Chouk Khmer

April 26, 2009

ឈ្មោះ​​អ្នក​​របាំ​​នៅ​​ប្រាសាទ​​អង្គរ (Ka 510)

ទេវី​សក្ដិ​ព្រះ​កម្រតេង

ទេវី​សក្ដិ​ព្រះ​កម្រតេង

តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​របស់​អ្នកប្រវត្ដិសាស្ដ្រ​ចាប់តាំងពី​ចុង​សតវត្សរ៍​ទី​១៩​ ​រហូត​មក​ដល់​បច្ចុប្បន្ន​អំពី​ប្រភព​ ​និង​ប្រវត្ដិ​ព្រមទាំង​អត្ថន័យ​របស់​ប្រាសាទអង្គរវត្ដ​(ប្រជាពលរដ្ឋ​​ទូទៅ​ហៅ​ថា អង្គរតូច) ត្រូវ​បាន​គេ​ដឹង​ឮ​ល្បី​រន្ទឺ​សុសសាយ​ពាសពេញ​ពិភពលោក​ ប៉ុន្ដែ​បញ្ហា​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ចម្លាក់​បុរាណ​មិន​ទាន់​ត្រូវ​បាន​គេ​វិភាគ​សិក្សា​ឱ្យ​ស៊ីជម្រៅ​នៅឡើយ​ទេ ។​ ​ដូច​ជា​បញ្ហា​ចម្លាក់​នរក​ ​និង​ឋានសួគ៌​ ​ឬ​សម្លៀក​បំពាក់​ជាដើម ។​ ​

នៅ​ក្នុង​ករណី​នេះ​យោង​តាម​ការ​ចុះ​សិក្សា​ស្រាវជ្រាវ​ដោយ​ផ្ទាល់​ ​លោក​បណ្ឌិត​មីសែល​ ​ត្រាណេ​ ​ជំនាញ​ខាង​ឯកទេស​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ កាល​ពី​ឆ្នាំ​២០០៧ បាន​លើកយក​បញ្ហា​ឈ្មោះ​ស្ដ្រី​អ្នករបាំ​មក​វិភាគ​ទុកជា​វិភាគទាន​ថ្មី​មួយ​ដែល​លោក​បាន​រក​ឃើញ​ ​និង​ជា​រឿង​ថ្មីថ្មោង​សុទ្ធសាធ ។

លោក​បណ្ឌិត​បាន​ឱ្យ​ដឹង​ថា​ ក្នុង​ចំណោម​រូបចម្លាក់​តំណាង​ឱ្យ​ស្រី​ទេព​អប្សរា​ប្រមាណ​ជា​១៥០០​ដែល​បាន​ឆ្លាក់​នៅ​លើ​ប្រាសាទ​អង្គរវត្ដ​ យើង​បានឃើញ​ចម្លាក់​មួយ​ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ​គឺ​ស្ដ្រី​របាំ​នេះ​ស្លៀក​ប៉ឹង​លែង​ដោះ​ដូច​ជា​ជនជាតិ​ខ្មែរ​ដើម​ ​ឬ​ខ្មែរលើ​ក៏​ប៉ុន្ដែ​អ្វី​ដែល​អស្ចារ្យ​នោះ​ ​គឺ​ដៃស្ដាំ​របស់​អ្នក​រាំ​ដែល​មាន​រូបឆោម​លោម​ល្អ​នោះ​មាន​កាន់​នូវ​ឯកសារ​មួយ​ប្រភេទ​ដែល​ជា​ក្រាំង​មើល​ទៅ​បត់​ជា​ពីរ​ ​ហើយ​មាន​ចារ​តួអក្សរ​​ (​មាន​លេខ​សម្គាល់ Ka 510) ដូច​តទៅ​ “ទេវី​សក្ដិ​ព្រះ​កម្រតេង​…” ។

ទេវី​សក្ដិ​ព្រះ​កម្រតេង

សិលា​ចារឹក​ Ka 510 បច្ចុប្បន្ន​​ បាក់​​​ផ្នែក​ខាង​លើ​បាត់​ហើយ

លោក​បណ្ឌិត​បាន​ចោទ​ជា​សំណួរ​ថា​ ​បញ្ហា​មូលហេតុ​ដូច​ម្ដេច​បានជា​គេ​ចារ​ឈ្មោះ​របស់​នាង​យ៉ាង​ដូច្នេះ ? ចម្លើយ​ ​ទី​១​គឺ​ដើម្បី​ឱ្យ​ឈ្មោះ​របស់​នាង​បាន​ល្បី​ខ្ទរខ្ទារ​ ​ពីព្រោះ​នាង​មាន​រូបឆោម​លោម​ពណ៌​ល្អ​លើស​អ្នករបាំ​ដទៃៗ​ទៀត ។​ មួយវិញទៀត​ដោយ​នាង​ជា​ជនជាតិ​ដើម​ភាគតិច ។​ ​លោក​បាន​បន្ដ​ទៀត​ថា​ ​អ្នក​ឆ្លាក់​ដែល​ជា​សិល្បករ​អាច​ត្រូវជា​សង្សារ​របស់​នាង​ ឬ​គ្រាន់តែ​ជា​អ្នក​លួច​សុំ​ស្នេហ៍​ពី​នាង​ ​ហើយ​ដើម្បី​បញ្ជាក់​នូវ​ទឹកចិត្ដ​ស្វាមីភក្ដិ​របស់​ខ្លួន​នៅ​ក្នុង​ក្រអៅបេះដូង​ក៏​បាន​ចារ​ឈ្មោះ​របស់​នាង​ទុក​លើ​ចម្លាក់ ។​ ​នៅ​ក្នុង​ន័យ​នោះ​ហើយ​ដែល​យើង​ឃើញ​ក្រម​ងារ​កម្រតេង​ដែល​ចារ​ភ្ជាប់​នឹង​ពាក្យ​ទេវី​ជា​ភស្ដុតាង​ស្រាប់ ។​ ​

តាម​រយៈ​ការ​វិភាគ​ ​លោក​អាច​និយាយ​បាន​ថា​ ​ផ្ទាំង​ចម្លាក់​ជ្រុង​សសរ​ប្រាសាទ​ថ្ម​អង្គរ​ក៏​ដូច​ចម្លាក់​ស្រី​រាំ​ដទៃ​ទៀត​ ​សុទ្ធសឹងតែ​មាន​ប្រវត្ដិ​ដើម​របស់​វា​ ​ជា​ពិសេស​ចម្លាក់​របស់​ខ្មែរ​យើង​ផ្ទាល់​តែ​ម្ដង​ ​ដែល​មាន​ន័យ​ស៊ីជម្រៅ​ជាងគេ​  ។ ទ​ង្វើ​នេះ​ជា​សញ្ញា​បង្ហាញ​នូវ​សេចក្ដី​ស្នេហា​បេតី​របស់​សិល្បករ​ខ្មែរ​ដែល​ត្រូវ​រលុប​បាត់ឈ្មោះ​ចំពោះ​នាង​ទេព​ឬ​ទេវី​ដែល​ជា​អ្នក​រាំ​ដ៏​ឆ្នើម​សោភា ។​ ​

លោក​ក៏​បាន​ពន្យល់​បន្ថែម​ពី​អត្ថន័យ​ចម្លាក់​ថា​ ការ​ឆ្លាក់​ឈ្មោះ​របស់​ស្រី​ក្រមុំ​ដែល​ជា​អ្នករបាំ​ខាងលើ​នេះ​ក៏​ដើម្បី​រក្សា​ប្រវត្ដិ​ស្ន​ហា​ដោយ​ឡែក​ចំពោះ​នាងទេវី​ឈ្មោះ​សក្ដិ​ជា​រៀង​រហូត​ដើម្បី​ឱ្យ​មាន​លក្ខណៈ​ជា​អមតៈ ។​ ទង្វើ​បែប​នេះ​ជា​រឿង​ធម្មតា​របស់​យុវវ័យ​កំលោះ​ក្រមុំ​ ​បណ្ដាល​មក​ពី​សេចក្ដី​ស្នេហា​ដ៏​បរិសុទ្ធ​រវាង​កំលោះ​ក្រមុំ​ ​ឬ​រវាង​អ្នក​ឆ្លាក់​រូប​ និង​អ្នករបាំ ។​ ​

លោក​មាន​ជំនឿ​ថា​ ​ថ្វី​ត្បិត​តែ​ការ​គិត​ថា​ ​បញ្ហា​ស្នេហា​រវាង​សិល្បករ​ដែល​ជា​មន្ដ្រី​មេក្រុម​ និង​អ្នករបាំ​មិន​អាច​ជា​ការ​សន្និដ្ឋាន​ត្រឹមត្រូវ​១០០​ភាគរយ​ ​ដោយសារ​យើង​គ្មាន​ឯកសារ​សម្គាល់​ក៏​ដោយ​ ​ប៉ុន្ដែ​ការ​ចារ​ឈ្មោះ​របស់​អ្នករបាំ​ ​និង​សិល្បករ​បែប​នេះ​ ​គឺ​ពិតជា​សេចក្ដី​ស្នេហា​ជា​ប្រយោល​ដែល​គេ​ពុំ​អាច​បដិសេធ​បាន​ដែរ​  ។ ការ​គិត​ផ្សេងៗ​ពី​យោបល់​ខាងលើ​នេះ​ក៏​ជា​ការ​មិន​ត្រឹមត្រូវ​ដែរ​ ​ព្រោះ​អ្វីៗ​ទាំង​អស់​សុទ្ធសឹងតែ​មាន​មូលហេតុ​របស់​វា​ទាំងអស់ ៕

កំណត់​សម្គាល់ៈ

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុអាស៊ីសេរី​ស្ដីអំពី​អត្តសញ្ញាណ​ជនជាតិ​ខ្មែរ លោក​សាស្ត្រាចារ្យ​កេង វ៉ាន់សាក់ ក៏​បាន​អះអាង​ពី​ចំណុច​ខាងលើ​នេះ​ដោយ​បាន​មាន​ប្រសាសន៍​ថា រូប​ចម្លាក់​ស្រី​អប្សរា​នៅ​ប្រាសាទ​អង្គរវត្ត​គឺ​ជា​ស្ត្រី​ខ្មែរ​សុទ្ធសាធ មិន​ជា​មែន​ជា​ស្ដ្រី​សួគ៌​ទេ ហើយ​រូប​និមួយៗ​មាន​ទម្រង់​មុខ និង​ការ​តុបតែង​ខុសៗ​គ្នា ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ប្រសិនបើ​ជាងចម្លាក់ណា​ម្នាក់​​គេ​ស្រឡាញ់ ឬ​ពេញ​ចិត្ត​នឹង​នារី​ណា​មួយ គេ​ក៏​ឆ្លាក់​រូប​នារី​នោះ​ទៅ ។

ទេវី​សក្ដិ​ព្រះ​កម្រតេង

ទេវី​សក្ដិ​ព្រះ​កម្រតេង

ទេវី​សក្ដិ​ព្រះ​កម្រតេង

រូប​ចម្លាក់​ទេវី​សក្ដិ​ព្រះ​កម្រតេង  ស្រី​របាំ​ដ៏​ស្រស់​ប្រិមប្រិយនៅ​អង្គរវត្ត​រូប​នេះ ត្រូវ​បាន​គេ​ខ្វេះ​បំផ្លាញ​គួរ​ឲ្យ​សោកស្ដាយ

 

April 25, 2009

លក្ខណៈ​​រូបសាស្ដ្រ​​នៃ​​ដំណាំ​​ស្រូវ​

លក្ខណៈ​រូបសាស្ដ្រ​នៃ​ដំណាំ​ស្រូវ​

លក្ខណៈ​រូបសាស្ដ្រ​នៃ​ដំណាំ​ស្រូវ​ ​គឺជា​មូលដ្ឋាន​ដើម​ក្នុង​ការ​ស្វែង​យល់​ពី​ដំណាំ​ស្រូវ ។​ ​ការ​យល់​ដឹង​ពី​លក្ខណៈ​រូបសាស្ដ្រ​របស់​ដំណាំ​ស្រូវ​មាន​សារៈសំខាន់​ណាស់​ ​ក្នុង​ការងារ​ជ្រើសរើស​ពូជ​ ​ការ​បង្កាត់​ពូជ​ ​និង​ការងារ​គ្រប់គ្រង​ដំណាំ​ស្រូវ​ ​ដើម្បី​បង្កើន​ទិន្នផល ។ ជា​ទូទៅ​ ​ដើម​ស្រូវ​ត្រូវ​បាន​បែងចែក​ជា​ ​ឫស​ ​ដើម​ ​ស្លឹក​ ​កួរ​ ​និង​គ្រាប់​ ​(រូបភាព​១) ។ ដោយ​ផ្អែក​ទៅ​លើ​ដំណើរការ​លូតលាស់​របស់​ដំណាំ​ស្រូវ​ ​លក្ខណៈ​រូបសាស្ដ្រ​របស់​ដំណាំ​ស្រូវ​ត្រូវ​បាន​បែងចែក​ជា​ពីរ​ផ្នែក​គឺ​ ​លក្ខណៈ​រូបសាស្ដ្រ​នៃ​សរីរាង្គ​លូតលាស់​ ​និង​លក្ខណៈ​រូបសាស្ដ្រ​នៃ​សរីរាង្គ​បន្ដ​ពូជ ។

 រូប​១ លក្ខណៈ​រូបសាស្ត្រ​របស់​ដើម​ស្រូវ

រូប​១ លក្ខណៈ​រូបសាស្ត្រ​របស់​ដើម​ស្រូវ

១- លក្ខណៈ​រូបសាស្ដ្រ​នៃ​សរីរាង្គ​លូតលាស់​

សរីរាង្គ​លូតលាស់​របស់​ដំណាំ​ស្រូវ​រួម​មាន​ ​គ្រាប់ស្រូវ​ ​(Rice​ ​grain) ឫស​ស្រូវ​ ​(Roots) ដើម​ស្រូវ​ ​(Culm) និង​ស្លឹក​ស្រូវ​ ​(Leaf) (រូបភាព​២) ។

រូប​២ សរីរាង្គ​លូតលាស់​របស់​ដំណាំ​ស្រូវ

រូប​២ សរីរាង្គ​លូតលាស់​របស់​ដំណាំ​ស្រូវ

១.១- គ្រាប់ស្រូវ​ ​(Rice​ ​grain)

គ្រាប់ស្រូវ​មួយ​ ​ផ្សំ​ឡើង​ដោយ​សំបក​គ្រាប់​ ​(Rice​ ​hull) គ្រាប់​អង្ករសម្រូប​ ​(Brown​ ​rice) អ័ក្សទ្រគ្រាប់​ ​(Rachilla) សំបក​និប្ជល​ ​(Sterile​ ​lemmas) កំពក​ចុង​ស្មែង​ ​(Rudimentary​ ​glumes) និង​ទង​គ្រាប់​(Pedicel) (Matsuo​ ​and​ ​Hoshikow, 1993) (រូបភាព​៣) ។ គ្រាប់​អង្ករសម្រូប​ត្រូវ​បាន​រុំ​ព័ទ្ធ​ដោយ​សំបក​គ្រាប់​ ​ដែល​ផ្នែក​ទាំង​ពីរ​នេះ​ភ្ជាប់​ជាមួយ​ទង​គ្រាប់​ដោយ​អ័ក្សទ្រគ្រាប់​នា​កំពក​នៃ​ចុង​ស្មែង ។​ ​នៅ​ពីក្រោម​អ័ក្សទ្រគ្រាប់​ ​គឺ​សំបក​និប្ជល ។

រូប​៣ លក្ខណៈ​រូបសាស្ត្រ​របស់​គ្រាប់​ស្រូវ

រូប​៣ លក្ខណៈ​រូបសាស្ត្រ​របស់​គ្រាប់​ស្រូវ

១.១.១- សំបក​គ្រាប់​ ​(Rice​ ​hull)

សំបក​នេះ​ ​មាន​សភាព​រឹង​ដែល​ស្រោប​គ្រាប់​អង្ករសម្រូប​ពី​ខាងក្រៅ ។​ ​កាលណា​គេ​យក​សំបក​នេះ​ចេញពី​គ្រាប់​អង្ករ​ ​ត្រូវ​បាន​គេ​ហៅ​ថា​ ​“អង្កាម” ។ សំបក​គ្រាប់​ចែក​ចេញ​ជា​ពីរ​ផ្នែក​គឺ​ ​សំបក​ធំ​ ​ឬ​សំបក​ពោះ​ ​(Lemma) និង​សំបក​តូច​ ​ឬ​សំបក​ខ្នង​ ​(Palea) (រូបភាព​៣) ។ នៅ​លើ​សំបក​គ្រាប់​មាន​រោម​ជា​ច្រើន​ ​ហើយ​ពូជស្រូវ​ខ្លះ​ ​នៅ​ផ្នែក​ខាង​ចុង​នៃ​សំបក​ធំ​មាន​កន្ទុយ ។​ ​សំបក​ធំ​ ​(Lemma) និង​សំបក​តូច​ ​(Palea) មានមុខ​ងារ​សំខាន់​ណាស់​សម្រាប់​ការពារ​នូវ​ជាលិកា​របស់​គ្រាប់​អង្ករ​ ​កំណត់​ទម្រង់​ទំហំ​នៃ​គ្រាប់​ ​ព្រមទាំង​រយៈពេល​ដុះ​ពន្លក​ឫស​នៃ​គ្រាប់ ។​ ​កាលណា​សំបក​គ្រាប់​មាន​កម្រាស់​ស្ដើង​ ​នោះ​ការ​ដុះ​ពន្លក​គ្រាប់​បាន​ឆាប់​ ​តែ​ផ្ទុយ​មក​វិញ​ប្រសិនបើ​សំបក​គ្រាប់​មាន​កម្រាស់​ក្រាស់​ ​នោះ​រយៈពេល​នៃ​ការ​ដុះ​ពន្លក​គ្រាប់​យូរ​ ​(CIAP, 1996) ។

១.១.២- អ័ក្សទ្រគ្រាប់​ ​(Rachilla) និង​សំបក​និប្ជល​ ​(Sterile​ ​lemmas)

អ័ក្សទ្រគ្រាប់​ ​គឺជា​ផ្នែក​មួយ​នៃ​គ្រាប់ស្រូវ​ ​ដែល​ជា​ចំនុចប្រសព្វ​រវាង​សំបក​ធំ​ ​(Lema) និង​សំបក​តូច​ ​(Palea) ហើយ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កាន់​ទ្រ​ផ្កា​ ​និង​គ្រាប់​នីមួយៗ​របស់​ដំណាំ​ស្រូវ ។​ ​លើស​ពី​នេះ​ទៅ​ទៀត​ អ័ក្សទ្រគ្រាប់​មាន​តួនាទី​ក្នុង​កា​រត​ភ្ជាប់​រវាង​សំបក​និប្ជល​ ​(Sterile​ ​lemmas) និង​តួ​គ្រាប់ស្រូវ ។ សំបក​និប្ជល​ ​គឺជា​សំបក​គ្រាប់ស្រូវ​ដែល​គ្មាន​ការ​លូតលាស់​ ​ដែល​ស្ថិត​នៅ​ពី​ខាងក្រោម​នៃ​សំបក​ធំ​ ​(Lema) និង​សំបក​តូច​ ​(Palea) ។ សំបក​និប្ជល​ចែក​ចេញ​ជា​២​ ​គឺ​សំបក​និប្ជល​លើ​ ​(Upper​ ​glumme) និង​សំបក​និប្ជល​ក្រោម​ ​(Lower​ ​glumme) (រូបភាព​៣) ។

១.១.៣- កំពក​ចុង​ស្មែង​ ​(Rudimentary​ ​glumes) និង​ទង​គ្រាប់​ ​ឬ​ទង​ផ្កា​ ​(Pedicel)

កំពក​ចុង​ស្មែង​ ​គឺជា​ផ្នែក​ខាង​ចុង​គេ​បំផុត​នៃ​ស្មែង​ ​ដែល​មាន​រាង​កំប៉ោង​ដូច​ពែង ។ វា​ស្ថិត​នៅ​ពីក្រោម​សំបក​និប្ជល​ ​(Sterile​ ​lemmas) ។ កំពក​នេះ​ ​មាន​តួនាទី​យ៉ាង​សំខាន់​ ​ក្នុង​ការ​រក្សា​នូវ​លំនឹង​របស់​គ្រាប់ស្រូវ ។ ទង​គ្រាប់​ ​ឬ​ទង​ផ្កា​ ​គឺជា​ផ្នែក​នៅ​ខាងក្រោម​គេ​បំផុត​នៃ​គ្រាប់ស្រូវ ។​ ​ផ្នែក​នេះ​មាន​តួនាទី​ក្នុង​ការ​ភ្ជាប់​ផ្កា​ស្រូវ​ជាមួយនឹង​ស្មែង​កួរ ។

១.១.៤- គ្រាប់​អង្ករសម្រូប​ ​(Brown​ ​rice)

គ្រាប់ស្រូវ​ ​នៅ​ពេល​ដែល​គេ​បក​យក​សំបក​គ្រាប់​ ​(Rice​ ​hull) ឬ​អង្កាម​ចេញ​ ​គេ​ហៅ​ថា​អង្ករសម្រូប​ ​(រូបភាព​៤) ។ គ្រាប់​អង្ករសម្រូប​ ​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​ស្រទាប់​សម្រូប​ខាងក្រៅ​ ​(Pericarp​ ​layer) និង​ ​ស្រទាប់​សម្រូប​ខាងក្នុង​ ​(Aleurone​ ​layer) ដែល​ផ្ទុក​ទៅ​ដោយ​ខ្លាញ់​ ​ប្រូតេអ៊ីន​ ​និង​វីតាមីន ។​ ​នៅ​ខាងក្នុង​ស្រទាប់​ទាំង​ពីរ​នេះ​ ​គឺ​សាច់​គ្រាប់​ ​ឬ​អង់ដូស្ពែម​ ​(Endosperm) និង​អំប្រ៊ីយ៉ុង​ ​(Embryo) ដែល​ខណ្ឌ​ដាច់​ភ្នាស​អេពីតេស្យូម​ ​(Epitelium) ។

រូប​៤ លក្ខណៈ​រូបសាស្ត្រ​នៃ​អង្ករ​សម្រូប 

រូប​៤ លក្ខណៈ​រូបសាស្ត្រ​នៃ​អង្ករ​សម្រូប

អង់ដូស្ពែម​ឬ​សាច់​គ្រាប់​ ​(Endosperm) គឺជា​ផ្នែក​សារធាតុ​ចិញ្ចឹម​នៃ​គ្រាប់​ទុំ​ ​ហើយ​ដែល​អាច​ទ្រទ្រង់​ការ​ដុះ​លូតលាស់​នៃ​ពន្លក​បាន ។​ ​អង់ដូស្ពែម​រួម​ផ្សំ​ជា​ពិសេស​ដោយ​ ​អាមីដុង​ ​ប្រហែល​ ​៨០% និង​សារធាតុ​សំខាន់ៗ​ដទៃ​ទៀត​ ​ដែល​រួម​មាន​សារធាតុ​ ​ស្កររ​ ​ប្រូតេអ៊ីន​ ​និង​សារធាតុ​ខ្លាញ់​ ​(Vergara, 1989) ។ សារធាតុ​ទាំងនោះ​ជា​អាហារ​ធាតុ​បម្រុង​ចាំបាច់​របស់​អំប្រ៊ីយ៉ុង​សម្រាប់​ដំណើរការ​ដំណុះ​គ្រាប់ ។​ អង់ដូស្ពែម​មាន​ពីរ​ប្រភេទ​ ​គឺ​អង់ដូស្ពែម​ដែល​មាន​ភាព​ស្រអាប់​ ​(អង្ករដំណើប) និង​អង់ដូស្ពែម​ដែល​មាន​ភាព​ថ្លា​(អង្ករខ្សាយ) ។ ប្រភេទ​នីមួយៗ​របស់​អង់ដូស្ពែម​ ​មាន​លក្ខណៈ​ខុសៗ​គ្នា​គឺ​អាស្រ័យ​ទៅ​នឹង​បរិមាណ​នៃ​អាមីឡូស​ដែល​មាន​នៅ​ក្នុង​នោះ ។

អំប្រ៊ីយ៉ុង​ ​ឬ​ភ្រូណា​ ​(Embryo) ស្ថិត​នៅ​ផ្នែក​ចំហៀង​ពោះ​នៃ​សំបក​គ្រាប់​ធំ​ ​ដែល​ជា​ពន្លក​នៃ​អនាគត​រុក្ខជាតិ​ថ្មី​មួយ​ដើម​ដែល​មាន​នៅ​ក្នុង​គ្រាប់ ។​ ​នៅ​ក្នុង​អំប្រ៊ីយ៉ុង​រួម​មាន​ ​ពន្លក​ស្លឹក​ ​(Plumule) ពន្លក​ឫស​ដំបូង​ ​(Radicle) បណ្ដុំ​ ​សរសៃរ​នាំ​សារធាតុ​ចិញ្ខឹម​ ​(Vascular​ ​bundle) ហើយ​ដែល​ផ្នែក​ទាំង​បី​នេះ​រុំ​ព័ទ្ធ​ដោយ​ស្គូតេឡូម​ ​(Scutelum) (រូបភាព​៥) ។ គ្រប់​កោសិកា​នៃ​អំប្រ៊ីយ៉ុង​ផ្ទុក​ទៅ​ដោយ​ស្កររ​ ​ប្រូតេអ៊ីន​ ​និង​ខ្លាញ់​ដែល​ជា​ប្រភព​នៃ​ថាមពល​ ​និង​អង់ស៊ីម​នា​ពេល​គ្រាប់​ចាប់ផ្ដើម​ដុះ ។

 រូប​៥ អំប៊្រីយ៉ុង

រូប​៥ អំប៊្រីយ៉ុង

១.២- ឫស​ស្រូវ​ ​(Roots)

ឫស​ ​គឺជា​បណ្ដុំ​សរីរាង្គ​ដែល​ប្រមូលផ្ដុំ​ឡើង​ដោយ​សរសៃ​​ចាក់ស្រេះ​ចូល​គ្នា​ដោយ​ចៃដន្យ​ ​និង​កំណត់​ដោយ​សរសៃ​តូចៗ​ជា​ច្រើន ។​ ​ឫស​ស្រូវ​ចាប់​កើត​មាន​ឡើង​តាំងពី​គ្រាប់ស្រូវ​ចាប់​ដុះ​ពន្លក​ ​នៅ​ពេល​គេ​យក​ទៅ​ធ្វើ​ដំណុះ​ ​ហើយ​មាន​មុខ​ងារ​ក្នុង​ការ​ជួយ​ទ្រទ្រង់​ដល់​ការ​លូតលាស់​របស់​សំណាប​ ​និង​បន្ដបន្ទាប់​មក​ឫស​ស្រូវ​ចាប់ផ្ដើម​ដុះ​ចេញពី​សរីរាង្គ​ផ្សេងៗ​ ​ផ្នែក​ខាងក្រោម​របស់​ដើម​ ដូចជា​ ​គល់​ខ្នែង​បែក​ដំបូង​ ​និង​ថ្នាំង​របស់​ដើម​ ​(Fujil, 1974) ។ ឫស​របស់​ដំណាំ​ស្រូវ​​ចែក​ចេញ​ជា​​៣ គឺ​ ​ឫសកែវ​ ឫសព្រយោង​ ​និង​ឫសខ្យល់​ ​(រូបភាព​៦) ។

រូប​៦​ក លក្ខណៈ​រូបសាស្ត្រ​នៃ​ឫស​របស់​​ដំណាំ​ស្រូវ

រូប​៦​ក លក្ខណៈ​រូបសាស្ត្រ​នៃ​ឫស​របស់​​ដំណាំ​ស្រូវ

រូប​៦​ខ លក្ខណៈ​រូបសាស្ត្រ​នៃ​ឫស​របស់​​ដំណាំ​ស្រូវ

រូប​៦​ខ លក្ខណៈ​រូបសាស្ត្រ​នៃ​ឫស​របស់​​ដំណាំ​ស្រូវ

១.២.១- ឫសកែវ​ ​(Seminal​ ​root)

ឫសកែវ​ ​គឺជា​ឫស​ដំបូង​បង្អស់​ដែល​ដុះ​ចេញពី​គ្រាប់ស្រូវ​ ​នៅ​ពេល​ដែល​ស្រូវ​ចាប់ផ្ដើម​ដុះ​ពន្លក​ដំបូង​ ​ហើយ​ឫស​នេះ​មាន​អាយុ​ពី​ ​១ ទៅ​ ​៣០ ថ្ងៃ​ ​ប៉ុណ្ណោះ ។​ ​ឫសកែវ​ដុះ​ចេញ​ក្នុង​រយៈពេល​ ​២ ទៅ​ ​៣ ម៉ោង​ ​បន្ទាប់​ពី​ស្រោម​ពន្លក​ឫស​ ​(Coleorhiza) លេចឡើង​ ​(ដុះ​ចេញ) ។ ឫសកែវ​នឹង​ងាប់​ទៅ​វិញ​ក្នុង​រវាង​អាយុ​ ​១ ខែ​ ​នៅ​ក្រោយ​ពេល​ដែល​ឫសព្រយោង​ចាប់ផ្ដើម​ដុះ​ ​និង​កើន​ឡើង​ជា​បន្ដបន្ទាប់ ។ ឫសកែវ​មានមុខ​ងារ​ ​ស្រូប​យក​ទឹក​សម្រាប់​ផ្ដល់​ឱ្យ​គ្រាប់​ដើម្បី​ធ្វើ​ប្រតិកម្ម​បម្លែង​ម្សៅ​អាមីដុង​ ​បង្កើត​ទៅ​ជា​ស្ករ​ ​និង​បម្លែង​សារធាតុចិញ្ចឹម​ផ្សេងៗ​ទៀត​ ​ដើម្បី​ផ្ដល់​ឱ្យ​ពន្លក​ដើម​អាច​រស់រាន្ដ​មាន​ជីវិត ។

១.២.២- ឫសព្រយោង​ ​(Nodal​ ​or​ ​adventitious​ ​roots)

ឫសព្រយោង​ ​ជា​ប្រភេទ​ឫស​ដែល​ដុះ​ចេញពី​គល់​ថ្នាំង​នៃ​ដើម​ស្រូវ​ ​ដែល​កប់​ក្នុង​ដី​ ​ដែល​មាន​តួនាទី​សម្រាប់​ជា​ជំនួយ​ដល់​ឫសកែវ​ ​(Seminal​ ​root) ។ នៅ​ពេល​ដែល​ស្រោម​ពន្លក​ឫស​ចាប់ផ្ដើម​ដុះ​ ​ស្រោម​ពន្លក​ស្លឹក​ក៏​ដុះ​ចេញ​ដែរ ។​ ​ហើយ​ដែល​នៅ​ក្នុង​នោះ​ ​បន្ទាប់​មក​គឺ​ ​ថ្នាំង​ពន្លក​ ​(Mesocotyl) បាន​ដុះ​ចេញ ។​ ​ថ្នាំង​ពន្លក​នេះ​ ​ជា​ថ្នាំង​ដំបូង​បង្អស់​របស់​ដើម​ស្រូវ ។​ ​នៅ​ពេល​ដែល​ដើម​ស្រូវ​ដុះ​ស្លឹក​ទី​៣ នៅ​ផ្នែក​ខាង​ចុង​នៃ​ថ្នាំង​ពន្លក​ ​ឫសព្រយោង​ក៏​ចាប់ផ្ដើម​ដុះ​ឡើង ។​ ​ក្រោយ​ពី​ដុះ​ ​ឫសព្រយោង​ត្រូវ​បាន​លូតលាស់​ចាក់​ទៅ​ក្រោម​ដី​ប្រមាណ​ ​១៨ ទៅ​ ​២០ សម​ ​និង​ចាក់​ទៅ​សងខាង​ប្រវែង​ពី​ ​៣០ ទៅ​ ​៣៥ សម ។​ ​ការ​លូតលាស់​របស់​ឫសព្រយោង​ ​និង​ស្លឹក​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ ​គឺ​មាន​ន័យ​ថា​ ​ប្រសិនបើ​ប្រវែង​នៃ​ស្លឹក​ស្រូវ​លូត​ចាក់ចេញ​ទៅ​ផ្នែក​ខាង​ឆ្ងាយ​នៃ​ដើម​បាន​ប្រវែង​ត្រឹមណា​នោះ​ ​ឫសព្រយោង​ក៏​លូតលាស់​ចាក់ចេញ​បាន​ដល់​ត្រឹមនោះ​ដែរ ។ ឫស​នេះ​មានមុខ​ងារ​សម្រាប់​ទ្រទ្រង់​ជំហរ​ដើម​ស្រូវ​មិន​ឱ្យ​ដួល​ ​ស្រូប​យក​ទឹក​ ​និង​សារធាតុចិញ្ចឹម​ ​ជា​ពិសេស​សារធាតុ​អាសូត​ ​ផូស្វ័រ​ ​ប៉ូតាស្យូម​ពី​ក្នុង​ដី​ ​ដើម្បី​ផ្ដល់​ទៅ​ឱ្យ​សរីរាង្គ​ដើម​ស្រូវ​និង​មាន​តួនាទី​សម្រាប់​ផ្ទុក​ជាតិ​ទឹក​ ​និង​អាហារ​សម្រាប់​ទ្រទ្រង់​ជីវិត​របស់​ដំណាំ​ស្រូវ​ ​(រូបភាព​៦) ។ នៅ​ខាង​ក្បាល​ឫស​ ​មាន​ស្រោម​រឹង​ព័ទ្ធ​ជុំវិញ​ដើម្បី​ការពារ​ឫស​ ​និង​ជា​ជំនួយ​ដល់​ឫស​ក្នុង​ការ​ទម្លុះ​ចូល​ក្នុង​ដី​ ​ដែល​ស្រោម​នេះ​គេ​ហៅ​ថា​លាលាដ៍​ឫស​ ​(Root​ ​Cap) ។

១.២.៣- ឫសខ្យល់​ ​(Adventitious​ ​roots)

ឫស​នេះ​ដុះ​ចេញពី​ថ្នាំង​នៃ​ដើម​ស្រូវ​នៅ​ផ្នែក​ក្រោម​ ​(ឫស​ដែល​នៅ​លើ​ផ្ទៃដី) ហើយ​ការ​បែកខ្នែង​ ​គឺ​កើតឡើង​ដោយ​ឯកឯង ។ ចំពោះ​ពូជស្រូវ​ឡើង​ទឹក​ គេ​សង្កេត​ឃើញ​វា​កើត​ចេញពី​ថ្នាំង​ខាងលើ​បំផុត​នៃ​ដើម​វែង​ ​តែ​នៅ​ក្រោម​ស្រទាប់​សើៗ​នៃ​ផ្ទៃ​ទឹក ។ ឫសខ្យល់​មាន​ ​២ ប្រភេទ​គឺ​ ​ឫសខ្យល់​ទី​១ (Primary​ ​adventitious​ ​roots) និង​ឫសខ្យល់​ទី​២ (Secondary​ ​adventitious​ ​roots) ។ ចំពោះ​ពពួក​ស្រូវ​ឡើង​ទឹក​ ​គឺ​មាន​ឫសខ្យល់​ទាំង​ពីរ​ប្រភេទ​ ​ហើយ​ដែល​ឫស​ខ្យល់​ទាំង​ពីរ​នឹង​ចាក់​ចូល​ទៅ​ក្នុង​ដី​ពេល​ទឹក​ស្រក ។ ចំពោះ​ពពួក​ស្រូវ​ដទៃ​ទៀត​ ​គឺ​ភាគច្រើន​មាន​តែ​ឫសខ្យល់​ទី​១​ប៉ុណ្ណោះ ។

១.៣- ដើម​ស្រូវ​ ​(Culm)

ដើម​ស្រូវ​មាន​តួនាទី​សម្រាប់​ទ្រទ្រង់​ស្លឹក​ ​និង​កួរស្រូវ​ ​បង្កើត​ដើម​បែក​ថ្មី​ ​និង​ឫស​ ​ភ្ជាប់​សកម្មភាព​នៃ​ការ​ធ្វើ​រស្មី​សំយោគ​ ​ផ្ទុក​ ​និង​ដឹក​ជញ្ជូន​ជាតិ​ទឹក​ ​សារធាតុចិញ្ចឹម​ផ្សេងៗ​ ​និង​សម្រាប់​ធ្វើការ​ផ្គត់ផ្គង់​ខ្យល់​ទៅ​កាន់​ឫស ។ ដើម​ស្រូវ​ត្រូវ​បាន​ចែក​ចេញ​ជា​ ​២​ផ្នែក​គឺ​ ​ថាំ្នង​ ​(Nodes) និង​ចន្លោះ​ថ្នាំង​ ​(Internodes) (រូបភាព​៧) ។

 រូប​៧ លក្ខណៈ​រូបសាស្ត្រ​នៃ​ដើម​ស្រូវ

រូប​៧ លក្ខណៈ​រូបសាស្ត្រ​នៃ​ដើម​ស្រូវ

១.៣.១- ថ្នាំង​ ​(Nodes)

ថ្នាំង​ ​គឺជា​ផ្នែក​រឹង​នៃ​ដើម​ស្រូវ​ដែល​មាន​ភាព​តាន់​ ​និង​គ្មាន​ប្រហោង​ ​ហើយ​ជា​កន្លែង​សម្រាប់​បង្កើត​ស្លឹក​ និង​ពន្លក​ខ្នែង​នៃ​ដើម​ស្រូវ ។ ពន្លក​ខ្នែង​មាន​ទីតាំង​នៅ​ចន្លោះ​របស់​ថ្នាំង​ ​និង​គល់​ស្រទប​ស្លឹក ។​ ​ចំណែក​ថ្នាំង​ដែល​នៅ​ខាង​ចុង​នៃ​ដើម​ ​ជា​ថ្នាំង​ដែល​បង្កើត​កួរស្រូវ ។

១.៣.២- ចន្លោះ​ថ្នាំង​ ​(Internodes)

ចន្លោះ​ថ្នាំង​ ​ជា​ផ្នែក​រលោង​ហើយ​មាន​លក្ខណៈ​រឹង​ ​និង​តាន់​នៅ​ពេល​ដែល​វា​នៅ​ខ្ចី​ ​ប៉ុន្ដែ​ប្រែ​ក្លាយ​ទៅជា​មាន​ប្រហោង​នៅ​ពេល​វា​កាន់តែ​ចាស់ ។ ផ្នែក​នេះ​មាន​ស្នាម​ចង្អូរ​តូចៗ​ ​ហើយ​ជា​ផ្នែក​មូល​រលោង​នៃ​ដើម ។​ ​ចន្លោះ​ថ្នាំង​ខាងក្រោម​ជា​ទូទៅ​ខ្លីៗ​ ​ខុស​ពី​ចន្លោះ​ថ្នាំង​ខាងលើ​ដែល​វែងៗ ។ ចន្លោះ​ថ្នាំង​នេះ​ ​ត​ភ្ជាប់​គ្នា​បាន​ពី​មួយ​ទៅ​មួយ​ដោយសារ​ថ្នាំង​ ​(Nodes) ។ ចំពោះ​ចន្លោះ​ថ្នាំង​របស់​ដំណាំ​ស្រូវ​មាន​ច្រើន​ ​ឬ​តិច​ ​គឺ​អាស្រ័យ​ទៅ​តាម​ប្រភេទ​ពូជ​ផ្សេងៗ​គ្នា​ ​ដោយសារ​ពូជ​ខ្លះ​មាន​ចន្លោះ​ថ្នាំង​ច្រើន​ដែល​ធ្វើ​ឱ្យ​ដើម​មាន​កំពស់​ខ្ពស់​ ​និង​ពូជ​ខ្លះ​ទៀត​មាន​ចន្លោះ​ថ្នាំង​តិច​ដែល​ធ្វើ​ឱ្យ​ដើម​មាន​កំពស់​ទាប។ ជា​ទូទៅ​ ​ចន្លោះ​ថ្នាំង​ចាប់ផ្ដើម​លូត​បណ្ដោយ​ ​ឬ​លូត​ប្រវែង​ ​ចាប់ពី​ផ្នែក​ខាងក្រោម​ទៅ​ផ្នែក​ខាងលើ​នៃ​ដើម​ស្រូវ ។​ ​យ៉ាងណាមិញ​ ​ចន្លោះ​ថ្នាំង​ដែល​មា​នទី​តាំងនៅ​ផ្នែក​ខាងលើ​បំផុត​នៃ​ដើម​ស្រូវ​តែងតែមាន​ទំហំ​តូច​ ​ជាពិសេស​ចន្លោះ​ថ្នាំង​ដែល​ផ្ទុក​ផ្កា​ ​និង​គ្រាប់ ។

១.៣.៣- ការ​បែក​គុម្ព​ ​(Tillering)

 រូប​៨ ប្រព័ន្ធ​បែប​គុម្ព​នៃ​ដំណាំ​ស្រូវ

រូប​៨ ប្រព័ន្ធ​បែប​គុម្ព​នៃ​ដំណាំ​ស្រូវ

ស្រូវ​ ​គឺជា​ដំណាំ​ដែល​មាន​លទ្ធភាព​ក្នុង​ការ​បែក​គុម្ព​ខ្លាំង ។ បែក​គុម្ព​ ​គឺជា​ដំណើរការ​មួយ​ដែល​ក្នុង​នោះ​ដើម​បែក​ថ្មីៗ​ ​បាន​ដុះ​លូតលាស់​ចេញពី​ដើម​មេ​ ​ឬ​ដើម​បែក​ចាស់ៗ ។​ ​លោក​ ​Katayama​ ​(1951) បាន​ធ្វើការ​សិក្សា​យ៉ាង​លម្អិត​អំពី​ដំណើរការ​បែក​គុម្ព​នេះ​ ​ហើយ​បាន​បង្កើត​ជា​ប្រព័ន្ធ​មួយ​ ​ដែល​គេ​បាន​បន្ដ​ប្រើប្រាស់​រហូត​មក​ដល់​បច្ចុប្បន្ន ។​ ​រូបភាព​៨ គឺជា​គំនូសបំព្រួញ​អំពី​ការ​បែក​គុម្ព​ ​ដែល​មាន​លក្ខណៈ​សម្រាយ​ជាង​លោក​ ​Katayama​ ​(1951) បន្ដិច​ ​ដោយសារ​គំនូសបំព្រួញ​នេះ​មិន​បាន​បញ្ជាក់​អំពី​លេខ​រៀង​របស់​ថ្នាំង​ ​ដែល​ដើម​បែក​បាន​ដុះ​ចេញ​មក ។​ ​ដើម​បែក​របស់​ដំណាំ​ស្រូវ​ ​ត្រូវ​បាន​ចែក​ជាដើម​មេ​ ​ដើម​បែក​ទី​មួយ​ ​(Primary​ ​tiller) ដើម​បែក​ទី​ពីរ​ ​(Secondary​ ​tiller) និង​ដើម​បែក​ទី​បី​ ​(Tertiary​ ​tiller) ។ ដើម​មេ​ ​គឺជា​ដើម​ដែល​ដុះ​ចេញពី​គ្រាប់​ ​ហើយ​ចេញពី​ដើម​មេនេះ​ ​មាន​ដើម​បែក​ទី​មួយ​ ​(Ti, i=1,…,n) ជា​ច្រើន​ដុះ​ចេញ​មក​តាម​លំដាប់លំដោយ​នៃ​ថ្នាំង ។​ ​ដើម​បែក​ទី​ពីរ​ ​គឺជា​ដើម​បែក​ដែល​ដុះ​ចេញពី​ដើម​បែក​ទី​មួយ​ ​ហើយ​ដើម​បែក​ទី​បី​ ​គឺជា​ដើម​បែក​ដែល​ដុះ​ចេញពី​ដើម​ ​បែក​ទី​ពីរ ។​ ​នៅ​ក្នុង​រូបភាព​៨ ដើម​មេ​ ​គឺ​តាង​ដោយ​ ​T0 ដើម​បែក​ទី​មួយ​ ​គឺ​តាង​ដោយ​អក្សរ​ ​T​ ​និង​លេខ​មួយ​ខ្ទង់​ ​(ឧទាហរណ៍ៈ​ ​T1, T2, …) ដើម​បែក​ទី​ពីរ​គឺ​តាង​ដោយ​អក្សរ​ ​T​ ​និង​លេខ​ពីរ​ខ្ទង់​ ​(ឧទាហរណ៍ៈ​ ​T11, T21, …) និង​ដើម​បែក​ទី​បី​ ​គឺ​តាង​ដោយ​អក្សរ​ ​T​ ​និង​លេខ​បី​ខ្ទង់​ ​(ឧទាហរណ៍ៈ​ ​T111, T211, …) លំដាប់​លេខ​១-n​ ​បញ្ជាក់​ពី​ដើម​បែក​ដែល​ដុះ​លំដាប់​បន្ដ​គ្នា​ ​ដូច​ជា​ ​T1​ ​គឺ​ដើម​បែក​ទី​មួយ​ដែល​ដុះ​មុនគេ​ពី​ដើម​មេ​ ​ហើយ​ ​T5​ ​គឺជា​ដើម​បែក​ទី​មួយ​ដែល​ដុះ​ចេញពី​ដើម​មេ​ ​បន្ទាប់​ពី​ដើម​បែក​ទី​មួយ​ ​បួន​ទៀត​បាន​ដុះ​ចេញពី​ដើម​មេ​រួច​ហើយ ។​ ​ចំនួន​ដើម​បែក​ ​គឺ​អាស្រ័យ​ទៅ​លើ​ពូជ​រយៈពេល​លូតលាស់​ ​លក្ខខណ្ឌ​ដាំ​ដុះ​ ​(ពន្លឺ​ ​និង​សារធាតុចិញ្ចឹម) និង​វិធីសាស្ដ្រ​ដាំ​ដុះ ។

១.៤- ស្លឹក​ស្រូវ​ ​(Leaf)

ស្លឹក​ស្រូវ​ទាំងអស់​ត្រូវ​បាន​ទ្រ​ដោយ​ដើម​ ​ហើយ​តំរៀប​ជា​ពីរ​ជួរ ។ គេ​សង្កេត​ឃើញ​ថា​ ​នៅ​ផ្នែក​ខាងលើ​នៃ​ថ្នាំង​មួយ​ ​គឺ​មាន​ដុះ​ស្លឹក​មួយ​ ​ដែល​មាន​ពីរ​ផ្នែក​គឺ​ស្រទប​ស្លឹក​ ​(Leaf​ ​sheath) និង​បន្ទះ​ស្លឹក​ ​(Leaf​ ​blade) (រូបភាព​៩) ។ ក្នុង​មួយ​វដ្ដ​ជីវិត​របស់​ដើម​ស្រូវ​មាន​ស្លឹក​ពី​ ​១០ ទៅ​ ​២០ ប៉ុន្ដែ​មាន​តែ​ស្លឹក​ពី​ ​៥ ទៅ​ ​១០ ប៉ុណ្ណោះ​ ​ដែល​នៅ​រស់​រហូត​ដល់​ពេល​ប្រមូល​ផល​គ្រាប់​ ​ចំណែក​ស្លឹក​ដទៃ​ទៀត​ចាប់ផ្ដើម​ស្វិត​ ​និង​ងាប់​បន្ដបន្ទាប់​ទៅ​តាម​ការ​អភិវឌ្ឍ​​នៅ​ក្នុង​វគ្គ​នីមួយៗ​នៃ​ដំណាំ​ស្រូវ ។​ ​ស្លឹក​ខាងលើ​បំផុត​ដែល​ស្ថិត​នៅ​ខាងក្រោម​កួរ​ ​គឺជា​ស្លឹក​ទង់ជ័យ​ ​ឬ​ស្លឹក​អម​កួរ​ ​(Flag​ ​leaf) ។ ស្លឹក​ស្រូវ​មាន​មុខងារ​សម្រាប់​ទទួល​ពន្លឺ​ ​និង​ដឹកនាំ​ការ​ធ្វើ​រស្មី​សំយោគ​ ​សកម្មភាព​ដំណក​ដង្ហើម​ ​បំភាយ​ចំហាយ​ទឹក​ ​សម្រាប់​ផ្ទុក​អាហារ​ចិញ្ចឹម​ផ្សេងៗ​ ​សម្រាប់​នាំ​ខ្យល់​ទៅ​ឱ្យ​ឫស​ ​ដើម​ ​និង​ស្រទប​ស្លឹក​ដែល​ស្ថិត​នៅ​ក្នុង​ទឹក ។​ ​នៅ​ផ្នែក​ត​ភ្ជាប់​រវាង​ស្រទប​ស្លឹក​ ​(Leaf​ ​sheath) និង​បន្ទះ​ស្លឹក​ ​(Leaf​ ​blade) មាន​សរីរាង្គ​បី​ទៀត​គឺ​ ​ចង្កំ​ស្លឹក​ ​(Collar) អណ្ដាត​ស្លឹក​ ​(Ligule) និង​ត្រចៀក​ស្លឹក​ ​(Auricle) ។

 រូប​៩ ស្លឹក​ស្រូវ

រូប​៩ ស្លឹក​ស្រូវ

១.៤.១- ស្រទប​ស្លឹក​ ​(Leaf​ ​sheath) និង​បន្ទះ​ស្លឹក​ ​(Leaf​ ​blade)

ស្រទប​ស្លឹក​ ​ស្ថិត​នៅ​ផ្នែក​ខាងក្រោម​នៃ​ស្លឹក​ ​ដែល​ស្រោប​រុំ​ព័ទ្ធ​ជុំវិញ​ដើម ។​ ​ជួនកាល​ស្រទប​ស្លឹក​ ​និង​បន្ទះ​ស្លឹក​ត​ភ្ជាប់​គ្នា​នៅ​ចន្លោះ​ថ្នាំង ។ ស្រទប​ស្លឹក​ដែល​ស្ថិត​នៅ​ត្រង់​គល់​ថ្នាំង​ ​មាន​រាង​ប៉ោង​ចេញ​ ​ដែល​គេ​ឱ្យឈ្មោះ​ថា​ ​ផ្នែក​ប៉ោង​នៃ​ស្រទប​ស្លឹក ។ បន្ទះ​ស្លឹក​ ​គឺជា​ផ្នែក​ខាងលើ​នៃ​ស្លឹក​មាន​រាង​ជា​បន្ទះ​ស្រួច​ហើយ​រាបស្មើ ។ នៅ​ផ្នែក​ខាងក្រោម​នៃ​ផ្ទៃ​ស្លឹក​ចំ​កណ្ដាល មាន​ទ្រនុង​ធំ​មួយ​លយ​ចេញ​ជាងគេ​ ​គឺជា​ទ្រនុង​កណ្ដាល​នៃស្លឹក (Midrib) ។ ផ្ទៃ​ខាងលើ​នៃ​បន្ទះ​ស្លឹក​មាន​ជួរ​​ឆ្នូតៗ​ជា​ច្រើន​ ​ដែល​ស្របគ្នា​ជាមួយ​ទ្រនុង​ស្លឹក ។​ ​ស្លឹក​ដុះ​ចេញ​មក​ឆ្លាស់គ្នា​នៅ​លើ​ដើម ។​

១.៤.២- ចង្កំ​ស្លឹក​ ​(Collar) អណ្ដាត​ស្លឹក​ ​(Ligule) និង​ត្រចៀក​ស្លឹក​ ​(Auricle)

ចង្កំ​ស្លឹក​ ​គឺជា​ផ្នែក​មួយ​សម្រាប់​ត​ភ្ជាប់​រវាង​ស្រទប​ស្លឹក​ ​និង​បន្ទះ​ស្លឹក​ ​ឬ​ជា​ផ្នែក​ដែល​ខណ្ឌ​ស្រទប​ស្លឹក​ ​និង​បន្ទះ​ស្លឹក ។​ ​អណ្ដាត​ស្លឹក​ ​គឺជា​ភ្នាស​ស្ដើង​ឈរ​ត្រង់​ទៅ​លើ​ ​ហើយ​ស្ថិត​នៅ​ខាងក្នុង​បន្ទះ​ស្លឹក​ ​ពោល​គឺ​នៅ​កន្លែង​ណា​ដែល​បន្ទះ​ស្លឹក​ត​ភ្ជាប់​នឹង​ស្រទប​ស្លឹក ។ ទម្រង់​របស់​វា​មាន​សភាព​ស្ដើង​ស្រួច​ចុង​ ​ដែល​ចុង​នោះ​អាច​បែក​ជា​ពីរ​ ​ឬ​មិន​បែក​អាស្រ័យ​ដោយ​ពូជ ។ ត្រចៀក​ស្លឹក​ ​គឺជា​ព្រុយ​មួយ​គូ​ដែល​ស្ថិត​នៅ​គែម​សងខាង​ ​ផ្នែក​គល់​ខាងក្រោយ​នៃ​បន្ទះ​ស្លឹក​ស្រូវ ។​ ​ជា​ធម្មតា​ត្រចៀក​ស្លឹក​ ​លូត​ឡើង​នៅ​ផ្នែក​ចំហៀង​ ​ពោល​គឺ​កន្លែង​ដែល​អណ្ដាត​ ​និង​គល់​នៃ​ចង្កំ​ស្លឹក​ត​ភ្ជាប់​គ្នា ។ អណ្ដាត​ស្លឹក​ ​និង​ត្រចៀក​ស្លឹក​ ​ជា​សរីរាង្គ​ដែល​សំខាន់​បំផុត​ ​ក្នុង​ការ​កំណត់​ពី​ភាព​ខុស​គ្នា​រវាង​ដំណាំ​ស្រូវ​ ​និង​ស្មៅ​ ​ក្នុង​ដំណាក់កាល​លូតលាស់ ។ ជា​ទូទៅ​ស្លឹក​របស់​ពូជស្រូវ​ទាំងអស់​ ​គឺ​មាន​សរីរាង្គ​ទាំង​ពីរ​នេះ​ ​ផ្ទុយ​ទៅ​វិញ​ស្លឹក​ស្មៅ​ ​គឺ​អាច​គ្មាន​មាន​សរីរាង្គ​ទាំង​ពីរ​នេះ​ ​ឬ​ក៏​មាន​តែ​មួយ​ប៉ុណ្ណោះ ។

២- លក្ខណៈ​រូបសាស្ដ្រ​នៃ​សរីរាង្គ​បន្ដ​ពូជ​

២.១- កួរស្រូវ​ ​(Panicle​ ​or​ ​Inflorescence)

កួរស្រូវ​រួម​មាន​កកួរ​ ​(Panicel base) អ័ក្ស​នៃ​កួរ​ ​(Panicle​ ​axis) ស្មែង​ទី​មួយ​ ​(Primary​ ​branch) ស្មែង​ទី​ពីរ​ ​(Secondary​ ​branch) ទង​គ្រាប់​ ​(Pedicel) និង​កន្សោម​ផ្កា​ ​(Spikelet) (រូបភាព​១០) ។ ក​កួរ​ ​គឺជា​ផ្នែក​ដែល​ភ្ជាប់​តួ​កួរ​ជាមួយ​ចន្លោះ​ថ្នាំង​លើ​បំផុត​នៃ​ដើម​ ​(Uppermost​ ​internodes) ។ ស្មែង​ទី​មួយ​ ​គឺជា​ស្មែង​ដែល​ដុះ​ចេញពី​អ័ក្ស​នៃ​កួរ​ ​ដែល​នៅ​លើ​ស្មែង​ទី​មួយ​នេះ​ ​មាន​ស្មែង​ទី​ពីរ​ដុះ​ចេញ ។​ ​ជា​ទូទៅ​កន្សោម​ផ្កា​ ​គឺ​ដុះ​ចេញពី​ស្មែង​ទី​ពីរ​ដែល​មាន​ទង​គ្រាប់​ជា​សរីរាង្គ​ភ្ជាប់ ។

 រូប​១០ កួរ​ស្រូវ

រូប​១០ កួរ​ស្រូវ

កួរស្រូវ​បាន​ចាប់ផ្ដើម​អភិវឌ្ឍ​នា​ចុង​ដំណាក់កាល​ពន្លូត​ដើម ។​ ​កំពក​កួរ​ ​(Panicle​ ​primordial) បាន​លេច​ចេញ​មុនគេ​ ​រួច​បន្ទាប់​មក​កំណរ​កួរ​ ​(Panicle​ ​initiation) បាន​ចាប់​ដំណើរការ​ ​រហូត​បានជា​រូបរាង​កួរ​ទាំងមូល​ហើយ​ដែល​ដំណើរការ​នេះ​ ​គឺ​ប្រព្រឹត្ដ​ទៅ​នៅ​ក្នុង​ស្រទប​ស្លឹក​ទង់ជ័យ ។ នៅ​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​កួរ​នេះ​ ​ផ្នែក​ខាង​ចុង​នៃ​ដើម​ស្រូវ​ ​ដែល​រុំ​ព័ទ្ធ​ដោយ​ស្រទប​ស្លឹក​ទង់ជ័យ​រីក​ប៉ោង​ ​និង​លូត​វែង​ ​ដូចនេះ​បានជា​គេ​ហៅ​ថា​ ​ដំណាក់កាល​ផើម​ ​(Booting​ ​stage) ។ ជាទូទៅ​ ​ដំណាក់កាល​ផើម​នេះ​ ​មាន​រយៈពេល​ ​៣៥ ថ្ងៃ​ ​ទើប​កួរស្រូវ​ចេញ​ផុត​ពី​ស្រទប​ស្លឹក​ទង់ជ័យ ។ លទ្ធភាព​របស់​កួរស្រូវ​ ​ដែល​អាច​លូត​ផុត​ពី​ស្រទប​ស្លឹក​ទង់ជ័យ​គឺជា​ដំណក​កួរ​ ​(Panicle​ ​exertion) ហើយ​ដំណក​កួរ​នេះ​ ​គឺ​អាស្រ័យ​ទៅ​តាម​ពូជស្រូវ ។

២.២- កន្សោម​ផ្កា​ ​(Spikelet)

ស្រូវ​គឺជា​រុក្ខជាតិ​ស្វ័យចរ​លំអង​ ​(Autogram/ Self​-pollinated) ដោយ​មាន​កេសរ​ឈ្មោល​ ​(Stamen) និង​កេស​រញី​ ​(Pistil) ស្ថិត​នៅ​ក្នុង​កន្សោម​ផ្កា​តែ​មួយ ។​ ​ផ្នែក​បន្សំ​នៃ​កន្សោម​ផ្កា​មាន​បង្ហាញ​នៅ​ក្នុង​រូបភាព​១១ ឯ​ផ្នែក​ខាងក្រៅ​ ​ក៏​បាន​រៀបរាប់​ក្នុង​ចំណុច​១.១ រួច​ហើយ​ដែរ ។​ ​ផ្នែក​ខាងក្នុង​នៃ​កន្សោម​ផ្កា​មាន​ ​កេសរ​ឈ្មោល​ ​(Stamen) និង​កេសរ​ញី​ ​(Pistil) ។ កេសរ​ឈ្មោល​ ​ផ្សំ​ឡើង​ដោយ​ទង​នៃ​ថង់​លំអង​ ​(Filament) និង​ថង់​លំអង​ ​(Anther) ដែល​ផ្ទុក​ទៅ​ដោយ​លំអង​ឈ្មោល​ ​(Pollens) ។ កេសរ​ឈ្មោល​មាន​ចំនួន​ប្រាំមួយ​ក្នុង​កន្សោម​ផ្កា​មួយ ។​

 រូប​១១ ផ្នែក​នីមួយៗ​នៃ​កន្សោម​ផ្កា

រូប​១១ ផ្នែក​នីមួយៗ​នៃ​កន្សោម​ផ្កា

កេសរ​ញី​ផ្សំ​ឡើង​ដោយ​ ​អូវែ​ ​(Ovary) មួយ​ ​កកេសរ​ញី​ ​(Style) ពីរ​ ​និង​មាត់​កេសរ​ញី​ ​(Stigma) ពីរ ។​ ​បន្ទាប់​ពី​កួរស្រូវ​ ​(ទាំងមូល​ ​ឬ​ផ្នែក​ខ្លះ) ចេញ​ផុត​ពី​ស្រទប​ស្លឹក​ទង់ជ័យ​ហើយ​ ​កន្សោម​ផ្កា​នឹង​បើក​ ​ហើយ​បន្ទាប់​មក​ថង់​លំអង​ក៏​បែក​ ​រួច​លំអង​ឈ្មោល​ដែល​ទុំ​នឹង​ជ្រុះ​ធ្លាក់​ទៅ​លើ​មាត់​កេសរ​ញី ។ លំអង​ឈ្មោល​នឹង​ត្រូវ​ចូល​ទៅ​អូវែ​តាម​រយៈ​ក​កេសរ​ញី​ ​ហើយ​ដែល​នៅ​ទីនោះ​ ​លំអង​ឈ្មោល​ប្រសព្វ​ជាមួយ​បុប្ផាណករ​ ​(Ovule) ។ ដំណើរការ​រោយ​លំអង​ប្រព្រឹត្ដ​ទៅ​ក្នុង​ចន្លោះ​ពេល​ពី​ម៉ោង​ ​៩:០០-១២:០០ ព្រឹក ។​ ​បន្ទាប់​ពី​ភព​ប្រសព្វ​ហើយ​ ​អូវែ​នឹង​អភិវឌ្ឍ​ទៅ​ជា​គ្រាប់ស្រូវ ៕

ដោយ​ ​លោក​ ​អ៊ុក​ ​ម៉ាការា, ពិន​ ​តារា​ ​និង​ ​ឡោ​ ​ប៊ុណ្ណា​

 

រឿងខ្មោចនាងតានី

ចេក​នាង​តានី

ចេក​នាង​តានី

រឿង​ខ្មោច​ព្រាយ​បិសាច​ ​មាន​ទាំង​អ្នក​ជឿ​ ​និង​មិន​ជឿ ។ អ្នក​មិន​ជឿ​គិត​ថា​ ​វា​គ្រាន់តែ​ជា​រឿង​កុហក ​លើកយក​មក​និយាយ​លេង​ឲ្យ​សប្បាយ​ដើម្បី​ឲ្យ​អ្នក​ស្ដាប់​មាន​ការ​ភ័យ​ខ្លាច​តែ​ប៉ុណ្ណោះ ។ បញ្ហា​ខ្មោច​បិសាច​នេះ​ ​មាន​ការ​ជជែក​គ្នា​ឡើង​ប៉ោង​សរសៃ​ក​ ​អស់​រាប់រយ​ជំនាន់​មក​ហើយ​ ​រវាង​អ្នក​ជឿ​ ​និង​អ្នក​មិន​ជឿ​ ​រវាង​អ្នក​ធ្លាប់​ឃើញ​ ​និង​អ្នក​មិន​ធ្លាប់​ឃើញ ។ អ្នក​ដែល​គេ​ជឿ​ថា​ខ្មោច​ព្រាយ​មាន​ពិត​នោះ​ ​ព្រោះ​គេ​ធ្លាប់​មាន​បទពិសោធន៍​ដោយ​ខ្លួនឯង ។ ចំណែក​អ្នក​មិន​ជឿ​នោះ​ ​ព្រោះ​គេ​មិន​ដែល​មាន​ឱកាស​បាន​ជួប​ ​និង​បាន​ឃើញ ។ ជាពិសេស​ ​អ្នក​ដែល​រស់នៅ​ទីក្រុង​ ​ដែល​មាន​ភាព​រីក​ចម្រើន​ស៊ីវីល័យ​ ​និង​ស្ថិត​ក្នុង​បរិយាកាស​គគ្រឹក​គ្រេង​នោះ​ ​គេ​មិន​ជឿ​ថា​ខ្មោច​មាន​ពិត​នោះ​ទេ ។

មិន​ចំពោះ​តែ​ជនជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ជឿ​លើ​រឿង​ខ្មោច​បិសាច​ ​អារក្ស​អ្នកតា​ ​សូម្បី​តែ​ជនជាតិ​បរទេស​ ឬ​អ្នក​វិទ្យាសាស្ត្រ​ ​ក៏​នៅ​ទទួលស្គាល់​ថា​មាន​ខ្មោច​ដែរ ព្រោះ​ធ្លាប់​បាន​ឆ្លង​កាត់​ការពិសោធន៍​ ​និង​បាន​សាកល្បង​រួច​មក​ហើយ ។

ណ្ហើយចុះ ! លោក​អ្នក​ជឿ​ ឬ​ក៏​មិន​ជឿ​ក៏​បាន​ ​ស្រេច​តែ​នៅ​លើ​ជំនឿ​ផ្ទាល់ខ្លួន​ទៅ​ចុះ ។ ពេល​នេះ​ខ្ញុំ​នឹង​លើក​យក​រឿង​ចម្លែក​មួយ​ ​មក​ចែក​ជូន​ប្រិយមិត្ត ។ រឿង​នេះ​ពិត​ឬ​មិន​ពិត​នោះ​ ​សូម​ប្រិយមិត្ត​វិនិច្ឆ័យ​ដោយ​ខ្លួនឯង​ទៅ​ចុះ !

សំបូរ​ ​ជា​កំលោះ​ចាស់​អាយុ​៣០​ឆ្នាំ​គត់ បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញា​ផ្នែក​ខាង​គ្រូបង្រៀន​ពី​សាកលវិទ្យាល័យ​ភ្នំពេញ​ ​ឆ្នាំ​១៩៦១ ។

ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​ ​ក្រសួង​បាន​ចេញ​ឈ្មោះ​ឲ្យ​ទៅ​បង្រៀន​ក្នុង​ស្រុក​មួយ​នា​ខេត្ត​បាត់ដំបង​ ដែល​តាម​ពិត​នោះ​ ​គេ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ធំ ។ គេ​ទៅ​ធ្វើ​គ្រូបង្រៀន​នៅ​ខេត្តបាត់ដំបង​ ​ទាំង​គ្មាន​ស្គាល់​នរណា​ម្នាក់​សោះ ។ គេ​បាន​ទៅ​ជួល​ផ្ទះ​មួយ​សម្រាប់​ការ​ស្នាក់នៅ ។ ផ្ទះ​មួយ​ខ្នង​នេះ​ ​ស្ងាត់​ល្អ​ណាស់​ ​ជា​ផ្ទះ​របស់​ប្រធាន​ភូមិ​ម្នាក់​ ​ដែល​គាត់​ធ្វើ​ទុក​សម្រាប់​ចែក​ឲ្យ​កូនស្រី​ក្រោយ​ពេល​ដែល​រៀបការ​ជាមួយនឹង​បុរស​អ្នកជំនួញ​ម្នាក់ ។ ប៉ុន្តែ​ ​ត្រូវ​ខក​បំណង​ទៅ​វិញ​ ​ដោយសារ​តែ​កំលោះ​អ្នកជំនួញ​នោះ​ ​ទៅ​រៀប​ការ​ជាមួយនឹង​កូនក្រមុំ​សៀម​បាត់​ទៅ ។ ដូច្នេះ​ផ្ទះ​មួយ​ខ្នង​នេះ​ ​ត្រូវ​នៅ​ទំនេរ​ជា​រហូត​មក ។ គាប់​ជួន​នឹង​សំបូរ​​រក​ជួល​ផ្ទះ​នៅ​ផង​ ​លោក​ប្រធាន​ភូមិ​ក៏​យល់ព្រម​ជួល​ឲ្យ​ក្នុង​តម្លៃ​ថោក​បំផុត ។ សំបូរ​មក​នៅផ្ទះ​ថ្មី​នេះ​ ជា​ផ្ទះ​ទោល​មួយ​ខ្នង​គត់​ ​ដែល​នៅ​កណ្ដាល​ចំការ​ចេក ។ មួយ​រយៈ​ដំបូង​ ​ផ្ទះ​នេះ​មិន​មាន​បង្ហាញ​ហេតុការណ៍​អ្វី​ខុស​ប្លែក​ឡើយ អាច​និយាយ​បាន​ថា​ ​សំបូរ​រស់នៅ​យ៉ាង​មាន​សេចក្ដី​សុខ​គ្រប់​ប្រការ ។

ចេក​នាង​តានី

ថ្ងៃមួយ​ ​ក្រោយ​ពី​ងូតទឹក​ញ៉ាំ​បាយ​រួចរាល់​អស់ហើយ​ ​ម៉ោង​ប្រហែលជា​៧​យប់ ។ សំបូរ​ចេញ​មក​អង្គុយ​យក​ខ្យល់​អាកាស​នៅ​លើរាន​ហាល​ពីមុខ​ផ្ទះ​ ​ដោយ​បង្ហើរ​អារម្មណ៍​អណ្ដែត​អណ្តូង​ស្ងាត់ៗ​ម្នាក់ឯង​នោះ​ ​ក្រសែ​ភែ្នក​របស់​គេ​ក៏​ងាក​ទៅ​ឃើញ​វត្ថុ​ម្យ៉ាង​ដោយ​ចៃដន្យ ។ យប់​នោះ​មាន​ខែភ្លឺ​ស្រទន់​ ​អាច​ល្មម​នឹង​មើលឃើញ​វត្ថុ​ជុំវិញ​ខ្លួន​បាន​ច្បាស់ ។ សំបូរ​មាន​អាការៈ​ភ្ញាក់​បន្តិចបន្តួច​ ​ព្រោះ​ក្រសែភ្នែក​មិន​បាន​កុហក​​ខ្លួនឯង​ឡើយ ។ ពេល​នេះ​ ​ស្ត្រី​ម្នាក់​កំពុង​តែ​ដើរ​សំដៅ​រក​គេ ។ គេ​មាន​ការ​ឆ្ងល់​ណាស់​ថា​ ​«ថ្មើរ​នេះ​ហើយ​មាន​ស្ត្រី​ហ៊ាន​ដើរ​ម្នាក់ឯង​ទៀត ។»

ទីបំផុត​ស្ត្រី​នោះ​ ​ក៏​ដើរមក​ជិត​ដល់​គេ ។ សំបូរ​ក៏​ក្រោក​ឡើង​ស្វាគមន៍​ ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ ។ គេ​គិត​ថា​ ​ប្រហែលជា​ញាតិ​មិត្ត​បងប្អូន​របស់​លោក​ប្រធាន​ភូមិ​ ​មាន​ធុរៈ​:អ្វី​ម្យ៉ាង​ហើយ​ ​ទើប​មក​ទាំង​យប់​ដូច្នេះ ។ «សុំ​ទោស ! មានការ​អី ! អើ​…អញ្ជើញ ! អង្គុយ​សិន !»

នាង​បង្ហាញ​ស្នាមញញឹម​ដាក់​គេ​បណ្ដើរ​ ​និង​ដើរ​រក​កន្លែង​អង្គុយ​បណ្ដើរ ។ ពេល​បាន​អង្គុយ​ក្បែរ​គ្នា​ក្រោម​ពន្លឺ​ព្រះច័ន្ទ​ដ៏​ភ្លឺ​នោះ​ ​គេ​អាច​ប្រាប់​ខ្លួនឯង​បាន​ថា​ ​ស្រី​ម្នាក់​នេះ​ស្អាត​ ​និង​មាន​មន្ត​ស្នេហ៍​ណាស់ ។ ស្អាត​ទាំង​មុខ​ ​ទាំង​រូបរាង​ ​រហូត​ស្ទើរនឹង​រក​ស្រី​ណា​មក​ប្រៀបប្រដូច​គ្មាន ។ «អ្នក​នាង​ជា​អ្នក​ណា​បាទ ?» សំបូរ​សួរ​បណ្ដើរ​ ​ទម្លាក់​គូទ​អង្គុយ​ ​និង​សម្លឹង​ទៅ​មុខ​នាង​បណ្ដើរ ។

«នាង​ខ្ញុំ​ជា​ញាតិ​មិត្ត​របស់​លោក​ប្រធាន​ភូមិ​ចា៎ ! នាង​ឆ្លើយ​ទាំង​បញ្ចេញ​ស្នាមញញឹម​គួរ​ឲ្យ​ស្រលាញ់ ។ នាង​បញ្ជាក់: លោកគ្រូ​មានអី​ប្លែក​ចិត្ត​ឬ ?»

«ទេ​បាទ ! អើ​…សូមទោស​អ្នក​នាង​ឈ្មោះ​អី​ដែរ ?»

«នាង​ខ្ញុំ​ឈ្មោះ​ ​នី​ ​ចា៎ !»

«ឈ្មោះ​នី ?»

«ចា៎​ ​ជា​ញាតិ​ឆ្ងាយៗ​របស់​លោក​ប្រធាន​ភូមិ !»

«អ្នក​នាង​ ​មក​រក​ខ្ញុំ​នៅ​ពេល​នេះ​មានការ​អី​ដែរ ?»

នាង​បង្ហាញ​ស្នាមញញឹម​បណើ្តរ​ឆ្លើយ​តប​បណ្តើរ​ថា​ «នាងខ្ញុំ​សុំ​នៅ​សម្រាក​មួយ​យប់​ជាមួយនឹង​លោកគ្រូ ។»

ពាក្យ​សំណូមពរ​របស់​នាង​ ​ធើ្វ​ឲ្យ​សំបូរ​ត្រូវ​ប្រញាប់​បដិសេធ​ភា្លម ។ «អូ ! មិន​បាន​ទេ ! អ្នក​នាង​ជា​ស្ត្រី​ ​ហើយ​ខ្ញុំ​ជា​បុរស ។ យើង​ប្រាកដជា​ដេក​មួយ​គ្នា​​តែ​ពីរ​នាក់​មិន​បាន​ទេ ! ម្យ៉ាងទៀត​ ​បើ​លោក​ប្រធាន​ភូមិ​ដឹង​ ​គាត់​ច្បាស់​ក្ដៅក្រហាយ​ជា​មិន​ខាន !»

«លោក​ប្រធាន​ភូមិ​ប្រាកដជា​មិនដឹង​ទេ​ចា៎ ! ទោះជា​នឹង​ដឹង​ ​ក៏​មិន​អី​ដែរ ។ សុំ​ឲ្យ​នាងខ្ញុំ​បាន​នៅ​សម្រាក​ជាមួយនឹង​លោក​មួយ​យប់​ទៅ ?»

សំបូរ​ ​គ្រវីក្បាល​បដិសេធ​ដូច​ដើម ។ «ខ្ញុំ​អនុញ្ញាត​មិន​បាន​ទេ ។ កុំ​ភ្លេច​ថា​ ​អ្នក​នាង​ជា​ស្រី​ ​ខ្ញុំ​ជា​ប្រុស ។ ការ​ខូចខាត​ ​តែងតែ​កើតឡើង​បាន​ ​ប្រសិនបើ​យើង​ដេក​ផ្ទះ​តែ​មួយ​ជាមួយ​គ្នា​នោះ ។ សុំ​ឲ្យ​ឈប់​មាន​គំនិត​ដូច្នេះ​ ​ហើយ​ត្រលប់​ទៅ​ផ្ទះ​វិញ​ទៅ​ល្អ​ជាង !»

«លោកគ្រូ​ស្អប់ខ្ពើម​ព្រោះតែ​នាង​ខ្ញុំ​មិន​ស្អាត​ឬ ?»

«ទេ !… មិនមែន​អញ្ចឹង​ទេ ! តែ​ជា​រឿង​ខូចខាត​បាត់បង់​ ​ដែល​យើង​ត្រូវ​ទទួល​ទាំង​ពីរ​នាក់ » សំបូរ​ឆ្លើយ​ដោយ​ស្មោះស​ ​និង​ ​សរសើរ​ថា «អ្នក​នាង​ពិតជា​ស្អាត​ណាស់ ! ប្រសិនបើ​ទៅ​ប្រកួត​បវរ​កញ្ញា​ ​ប្រាកដជា​ជាប់​មិន​ខាន !»

នាង​ញញឹម​ម្ដងទៀត «កាលពី​ឆ្នាំ​មុន​ ​លោក​ប្រធាន​ភូមិ​ធ្លាប់​បញ្ជូន​នាង​ខ្ញុំ​​ទៅ​ប្រកួត​ធីតា​កសិកម្ម​ ​គឺ​នាង​ខ្ញុំ​បាន​ទទួល​តំណែង​ឈ្នះ​ដាច់​គេ​ទៅ​ហើយ !»

«មែនឬ​បាទ ?»

«ចា៎ ! អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ​ដេក​នៅ​ទី​នេះ​មួយ​យប់​ផង​ទៅ​ណា ?»

ចប់​សម្ដី​របស់​នាង​ម្ដងនេះ​ ​សំបូរ​មាន​ការ​ភ្ញាក់ផ្អើល​បន្តិច​បន្តួច ។ ព្រោះ​ពេល​នេះ​ ​គេ​ឮ​សូរ​សម្លេង​ឆ្កែ​លូ ។ សំបូរ​មានចិត្ត​ខ្វល់ខ្វាយ​ជាង​ធម្មតា ។ «អ្នក​នាង​ត្រលប់​ទៅ​វិញ​ទៅ​ល្អ​ជាង ! ជឿ​ខ្ញុំ​ចុះ !»

នៅ​ពេល​សម្ដី​បដិសេធ​ចុង​ក្រោយ​របស់​សំបូរ​បញ្ចប់​ទៅ​ ​នាង​ក៏​ប្រញាប់​ចុះ​ទៅ​វិញ​ភ្លាម ។

«នាង​ខ្ញុំ​សុំ​សរសើរ​លោកគ្រូ​ថា​ ​ជា​បុរស​ដែល​មានចិត្ត​រឹង​បំផុត ។ ណ្ហើយចុះ ! បើ​មិន​ពេញចិត្ត​ឲ្យ​នាង​ខ្ញុំ​ដេក​ជាមួយ​ ​នាង​ខ្ញុំ​សុំ​លា​សិន​ហើយ !»

និយាយ​ចប់​ ​នាង​ក៏​ឈាន​ជើង​ដើរ​ចេញ​ទៅ​បាត់​ក្នុង​ចំណោម​ដើម​ចេក​ដ៏​ក្រាស់​ឃ្មឹក ។

ព្រឹកស្អែក​ឡើង​ ​សំបូរ​ប្រញាប់​ទៅ​ជួប​លោក​ប្រធាន​ភូមិ​ ​ដែល​ជា​ម្ចាស់ផ្ទះ​ហើយ​ក៏​សួរ​ថា​«លោក​ប្រធាន​ភូមិ​មានកូន​ក្មួយ​ឈ្មោះ​នី​ទេ ? នាង​ថា​នាង​ជា​ញាតិ​មិត្ត​ឆ្ងាយៗ​របស់​លោក​ប្រធាន​ភូមិ ?»

«ទេ ! ខ្ញុំ​គ្មាន​ទេ ! ហេតុ​អី​ទៅ​លោកគ្រូ ?»

សំបូរ​ ​និយាយ​ហេតុការណ៍​ដែល​កើតឡើង​នោះ​ ​ឲ្យ​លោក​ប្រធាន​ភូមិ​ស្ដាប់​យ៉ាង​លម្អិត ។

«នាង​ថែម​ទាំង​ប្រាប់​ថា​ ​លោក​ប្រធាន​ភូមិ​ធ្លាប់​បាន​បញ្ជូន​នាង​ឲ្យ​ទៅ​ប្រកួត​ធីតា​កសិកម្ម​ ​កាលពី​ឆ្នាំ​កន្លង​ទៅ​ ​និង​បាន​តំណែង​ឈ្នះ​ដាច់​នារី​ដទៃ​ទៀត​ផង !»

លោក​ប្រធាន​ភូមិ​ ​សើច​ហ៊ឹស​ឡើង ។ សំបូរ​ឆ្ងល់​ក៏​សួរ​បញ្ជាក់ «បាន​សេចក្ដី​ថា​យ៉ាងម៉េច​លោក​ប្រធាន​ភូមិ ?»

«ឈប់​សិន ! ខ្ញុំ​ត្រូវ​សួរ​លោកគ្រូ​សិន​…»

«បាទ !…យ៉ាងម៉េច ?»

«ស្រី​ដែល​មក​ជួប​លោក​នោះ​តែងខ្លួន​យ៉ាងម៉េច ?»

«ស្លៀកសំពត់​ចងក្បិន​ ​និង​ដណ្ដប់​ស្បៃ​ ​ពាក់​ឆៀង​…»

«មាន​ផ្កា​ព័ណ៌​ស​សៀត​នៅ​លើ​ត្រចៀក​ទៀត​ផង​មែន​ទេ​លោកគ្រូ ?»

«បាទ​ ​មែន !»

«គេ​មក​ជួបនឹង​លោកគ្រូ​និយាយ​ថា​យ៉ាងម៉េច​ខ្លះ ?»

«នាង​ប្រាប់​ថា​ ​នាង​ជា​ញាតិ​ឆ្ងាយៗ​របស់​លោក​ប្រធាន​ភូមិ ។ លោក​ប្រធាន​ភូមិ​ ​ធ្លាប់​បញ្ជូន​នាង​ទៅ​ប្រកួត​ធីតា​កសិកម្ម​ ​និង​បាន​ទទួល​តំណែង​ឈ្នះ​ដាច់​ នាង​ប្រាប់​តែ​ប៉ុណ្ណោះ​ ​ខ្លាច​មានរឿង​មិនល្អ ខ្ញុំ​ក៏​សំណូមពរ​ឲ្យ​នាង​ទៅ​វិញ !»

«លោកគ្រូ​បាន​មើល​ទេ​ ​ថា​តើ​នាង​ដើរ​ទៅ​ខាង​ណា !»

«នាង​ដើរ​បាត់​ ​ចូល​ទៅ​ក្នុង​ចំការ​ចេក​ទៅ !»

«លោក​ប្រធាន​ភូមិ​ងក់ក្បាល ។ កាលពី​ឆ្នាំ​កន្លង​ទៅ​ខ្ញុំ​បាន​បញ្ជូន​ផ្លែ​ឈើ​មួយ​ប្រភេទ​ ​ចូល​ទៅ​ប្រកួត​ក្នុង​ពិធី​ប្រចាំឆ្នាំ​របស់​ខេត្ត​ ​និង​បាន​ទទួល​រង្វាន់​ឈ្នះ​ដាច់​គេ !»

«ផ្លែ​ឈើ​អី​ទៅ​ ​លោក​ប្រធាន​ភូមិ ?»

«ចេក​តានី !»

សំបូរ​ព្រឺ​ខ្លួន​នៅ​ពេល​លោក​ប្រធាន​ភូមិ​ប្រាប់​ថា «កំលោះៗ​​ដែល​មក​នៅផ្ទះ​មួយ​ខ្នង​នេះ​ ​តែង​ជួបនឹង​ស្រី​ក្រមុំ​តែងខ្លួន​របៀប​បុរាណ​ ​ដូចដែល​លោកគ្រូ​ប្រាប់​មក​អញ្ចឹង ។ គេ​ហៅ​ថា​ ​ខ្មោច​នាង​តានី​ក្រឡា​ខ្លួន​មក ។ លោកគ្រូ​ចាត់​ទុក​ថា​ជា​បុរស​ចិត្ត​រឹង​គ្រាន់បើ​ ​ដែល​មិន​ព្រម​ឲ្យ​នាង​ដេក​ជាមួយ ។ បើ​មិន​អញ្ចឹង​ទេ ! លោកគ្រូ​ប្រាកដជា​គ្មាន​ឱកាស​បាន​មក​និយាយ​រឿង​នេះ​ឲ្យ​ខ្ញុំ​ស្ដាប់​ទេ !» ៕

 

April 22, 2009

ទស្សនៈ​អំពី​ការ​បែរ​មុខ​ទៅ​ទិស​ខាង​លិច​នៃ​ប្រាសាទ​អង្គរវត្ដ

ប្រាសាទ​អង្គរវត្ដ​ 

ទិស​ខាងកើត​ថ្ងៃ​រះ​ ​និង​ទិស​ខាងលិច​ថ្ងៃ​លិច ។​ ​ចំពោះ​សំណង់​ដែល​ទុក​ជាទី​គោរព​សក្ការៈ​ទាំងឡាយ​មាន​ ប្រាសាទ​ ព្រះវិហារ​ ​កុដិ​ ​សាលា​ រាជវាំង​ ​ផ្ទះ​ ​ឬ​ភូមិ​គ្រឹះ​របស់​មន្ដ្រី​សំខាន់ៗ​តែងតែ​បែរមុខ​ទៅ​ទិស​ខាងកើត​ ។ ប៉ុន្ដែ​គេ​ឃើញ​មាន​តែ​ព្រះ​វិហារ​អដ្ឋរស​នៅ​ភ្នំ​ឧត្ដុង្គ​ទេ​ដែល​បែរមុខ​ទៅ​ទិស​ខាងកើត​ និង​ប្រាសាទ​អង្គរវត្ដ​បែរមុខ​ទៅ​ទិស​ខាងលិច ។​​

ប្រាសាទ​អង្គរវត្ដ​ជា​ស្នា​ព្រះ​ហស្ដ​ព្រះបាទ​សូរ្យវរ្ម័នទី​២​(គ.ស​១១១៣-១១៥២) ។ ប្រាសាទ​នេះ​សាងសង់​នៅ​លើ​ផ្ទៃ​ដី​១៩០​ហិកតា ​មាន​រាង​ចតុកោណ​កែង​ស្ទើរ​ស្មើ​ជ្រុង​ ​គឺ​មាន​បណ្ដោយ​ប្រវែង​១៥០០​ម៉ែត្រ​ ​និង​ទទឹង​ប្រហែល​១៣០០​ម៉ែត្រ និង​មាន​​កម្ពស់​៦៥​ម៉ែត្រ ។ ប្រាសាទ​អង្គរវត្ត​មាន​រូប​ចម្លាក់​ទេពអប្សរា​សរុប​ចំនួន​១៥០០​រូប ។​ ​បរិវេណ​ប្រាសាទ​អង្គរវត្ដ​ព័ទ្ធ​ជុំវិញ​ដោយ​គូ​ទឹក​យ៉ាង​ធំ​ដែល​មាន​ទទឹង​១៩០​ម៉ែត្រ ។​ ​បន្ទាប់​ពី​គូ​ គឺ​កំផែង​ថ្ម​ព័ទ្ធ​ជុំវិញ​ដែល​មាន​បណ្ដោយ​១០២៥​ម៉ែត្រ​ ​និង​ទទឹង​៨០០​ម៉ែត្រ ។ គេ​ចូល​ទៅ​ក្នុង​បរិវេណ​ប្រាសាទ​ពី​ទិស​ខាងលិច​នៃ​ប្រាសាទ​តាម​ផ្លូវ​ដែល​ក្រាល​ដោយ​ថ្មភក់​របៀប​ដូច​ជា​ស្ពាន​ឆ្លងកាត់​គូ ។​ ​លុះ​ដើរ​ទៅ​ជិត​ខ្លោង​ទ្វារ​ធំ​នោះ​ គេ​នឹង​ឃើញ​ប្រាង្គ​ប្រាសាទ​ទាំងមូល​ស្ថិត​នៅ​ពេញ​ប្រឡោះ​ខ្លោងទ្វារ​សំដៅ​តួ​ប្រាសាទ​ដែល​អម​ដោយ​បង្កាន់ដៃ​មាន​រាង​ជា​នាគ​ក្បាល​ប្រាំពីរ ។​

ដោយ​មាន​ការ​សំគាល់​ផ្លូវ​ចូល​ពី​ទិស​ខាងលិច​យ៉ាងនេះ​ទើប​មាន​ទស្សនៈ​ជា​ច្រើន​យល់​ថា​ អង្គរវត្ដ​បែរមុខ​ទៅ​ទិស​ខាងលិច​ រីឯ​នៅ​ផ្នែក​ខាងកើត​ពុំ​មាន​ស្ថាបនា​ផ្លូវ​ឱ្យ​ល្អ​សក្ដិ​សម​ដូច​ផ្លូវ​នៅ​ទិស​ខាងលិច​នោះ​ឡើយ ។​ ​ប៉ុន្ដែ​នៅ​ក្នុង​តួ​ប្រាសាទ​ទាំងអស់​នៅ​អង្គរវត្ដ​គេ​ឃើញ​បដិមា​បែរ​ព្រះ​ភ័ក្ដ្រ​ទៅ​ទិស​ខាង​កើត​ជា​ធម្មតា ។​

បាន​ជា​គេ​ឱ្យ​ឈ្មោះ​ថា​ប្រាសាទ​អង្គរវត្ដ​ គឺ​ពាក្យ​ថា​ «វត្ដ»​ ​ក៏​ដូច​ជា​វត្ដ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​យើង​បច្ចុប្បន្ន​ដែរ ។​ ​«វត្ដ»​ ប្រែ​ថា​ជាទី​គោរព​ប្រណិប័តន៍​ ​ឯ​អង្គរ​ហៅ​ថា​នគរ​ ឬ​ប្រទេស​ ឬ​ផែនដី​ដែល​គួរ​គោរព​ប្រណិប័តន៍ ។​ ​ប្រាសាទ​អង្គរវត្ដ​ជា​តំណាង​ផែនដី​នៃ​ព្រះ​សុមេរុ៍ ។​ ​បើ​និយាយ​អំពី​វត្ដ​ គឺ​គេ​អាច​ធ្វើ​ផ្លូវ​ចូល​ពី​ទិស​ខាង​ណា​ក៏​បាន​ដែរ​ ​ឱ្យ​តែ​កុដិ​សាលា​ និង​ព្រះ​វិហារ​បែរមុខ​ទៅ​ទិស​ខាងកើត​នោះ​ពិតជា​ត្រឹមត្រូវ​ហើយ ។​

ចំពោះ​ទស្សនៈ​ខ្លះ​ដែល​គេ​ឃើញ​ផ្លូវ​ចូល​ប្រាសាទ​អង្គរវត្ដ​ពី​ទិស​ខាងលិច​ គេ​បាន​យល់​ថា ៖​

  1. បើ​សង់​ប្រាសាទ​បែរមុខ​ទៅ​ទិស​ខាងកើត​ (បើកផ្លូវ​) នោះ​វា​ជិត​ស្ទឹង​សៀមរាប​ពេក​ គ្មាន​ទីធ្លា​ធ្វើ​បុណ្យ​ទាន​ ​ឯ​ផ្លូវ​ទៅ​កាន់​អង្គរធំ​នៅ​ទិស​ខាងលិច​ស្រាប់ ។​ ​នេះ​បើ​តាម​កត្ដា​ភូមិសាស្ដ្រ ។​ប៉ុន្ដែ​បើ​តាម​ជំនឿ​គេ​យល់​ថា​ ស្ទឹង​សៀមរាប​ហូរ​នាំ​ទឹក​ដ៏​ស័ក្ដិសិទ្ធិ​ប្រៀប​ដូច​ទឹក​អង្គ​បំពង់​ខ្ចី​ស្រោចស្រព​ខាងកើត​ប្រាសាទ​ គឺ​ជា​សេរី​មង្គល​ជា​អមតៈ​របស់​ប្រាសាទ ។​ ​ម្យ៉ាងទៀត​ស្ទឹង​សៀមរាប​ដែល​ហូរ​នៅ​ខាងកើត​ប្រាសាទ​អង្គរវត្ដ​ គឺ​ជា​កំពង់​ចម្លង​ថ្មភក់​ដែល​ដឹក​ជញ្ជូន​មក​ពី​ភ្នំ​គូលែន​សម្រាប់​កសាង​ប្រាសាទ​ ម្ល៉ោះហើយ​ទីនោះ​មិន​អាច​ទុក​ឱ្យ​នៅ​ទំនេរ​ទេ​គឺជា​កន្លែង​គំនរ​ថ្ម​សម្រាប់​បន្ដ​យក​ទៅ​កសាង​ប្រាសាទ ។​
  2. ខ្លះ​ទៀត​យល់​ថា បើ​សង់​បែរមុខ​ទៅ​ទិស​ខាងកើត​នោះ​ ហាក់ដូចជា​បែរខ្នង​ឱ្យ​ប្រាសាទ​សំខាន់ៗ​ឯទៀត ។​
  3. ខ្លះ​ទៀត​យល់​ថា​ ការ​សង់​ប្រាសាទ​បែរ​ទៅ​ទិស​ខាងលិច​គឺ​ជា​ផ្នូរ​របស់​ព្រះបាទ​សូរ្យវរ្ម័ន​ទី​២ ព្រោះ​ខាងលិច​ជា​និម្មិតរូប​នៃ​សេចក្ដី​ស្លាប់​ ឬ​មរណភាព ។ លក្ខណៈ​ពិសេស​ម្យ៉ាងទៀត​គឺ​ការ​ដើរ​ទស្សនា​ប្រាសាទ​តាម​រយៈ​រូបចម្លាក់​ដែល​ឆ្លាក់​លើ​ជញ្ជាំង​ទី​១​នៃ​ប្រាសាទ​ដ៏​អស្ចារ្យ​នេះ​ក៏​ត្រូវ​ធ្វើ​ដំណើរ​ចេញពី​ឆ្វេង​ទៅ​ស្ដាំ​ ​ដូច​ទៅ​នឹង​ការ​ដើរ​ហែ​ក្បួន​សព​ជុំវិញ​ឈាបនដ្ឋាន​ដែរ ។​ហេតុនេះ​ប្រាសាទ​អង្គរវត្ដ​ជា​កន្លែង​សម្រាប់​តម្កល់​ព្រះ​សព​របស់​មហាក្សត្រ​ខ្មែរ​ព្រះ​នាម​ព្រះបាទ​សូរ្យវរ្ម័នទី​២​ព្រោះ​គេ​ឃើញ​មាន​បន្សល់​មឈូស​ថ្ម​ជា​ភស្ដុតាង​ស្រាប់ ។​ ប្រាសាទអង្គរវត្ដ​ជា​វិមាន​ទេវៈ​ ឬ​ហៅ​ថា​ទេវស្ថាន​ផង​ដែរ​ព្រោះ​មហាក្សត្រ​ព្រះ​នាម​សូរ្យវរ្ម័ន​ទី​២​ក្រោយ​ពី​ព្រះ​អង្គ​សោយ​ទីវង្គត​ទៅ​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះ​អង្គ​ទ្រង់​សណ្ឋិត​ជា​ទេវៈ​ក្នុង​ទេវស្ថាន​ដ៏​ស័ក្ដិសិទ្ធិ​នេះ ។

កំណត់​សម្គាល់ៈ

មាន​សម្មតិកម្ម​មួយ​ចម្លែក​​ជាង​គេ​ ធ្វើ​ឡើង​ដោយ​លោក​សាស្ត្រាចារ្យ កេង វ៉ាន់សាក់ ។ ​លោក​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​ថា ​ប្រាសាទ​អង្គរវត្ត​ត្រូវ​បាន​សង់​បែរមុខ​ទៅ​ទិស​ខាង​លិច​ពីព្រោះ​ប្រាសាទ​នេះ​គឺ​ជា​ប្រាសាទ​មន្តអាគម ប្រាសាទ​បណ្ដាសា​ឲ្យ​រលំ​រលាយ រលត់ ស្លាប់ ដោយ​ក្រុម​អ្នក​ប្រាជ្ញ​ខ្មែរ​ដើម​ ហៅ​ថា «ក្រុម​បាគូរ» ដែល​គោរព​យ៉ាង​ខ្ជាប់ខ្ជូន​នូវ​គ្រូ​ទាំង​ប្រាំ គឺ មេ បា ព្រះ តា ចៅ ។ ខ្មែរ​ដើម​ប្រកាន់​ចំនួន​ប្រាំ​ថា​ល្អ ដូចជា ការ​រាប់​លេខ ការ​ថ្វាយ​គ្រូ​ខ្មែរ​ដោយ​ស្លា​ប្រាំ​ ម្លូ​ប្រាំ ធូប​ប្រាំ បារី​ប្រាំ ប្រុស​ទ្រូង​ប្រាំ​ហស្ត បាយសី​ប្រាំ​ជាន់ ជាដើម ហើយ​ដាក់​បណ្ដាសា​ចំនួន​បី​ឲ្យ​វិនាស​អន្តរាយ ដូចជា​ ថតរូប​បី​នាក់​ជាដើម ។ លោក​បញ្ជាក់​បន្ថែម​ថា ក្រុម​បាគូរ​បាន​រចនា​ប្លង់​ឡើង​ដោយ​បង្វែរ​កំពូល​បី​ក្នុង​ចំណោម​​កំពូល​ប្រាំ​ទៅ​ទិស​ខាងលិច គឺ​ក្នុង​គោលបំណង​សម្លាប់​អ្វី​ដែល​ជា​បីៗ​ដែល​ជា​បាត​ឫស​គល់​នៃ​ទស្សនៈ​ឥណ្ឌា ។ ក្នុង​ទស្សនៈ​​ឥណ្ឌា​ទោះជា​ព្រហ្មញ្ញសាសនា ឬ​ព្រះពុទ្ធសាសនា​ក្ដី​គឺ​គោរព​ចំនួន​បីៗ ដូចជា ព្រហ្មញ្ញសាសនា​គោរព​អាទិទេព​បី មាន​ព្រះព្រហ្ម ព្រះនរាយណ៍ និង​ព្រះឥសូរ ត្រៃ​ភព (ភព​ទាំង​បី) ត្រៃ​វេទ (វេទ​ទាំង​បី) រីឯ​ព្រះពុទ្ធសាសនា​មាន​ត្រៃ​រតន៍ ទាន​បី​ធូប​បី សំពះ​បី​ដង ប្រទក្សិណ​បី​ជុំ ។ ចំពោះ​ខ្មែរ ចំនួន​បី គឺ​អាក្រក់ ស្លាប់ អន្ដរធាន ចង្រៃ ដូចជា ឡេវអាវ​បី​ជា​ឡេវអាវ​ខ្មោច ទៅ​ព្រៃ​កាប់​ឧស​មិន​ឲ្យ​ចង​បី​កំណាត់​គឺ​ចង​ខ្មោច យក​ខ្មោច​ទៅ​កប់​ត្រូវ​ប្រទក្សិណ​បី​ជុំ​ជាដើម (ស្វែង​យល់​បន្ថែម) ៕

ប្រាសាទ​អង្គរវត្ត​មើល​ពី​អាកាស តាមរយៈ Google Earth

ប្រាសាទ​អង្គរវត្ត​មើល​ពី​អាកាស តាមរយៈ Google Earth

ប្រាសាទ​អង្គរវត្ត មើល​ពី​ត្រើយ​ម្ខាង​នៃ​គូទឹក​ខាង​លិច

 ប្រាសាទ​អង្គរវត្ត មើល​ពី​ត្រើយ​ម្ខាង​នៃ​គូទឹក​ខាង​លិច

 គោបុរៈ​ខាង​ជើង​នៃ​ប្រាសាទ​អង្គរវត្ត

 គោបុរៈ​ខាង​ជើង​នៃ​ប្រាសាទ​អង្គរវត្ត

ចម្លាក់​ទេព​អប្សរា​នានា​នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត

ចម្លាក់​ទេព​អប្សរា​នានា​នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត

ចម្លាក់​អប្សរា​តែ​មួយ​គត់​នៅ​អង្គរវត្ត​ដែល​ញញឹម​ចេញ​ធ្មេញ

 ចម្លាក់​អប្សរា​តែ​មួយ​គត់​នៅ​អង្គរវត្ត​ដែល​ញញឹម​ចេញ​ធ្មេញ

 ចម្លាក់​អប្សរ​តិចតួច​​នៅ​អង្គរវត្ត​ដែល​មាន​ស្លៀកពាក់​របៀប​ជា​ខោ​ខ្លី​ដូចនេះ

 ចម្លាក់​អប្សរ​តិចតួច​​នៅ​អង្គរវត្ត​ដែល​មាន​ស្លៀកពាក់​របៀប​ជា​ខោ​ខ្លី​ដូចនេះ

ចម្លាក់​អប្សរា​ឱប​ចង្កេះ​គ្នា

 ចម្លាក់​អប្សរា​ឱប​ចង្កេះ​គ្នា

 ចម្លាក់​អប្សរា​ចាប់​ដៃ​គ្នា

 ចម្លាក់​អប្សរា​ចាប់​ដៃ​គ្នា

 ចម្លាក់​អប្សរា​កៀក​ក​គ្នា

 ចម្លាក់​អប្សរា​កៀក​ក​គ្នា

 ចម្លាក់​ដើម​រកា​ដែក​នៅ​ប្រាសាទ​អង្គរវត្ត

 ចម្លាក់​ដើម​រកា​ដែក​នៅ​ប្រាសាទ​អង្គរវត្ត

 ចម្លាក់​ផ្កា​ភ្ញី​នៅ​ប្រាសាទ​អង្គរវត្ត

 ចម្លាក់​ផ្កា​ភ្ញី​នៅ​ប្រាសាទ​អង្គរវត្ត

 ចម្លាក់​ផ្កា​នៅ​ប្រាសាទ​អង្គរវត្ត

 ចម្លាក់​ផ្កា​នៅ​ប្រាសាទ​អង្គរវត្ត

 ចម្លាក់​មនុស្ស​ផុស​ចេញ​ពី​ផ្កា​នៅ​ប្រាសាទ​អង្គរវត្ត

 ចម្លាក់​មនុស្ស​ផុស​ចេញ​ពី​ផ្កា​នៅ​ប្រាសាទ​អង្គរវត្ត

 

April 20, 2009

ទង់ទទួលទេវតាឆ្នាំថ្មី

ទង់ទទួលទេវតាឆ្នាំថ្មី 

ទង់ ( ន. )  ផ្ទាំង​សំពត់​ឬ​ចម្រៀក​សំពត់ ដែល​ដេរ​ឲ្យ​មាន​សណ្ឋាន​និង​ព័ណ៌​ឬ​រូប​ផ្សេង​ៗ សម្រាប់​ប្រើ​ជា​កិត្តិយស​ក្នុង​ប្រទេស​មួយ​ៗ; ឬ​ក៏​ប្រើ​ជា​គ្រឿង​សម្គាល់​តាម​សណ្ដាប់​សាសនា​នីមួយ​ៗ ប្រើ​ជា​គ្រឿង​បូជា​ក៏​មាន សូម្បី​ធ្វើ​ដោយ​ក្រដាស​ក៏​ហៅ ទង់ ដែរ ។

នៅ​ស្រុក​កំណើត​របស់​ខ្ញុំ (ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ) ប្រជាពលរដ្ឋ​ជា​ទួទៅ​តែង​តែ​រៀប​ចំ​ទីកន្លែង​ដើម្បី​ទទួល​ទេវតា ដែល​ហៅថា «រាន​ទេវតា» ។ រាន​ទេវតា​មាន​តុបតែង​លម្អ​ដោយ​ធាង​ដូង​រុំព័ទ្ធ​ដោយ​ខ្សែ​សយ គោម បាយសី ទង់​ទេវតា ផ្កា ផ្លែ​ឈើ និង​គ្រឿង​ពលីការ​ផ្សេងៗ ។ល។

ទង់​ទេវតា គឺ​ជា​ក្រដាស​ព័ណ៌​ដែល​ត្រូវ​បាន​គេ​បត់ និង​កាត់​ជា​រូប ថ្លែន បង្គួយ ក្រពើ និង​រូប​មនុស្ស ហើយ​ត្រូវ​បាន​ចង​ភ្ជាប់​នៅ​ចុង​ឆ្អឹង​ស្លឹក​ដូង និង​ដោត​លើ​ពំនូក​ដី​ខ្សាច់ ឬ​ភាជនៈ​ដាក់​ដី​ខ្សាច់ ។ រីឯ​អត្ថន័យ​នៃ​ទង់​ទេវតា ខ្ញុំ​ក៏​បាន​ទទួល​ការ​ពន្យល់​ច្បាស់លាស់​ណា​មួយ​ឡើយ ពីព្រោះ​គឺ​ជា​ទម្លាប់​តាំង​ពី​បុរាណកាល​មក ។ ប៉ុន្តែ បើ​តាម​ការ​បកស្រាយ​របស់​សាស្ត្រាចារ្យ កេង វ៉ាន់សាក់ ទង់​មាន​រូប​រាង​ក្រពើ​ដូចនេះ គឺ​ជា​និមិត្តរូប​នៃ​ដួង​ព្រលឹង​របស់​ជនជាតិ​ខ្មែរ (ជនជាតិ​ខ្មែរ​គោរព​ប្រកាន់​តូតែម​ចំនួន​២​គឺ នាង​គង្ហីង​តំណាង​ឲ្យ​ដី​ ឬ​ធាតុ​ញី និង​ក្រពើ​តំណាង​ឲ្យ​ទឹក ឬ​ធាតុ​ឈ្មោល ដែល​ឈ្មោះ​រួម​របស់​តូតែម​ទាំង​២ គឺ «ពាលី») ។ ប្រសិនបើ​ប្រិយមិត្ត​យល់​ដឹង​បញ្ហា​នេះ​ច្បាស់លាស់ សូម​ជួយ​បន្ថែម​ផង ៕

 ក្រដាស​ព័ណ៌​ផ្សេងៗ​ត្រូវ​បាន​បត់ និង​កាត់​ជា​ទង់​ទេវតា

 ក្រដាស​ព័ណ៌​ផ្សេងៗ​ត្រូវ​បាន​បត់ និង​កាត់​ជា​ទង់​ទេវតា

 ទង់​ទេវតា​ដែល​កាត់​រួច​រាល់​ជា​រូប​ផ្សេងៗ

 ទង់​ទេវតា​ដែល​កាត់​រួច​រាល់​ជា​រូប​ផ្សេងៗ

ទង់​ទេវតា​ដែល​ត្រូវ​បាន​ចង​លក់​ជា​ចង្កោម ។ ក្នុង​មួយ​ចង្កោម​មាន​ទង់​១០ និង​លក់​ក្នុង​តម្លៃ​៥០០​រៀល (កាល​ពី​ឆ្នាំ​២០០៨​ តែ ៣០០​រៀល​ទេ)

ទង់​ទេវតា​ដែល​ត្រូវ​បាន​ចង​លក់​ជា​ចង្កោម ។ ក្នុង​មួយ​ចង្កោម​មាន​ទង់​១០ និង​លក់​ក្នុង​តម្លៃ​៥០០​រៀល (កាល​ពី​ឆ្នាំ​២០០៨​ តែ ៣០០​រៀល​ទេ)

គ្រឿង​​រណ្ដាប់​ផ្សេងៗ​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ​មាន ផ្កា ខ្សែ​សយ ចង្រង់ ។ល។ ត្រូវ​បាន​ដាក់​លក់​នៅ​ក្នុង​តូប​ចាប់​ហួយ​​​មួយ

គ្រឿង​​រណ្ដាប់​ផ្សេងៗ​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ​មាន ផ្កា ខ្សែ​សយ ចង្រង់ ។ល។ ត្រូវ​បាន​ដាក់​លក់​នៅ​ក្នុង​តូប​ចាប់​ហួយ​​​មួយ

បច្ចុប្បន្ន បាយសី​ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រដាស​រលើប និង​កំប៉ុង​ឬ​បំពង់​ជ័រ​ដូចនេះ ជំនួស​ឲ្យ​បាយសី​ដែល​ធ្វើ​ឡើង​ពី​ដើម និង​ស្លឹក​ចេក

 បច្ចុប្បន្ន បាយសី​ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រដាស​រលើប និង​កំប៉ុង​ឬ​បំពង់​ជ័រ​ដូចនេះ ជំនួស​ឲ្យ​បាយសី​ដែល​ធ្វើ​ឡើង​ពី​ដើម និង​ស្លឹក​ចេក

រាន​ទទួល​ទេវតា ជាមួយនឹង​ការ​តុបតែង និង​គ្រឿង​រណ្ដាប់​ផ្សេងៗ

រាន​ទទួល​ទេវតា ជាមួយនឹង​ការ​តុបតែង និង​គ្រឿង​រណ្ដាប់​ផ្សេងៗ

រាន​ទទួល​ទេវតា ជាមួយនឹង​ការ​តុប​តែង និង​គ្រឿង​រណ្ដាប់​ផ្សេងៗ

រាន​ទទួល​ទេវតា ជាមួយនឹង​ការ​តុប​តែង និង​គ្រឿង​រណ្ដាប់​ផ្សេងៗ

ដោយ​ទេវតា​ឆ្នាំ​ថ្មី​នេះ​សោយ​លោហិត រណ្ដាប់​រៀបចំ​ទទួល​ភាគច្រើន​ជា​ព័ណ៌​ក្រហម ។ កាល​ខ្ញុំ​នៅ​ពី​ក្មេងៗ រាន​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ត្រូវ​បាន​រៀប​ចំ​នៅ​ទីធ្លា​វាល​មុខ​ផ្ទះ ។ ប៉ុន្តែ ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ រាន​ទេវតា​ជា​ទួទៅ​ត្រូវ​បាន​រៀប​ចំ​នៅ​លើ​រាន​ហាល​មុខ​ផ្ទះ ឬ​ក្នុង​ផ្ទះ​វិញ ដោយសារ​នៅ​ពេល​យប់ ​មាន​ជន​ខិលខូច​បាន​ដើរ​ប្រមូល​គ្រឿង​ដង្វាយ​ផ្សេងៗ​ យក​ទៅ​បាត់​អស់ ភាគច្រើន​នៅ​យប់​ចូល​ឆ្នាំ​ដំបូង​តែ​ម្ដង (ដែល​គេ​​តែង​និយាយ​លេង​ថា ទេវតា​បាន​​មក​យក​គ្រឿង​ដង្វាយ​​ទៅ​មែនទែន) ។

ដោយ​ទេវតា​ឆ្នាំ​ថ្មី​នេះ​សោយ​លោហិត រណ្ដាប់​រៀបចំ​ទទួល​ភាគច្រើន​ជា​ព័ណ៌​ក្រហម ។ កាល​ខ្ញុំ​នៅ​ពី​ក្មេងៗ រាន​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ត្រូវ​បាន​រៀប​ចំ​នៅ​ទីធ្លា​វាល​មុខ​ផ្ទះ ។ ប៉ុន្តែ ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ រាន​ទេវតា​ជា​ទួទៅ​ត្រូវ​បាន​រៀប​ចំ​នៅ​លើ​រាន​ហាល​មុខ​ផ្ទះ ឬ​ក្នុង​ផ្ទះ​វិញ ដោយសារ​នៅ​ពេល​យប់ ​មាន​ជន​ខិលខូច​បាន​ដើរ​ប្រមូល​គ្រឿង​ដង្វាយ​ផ្សេងៗ​ យក​ទៅ​បាត់​អស់ ភាគច្រើន​នៅ​យប់​ចូល​ឆ្នាំ​ដំបូង​តែ​ម្ដង (ដែល​គេ​​តែង​និយាយ​លេង​ថា ទេវតា​បាន​​មក​យក​គ្រឿង​ដង្វាយ​​ទៅ​មែនទែន) ។

 

នំផ្កា

 នំ​ផ្កា​មួយ​ចាន​ដែក​ធំ​នេះ គឺ​ជា​ប្រភព​ចម្បង​​នៃ​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​មួយ

នំ​ផ្កា​មួយ​ចាន​ដែក​ធំ​នេះ គឺ​ជា​ប្រភព​ចម្បង​​នៃ​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​មួយ

នំ  ( ន. )  ចំណី​ដែល​គេ​ធ្វើ​ដោយ​អង្ករ​ឬ​ដោយ​ម្សៅ​ជាដើម​ចម្អិន​ឲ្យ​នៅ​ស្រស់​មាន​ទឹក​ឬ​គោក​ក៏​មាន ឲ្យ​ក្រៀម​ក៏​មាន មាន​ប្រភេទ​និង​ឈ្មោះ​ផ្សេង​ៗ (បាលី ហៅ ខាទនីយ ឬ ខាទនីយាហារ) រាប់​ចូល​ក្នុង​ពួក​ចំណី​ឬ​បង្អែម​គ្រប់​មុខ) ។

រីឯ នំ​ផ្កា​ គឺ​ជា​នំ​ចៀន​ដែល​មាន​រូបរាង​ដូច​ផ្កា ។ ចំពោះ​គ្រឿង​ផ្សំ និង​វិធី​ធ្វើ​នំ​ផ្កា ខ្ញុំ​មិន​សូវ​ដឹង​ច្បាស់​ទេ គឺ​គ្រាន់​តែ​ដឹង​ថា ធ្វើ​ឡើង​ពី​ម្សៅ​អង្ករ អំបិល និង​ស្ករ ដោយ​មាន​ពុម្ព​សម្រាប់​ធ្វើ​រាង​ផ្កា រួច​ហើយ​យក​ទៅ​ចៀន​នឹង​ខ្លាញ់ ។ ប្រសិន​បើ​ប្រិយមិត្ត​ធ្លាប់​បាន​ធ្វើ​ផ្ទាល់ ឬ​បាន​យល់​ដឹង សូម​ជួយ​បន្ថែម​ផង ។

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ខ្ញុំ​បាន​ទៅ​លេង​ស្រុក​កំណើត ហើយ​ក៏​បាន​ភ្លក់​រសជាតិ​នំ​ផ្កា​ម្ដង​ទៀត​ ដែល​ខាន​បាន​ស្គាល់​ជាតិ​ជា​ច្រើន​ឆ្នាំ​មក​ហើយ តាំងពី​នំ​មួយ តម្លៃ​១​រៀល និង​១០០​រៀល ។ បច្ចុប្បន្ន នំ​ផ្កា​លក់​ក្នុង​តម្លៃ នំ​មួយ ២០០​រៀល (នំ​បី​ចុះ​១០០​រៀល គឺ តែ​៥០០​រៀល​ទេ ប្រសិនបើ​ត​ថ្លៃ ហ៊ិ! ហ៊ិ!) ៕

នំ​ផ្កា មើល​ពី​ខាង​មុខ

 នំ​ផ្កា មើល​ពី​ខាង​មុខ

 នំ​ផ្កា មើល​ពី​ខាង​ខ្នង

 នំ​ផ្កា មើល​ពី​ខាង​ខ្នង

 

April 3, 2009

ទេពធីតា​ឆ្នាំ​ថ្មី​ស្លៀក​ពាក់​ខ្មៅ​ សោយ​លោហិត ​គង់​លើ​សត្វ​សេះ

គោ​ឧសភរាជ​ដែល​ខ្មែរ​បុរាណ​គោរព​បូជា​នៅ​ប្រាសាទ​ព្រះគោ 

គោ​ឧសភរាជ​ដែល​ខ្មែរ​បុរាណ​គោរព​បូជា​នៅ​ប្រាសាទ​ព្រះគោ

ឆ្នាំ​ថ្មី​ដែល​នឹង​ចូល​មក​ដល់​នា​សប្ដាហ៍​ខាង​មុខ​នេះ​ គឺ​ឆ្នាំ​ឆ្លូវ​ ​ដែល​តំណាង​ដោយ​សត្វ​គោ ។ តាម​ការ​គន់គូរ​ ឆ្នាំ​ឆ្លូវ​នឹង​ចូល​មក​ដល់​នៅ​វេលា​ម៉ោង​១​និង​៣៦​នាទី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​១៣​ ខែ​មេសា​ឈាន​ចូល​ថ្ងៃ​ទី​១៤​ ខែ​មេសា ។

ឆ្នាំ​ឆ្លូវ​នេះ​ដោយសារ​សង្ក្រាន្ដ​ចូល​មក​នៅ​ថ្ងៃ​អង្គារ​ទើប​ទេពធីតា​ដែល​ត្រូវ​យាង​មក​ធ្វើ​ជា​អធិបតី​គឺ​ចំ​វេន​បុត្រ​ទី​៣​នៃ​កបិល​មហាព្រហ្ម​ព្រះ​នាម​រាក្សសាទេវី ។ តាម​ក្បួន​មហាសង្ក្រាន្ដ​ដែល​បោះពុម្ពផ្សាយ​ដោយ​លោក​ អ៊ឹម​ ​បុរិណរ៍​ ​សមាជិក​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ដ្រ​ ​និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​បាន​ចែង​ថា​ ព្រះ​នាង​រាក្សសាទេវី​ទ្រង់​អម្ពរ​ (ស្លៀកពាក់​) ពណ៌​ខ្មៅ​ ​លម្អ​នៅ​ព្រះ​កាណ៌​ (ត្រចៀក) ដោយ​ផ្កាឈូក​រតន៍​ ​អភរណ​ (គ្រឿង​តែង​) ទ្រង់​ពាក់​កែវ​មោរា​ (ត្បួ​ង​មួយ​ប្រភេទ​ពណ៌​សម្បុរ​ឡាយ) ភក្សាហារ​ ​ទ្រង់​សោយ​លោហិត​ ​ព្រះ​ហស្ដ​ស្ដាំ​ទ្រង់​ត្រីសូល៍​ ​ព្រះ​ហស្ដ​ឆ្វេង​ទ្រង់​ធ្នូ​ ​ទ្រង់​គង់​ផ្លុំ​បិទ​ព្រះ​នេត្រ​លើ​ខ្នង​សត្វ​អស្សតរ​ (សេះ) ជា​ពាហនៈ ។

គួរ​បញ្ជាក់​ថា​ តាម​ក្បួនតម្រា​ខ្មែរ​បុរាណ​ ​ទេពធីតា​បុត្រី​កបិល​មហាព្រហ្ម​ដែល​យាង​ចេញ​មក​ធ្វើ​ជា​អធិបតី​ក្នុង​ពេល​ចូល​ឆ្នាំ​ ​គឺ​ផ្លាស់​វេន​គ្នា​រៀង​រាល់​ឆ្នាំ​ហើយ​អាច​សម្គាល់​បាន​ថា​បើ​សង្ក្រាន្ដ​ចូល​មក​ដល់​នៅ​ថ្ងៃ​ណា​ ​គឺ​ទេពធីតា​តាម​លំដាប់​លេខ​រៀង​នឹង​យាង​មក​ធ្វើ​អធិបតី​ក្នុង​ថ្ងៃ​នោះ​ ​តួយ៉ាង​ដូច​ជា​ឆ្នាំឆ្លូវ​នេះ​សង្ក្រាន្ដ​ចូល​មក​ដល់​នៅ​ថ្ងៃ​អង្គារ​ ​ហេតុនេះ​ហើយ​ទើប​បុត្រី​ទី​៣​យាង​ចូល​មក​ព្រោះថា​ ខ្មែរ​មាន​ប្រព័ន្ធ​រាប់​ថ្ងៃ​ក្នុង​សប្ដាហ៍​ដោយ​កំណត់​ថា​ ថ្ងៃ​អាទិត្យ​គឺជា​ថ្ងៃ​ទី​១​ក្នុង​សប្ដាហ៍​ ​ដូច្នេះ​ថ្ងៃ​អង្គារ​គឺជា​ថ្ងៃ​ទី​៣ ។

ឆ្នាំ​ឆ្លូវ​ដែល​នឹង​ចូល​មក​ដល់​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ គឺជា​ឆ្នាំ​ឆ្លូវ​ ឯកស័ក​ ​ចុល្លសករាជ​១៣៧១​ ​មហាសករាជ​១៩៣១​ ​ពុទ្ធសករាជ​២៥៥៣​ ​គ្រិស្ដសករាជ​២០០៩ ។

គួរ​កត់​សម្គាល់ថា​ ការ​ចូល​ឆ្នាំ​ថ្មី​នេះ​មិនមែន​បាន​ន័យ​ថា​ព្រះពុទ្ធ​សាសនា​កើន​ថែម​មួយ​ឆ្នាំ​នោះ​ទេ ។ ព្រះពុទ្ធ​សករាជ​កន្លង​ទៅ​ហើយ​បាន​២៥៥២​ ​ត្រឹម​ថ្ងៃ​ទី​១៥​កើត​ ​ខែ​ពិសាខ​ ​លុះដល់​ថ្ងៃ​១​រោច​ ​ខែ​ពិសាខ​ ​ឆ្នាំ​ឆ្លូវ​ ​ឯកស័ក​តទៅ​ ​ទើប​ចូល​ពុទ្ធសករាជ​២៥៥៣ ។

៣​ថ្ងៃ​នៃ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​រួមមានៈ ថ្ងៃ​អង្គារ​ ៥​រោច​ ​ខែចេត្រ​ ​ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ​ខែ​មេសា​ ​គ្រិស្ដសករាជ​២០០៩​ ​វេលា​ម៉ោង​១​និង​៣៦​នាទី​ ជា​ថ្ងៃ​ចូល​ឆ្នាំ​ឆ្លូវ​ឯកស័ក ។ ថ្ងៃ​ពុធ​ ​៦រោច ខែ​ចេត្រ​ ​ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ​ខែ​មេសា​ ​គ្រិស្ដសករាជ​២០០៩​ ​ជា​វារៈវនបត ។

ថ្ងៃ​ព្រហស្បតិ៍​៧​រោច​ ​ខែ​ចេត្រ​ ​ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ​ខែ​មេសា​ ​គ្រិស្ដសករាជ​២០០៩​ ​នៅ​វេលា​ម៉ោង​៥​និង​០៦​នាទី​ជា​វារៈ​ឡើងស័ក​គម្រប់​ជា​សង្ក្រាន្ដ​បី​ថ្ងៃ​ស្រេច​បរិបូរណ៍​ចូល​ជា​សកល​ឆ្នាំ​ឆ្លូវ​ឯកស័ក​តទៅ ។

ខាងក្រោម​នេះ​ជា​ទំនាយ​មួយ​ចំនួន​ដែល​មាន​ចុះ​ផ្សាយ​ក្នុង​សៀវភៅ​មហាសង្ក្រាន្ដ​របស់​លោក​ អ៊ឹម​ ​បុរិណរ៍ ។

រណ្ដាប់​ទទួល​ទេវតា​

រណ្ដាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក​មាន​រាន​ទទួល​ទេវតា​មួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ​ ​ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ក្រហម​ ​ហើយ​រៀប​បាយសី​៩​ថ្នាក់​មួយ​គូ​ ​បាយសី​៧​ថ្នាក់​មួយ​គូ​ ​បាយសី​៥​ថ្នាក់​មួយគូ​ ​បាយសី​៣​ថ្នាក់​មួយគូ​ ​បាយសី​ប៉ាឆាម​មួយ​គូ​ ​ស្លាធម៌​មួយ​គូ​ ​ទឹកអប់​មួយ​គូ​ ​ទៀន​៥​ ​ធូប​៥​ ​លាច​៥​ ​ផ្កា​ដាក់​លើ​ជើងពាន​មួយ​គូ​ ​ចេកនួន​ ​ចេកណាំវ៉ា​មួយ​គូ​ ​ផ្លែ​ឈើ​១១​មុខ​រៀប​ដាក់​ជើងពាន​ជា​គូរៗ​ ​ដូង​ឡៅ​មួយគូ ។ ឆ្នាំ​នេះ​ គួរ​រក​ផ្កា​ពណ៌​ក្រហម​ ​និង​រូបសំណាក​ជ្រូក​ ​ឬ​សេះ​ដាក់​ទទួល​ទេវតា​ផង ។

ទំនាយ​ប្រចាំឆ្នាំ​

កេណ្ឌ​ព្រះ​ភិរុណ​សាស្ដ្រៈ​ ​ឆ្នាំ​នេះ​ភព​ព្រះ​ចន្ទ​ជា​អធិបតី​នាំ​ផ្លូវ​ទៅ​សុំ​ទឹកភ្លៀង​ពី​ស្ដេច​នាគ​ ​ហើយ​បាន​នាគ​៥​បង្អុរ​ទឹកភ្លៀង​៥០០​មេ​ដែល​ចែក​ចេញ​ជាៈ​

  • ចក្រវាល​ ២០០​មេ​
  • ព្រៃ​ហេមពាន្ដ​ ១៥០​មេ​
  • មហាសមុទ្រ ​១០០​មេ​
  • និង​ជម្ពុទ្វីប​មនុស្សលោក​យើង​មាន​ចំនួន​ ៥០​មេ​ ​ដើមឆ្នាំ​ ​កណ្ដាល​ឆ្នាំ​ភ្លៀង​ ​និង​ចុងឆ្នាំ​ស្មើ​ល្អ ។

ទឹកជំនន់​ និង​ទឹក​ទន្លេៈ​ ​ឆ្នាំ​នេះ​ទឹកជំនន់​ដោយ​ភ្លៀង​ និង​ទឹកទន្លេ​មាន​ជា​មធ្យម​គឺ​មាន​កម្រិត​៨/១៦ គឺ​មាន​សំណល់ (៨) ទឹក​មធ្យម ។

កេណ្ឌ​ធញ្ញាហារៈ​ ​ឈ្មោះ​មជ្ឈិម​ទំនាយ​ថា​ ស្រូវ​សំណាប​ស្រែ​ចម្ការ​ផលដំណាំ​បាន​តែ​ពាក់​កណ្ដាល​ខូច​អស់​ពាក់កណ្ដាល​ភោជនាហារ​បាន​ជា​មធ្យម​ប្រជានុរាស្ដ្រ​បាន​សេចក្ដីសុខ​ខ្លះ​ ​ទុក្ខ​ខ្លះ​ ស្នើ​គ្នា​ធញ្ញាហារ​ ​មង្សាហារ​ ​ផល្លាហារ​ ​និង​មាន​ជា​មធ្យម ។

ទំនាយ​ការ​ធ្វើស្រែ​

ឆ្នាំ​នេះ​ទឹកភ្លៀង​អំណោយផល​នៅ​ដើមឆ្នាំ​កណ្ដាល​ឆ្នាំ​ច្រើន​ ​ចុង​ឆ្នាំ​តិច​ ​ដូច្នេះ​ការ​ធ្វើស្រែ​ទំនាប​ល្អ​ ​ឯ​ស្រែ​ដី​ទួល​ខ្ពស់​ទទួលផល​មិនសូវ​ល្អ​ឡើយ ។

កេណ្ឌ​ព្រឹក្សា​

ឆ្នាំ​នេះ​ត្រូវ​ដើម​ក្រកោះ​ជា​ស្ដេច​មាន​សេចក្ដី​ទំនាយ​ថាៈ​ ​មនុស្ស​ផង​ទាំងឡាយ​នៅ​កើត​មាន​កលិយុគ ។

កេណ្ឌ​ព្រះអាទិត្យ​ឆ្នាំ​នេះ​ព្រះអាទិត្យ​ធ្វើ​ដំណើរ​ដោយ​ជិះ​នាគរាជ​ទំនាយ​ថា​ មនុស្ស​ផង​ទាំងឡាយ​នឹង​ត្រូវ​ខ្វះខាត​បាយ​ទឹក​ ​មាន​សេចក្ដី​ខ្លាច​ និង​មរណភ័យ​ (ភ័យ​ព្រោះ​សេចក្ដីស្លាប់​) ។

ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ដ​

ទំនាយ​ថ្ងៃ​មហាសង្ក្រាន្ដៈ ​ថ្ងៃ​ចូល​ឆ្នាំ​ត្រូវ​នឹង​ថ្ងៃ​អង្គារ​ទំនាយ​ថា​ ឆ្នាំ​នេះ​នឹង​កើត​អន្ដរាយ​កណ្ដាល​ទីក្រុង​កើត​មាន​ភ្លើង​ឆេះ​យ៉ាង​សាហាវ​កើត​នូវ​ចោរ​ចិត្ដ​កាច​ច្រើន​ឡើង​ ​មនុស្ស​ប្រែជា​មាន​ចិត្ដ​អាក្រក់​ ​ហើយ​មា​ជម្ងឺ​តម្កាត់​ច្រើន​ជាទីបំផុត ។ មនុស្ស​ផង​ទាំងឡាយ​នឹង​កើតទុក្ខ​សោក​រោគ​ភ័យ​ ​ព្រោះ​មាន​ជម្ងឺ​ផែនដី​នឹង​ស្ងួត​ហួតហែង​ ដើមឆ្នាំ​នឹង​មាន​ភ្លៀង​បន្ដិចបន្ដួច ។ នឹង​កើត​កលិយុគ​សង្គ្រាម​ច្បាំង​គ្នា​មនុស្ស​ផង​ទាំងឡាយ​ទទួល​នូវ​ក្ដី​លំបាក​ជា​ច្រើន​អនេក ។

ទំនាយ​ថ្ងៃ​វារៈវនបទៈ ​ថ្ងៃ​កណ្ដាល​ត្រូវ​នឹង​ថ្ងៃ​ពុធ​ទំនាយ​ថា​ ឆ្នាំ​នេះ​ស្រូវ​អង្ករ​ផ្លែ​ឈើ​នឹង​ថ្លៃ​ ​មនុស្ស​ទាំងឡាយ​នឹង​ក្ដៅក្រហាយ​ចិត្ដច្រើន​ជាទី​បំផុត​ ​ស្ដ្រី​ទាំងឡាយ​នឹង​ត្រូវ​និរាស​ព្រាត់ប្រាស់​ពី​ទីកន្លែង​រស់នៅ​ ទៅ​នៅ​ជ្រកកោន​ទី​ដទៃ​ផ្សេងៗ ។

ទំនាយ​ថ្ងៃ​ឡើងស័កៈ​ ​ថ្ងៃ​ចូល​ឆ្នាំ​ចុង​ក្រោយ​ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍​ទំនាយ​ថា​ ឆ្នាំ​នោះ​សមណ​ព្រាហ្ម​ណាចារ្យ​និង​ប្រណិប័តន៍​ចូល​ចិត្ដ​ដោយ​ធម្ម​ដែល​ប្រសើរ​វិសេស ។ ភ្លៀង​ច្រើន​ស្រូវ​ល្អ ។

ការ​កំណត់​ប្រតិទិន​

ឆ្នាំ​នេះ​មាន​អធិកវារៈ​ខែ​ជេស្ឋ​មាន​៣០​ថ្ងៃ​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០០៨​ ​មាន​២៨​ថ្ងៃ ។

ចូល​ព្រះ​វស្សាៈ​ ​នៅ​ថ្ងៃ​ពុធ​១​រោច​ ​ខែ​អាសាឍ​ ​ត្រូវ​នឹង​ថ្ងៃ​ទី​៨​ ​ខែ​កក្កដា​ ​ឆ្នាំ​២០០៩​ ​វារៈ​មហា​ធិក​បាន​ឬក្ស​២០​តិថី​១៦​ជា​កាល​វស្សាន​រដូវ​ត្រូវ​តាម​ប្រពៃណី​ពី​បុរាណ​ ​មាន​ព្រះអាទិត្យ​ព្រះចន្ទ​ចរ​តាម​ចក្ររាសី​ ​ជា​ប្រធាន​ឱ្យ​បាន​ដឹង​កំណត់​ទ្វារ​ទសមាស​ទើប​ធ្វើការ​សារពើ​ទាំងពួង​បាន​ចម្រើន​នូវ​សិរី​សួស្ដី​ជ័យ​មង្គល​បរិបូណ៌​ហោង ។

បាតុភូត​លើ​ផ្ទៃមេឃ​

នៅ​ក្នុង​ឆ្នាំ​២០០៩​នេះ​មាន​គ្រាស​ចំនួន​៦​ដង​ដែល​សូរ្យគ្រាស​មាន​២​ដង​ ​និង​ចន្ទ​គ្រាស​៤​ដង​ ​តាម​កាលបរិច្ឆេទ​ដូច​ខាងក្រោមៈ​

  1. នៅ​ថ្ងៃ​ចន្ទ​១​កើត​ខែ​មាឃ​ ​ឆ្នាំ​ជូត​សំរិទ្ធស័ក​ចុល្លសករាជ​១៣៧០​ ​ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ​ខែ​មករា​ ​ឆ្នាំ​២០០៩​ ​មាន​សូរ្យគ្រាស​ជា​សារពើ​គ្រាស​ពិសេស​ ​(Annular​ ​Eclipse​) មើល​ឃើញ​ជា​អឌ្ឍ​គ្រាស​នៅ​អាហ្រិក​ខាងត្បូង​ សមុទ្រ​ឥណ្ឌា​ ​អង់តាក់ទិក​ ​ឥណ្ឌា​ ​អាស៊ី​ខាងកើត​ ​និង​ខាងត្បូង​ ​ឥណ្ឌូនេស៊ី​ ​អូស្ដ្រាលី​ ​ឃើញ​ជា​រូប​ចិញ្ចៀន​នៅ​ឥណ្ឌូនេស៊ី​ ​ម៉ាឡេស៊ី​ ​និង​ហ្វ៊ីលីពីន ។ ភ្នំពេញ​នៃ​កម្ពុជា​មើលឃើញ​ពី​ម៉ោង​១៥​និង​៤៩​នាទី​ដល់​ម៉ោង​១៨​មើលឃើញ​៤៥​ភាគរយ​នៃ​វេលា​ម៉ោង​១៦​និង​៥៩​នាទី ។
  2. នៅ​រាត្រី​ថ្ងៃ​ចន្ទ​១៥​កើត​ខែ​មាឃ​ឆ្នាំជូត​សំរិទ្ធិស័ក​ ​ចុល្លសករាជ​១៣៧០​ ​ត្រូវ​នឹង​ថ្ងៃ​ទី​៩​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០០៩​ ​មាន​ចន្ទ​គ្រាស​ជា​(ស្រមោល) (Penumbral Eclipse) ដែល​មើល ឃើញ​នៅ​ប៉ាស៊ីហ្វិក​ ​អាមេរិក​ ​អឺរ៉ុប​ ​អាហ្រិក​ ​កម្ពុជា​មើលឃើញ​ពី​ម៉ោង​១៩​ ​និង​៣៧​នាទី​ដល់​ម៉ោង​២៣​និង​៤០​នាទី ។
  3. នៅ​ថ្ងៃ​សៅរ៍​១៥​កើត​ ​ខែ​​សាឍ​ ​ឆ្នាំ​ឆ្លូវ​ឯកស័ក​ចុល្លសករាជ​១៣៧១​ ​ត្រូវ​នឹង​ថ្ងៃ​ទី​៧​ ​ខែ​កក្កដា​ ​ឆ្នាំ​២០០៩​ ​មាន​ចន្ទ​គ្រាស​ជា​ស្រមោល​ព្រាលៗ​(Penumbral Eclipse) ដែល​មើល​ឃើញ​នៅ​អាមេរិក​ ​ប៉ាស៊ីហ្វិក​ ​អូស្ដ្រាលី​ ​កម្ពុជា​ ​មើល​មិន​ឃើញ​ទេ ។
  4. ថ្ងៃ​ពុធ​១៥​រោច​ ​ខែ​អាសាឍ​ឆ្នាំ​ឆ្លូវ​ ​ឯកស័ក​ ​ចុល្លសករាជ​១៣៧១​ ​ត្រូវ​នឹង​ថ្ងៃ​ទី​២២​ ​ខែ​កក្កដា​ ​ឆ្នាំ​២០០៩​មាន​សូរ្យគ្រាស​ជា​សារពើ​គ្រាស​(Total Eclipse) មើល​ឃើញ​ជា​អឌ្ឍ​គ្រាស​នៅ​អាស៊ី​ ​ប៉ូលីណេស៊ី​ ​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ឃើញ​ជា​ ​Total​ ​នៅ​ឥណ្ឌា​ ​នេប៉ាល់ បង់ក្លាដេស​ ​បូតាន​ ​ចិន ។ ភ្នំពេញ​នៃ​កម្ពុជា​មើលឃើញ​ជា​អឌ្ឍ​គ្រាស​ពី​ម៉ោង​៧​និង​១៤​នាទី​ ​ដល់​ម៉ោង​៩​និង​១៣​នាទី​មើលឃើញ​៣១​ភាគរយ​នៅ​ម៉ោង​៨​និង​១០​នាទី ។
  5. នៅ​ថ្ងៃ​ព្រហស្បតិ៍​១៥​កើត​ខែ​ស្រាពណ៍​ឆ្នាំឆ្លូវ​ឯកស័ក​ចុល្លសករាជ​១៣៧១​ ​ត្រូវ​នឹង​ថ្ងៃ​ទី​៦​ខែ​សីហា​ ​ឆ្នាំ​២០០៩​ ​មាន​ចន្ទ​គ្រាស​ជា​ស្រមោល​ព្រាលៗ​(Penumbral​ ​Eclipse​)ដែល​មើល​ឃើញ​នៅ​អាមេរិក​ ​អឺរ៉ុប​ ​អាហ្រិក​ ​អាស៊ី​ខាងលិច ។ កម្ពុជា​មើល​មិន​ឃើញ​ទេ ។
  6. នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​១៥​កើត​ខែ​បុស្ស​ ​ឆ្នាំ​ឆ្លូវ​ ​ឯកស័ក​ចុល្លសករាជ​១៣៧១​ ​ត្រូវ​នឹង​ថ្ងៃ​៣១​ខែធ្នូ​ឆ្នាំ​២០១០​ដែល​មាន​ចន្ទ​អឌ្ឍ​គ្រាស (Partial Eclipse) ដែល​មើល​ឃើញ​នៅ​អឺរ៉ុប​ ​អាហ្វ្រិក​ ​អាស៊ី​ ​អូស្ដ្រាលី ។ កម្ពុជា​មើលឃើញ​ពី​ម៉ោង​១​និង​៥៥​នាទី​ដល់​ម៉ោង​២​និង​៤៥​នាទី​ទៀប​ភ្លឺ​នៃ​ថ្ងៃ​ទី​១​ ​ខែ​មករា​ ​២០១០ មើលឃើញ​តែ​២​ភាគរយ​ប៉ុណ្ណោះ ៕

(ដកស្រង់​ពី​សារព័ត៌មាន​រស្មីកម្ពុជា​ ​ថ្ងៃ​ទី​០១​ ​ខែ​មេសា​ ​ឆ្នាំ​២០០៩)

 

April 2, 2009

ប្រាសាទបន្ទាយស្រីដំដែក

ប្រាសាទបន្ទាយស្រីដំដែក 

ប្រាសាទ​បន្ទាយស្រី​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បន្ទាយស្រី​ ​ឃុំ​ដំដែក​ ​ស្រុក​សូទ្រនិគម​ ​ក្នុង​បរិវេណ​វត្ដ​ប្រាសាទ​បន្ទាយស្រី​ ចម្ងាយ​ប្រមាណ ​៣៤ ​គីឡូម៉ែត្រ នៅ​ទិស​ខាងកើត​ទីរួមខេត្ដ​សៀមរាប​ ​និង​មាន​ទី​តាំង​នៅ​ចំណុច​ ​UTM (X: 131521, Y: 10407207) ។ ប្រាសាទ​នេះ​ជា​សំណង់​ទោល​បែរ​មុខ​ទៅ​ទិស​ខាងកើត​ និង​មាន​ហោត្រៃ (មន្ទីរ​តម្កល់​គម្ពីរ​ផ្សេងៗ, បណ្ណាល័យ) ​ពីរ​បែរមុខ​ទៅ​ទិស​ខាងលិច ដែល​បច្ចុប្បន្ន​រលំ​បាក់​បែក​អស់​ហើយ ។ សម្ភារៈ​សំណង់​មាន​ថ្មភក់​ ​ថ្ម​បាយក្រៀម​ ​និង​ឥដ្ឋ​ ​ហើយ​មាន​ភាព​ទ្រុឌទ្រោម​ខ្លាំង​បណ្ដាល​មក​ពី​ធម្មជាតិ​ ​និង​មនុស្ស​ជីក​កកាយ​រក​វត្ថុ​បុរាណ​ និង​ការ​បោះបង់​ចោល​មិន​មាន​ថែរក្សា​ឱ្យ​បាន​ដិត​ដល់​ជា​យូរ​មក​ហើយ ។ ប្លង់​តូប​ប៉ម​កណ្ដាល​មាន​រាង​ការ៉េ​មាន​ទ្វារ​ចូល​បួន​ទិស​ ​និង​រានហាល​រាង​កាកបាទ​ ​សង់​នៅ​ទី​ទម្រ​ពីរ​ជាន់​ ​និង​មាន​កំពែង​ព័ទ្ធ​ជុំវិញ​បី​ជាន់ ។ អត្ថបទ​លោក​ ​Lunet​ ​de​ ​La​ ​jonqiére​ ​បាន​រៀបរាប់​ត្រឹមតែ​កំពែង​ទី​១​ ​និង​ទី​២​ប៉ុណ្ណោះ ។ នេះ​ប្រហែលជា​លោក​មិន​បាន​សង្កេត​ឃើញ​ស្នាម​ទាំងនោះ​ទេ ។

ប្រាសាទ​បន្ទាយស្រី​ពុំ​មាន​សិលាចារឹក​ប្រាប់​អំពី​កាលបរិច្ឆេទ​អ្វី​ទាំងអស់ ។ ហេតុនេះ​ឆ្លង​តាម​ការ​ស្រាវជ្រាវ​កន្លង​មក​ ​និង​ការ​ប្រៀបធៀប​លើ​សំណង់​ស្ថាបត្យកម្ម​ ​និង​រចនាសម្ព័ន្ធ​ប្រាសាទ​ ​គឺ​ប្រាសាទ​នេះ​មាន​លក្ខណៈ​ដូច​ប្រាសាទ​តាកែវ​ ​ភិមានអាកាស​ ​ភ្នំ​ជីសូរ​ ​ឯកភ្នំ​ ដែល​ជា​សំណង់​សាង​ឡើង​នៅ​សតវត្ស​ទី​១១​ ​ក្នុង​រចនាប័ទ្ម​ឃ្លាំង​រាជ្យ​ព្រះបាទ​សូរ្យវរ្ម័ន​ទី​១ ។ ម្យ៉ាង​វិញ​ទៀត​បើ​យោង​តាម​អ្នកស្រី​ ​Coral​ ​Rémusat​ ​ដែល​បាន​ធ្វើការ​សិក្សា​ទៅ​លើ​សំណង់​ស្ថាបត្យកម្ម​ ​និង​ការ​តុបតែង​លម្អ​បាន​ចាត់​ចូល​ប្រាសាទ​នេះ​ទៅ​ក្នុង​រចនាប័ទ្ម​ឃ្លាំង​ ​ដោយ​សម្អាង​លើ​ហោជាង​ ​ផ្ដែរ​ ​ទ្វារ​ ​សសរ​ពេជ្រ​ ​សសរ​ផ្អោប​ ​និង​បដិមា​សាស្ដ្រ ។

សព្វថ្ងៃ​ប្រាសាទ​បន្ទាយស្រី​ដំដែក​ ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ និង​ទទួល​ខុសត្រូវ​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​អប្សរា ។ ក្រុមការងារ​របស់​នាយកដ្ឋាន​បាន​រៀបចំ​គំរោង​យុទ្ធសាស្ដ្រ​តាម​ដំណាក់កាល​នីមួយៗ​ ​ដើម្បី​សង្គ្រោះ​ប្រាសាទ​នេះ​ពី​ការ​បំផ្លាញ​ដោយ​ដើម​ឈើ​តូច​ ​ធំ​ ​សត្វ​ ​និង​សកម្មភាព​ទុច្ចរិត​របស់​មនុស្ស ៕

ប្រាសាទ​បន្ទាយស្រី​ដំដែក មើល​ពី​លើ​ផ្លូវ​ចូល​វត្ត​បន្ទាយស្រី​ផ្នែក​ខាង​ត្បូង

ប្រាសាទ​បន្ទាយស្រី​ដំដែក មើល​ពី​លើ​ផ្លូវ​ចូល​វត្ត​បន្ទាយស្រី​ផ្នែក​ខាង​ត្បូង

 ស្លាក​សញ្ញា​នេះ​ត្រូវ​បាន​គេ​ចង​ព្យួរ​លើ​របង​ក្បែរ​ផ្លូវ​ចូល​ទៅ​កាន់​ប្រាសាទ​ពី​ទិស​ខាង​កើត

ស្លាក​សញ្ញា​នេះ​ត្រូវ​បាន​គេ​ចង​ព្យួរ​លើ​របង​ក្បែរ​ផ្លូវ​ចូល​ទៅ​កាន់​ប្រាសាទ​ពី​ទិស​ខាង​កើត

 គោបុរៈ​ទី​១ និង​តួប្រាសាទ​បន្ទាយស្រី​ដំដែក មើល​ពី​ទិស​ខាង​កើត

គោបុរៈ​ទី​១ និង​តួប្រាសាទ​បន្ទាយស្រី​ដំដែក មើល​ពី​ទិស​ខាង​កើត

 ខ្ទម​អ្នក​តា​នេះ ជា​ខ្ទម​អ្នក​តា​ចិន ស្ថិត​នៅ​ទិស​ឥសាន​នៃ​ប្រាសាទ​បន្ទាយស្រី​ដំដែក

ខ្ទម​អ្នក​តា​នេះ ជា​ខ្ទម​អ្នក​តា​ចិន ស្ថិត​នៅ​ទិស​ឥសាន​នៃ​ប្រាសាទ​បន្ទាយស្រី​ដំដែក

 តួ​ប្រាសាទ​បន្ទាយស្រី​ដំដែក មើល​ពី​ទិស​ខាង​កើត

តួ​ប្រាសាទ​បន្ទាយស្រី​ដំដែក មើល​ពី​ទិស​ខាង​កើត

 តួ​ប្រាសាទ​បន្ទាយស្រី​ដំដែក មើល​ពី​ទិស​នីរតី

តួ​ប្រាសាទ​បន្ទាយស្រី​ដំដែក មើល​ពី​ទិស​នីរតី

 ដើម​ឈើ​ដុះ​នៅ​លើ​តួ​ប្រាសាទ​បន្ទាយស្រី​ដំដែក (ថ្ងៃ​ទី​២២ ​មីនា ២០០៩)

ដើម​ឈើ​ដុះ​នៅ​លើ​តួ​ប្រាសាទ​បន្ទាយស្រី​ដំដែក (ថ្ងៃ​ទី​២២ ​មីនា ២០០៩)

តួ​ប្រាសាទ​បន្ទាយស្រី​ដំដែក មើល​ពី​ទិស​ខាង​លិច 

តួ​ប្រាសាទ​បន្ទាយស្រី​ដំដែក មើល​ពី​ទិស​ខាង​លិច

 ទួល​គ្រឹះ​បណ្ណាល័យ​ខាង​ជើង

ទួល​គ្រឹះ​បណ្ណាល័យ​ខាង​ជើង

 ជ្រុង​មួយ​នៃ​បរិវេណ​ប្រាសាទ​បន្ទាយស្រី​ដំដែក មើល​ពី​ខាង​លិច

ជ្រុង​មួយ​នៃ​បរិវេណ​ប្រាសាទ​បន្ទាយស្រី​ដំដែក មើល​ពី​ខាង​លិច

 គោបុរៈ​ទី​១​ខាង​កើត​ មើល​ពី​ទិស​ខាង​កើត

គោបុរៈ​ទី​១​ខាង​កើត​ មើល​ពី​ទិស​ខាង​កើត

 គោបុរៈ​ទី​១​ខាង​កើត មើល​ពី​ទិស​ខាង​លិច

គោបុរៈ​ទី​១​ខាង​កើត មើល​ពី​ទិស​ខាង​លិច

 គោបុរៈ​ទី​១​ខាង​ជើង មើល​ពី​ទិស​ខាង​ត្បូង

គោបុរៈ​ទី​១​ខាង​ជើង មើល​ពី​ទិស​ខាង​ត្បូង

 ដើម​ឈើ​នៅ​គោបុរៈ​ទី​១​ខាង​ជើង​នេះ​ ត្រូវ​បាន​គេ​កាប់ និង​លូតលាស់​ឡើង​វិញ​ច្រើន​ដង ធ្វើ​ឲ្យ​មាន​មាន​ពក និង​មាន​រូប​រាង​ចម្លែក

ដើម​ឈើ​នៅ​គោបុរៈ​ទី​១​ខាង​ជើង​នេះ​ ត្រូវ​បាន​គេ​កាប់ និង​លូតលាស់​ឡើង​វិញ​ច្រើន​ដង ធ្វើ​ឲ្យ​មាន​មាន​ពក និង​មាន​រូប​រាង​ចម្លែក

 គោបុរៈ​ទី​១​ខាង​លិច មើល​ពី​ទិស​ខាង​លិច

គោបុរៈ​ទី​១​ខាង​លិច មើល​ពី​ទិស​ខាង​លិច

កំពែង​ទី​១​នៃ​ប្រាសាទ​បន្ទាយស្រី​ដំដែក មើល​ពី​ខាង​ត្បូង​ឆៀង​ខាង​លិច 

កំពែង​ទី​១​នៃ​ប្រាសាទ​បន្ទាយស្រី​ដំដែក មើល​ពី​ខាង​ត្បូង​ឆៀង​ខាង​លិច

 គោបុរៈ​ទី​២​ខាង​លិច មើល​ពី​ទិស​ខាង​កើត

គោបុរៈ​ទី​២​ខាង​លិច មើល​ពី​ទិស​ខាង​កើត

 បំណែក​សេសសល់​នៃ​សំណង់​គោបុរៈ​ទី​២​ខាង​លិច

បំណែក​សេសសល់​នៃ​សំណង់​គោបុរៈ​ទី​២​ខាង​លិច

 ចម្លាក់​មិន​ទាន់​រួចរាល់​នៅ​គោបុរៈ​ទី​២​ខាង​លិច​នៃ​ប្រាសាទ​បន្ទាយស្រី​ដំដែក

ចម្លាក់​មិន​ទាន់​រួចរាល់​នៅ​គោបុរៈ​ទី​២​ខាង​លិច​នៃ​ប្រាសាទ​បន្ទាយស្រី​ដំដែក

បំណែក​ចម្លាក់​សត្វ​តោ​នៅ​ប្រាសាទ​បន្ទាយស្រី​ដំដែក 

បំណែក​ចម្លាក់​សត្វ​តោ​នៅ​ប្រាសាទ​បន្ទាយស្រី​ដំដែក

 បំណែក​ហោជាង​នៅ​ប្រាសាទ​បន្ទាយស្រី​ដំដែក

បំណែក​ហោជាង​នៅ​ប្រាសាទ​បន្ទាយស្រី​ដំដែក

 ចម្លាក់​នៅ​លើ​ផ្ដែ​នៃ​ប្រាសាទ​បន្ទាយស្រី​ដំដែក

ចម្លាក់​នៅ​លើ​ផ្ដែ​នៃ​ប្រាសាទ​បន្ទាយស្រី​ដំដែក

ក្បាច់​ផ្កា​ភ្ញី​នៅ​ប្រាសាទ​បន្ទាយស្រី​ដំដែក 

ក្បាច់​ផ្កា​ភ្ញី​នៅ​ប្រាសាទ​បន្ទាយស្រី​ដំដែក

 ក្បាច់​ផ្កា​ភ្ញី​នៅ​ប្រាសាទ​បន្ទាយស្រី​ដំដែក

ក្បាច់​ផ្កា​ភ្ញី​នៅ​ប្រាសាទ​បន្ទាយស្រី​ដំដែក

 ក្បាច់​ផ្កា​ភ្ញី​នៅ​ប្រាសាទ​បន្ទាយស្រី​ដំដែក

ក្បាច់​ផ្កា​ភ្ញី​នៅ​ប្រាសាទ​បន្ទាយស្រី​ដំដែក

ក្បាច់​ផ្កា​ភ្ញី​នៅ​ប្រាសាទ​បន្ទាយស្រី​ដំដែក 

ក្បាច់​ផ្កា​ភ្ញី​នៅ​ប្រាសាទ​បន្ទាយស្រី​ដំដែក

 ក្បាច់​ផ្កា​ភ្ញី​នៅ​ប្រាសាទ​បន្ទាយស្រី​ដំដែក

ក្បាច់​ផ្កា​ភ្ញី​នៅ​ប្រាសាទ​បន្ទាយស្រី​ដំដែក

 ក្បាច់​ផ្កា​ភ្ញី​នៅ​ប្រាសាទ​បន្ទាយស្រី​ដំដែក

ក្បាច់​ផ្កា​ភ្ញី​នៅ​ប្រាសាទ​បន្ទាយស្រី​ដំដែក

 ក្បាច់​ផ្កា​ភ្ញី​នៅ​ប្រាសាទ​បន្ទាយស្រី​ដំដែក

ក្បាច់​ផ្កា​ភ្ញី​នៅ​ប្រាសាទ​បន្ទាយស្រី​ដំដែក

 

 

ប្រវត្តិសាស្ត្រ​ខ្មែរ ដោយ រស់ ចន្ត្រាបុត្រ

ប្រវត្តិសាស្ត្រ​​ខ្មែរ

ភាគ​រឿង​ព្រេង​និទាន និង​តាម​រយៈ​សិលាចារិក

 ប្រវត្តិសាស្ត្រ​​ខ្មែរ ភាគ​រឿង​ព្រេង​និទាន និង​តាម​រយៈ​សិលាចារិក

អារម្ភកថា​

នៅ​ប្រទេស​ខ្មែរ​យើង​ ​គេ​សង្កេត​ឃើញ​ជា​ទូទៅ​ថា​ ​បងប្អូន​ខ្មែរ​មួយ​ភាគ​ធំ​ ​តាំង​តែ​ពី​អ្នកស្រែ​ចម្ការ​រហូត​ដល់​នាម៉ឺន​មុខមន្ត្រី​ ​អ្នកនយោបាយ​មាន​យស​សក្ដិ​ធំ​ ​គេ​មិនសូវ​ឲ្យ​តម្លៃ​ ​និង​មិនសូវ​និយម​យក​ចិត្ដ​ទុក​ដាក់​ត្រិះ​រិះ​ពិចារណា​ ​ចង់​ដឹង​ចង់​ស្គាល់​អំពី​ប្រវត្ដិសាស្ដ្រ​ជាតិ​ ​ដែល​ជា​ឫស​គល់​ ​ជា​ពូជសាសន៍​ ​និង​ជា​ព្រលឹង​ជាតិ​របស់​ខ្លួន​ឡើយ ។​

ចំណែកឯ​ការ​ចង​ចេះ​ចាំ​ ​រៀនសូត្រ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​វិញ​ក៏​យើង​មិនសូវ​មាន​ដែរ ។​ ​អ្វីៗ​ដែល​គេ​បាន​ចង​ចាំ​ខ្លះ​នោះ​ ​គឺ​បាន​ទទួល​មក​អំពី​ការ​ឮ​សូរ​ ​ការ​ស្ដាប់​តាម​ពាក្យពេចន៍​ ​ការ​និទាន​រៀបរាប់​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ប៉ុណ្ណោះ ។​ ​ការ​ចង​ចាំ​ទាំងនេះ​មាន​លក្ខណៈ​ស្រពិចស្រពិល​ ​មិន​បាន​ច្បាស់លាស់​ទេ ។​ ​ដែល​ជា​ហេតុ​នាំ​មក​នូវ​ផល​អាក្រក់​គ្រប់​បែប​យ៉ាង​ចំពោះ​ខ្លួនឯង​ផ្ទាល់​ ​ក៏​ដូច​ជា​ចំពោះ​ប្រទេស​ជាតិ​ទៅ​អនាគត​ដែរ ។​ ​បុព្វហេតុ​ធំ​គឺ​បណ្ដាល​មក​ពី​យើង​ខ្វះ​សៀវភៅ​ក្បួនខ្នាត​សម្រាប់​សិក្សា​ ​ហើយ​អ្នក​អប់រំ​បង្ហាត់​បង្រៀន​ដែល​មាន​សម្ថភាព​ក៏​មាន​មិន​ច្រើន ។​ ​កំហុស​នេះ​ ​គេ​មិន​អាច​ជះ​ ​និង​ទម្លាក់​ទៅ​លើ​ប្រជានុរាស្ដ្រ​ខ្មែរ​ទាំង​ស្រុក​ឡើយ ។​ ​នេះ​ជា​កំហុស​នយោបាយ​របស់​អ្នកដឹកនាំ​នគរ​ ​ដែល​ខ្វះ​ការ​ពិចារណា​ ​ឬ​មិន​ឲ្យ​តម្លៃ​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​អប់រំ​ណា​ដែល​ទាក់ទង​ទៅ​នឹង​ប្រវត្ដិសាស្ដ្រ​ ​និង​វប្បធម៌​របស់​ខ្លួន​ ​មិន​បាន​រៀបចំ​ផែនការ​នយោបាយ​អប់រំ​ផ្នែក​ប្រវត្ដិសាស្ដ្រ​ប្រទេស​ជាតិ​នោះ​ក៏​ដូច​ជា​បាន​បំផ្លិចបំផ្លាញ​ ​កំទេច​ព្រលឹង​របស់​ជាតិ​ខ្លួនឯង​ដែរ ។​ ​ប្រជាពលរដ្ឋ​ប្រទេស​ជាតិ​នោះ​ ​មាន​តែ​សំបក​រូបរាង​ខាងក្រៅ​ ​មាន​តែ​ខ្លួន​ប៉ុណ្ណោះ​ ​តែ​គ្មាន​ព្រលឹង​ ​គ្មាន​វិញ្ញាណ​ ​និង​គ្មាន​អត្ដសញ្ញាណ​អ្វី​ទាំងអស់ ។​ ​កង្វះ​នយោបាយ​ពិតប្រាកដ​ក្នុង​វិស័យ​ប្រវត្ដិសាស្ដ្រ​ ​និង​វប្បធម៌​ជាតិ​ ​អាច​នាំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ច្រឡំ​ខុស​ ​មិន​ស្គាល់​តម្លៃ​ ​បំភ្លេច​ចោល​អស់​នូវ​អ្វី​ដែល​ជា​ព្រលឹង​ជាតិ ។​ ​គ្រានោះ​ ​ខ្មែរ​នឹង​បែរជា​នាំ​គ្នា​ឲ្យ​តម្លៃ​ ​សរសើរ​ ​គោរព​កោតខ្លាច​អ្វី​ដែល​ជា​មនោគម​វិជ្ជា​ ​និង​វប្បធម៌​បរទេស ។​ ​ប្រវត្ដិសាស្ដ្រ​ ​និង​វប្បធម៌​ខ្មែរ​ ​និង​ត្រូវ​គេ​បន្ថោក​មាក់ងាយ​ ​មិន​រាប់អាន​ ​លើក​ស្ទួយ​ដំកើង​ឲ្យ​តម្លៃ​ឡើយ ។​ ​តើ​នរណា​នឹង​យក​ចិត្ដ​ទុក​ដាក់​ ​ឬ​នឹង​ហ៊ាន​យកអាយុ​ជីវិត​ ​ជោគវាសនា​អនាគត​របស់​ខ្លួន​ផ្ទាល់​ទៅ​ប្រថុយ​ដាក់​ប្ដូរ​ ​សម្រាប់​ថែរក្សា​ ​និង​ការពារ ?…គ្រានោះ​ ​អ្នក​សិក្សា​ ​អ្នក​ស្រាវជ្រាវ​សាស្ត្រាចារ្យ​ ​គ្រូបង្រៀន​ ​អ្នក​អប់រំ​ ​និង​អ្នកនិពន្ធ​ក៏​គ្មាន​ ​អ្នក​បោះពុម្ពផ្សាយ​សៀវភៅ​ក៏​គ្មាន​ ​ហើយ​ប្រវត្ដិសាស្ដ្រ​ ​និង​វប្បធម៌​ ​ក៏​ត្រូវ​រលាយ​ដែរ ។​

ជា​ខ្មែរ យើង​មាន​ប្រវត្ដិសាស្ដ្រ​ជាង​ពីរ​ពាន់​ឆ្នាំ​មក​ហើយ ។​ ​ការ​មិន​យក​ចិត្ដ​ទុកដាក់ ការ​បំភ្លេច​ចោល​នូវ​ប្រវត្ដិ​របស់​ជាតិ​ខ្លួន អាច​ចាត់ទុកជា​កំហុស​មួយ​ធ្ងន់​ណាស់​នៅ​ចំពោះ​មុខ​វិញ្ញាណក្ខន្ធ​ជីដូន​ជីតា​បុព្វបុរស​យើង ។​ ​ដូចនេះ​ ​យើង​ជា​កូន​ខ្មែរ​ ​ត្រូវ​នាំ​គ្នា​ស្វាធ្យាយ​រៀនសូត្រ​ ​ឲ្យ​បាន​ចេះ​ចង​ចាំ​ច្បាស់លាស់​ ​ដើម្បី​ទុក​យក​មក​ស្រាវជ្រាវ​ ​រិះគិត​ថ្លឹងថ្លែង​ពិចារណា​ ​ហើយ​ដកស្រង់​យក​មក​ធ្វើ​ជា​មេរៀន​សម្រាប់​បច្ចុប្បន្នកាល​ផង​ ​និង​សម្រាប់​អនាគត​កាល​ផង ។​ ​អ្វី​ដែល​នឹង​ត្រូវ​កើត​ក្នុង​អនាគតកាល​ ​សុទ្ធតែ​មាន​ជាប់ជំពាក់​ទាក់ទង​ចេញ​មក​អំពី​គ្រប់​សកម្មភាព​ ​គ្រប់​អំពើ​ ​ឬ​គ្រប់​បញ្ហា​នយោបាយ​បច្ចុប្បន្ន ។​ ​ហើយ​អ្វី​ដែល​កំពុង​តែ​កើត​ក្នុង​បច្ចុប្បន្ន​ ​មិនមែន​កើត​ដោយ​ចៃដន្យ​ដោយ​ឯកឯង​នោះ​ទេ​ ​គឺ​បាន​កើត​ចេញ​មក​អំពី​គ្រប់​អំពើ​ ​គ្រប់​សកម្មភាព​នយោបាយ​ ​ដែល​គេ​បាន​ប្រព្រឹត្ដ​នៅ​ក្នុង​អតីតកាល ។​

ដូច្នេះ​គ្រប់​ព្រឹត្ដការណ៍​តូច​ធំ​ ​ដែល​មាន​ពាសពេញ​ក្នុង​ប្រវត្ដិសាស្ដ្រ​ខ្មែរ​យើង ​សុទ្ធតែ​មាន​កំណើត​កើត​មក​អំពី​អំពើ​ និង​សកម្មភាព​របស់​ខ្មែរ​គ្រប់​រូប​ ​ក្នុង​គ្រប់​ជំនាន់ ។​ ​បើ​យើង​បាន​កសាង​ល្អ​ធ្វើ​សកម្មភាព​ ​បំពេញ​ករណីយកិច្ច​ដោយ​ចិត្ដ​អារម្មណ៍​ស្មោះត្រង់​ត្រឹមត្រូវ​ល្អ​ប្រពៃ​ចំពោះ​ប្រទេស​ជាតិ​មាតុភូមិ​ ​ពេល​នោះ​ ​ប្រទេស​ជាតិ​ខ្មែរ​របស់​យើង​ ​ក៏​បាន​ទទួល​នូវ​ផល​ល្អ​បរិសុទ្ធ​ ​គ្មាន​ជំពាក់​ជំពិត​ពិសពុល​ដែរ ។​ ​តែបើ​យើង​កសាង​នូវ​អំពើ​អាក្រក់​ ​ពោរពេញ​ទៅ​ដោយ​បាបកម្ម​មាន​ចិត្ដ​គំនិត​ជា​ទេវទត្ដ​មិន​ទៀងត្រង់​ ​ក្បត់​ប្រយោជន៍​ប្រទេស​ជាតិ​ ​ប្រទេស​ជាតិ​នឹង​ត្រូវ​ជួប​ប្រទះ​នូវ​សោកនាដកម្ម​អន្ដរកប្ប​ ​ចលាចល​ ​និង​ទទួល​នូវ​ផលវិបាក​ ​វិនាស​ហិនហោច​អន្ដរាយ​ ​ទន់ខ្សោយ​អន់​ថយ​ជា​លំដាប់ ។​ ​គឺ​មិន​ខុស​អំពី​ពុទ្ធ​ដីកា​ ​«ធ្វើ​ល្អ​បាន​ល្អ​ ​ធ្វើ​អាក្រក់​បាន​អាក្រក់​» នោះ​ឡើយ ។​

បើ​ដូនតា​ខ្មែរ​យើង​ ​លោក​មិន​កសាង​ល្អ​ ​មិន​បាន​ខំប្រឹង​ប្រែង​រៀបចំ​ទឹកដី​ ​កាលពី​ក្នុង​អតីតកាល​ទេ​នោះ​ ​ប្រទេស​ខ្មែរ​យើង​ក៏​មិន​បាន​ក្លាយ​ទៅ​ជា​មហា​អំណាច​ ​ជា​ចក្រភព​មួយ​ ​នៅ​ក្នុង​អាស៊ី​ភាគ​អគ្នេយ៍​ដែរ ។​ ​បើ​គាត់​ជា​មនុស្ស​ល្ងិត​ល្ងង់​ ​អវិជ្ជា​ ​គ្មាន​ចំណេះវិជ្ជា​ ​មិន​ចេះ​ចង​ចាំ​គម្ពីរ​ក្បួនខ្នាត​ ​ច្បាប់​តម្រា​ក្រឹត្យ​ក្រម​វិន័យ​ ​ទំនៀមទម្លាប់​ ​ហើយ​បើ​គាត់​គ្មាន​ទ្រឹស្ដី​នយោបាយ​ ​គ្មាន​ទស្សនៈ​ ​និង​មនោគមវិជ្ជា​ ​នោះ​បុព្វបុរស​ខ្មែរ​ក៏​មិន​អាច​កសាង​មហានគរ​ ​និង​ប្រាង្គ​ប្រាសាទ​តូច​ធំ​បាន​ដែរ ។​ ​ថ្ងៃ​ណា​ដែល​ខ្មែរ​លែង​ចេះ​កសាង​អំពើ​ល្អ​ ​មាន​តែ​អវិជ្ជា​ល្ងិត​ល្ងង់​ ​គ្មាន​ច្បាប់​ទម្លាប់​ធម្ម​វិន័យ​ ​គ្មាន​សីលធម៌​ ​ស្រឡាញ់​អំណាច​ ​ប្រយោជន៍​ផ្ទាល់ខ្លួន​ ​ក្រុម​បក្សពួក​ ​ស្រឡាញ់​ការ​បង្ហូរឈាម​ ​ហើយ​ប្រព្រឹត្ដ​តែ​អំពើ​បាបកម្ម​ព្រៃផ្សៃ​ ​លាមក​ស្មោកគ្រោក​ ​ជិះជាន់​កាប់សម្លាប់​តែ​ប្រជាជន​ឯង​ ​ពេល​នោះ​ ​ខ្មែរ​ចាប់ផ្ដើម​បែកបាក់​ទ្រុត​ទ្រោម​ទន់ខ្សោយ​រលត់រលាយ​បន្ដិច​ម្ដងៗ​ដែរ ។​ ​លទ្ធផល​ដ៏​សែន​អាក្រក់​ ​ទុក្ខ​ភ័យ​ព្រួយ​វេទនា​ព្រាត់ប្រាស់​មិន​ចេះ​ចប់​ ​មិន​ចេះ​ហើយ​ ​និង​ការ​អាមាស់​មុខ​អាប់​កិត្ដិយស​ ​ដែល​យើង​ឃើញ​មាន​ជា​ហូរហែ​នៅ​ក្នុង​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ ​បាន​សេសសល់​មាន​រៀង​រហូត​ចូល​មក​ដល់​បច្ចុប្បន្នកាល​ ​ហើយ​នឹង​បន្ដ​ទៅ​អនាគត​ទៀត​ជា​មិន​ខាន ។​ ​វាសនា​អនាគត​ប្រទេស​ជាតិ​និមួយៗ ​ស្ថិត​នៅ​លើ​ការ​តស៊ូ​ ​និង​ការ​កសាង ។​ ​ឯ​សកម្មភាព​របស់​ព្រះ​មហា​ត្សត្រ​ ​អ្នកនយោបាយ​សុទ្ធតែ​មាន​ទម្ងន់​ ​មាន​ឥទ្ធិពល​ធ្ងន់​គាប​ទៅ​លើ​ជោគវាសនា​របស់​ប្រទេស​ជាតិ​ទាំង​ក្នុង​បច្ចុប្បន្នកាល​ទាំង​ក្នុង​អនាគតកាល ។​

ខ្មែរ​ត្រូវ​តែ​នាំ​គ្នា​រៀន​ចង​ចាំ​អតីតកាល​ ​ឬ​ប្រវត្ដិសាស្ដ្រ​របស់​ខ្លួន​ឲ្យ​បាន​ចេះ​ចាំ​ស្ទាត់​ច្បាស់​លាស់​ម៉ឺង​មាត់​ ​សម្រាប់​យក​មក​ធ្វើ​ឧបករណ៍​រៀបចំ​បច្ចុប្បន្នកាល​ ​និង​អនាគតកាល​ប្រទេស​ជាតិ​ ​ឲ្យ​បាន​ល្អ​ប្រសើរ​ ​ក្នុង​ន័យ​ជា​ផលប្រយោជន៍​ដល់​ប្រជានុរាស្ដ្រ​ខ្មែរ​ទូទៅ ។​ ​ការ​ចេះ​ចង​ចាំ​ស្គាល់​ប្រវត្ដិសាស្ដ្រ​ ​អាច​នាំ​ឲ្យ​យើង​គេច​ផុត​ពី​គ្រោះថ្នាក់​ ​ពី​មហន្ដរាយ​ ​ពី​គ្រប់​ឧបសគ្គ​ពី​គ្រប់​ការ​កុហក​ភូតភរ​ ​ឃោសនា​អកុសល​ ​បោកប្រាស់​បំភាន់​មតិ​ ​ហើយ​បង្ហាត់បង្រៀន​យើង​មិន​ឲ្យ​ដើរ​ធ្លាក់​ជ្រោះ​ទៅ​តាម​គន្លង​ចាស់ ។​ ​ពេល​នោះ​ហើយ​ដែល​កង់​ប្រវត្ដិសាស្ដ្រ​មិន​អាច​វិល​ត្រលប់​ក្រោយ​បាន​ហើយ​ក៏​មិន​អាច​នឹង​វិល​មក​ជាន់​ដាន​ចាស់​ផ្នួន​គ្នា​ដដែលៗ​ទៀត​បាន​ដែរ ។​ ​សិទ្ធិ​ ​សេរីភាព​ ​ប្រជាធិបតេយ្យ​ភាព​ ​យុត្ដិធ៌​ និង​ការ​រីក​ចម្រើន​រុង​រឿង​ថ្កុំថ្កើង​ ​ក៏​អាច​មាន​កំណើត​ប្រសូត​កើត​ចេញ​មក​ពី​ការ​ចេះ​ដឹង​នេះ​ដែរ ។​

គឺ​ក្នុង​ន័យ​ ​និង​ទស្សនៈ​នេះ​ហើយ​ ​ដែល​ខ្ញុំ​បាន​ខំប្រឹង​ប្រែង​ ​តាក់តែង​ ​ចងក្រង​ ​និពន្ធ​សៀវភៅ​ ​«ប្រវត្ដិសាស្ដ្រ» ដើម​ឡើយ​ក្នុង​គ.ស​.១៩៧១ ខ្ញុំ​បាន​ស្រាវជ្រាវ​និពន្ធ​អំពី​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ ។​ ​បន្ទាប់​មក ខ្ញុំ​ចាប់ផ្ដើម​ស្រាវជ្រាវ​សរសេរ​ ​និង​និពន្ធ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ជាដំបូង​ ​ក្នុង​ខែ​តុលា​ ​ឆ្នាំ​១៩៩៣​ ​ពីព្រោះ​ខ្ញុំ​ចង់​ស្វែងរក​គម្ពីរ​ច្បាប់​ក្បួនតម្រា​ទ្រឹស្ដី​ ​និង​ទស្សនៈ​នយោបាយ​បុព្វបុរស​ខ្មែរ​ ​ដែល​មាន​ប្រសិទ្ធភាព​ ​ធ្លាប់​បាន​ធ្វើ​ឲ្យ​ខ្មែរ​ខ្លាំងពូកែ​ក្លាយទៅជា​មហាអំណាច​មួយ​ដ៏​ធំ​រុងរឿង​ ​ហើយ​ខ្ញុំ​ចង់​យល់​ដែរ​អំពី​បុព្វហេតុ​ដែល​បណ្ដាល​ធ្វើ​ឲ្យ​ខ្មែរ​ចុះ​ទន់ខ្សោយ​រួញ​រួម​បន្ដិច​ម្ដងៗ​ក្លាយជា​ប្រទេស​យ៉ាង​ក្រីក្រ​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក ។​ ​ស្នាដៃ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ ​មាន​ចែក​ចេញ​ជា​៧​ភាគ ៖​

    • ភាគ​ទី​១​ ​ភាគ​រឿងព្រេង​និទាន​ ​និង​សិលា​ចារិក​ ​
    • ភាគ​ទី​២​ ​សម័យ​ក្រោយ​មហានគរ​ ​(រជ្ជកាល​ព្រះបាទ​ពញា​យ៉ាត​ ​ដល់​ព្រះ​សុរិយោពណ៌)
    • ភាគ​ទី​៣​ ​សម័យ​ក្រោម​អាណានិគម​សៀម​ ​និង​យួន​ ​
    • ភាគ​ទី​៤​ ​សម័យ​អាណានិគម​បារាំង​ ​
    • ភាគ​ទី​៥​ ​សម័យ​ក្រោយ​ឯករាជ្យ​១៩៥៣​ ​
    • ភាគ​ទី​៦​ ​សម័យ​សាធារណរដ្ឋ​ខ្មែរ​ ​
    • ភាគ​ទី​៧​ ​សម័យ​កុម្មុយនិស្ដ​ ​

ខ្ញុំ​គ្មាន​បំណង​នឹង​ចាត់​ទុក​ស្នាដៃ​នេះ​ ​ជា​សៀវភៅ​ប្រវត្ដិសាស្ដ្រ​ល្អ​ត្រឹមត្រូវ​ដែល​ត្រូវ​ជំនួស​ឯកសារ​ផ្សេង​ឯទៀត​នោះ​ទេ ។​ ​គោលបំណង​ ​និង​ទិស​ដៅ​ធំ​របស់ខ្ញុំ​គឺ​ចង់​ធ្វើ​ដូច​ម្ដេច​ចងក្រង​ឯកសារ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ ​ដែល​មាន​នៅ​គ្រប់​ទិស​ទី​ ​យក​មក​ធ្វើ​ជា​សំយោគ​សម្រួល​ទុក​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ​យុវជន​ ​ដើម្បី​ឲ្យ​ងាយ​យល់​ ​ក្រេប​ជញ្ជាក់​ ​ត្រងត្រាប់​ និង​ចេះ​ចង​ចាំ ។​

សៀវភៅ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​នេះ​ ​អាច​ចាត់​ទុក​ត្រឹមតែ​ជា​សៀវភៅ​ជំនួយស្មារតី​មួយ​ក្នុង​ការ​ស្វែងរក​យល់​ ​និង​ចេះ​ចង​ចាំ​អំពី​ដើម​កំណើត​ប្រវត្ដិ​ខ្មែរ ។​ ​យើង​ជា​ខ្មែរ​ត្រូវ​តែ​ស្គាល់​ខ្លួនឯង​ ​និង​ធាតុ​ពិតប្រាកដ​របស់​យើង​ជា​ខ្មែរ​មុន​សិន​ ​មុន​នឹង​ហ៊ាន​អះអាង​ធ្វើ​សកម្មភាព​អ្វី​មួយ ។​

ម្យ៉ាងវិញទៀត​ ​ស្នាដៃ​នេះ​ ​ក៏​អាច​ចាត់ទុកជា​វិភាគទាន​មួយ​ដែរ​ ​ក្នុង​ពេល​ដែល​យើង​ជា​ខ្មែរ​គ្រប់​រូប​ ​កំពុង​តែ​នាំ​គ្នា​ស្វះស្វែង​ប្រមែប្រមូល​ ​អន្ទង​ហៅរក​គ្រប់​អស់​ព្រលឹង​ជាតិ​ខ្មែរ​ ​ទាំង​នៅ​ជិត​ទាំង​នៅ​ឆ្ងាយ​ ​ឲ្យ​មូល​ជុំ​ត្រកូល​ចូល​មក​ក្នុង​រូបរាង​កាយ​ខ្មែរ​វិញ ។​ ​រហូត​មក​ដល់​ពេល​នេះ​ជិត​ប្រាំ​រយ​ឆ្នាំ​ហើយ​ ​ដែល​ខ្មែរ​យើង​ធ្លាក់ខ្លួន​ដុនដាប​ ​ស្គាល់​តែ​ទុក្ខសោក​វេទនា​ ​ឈឺ​ចុកចាប់​ ​ព្រាត់ប្រាស​ស្លាប់​គ្មាន​សល់​ ​គ្មាន​ឃើញ​ពន្លឺសុភមង្គល​ ​និង​គ្មាន​ស្គាល់​អ្វី​ដែល​ហៅ​ថា​កិត្ដិយស ។​ ​ខ្មែរ​លែង​មាន​ព្រលឹង​ ​ខ្មែរ​លែង​មាន​ជំនឿ​លើ​ខ្លួនឯង ។​ ​តែ​ខ្មែរ​បែរជា​មាន​ជំនឿ​ជឿ​លើ​បរទេស​ទៅ​វិញ ។​

ខ្ញុំ​មាន​ជំនឿ​ថា​ក្នុង​ពេល​ណា​ ​កាលៈទេសៈ​ណា​ ​ដែល​ខ្មែរ​បាន​ស្គាល់​ ​បាន​ចេះ​ចង​ចាំ​ប្រវត្ដិសាស្ដ្រ​ ​និង​វប្បធម៌​របស់​ខ្លួន​ពិតប្រាកដ​ ​ពេល​នោះ​ ​ខ្មែរ​មុខជា​មាន​ជំនឿ​លើ​ខ្លួនឯង​វិញ​ជា​មិន​ខាន​ ​ខ្មែរ​មុខជា​មាន​មោទនភាព​ ​និង​មាន​មហិច្ឆតា​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​ឲ្យ​បាន​រីក​ចម្រើន​លូតលាស់​ដូច​ប្រទេស​ប្រជាធិបតេយ្យ​និយម​ឯទៀត​ជា​មិន​ខាន ។​

ធីយេស៍, ប្រទេស​បារាំង, ថ្ងៃ​អង្គារ ទី១៨ មីនា ១៩៩៧

រស់ ចន្ដ្រាបុត្រ​ បណ្ឌិត​ផ្នែក​វិទ្យាសាស្ដ្រ​នយោបាយ សាកលវិទ្យាល័យ​បារីស៍ ​ទី​១០​ អ្នក​ស្រាវជ្រាវ​រួម​ ​នៃ​មជ្ឈមណ្ឌល​ជាតិ​ ស្រាវជ្រាវ​វិទ្យាសាស្ដ្រ​(C​.N​.R​.S​ ​) នៃ​ទីក្រុង​បារីស៍​ អតីត​សាស្ដ្រាចារ្យ​ទស្សនវិជ្ជា​ ​នៅ​ភ្នំពេញ 

រស់ ចន្ដ្រាបុត្រ​

បណ្ឌិត​ផ្នែក​វិទ្យាសាស្ដ្រ​នយោបាយ
សាកលវិទ្យាល័យ​បារីស៍ ​ទី​១០​
អ្នក​ស្រាវជ្រាវ​រួម​ ​នៃ​មជ្ឈមណ្ឌល​ជាតិ​
ស្រាវជ្រាវ​វិទ្យាសាស្ដ្រ​(C​.N​.R​.S​ ​) នៃ​ទីក្រុង​បារីស៍​
អតីត​សាស្ដ្រាចារ្យ​ទស្សនវិជ្ជា​ ​នៅ​ភ្នំពេញ

ភាគ​បន្ត

 

April 1, 2009

សៀមរុញគុយទាវលក់មកដល់រាជធានីភ្នំពេញ

ធុង​គុយទាវ​សៀម​ច្រឡំ​កន្លែង​លក់​ ​ត្រូវ​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ចាប់​ឃាត់

ធុង​គុយទាវ​សៀម​ច្រឡំ​កន្លែង​លក់​ ​ត្រូវ​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ចាប់​ឃាត់

រទេះ​ធុង​គុយទាវ​មាន​យីហោ​ជា​អក្សរ​សៀម​សុទ្ធសាធ​ ​មិន​មាន​លក្ខណៈ​ជា​ខ្មែរ​ ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ ​ចាប់​រឹបអូស​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ ​ថ្ងៃ​ទី​៣១​ ​ខែ​មីនា​ ឆ្នាំ​២០០៩ ​នៅ​តាម​ផ្លូវជាតិ​លេខ​៥​ ​ក្នុង​ភូមិ​សាមគ្គី​ ​សង្កាត់​ឫស្សីកែវ​ ​ខណ្ឌ​ឫស្សីកែវ​ ​ហើយ​នាំ​ទៅ​កាន់​សាលា​ខណ្ឌ​ឫស្សីកែវ​ដើម្បី​សាកសួរ ។

ការ​សរសេរ​ស្លាក​យីហោ​ជា​អក្សរ​បរទេស​នេះ​ ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​អត្ដសញ្ញាណ​ជាតិខ្មែរ​ ​ដែល​ស្លាក​យីហោ​ធុង​គុយទាវ​នេះ​ ​ត្រូវ​បាន​គេ​យក​មក​រុញ​លក់​គុយទាវ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ដែល​ជា​បេះ​ដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

តាម​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​បានឱ្យ​ដឹង​ថា​ ​ធុង​គុយទាវ​នេះ​ ​ត្រូវ​បាន​ជនជាតិ​សៀម​យក​មក​ដាក់​តាំង​លក់​នៅ​មុខ​ផ្ទះ​លេខ​11A​ ​ផ្លូវជាតិ​លេខ​៥​ ​ភូមិ​សាមគ្គី​ ​ខណ្ឌ​ឫស្សីកែវ​ ​រយៈពេល​២​ទៅ​៣​ថ្ងៃ​មក​ហើយ ។ ធុង​គុយទាវ​នេះ​ ​មិន​មាន​លក្ខណៈ​ជា​ខ្មែរ​សោះ​ ​នៅ​លើ​ស្លាក​យីហោ​មិន​មាន​អក្សរ​ខ្មែរ​១​តួ​នោះ​ទេ​ ​គឺ​សុទ្ធតែ​ជា​អក្សរ​សៀម​ ​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ ​និង​បាត់បង់​នូវ​អត្ដសញ្ញាណ​ខ្មែរ​ ​ទើប​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ ​ដោយ​មាន​ការ​ណែនាំ​ពី​លោក​ឃ្លាំង​ ​ហួត​ ​អភិបាល​ខណ្ឌ​ ​និង​ ​លោក​នុត​ ​ណុនដារ៉ា​ ​អភិបាលរង​ខណ្ឌ​ ​បញ្ជា​ឱ្យ​រៀបចំ​សណ្ដាប់ធ្នាប់​ខណ្ឌ​ ​ចុះ​ទៅ​ចាប់​រឹបអូស​យក​មក​ទុក​នៅ​សាលា​ខណ្ឌ ។

លោក​នុត​ ​ណុនដារ៉ា​ ​អភិបាលរង​ខណ្ឌឫស្សីកែវ​ ​បានឱ្យ​ដឹង​ថា​ ​ការ​សរសេរ​ស្លាក​យីហោ​នៅ​លើ​ធុង​គុយទាវ​ជា​អក្សរ​សៀម​ ​ហើយ​រុញ​លក់​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​បែប​នេះ​ ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អត្ដសញ្ញាណ​ជាតិខ្មែរ ។ នៅ​ក្នុង​ការ​ចាប់​ដកហូត​ធុង​គុយទាវ​នេះ​ ​សាលា​ខណ្ឌ​ឫស្សីកែវ​បាន​ឃាត់​ទុក​សិន​ ​រង់ចាំ​គោលការណ៍​ពី​ឯកឧត្ដម​ ​កែប​ ​ជុតិមា​ ​អភិបាល​រាជធានី​ភ្នំពេញ ។​ ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​នាំ​គ្នា​និយាយ​ថា​ ​ការ​សរសេរ​ស្លាក​យីហោ​ ​ដែល​ពុំ​មាន​លក្ខណៈ​ជា​ខ្មែរ​មិន​ត្រូវ​ឱ្យ​មាន​ទេ​ ​ធ្វើ​បែប​នេះ​ដូច​មើលងាយ​ខ្មែរ​ម្ចាស់​ស្រុក ។ ការ​សរសេរ​ស្លាក​ត្រូវ​ទាមទារ​ឱ្យ​មានច្បាប់​អនុញ្ញាត​ឱ្យ​បាន​ត្រឹមត្រូវ​ និង​មាន​លក្ខណៈ​ជា​ខ្មែរ ។

តាម​ប៉ូលិស​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ ​ធុង​គុយទាវ​នេះ​ ​មាន​ម្ចាស់​ឈ្មោះ​នីលក្លាង​ ​ដកមាយ​ ​ភេទ​ស្រី​ ​អាយុ​៤០​ឆ្នាំ​ ​ជា​ជនជាតិ​សៀម​ ​មាន​ប្ដី​ជា​ជនជាតិ​សៀម​ ​បម្រើ​ការងារ​នៅ​ស្ថានីយ៍​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ។​ ​ធុង​គុយទាវ​នោះ​ ​ត្រូវ​បាន​បុរស​ជា​ប្ដី​ទិញ​ពី​ជនជាតិ​សៀម​ ​ដែល​បាន​ចូលរួម​លក់​មី​ ​គុយទាវ​ ​នៅ​ក្នុង​ឱកាស​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​នៅ​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់​ ​ក្នុង​តម្លៃ​ប្រមាណ​ជាង​១០០​ដុល្លារ​ ​នៅ​ពេល​ដែល​ជនជាតិ​សៀម​ចូលរួម​តាំង​ពិព័រណ៍​នោះ​ត្រឡប់​ទៅ​ស្រុក​វិញ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា​ ​ការ​ទិញ​ធុង​គុយទាវ​ដើម្បី​ឱ្យ​ប្រពន្ធ​ជនជាតិ​សៀម​លក់​ ​មី​ ​គុយទាវ​នេះ​ ​គឺ​បុរស​ជា​ប្ដី​បម្រុង​យក​ធុង​នោះ​ទៅ​កែ​ច្នៃ​ឱ្យ​មាន​លក្ខណៈ​ជា​ខ្មែរ​វិញ​ដែរ​ ​តែ​ប្រពន្ធ​ប្រញាប់​យក​ធុង​ចេញ​ទៅ​លក់​ពេក​ ​ក៏​ត្រូវ​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ចុះ​ទៅ​ចាប់​យក​តែ​ម្ដង​ទៅ ៕

ដកស្រង់ពី​សារព័ត៌មាន​កោះសន្តិភាព ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០០៩

 






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve