Chouk Khmer

March 5, 2009

ចម្លាក់យក្ស និង​ទេវតា​នៅ​ខ្លោង​ទ្វារ​អង្គរធំ

ខ្លោង​ទ្វារ​ចូល​អង្គរ​ធំ ទិស​ខាង​ត្បូង

ខ្លោង​ទ្វារ​ចូល​អង្គរ​ធំ ទិស​ខាង​ត្បូង

ចម្លាក់​យក្ស​ និង​ទេវតា​ខ្លោងទ្វារ​អង្គរធំ​នៅ​តែ​មាន​អាថ៌​កំបាំង​សម្រាប់​អ្នក​សិក្សា​ពី​បុរាណវិទ្យា​

យោង​តាម​សៀវភៅ​មួយ​ដែល​មាន​ចំណងជើង​ថា ​“ប្រវត្ដិសាស្ដ្រ​នៃ​កម្ពុជា​សង្គម​ខ្មែរ​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧” របស់​លោក​បណ្ឌិត​ មីសែល​ត្រាណេ​ ចាប់​ពី​បន្ទាត់​ទី​៧​រាប់​ពី​លើ​ចុះ​ក្រោម​ក្នុង​ទំព័រ​ទី​៤៦​រហូត​ដល់​បន្ទាត់​ទី​២​នៃ​ទំព័រ​ទី​៤៩​ ​បាន​សរសេរ​រៀបរាប់់​អំពី​អត្ថន័យ​អាថ៌​កំបាំង​នៃ​ទេវតា​ ​និង​យក្ស​ទាញព្រ័ត្រ​ទាំងនោះ​ថា​ វា​ជា​តំណាង​នូវ​ឥន្ទធនូ​ដែល​ភ្ជាប់​ឋាន​មនុស្ស​លោក​ទៅ​នឹង​ឋានសួគ៌​ ឬ​ឋាន​ទេវតា ។​ មតិ​មួយទៀត​ថា​ជា​និមិត្ដរូប​នៃ​ការ​កូរ​សមុទ្រ​ទឹកដោះ​ដែល​ជា​ទេវតា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្កើត​លោក​យើង​នេះ ។ ដូច្នេះ​ហើយ​ការ​តុបតែង​ខ្លោងទ្វារ​អង្គរធំ​ដោយ​ចម្លាក់​យក្ស​ ​និង​ទេវតា​ ​មាន​ន័យ​ថា​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ទ្រង់​ចង់​បង្ហាញ​នូវ​មហិទ្ធិឬទ្ធិ​របស់​ព្រះ​អង្គ​តែ​ប៉ុណ្ណោះ​ដែល​បាន​ឈ្នះ​លើ​ទ័ព​ចាម ។

ខ្លោង​ទ្វារ​ចូល​អង្គរ​ធំ ទិស​ខាង​ត្បូង  

សូម​បញ្ជាក់​បន្ថែម​ថា​ តាម​មតិ​លើក​ឡើង​ខាងលើ​នេះ​ក៏​ជា​ការ​មាន​ប្រយោជន៍​ដែរ​ ក៏​ប៉ុន្ដែ​យក​ជា​ការ​ពុំ​ទាន់​ត្រឹមត្រូវ​នៅឡើយ​ទេ​ ព្រោះ​យើង​យល់​ពុំ​ទាន់​អស់​សេចក្ដី​ត្រង់​ថា​ ហេតុ​ដូច​ម្ដេច​បាន​ជា​យក្ស​មាន​ចំនួន​ដល់​ទៅ​៥៤​ រីឯ​ទេវតា​ក៏​មាន​ចំនួន​ដូច​គ្នា​ដែរ ? ដើម្បី​ឱ្យ​មានការ​បកស្រាយ​អត្ថន័យ​ការ​បកស្រាយ​អត្ថន័យ​ចម្បាំង​រវាង​យក្ស​និង​ទេវតា​ខាងលើ​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​ យើង​ត្រូវ​ស្រាវជ្រាវ​រក​ចម្លើយ​តាម​រយៈ​គម្ពីរ​ទេវតា​ឥណ្ឌា​ដែល​មាន​ការ​អត្ថាធិប្បាយ​អំពី​ចម្បាំង​រវាង​យក្ស​ ​និង​ទេវតា ។

សូម​បញ្ជាក់​ថា​ ក្នុង​ជំនឿ​លើ​សភាវៈ​ល្អ​ និង​អាក្រក់​នៃ​ព្រហ្មញ្ញសាសនា​ យក្ស​ និង​ទេវតា​ គឺ​ជា​កម្លាំង​ផ្ទុយ​គ្នា​ក៏​ពិតមែន​ ក៏​ប៉ុន្ដែ​វា​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ចលនា​ជុំវិញ​ឱ្យ​មាន​ការ​បង្កើត​ស្ថិរភាព​ក្នុង​លោក​យើង​នេះ​ដែល​មាន​លក្ខណៈ​អមតៈ​ក្នុង​ទស្សនៈ​របស់​ជនជាតិ​ឥណ្ឌា​បុរាណ ។​ ម្យ៉ាងទៀត​ការ​អភិវឌ្ឍ​ស្ថិរភាព​ និង​សេដ្ឋកិច្ច​នៃ​មនុស្សលោក​យើង​ទាមទារ​ជា​និច្ចកាល​នូវ​ថាមពល​ទាំង​ពីរ​នេះ​ដែរ ។ ​ទាំងនេះ​ជា​ខ្លឹមសារ​ ឬ​អត្ថន័យ​ស៊ីជម្រៅ​របស់​ចម្លាក់​បុរាណ​ធំ​សម្បើម​ទាំង​អស់នោះ​ដែល​ជា​ការ​លំអ​ទីក្រុង​អង្គរធំ​ ដោយ​បង្កើត​នូវ​អត្ថន័យ​អាថ៌​កំបាំង​ដែល​មនុស្ស​នា​សម័យ​ទំនើប​យើង​នេះ​ពិបាក​នឹង​យល់ ។

ទន្ទឹម​នឹង​ទស្សនៈ​នេះ​ គេ​ក៏​អាច​និយាយ​បាន​ទៀត​ថា​ ចម្បាំង​រវាង​ពួក​យក្ស​ ​និង​ពួក​ទេវតា​ក្នុង​ក្រសែ​ភ្នែក​របស់​ខ្មែរ​បុរាណ​ ​គឺ​តំណាង​ចម្បាំង​រវាង​ទ័ព​ចាម​ ​និង​ទ័ព​ខ្មែរ​ផង​ដែរ ។ នេះ​ឯង​ជា​បុគ្គលិកលក្ខណៈ​ ​និង​សារជាតិ​ពិត​ដែល​ព្រះមហាក្សត្រ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ប៉ង​ប្រាថ្នា ។​ ដូច្នេះ​ថ្វី​ដ្បិតតែ​ចម្បាំង​មាន​លក្ខណៈ​អច្ឆរិយៈ​ក៏​ដោយ​ ​ក៏​បាន​បង្ហាញ​ព្រឹត្ដិការណ៍​ពិតៗ​នៅ​ក្នុង​សង្គម​ខ្មែរ​ផង​ដែរ ។​ វត្ដមាន​របស់​វា​ពិតជា​បាន​ជម្រុញ​ឱ្យ​ជនជាតិ​ខ្មែរ​មាន​សេចក្ដី​ក្លាហាន​ មាន​មនសិការ​ជាតិ​ ​ព្រោះ​មនុស្ស​ម្នាក់ៗ​ប្រៀប​បាន​នឹង​សភាវៈ​ល្អ​ ​ពោល​គឺ​ទេវតា​ដែល​តំណាង​ឱ្យ​មនុស្ស​ល្អ​ត្រឹមត្រូវ​ថ្លៃថ្នូរ​ ​ដើម្បី​សេចក្ដីសុខ​ចម្រើន​របស់​គ្រួសារ​ ​និង​សង្គម​ជាតិ​របស់​ខ្លួន ។

ចំពោះ​សាសនិកជន​បុរាណ​ គេ​ជឿ​ថា​លោក​យើង​នេះ​ជា​ល្បែង​របស់​អាទិភាព​ដែល​សម្ដែង​ឡើង​ដោយ​កម្លាំង​ ​ឬ​ឥទ្ធិពល​ពីរ​ផ្ទុយ​គ្នា​ គឺ​យក្ស​ ​និង​ទេវតា​ដែល​ពុំ​អាច​ខ្វះ​មួយ​ណា​បាន​ឡើយ ។ ការ​សន្និដ្ឋាន​ដោយ​ត្រឹមត្រូវ​ថា​ចម្លាក់​ទាំងនេះ​ពុំ​មាន​ធ្វើ​ឡើង​សម្រាប់​តំណាង​ទេវតា​កូរ​សមុទ្រ​ទឹកដោះ​ទេ ។ សៀវភៅ​លោក​បណ្ឌិត​ មីសែល​ ​ត្រាណេ​ ​បាន​សរសេរ​បន្ដ​ទៀត​ថា​ នៅ​មុខ​ខ្លោងទ្វារ​ចូល​ប្រាសាទ​អង្គរធំ​ គេ​ឃើញ​មាន​ពពួក​យក្ស​ចំនួន​៥៤​នៅ​ខាងស្ដាំ​ ​និង​ទេវតា​ចំនួន​៥៤​ដូច​គ្នា​នេះ​នៅ​ខាងឆ្វេង​ ​បូក​រួម​ចម្លាក់​ទ្វារ​ទាំង​៤​នៅ​ប្រាសាទ​អង្គរធំ​ ​មាន​យក្ស​ ​និង​ទេវតា​ដល់​ទៅ​៤៣២ ។

ការ​និយម​តួលេខ​“៤៣២” ក្នុង​គម្ពីរ​វេទ​គឺ​តំណាង​ចំណេះដឹង​ខ្ពង់ខ្ពស់​ដ៏​កំពូល​ ដោយហេតុ​ថា​លេខ​នេះ​គឺជា​លេខ​នៃ​ចំនួន​គាថា​វេទ​និយម​ទាំងអស់ ។ ក្នុង​ន័យ​នោះ​យើង​អាច​បញ្ជាក់​ថា​វត្ដមាន​នៃ​ចម្លាក់​ទាំងនេះ​ពុំ​មែន​ជា​ការ​ចៃដន្យ​ឡើយ​ ​គឺ​ចម្លាក់​មាន​សារសំខាន់​ណាស់​ ​ដើម្បី​ស្វែង​យល់​អំពី​ទស្សនៈ​ខ្មែរ​នា​សម័យ​បុរាណ ។​ ​និមិត្ដរូប​នៃ​តួលេខ​ទាំងនេះ​អាច​ធ្វើ​ឱ្យ​យើង​សន្និដ្ឋាន​ថា​ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​បាន​ផ្សារ​ភ្ជាប់​អង្គរធំ​ដែល​ជា​សមិទ្ធផល​របស់​ព្រះ​អង្គ​ទៅ​នឹង​ទំហំ​ ​និង​ពេលវេលា ។ ធ្វើ​ដូច្នេះ​ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ប្រាថ្នា​ចង់​ឱ្យ​ទីក្រុង​អង្គរ​ទឹកដី​ដ៏​បវរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មាន​លក្ខណៈ​ជា​អមតៈ​ស្ថិតស្ថេរ​ជា​និច្ច​និរន្ដរ៍​ ដោយ​គ្មាន​អ្នក​ណា​មួយ​មក​កំទេច​បាន​ទៀត​ឡើយ ។ ចំណុច​ស្នូល​នៃ​ការ​រៀបចំ​អង្គរធំ​ឡើង​វិញ​តាម​រយៈ​ចម្លាក់​និមិត្ដរូប​ចម្បាំង​រវាង​យក្ស​ ​និង​ទេវតា​ដោយ​មាន​តាង​លេខ​៥៤​ ​ឬ​០១១​ ​និង​៤៣២​ នេះ​ គឺជា​ភាព​ប៉ិន​ប្រសប់​កំពូល​របស់​ស្ថាបត្យកម្ម​ខ្មែរ​បុរាណ​យ៉ាង​ពិតប្រាកដ ។

សូម​បញ្ជាក់​ថា​ ប្រាសាទ​មួយ​ចំនួន​ទ្រុឌទ្រោម​បែកបាក់​ដោយ​ធម្មជាតិ​ ​និង​មនុស្ស​បំផ្លាញ​ក្នុង​បរិវេណ​អង្គរវត្ដ​បេតិកភណ្ឌ​ពិភពលោក​ត្រូវ​បាន​ទទួល​ការ​អភិរក្ស​ និង​ជួសជុល​ជា​ច្រើន​មក​ហើយ ​រួម​មាន​ ប្រាសាទ​បាពួន​ ​ប្រាសាទ​ចៅសាយទេវតា​ ​ស្ពាន​នាគ​ចូល​អង្គរតូច​ និង​ប្រាសាទ​ជា​ច្រើន​ទៀត ៕

(អត្ថបទ​ដកស្រង់​ពី​សារព័ត៌មាន​កោះសន្ដិភាព​ ​ថ្ងៃ​ទី​២៤​/១២/០៨)

រូប​ចម្លាក់​ផ្នែក​ខាង​ទេវតា

រូប​ចម្លាក់​ផ្នែក​ខាង​ទេវតា

រូប​ចម្លាក់​ផ្នែក​ខាង​យក្ស

រូប​ចម្លាក់​ផ្នែក​ខាង​យក្ស

រូប​ចម្លាក់​ទេវតា

រូប​ចម្លាក់​ទេវតា

 រូប​ចម្លាក់​យក្ស

 រូប​ចម្លាក់​យក្ស

 

 

 អត្ថបទ​ពាក់ព័ន្ធៈ   ស្ពាន​នាគ​នៅ​អង្គរ​ធំ

 

1 Comment »

The URI to TrackBack this entry is: http://choukhmer.blogsome.com/2009/03/05/sculptures-angkor-thom-entrance/trackback/

  1. មាន​ហេតុ​ផល​អ្វី​ខ្លះ ដែល​គេ​និយាយ​ថា “..ការ​សន្និដ្ឋាន​ដោយ​ត្រឹមត្រូវ​ថា​ចម្លាក់​ទាំងនេះ​ពុំ​មាន​ធ្វើ​ឡើង​សម្រាប់​តំណាង​ទេវតា​កូរ​សមុទ្រ​ទឹកដោះ​ទេ..”?

    Comment by វិចិត្រ​ — March 9, 2009 @ 10:24 pm

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve