ប្រវត្តិសាស្ត្រខ្មែរ ដោយ រស់ ចន្ត្រាបុត្រ
ប្រវត្តិសាស្ត្រខ្មែរ
ភាគរឿងព្រេងនិទាន និងតាមរយៈសិលាចារិក

អារម្ភកថា
នៅប្រទេសខ្មែរយើង គេសង្កេតឃើញជាទូទៅថា បងប្អូនខ្មែរមួយភាគធំ តាំងតែពីអ្នកស្រែចម្ការរហូតដល់នាម៉ឺនមុខមន្ត្រី អ្នកនយោបាយមានយសសក្ដិធំ គេមិនសូវឲ្យតម្លៃ និងមិនសូវនិយមយកចិត្ដទុកដាក់ត្រិះរិះពិចារណា ចង់ដឹងចង់ស្គាល់អំពីប្រវត្ដិសាស្ដ្រជាតិ ដែលជាឫសគល់ ជាពូជសាសន៍ និងជាព្រលឹងជាតិរបស់ខ្លួនឡើយ ។
ចំណែកឯការចងចេះចាំ រៀនសូត្រប្រវត្ដិសាស្ដ្រខ្មែរឲ្យបានត្រឹមត្រូវតាមក្បួនខ្នាតវិញក៏យើងមិនសូវមានដែរ ។ អ្វីៗដែលគេបានចងចាំខ្លះនោះ គឺបានទទួលមកអំពីការឮសូរ ការស្ដាប់តាមពាក្យពេចន៍ ការនិទានរៀបរាប់ពីមាត់មួយទៅមាត់មួយប៉ុណ្ណោះ ។ ការចងចាំទាំងនេះមានលក្ខណៈស្រពិចស្រពិល មិនបានច្បាស់លាស់ទេ ។ ដែលជាហេតុនាំមកនូវផលអាក្រក់គ្រប់បែបយ៉ាងចំពោះខ្លួនឯងផ្ទាល់ ក៏ដូចជាចំពោះប្រទេសជាតិទៅអនាគតដែរ ។ បុព្វហេតុធំគឺបណ្ដាលមកពីយើងខ្វះសៀវភៅក្បួនខ្នាតសម្រាប់សិក្សា ហើយអ្នកអប់រំបង្ហាត់បង្រៀនដែលមានសម្ថភាពក៏មានមិនច្រើន ។ កំហុសនេះ គេមិនអាចជះ និងទម្លាក់ទៅលើប្រជានុរាស្ដ្រខ្មែរទាំងស្រុកឡើយ ។ នេះជាកំហុសនយោបាយរបស់អ្នកដឹកនាំនគរ ដែលខ្វះការពិចារណា ឬមិនឲ្យតម្លៃទៅលើការសិក្សាស្រាវជ្រាវអប់រំណាដែលទាក់ទងទៅនឹងប្រវត្ដិសាស្ដ្រ និងវប្បធម៌របស់ខ្លួន មិនបានរៀបចំផែនការនយោបាយអប់រំផ្នែកប្រវត្ដិសាស្ដ្រប្រទេសជាតិនោះក៏ដូចជាបានបំផ្លិចបំផ្លាញ កំទេចព្រលឹងរបស់ជាតិខ្លួនឯងដែរ ។ ប្រជាពលរដ្ឋប្រទេសជាតិនោះ មានតែសំបករូបរាងខាងក្រៅ មានតែខ្លួនប៉ុណ្ណោះ តែគ្មានព្រលឹង គ្មានវិញ្ញាណ និងគ្មានអត្ដសញ្ញាណអ្វីទាំងអស់ ។ កង្វះនយោបាយពិតប្រាកដក្នុងវិស័យប្រវត្ដិសាស្ដ្រ និងវប្បធម៌ជាតិ អាចនាំប្រជាពលរដ្ឋឲ្យយល់ច្រឡំខុស មិនស្គាល់តម្លៃ បំភ្លេចចោលអស់នូវអ្វីដែលជាព្រលឹងជាតិ ។ គ្រានោះ ខ្មែរនឹងបែរជានាំគ្នាឲ្យតម្លៃ សរសើរ គោរពកោតខ្លាចអ្វីដែលជាមនោគមវិជ្ជា និងវប្បធម៌បរទេស ។ ប្រវត្ដិសាស្ដ្រ និងវប្បធម៌ខ្មែរ និងត្រូវគេបន្ថោកមាក់ងាយ មិនរាប់អាន លើកស្ទួយដំកើងឲ្យតម្លៃឡើយ ។ តើនរណានឹងយកចិត្ដទុកដាក់ ឬនឹងហ៊ានយកអាយុជីវិត ជោគវាសនាអនាគតរបស់ខ្លួនផ្ទាល់ទៅប្រថុយដាក់ប្ដូរ សម្រាប់ថែរក្សា និងការពារ ?…គ្រានោះ អ្នកសិក្សា អ្នកស្រាវជ្រាវសាស្ត្រាចារ្យ គ្រូបង្រៀន អ្នកអប់រំ និងអ្នកនិពន្ធក៏គ្មាន អ្នកបោះពុម្ពផ្សាយសៀវភៅក៏គ្មាន ហើយប្រវត្ដិសាស្ដ្រ និងវប្បធម៌ ក៏ត្រូវរលាយដែរ ។
ជាខ្មែរ យើងមានប្រវត្ដិសាស្ដ្រជាងពីរពាន់ឆ្នាំមកហើយ ។ ការមិនយកចិត្ដទុកដាក់ ការបំភ្លេចចោលនូវប្រវត្ដិរបស់ជាតិខ្លួន អាចចាត់ទុកជាកំហុសមួយធ្ងន់ណាស់នៅចំពោះមុខវិញ្ញាណក្ខន្ធជីដូនជីតាបុព្វបុរសយើង ។ ដូចនេះ យើងជាកូនខ្មែរ ត្រូវនាំគ្នាស្វាធ្យាយរៀនសូត្រ ឲ្យបានចេះចងចាំច្បាស់លាស់ ដើម្បីទុកយកមកស្រាវជ្រាវ រិះគិតថ្លឹងថ្លែងពិចារណា ហើយដកស្រង់យកមកធ្វើជាមេរៀនសម្រាប់បច្ចុប្បន្នកាលផង និងសម្រាប់អនាគតកាលផង ។ អ្វីដែលនឹងត្រូវកើតក្នុងអនាគតកាល សុទ្ធតែមានជាប់ជំពាក់ទាក់ទងចេញមកអំពីគ្រប់សកម្មភាព គ្រប់អំពើ ឬគ្រប់បញ្ហានយោបាយបច្ចុប្បន្ន ។ ហើយអ្វីដែលកំពុងតែកើតក្នុងបច្ចុប្បន្ន មិនមែនកើតដោយចៃដន្យដោយឯកឯងនោះទេ គឺបានកើតចេញមកអំពីគ្រប់អំពើ គ្រប់សកម្មភាពនយោបាយ ដែលគេបានប្រព្រឹត្ដនៅក្នុងអតីតកាល ។
ដូច្នេះគ្រប់ព្រឹត្ដការណ៍តូចធំ ដែលមានពាសពេញក្នុងប្រវត្ដិសាស្ដ្រខ្មែរយើង សុទ្ធតែមានកំណើតកើតមកអំពីអំពើ និងសកម្មភាពរបស់ខ្មែរគ្រប់រូប ក្នុងគ្រប់ជំនាន់ ។ បើយើងបានកសាងល្អធ្វើសកម្មភាព បំពេញករណីយកិច្ចដោយចិត្ដអារម្មណ៍ស្មោះត្រង់ត្រឹមត្រូវល្អប្រពៃចំពោះប្រទេសជាតិមាតុភូមិ ពេលនោះ ប្រទេសជាតិខ្មែររបស់យើង ក៏បានទទួលនូវផលល្អបរិសុទ្ធ គ្មានជំពាក់ជំពិតពិសពុលដែរ ។ តែបើយើងកសាងនូវអំពើអាក្រក់ ពោរពេញទៅដោយបាបកម្មមានចិត្ដគំនិតជាទេវទត្ដមិនទៀងត្រង់ ក្បត់ប្រយោជន៍ប្រទេសជាតិ ប្រទេសជាតិនឹងត្រូវជួបប្រទះនូវសោកនាដកម្មអន្ដរកប្ប ចលាចល និងទទួលនូវផលវិបាក វិនាសហិនហោចអន្ដរាយ ទន់ខ្សោយអន់ថយជាលំដាប់ ។ គឺមិនខុសអំពីពុទ្ធដីកា «ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់» នោះឡើយ ។
បើដូនតាខ្មែរយើង លោកមិនកសាងល្អ មិនបានខំប្រឹងប្រែងរៀបចំទឹកដី កាលពីក្នុងអតីតកាលទេនោះ ប្រទេសខ្មែរយើងក៏មិនបានក្លាយទៅជាមហាអំណាច ជាចក្រភពមួយ នៅក្នុងអាស៊ីភាគអគ្នេយ៍ដែរ ។ បើគាត់ជាមនុស្សល្ងិតល្ងង់ អវិជ្ជា គ្មានចំណេះវិជ្ជា មិនចេះចងចាំគម្ពីរក្បួនខ្នាត ច្បាប់តម្រាក្រឹត្យក្រមវិន័យ ទំនៀមទម្លាប់ ហើយបើគាត់គ្មានទ្រឹស្ដីនយោបាយ គ្មានទស្សនៈ និងមនោគមវិជ្ជា នោះបុព្វបុរសខ្មែរក៏មិនអាចកសាងមហានគរ និងប្រាង្គប្រាសាទតូចធំបានដែរ ។ ថ្ងៃណាដែលខ្មែរលែងចេះកសាងអំពើល្អ មានតែអវិជ្ជាល្ងិតល្ងង់ គ្មានច្បាប់ទម្លាប់ធម្មវិន័យ គ្មានសីលធម៌ ស្រឡាញ់អំណាច ប្រយោជន៍ផ្ទាល់ខ្លួន ក្រុមបក្សពួក ស្រឡាញ់ការបង្ហូរឈាម ហើយប្រព្រឹត្ដតែអំពើបាបកម្មព្រៃផ្សៃ លាមកស្មោកគ្រោក ជិះជាន់កាប់សម្លាប់តែប្រជាជនឯង ពេលនោះ ខ្មែរចាប់ផ្ដើមបែកបាក់ទ្រុតទ្រោមទន់ខ្សោយរលត់រលាយបន្ដិចម្ដងៗដែរ ។ លទ្ធផលដ៏សែនអាក្រក់ ទុក្ខភ័យព្រួយវេទនាព្រាត់ប្រាស់មិនចេះចប់ មិនចេះហើយ និងការអាមាស់មុខអាប់កិត្ដិយស ដែលយើងឃើញមានជាហូរហែនៅក្នុងប្រវត្ដិសាស្ដ្រខ្មែរ បានសេសសល់មានរៀងរហូតចូលមកដល់បច្ចុប្បន្នកាល ហើយនឹងបន្ដទៅអនាគតទៀតជាមិនខាន ។ វាសនាអនាគតប្រទេសជាតិនិមួយៗ ស្ថិតនៅលើការតស៊ូ និងការកសាង ។ ឯសកម្មភាពរបស់ព្រះមហាត្សត្រ អ្នកនយោបាយសុទ្ធតែមានទម្ងន់ មានឥទ្ធិពលធ្ងន់គាបទៅលើជោគវាសនារបស់ប្រទេសជាតិទាំងក្នុងបច្ចុប្បន្នកាលទាំងក្នុងអនាគតកាល ។
ខ្មែរត្រូវតែនាំគ្នារៀនចងចាំអតីតកាល ឬប្រវត្ដិសាស្ដ្ររបស់ខ្លួនឲ្យបានចេះចាំស្ទាត់ច្បាស់លាស់ម៉ឺងមាត់ សម្រាប់យកមកធ្វើឧបករណ៍រៀបចំបច្ចុប្បន្នកាល និងអនាគតកាលប្រទេសជាតិ ឲ្យបានល្អប្រសើរ ក្នុងន័យជាផលប្រយោជន៍ដល់ប្រជានុរាស្ដ្រខ្មែរទូទៅ ។ ការចេះចងចាំស្គាល់ប្រវត្ដិសាស្ដ្រ អាចនាំឲ្យយើងគេចផុតពីគ្រោះថ្នាក់ ពីមហន្ដរាយ ពីគ្រប់ឧបសគ្គពីគ្រប់ការកុហកភូតភរ ឃោសនាអកុសល បោកប្រាស់បំភាន់មតិ ហើយបង្ហាត់បង្រៀនយើងមិនឲ្យដើរធ្លាក់ជ្រោះទៅតាមគន្លងចាស់ ។ ពេលនោះហើយដែលកង់ប្រវត្ដិសាស្ដ្រមិនអាចវិលត្រលប់ក្រោយបានហើយក៏មិនអាចនឹងវិលមកជាន់ដានចាស់ផ្នួនគ្នាដដែលៗទៀតបានដែរ ។ សិទ្ធិ សេរីភាព ប្រជាធិបតេយ្យភាព យុត្ដិធ៌ និងការរីកចម្រើនរុងរឿងថ្កុំថ្កើង ក៏អាចមានកំណើតប្រសូតកើតចេញមកពីការចេះដឹងនេះដែរ ។
គឺក្នុងន័យ និងទស្សនៈនេះហើយ ដែលខ្ញុំបានខំប្រឹងប្រែង តាក់តែង ចងក្រង និពន្ធសៀវភៅ «ប្រវត្ដិសាស្ដ្រ» ដើមឡើយក្នុងគ.ស.១៩៧១ ខ្ញុំបានស្រាវជ្រាវនិពន្ធអំពីប្រវត្ដិសាស្ដ្រខ្មែរក្នុងសម័យសាធារណរដ្ឋខ្មែរ ។ បន្ទាប់មក ខ្ញុំចាប់ផ្ដើមស្រាវជ្រាវសរសេរ និងនិពន្ធប្រវត្ដិសាស្ដ្រខ្មែរជាដំបូង ក្នុងខែតុលា ឆ្នាំ១៩៩៣ ពីព្រោះខ្ញុំចង់ស្វែងរកគម្ពីរច្បាប់ក្បួនតម្រាទ្រឹស្ដី និងទស្សនៈនយោបាយបុព្វបុរសខ្មែរ ដែលមានប្រសិទ្ធភាព ធ្លាប់បានធ្វើឲ្យខ្មែរខ្លាំងពូកែក្លាយទៅជាមហាអំណាចមួយដ៏ធំរុងរឿង ហើយខ្ញុំចង់យល់ដែរអំពីបុព្វហេតុដែលបណ្ដាលធ្វើឲ្យខ្មែរចុះទន់ខ្សោយរួញរួមបន្ដិចម្ដងៗក្លាយជាប្រទេសយ៉ាងក្រីក្រធំបំផុតមួយក្នុងពិភពលោក ។ ស្នាដៃប្រវត្ដិសាស្ដ្រខ្មែរ មានចែកចេញជា៧ភាគ ៖
- ភាគទី១ ភាគរឿងព្រេងនិទាន និងសិលាចារិក
- ភាគទី២ សម័យក្រោយមហានគរ (រជ្ជកាលព្រះបាទពញាយ៉ាត ដល់ព្រះសុរិយោពណ៌)
- ភាគទី៣ សម័យក្រោមអាណានិគមសៀម និងយួន
- ភាគទី៤ សម័យអាណានិគមបារាំង
- ភាគទី៥ សម័យក្រោយឯករាជ្យ១៩៥៣
- ភាគទី៦ សម័យសាធារណរដ្ឋខ្មែរ
- ភាគទី៧ សម័យកុម្មុយនិស្ដ
ខ្ញុំគ្មានបំណងនឹងចាត់ទុកស្នាដៃនេះ ជាសៀវភៅប្រវត្ដិសាស្ដ្រល្អត្រឹមត្រូវដែលត្រូវជំនួសឯកសារផ្សេងឯទៀតនោះទេ ។ គោលបំណង និងទិសដៅធំរបស់ខ្ញុំគឺចង់ធ្វើដូចម្ដេចចងក្រងឯកសារប្រវត្ដិសាស្ដ្រខ្មែរ ដែលមាននៅគ្រប់ទិសទី យកមកធ្វើជាសំយោគសម្រួលទុកជូនដល់ប្រជាពលរដ្ឋខ្មែរ យុវជន ដើម្បីឲ្យងាយយល់ ក្រេបជញ្ជាក់ ត្រងត្រាប់ និងចេះចងចាំ ។
សៀវភៅប្រវត្ដិសាស្ដ្រខ្មែរនេះ អាចចាត់ទុកត្រឹមតែជាសៀវភៅជំនួយស្មារតីមួយក្នុងការស្វែងរកយល់ និងចេះចងចាំអំពីដើមកំណើតប្រវត្ដិខ្មែរ ។ យើងជាខ្មែរត្រូវតែស្គាល់ខ្លួនឯង និងធាតុពិតប្រាកដរបស់យើងជាខ្មែរមុនសិន មុននឹងហ៊ានអះអាងធ្វើសកម្មភាពអ្វីមួយ ។
ម្យ៉ាងវិញទៀត ស្នាដៃនេះ ក៏អាចចាត់ទុកជាវិភាគទានមួយដែរ ក្នុងពេលដែលយើងជាខ្មែរគ្រប់រូប កំពុងតែនាំគ្នាស្វះស្វែងប្រមែប្រមូល អន្ទងហៅរកគ្រប់អស់ព្រលឹងជាតិខ្មែរ ទាំងនៅជិតទាំងនៅឆ្ងាយ ឲ្យមូលជុំត្រកូលចូលមកក្នុងរូបរាងកាយខ្មែរវិញ ។ រហូតមកដល់ពេលនេះជិតប្រាំរយឆ្នាំហើយ ដែលខ្មែរយើងធ្លាក់ខ្លួនដុនដាប ស្គាល់តែទុក្ខសោកវេទនា ឈឺចុកចាប់ ព្រាត់ប្រាសស្លាប់គ្មានសល់ គ្មានឃើញពន្លឺសុភមង្គល និងគ្មានស្គាល់អ្វីដែលហៅថាកិត្ដិយស ។ ខ្មែរលែងមានព្រលឹង ខ្មែរលែងមានជំនឿលើខ្លួនឯង ។ តែខ្មែរបែរជាមានជំនឿជឿលើបរទេសទៅវិញ ។
ខ្ញុំមានជំនឿថាក្នុងពេលណា កាលៈទេសៈណា ដែលខ្មែរបានស្គាល់ បានចេះចងចាំប្រវត្ដិសាស្ដ្រ និងវប្បធម៌របស់ខ្លួនពិតប្រាកដ ពេលនោះ ខ្មែរមុខជាមានជំនឿលើខ្លួនឯងវិញជាមិនខាន ខ្មែរមុខជាមានមោទនភាព និងមានមហិច្ឆតាក្នុងការកសាងប្រទេសជាតិឲ្យបានរីកចម្រើនលូតលាស់ដូចប្រទេសប្រជាធិបតេយ្យនិយមឯទៀតជាមិនខាន ។
ធីយេស៍, ប្រទេសបារាំង, ថ្ងៃអង្គារ ទី១៨ មីនា ១៩៩៧
រស់ ចន្ដ្រាបុត្រ