ឧស្ម័នអូសូនអាចជួយឲ្យសំបុកឃ្មុំស្អាត និងមានសុវត្ថិភាព
អូសូនអាចជួយឲ្យសំបុកឃ្មុំកាន់តែស្អាត (បរិសុទ្ធ) និងមានសុវត្ថិភាពសម្រាប់ឃ្មុំទឹកឃ្មុំដែលមានចំនួនច្រើនសន្ធឹកសន្ធាប់នៅទ្វីបអាមេរិច ។ ការសិក្សានានានៅកន្លែងដទៃបានបង្ហាញថា ថ្នាំសម្លាប់សត្វល្អិតពីរប្រភេទគឺ Coumaphos និង Tau-fluvalinate ដែលត្រូវបានគេប្រើជាទូទៅដើម្បីគ្រប់គ្រង (សម្លាប់) សត្វល្អិត Varroa mites អាចប្រមូលផ្ដុំនៅក្នុងសំបុកឃ្មុំ ។ អ្នកស្រាជ្រាវបានដាក់ដបថ្នាំសម្លាប់សត្វល្អិតនៅក្នុងប្រអប់តូចៗដែលបិទយ៉ាងជិត បន្ទាប់មកយកទៅដាក់ចំលំហូរនៃឧស្ម័នអូសូន ។ ពួកគេបានរកឃើញថា នៅពេលដែលគេបញ្ចេញឧស្ម័នអូសូនក្នុងកម្រិត ៥០០ ភាគ១លាន ទៅក្នុងប្រអប់ ក្នុងសីតុណ្ហភាព ៩៣ 0F ពី ១០ ទៅ ១៥ ម៉ោង កំហាប់ទាបនៃថ្នាំសម្លាប់ល្អិតទាំងពីរប្រភេទថយឥទ្ធិពល ។ ក្នុងការបំបែកកំហាប់ខ្ពស់នៃ Tau-fluvalinate ទាមទារឲ្យដាក់ចំលំហូរឧស្ម័នអូសូនរយៈពេល ២០ ម៉ោង ។
អ្នកវិទ្យាសាស្ត្រក៏បានសម្លាប់ដង្កូវ និងរេណុប្បត្តសត្វ (ឧ. មេអំបៅ ដង្កូវស៊ីរូងដើម ។ល។) ពេញវ័យ ដែលជាសត្វល្អិតបំផ្លាញផ្លិតឃ្មុំគួរឲ្យកត់សម្គាល់ តែប៉ុន្មានម៉ោងនៃការដាក់ចំលំហូរឧស្ម័នអូសូន ប៉ុន្តែដើម្បីសម្លាប់ពងរេណុប្បត្តសត្វទាមទារឲ្យដាក់ចំលំហូរឧស្ម័នអូសូនពីរឬបីថ្ងៃ ។
ឧស្ម័នអូសូនក៏អាចសម្លាប់មីក្រុបដែលបណ្ដាលឲ្យឃ្មុំកើតជម្ងឺសំខាន់ៗផងដែរ ដូចជា Chalkbrood និង American Foulbrood ប៉ុន្តែទាមទារឲ្យអូសូនមានកំហាប់ខ្ពស់ និងធ្វើធូបទកម្ម (Fumigation) កាន់តែយូរ ៕ អត្ថបទដោយ Rosalind James
បកប្រែ និងផ្សព្វផ្សាយដោយមានការអនុញ្ញាតពី USDA (Agricultural Research/Feb 2009)
