ទង់ទទួលទេវតាឆ្នាំថ្មី
ទង់ ( ន. ) ផ្ទាំងសំពត់ឬចម្រៀកសំពត់ ដែលដេរឲ្យមានសណ្ឋាននិងព័ណ៌ឬរូបផ្សេងៗ សម្រាប់ប្រើជាកិត្តិយសក្នុងប្រទេសមួយៗ; ឬក៏ប្រើជាគ្រឿងសម្គាល់តាមសណ្ដាប់សាសនានីមួយៗ ប្រើជាគ្រឿងបូជាក៏មាន សូម្បីធ្វើដោយក្រដាសក៏ហៅ ទង់ ដែរ ។
នៅស្រុកកំណើតរបស់ខ្ញុំ (ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ) ប្រជាពលរដ្ឋជាទួទៅតែងតែរៀបចំទីកន្លែងដើម្បីទទួលទេវតា ដែលហៅថា «រានទេវតា» ។ រានទេវតាមានតុបតែងលម្អដោយធាងដូងរុំព័ទ្ធដោយខ្សែសយ គោម បាយសី ទង់ទេវតា ផ្កា ផ្លែឈើ និងគ្រឿងពលីការផ្សេងៗ ។ល។
ទង់ទេវតា គឺជាក្រដាសព័ណ៌ដែលត្រូវបានគេបត់ និងកាត់ជារូប ថ្លែន បង្គួយ ក្រពើ និងរូបមនុស្ស ហើយត្រូវបានចងភ្ជាប់នៅចុងឆ្អឹងស្លឹកដូង និងដោតលើពំនូកដីខ្សាច់ ឬភាជនៈដាក់ដីខ្សាច់ ។ រីឯអត្ថន័យនៃទង់ទេវតា ខ្ញុំក៏បានទទួលការពន្យល់ច្បាស់លាស់ណាមួយឡើយ ពីព្រោះគឺជាទម្លាប់តាំងពីបុរាណកាលមក ។ ប៉ុន្តែ បើតាមការបកស្រាយរបស់សាស្ត្រាចារ្យ កេង វ៉ាន់សាក់ ទង់មានរូបរាងក្រពើដូចនេះ គឺជានិមិត្តរូបនៃដួងព្រលឹងរបស់ជនជាតិខ្មែរ (ជនជាតិខ្មែរគោរពប្រកាន់តូតែមចំនួន២គឺ នាងគង្ហីងតំណាងឲ្យដី ឬធាតុញី និងក្រពើតំណាងឲ្យទឹក ឬធាតុឈ្មោល ដែលឈ្មោះរួមរបស់តូតែមទាំង២ គឺ «ពាលី») ។ ប្រសិនបើប្រិយមិត្តយល់ដឹងបញ្ហានេះច្បាស់លាស់ សូមជួយបន្ថែមផង ៕

ក្រដាសព័ណ៌ផ្សេងៗត្រូវបានបត់ និងកាត់ជាទង់ទេវតា

ទង់ទេវតាដែលកាត់រួចរាល់ជារូបផ្សេងៗ

ទង់ទេវតាដែលត្រូវបានចងលក់ជាចង្កោម ។ ក្នុងមួយចង្កោមមានទង់១០ និងលក់ក្នុងតម្លៃ៥០០រៀល (កាលពីឆ្នាំ២០០៨ តែ ៣០០រៀលទេ)

គ្រឿងរណ្ដាប់ផ្សេងៗសម្រាប់ទទួលទេវតាឆ្នាំថ្មី មាន ផ្កា ខ្សែសយ ចង្រង់ ។ល។ ត្រូវបានដាក់លក់នៅក្នុងតូបចាប់ហួយមួយ

បច្ចុប្បន្ន បាយសីភាគច្រើនត្រូវបានធ្វើឡើងដោយក្រដាសរលើប និងកំប៉ុងឬបំពង់ជ័រដូចនេះ ជំនួសឲ្យបាយសីដែលធ្វើឡើងពីដើម និងស្លឹកចេក

រានទទួលទេវតា ជាមួយនឹងការតុបតែង និងគ្រឿងរណ្ដាប់ផ្សេងៗ

រានទទួលទេវតា ជាមួយនឹងការតុបតែង និងគ្រឿងរណ្ដាប់ផ្សេងៗ

ដោយទេវតាឆ្នាំថ្មីនេះសោយលោហិត រណ្ដាប់រៀបចំទទួលភាគច្រើនជាព័ណ៌ក្រហម ។ កាលខ្ញុំនៅពីក្មេងៗ រានទទួលទេវតាឆ្នាំថ្មីត្រូវបានរៀបចំនៅទីធ្លាវាលមុខផ្ទះ ។ ប៉ុន្តែ ពីរបីឆ្នាំចុងក្រោយនេះ រានទេវតាជាទួទៅត្រូវបានរៀបចំនៅលើរានហាលមុខផ្ទះ ឬក្នុងផ្ទះវិញ ដោយសារនៅពេលយប់ មានជនខិលខូចបានដើរប្រមូលគ្រឿងដង្វាយផ្សេងៗ យកទៅបាត់អស់ ភាគច្រើននៅយប់ចូលឆ្នាំដំបូងតែម្ដង (ដែលគេតែងនិយាយលេងថា ទេវតាបានមកយកគ្រឿងដង្វាយទៅមែនទែន) ។


