Chouk Khmer

March 5, 2009

វីរភាព​របស់​ស្ដ្រី​ខ្មែរ​នៅ​សម័យ​អង្គរ

រូប​ចម្លាក់​នា​សម័យ​អង្គរ​បង្ហាញ​ពី​វីរភាព​របស់​ស្ដ្រី​ខ្មែរ​ 

រូប​ចម្លាក់​នា​សម័យ​អង្គរ​បង្ហាញ​ពី​វីរភាព​របស់​ស្ដ្រី​ខ្មែរ​

ចម្លាក់​នៅ​រោងទង​ខាងក្រៅ​នៃ​ប្រាសាទ​បាយ័ន​ ​បាន​បង្ហាញ​អំពី​ស្ដ្រី​មាន​ភារកិច្ច​ដឹកនាំ​ជាមួយ​ខ្លួន​ច្រើន​ផ្នែក​នៅ​ពេល​ធ្វើ​ដំណើរ​ ​ដែល​គេ​មើល​យល់​ថា​ ​ជា​ពេល​ស្រុក​កើត​សង្គ្រាម ។

រូប​ចម្លាក់​នា​សម័យ​អង្គរ​បង្ហាញ​ពី​វីរភាព​របស់​ស្ដ្រី​ខ្មែរ​

រូប​ចម្លាក់​នា​សម័យ​អង្គរ​បង្ហាញ​ពី​វីរភាព​របស់​ស្ដ្រី​ខ្មែរ​ 

តាម​រយៈ​រូបភាព​នៃ​ចម្លាក់​ថ្ម​បាន​បង្ហាញ​ថា​ ​ស្ដ្រី​ម្នាក់​នេះ​មាន​ទូល​សម្ភារៈ​អ្វី​មួយ​លើ​ក្បាល​ ​ទំនង​ជា​ធ្ងន់​ផង​ដែរ​ ​ទើប​ដៃ​ឆ្វេង​ជួយ​ទប់​ទម្ងន់ ។​ ​លើ​ស្មា​ឆ្វេង​មាន​ស្ពាយ​ទៃ​មួយ​ ​ទំនងជា​ចំណី​របស់​កូន​ហូប​តាម​ផ្លូវ​ ​ឬ​ក៏​ជា​វត្ថុ​សំខាន់​ ដូចជា​ គ្រឿង​អលង្ការ​ជាដើម ។​ ​ឯ​ដៃស្ដាំ​វិញ​ ​ស្ដ្រី​នោះ​ព​កូន​តូច​ប្រកៀក​ជាប់​នឹង​ដងខ្លួន​ ​ដោយ​ចុងដៃ​មាន​ក្ដាប់​លំពែង​ ​និង​គង​ដង​ពី​លើ​ស្មា​ស្ដាំ​ផង​ ​សម្រាប់​ទុក​ការពារ​ខ្លួន​ក៏​ថា​បាន​ ​ឬ​ក៏​សម្រាប់​ទុក​ឱ្យ​ប្ដី​ធ្វើសឹក​សង្គ្រាម​ក៏​ថា​បាន​ ​ព្រោះ​សម័យ​នោះ​កងទ័ព​ប្រើ​តែ​ដាវ​លំពែង​ ​ធ្នូ​ ​ស្នា​ ​ប៉ុណ្ណោះ​ ​ពុំ​ទាន់​មាន​កាំភ្លើង​ទេ ។​ ​ឯ​ប្ដី​វិញ​ ​បាន​រែក​ស្រូវ​អង្ករ​យ៉ាង​ធ្ងន់​ដើរ​នៅ​មុខ​ប្រពន្ធ​ ​ហើយ​បាន​ដាក់​អំរែក​ឈប់​សម្រាក​ឱ្យ​មាន​កម្លាំង​បន្ដិច ។

រូប​ចម្លាក់​នេះ​ ​បាន​បង្ហាញ​អំពី​ស្រុក​កើត​សង្គ្រាម​ ​ដែល​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ផ្លាស់​ប្ដូរ​ទីកន្លែង​ ​ពី​មួយ​ទៅ​មួយ​ដោយ​ការ​ដឹក​ជញ្ជូន​កូនចៅ​ ​និង​ស្បៀង​អាហារ​ទុក​សម្រាប់​បរិភោគ ។​ ​ចំពោះ​ស្ដ្រី​ដែល​មាន​កាន់​លំពែង​នោះ​ ​គឺ​ជា​អាវុធ​សម្រាប់​បង្ក្រាប​សត្រូវ​ក្នុង​សមរភូមិ ។​

លំពែង​ជា​អាវុធ​របស់​ប្ដី​ដែល​ជា​យុទ្ធជន​ក៏​ថា​បាន​ ​និង​លំពែង​ជា​អាវុធ​របស់​ប្រជាពលរដ្ឋ​ទុក​បង្ការ​ខ្លួន​តាម​ផ្លូវ​ក៏​ថា​បាន ។​ ​ប៉ុន្ដែ​គេ​បាន​អះអាង​ថា​ ​ពេល​ប្ដី​ទៅ​ធ្វើសង្គ្រាម​ ​តែង​នាំ​ប្រពន្ធ​កូន​ទាំង​គ្រួសារៗ​ទៅ​តាម​ខ្លួន​ ​ទើប​បណ្ដាល​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ប្រកប​ដោយ​ការ​ដឹក​ជញ្ជូន​ ពាំនាំ​រយីងរយោង​ផ្ទាល់ខ្លួន​យ៉ាង​នេះ ។

ក្រៅពី​រែក​ ​មាន​សែង​ ​ពុន​ ​ព្រមទាំង​ទូល​ ​និង​លី​ ​កណ្ដៀត​ ​ទៅ​តាម​ទម្ងន់​ធ្ងន់​ឬ​ស្រាល​ ​និង​ទៅ​តាម​ឧបករណ៍​សម្រាប់​ចែក​រម្លែក​កម្លាំង​គ្នា​ដឹកនាំ​ ឬ​ជ​ញ្ចូ​ន​ឱ្យ​បាន​អស់​ក្នុង​ការ​បន្ដ​ដំណើរ​ទៅ​មុខ ។

ជំនាន់​បុរាណ​ ​យាន​ជំនិះ​ផ្លូវគោក​សម្រាប់​ដឹក​ជញ្ជូន​សំខាន់​ជាង​គេ​ ​គឺ​រទេះគោ​ ​ឬ​រទេះក្របី​-សេះ​ ​ប៉ុណ្ណោះ ។ ក្រៅពី​នោះ​ ​មាន​តែ​ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ ​មាន​ទូល​ ​រែក​ ​សែង​ដោយ​កម្លាំង​ផ្ទាល់​របស់​មនុស្ស ។​ ​ប៉ុន្ដែ​ ​គួរ​ឱ្យ​ស្ងើច​សរសើរ​ណាស់​ ​ចំពោះ​ស្ដ្រី​ខ្មែរ​ដែល​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ដឹក​ជញ្ជូន​អស់​ពី​សមត្ថភាព​ ​គឺ​ប្រើ​ប្រាស់​ដៃ​ឥត​មាន​ទំនេរ​ទេ​ ​មិន​ដើរ​តែ​ខ្លួន​ទទេ​បង់បោយ​រលះ​នោះ​ឡើយ​ ​ដូច​ឃើញ​ក្នុង​រូបចម្លាក់​នៅ​ប្រាសាទ​បាយ័ន​ស្រាប់ ។ នេះ​គឺ​ជា​ជីវិត​តស៊ូ​ក្នុង​សង្គ្រាម​ដែល​តែងតែ​លំបាក​វេទនា​យ៉ាងហ្នឹង ។ ដូច​ពាក្យ​ចាស់​ទុកជា​បណ្ដាំ​ថា​ ​“ដំរី​ជល់​គ្នា​ ​ងាប់​ស្រមោច​សង្អារ” គឺ​ប្រជាពលរដ្ឋ​ជា​អ្នក​ទទួល​រង​ទុក្ខវេទនា​ ​លំបាក​លំបិន​ ​ប្រកបដោយ​គ្រោះថ្នាក់​ ​ក្លាយ​ខ្លួន​ទៅ​ជា​ចំណី​សង្គ្រាម​យ៉ាង​អណោច​អាធ័ម​ទៀត​ផង ។

ជាក់ស្ដែង​ ​នៅ​ស្រុក​ខ្មែរ​យើង​កន្លង​មក​ភ្លើង​សង្គ្រាម​ឆាបឆេះ​រយៈពេល​ជាង​២០​ឆ្នាំ​ ​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​រង​ទុក្ខវេទនា​ ​គ្មាន​អ្វី​ប្រៀប​បាន​ឡើយ ។ ក្រៅពី​ការ​ស្លាប់​ ​និង​ការ​ព្រាត់​ប្រាស់​ ​គឺ​ទ្រព្យសម្បត្ដិ​ប្រជា​ពលរដ្ឋ​ ​និង​ទ្រព្យសម្បត្ដិ​សាធារណៈ​ត្រូវ​វិនាស​អន្ដរាយ​យ៉ាង​ធ្ងន់ធ្ងរ​ក្រៃ​លែង ។ នៅ​ពេល​ដែល​ស្រុក​ទេស​កើត​សង្គ្រាម​ពេញ​បន្ទុក​ហើយ​នោះ​ ​គឺ​ប្រាកដ​ជា​ពួក​អ្នក​នយោបាយ​នឹង​រត់​ចោល​ស្រុក​ ​រត់​ចោល​ប្រជាពលរដ្ឋ​ ​ឯ​ទុក្ខវេទនា​ត្រូវ​ធ្លាក់​មក​លើ​ប្រជាពលរដ្ឋ​ដដែល​ជា​ដដែល ៕

លី​ ​ហាក់​សេង​
(ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​កោះសន្ដិភាព​ ​ថ្ងៃ​ទី​៤​ ​ខែកុម្ភៈ​ ​ឆ្នាំ​២០០៩​)

 

Comments »

The URI to TrackBack this entry is: http://choukhmer.blogsome.com/2009/03/05/vireak-pheap-strei-khmer/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve