អាងសម្រាប់ត្រាំ និងផឹកថ្នាំគង់នៅភ្នំស្រួច
អាងត្រាំថ្នាំគង់ដែលបានបន្សល់ទុកតាំងពីបុរាណដែលគេនាំគ្នាយកទឹកលាបខ្លួន
អាងសម្រាប់ត្រាំ និងផឹកថ្នាំគង់នៅភ្នំស្រួចបានបន្សល់ទុកតាំងពីសម័យបុរាណ
ភ្នំស្រួចឋិតនៅក្នុងទឹកដីឃុំកកោះ ស្រុកសន្ទុក ខេត្ដកំពង់ធំ ចម្ងាយពីផ្លូវជាតិលេខ៦ ទិសខាងកើតប្រហែល១គីឡូម៉ែត្រ ។ ភ្នំនេះមានទំហំមិនសូវធំប៉ុន្មានទេ ហើយក៏មិនសូវខ្ពស់ដូចភ្នំសន្ទុកនោះដែរ ប៉ុន្ដែទីនេះប្រកបដោយបេតិកភណ្ឌ អច្ឆរិយវប្បធម៌ បរមបុរាណ ប្រហែលនឹងភ្នំដទៃទៀតនាតំបន់នោះដែរ ។ ឯក្នុងចំណោមបេតិកភណ្ឌទាំងនោះ គេតែងចាប់អារម្មណ៍លើអាងស្ដុកទឹកសម្រាប់ត្រាំខ្លួនឱ្យសាច់ស្វិត ហៅថា សាច់គង់ និងអាងសម្រាប់ផឹកថ្នាំគង់ ។
តាមឯកសារប្រវត្ដិសាស្ដ្របានបញ្ជាក់ថា ខេត្ដកំពង់ធំបច្ចុប្បន្ន កាលពីបុរាណកាល គឺជាមូលដ្ឋានខេត្ដកំពង់ស្វាយដ៏ល្បីល្បាញ ដែលមានមេទ័ពដ៏ធំមួយមានងារជាស្ដេចត្រាញ់តេជោបុរារាជ សម្រាប់កសាងកម្លាំងទ័ព ដើម្បីទប់ទល់នឹងសត្រូវឈ្លានពានទឹកដីកម្ពុជា ។ រហូតដល់ឆ្នាំ១៨៨៤ ទើបបារាំងលុបបំបាត់លែងឱ្យមានស្ដេចត្រាញ់ ប៉ុន្ដែខេត្ដកំពង់ធំនៅតែមានងារអភិបាលខេត្ដទៅតាមនាមស្ដេចត្រាញ់តេជោបុរារាជដដែល រហូតមកដល់ឆ្នាំ១៩៧៥ ទើបអស់មានគោរមងារនេះ(ឈានចូលសម័យប៉ុល ពត) ។ ប៉ុន្ដែស្លាកស្នាមតាំងពីបុរាណកាល គឺបានបន្សល់ទុកតាំងពីសម័យចេនឡាមក ដែលមានរាជធានីនៅឦសានបុរៈត្រង់សំបូរព្រៃគុកសព្វថ្ងៃ ដែលនៅជិតស្ទឹងសែន ក៏បញ្ជាក់ឱ្យដឹងថា ខេត្ដកំពង់ធំជាមូលដ្ឋានកងទ័ពដ៏សំខាន់ប្រចាំប្រទេសកម្ពុជាដ៏រុងរឿងនាសម័យសតវត្សទី៧ និងទី៨ផងដែរ ។ ជាក់ស្ដែងនៅភ្នំស្រួចនៃស្រុកសន្ទុកបច្ចុប្បន្ន ក៏គេដឹងថា មានមូលដ្ឋាននៃការហ្វឹកហ្វឺននៃក្បួនយុទ្ធសាស្ដ្របុរាណ ដែលប្រយុទ្ធដោយដាវខ្លី ដាវវែង កាំបិតខ្លី កាំបិតវែង លំពែង ធ្នូ ស្នា ជាដើម សម្រាប់ឱ្យកងទ័ពសមហាត់ឱ្យមានការស្ទាត់ជំនាញ ដើម្បីចូលប្រយុទ្ធក្នុងសមរភូមិក្នុងការបង្ក្រាបសត្រូវ ។ ទន្ទឹមនឹងការហាត់ហ្វឹកហ្វឺននេះ ក៏មានអាងត្រាំខ្លួនឱ្យសាច់ស្វិតកាប់មិនមុត ឬចាក់មិនធ្លាយផងដែរ ដែលគេត្រាំទឹកក្នុងអាងនេះ ប្រហែលជាមួយសប្ដាហ៍ទើបយុទ្ធជនទាំងនោះឡើងទៅផឹកទឹកអាងត្រាំថ្នាំក្នុងអាងទឹកផ្សេងទៀត ដែលឋិតនៅក្បែរនេះដែរ ។
ការត្រាំ និងការផឹកទឹកថ្នាំនេះ គឺធ្វើឱ្យសាច់គង់ កាប់មិនមុត ចាក់មិនធ្លាយ ត្រូវព្រួញមិនមុត និងមិនឈឺចុកចាប់ជាដើម ។ ចំពោះថ្នាំដែលដាក់ផ្សំត្រាំក្នុងអាងទាំងនោះ គឺដើមឈើ សំបកឈើ ឫសឈើ មើមឈើ ប្រទាលច្រើនមុខ និងផ្សំជាមួយស្រូវនាងគង់ខ្មៅ ដែលដុះនៅលើភ្នំស្រួចនេះតែម្ដង ដោយគេពុំបាននាំយកពីទីដទៃមកផ្សំឡើយ ។ ប៉ុន្ដែបច្ចុប្បន្ន វត្ថុធាតុរុក្ខជាតិជាថ្នាំគង់ទាំងនោះបាត់បង់ខ្លះហើយ គឺមិនដូចកាលពីបុរាណកាលទេ ដោយកន្លែងខ្លះឃើញតែដើមស្វាយចន្ទីជំនួសវិញ ។ នៅសល់តែឈ្មោះភ្នំតែប៉ុណ្ណោះ ដែលបន្សល់ឈ្មោះថា ភ្នំស្រួចតាំងពីបុរាណកាលរហូតមកដល់សព្វថ្ងៃនេះ ។
អាងផឹកថ្នាំគង់ខ្នាតធំមួយកន្លែងនៅលើភ្នំស្រួច
នេះជាកេរដំណែលដ៏អស្ចារ្យមួយ ដែលមកដល់បច្ចុប្បន្ន គេពុំអាចបានចេះចាំឱ្យច្បាស់អំពីគ្រឿងផ្សំថ្នាំគង់នេះ ។ ប៉ុន្ដែអនុស្សាវរីយ៍ដែលគេតែងនៅចងចាំដក់ជាប់ក្នុងចិត្ដមកទល់ពេលនេះ គឺថាកងទ័ពខ្មែរសម័យបុរាណខ្លាំងពូកែណាស់ រហូតមានឈ្មោះថា ពូជខ្មែរជាអ្នកចម្បាំង ។ ពិសេសគឺសម័យអង្គរ កងទ័ពជាតិខ្មែរ ខ្លាំងពូកែ ដែលដឹកនាំចម្បាំងផ្ទាល់ដោយព្រះបាទជ័យវរ្ម័នទី៧ បានច្បាំងឈ្នះសត្រូវគ្រប់ទិសទី ហើយពេលនោះ ទឹកដីខ្មែរធំទូលាយណាស់ ដែលមានព្រំដែនខាងជើងទល់នឹងប្រទេសចិន ខាងលិចទល់ភូមា ខាងត្បូងទល់សមុទ្រ ខាងកើតទល់នឹងប្រទេសចម្ប៉ា ។
ទន្ទឹមនឹងការប្រើប្រាស់ថ្នាំគង់ ឬធ្វើឱ្យសាច់ស្វិតនោះ គេថែមទាំងដឹងពីរឿងកន្សែងយ័នអាគមអូមអាម ពាក់ខ្សែគាថា ដែលកងទ័ពបានរៀបចំខ្លួន ដើម្បីចូលសមរភូមិបង្ក្រាបខ្មាំងសត្រូវ ។ ប៉ុន្ដែគេក៏ដឹងថា មានតំណមមិនឱ្យមើលងាយគេ មិនឱ្យជេរប្រមាថគេ និងមិនឱ្យលួចទ្រព្យរបស់គេ ព្រមទាំងមិនឱ្យរំលោភកូនស្រីគេ ឬកូនប្រពន្ធអ្នកដទៃ ។
ដូចនេះ ទាំងមន្ដអាគមអូមអាម ក៏ដូចជាការប្រើប្រាស់ថ្នាំគង់ដែរ ដើម្បីឱ្យពូកែស័ក្ដិសិទ្ធិ ឬហៅថាមានប្រសិទ្ធភាពទៅបាន លុះត្រាតែអ្នកនោះឯងមានសីលធម៌ក្នុងខ្លួនឱ្យបានខ្ជាប់ខ្ជួនផងដែរ ៕
លី ហាក់សេង ចុះផ្សាយនៅក្នុងសារព័ត៌មានកោះសន្ដិភាព ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០០៩