Chouk Khmer

March 12, 2009

អាងសម្រាប់ត្រាំ និងផឹកថ្នាំគង់នៅភ្នំស្រួច

អាង​ត្រាំ​ថ្នាំ​គង់​ដែល​បាន​បន្សល់​ទុក​តាំងពី​បុរាណ​ដែល​គេ​នាំ​គ្នា​យក​ទឹក​លាប​ខ្លួន  

អាង​ត្រាំ​ថ្នាំ​គង់​ដែល​បាន​បន្សល់​ទុក​តាំងពី​បុរាណ​ដែល​គេ​នាំ​គ្នា​យក​ទឹក​លាប​ខ្លួន

អាង​សម្រាប់​ត្រាំ​ និង​ផឹក​ថ្នាំ​គង់​នៅ​ភ្នំ​ស្រួច​បាន​បន្សល់​ទុក​តាំងពី​សម័យ​បុរាណ​

ភ្នំ​ស្រួច​ឋិត​នៅ​ក្នុង​ទឹកដី​ឃុំ​កកោះ​ ​ស្រុក​សន្ទុក​ ​ខេត្ដ​កំពង់ធំ​ ​ចម្ងាយ​ពី​ផ្លូវ​ជាតិ​លេខ​៦​ ​ទិស​ខាងកើត​ប្រហែល​១​គីឡូម៉ែត្រ ។ ភ្នំ​នេះ​មាន​ទំហំ​មិនសូវ​ធំ​ប៉ុន្មាន​ទេ​ ​ហើយ​ក៏​មិន​សូវ​ខ្ពស់​ដូច​ភ្នំ​សន្ទុក​នោះ​ដែរ​ ​ប៉ុន្ដែ​ទី​នេះ​ប្រកប​ដោយ​បេតិកភណ្ឌ​ ​អច្ឆរិយ​វប្បធម៌​ ​បរម​បុរាណ​ ​ប្រហែល​នឹង​ភ្នំ​ដទៃ​ទៀត​នា​តំបន់​នោះ​ដែរ ។ ឯ​ក្នុង​ចំណោម​បេតិកភណ្ឌ​ទាំងនោះ​ ​គេ​តែង​ចាប់​អារម្មណ៍​លើ​អាង​ស្ដុក​ទឹក​សម្រាប់​ត្រាំ​ខ្លួន​ឱ្យ​សាច់​ស្វិត​ ​ហៅ​ថា​ ​សាច់​គង់​ ​និង​អាង​សម្រាប់​ផឹក​ថ្នាំ​គង់ ។

តាម​ឯកសារ​ប្រវត្ដិសាស្ដ្រ​បាន​បញ្ជាក់​ថា​ ​ខេត្ដ​កំពង់ធំ​បច្ចុប្បន្ន​ ​កាលពី​បុរាណកាល​ ​គឺជា​មូលដ្ឋាន​ខេត្ដ​កំពង់ស្វាយ​ដ៏​ល្បីល្បាញ​ ​ដែល​មាន​មេទ័ព​ដ៏​ធំ​មួយ​មាន​ងារ​ជា​ស្ដេចត្រាញ់​តេជោបុរារាជ​ ​សម្រាប់​កសាង​កម្លាំង​ទ័ព​ ​ដើម្បី​ទប់ទល់​នឹង​សត្រូវ​ឈ្លានពាន​ទឹកដី​កម្ពុជា ។ រហូត​ដល់​ឆ្នាំ​១៨៨៤​ ​ទើប​បារាំង​លុប​បំបាត់​លែង​ឱ្យ​មាន​ស្ដេច​ត្រាញ់​ ​ប៉ុន្ដែ​ខេត្ដ​កំពង់ធំ​នៅ​តែ​មាន​ងារ​អភិបាល​ខេត្ដ​ទៅ​តាម​នាម​ស្ដេច​ត្រាញ់​តេជោបុរារាជ​ដដែល​ ​រហូត​មក​ដល់​ឆ្នាំ​១៩៧៥​ ​ទើប​អស់​មាន​គោរមងារ​នេះ​(ឈាន​ចូល​សម័យ​ប៉ុល​ ​ពត​) ។ ប៉ុន្ដែ​ស្លាកស្នាម​តាំងពី​បុរាណកាល​ ​គឺ​បាន​បន្សល់​ទុក​តាំងពី​សម័យ​ចេនឡា​មក​ ​ដែល​មាន​រាជធានី​នៅ​ឦសាន​បុរៈ​ត្រង់​សំបូរ​ព្រៃ​គុក​សព្វថ្ងៃ​ ​ដែល​នៅ​ជិត​ស្ទឹង​សែន​ ​ក៏​បញ្ជាក់​ឱ្យ​ដឹង​ថា​ ​ខេត្ដ​កំពង់ធំ​ជា​មូលដ្ឋាន​កងទ័ព​ដ៏​សំខាន់​ប្រចាំ​ប្រទេស​កម្ពុជា​ដ៏​រុងរឿង​នា​សម័យ​សតវត្ស​ទី​៧​ និង​ទី​៨​ផង​ដែរ ។ ជាក់ស្ដែង​នៅ​ភ្នំ​ស្រួច​នៃ​ស្រុក​សន្ទុក​បច្ចុប្បន្ន​ ​ក៏​គេ​ដឹង​ថា​ ​មាន​មូលដ្ឋាន​នៃ​ការ​ហ្វឹកហ្វឺន​នៃ​ក្បួន​យុទ្ធសាស្ដ្រ​បុរាណ​ ​ដែល​ប្រយុទ្ធ​ដោយ​ដាវ​ខ្លី​ ដាវ​វែង​ កាំបិត​ខ្លី​ កាំបិត​វែង​ លំពែង​ ធ្នូ​ ​ស្នា​ ​ជាដើម​ ​សម្រាប់​ឱ្យ​កងទ័ព​សម​ហាត់​ឱ្យ​មាន​ការ​ស្ទាត់​ជំនាញ​ ​ដើម្បី​ចូល​ប្រយុទ្ធ​ក្នុង​សមរភូមិ​ក្នុង​ការ​បង្ក្រាបសត្រូវ ។ ទន្ទឹម​នឹង​ការ​ហាត់​ហ្វឹកហ្វឺន​នេះ​ ​ក៏​មាន​អាង​ត្រាំ​ខ្លួន​ឱ្យ​សាច់​ស្វិត​កាប់​មិន​មុត​ ​ឬ​ចាក់​មិន​ធ្លាយ​ផង​ដែរ​ ​ដែល​គេ​ត្រាំ​ទឹក​ក្នុង​អាង​នេះ​ ​ប្រហែល​ជាមួយ​សប្ដាហ៍​ទើប​យុទ្ធ​ជន​ទាំងនោះ​ឡើង​ទៅ​ផឹក​ទឹក​អាង​ត្រាំ​ថ្នាំ​ក្នុង​អាង​ទឹក​ផ្សេង​ទៀត​ ​ដែល​ឋិត​នៅ​ក្បែរ​នេះ​ដែរ ។​

ការ​ត្រាំ​ ​និង​ការ​ផឹក​ទឹក​ថ្នាំ​នេះ​ ​គឺ​ធ្វើ​ឱ្យ​សាច់​គង់​ ​កាប់​មិន​មុត​ ​ចាក់​មិន​ធ្លាយ​ ​ត្រូវ​ព្រួញ​មិន​មុត​ ​និង​មិន​ឈឺ​ចុកចាប់​ជាដើម ។ ចំពោះ​ថ្នាំ​ដែល​ដាក់​ផ្សំ​ត្រាំ​ក្នុង​អាង​ទាំងនោះ​ ​គឺ​ដើមឈើ​ សំបកឈើ​ ឫស​ឈើ​ មើម​ឈើ​ ​ប្រទាល​ច្រើន​មុខ​ ​និង​ផ្សំ​ជាមួយ​ស្រូវ​នាង​គង់​ខ្មៅ​ ​ដែល​ដុះ​នៅ​លើ​ភ្នំ​ស្រួច​នេះ​តែ​ម្ដង​ ​ដោយ​គេ​ពុំ​បាន​នាំ​យក​ពី​ទី​ដទៃ​មក​ផ្សំ​ឡើយ ។​ ​ប៉ុន្ដែ​បច្ចុប្បន្ន​ វត្ថុ​ធាតុ​រុក្ខជាតិ​ជា​ថ្នាំ​គង់​ទាំងនោះ​បាត់បង់​ខ្លះ​ហើយ​ ​គឺ​មិន​ដូច​កាលពី​បុរាណកាល​ទេ​ ​ដោយ​កន្លែង​ខ្លះ​ឃើញ​តែ​ដើម​ស្វាយចន្ទី​ជំនួស​វិញ ។​ ​នៅ​សល់​តែ​ឈ្មោះ​ភ្នំ​តែ​ប៉ុណ្ណោះ​ ​ដែល​បន្សល់​ឈ្មោះ​ថា​ ​ភ្នំ​ស្រួច​តាំងពី​បុរាណកាល​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

អាង​ផឹកថ្នាំ​គង់​ខ្នាត​ធំ​មួយ​កន្លែង​នៅ​លើ​ភ្នំ​ស្រួច 

អាង​ផឹកថ្នាំ​គង់​ខ្នាត​ធំ​មួយ​កន្លែង​នៅ​លើ​ភ្នំ​ស្រួច​

នេះ​ជា​កេរដំណែល​ដ៏​អស្ចារ្យ​មួយ​ ​ដែល​មក​ដល់​បច្ចុប្បន្ន​ ​គេ​ពុំ​អាច​បាន​ចេះ​ចាំ​ឱ្យ​ច្បាស់​អំពី​គ្រឿងផ្សំ​ថ្នាំ​គង់​នេះ ។​ ​ប៉ុន្ដែ​អនុស្សាវរីយ៍​ដែល​គេ​តែង​នៅ​ចង​ចាំ​ដក់​ជាប់​ក្នុង​ចិត្ដ​មក​ទល់​ពេល​នេះ​ ​គឺថា​កងទ័ព​ខ្មែរ​សម័យ​បុរាណ​ខ្លាំង​ពូកែ​ណាស់​ ​រហូត​មាន​ឈ្មោះ​ថា​ ​ពូជ​ខ្មែរ​ជា​អ្នក​ចម្បាំង ។ ពិសេស​គឺ​សម័យ​អង្គរ​ ​កងទ័ព​ជាតិ​ខ្មែរ​ ​ខ្លាំងពូកែ​ ​ដែល​ដឹកនាំ​ចម្បាំង​ផ្ទាល់​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ​បាន​ច្បាំង​ឈ្នះ​សត្រូវ​គ្រប់​ទិស​ទី​ ​ហើយ​ពេល​នោះ​ ទឹកដី​ខ្មែរ​ធំ​ទូលាយ​ណាស់​ ​ដែល​មាន​ព្រំដែន​ខាងជើង​ទល់​នឹង​ប្រទេស​ចិន​ ​ខាងលិច​ទល់​ភូមា​ ​ខាងត្បូង​ទល់​សមុទ្រ​ ​ខាងកើត​ទល់​នឹង​ប្រទេស​ចម្ប៉ា ។

ទន្ទឹម​នឹង​ការ​ប្រើប្រាស់​ថ្នាំ​គង់​ ​ឬ​ធ្វើ​ឱ្យ​សាច់​ស្វិត​នោះ​ ​គេ​ថែម​ទាំង​ដឹង​ពី​រឿង​កន្សែង​យ័ន​អាគម​អូម​អាម​ ​ពាក់​ខ្សែ​គាថា​ ​ដែល​កងទ័ព​បាន​រៀប​ចំ​ខ្លួន​ ​ដើម្បី​ចូល​សមរភូមិ​បង្ក្រាប​ខ្មាំង​សត្រូវ ។​ ​ប៉ុន្ដែ​គេ​ក៏​ដឹង​ថា​ ​មាន​តំណម​មិន​ឱ្យ​មើល​ងាយ​គេ​ មិន​ឱ្យ​ជេរ​ប្រមាថ​គេ​ និង​មិន​ឱ្យ​លួច​ទ្រព្យ​របស់​គេ​ ​ព្រមទាំង​មិន​ឱ្យ​រំលោភ​កូនស្រី​គេ​ ​ឬ​កូន​ប្រពន្ធ​អ្នក​ដទៃ ។​

ដូចនេះ​ ទាំង​មន្ដអាគម​អូម​អាម​ ​ក៏​ដូច​ជា​ការ​ប្រើប្រាស់​ថ្នាំ​គង់​ដែរ​ ​ដើម្បី​ឱ្យ​ពូកែ​ស័ក្ដិសិទ្ធិ​ ​ឬ​ហៅ​ថា​មាន​ប្រសិទ្ធភាព​ទៅ​បាន​ ​លុះត្រាតែ​អ្នក​នោះ​ឯង​មាន​សីលធម៌​ក្នុង​ខ្លួន​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ផង​ដែរ ៕

លី​ ហាក់​សេង​ ​ចុះ​ផ្សាយ​នៅ​ក្នុង​សារព័ត៌មាន​កោះសន្ដិភាព​ ​ថ្ងៃ​ទី​០៩​ ​ខែមីនា​ ​ឆ្នាំ​២០០៩​

Comments »

The URI to TrackBack this entry is: http://choukhmer.blogsome.com/2009/03/12/thman-kong/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve