កំសាន្តថ្ងៃនេះ
ការផ្សព្វផ្សាយលក់ផលិតផល២ប្រភេទផ្សេងគ្នា
ផលិតផលប្រភេទទី១



ផលិតផលប្រភេទទី២







សែម ណម អាយុ៤៥ឆ្នាំ គឺជាអ្នកអភិរក្សប្រាសាទសំបូរព្រៃគុកតំណតាំងពីឪពុករបស់គាត់នៅរស់ កាលពីសង្គមរាស្ដ្រនិយមមកម្ល៉េះ ។ នៅក្នុងរបបខ្មែរក្រហម ប្រាសាទសំបូរត្រូវពួកវាបញ្ជាឱ្យគាស់យកឥដ្ឋទៅធ្វើគុករម្ងាស់ស្ករ បញ្ជាឱ្យគាស់យកផ្ទាំងថ្មបាយក្រៀមជាខឿនប្រាសាទទៅក្រាលថ្នល់ ទៅធ្វើលូទឹក ហើយបញ្ជាឱ្យវាយយកដែកសរសៃនៅអភិរក្សដ្ឋាន(ផ្ទះបារាំង) ទៅធ្វើស្ពាន ។
លោក សែម ណម សព្វថ្ងៃគឺជាប្រធានអភិរក្ស និងជាប្រធានសហគមន៍អភិរក្សប្រាសាទសំបូរព្រៃគុកបាននិយាយថា ឪពុករបស់គាត់ឈ្មោះ មួក សែម គឺជាមន្ដ្រីអភិរក្សប្រាសាទសំបូរតាំងពីសង្គមរាស្ដ្រនិយម ។ សែម ណម និយាយថា តាំងពីកើតមកឃើញឪពុករបស់គាត់ និងគ្រួសាររបស់គាត់រស់នៅអភិរក្សដ្ឋានដែលគេហៅថា ផ្ទះបារាំងរហូត ។ ក្នុងអំឡុងទសវត្សទី៦០មានបុគ្គលិកខ្មែរអភិរក្សប្រាសាទតែ៤នាក់ប៉ុណ្ណោះ ដែលមានជនជាតិបារាំងជួយមើលផង ។ នៅក្នុងឆ្នាំ១៩៩៧០ តំបន់ប្រាសាទសំបូរព្រៃគុកគឺជាតំបន់រំដោះស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានខ្មែរក្រហម ពួកវាចាប់ផ្ដើមជម្លៀសគ្រសាររបស់គាត់ និងបុគ្គលិកទាំងអស់ចេញពីអភិរក្សដ្ឋាន ។ ក្រុមគ្រួសាររបស់គាត់ត្រូវខ្មែរក្រហមយកទៅឱ្យរស់នៅភូមិជាំស្វាយជាភូមិកណ្ដាលព្រៃ ក្នុងស្រុកសណ្ដាន់ ។ ចំណែកគ្រួសារផ្សេងទៀតត្រូវជម្លៀសទៅនៅភូមិសំបូរ ដែលឆ្ងាយពីប្រាសាទ១,៥គីឡូម៉ែត្រប៉ុណ្ណោះ ។
សែម ណម និយាយថា ពេលនោះពួកខ្មែរក្រហមបានយកអភិរក្សដ្ឋានដែលជាលំនៅសម្រាប់អ្នកអភិរក្សស្នាក់នៅការពារប្រាសាទ ទៅធ្វើជាកន្លែងច្នៃគ្រាប់ធ្វើមីនសម្រាប់វាយទាហានលន់ នល់ នៅកំពង់ធំ ។
នៅក្នុងអំឡុងឆ្នាំ១៩៧២-១៩៧៣ យន្ដហោះអាមេរិកបានទម្លាក់គ្រាប់បែក បណ្ដាលឱ្យខូចខាតអភិរក្សដ្ឋានតែមួយជ្រុងប៉ុណ្ណោះ ។ រហូតដល់ក្រោយថ្ងៃរំដោះ១៧ ខែមេសា ឆ្នាំ១៩៧៥ គ្រួសាររបស់គាត់ត្រូវពួកខ្មែរក្រហមបញ្ជូនត្រឡប់មករស់នៅភូមិសំបូរវិញ ប៉ុន្ដែមិនមានភារកិច្ចអ្វីពាក់ព័ន្ធនឹងប្រាសាទទៀតទេ ។ លោក សែម ណម និយាយទៀតថា ក្នុងអំឡុងឆ្នាំ១៩៧៦-១៩៧៧ និងឆ្នាំ១៩៧៨ ពួកខ្មែរក្រហមបានបញ្ជាឱ្យប្រជាជនបររទេះគោ រទេះក្របីទៅដឹកយកឥដ្ឋបុរាណក្នុងប្រាសាទទៅធ្វើគុករម្ងាស់ស្ករ បន្ទាប់មកទៀតពួកខ្មែរក្រហមបានបញ្ជាឱ្យប្រជាជនយករទេះគោ រទេះក្របីមកដឹកយកផ្ទាំងថ្មបាយក្រៀមដែលជាខឿន របងហ៊ុមព័ទ្ធប្រាសាទ ទៅក្រាលថ្នល់ យកទៅធ្វើលូទឹក ដោយគ្មានស្ដាយស្រណោះ ឬយល់ពីតម្លៃនៃថ្មប្រាសាទទាំងអស់នោះឡើយ ។ បន្ទាប់មកពួកខ្មែរក្រហមបានបញ្ជាឱ្យប្រជាជនវាយកំទេចអភិរក្សដ្ឋានដើម្បីយកដែកសរសៃទៅកាត់ធ្វើដែកគោលដើម្បីធ្វើស្ពាន ។ ក្រៅពីបំផ្លាញដោយមនុស្ស ប្រាសាទនៅបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយពួកអាមេរិកទម្លាក់គ្រាប់បែកក្នុងអំឡុងសង្គ្រាមឆ្នាំ១៩៧០ផងដែរ ។
សែម ណម បាននិយាយទៀតថា នៅក្រោយឆ្នាំ១៩៧៩ បន្ទាប់របបខ្មែរក្រហមបានដួលរលំទៅ ឪពុករបស់គាត់ មួក សែម បានឡើងជាមេឃុំសំបូរ កាលណោះនៅស្រុកកំពង់ស្វាយ ។ នៅឆ្នាំ១៩៩៤ គាត់ (មួក សែម) ត្រូវក្រសួងវប្បធម៌ហៅគាត់មកធ្វើជាអភិរក្សប្រាសាទសំបូរវិញ ។ ប៉ុន្ដែគាត់បានស្លាប់នៅពាក់កណ្ដាលឆ្នាំ១៩៩៤ ហើយគាត់(សែម ណម) ជាកូនបានបន្ដវេនឪពុក ហើយដឹកនាំក្រុមអភិរក្សរហូតដល់សព្វថ្ងៃនេះ ។
នេះគឺជាស្នាដៃរបស់ពួកខ្មែរក្រហមក្រោមការដឹកនាំរបស់បងធំ ប៉ុល ពត ដែលមិនត្រឹមតែសម្លាប់មនុស្សបំផ្លិចបំផ្លាញអ្វីៗទាំងអស់ប៉ុណ្ណោះទេ សូម្បីប្រាសាទដែលចាត់ទុកជាព្រលឹងជាតិក៏ត្រូវបំផ្លាញដែរ ៕
(អត្ថបទដកស្រង់ពីសារព័ត៌មានរស្មីកម្ពុជា)

ចន្លុះស្លឹកព្រាល
ចន្លុះ ( ន. ) គ្រឿងអុជបំភ្លឺ ធ្វើដោយជ័រនិងស្លឹកឈើ ឬធ្វើដោយសំបកឈើមានជ័រ; មានច្រើនយ៉ាង : ចន្លុះស្លឹក, ចន្លុះក្រាក់, ចន្លុះស្មាច់…។

ស្លឹកព្រាលសម្រាប់ធ្វើចន្លុះ

ស្លឹកព្រាលត្រូវបានគេចងរុំជាចង្កោម រួចយកជ័រឈើក្ដៅៗមកពូនស្បូតពីលើ

បន្ទាប់ពីជ័រឈើត្រជាក់ និងឡើងរឹង គេទទួលបានចម្លុះសម្រាប់ដុចបំភ្លឺ
តម្លៃចន្លុះមួយដើម នៅទីកន្លែងធ្វើក្នុងផ្សារអន្លង់វែង ខេត្តឧត្ដរមានជ័យ គឺ ៨០០ រៀល (ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០៩)
ក្រោយពេលប្រើប្រាស់រួច ត្រូវលាងសម្អាតឱ្យស្អាត ហើយដាក់នៅកន្លែងត្រជាក់ មិនត្រូវដាក់ជិតភ្លើង និងរបស់ដែលក្ដៅ ។ ធ្វើដូច្នេះបាន ឧបករណ៍នេះនឹងមានអាយុកាលប្រើប្រាស់រហូតដល់៣ ឆ្នាំ ។

ឧបករណ៍ដាំស្រូវជាជួរ
ក្រុមការងារនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ និងនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្ដិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទើបតែស្រាវជ្រាវ និងរកឃើញស្ថានីយតម្កល់អដ្ឋិធាតុបុរាណមួយ ដែល មានអាយុកាលប្រហែល៥០០ឆ្នាំមុន ស្ថិតនៅភូមិជីផាត ស្រុកថ្មបាំង ខេត្ដកោះកុង ។ តាមមន្ដ្រីជំនាញថា ស្ថានីយនេះត្រូវចុះត្រួតពិនិត្យតាំងពីខែវិច្ឆិកា ២០០៨កន្លងមក ។
ក្រុមការងារចុះស្រាវជ្រាវស្ថានីយតម្កល់អដ្ឋិធាតុបុរាណបានឱ្យដឹងថា ទីតាំងតម្កល់សពបុរាណនោះ មិនមែនជា របកគំហើញថ្មីទេ សម្រាប់អ្នករស់នៅតំបន់នោះ ព្រោះពួកគាត់បាននិយាយថា ពួកគាត់បានស្គាល់ និងឃើញទីតាំងតម្កល់សពនេះតាំងពីយូរណាស់មកហើយ តែពួកគាត់ហាក់ដូចជាមិនបានចាប់អារម្មណ៍ និងមិនបានរាយការណ៍ជូនអាជ្ញាធរដែនដី ឬអ្នកជំនាញឱ្យបានដឹងឡើយ ។ មួយឆ្នាំមុននេះ ពេលដែលមានការបង្កើតសមាគមទេសចរណ៍នៅក្នុងតំបន់នោះ ទើបអ្នកស្រុកបានរាយការណ៍ឱ្យតំណាងសហគមន៍បានដឹងអំពីទីតាំងបញ្ចុះសពបុរាណនោះ ។
ក្រោយពីទទួលបានដំណឹងនេះ តំណាងសហគមន៍ទេសចរណ៍បានផ្ដល់ព័ត៌មានទៅមន្ទីរ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយក៏មានការចាត់បញ្ជូនមន្ដ្រីជំនាញចុះស្រាវជ្រាវតំបន់នោះតែម្ដង ។ មន្ដ្រីនៃក្រុមស្រាវ ជ្រាវបាននិយាយថា ទីតាំងតម្កល់សពបុរាណស្ថិតនៅពីរកន្លែងផ្សេងគ្នា ហើយឃ្លាតពីគ្នាចម្ងាយប្រមាណ ៤០ម៉ែត្រ។ ទីតាំងទីមួយបានស្រាវជ្រាវរកឃើញមានក្រឡធំៗ ដាក់នៅក្នុងប្រឡោះថ្មនៃជញ្ជាំងភ្នំមានកំពស់ប្រហែល៨ម៉ែត្រ តែក្រុមការងារមិនទាន់បានត្រួតពិនិត្យក្រឡទាំងនោះឱ្យបានល្អិតល្អន់នៅឡើយ ព្រោះស្ថានភាពភូមិសាស្ដ្រមិនអំណោយផល ។ យោងតាមព័ត៌មានដែលផ្ដល់ដោយប្រជាពលរដ្ឋគឺក្រឡបុរាណនោះមានទាំងអស់ចំនួន៧ ដោយមួយចំនួននៅរក្សារូបរាងដើមល្អ តែមួយចំនួនទៀតបានបែកខូចខាត ហើយទំនងជាត្រូវក្រុមមនុស្សវាយបំបែកដើម្បីរកវត្ថុមានតម្លៃ ។ ចំណែកទីតាំងទីពីរស្ថិតនៅខាងត្បូងទីតាំងទីមួយប្រហែល៤០ម៉ែត្រ ។ ទីតាំងទីពីរនោះ ពុំមានក្រឡដូចទីតាំងទីមួយទេ គឺមានតែក្ដារមឈូសដាក់តម្រៀបគ្នានៅក្នុងជម្រកថ្ម មានរយៈកម្ពស់ដូចគ្នានឹងទីតាំងនៃក្រឡបុរាណដែរ តែយើងអាចឡើងទៅកាន់ទីនោះបានមិនមានឧបសគ្គអ្វីឡើយ ។ តាមការពិនិត្យ គឺទីតាំងទីពីរនោះ មានតម្កល់ក្ដារមឈូសចំនួន១៣ ក្នុងនោះក្ដារមឈូសចំនួន១២ គឺនៅរក្សារូបរាងល្អ តែក្ដារមឈូសមួយទៀតមានសភាពពុកផុយស្ទើរតែទាំងស្រុង ។ ក្ដារមឈូសទាំងនោះ គឺធ្វើអំពីឈើរាងបួនជ្រុងទ្រវែងមានប្រវែងចាប់ពី៨០សង្ទីម៉ែត្រ រហូតដល់១២០សង្ទីម៉ែត្រ និងទទឹងជាទូទៅមានប្រវែងប្រហែល២០សង្ទីម៉ែត្រ ព្រមទាំងមានគម្របដែលមានមុខកាត់រាងត្រីកោណ ។ នៅក្នុងមឈូសនីមួយៗ មាននៅសេសសល់ឆ្អឹងសាកសពខ្លះៗដូចជា ឆ្អឹងដៃជើង ឆ្អឹងជំនីរ ឆ្អឹងខ្នង និងបំណែកឆ្អឹងលលាដ៍ក្បាល ។ ក្ដារមឈូសទាំងនោះទំនងជាត្រូវបានគេរុះរើកកាយក្នុងបំណងរកវត្ថុមានតម្លែដូចជាក្រឡដែរ បណ្ដាលឱ្យឆ្អឹងសេសសល់ជ្រុះរប៉ាត់រប៉ាយ និងបែកបាក់គួរឱ្យសោកស្ដាយ ។ ក្រៅពីឆ្អឹងដែលនៅសេសសល់ គេក៏សង្កេតឃើញមានក្រឡតូចៗដាក់ក្នុងក្ដារមឈូសមួយចំនួនផងដែរ ។
មន្ដ្រីជំនាញបាននិយាយថា ទាក់ទិនទៅនឹងអាយុកាលនៃស្ថានីយតម្កល់សពបុរាណនោះ យើងមិនអាចធ្វើការសន្និដ្ឋានបានភ្លាមៗក្រៅផ្លូវការណាមួយនោះឡើយ ព្រោះថា ដើម្បីបានដឹងឱ្យជាក់លាក់អំពីអាយុកាលនោះ គឺត្រូវធ្វើការវិភាគតាមបែបវិទ្យាសាស្ដ្រ វិទ្យុសកម្ម កាបូន១៤ ទៅលើវត្ថុនីមួយៗសំខាន់ឆ្អឹងសាកសព ។
ប៉ុន្ដែយើងអាចប្រៀបធៀបទៅនឹងរបកគំហើញ ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានោះដែរ នៅឯតំបន់ ជួរភ្នំក្រវាញក្នុងខេត្ដពោធិ៍សាត់ ដែលបានរកឃើញស្ថានីយតម្កល់សពបុរាណ ដូចគ្នានឹងរបកគំហើញនៅខេត្ដកោះកុងនេះផងដែរ ។ ដូច្នេះយើងអាចសន្មតថា ស្ថានីយតម្កល់សពបុរាណដែលរកឃើញនៅខេត្ដកោះកុង នេះ គឺមានអាយុប្រហែល៥០០ឆ្នាំមុន ដូចគ្នានឹងស្ថានីយតម្កល់សពបុរាណនៅខេត្ដពោធិ៍សាត់ដែរ ។ ម្យ៉ាងទៀតស្ថានីយទាំងពីរនេះ គឺស្ថិតនៅក្នុងតំបន់ជួរភ្នំតែមួយដែលជាប្រភពនៃអារ្យធម៌ពិសេសមួយនៅក្នុងតំបន់នោះ ។
គួររម្លឹកថា នេះជាព័ត៌មានទី២ដែលត្រូវបានផ្សព្វផ្សាយក្នុងខែកុម្ភៈ ដែលស្ថានីយមួយក៏ត្រូវបានធ្វើកំណាយ ដែរដោយអ្នកជំនាញជប៉ុននៅខេត្ដបន្ទាយមានជ័យ ហើយបានរកឃើញអដ្ឋិធាតុមនុស្សបុរាណដែលមានអាយុកាល៥០០ឆ្នាំមុនគ.ស ៕
(សារព័ត៌មានកោះសន្ដិភាព ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០៩)

មឈូសបុរាណត្រូវបានរុញចូលតម្រៀបនៅក្រោមថ្មដ៏ធំមួយផ្ទាំងនេះ

មឈូសដាក់សាកសពមនុស្សបុរាណដែលបានរកឃើញ
Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve