Chouk Khmer

April 3, 2009

ទេពធីតា​ឆ្នាំ​ថ្មី​ស្លៀក​ពាក់​ខ្មៅ​ សោយ​លោហិត ​គង់​លើ​សត្វ​សេះ

គោ​ឧសភរាជ​ដែល​ខ្មែរ​បុរាណ​គោរព​បូជា​នៅ​ប្រាសាទ​ព្រះគោ 

គោ​ឧសភរាជ​ដែល​ខ្មែរ​បុរាណ​គោរព​បូជា​នៅ​ប្រាសាទ​ព្រះគោ

ឆ្នាំ​ថ្មី​ដែល​នឹង​ចូល​មក​ដល់​នា​សប្ដាហ៍​ខាង​មុខ​នេះ​ គឺ​ឆ្នាំ​ឆ្លូវ​ ​ដែល​តំណាង​ដោយ​សត្វ​គោ ។ តាម​ការ​គន់គូរ​ ឆ្នាំ​ឆ្លូវ​នឹង​ចូល​មក​ដល់​នៅ​វេលា​ម៉ោង​១​និង​៣៦​នាទី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​១៣​ ខែ​មេសា​ឈាន​ចូល​ថ្ងៃ​ទី​១៤​ ខែ​មេសា ។

ឆ្នាំ​ឆ្លូវ​នេះ​ដោយសារ​សង្ក្រាន្ដ​ចូល​មក​នៅ​ថ្ងៃ​អង្គារ​ទើប​ទេពធីតា​ដែល​ត្រូវ​យាង​មក​ធ្វើ​ជា​អធិបតី​គឺ​ចំ​វេន​បុត្រ​ទី​៣​នៃ​កបិល​មហាព្រហ្ម​ព្រះ​នាម​រាក្សសាទេវី ។ តាម​ក្បួន​មហាសង្ក្រាន្ដ​ដែល​បោះពុម្ពផ្សាយ​ដោយ​លោក​ អ៊ឹម​ ​បុរិណរ៍​ ​សមាជិក​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ដ្រ​ ​និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​បាន​ចែង​ថា​ ព្រះ​នាង​រាក្សសាទេវី​ទ្រង់​អម្ពរ​ (ស្លៀកពាក់​) ពណ៌​ខ្មៅ​ ​លម្អ​នៅ​ព្រះ​កាណ៌​ (ត្រចៀក) ដោយ​ផ្កាឈូក​រតន៍​ ​អភរណ​ (គ្រឿង​តែង​) ទ្រង់​ពាក់​កែវ​មោរា​ (ត្បួ​ង​មួយ​ប្រភេទ​ពណ៌​សម្បុរ​ឡាយ) ភក្សាហារ​ ​ទ្រង់​សោយ​លោហិត​ ​ព្រះ​ហស្ដ​ស្ដាំ​ទ្រង់​ត្រីសូល៍​ ​ព្រះ​ហស្ដ​ឆ្វេង​ទ្រង់​ធ្នូ​ ​ទ្រង់​គង់​ផ្លុំ​បិទ​ព្រះ​នេត្រ​លើ​ខ្នង​សត្វ​អស្សតរ​ (សេះ) ជា​ពាហនៈ ។

គួរ​បញ្ជាក់​ថា​ តាម​ក្បួនតម្រា​ខ្មែរ​បុរាណ​ ​ទេពធីតា​បុត្រី​កបិល​មហាព្រហ្ម​ដែល​យាង​ចេញ​មក​ធ្វើ​ជា​អធិបតី​ក្នុង​ពេល​ចូល​ឆ្នាំ​ ​គឺ​ផ្លាស់​វេន​គ្នា​រៀង​រាល់​ឆ្នាំ​ហើយ​អាច​សម្គាល់​បាន​ថា​បើ​សង្ក្រាន្ដ​ចូល​មក​ដល់​នៅ​ថ្ងៃ​ណា​ ​គឺ​ទេពធីតា​តាម​លំដាប់​លេខ​រៀង​នឹង​យាង​មក​ធ្វើ​អធិបតី​ក្នុង​ថ្ងៃ​នោះ​ ​តួយ៉ាង​ដូច​ជា​ឆ្នាំឆ្លូវ​នេះ​សង្ក្រាន្ដ​ចូល​មក​ដល់​នៅ​ថ្ងៃ​អង្គារ​ ​ហេតុនេះ​ហើយ​ទើប​បុត្រី​ទី​៣​យាង​ចូល​មក​ព្រោះថា​ ខ្មែរ​មាន​ប្រព័ន្ធ​រាប់​ថ្ងៃ​ក្នុង​សប្ដាហ៍​ដោយ​កំណត់​ថា​ ថ្ងៃ​អាទិត្យ​គឺជា​ថ្ងៃ​ទី​១​ក្នុង​សប្ដាហ៍​ ​ដូច្នេះ​ថ្ងៃ​អង្គារ​គឺជា​ថ្ងៃ​ទី​៣ ។

ឆ្នាំ​ឆ្លូវ​ដែល​នឹង​ចូល​មក​ដល់​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ គឺជា​ឆ្នាំ​ឆ្លូវ​ ឯកស័ក​ ​ចុល្លសករាជ​១៣៧១​ ​មហាសករាជ​១៩៣១​ ​ពុទ្ធសករាជ​២៥៥៣​ ​គ្រិស្ដសករាជ​២០០៩ ។

គួរ​កត់​សម្គាល់ថា​ ការ​ចូល​ឆ្នាំ​ថ្មី​នេះ​មិនមែន​បាន​ន័យ​ថា​ព្រះពុទ្ធ​សាសនា​កើន​ថែម​មួយ​ឆ្នាំ​នោះ​ទេ ។ ព្រះពុទ្ធ​សករាជ​កន្លង​ទៅ​ហើយ​បាន​២៥៥២​ ​ត្រឹម​ថ្ងៃ​ទី​១៥​កើត​ ​ខែ​ពិសាខ​ ​លុះដល់​ថ្ងៃ​១​រោច​ ​ខែ​ពិសាខ​ ​ឆ្នាំ​ឆ្លូវ​ ​ឯកស័ក​តទៅ​ ​ទើប​ចូល​ពុទ្ធសករាជ​២៥៥៣ ។

៣​ថ្ងៃ​នៃ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​រួមមានៈ ថ្ងៃ​អង្គារ​ ៥​រោច​ ​ខែចេត្រ​ ​ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ​ខែ​មេសា​ ​គ្រិស្ដសករាជ​២០០៩​ ​វេលា​ម៉ោង​១​និង​៣៦​នាទី​ ជា​ថ្ងៃ​ចូល​ឆ្នាំ​ឆ្លូវ​ឯកស័ក ។ ថ្ងៃ​ពុធ​ ​៦រោច ខែ​ចេត្រ​ ​ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ​ខែ​មេសា​ ​គ្រិស្ដសករាជ​២០០៩​ ​ជា​វារៈវនបត ។

ថ្ងៃ​ព្រហស្បតិ៍​៧​រោច​ ​ខែ​ចេត្រ​ ​ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ​ខែ​មេសា​ ​គ្រិស្ដសករាជ​២០០៩​ ​នៅ​វេលា​ម៉ោង​៥​និង​០៦​នាទី​ជា​វារៈ​ឡើងស័ក​គម្រប់​ជា​សង្ក្រាន្ដ​បី​ថ្ងៃ​ស្រេច​បរិបូរណ៍​ចូល​ជា​សកល​ឆ្នាំ​ឆ្លូវ​ឯកស័ក​តទៅ ។

ខាងក្រោម​នេះ​ជា​ទំនាយ​មួយ​ចំនួន​ដែល​មាន​ចុះ​ផ្សាយ​ក្នុង​សៀវភៅ​មហាសង្ក្រាន្ដ​របស់​លោក​ អ៊ឹម​ ​បុរិណរ៍ ។

រណ្ដាប់​ទទួល​ទេវតា​

រណ្ដាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក​មាន​រាន​ទទួល​ទេវតា​មួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ​ ​ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ក្រហម​ ​ហើយ​រៀប​បាយសី​៩​ថ្នាក់​មួយ​គូ​ ​បាយសី​៧​ថ្នាក់​មួយ​គូ​ ​បាយសី​៥​ថ្នាក់​មួយគូ​ ​បាយសី​៣​ថ្នាក់​មួយគូ​ ​បាយសី​ប៉ាឆាម​មួយ​គូ​ ​ស្លាធម៌​មួយ​គូ​ ​ទឹកអប់​មួយ​គូ​ ​ទៀន​៥​ ​ធូប​៥​ ​លាច​៥​ ​ផ្កា​ដាក់​លើ​ជើងពាន​មួយ​គូ​ ​ចេកនួន​ ​ចេកណាំវ៉ា​មួយ​គូ​ ​ផ្លែ​ឈើ​១១​មុខ​រៀប​ដាក់​ជើងពាន​ជា​គូរៗ​ ​ដូង​ឡៅ​មួយគូ ។ ឆ្នាំ​នេះ​ គួរ​រក​ផ្កា​ពណ៌​ក្រហម​ ​និង​រូបសំណាក​ជ្រូក​ ​ឬ​សេះ​ដាក់​ទទួល​ទេវតា​ផង ។

ទំនាយ​ប្រចាំឆ្នាំ​

កេណ្ឌ​ព្រះ​ភិរុណ​សាស្ដ្រៈ​ ​ឆ្នាំ​នេះ​ភព​ព្រះ​ចន្ទ​ជា​អធិបតី​នាំ​ផ្លូវ​ទៅ​សុំ​ទឹកភ្លៀង​ពី​ស្ដេច​នាគ​ ​ហើយ​បាន​នាគ​៥​បង្អុរ​ទឹកភ្លៀង​៥០០​មេ​ដែល​ចែក​ចេញ​ជាៈ​

  • ចក្រវាល​ ២០០​មេ​
  • ព្រៃ​ហេមពាន្ដ​ ១៥០​មេ​
  • មហាសមុទ្រ ​១០០​មេ​
  • និង​ជម្ពុទ្វីប​មនុស្សលោក​យើង​មាន​ចំនួន​ ៥០​មេ​ ​ដើមឆ្នាំ​ ​កណ្ដាល​ឆ្នាំ​ភ្លៀង​ ​និង​ចុងឆ្នាំ​ស្មើ​ល្អ ។

ទឹកជំនន់​ និង​ទឹក​ទន្លេៈ​ ​ឆ្នាំ​នេះ​ទឹកជំនន់​ដោយ​ភ្លៀង​ និង​ទឹកទន្លេ​មាន​ជា​មធ្យម​គឺ​មាន​កម្រិត​៨/១៦ គឺ​មាន​សំណល់ (៨) ទឹក​មធ្យម ។

កេណ្ឌ​ធញ្ញាហារៈ​ ​ឈ្មោះ​មជ្ឈិម​ទំនាយ​ថា​ ស្រូវ​សំណាប​ស្រែ​ចម្ការ​ផលដំណាំ​បាន​តែ​ពាក់​កណ្ដាល​ខូច​អស់​ពាក់កណ្ដាល​ភោជនាហារ​បាន​ជា​មធ្យម​ប្រជានុរាស្ដ្រ​បាន​សេចក្ដីសុខ​ខ្លះ​ ​ទុក្ខ​ខ្លះ​ ស្នើ​គ្នា​ធញ្ញាហារ​ ​មង្សាហារ​ ​ផល្លាហារ​ ​និង​មាន​ជា​មធ្យម ។

ទំនាយ​ការ​ធ្វើស្រែ​

ឆ្នាំ​នេះ​ទឹកភ្លៀង​អំណោយផល​នៅ​ដើមឆ្នាំ​កណ្ដាល​ឆ្នាំ​ច្រើន​ ​ចុង​ឆ្នាំ​តិច​ ​ដូច្នេះ​ការ​ធ្វើស្រែ​ទំនាប​ល្អ​ ​ឯ​ស្រែ​ដី​ទួល​ខ្ពស់​ទទួលផល​មិនសូវ​ល្អ​ឡើយ ។

កេណ្ឌ​ព្រឹក្សា​

ឆ្នាំ​នេះ​ត្រូវ​ដើម​ក្រកោះ​ជា​ស្ដេច​មាន​សេចក្ដី​ទំនាយ​ថាៈ​ ​មនុស្ស​ផង​ទាំងឡាយ​នៅ​កើត​មាន​កលិយុគ ។

កេណ្ឌ​ព្រះអាទិត្យ​ឆ្នាំ​នេះ​ព្រះអាទិត្យ​ធ្វើ​ដំណើរ​ដោយ​ជិះ​នាគរាជ​ទំនាយ​ថា​ មនុស្ស​ផង​ទាំងឡាយ​នឹង​ត្រូវ​ខ្វះខាត​បាយ​ទឹក​ ​មាន​សេចក្ដី​ខ្លាច​ និង​មរណភ័យ​ (ភ័យ​ព្រោះ​សេចក្ដីស្លាប់​) ។

ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ដ​

ទំនាយ​ថ្ងៃ​មហាសង្ក្រាន្ដៈ ​ថ្ងៃ​ចូល​ឆ្នាំ​ត្រូវ​នឹង​ថ្ងៃ​អង្គារ​ទំនាយ​ថា​ ឆ្នាំ​នេះ​នឹង​កើត​អន្ដរាយ​កណ្ដាល​ទីក្រុង​កើត​មាន​ភ្លើង​ឆេះ​យ៉ាង​សាហាវ​កើត​នូវ​ចោរ​ចិត្ដ​កាច​ច្រើន​ឡើង​ ​មនុស្ស​ប្រែជា​មាន​ចិត្ដ​អាក្រក់​ ​ហើយ​មា​ជម្ងឺ​តម្កាត់​ច្រើន​ជាទីបំផុត ។ មនុស្ស​ផង​ទាំងឡាយ​នឹង​កើតទុក្ខ​សោក​រោគ​ភ័យ​ ​ព្រោះ​មាន​ជម្ងឺ​ផែនដី​នឹង​ស្ងួត​ហួតហែង​ ដើមឆ្នាំ​នឹង​មាន​ភ្លៀង​បន្ដិចបន្ដួច ។ នឹង​កើត​កលិយុគ​សង្គ្រាម​ច្បាំង​គ្នា​មនុស្ស​ផង​ទាំងឡាយ​ទទួល​នូវ​ក្ដី​លំបាក​ជា​ច្រើន​អនេក ។

ទំនាយ​ថ្ងៃ​វារៈវនបទៈ ​ថ្ងៃ​កណ្ដាល​ត្រូវ​នឹង​ថ្ងៃ​ពុធ​ទំនាយ​ថា​ ឆ្នាំ​នេះ​ស្រូវ​អង្ករ​ផ្លែ​ឈើ​នឹង​ថ្លៃ​ ​មនុស្ស​ទាំងឡាយ​នឹង​ក្ដៅក្រហាយ​ចិត្ដច្រើន​ជាទី​បំផុត​ ​ស្ដ្រី​ទាំងឡាយ​នឹង​ត្រូវ​និរាស​ព្រាត់ប្រាស់​ពី​ទីកន្លែង​រស់នៅ​ ទៅ​នៅ​ជ្រកកោន​ទី​ដទៃ​ផ្សេងៗ ។

ទំនាយ​ថ្ងៃ​ឡើងស័កៈ​ ​ថ្ងៃ​ចូល​ឆ្នាំ​ចុង​ក្រោយ​ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍​ទំនាយ​ថា​ ឆ្នាំ​នោះ​សមណ​ព្រាហ្ម​ណាចារ្យ​និង​ប្រណិប័តន៍​ចូល​ចិត្ដ​ដោយ​ធម្ម​ដែល​ប្រសើរ​វិសេស ។ ភ្លៀង​ច្រើន​ស្រូវ​ល្អ ។

ការ​កំណត់​ប្រតិទិន​

ឆ្នាំ​នេះ​មាន​អធិកវារៈ​ខែ​ជេស្ឋ​មាន​៣០​ថ្ងៃ​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០០៨​ ​មាន​២៨​ថ្ងៃ ។

ចូល​ព្រះ​វស្សាៈ​ ​នៅ​ថ្ងៃ​ពុធ​១​រោច​ ​ខែ​អាសាឍ​ ​ត្រូវ​នឹង​ថ្ងៃ​ទី​៨​ ​ខែ​កក្កដា​ ​ឆ្នាំ​២០០៩​ ​វារៈ​មហា​ធិក​បាន​ឬក្ស​២០​តិថី​១៦​ជា​កាល​វស្សាន​រដូវ​ត្រូវ​តាម​ប្រពៃណី​ពី​បុរាណ​ ​មាន​ព្រះអាទិត្យ​ព្រះចន្ទ​ចរ​តាម​ចក្ររាសី​ ​ជា​ប្រធាន​ឱ្យ​បាន​ដឹង​កំណត់​ទ្វារ​ទសមាស​ទើប​ធ្វើការ​សារពើ​ទាំងពួង​បាន​ចម្រើន​នូវ​សិរី​សួស្ដី​ជ័យ​មង្គល​បរិបូណ៌​ហោង ។

បាតុភូត​លើ​ផ្ទៃមេឃ​

នៅ​ក្នុង​ឆ្នាំ​២០០៩​នេះ​មាន​គ្រាស​ចំនួន​៦​ដង​ដែល​សូរ្យគ្រាស​មាន​២​ដង​ ​និង​ចន្ទ​គ្រាស​៤​ដង​ ​តាម​កាលបរិច្ឆេទ​ដូច​ខាងក្រោមៈ​

  1. នៅ​ថ្ងៃ​ចន្ទ​១​កើត​ខែ​មាឃ​ ​ឆ្នាំ​ជូត​សំរិទ្ធស័ក​ចុល្លសករាជ​១៣៧០​ ​ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ​ខែ​មករា​ ​ឆ្នាំ​២០០៩​ ​មាន​សូរ្យគ្រាស​ជា​សារពើ​គ្រាស​ពិសេស​ ​(Annular​ ​Eclipse​) មើល​ឃើញ​ជា​អឌ្ឍ​គ្រាស​នៅ​អាហ្រិក​ខាងត្បូង​ សមុទ្រ​ឥណ្ឌា​ ​អង់តាក់ទិក​ ​ឥណ្ឌា​ ​អាស៊ី​ខាងកើត​ ​និង​ខាងត្បូង​ ​ឥណ្ឌូនេស៊ី​ ​អូស្ដ្រាលី​ ​ឃើញ​ជា​រូប​ចិញ្ចៀន​នៅ​ឥណ្ឌូនេស៊ី​ ​ម៉ាឡេស៊ី​ ​និង​ហ្វ៊ីលីពីន ។ ភ្នំពេញ​នៃ​កម្ពុជា​មើលឃើញ​ពី​ម៉ោង​១៥​និង​៤៩​នាទី​ដល់​ម៉ោង​១៨​មើលឃើញ​៤៥​ភាគរយ​នៃ​វេលា​ម៉ោង​១៦​និង​៥៩​នាទី ។
  2. នៅ​រាត្រី​ថ្ងៃ​ចន្ទ​១៥​កើត​ខែ​មាឃ​ឆ្នាំជូត​សំរិទ្ធិស័ក​ ​ចុល្លសករាជ​១៣៧០​ ​ត្រូវ​នឹង​ថ្ងៃ​ទី​៩​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០០៩​ ​មាន​ចន្ទ​គ្រាស​ជា​(ស្រមោល) (Penumbral Eclipse) ដែល​មើល ឃើញ​នៅ​ប៉ាស៊ីហ្វិក​ ​អាមេរិក​ ​អឺរ៉ុប​ ​អាហ្រិក​ ​កម្ពុជា​មើលឃើញ​ពី​ម៉ោង​១៩​ ​និង​៣៧​នាទី​ដល់​ម៉ោង​២៣​និង​៤០​នាទី ។
  3. នៅ​ថ្ងៃ​សៅរ៍​១៥​កើត​ ​ខែ​​សាឍ​ ​ឆ្នាំ​ឆ្លូវ​ឯកស័ក​ចុល្លសករាជ​១៣៧១​ ​ត្រូវ​នឹង​ថ្ងៃ​ទី​៧​ ​ខែ​កក្កដា​ ​ឆ្នាំ​២០០៩​ ​មាន​ចន្ទ​គ្រាស​ជា​ស្រមោល​ព្រាលៗ​(Penumbral Eclipse) ដែល​មើល​ឃើញ​នៅ​អាមេរិក​ ​ប៉ាស៊ីហ្វិក​ ​អូស្ដ្រាលី​ ​កម្ពុជា​ ​មើល​មិន​ឃើញ​ទេ ។
  4. ថ្ងៃ​ពុធ​១៥​រោច​ ​ខែ​អាសាឍ​ឆ្នាំ​ឆ្លូវ​ ​ឯកស័ក​ ​ចុល្លសករាជ​១៣៧១​ ​ត្រូវ​នឹង​ថ្ងៃ​ទី​២២​ ​ខែ​កក្កដា​ ​ឆ្នាំ​២០០៩​មាន​សូរ្យគ្រាស​ជា​សារពើ​គ្រាស​(Total Eclipse) មើល​ឃើញ​ជា​អឌ្ឍ​គ្រាស​នៅ​អាស៊ី​ ​ប៉ូលីណេស៊ី​ ​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ឃើញ​ជា​ ​Total​ ​នៅ​ឥណ្ឌា​ ​នេប៉ាល់ បង់ក្លាដេស​ ​បូតាន​ ​ចិន ។ ភ្នំពេញ​នៃ​កម្ពុជា​មើលឃើញ​ជា​អឌ្ឍ​គ្រាស​ពី​ម៉ោង​៧​និង​១៤​នាទី​ ​ដល់​ម៉ោង​៩​និង​១៣​នាទី​មើលឃើញ​៣១​ភាគរយ​នៅ​ម៉ោង​៨​និង​១០​នាទី ។
  5. នៅ​ថ្ងៃ​ព្រហស្បតិ៍​១៥​កើត​ខែ​ស្រាពណ៍​ឆ្នាំឆ្លូវ​ឯកស័ក​ចុល្លសករាជ​១៣៧១​ ​ត្រូវ​នឹង​ថ្ងៃ​ទី​៦​ខែ​សីហា​ ​ឆ្នាំ​២០០៩​ ​មាន​ចន្ទ​គ្រាស​ជា​ស្រមោល​ព្រាលៗ​(Penumbral​ ​Eclipse​)ដែល​មើល​ឃើញ​នៅ​អាមេរិក​ ​អឺរ៉ុប​ ​អាហ្រិក​ ​អាស៊ី​ខាងលិច ។ កម្ពុជា​មើល​មិន​ឃើញ​ទេ ។
  6. នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​១៥​កើត​ខែ​បុស្ស​ ​ឆ្នាំ​ឆ្លូវ​ ​ឯកស័ក​ចុល្លសករាជ​១៣៧១​ ​ត្រូវ​នឹង​ថ្ងៃ​៣១​ខែធ្នូ​ឆ្នាំ​២០១០​ដែល​មាន​ចន្ទ​អឌ្ឍ​គ្រាស (Partial Eclipse) ដែល​មើល​ឃើញ​នៅ​អឺរ៉ុប​ ​អាហ្វ្រិក​ ​អាស៊ី​ ​អូស្ដ្រាលី ។ កម្ពុជា​មើលឃើញ​ពី​ម៉ោង​១​និង​៥៥​នាទី​ដល់​ម៉ោង​២​និង​៤៥​នាទី​ទៀប​ភ្លឺ​នៃ​ថ្ងៃ​ទី​១​ ​ខែ​មករា​ ​២០១០ មើលឃើញ​តែ​២​ភាគរយ​ប៉ុណ្ណោះ ៕

(ដកស្រង់​ពី​សារព័ត៌មាន​រស្មីកម្ពុជា​ ​ថ្ងៃ​ទី​០១​ ​ខែ​មេសា​ ​ឆ្នាំ​២០០៩)

 






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve