លាប់ អន្ដរធាន ចង្រៃ ដូចជា ឡេវអាវបីជាឡេវអាវខ្មោច ទៅព្រៃកាប់ឧសមិនឲ្យចងបីកំណាត់គឺចងខ្មោច យកខ្មោចទៅកប់ត្រូវប្រទក្សិណបីជុំជាដើម (ស្វែងយល់បន្ថែម) ៕

ប្រាសាទអង្គរវត្តមើលពីអាកាស តាមរយៈ Google Earth

ប្រាសាទអង្គរវត្ត មើលពីត្រើយម្ខាងនៃគូទឹកខាងលិច

គោបុរៈខាងជើងនៃប្រាសាទអង្គរវត្ត

ចម្លាក់ទេពអប្សរានានានៅលើជញ្ជាំងប្រាសាទអង្គរវត្ត

ចម្លាក់អប្សរាតែមួយគត់នៅអង្គរវត្តដែលញញឹមចេញធ្មេញ

ចម្លាក់អប្សរតិចតួចនៅអង្គរវត្តដែលមានស្លៀកពាក់របៀបជាខោខ្លីដូចនេះ

ចម្លាក់អប្សរាឱបចង្កេះគ្នា

ចម្លាក់អប្សរាចាប់ដៃគ្នា

ចម្លាក់អប្សរាកៀកកគ្នា

ចម្លាក់ដើមរកាដែកនៅប្រាសាទអង្គរវត្ត

ចម្លាក់ផ្កាភ្ញីនៅប្រាសាទអង្គរវត្ត

ចម្លាក់ផ្កានៅប្រាសាទអង្គរវត្ត

ចម្លាក់មនុស្សផុសចេញពីផ្កានៅប្រាសាទអង្គរវត្ត