Chouk Khmer

March 5, 2009

ព្រហ្មវិហារធម៌ និង ទសពិធរាជធម៌

ព្រហ្មវិហារធម៌​ ​និង​ទសពិធរាជធម៌​របស់​មេដឹកនាំ

ព្រហ្មវិហារធម៌​ ​និង​ទសពិធរាជធម៌​របស់​មេដឹកនាំ

ក-ព្រហ្មវិហារធម៌​

តើ​ព្រហ្មវិហារធម៌​មាន​អ្វីខ្លះ ? ព្រហ្មវិហារធម៌​មាន​ មេត្ដា​ ​ករុណា​ ​មុទិតា​ ​និង​ ឧបេក្ខា ។​

១-មេត្ដា

មេត្ដា​ ​គឺ​សេចក្ដី​អាណិត​ ​ស្រឡាញ់​ ​ចង់​ឲ្យ​អ្នកផង​បាន​សុខ ។​ ​មេដឹកនាំ​តែងតែ​មាន​ការ​អាណិត​អាសូរ​ជា​និច្ច​ដល់​អ្នក​ក្រោម​បង្គាប់​ ​និង​ប្រជាពលរដ្ឋ ។ យក​ចិត្ដ​ទុក​ដាក់​ខ្ពស់​បំផុត​ ​ពោល​គឺ​ ​បើ​​ស្រឡាញ់​ខ្លួនឯង​ប៉ុណ្ណា​ ​​ត្រូវ​តែ​ស្រឡាញ់​អ្នក​ដទៃ​ ​ក្រុម​ការងារ​ ​កូនចៅ​ ​អ្នក​ក្រោម​បង្គាប់​ ​និង​ប្រជាពលរដ្ឋ​​ប៉ុណ្ណឹង​ដែរ ។​ ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ​ជា​ក្សត្រ​ដែល​មាន​ទសពិធរាជធម៌​ ​និង​ព្រហ្មវិហារធម៌​ពិតប្រាកដ​ ​ទ្រង់​យក​ព្រះ​ទ័យ​ទុកដាក់​ខ្វាយខ្វល់​ចំពោះ​រាស្ដ្រ​ជា​និច្ច​ ​“ទ្រង់មាន​ព្រះ​ទ័យ​ព្រួយបារម្ភ​ចំពោះ​រោគ​របស់​ប្រជារាស្ដ្រ​ព្រះ​អង្គ​ ​ជាង​ព្រះ​អាពាធ​ព្រះ​អង្គ​ទៅ​ទៀត​ ​ព្រោះថា​សេចក្ដី​ទុក្ខ​របស់​រាស្ដ្រ​ ​គឺជា​សេចក្ដី​ទុក្ខ​របស់​អ្នក​គ្រប់គ្រង​ទាំងឡាយ​ ​មិនមែន​សេចក្ដី​ទុក្ខ​ផ្ទាល់​ព្រះ​អង្គ​ទេ​ ​ដែល​នាំ​ឲ្យ​ព្រះ​អង្គ​ព្រួយ​ឈឺ​ចាប់​នោះ” ។

២-ករុណា

ករុណា​ ​ចេះ​ជួយ​សង្គ្រោះ​អ្នក​ដទៃ​ឲ្យ​បាន​សេចក្ដីសុខ ។​ ​មេដឹកនាំ​​ត្រូវ​ចេះ​ជួយ​សង្គ្រោះ​អ្នក​ក្រីក្រ​លំបាក​ ​អ្នក​រង​គ្រោះ​ ​អ្នក​ដែល​ស្ថិត​ក្នុង​ភាព​ល្ងង់​ខ្លៅ​ ​និង​អ្នក​មាន​វិបត្ដិ​ផ្សេងៗ ។​ ​មេដឹកនាំ​​ត្រូវ​តែ​ហ៊ាន​លះបង់​គ្រប់​បែប​យ៉ាង​ ​ដើម្បី​ជួយ​សង្គ្រោះ​ជន​រួមជាតិ​ខ្លួន​ឲ្យ​រួច​ផុត​ពី​សេចក្ដី​ទុក្ខវេទនា​ទាំងអស់​ ​តែ​ដំណោះស្រាយ​ក្នុង​ការ​ជួយ​សង្គ្រោះ​ ត្រូវ​ដោះស្រាយ​ពី​ដើមចម​នៃ​បញ្ហា​ ​កុំ​ព្យាយាម​ដោះ​ចុង​បញ្ហា​ ​វា​ជា​ការ​ខាត​ពេល​ ​ខាត​ធនធាន​ឥត​ប្រយោជន៍​ ​ហើយ​បើ​​ប្រឹង​ដោះ​ខ្លាំង​ប៉ុណ្ណា​ ​បញ្ហា​ក៏​នឹង​កើន​ឡើង​ប៉ុណ្ណោះ​ ​ទោះ​ដោះ​រហូត​ស្លាប់​ទាំង​ខ្លួន​ទៀត​ ​ក៏​ពុំ​អាច​ចប់​បាន​ឡើយ ។​ ​ព្រះ​ពុទ្ធ​អង្គ​ជា​គំរូ​ស្រាប់​ ​ព្រះ​អង្គ​ហ៊ាន​លះបង់​រាជសម្បត្ដិ​ ​យសសក្កិ​ ​សេចក្ដីសុខ​ផ្ទាល់ខ្លួន​ ​និង​កាម​កិលេស​ ​តណ្ហា​ផ្សេងៗ​ ​រហូត​ដល់​អាយុជីវិត​ ​ដើម្បី​ស្វះ​ស្វែង​រក​ផ្លូវ​សង្គ្រោះ​មនុស្សលោក​ទូទៅ​ឲ្យ​រួច​ផុត​ពី​អវិជ្ជា​ ​គឺ​សេចក្ដី​ទុក្ខ ។​

៣-មុទិតា

មុទិតា​ ​មេដឹកនាំ​​មិន​ត្រូវ​មាន​ចិត្ដ​ច្រណែន​ឈ្នានីស​ ​ឬ​អន់ចិត្ដ​ចំពោះ​ការ​រីក​ចម្រើន​ ​ជោគជ័យ​របស់​អ្នក​ដទៃ​ ​ឬ​អ្នក​ក្រោម​បង្គាប់​ ​ឬ​ប្រជាពលរដ្ឋ​ឡើយ ។​ ​ផ្ទុយ​ទៅ​វិញ​ ​មេដឹកនាំ ​ត្រូវ​សប្បាយ​ត្រេកអរ​នឹង​សេចក្ដីសុខ​ចម្រើន​របស់​ប្រជាពលរដ្ឋ​​ ​ឬ​រីករាយ​សាទរ​ ​ពេល​ឃើញ​ពលរដ្ឋ​បាន​សេចក្ដីសុខ​ដោយសារ​ខ្លួន ។​ ​ក្រោយ​ពី​ពេល​ខ្លួន​បាន​ជួយ​សង្គ្រោះ​ ​ទោះបីជា​គេ​មិន​ថ្លែង​អំណរគុណ​ក៏​ដោយ​ ​ក៏​មិន​ត្រូវ​ទោមនស្ស ។​ ​មាន​ន័យ​ថា​ ​មេដឹកនាំ​​ ​មិន​ត្រូវ​រម្លឹក​គុណ​របស់​ខ្លួន​ ​អួត​ប្រាប់​គេ​ឲ្យ​ដឹង​ពេល​ជួយ​អ្នក​ដទៃ​នោះ​ទេ ។ តែ​ផ្ទុយ​ទៅ​វិញ​ ​មេដឹកនាំ​​ត្រូវ​សរសើរ​ ​និង​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ ​ដែល​បាន​ធ្វើ​ល្អ​មក​លើ​ខ្លួន​ ​ទោះជា​អំពើ​ល្អ​នោះ​តិច​ក្ដី​ ​ច្រើន​ក្ដី ។​

៤-ឧបេក្ខា

ឧបេក្ខា​ ​មេដឹកនាំ​​ត្រូវ​ប្រកាន់​ចិត្ដជា​កណ្ដាល​ ​មិន​លំអៀង​ ​ព្រោះ​ស្អប់​ ​ស្រឡាញ់​ ​ច្រណែន​ ​និន្ទាឈ្នានីស​ ​អន់ចិត្ដ ។​ ​មេដឹកនាំ​ស្មោះស្មើ​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​ ​ដោយ​មិន​រើសអើង​ ​ដោយសារ​ភាព​អគតិ​ ​និង​ការ​ប្រកាន់​បក្ស​ពួក​ឡើយ ។​ ​អ្នកដឹកនាំ​​​ត្រូវ​បង្កើត​គោលការណ៍​រួម​ ​និង​ច្បាប់​រដ្ឋ​ជា​ច្បាប់​មួយ​មាន​សមភាព​អនុវត្ដន៍​លើ​ជន​ទូទៅ​ដូចៗ​គ្នា​ ​ហើយ​ជា​អ្នក​នាំមុខ​គេ​ប្រតិបត្ដិ​ ​ប្រកាន់​គោលការណ៍​ ​និង​អនុវត្ដ​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ។​

ខ-ទសពិតធម៌​

ទសពិធធម៌​ ​គឺជា​គោល​ធម៌​ទាំង​ ​១០​ប្រការ ដែល​មេដឹកនាំ​គ្រប់​រូប​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​ជា​និច្ច ។​ ​គោល​ធម៌​ទាំង​ ​១០​ប្រការ​មាន ៖

១-ទាន

ទាន​ ​គឺ​ការ​ផ្ដល់​ឲ្យ​ដូច​ជា​ ​វត្ថុ​ ​សម្ភារៈ​ ​ចំណេះដឹង​ ​ការ​អប់រំ​ ​ក្បួនច្បាប់​ ​និង​ការ​អប់រំ​ព្រះធម៌​ ​ដល់​ប្រជាពលរដ្ឋ​​​ជាទី​ស្រឡាញ់​របស់​ខ្លួន​ជាដើម ។​ ​មេដឹកនាំ​​​ត្រូវ​ហ៊ាន​លះបង់​ធនធាន​ផ្ទាល់ខ្លួន​ ​ធ្វើ​អំណោយទាន​ដល់​ប្រជាពលរដ្ឋ​​​ដែល​ក្រីក្រ​លំបាក ។​ ​មេដឹកនាំ​​​ត្រូវធ្វើ​ទាន​ក្នុង​គន្លង​គតិបណ្ឌិត​ ​មិនមែន​ក្នុង​បែប​ប្រជា​ភិថុត​ឡើយ ។​ ​ពោល​គឺ​ ​អំណោយ​ជា​ ​ផ្លែ​ ​ខ្សែ​សន្ទូច​ ​និង​ចំណេះដឹង​ ​ដើម្បី​ឲ្យ​​​ចេះ​រក​ ​ចេះ​ស្ទូច​ត្រី​ចិញ្ចឹម​ជីវិត​ដោយ​ខ្លួនឯង ។​

២-សីល

អ្នកដឹកនាំ​ល្អ​ ​គឺ​ជា​អ្នក​ដែល​ប្រកាន់​ខ្ជាប់​វិន័យ​ ​អំពើ​ល្អ​ ​តាម​ឱវាទ​ព្រះពុទ្ធ ។​ ​មេដឹកនាំ​​​​ត្រូវ​មាន​សីល​៥​ក្នុង​ខ្លួន ។​

ទី​១-សីល​ទាំង​៥​ ​រួម​មានៈ​ ​អ្នកដឹកនាំ​​​មិន​សាហាវ​យង់ឃ្នង​ ​មិន​ប្រព្រឹត្ដ​អំពើ​ទុច្ចរិត​ផ្សេងៗ​ ​មិន​បៀតបៀន​មិត្ដ​រួមការ​ងារ​ ​អ្នក​ក្រោម​ឱវាទ​ ប្រជាពលរដ្ឋ​របស់​ខ្លួន​ ​រហូត​ដល់​ការ​កាប់​សម្លាប់​ជាដើម ។​

ទី​២-អ្នកដឹកនាំ​​​មិន​ត្រូវ​ពុក​រលួយ​ ​ស៊ី​សំណូក​ ​លួច​បន្លំ​ ​កេង​យក​ទ្រព្យសម្បត្ដិ​ជាតិ​ ​ឬ​ទ្រព្យ​បុគ្គល​ ​ឬ​ក្រុម​គ្រួសារ​ណាមួយ​ ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ ​ឬ​ប្រយោជន៍​ក្រុម​គ្រួសារ​ ​និង​បក្សពួក​ឡើយ ។​ ​មេដឹកនាំ​ត្រូវ​តែ​មាន​ការ​ស្មោះត្រង់​ចំពោះ​ជាតិ​គ្រប់​ពេលវេលា ។​

ទី​៣-អ្នកដឹកនាំ​ជាតិ​​​មិន​ត្រូវ​ពោល​ពាក្យ​កុហក​ ​ត្រូវ​តែ​ស្មោះត្រង់​ ​តាំង​ពី​ការ​គិត​ ​និយាយ​ ​និង​ការ​ធ្វើ​ឡើង​ទៅ ។ ពោល​គឺ​ ​គិត​ ​និយាយ​ ​និង​ធ្វើ​តែ​១ ។​ ​មេដឹកនាំ​ជាតិ​​មិន​ត្រូវ​គិត​ផ្សេងៗ​ ​និយាយ​ផ្សេង​ ​ធ្វើ​ផ្សេង​នោះ​ទេ ។​

ទី​៤-អ្នកដឹកនាំ​ជាតិ​​មិនមែន​ជា​អ្នក​ដែល​ល្មោភ​កាម​តណ្ហា​ ​បុណ្យ​សក្កិ​ ​អំណាច​ ​និង​ទ្រព្យសម្បត្ដិ​ជាតិ​ឡើយ ។​ ​មិន​ត្រូវ​ប៉ះពាល់​កូន​ ​ប្រពន្ធ​គេ​ ​ឬ​ធ្វើ​ឲ្យ​ខូចខាត​ផលប្រយោជន៍​ជាតិ​ ​និង​ប្រជាពលរដ្ឋ​ ។​

ទី​៥-មេដឹកនាំ​មិន​ត្រូវ​លង់​ក្នុង​ការ​សេព​គ្រឿងញៀន​ ​អាភៀន​ ​កញ្ឆា​ ​ស្រី​ ​ស្រា​ ​ល្បែង​ ​ព្រោះ​នាំ​ឲ្យ​ខូច​ស្មារតី​ ​និង​ប៉ះពាល់​ដល់​សុខភាព ។​

សរុប​មក​ ​មេដឹកនាំ​ត្រូវ​គ្រប់គ្រង​អារម្មណ៍​ទាំង​៦​ឲ្យ​មាន​ភាព​ប្រក្រតី​ជា​ដាច់ខាត​ ​គឺ​ភាព​សាមញ្ញ​ ​មិន​វង្វេង​ ​និង​លង់​តាម​អារម្មណ៍​ទាំង​៦​នោះ​ឡើយ​ ​ព្រោះ​នាំ​ឲ្យ​​មាន​ចំណុច​ខ្សោយ​ភ្លេច​ស្មារតី ។​ ​ព្រះពុទ្ធ​ទ្រង់​ត្រាស់​ទុក​ថា​ “អ្នក​ធ្វេសប្រហែស​ ​បាត់បង់​ស្មារតី​ ​ប្រៀប​ដូច​មនុស្ស​ស្លាប់” ។

៣-បរិច្ចាគ​ ​ឬ​ការ​លះបង់

បរិច្ចាគ​ ​ឬ​ការ​លះបង់​ ​មេដឹកនាំ​ត្រូវ​លះបង់​ខ្លួន​ដើម្បី​ជួយ​សង្គ្រោះ​ជាតិ​ ​ឲ្យ​រស់រាន​ ​មាន​ជីវិត​គង់វង្ស ។​ ​ការ​លះបង់​ជា​កត្ដា​សំខាន់​ក្នុង​ទាក់ទាញ​ជំនឿ​ពី​អ្នក​ក្រោម​ឱវាទ​ ​ឬ​អ្នក​ជុំវិញ​ ​ឲ្យ​ដើរ​តាម​ខ្លួន ។​ ​ភាព​កំណាញ់​ស្វិត​ ​នឹង​ធ្វើ​ឲ្យ​អ្នកដឹកនាំ​បាត់បង់​ប្រីយ៍ភាព​ ​បាត់បង់​ជំនឿ​ពី​អ្នកផង ។​ ​ការ​លះបង់​ទី​នេះ​ ​ចង់​និយាយ​សម្ដៅ​ទៅ​លើ​ការ​លះបង់​ដើម្បី​សាង​ប្រយោជន៏​អ្វីមួយ​សម្រាប់​សង្គម​ជាតិ ។​ ​ក្នុង​ឋានៈ​ជា​មេដឹកនាំ​ត្រូវ​ហ៊ាន​ធ្វើ​គំរូ​ ​នាំមុខ​គេ​ ​ក្នុង​ការ​ធ្វើ​ពលីកម្ម​អាយុជីវិត​ ​លះបង់​តាំងពី​ធនធាន​ ​ពេលវេលា​ ​សេចក្ដីសុខ​ផ្ទាល់​ខ្លួន​ ​កិត្ដិយស​មុខមាត់​ ​រហូត​ដល់​ជីវិត​ ​ដើម្បី​ធ្វើ​ប្រយោជន៍​ជូន​ជាតិ​ និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ ​ដែល​កំពុង​រង​ទុក្ខវេទនា​ ​ក្រីក្រ​ ​អត់ឃ្លាន​ ​ល្ងង់ខ្លៅ​ ​និង​ភ័យ​ខ្លាច ។​ ​តើ​ត្រូវ​ធ្វើការ​លះបង់​អ្វីខ្លះ ? លះបង់​ភាព​មុខមាត់​និយម​ ​សម្ភារៈ​ហ៊ឺហា​ ​អំនួត​អួតអាង​និយម​ ​អាត្មា​និយម​ ​និង​ភាព​ភ្លើតភ្លើន ។​

ដូច​ពោល​ខាងលើ​ខ្លះៗ​មក​ហើយ​ ​ដើម្បី​ដឹកនាំ​គេ​ ត្រូវធ្វើ​ឲ្យ​គេ​មាន​ជំនឿ​ ​ស្រឡាញ់​គោរព​​ជា​មុន ។​ ​ដើម្បី​ឲ្យ​អ្នកផង​ ​ជឿ​ស្រឡាញ់​​ ​ត្រូវធ្វើ​ខ្លួន​ឲ្យ​សមសួន​ ​មាន​ឫកពារ​ថ្លៃថ្នូរ​ ​ដោយ​ការ​វា​ចាក​អំពើ​អបាយមុខ​ផ្សេងៗ ។​ ​ជា​ពិសេស​ ​លះបង់​ការ​ស្រេកឃ្លាន​មុខមាត់​ អំនួត​អួតអាង​ ​ភាព​ភ្លើតភ្លើន​និង​សម្ភារៈ​និយម​ ​ហ៊ឺហា​សម្បូរ​គ្មាន​ព្រំដែន ។​ ពោល​គឺ​ ​ត្រូវ​តែ​ចុះ​បម្រើ​ពលរដ្ឋ​ដល់​ទីកន្លែង ។​

៤-អាជ្ជវៈ​ ​ឬ​សេចក្ដី​សោះ​ត្រង់

អាជ្ជវៈ​ ​គឺ​ជា​សេចក្ដី​ត្រង់​ ​មិន​វៀចវេរ​ ​ក្រឡិចក្រឡុច ។​ ​មេដឹកនាំ​ត្រូវ​ស្មោះត្រង់​ចំពោះ​ឧត្ដមគតិ​រួម​ ​មុខងារ​ ​តួនាទី​របស់​ខ្លួន​ ​ត្រង់​ចំពោះ​ក្រុមការងារ​ ​ត្រង់​ចំពោះ​ប្រទេស​ជាតិ​ ​និង​ប្រជាពលរដ្ឋ​ ​ត្រង់​ទាំង​ការ​គិត​ ​ការ​និយាយ​ ​និង​ការ​អនុវត្ដ​ការងារ​ ​ត្រង់​ចំពោះ​អ្នក​ក្រោម​បង្គាប់​ ​និង​ត្រង់​ចំពោះ​សេចក្ដី​ល្អ​ទាំងឡាយ ។​ ​ភាព​ស្មោះត្រង់​ ​ជា​ផ្លូវ​ដ៏​ល្អ​មួយ​ ​ញ៉ាំង​ឲ្យ​មាន​ការ​ជឿជាក់​ពី​អ្នក​ជុំវិញ​ខ្លួន ។​ ​ជំនឿ​ជាក់​ពី​អ្នកផង​ទាំងពួង​ ​នឹង​ធ្វើ​ឲ្យ​មាន​ការ​រួបរួមសាមគ្គី​គ្នា​ជុំវិញ​ខ្លួន​ដែល​ជា​អ្នកដឹកនាំ​ ​ហើយ​អាច​ជួយ​ធ្វើ​ឲ្យ​ការ​ដឹកនាំ​ដើរទៅ​រក​ជោគជ័យ​បាន​ឆាប់​រហ័ស ។ ក៏​ប៉ុន្ដែ​ ​នៅ​ពេល​ដែល​មាន​ការ​រួបរួម​ជុំវិញ​ខ្លួន​ហើយ​ ​មេដឹកនាំ​មិន​ត្រូវ​ភ្លេចខ្លួន​ភ្លើតភ្លើន​ ​មើល​ងាយ​អ្នកផង​ជុំវិញ​ឡើយ ។​ ​កាន់តែ​មាន​ការ​រួបរួម​ជុំវិញ​ខ្លួន​ខ្លាំង​ឡើង​កាលណា​ ​កាន់តែ​ផ្ដល់​សារៈសំខាន់​ដល់​សហការី​ជុំវិញ​ខ្លួន​​កាន់តែ​ឱន​លំទោន​ ​ប្រកបដោយ​សេចក្ដី​ថ្លៃថ្នូរ​ខ្ពស់​ឡើង​ជា​និច្ច ។​ ​មិន​គួរ​និយាយ​ពី​អ្នក​ក្រោម​ឱវាទ​ថា​អាក្រក់​យ៉ាងនេះ​ ​មិនល្អ​យ៉ាងនោះ​ឡើយ ។​ ​ត្រូវ​រិះរក​វិធី​កែខៃ​ដោយ​ភាព​ស្មោះត្រង់​ ​ដើម្បី​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ទាំងអស់​គ្នា​ ​ដើរ​ទៅ​ជាមួយ​គ្នា​ឆ្ពោះ​ទៅ​រក​ជោគជ័យ ។​ ​ត្រូវ​ចាំ​ថា​ ​អង្គការ​នយោបាយ​ដឹកនាំ​ ​ប្រៀប​បីដូច​ជា​ក្រុម​តូរ្យតន្ដ្រី​មួយ​ដែរ ។​ ​ត្រូវ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការងារ​រៀងខ្លួន​ ​ដូច​គ្នា​ស្មើៗ​គ្នា ។​ ​បើ​ស្គរ​លេង​ល្អ​ ​តែ​ហ្គីតា​លេង​អន់​ ​ក៏​មិន​កន្ដ្រាក់​ ​ទាក់​អារម្មណ៍​អ្នក​មើល​អ្នក​ស្ដាប់ ។​ ​បើ​ស្គ​ ​ហ្គីតា​ ​លេង​ល្អ​ ​តែ​បើ​អ្នក​ច្រៀង​ ​ច្រៀង​មិន​ពិរោះ​ ​គ្មាន​ការ​ទាក់ទាញ​ ​នៅ​រឹង​ស្ដូក​ ​ក៏​មិន​អាច​ទាក់​អារម្មណ៍​អ្នក​ក្រោម​ឆាក​ឲ្យ​ហក់​លោត​ឡើង​រាំ​បាន​ឡើយ ។​ ​ពោល​គឺ​ ​ទាំងអស់​គ្នា​ជា​ក្រុម​ការងារ​ ​ដែល​ស្មោះត្រង់​នឹង​គ្នា​ ​មានការ​ទទួលខុសត្រូវ​តាម​មុខងារ​រៀងៗ​ខ្លួន​ ដោយ​ស្មោះ​ស្ម​គ្រ័​ ​គ្មាន​ល្បិច​ប៉ែង​ជើង​ ​ប៉ែង​ដៃ​គ្នា​ឡើយ ។​ ​យ៉ាងណាមិញ​ ​ក្នុង​ភាព​ជា​អង្គការ​នយោបាយ​មួយ​ ​ត្រូវ​តែ​កសាង​ឲ្យ​ទៅ​ជា​ក្រុម​ការងារ​ល្អ​រលូន​បំផុត​ ទើប​អាច​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ ​ភ្ញាក់រលឹក​ជឿជាក់​បាន ។​ ​ម្នាក់ៗ​មាន​ភាព​ស្មោះត្រង់​ចំពោះ​ភារៈ​របស់​ខ្លួន​ជា​អ្នកដឹកនាំ​ ​មិន​ថា​ថ្នាក់​ណា​ ​នៅ​ទីណា​ ​កន្លែង​ណា​ ​មិន​ចាំបាច់​ដេក​ចាំ​ឲ្យ​មាន​អ្នក​ដាស់តឿន​ ​ឬ​ធ្វើ​ដើម្បី​ផ្គាប់​មុខមាត់​ឡើយ ។​ ​ម្នាក់ៗ​ត្រូវ​គិត​ថា​ ​ចេះ​អ្វីមួយ​ដែល​អ្នក​ឯទៀត​មិន​ចេះ​ ​តែ​អ្នក​ឯទៀត​ ​ក៏​ចេះ​អ្វីមួយ​ដែល​យើង​មិន​ចេះ ។​ ​ហេតុនេះ​ ​ដើម្បី​សម្រេច​ជោគជ័យ​ ​អ្នកដឹកនាំ​មាន​ភារៈ​ពូត​ ​ប្រមូលផ្ដុំ​ ​សមត្ថភាព​ ​និង​ការ​ប្រឹងប្រែង​របស់​អ្នក​ជុំវិញ​ខ្លួន​ ​ដើរ​ឆ្ពោះទៅ​រក​គោលដៅ​រួម​ ​ដោយ​ភាព​ស្មោះត្រង់​ និង​ពុះពារ​ ​ព្យាយាម​ ​ប្ដូរផ្ដាច់​ ​យ៉ាង​អត់ធ្មត់​បំផុត​ ​ដោយ​ការ​នាំមុខ​គេ​ជា​និច្ច​ ​ក្នុង​ការ​ពុះពារ​ឧបសគ្គ​ផ្សេងៗ ។ ចូរ​ពិចារណា​ចង​ចាំ​ និង​យល់​យ៉ាង​ជាក់​ថា​ ​ខ្សែ​ហ្គី​តា​មួយ​ ​មាន​សម្លេង​តែ​មួយ​ប៉ុណ្ណោះ​ ​ខ្សែ​ទាំង​៥​មាន​សម្លេង​ខុសៗ​គ្នា​ ​តែ​ដោយ​ភាព​ប៉ិន​ប្រសប់​របស់​អ្នកលេង​ហ្គីតា​ ​ចេះ​រួម​ផ្សំ​សម្លេង​ខ្សែ​ទាំងនោះ​បញ្ចូល​គ្នា​ធ្វើ​ឱ្យ​អ្នកលេង​អាច​លេង​ភ្លេង​បាន​យ៉ាង​ពិរោះ​រណ្ដំ​ ​នាំ​ព្រលឹង​អាត្ម័ន​អ្នក​ស្ដាប់​ ​អ្នក​ទស្សនា​ ​ឲ្យ​លង់លក់​ទៅ​តាម​ចំណង់​របស់​គេ​បាន ។​ ​តើ​អ្នក​ណាមួយ​អាច​ទាយ​ថា​ ​អ្នកលេង​ដែល​ប្រើប្រាស់​ហ្គីតា​នេះ​ ​នឹង​លេង​បាន​ត្រឹមតែ​ប៉ុន្មាន​បទ​ ​ប្រាកដជា​គ្មាន​ចម្លើយ​ទេ ។​ ​យ៉ាងណាមិញ​ ​ជា​អ្នកដឹកនាំ​ដែល​ស្រឡាញ់​ជាតិ​ពិត​ ​ក៏​ត្រូវ​រៀនសូត្រ​ពី​នេះ​ដែរ​ ​ទើប​​អាច​កសាង​​ក្រុម​ការងារ​ល្អ​រលូន​បាន ។​ ​ក្រៅពី​នេះ​ ​ការ​រួមសុខ​ ​រួមទុក្ខ​ជា​កត្ដា​សំខាន់​ខ្លាំង​ណាស់ ។​ ​ជា​មេដឹកនាំ​ ​ត្រូវ​រស់នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា​ ​មិន​រត់​មិន​ដោះ​យក​រួច​ខ្លួន​ក្នុង​គ្រាអាសន្ន​មិន​ដេក​ស្រួល​ ​ស៊ី​ឆ្ងាញ់​ ​យកសុខ​តែ​ម្នាក់ឯង​ ​ឬ​ប្រើ​ហើយ​មិន​ទទួលខុសត្រូវ​ ​ឬ​មួយ​ក៏​បោកប្រាស់​ប្រើ​ ​នោះ​មិនមែន​ជា​ការ​ល្អ​ដល់​មេដឹកនាំ​សោះឡើយ ។​ ​ដូច​រៀបរាប់​មក​ខាងលើ​មក​ហើយ​ គឺ​អ្នកដឹកនាំ​ត្រូវ​តែ​ស្មោះត្រង់​គ្រប់​ឥរិយាបថ​ទាំ​អស់​ ​តាំងពី​ការ​គិត​ ​ការ​និយាយ​ ​ការ​ធ្វើ​ ​ការ​រស់នៅ​ដោយ​ភាព​ប្ដូរផ្ដាច់​ចំពោះ​ជាតិ​មាតុភូមិ​ ​ប្រជាពលរដ្ឋ​ ​និង​អង្គការ​នយោបាយ​របស់​ខ្លួន​ ​ដែល​ខ្លួន​មាន​តួនាទី​ដឹកនាំ​ ​ដើម្បី​ជម្រុញ​ការ​តស៊ូ​ឆ្ពោះទៅ​រក​ជោគជ័យ​ផ្ដាច់​ព្រ័ត​ ​ដោយ​គ្មាន​វៀចវេរ ។​

“ដាក់​ខ្លួន​ឲ្យ​ទាប​ ​ដើម្បី​មើល​ឲ្យ​បាន​ដល់​ជម្រៅ​បញ្ហា​ ​តែ​ក្រោក​ឈរ​ឲ្យ​ខ្ពស់​ ​ដើម្បី​មើល​ឲ្យ​បាន​ឆ្ងាយ​ ​ដោយ​ភាព​ភ្លឺស្វាង​នៃ​អនាគត” ។

៥-មទ្ទវៈ​ ​ឬ​ភាព​រាបសារ​ទន់ភ្លន់

មទ្ទវៈ​ ​ជា​សេចក្ដី​រាបសារ​ទន់ភ្លន់ ​មេដឹកនាំ​ត្រូវ​សម្ដែង​នូវ​ទឹកមុខ​ញញឹម​ ​រួសរាយ​រាក់ទាក់​ជា​និច្ច​ចំពោះ​អ្នក​ក្រោម​បង្គាប់​ ​និង​ប្រជាពលរដ្ឋ​ទូទៅ​ ​ទោះជា​នៅ​ពេល​មាន​ឧបសគ្គ​ពិបាក​យ៉ាងណា​ក្ដី ។​ ​សេចក្ដី​រីករាយ​របស់​មេដឹកនាំ​ជា​ឱសថ​ ​អាច​លើក​ទឹក​ចិត្ដ​ទាហាន​ ​ឬ​អ្នក​ក្រោម​ឱវាទ​ឲ្យ​មាន​ទឹកចិត្ដ​ប្រយុទ្ធ​ ​ឬ​មាន​ក្ដី​សង្ឃឹម​ទៅ​មុខ​បាន ។​ ​ហេតុនេះ​ ​មេដឹកនាំ​មិន​ត្រូវ​ធ្វើ​មុខ​ស្រពាប់​ស្រពោន​ ​មុខ​ក្រញូវ​ មុខ​ស្អុយ​ ​ប្រកាន់​ ​ឬក​ក្រអឺតក្រទម​ ​ច្រងេងច្រងាង​ ​ឆេវឆាវ​ ​អាង​ថា​ខ្លួនឯង​អ្នកធំ​មាន​អំណាច​ ​ឬ​មេ​គេ​នោះ​ទេ ។​ ​មេដឹកនាំ​ត្រូវ​តែ​រាក់ទាក់​ដាក់​អ្នកតូច​ ​អ្នក​ក្រោម​បង្គាប់​ ​និង​ប្រជាពលរដ្ឋ​សាមញ្ញ​មុន​ជា​និច្ច ។​ ​ត្រូវ​ព្យាយាម​ស្គាល់​ឈ្មោះ​អ្នក​ក្រោម​ឱវាទ​ឲ្យ​បាន​អស់​ ​និង​ត្រូវ​ហៅ​ឲ្យ​ចំៗ​ឈ្មោះ​ថា​ លោក​. ក​… ឬ​ ​លោក​…ខ​ ​ជាដើម ។​ ​ការ​ហៅ​ចំ​ឈ្មោះ​មាន​ន័យ​ខាង​ចិត្ដសាស្ដ្រ​មួយ​ធំ​ណាស់​ ​ជា​ពិសេស​ ​ចំពោះ​អ្នក​ដែល​មាន​ឋានៈ​តូច​ទាប​ជាង ។ ក្រៅពី​នេះ​ ​មេដឹកនាំ​ត្រូវ​ទទួល​នូវ​សេចក្ដី​គោរព​ពី​អ្នកផង​ ​ដោយ​ការ​យកចិត្ដទុកដាក់​ ​មិន​ព្រងើយកន្ដើយ​ ​ហើយ​ត្រូវ​ដាក់ខ្លួន​ឲ្យ​មាន​លក្ខណៈ​សាមញ្ញ​ជាមួយនឹង​ប្រជាពលរដ្ឋ​ ​និង​អ្នក​ក្រោម​បង្គាប់ ។​ ​មិន​ស៊ី​ជោរ​ ​អួតអាង​ ​ពេល​គេ​សរសើរ​ ​មិន​ត្រូវ​អង្គុយ​លើ​ចង្អេរ​លើក​ខ្លួនឯង​ ​ហើយ​បន្ដុះបង្អាប់​អ្នក​ដទៃ​ ​ពោល​គឺ​មិន​ត្រូវ​និយាយ​ពី​រឿង​ខ្លួន​ឯង​ថា​ ​គ្រាន់​បើ​ជាង​អ្នក​ដទៃ​ ​ឬ​តាំង​ខ្លួនឯង​ជា​មេដឹកនាំ​របស់​អ្នក​ទាំង​អស់នោះ ។​ ​ផ្ទុយ​ទៅ​វិញ​ ​ត្រូវ​តាំងខ្លួន​​ជា​អ្ន​កបម្រើ​ប្រជាពលរដ្ឋ​ទើប​ប្រសើរ ។​ ​មេដឹកនាំ​ត្រូវ​ហ៊ាន​សារភាព​កំហុស​ ​ដោយ​ការ​ទទួលខុសត្រូវ​ ​និង​ដោយ​ទឹកមុខ​ញញឹម​ពេញចិត្ដ​ចំពោះ​អ្វី​ដែល​បាន​ធ្វើ​ខុស​ ​ឬ​បាន​ចាត់ការ​ខុស ។ មេដឹកនាំ​ត្រូវ​ទន់ភ្លន់​ ​តែ​មិន​ទន់ជ្រាយ​នោះ​ទេ​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ដើម​ឈើ​ មេដឹកនាំ​ត្រូវធ្វើ​ដូច​ជាដើម​ផ្ចឹក​ ​ក្រញូង​ ​និង​បេង​ ​ជាដើម​ ​ដែល​មាន​ភាព​ទន់​ខាងក្រៅ​ ​តែ​រឹងប៉ឹង​ខាងក្នុង ។​ ​មេដឹកនាំ​មិន​ត្រូវ​ធ្វើ​ដូច​ ​ដើម​ល្ហុង​ ​និង​អំពៅ​ ​ដែល​មាន​លក្ខណៈ​រឹង​ក្រៅ​ ​តែ​ប្រហោង​ក្នុង​នោះ​ទេ ។​ ​មេដឹកនាំ​ត្រូវ​ចេះ​ស្គាល់​កាលៈទេសៈ​ ​និង​ស្ថានការណ៍​ ​តើ​ពេល​ណា​​ត្រូវ​ធ្វើ​មេដឹកនាំ​គេ ? ហើយ​ពេល​ណា​​ត្រូ​វធ្វើ​ជា​អ្នក​ក្រោម​បង្គាប់​គេ ? ។ កាន់តែ​មាន​ការ​រួបរួម​ ​មាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នកផង​រួបរួម​គ្នា​ដើរ​តាម​ខ្លួន​ ​អ្នកដឹកនាំ​កាន់​តែ​មាន​ភាព​រាបសារ​ទន់ភ្លន់​ឱនលំទោន​ចំពោះ​អ្នក​ជុំវិញ​ខ្លួន​ខ្លាំង​ឡើង​ជា​លំដាប់ ។​ ​ភាពរួស​រាយ​ ​រាក់ទាក់​ឲ្យ​លំទោន​របស់​អ្នកដឹកនាំ​ ​ជាមន្ដ​ស្នេ​ហ៌​មួយ​អាច​ធ្វើ​ឲ្យ​គេ​ដើរ​តាម​គោលការណ៍​នានា​របស់​ខ្លួន​ ​និង​របស់​អង្គការ​នយោបាយ​ខ្លួន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។​ ​“ដើម្បី​ដឹកនាំ​គេ​ ​ត្រូវធ្វើ​ឲ្យ​គេ​ស្រឡាញ់​​ជា​មុន​ ​ដើម្បី​ឲ្យ​គេ​ស្រឡាញ់​ ​ត្រូវ​ស្រឡាញ់​គេ​ដោយ​ស្មោះ​ស្ម័គ្រ​ជា​មុន” ។ ​តែ​ត្រូវ​ចាំ​ថា​ ​“ធ្វើ​ជា​អ្នកបម្រើ​ជាតិ​ប្រជាពលរដ្ឋ​ ​មិនមែន​ជា​អ្នក​ជិះជាន់​សង្កត់សង្កិន​រាស្ដ្រ​តូចតាច​ឡើយ” ។

៦-តបៈ​ ឬ​ស្អាតស្អំ

តបៈ​ ​ការ​ដុះខាត់​សម្អាត​ចិត្ដ​ ​ឬ​កម្ចាត់​នូវ​អំពើ​អាក្រក់​ក្នុង​ខ្លួន ។​ ​តើ​ត្រូវ​កំចាត់​អ្វីខ្លះ ? មេដឹកនាំ​ត្រូវ​កម្ចាត់​អារម្មណ៍​ដែល​នាំ​ឲ្យ​ប្រព្រឹត្ដិ​អំពើអាក្រក់​ទាំងឡាយ​ ​និង​បញ្ជា​អារម្មណ៍​របស់​ខ្លួនឯង​មិន​ឲ្យ​ក្ដៅក្រហាយ ។​ ​មេដឹកនាំ​មិន​ធ្វើ​ឲ្យ​ក្ដៅ​ក្រហាយ​ដល់​ចិត្ដ​អ្នក​ដទៃ​ ​អ្នក​ក្រោម​ឱវាទ​ឡើយ ។​ ​ត្រូវ​មាន​ផែនការ​ ​កាលវិភាគ​កំណត់​ច្បាស់លាស់​សម្រាប់​កិច្ចការ​ប្រចាំ​ថ្ងៃ​ ​ហើយ​អនុវត្ដ​តាម​ផែនការ​នោះ ។​ ​ដូច្នេះ​ ​​ត្រូវ​សង្កេត​មើល​សកម្មភាព​របស់​ខ្លួន​គ្រប់ពេលវេលា​ បើ​ដឹង​ថា​ ​ធ្វើ​ខុស​ ​ឬ​ធ្វើអំពើ​អាក្រក់​ ​ត្រូវ​កែប្រែ​ចេញ ។​

៧-អក្កោធៈ

អក្កោធៈ​ ​គឺ​ការ​មិន​ងាយ​ខឹង​ក្រេវក្រោធ ។​ ​មេដឹកនាំ​មិន​ត្រូវ​ខឹង​ក្រេវក្រោធ​ ​ឆេវឆាវ​ជា​ដាច់​ខាត​ ​ព្រោះ​ការ​ខឹង​នេះ​ ​គឺជា​រនាំង​បាំង​ឲ្យ​​ងងឹត​ ​មិន​ស្គាល់​ខុស​ និង​ត្រូវ​ ​ល្អ​ និង​អាក្រក់​ ​យុត្ដិធម៌​ និង​អយុត្ដិធម៌​ ​ដោយសារ​តែ​សេចក្ដី​វង្វេង​នឹង​​ភ្លើងកំហឹង ។​ ​បើ​មេដឹកនាំ​មាន​សេចក្ដី​ក្រោធ​ ​នោះ​មិនមែន​ជា​ការ​ល្អ​សោះឡើយ​ ​ព្រោះ​សេចក្ដី​ក្រោធ​ប្រៀប​ដូច​ជា​ច្រែះ​របស់​អាវុធ​ក្នុង​លោក​ ​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​សម្រាប់​នាំ​ទៅ​រក​សេចក្ដី​វិនាស ។​ ​អ្នក​ក្រោធ​រមែង​មិនដឹង​នូវ​ហេតុផល​ ​និង​ធ្វើ​ឲ្យ​ចិត្ដ​ក្ដៅ​ ​សោកសៅ​ (មិន​ស្ងប់) មាន​ទុក្ខ​ជា​និច្ច ។​ ​គេ​សម្គាល់​សេចក្ដី​ក្រោធ​បាន​តាម​រយៈ​ការ​មិន​ពេញចិត្ដ​ ​ការ​ទាស់ចិត្ដ​ ការ​ក្ដៅ​ពុះកញ្ជ្រោល​ ​ការ​គិត​ឈ្លោះ​ប្រកែក​ ​និង​ការ​ចងគំនុំ​សងសឹក ។​ ​ម្យ៉ាងទៀត​ពាក្យ​ថា​ ​ក្រោធ​ ​ក៏​មាន​ន័យ​ថា​ ​ខុស​ ​ដូច្នេះ​បើ​មេដឹកនាំ​ខឹង​ ​ឬ​ខ្ញាល់​ ​មាន​ន័យ​ថា​ ​ខុស​ ​ដូច​ពាក្យ​ចាស់​ពោល​ថា​ ​“ខឹង​ខុស​ ​ខឹង​ខូច​ ​ខឹង​ខាត” ។ អាស្រ័យ​ហេតុនេះ​ ​មេដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ ​មិន​ត្រូវ​យក​ការ​ខឹង​ក្រេវក្រោធ​ ​មក​ដាក់ខ្លួន​ឡើយ ។​

៨-អវិហឹង្សា

អវិហឹង្សា​ ​មាន​ន័យ​ថា​ ​មិន​បៀតបៀន​ធ្វើ​ឲ្យ​អ្នក​ដទៃ​ក្ដៅក្រហាយ​ ​កើត​ទុក្ខ​ដោយសារ​ខ្លួន​ ​ជា​ពិសេស​លើ​ពលរដ្ឋ​របស់​ខ្លួនឯង ។​ ​មេដឹកនាំ​មិន​ត្រូវ​យក​អំណាច​តួនាទី​របស់​ខ្លួន​ ​ទៅ​គាបសង្កត់​ជិះជាន់​គំរាមកំហែង​ប្រជាពលរដ្ឋ​ ​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ​ឬ​ផលប្រយោជន៍​បក្សពួក​ខ្លួន​នោះ​ទេ ។​ ​មេដឹកនាំ​ត្រូវ​គោរព​សិទ្ធិ​ពលរដ្ឋ​ ​កុមារ​ ​ចាស់ទុំ​ ​និង​ស្ដ្រីភេទ ។​មេដឹកនាំ​មិន​ត្រូវ​ប្រើ​អំពើ​ហឹ​ង្សា​ចំពោះ​ជនរួមជាតិ​ឡើយ​ ​ត្រូវ​ប្រកាន់​យក​ប្រជាធិបតេយ្យ​ ​យក​ប្រជាពលរដ្ឋ​ជា​ធំ ។​ ​មេដឹកនាំ​ត្រូវ​ឲ្យ​អភ័យ​ ​និង​លើក​លែង​ទោស​ ​ចំពោះ​អ្នក​ដើរ​តាម​ ​ឬ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែល​ធ្វើ​ខុស ។​ ​មិនមែន​ខុស​ដៃ​យកដៃ​ ​ខុស​ជើង​យក​ជើង​ទេ ។​ ​ត្រូវ​ចាំ​ថា​ ​អ្នក​ដើរ​តាម​ ​និង​ប្រជាពលរដ្ឋ​ គ្មាន​កំហុស​ទេ​ ​ខុស​ឬ​ត្រូវ​ ​គឺជា​លទ្ធផល​របស់​មេដឹកនាំ​ ​ព្រោះ​មេដឹកនាំ​ជា​អ្នក​ទទួលខុសត្រូវ ។​ ​ប្រជាពលរដ្ឋ​ប្រៀប​ដូច​ជា​កូន​​ ​ដែល​ពួក​គេ​មិនដឹង​អ្វី​ទេ ។​ ​ហេតុនេះ​ហើយ​ ​មេដឹកនាំ​ត្រូវ​ធ្វើ​ការ​អប់រំ​បណ្ដុះប​ណ្ដាល​ពលរដ្ឋ​ ​ឲ្យ​មានចំណេះ​ដឹង​ ​និង​សមត្ថភាព​គ្រប់ៗ​គ្នា ។​ ​បើ​អ្នក​ក្រោម​ឱវាទ​ធ្វើ​ខុស​ ​ឬ​បរាជ័យ​ក្នុង​កិច្ចការ​អ្វីមួយ​ ​កំហុស​ត្រូវ​ធ្លាក់​លើ​មេដឹកនាំ​ជា​អ្នក​ខុស​ ​មិន​ត្រូវ​ដាក់​កំហុស​ ឬ​ដាក់ទោស​លើ​អ្នក​ក្រោម​បង្គាប់​នោះ​ទេ ។​ ​មេដឹកនាំ​ជា​អ្នក​សម្រេច​ចិត្ដ​លើ​កិច្ចការ​គ្រប់យ៉ាង ​ទាំង​ការ​ប៉ាន់​ប្រមាណ​ស្ថានការណ៍​ ​ការ​រៀបចំ​ផែនការ​ ​ការ​អនុវត្ដ​ ​ការ​ដឹកនាំ​ធ្វើ​ ​និង​ត្រួតពិនិត្យ​ជាដើម ។​

៩-ខន្ដី

ខន្ដី​ ​គឺ​ការ​អត់ធន់​​ ​មេដឹកនាំ​នឹង​ទទួល​បាន​ជោគជ័យ​លើ​កិច្ច​ការងារ​ទាំងពួង​ ​បើសិនជា​​មេដឹកនាំ​ទាំងអស់​មាន​ខន្ដី​ ​គឺ​សេចក្ដី​អត់ធន់ ។​ ​តើ​មេដឹកនាំ​ត្រូវ​អត់ធន់​នឹង​អ្វីខ្លះ ? មេដឹកនាំ​ត្រូវ​អត់ធន់​នឹង​សេចក្ដី​លំបាក​ ​សេចក្ដី​វេទនា​ ការ​ឈឺចាប់​ទាំងពួង​ ​កា​រិះគន់​ ​ការ​មើលងាយ​ ​មិន​លើកទឹកចិត្ដ​។ល ។​ ​មេដឹកនាំ​ត្រូវ​អត់ធន់​នឹង​តណ្ហា​ ​ឬ​មហិច្ឆតា​ផ្ទាល់ខ្លួន​ដែល​គាបសង្កត់​ជម្រុញ​ឲ្យ​ប្រព្រឹត្ដិ​អំពើ​មិន​ត្រឹមត្រូវ​ ​(ទុច្ចរិត​) ។ មេដឹកនាំ​មិន​ធ្វើ​តាម​តែ​អារម្មណ៍​ ​ឬ​ចិត្ដ​របស់​ខ្លួន​នោះ​ឡើយ ។​ ​មេដឹកនាំ​ត្រូវ​អត់ធន់​ ដុសខាត់​ភាព​ល្ងង់​ខ្លៅ​របស់​ខ្លួន​ ​និង​ភាព​ល្ងង់ខ្លៅ​របស់​ប្រជាពលរដ្ឋ​ ​ឬ​អ្នក​ក្រោម​បង្គាប់ ។​ ​មេដឹកនាំ​ត្រូវ​អត់ធន់​ចំពោះ​ការងារ​របស់​ខ្លួន​ ​ពាក្យ​ណែនាំ​ ​ឬ​ការ​ប្រឹក្សា​ពី​អ្នកផង​ទាំងពួង​ ​មិន​ថា​ ​អ្នក​ក្រោម​បង្គាប់​ ​ឬ​ជា​គ្រូអាចារ្យ​ឡើយ ។​ ​មេដឹកនាំ​ត្រូវ​អត់ធន់​ចំពោះ​ការ​ត្មេះ​តេះ​ដៀល​ ​ការ​ប្រឆាំង​ពី​សង្គម​ ​និង​ចំពោះ​ពេលវេលា​ដែល​ធ្វើ​ការងារ​មិច​បាន​សម្រេច ។​ ​ចំណុច​ពិសេស​មួយទៀត​ ​មេដឹកនាំ​ត្រូវ​មាន​អំណត់​ចំពោះ​ការ​ស្ដាប់​ ​ការ​ជឿ ។​ ​មិន​ត្រូវ​ជឿ​ងាយ​ ​ខឹង​ងាយ​ ​ផ្ដេសផ្ដាស​ ​(ត្រចៀក​ស​)​ឡើយ ។​ឮ​មួយ​រយ​ដង​ មិន​ស្មើ​និង​ឃើញ​ម្ដង​ ​ការ​ឃើញ​មួយ​រយ​ដង​ ​មិន​ស្មើ​បាន​ប៉ះ​ម្ដង​ ទោះជា​មាន​ហេតុផល​ក៏​ដោយ​ ​ក៏​មិន​ត្រូវ​ដាក់​ចិត្ដ​ជឿ​ភ្លាម​ទេ ។​ ​មេដឹកនាំ​ត្រូវ​ចុះ​មើល​ស្ថានការណ៍​ពិត​ជាក់ស្ដែង​ដោយ​ខ្លួន​ឯង​ ​និង​បង្កើត​ទម្លាប់​នេះ​ដល់​អ្នក​ក្រោម​បង្គាប់ ។​ ​តោង​គោរព​ប្រណិបតន៍​តាម​ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង​ ​ដែល​អត់ធន់​ស្វែងរក​មាគ៌ា​ប្រោស​សត្វលោក​រហូត​បាន​សម្រេច​ព្រះ​និញ្វន្ដ ។

១០-អវិរោធនៈ

អវិរោធនៈ​ ​គឺ​ការ​មិន​ធ្វើ​ខុស​​ ​មេដឹកនាំ​ត្រូវ​ធ្វើ​ឲ្យ​បាន​ត្រឹម​ត្រូវ​ជា​និច្ច​ ​ទាំង​ការ​គិត​ត្រូវ​ ​ការ​យល់​ត្រូវ​ ​ការ​និយាយ​ត្រូវ​ ​ការ​ធ្វើ​ត្រូវ​ ​ការ​ព្យាយាម​ត្រូវ​ ​ការ​ភ្ញាក់​រលឹក​ត្រូវ​ ​ការ​តម្កល់​ចិត្ដ​ត្រូវ​ ​និង​ការ​ចិញ្ចឹម​ជីវិត​ត្រូវ ។​ ​តែ​មិន​ត្រូវ​រួញរា​ដល់​មិន​ហ៊ាន​ធ្វើ​អ្វី​សោះ​ ​ព្រោះ​ខ្លាច​ខុស​នោះ​ឡើយ​ ​ក្នុង​ភាព​ជា​អ្នកដឹកនាំ​ត្រូវ​ហ៊ាន​ប្រថុយ​ ​ហ៊ាន​អារកាត់​នៅ​ក្នុង​កាលៈទេសៈ​ចាំបាច់ ។​ ​ប៉ុន្ដែ​ការ​ហ៊ាន​ប្រថុយ​ ​ត្រូវ​ផ្អែក​លើ​ផលប្រយោជន៍​ជាតិ​ ​និង​ជនរួមជាតិ​ជា​ធំ​ ​ផ្អែក​លើ​កល​យុទ្ធសាស្ដ្រ​ត្រឹមត្រូវ​ស្ថានការណ៍​ជុំវិញ​ខ្លួន​ ​ពេលវេលា​ ​និង​លទ្ធភាព​ហុច​ឲ្យ ។​ ​មិន​ត្រូវ​ប្រថុយ​ដោយ​គ្មាន​គ្រឹះ​ ​គ្មាន​ការ​ត្រេះ​រិះ​ពិចារណា​ឡើយ ។​ ​មេដឹកនាំ​មិន​ត្រូវ​ប្រកាន់​នូវ​គុណធម៌​ងាប់ស្ដូក​ ​គ្មាន​ភាព​បត់បែន​ ​តាម​តម្រូវការ​សម្រាប់​អ្នកដឹកនាំ​នោះ​ឡើយ​ ត្រូវ​ចេះ​វិភាគ​រក​អ្វី​ល្អ​ ​អ្វី​អាក្រក់​ ​អ្វី​គ្រោះថ្នាក់​ដល់​សង្គម​ជាតិ​ ​ពោល​គឺ​ត្រូវ​ហ៊ាន​ធ្វើការ​អា​កាត់​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ និង​ជាតិ​ជា​ធំ ។​

-ការ​ដែល​ធ្វើ​គំរោង​ផែនការ​មិន​ខុស​ មេដឹកនាំ​មុន​នឹង​ធ្វើ​ផែនការ​ ​ត្រូវ​តែ​ស្គាល់​ស្ថានការណ៍​ឲ្យ​ច្បាស់​ ​សិក្សា​យក​ព​ត៌​មាន​ឲ្យ​បាន​ជាក់លាក់ ។​ ​មេដឹកនាំ​ត្រូវ​ចម្រាញ់​ព័ត៌មាន​ដែល​ទទួល​បាន​ ​រហូត​ទាល់តែ​ព័ត៌មាន​នោះ​ល្អិតល្អន់​ល្អ​ ​ទើប​យក​ព័ត៌មាន​នោះ​ ​មក​ធ្វើ​ផែនការ​ ​ដើម្បី​ប្រៀបធៀប​ជា​​មួយ​គូរ​ប្រកួតប្រជែង​របស់​ខ្លួន​ ​ដោយ​ដឹង​ជា​មុន​ថា​ ​គំរោង​ផែនការ​នោះ​ពិតជា​ឈ្នះ​ ​ឬ​គំរោង​ផែនការ​នោះ​ចាញ់ ។​ ​មេដឹកនាំ​ត្រូវ​ដឹង​ពី​ខ្លួនឯង​ ​និង​សត្រូវ​ ទាំង​ចំនួន​កម្លាំង​ ​សមត្ថភាព​ ​ស្មារតី​ ​ធនធាន​ ​បច្ចេកវិទ្យា​ ​សម្ភារៈ​ស្ថានការណ៍​ ​និង​បរិដ្ឋាន​ជុំវិញ​ខ្លួន ។​ល​។​ ​បើសិន​មាន​ខ្វះចន្លោះ​ ​ត្រូវ​កែតម្រូវ​ ​និង​បំពេញ​បន្ថែម​ឲ្យ​បាន​ត្រឹមត្រូវ​ ​មុន​នឹង​ដាក់​ឲ្យ​គេ​អនុវត្ដ ​។​

-ការ​មិន​ធ្វើ​ខុស​ដោយ​សម្ដី​ ​ដោយ​ចិត្ដ​ ​ដោយ​កាយវិការ​ ​ដោយ​ការងារ​ចំពោះ​ខ្លួនឯង​ ​អ្នក​ក្រោម​បង្គាប់​ ​សហការី​ ​ការងារ​ ​ប្រជាពលរដ្ឋ​ ​ច្បាប់​ ​តួនាទី​ ​ទំនៀមទំលាប់​ ​វប្បធម៌​ ​និង​ប្រពៃណី​ជាតិ​នេះ​ហើយ​ ​ជា​លក្ខណៈ​មេដឹកនាំ​ល្អ ​។​

«អ្នកដឹកនាំ​មិន​គាំទ្រ​ ​មិន​សម​គំនិត​នឹង​អ្នក​ធ្វើ​ខុស​ឡើយ ។ ពេល​ធ្វើ​ខុស​ ​អ្នកដឹកនាំ​ត្រូវ​ហ៊ាន​ទទួលខុស​ ​មិន​លំអៀង​ ​ព្រោះ​ អគតិ​៤​យ៉ាង​ ​គឺ​ការ​ស្រឡាញ់​ ​ស្អប់​ ​ច្រណែន​ ​ឈ្នានីស» ៕

 

អត្ថបទ​ពាក់ព័ន្ធៈ  ទសពិធរាជធម៌

 

ចម្លាក់យក្ស និង​ទេវតា​នៅ​ខ្លោង​ទ្វារ​អង្គរធំ

ខ្លោង​ទ្វារ​ចូល​អង្គរ​ធំ ទិស​ខាង​ត្បូង

ខ្លោង​ទ្វារ​ចូល​អង្គរ​ធំ ទិស​ខាង​ត្បូង

ចម្លាក់​យក្ស​ និង​ទេវតា​ខ្លោងទ្វារ​អង្គរធំ​នៅ​តែ​មាន​អាថ៌​កំបាំង​សម្រាប់​អ្នក​សិក្សា​ពី​បុរាណវិទ្យា​

យោង​តាម​សៀវភៅ​មួយ​ដែល​មាន​ចំណងជើង​ថា ​“ប្រវត្ដិសាស្ដ្រ​នៃ​កម្ពុជា​សង្គម​ខ្មែរ​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧” របស់​លោក​បណ្ឌិត​ មីសែល​ត្រាណេ​ ចាប់​ពី​បន្ទាត់​ទី​៧​រាប់​ពី​លើ​ចុះ​ក្រោម​ក្នុង​ទំព័រ​ទី​៤៦​រហូត​ដល់​បន្ទាត់​ទី​២​នៃ​ទំព័រ​ទី​៤៩​ ​បាន​សរសេរ​រៀបរាប់់​អំពី​អត្ថន័យ​អាថ៌​កំបាំង​នៃ​ទេវតា​ ​និង​យក្ស​ទាញព្រ័ត្រ​ទាំងនោះ​ថា​ វា​ជា​តំណាង​នូវ​ឥន្ទធនូ​ដែល​ភ្ជាប់​ឋាន​មនុស្ស​លោក​ទៅ​នឹង​ឋានសួគ៌​ ឬ​ឋាន​ទេវតា ។​ មតិ​មួយទៀត​ថា​ជា​និមិត្ដរូប​នៃ​ការ​កូរ​សមុទ្រ​ទឹកដោះ​ដែល​ជា​ទេវតា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្កើត​លោក​យើង​នេះ ។ ដូច្នេះ​ហើយ​ការ​តុបតែង​ខ្លោងទ្វារ​អង្គរធំ​ដោយ​ចម្លាក់​យក្ស​ ​និង​ទេវតា​ ​មាន​ន័យ​ថា​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ទ្រង់​ចង់​បង្ហាញ​នូវ​មហិទ្ធិឬទ្ធិ​របស់​ព្រះ​អង្គ​តែ​ប៉ុណ្ណោះ​ដែល​បាន​ឈ្នះ​លើ​ទ័ព​ចាម ។

ខ្លោង​ទ្វារ​ចូល​អង្គរ​ធំ ទិស​ខាង​ត្បូង  

សូម​បញ្ជាក់​បន្ថែម​ថា​ តាម​មតិ​លើក​ឡើង​ខាងលើ​នេះ​ក៏​ជា​ការ​មាន​ប្រយោជន៍​ដែរ​ ក៏​ប៉ុន្ដែ​យក​ជា​ការ​ពុំ​ទាន់​ត្រឹមត្រូវ​នៅឡើយ​ទេ​ ព្រោះ​យើង​យល់​ពុំ​ទាន់​អស់​សេចក្ដី​ត្រង់​ថា​ ហេតុ​ដូច​ម្ដេច​បាន​ជា​យក្ស​មាន​ចំនួន​ដល់​ទៅ​៥៤​ រីឯ​ទេវតា​ក៏​មាន​ចំនួន​ដូច​គ្នា​ដែរ ? ដើម្បី​ឱ្យ​មានការ​បកស្រាយ​អត្ថន័យ​ការ​បកស្រាយ​អត្ថន័យ​ចម្បាំង​រវាង​យក្ស​និង​ទេវតា​ខាងលើ​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​ យើង​ត្រូវ​ស្រាវជ្រាវ​រក​ចម្លើយ​តាម​រយៈ​គម្ពីរ​ទេវតា​ឥណ្ឌា​ដែល​មាន​ការ​អត្ថាធិប្បាយ​អំពី​ចម្បាំង​រវាង​យក្ស​ ​និង​ទេវតា ។

សូម​បញ្ជាក់​ថា​ ក្នុង​ជំនឿ​លើ​សភាវៈ​ល្អ​ និង​អាក្រក់​នៃ​ព្រហ្មញ្ញសាសនា​ យក្ស​ និង​ទេវតា​ គឺ​ជា​កម្លាំង​ផ្ទុយ​គ្នា​ក៏​ពិតមែន​ ក៏​ប៉ុន្ដែ​វា​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ចលនា​ជុំវិញ​ឱ្យ​មាន​ការ​បង្កើត​ស្ថិរភាព​ក្នុង​លោក​យើង​នេះ​ដែល​មាន​លក្ខណៈ​អមតៈ​ក្នុង​ទស្សនៈ​របស់​ជនជាតិ​ឥណ្ឌា​បុរាណ ។​ ម្យ៉ាងទៀត​ការ​អភិវឌ្ឍ​ស្ថិរភាព​ និង​សេដ្ឋកិច្ច​នៃ​មនុស្សលោក​យើង​ទាមទារ​ជា​និច្ចកាល​នូវ​ថាមពល​ទាំង​ពីរ​នេះ​ដែរ ។ ​ទាំងនេះ​ជា​ខ្លឹមសារ​ ឬ​អត្ថន័យ​ស៊ីជម្រៅ​របស់​ចម្លាក់​បុរាណ​ធំ​សម្បើម​ទាំង​អស់នោះ​ដែល​ជា​ការ​លំអ​ទីក្រុង​អង្គរធំ​ ដោយ​បង្កើត​នូវ​អត្ថន័យ​អាថ៌​កំបាំង​ដែល​មនុស្ស​នា​សម័យ​ទំនើប​យើង​នេះ​ពិបាក​នឹង​យល់ ។

ទន្ទឹម​នឹង​ទស្សនៈ​នេះ​ គេ​ក៏​អាច​និយាយ​បាន​ទៀត​ថា​ ចម្បាំង​រវាង​ពួក​យក្ស​ ​និង​ពួក​ទេវតា​ក្នុង​ក្រសែ​ភ្នែក​របស់​ខ្មែរ​បុរាណ​ ​គឺ​តំណាង​ចម្បាំង​រវាង​ទ័ព​ចាម​ ​និង​ទ័ព​ខ្មែរ​ផង​ដែរ ។ នេះ​ឯង​ជា​បុគ្គលិកលក្ខណៈ​ ​និង​សារជាតិ​ពិត​ដែល​ព្រះមហាក្សត្រ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ប៉ង​ប្រាថ្នា ។​ ដូច្នេះ​ថ្វី​ដ្បិតតែ​ចម្បាំង​មាន​លក្ខណៈ​អច្ឆរិយៈ​ក៏​ដោយ​ ​ក៏​បាន​បង្ហាញ​ព្រឹត្ដិការណ៍​ពិតៗ​នៅ​ក្នុង​សង្គម​ខ្មែរ​ផង​ដែរ ។​ វត្ដមាន​របស់​វា​ពិតជា​បាន​ជម្រុញ​ឱ្យ​ជនជាតិ​ខ្មែរ​មាន​សេចក្ដី​ក្លាហាន​ មាន​មនសិការ​ជាតិ​ ​ព្រោះ​មនុស្ស​ម្នាក់ៗ​ប្រៀប​បាន​នឹង​សភាវៈ​ល្អ​ ​ពោល​គឺ​ទេវតា​ដែល​តំណាង​ឱ្យ​មនុស្ស​ល្អ​ត្រឹមត្រូវ​ថ្លៃថ្នូរ​ ​ដើម្បី​សេចក្ដីសុខ​ចម្រើន​របស់​គ្រួសារ​ ​និង​សង្គម​ជាតិ​របស់​ខ្លួន ។

ចំពោះ​សាសនិកជន​បុរាណ​ គេ​ជឿ​ថា​លោក​យើង​នេះ​ជា​ល្បែង​របស់​អាទិភាព​ដែល​សម្ដែង​ឡើង​ដោយ​កម្លាំង​ ​ឬ​ឥទ្ធិពល​ពីរ​ផ្ទុយ​គ្នា​ គឺ​យក្ស​ ​និង​ទេវតា​ដែល​ពុំ​អាច​ខ្វះ​មួយ​ណា​បាន​ឡើយ ។ ការ​សន្និដ្ឋាន​ដោយ​ត្រឹមត្រូវ​ថា​ចម្លាក់​ទាំងនេះ​ពុំ​មាន​ធ្វើ​ឡើង​សម្រាប់​តំណាង​ទេវតា​កូរ​សមុទ្រ​ទឹកដោះ​ទេ ។ សៀវភៅ​លោក​បណ្ឌិត​ មីសែល​ ​ត្រាណេ​ ​បាន​សរសេរ​បន្ដ​ទៀត​ថា​ នៅ​មុខ​ខ្លោងទ្វារ​ចូល​ប្រាសាទ​អង្គរធំ​ គេ​ឃើញ​មាន​ពពួក​យក្ស​ចំនួន​៥៤​នៅ​ខាងស្ដាំ​ ​និង​ទេវតា​ចំនួន​៥៤​ដូច​គ្នា​នេះ​នៅ​ខាងឆ្វេង​ ​បូក​រួម​ចម្លាក់​ទ្វារ​ទាំង​៤​នៅ​ប្រាសាទ​អង្គរធំ​ ​មាន​យក្ស​ ​និង​ទេវតា​ដល់​ទៅ​៤៣២ ។

ការ​និយម​តួលេខ​“៤៣២” ក្នុង​គម្ពីរ​វេទ​គឺ​តំណាង​ចំណេះដឹង​ខ្ពង់ខ្ពស់​ដ៏​កំពូល​ ដោយហេតុ​ថា​លេខ​នេះ​គឺជា​លេខ​នៃ​ចំនួន​គាថា​វេទ​និយម​ទាំងអស់ ។ ក្នុង​ន័យ​នោះ​យើង​អាច​បញ្ជាក់​ថា​វត្ដមាន​នៃ​ចម្លាក់​ទាំងនេះ​ពុំ​មែន​ជា​ការ​ចៃដន្យ​ឡើយ​ ​គឺ​ចម្លាក់​មាន​សារសំខាន់​ណាស់​ ​ដើម្បី​ស្វែង​យល់​អំពី​ទស្សនៈ​ខ្មែរ​នា​សម័យ​បុរាណ ។​ ​និមិត្ដរូប​នៃ​តួលេខ​ទាំងនេះ​អាច​ធ្វើ​ឱ្យ​យើង​សន្និដ្ឋាន​ថា​ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​បាន​ផ្សារ​ភ្ជាប់​អង្គរធំ​ដែល​ជា​សមិទ្ធផល​របស់​ព្រះ​អង្គ​ទៅ​នឹង​ទំហំ​ ​និង​ពេលវេលា ។ ធ្វើ​ដូច្នេះ​ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ប្រាថ្នា​ចង់​ឱ្យ​ទីក្រុង​អង្គរ​ទឹកដី​ដ៏​បវរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មាន​លក្ខណៈ​ជា​អមតៈ​ស្ថិតស្ថេរ​ជា​និច្ច​និរន្ដរ៍​ ដោយ​គ្មាន​អ្នក​ណា​មួយ​មក​កំទេច​បាន​ទៀត​ឡើយ ។ ចំណុច​ស្នូល​នៃ​ការ​រៀបចំ​អង្គរធំ​ឡើង​វិញ​តាម​រយៈ​ចម្លាក់​និមិត្ដរូប​ចម្បាំង​រវាង​យក្ស​ ​និង​ទេវតា​ដោយ​មាន​តាង​លេខ​៥៤​ ​ឬ​០១១​ ​និង​៤៣២​ នេះ​ គឺជា​ភាព​ប៉ិន​ប្រសប់​កំពូល​របស់​ស្ថាបត្យកម្ម​ខ្មែរ​បុរាណ​យ៉ាង​ពិតប្រាកដ ។

សូម​បញ្ជាក់​ថា​ ប្រាសាទ​មួយ​ចំនួន​ទ្រុឌទ្រោម​បែកបាក់​ដោយ​ធម្មជាតិ​ ​និង​មនុស្ស​បំផ្លាញ​ក្នុង​បរិវេណ​អង្គរវត្ដ​បេតិកភណ្ឌ​ពិភពលោក​ត្រូវ​បាន​ទទួល​ការ​អភិរក្ស​ និង​ជួសជុល​ជា​ច្រើន​មក​ហើយ ​រួម​មាន​ ប្រាសាទ​បាពួន​ ​ប្រាសាទ​ចៅសាយទេវតា​ ​ស្ពាន​នាគ​ចូល​អង្គរតូច​ និង​ប្រាសាទ​ជា​ច្រើន​ទៀត ៕

(អត្ថបទ​ដកស្រង់​ពី​សារព័ត៌មាន​កោះសន្ដិភាព​ ​ថ្ងៃ​ទី​២៤​/១២/០៨)

រូប​ចម្លាក់​ផ្នែក​ខាង​ទេវតា

រូប​ចម្លាក់​ផ្នែក​ខាង​ទេវតា

រូប​ចម្លាក់​ផ្នែក​ខាង​យក្ស

រូប​ចម្លាក់​ផ្នែក​ខាង​យក្ស

រូប​ចម្លាក់​ទេវតា

រូប​ចម្លាក់​ទេវតា

 រូប​ចម្លាក់​យក្ស

 រូប​ចម្លាក់​យក្ស

 

 

 អត្ថបទ​ពាក់ព័ន្ធៈ   ស្ពាន​នាគ​នៅ​អង្គរ​ធំ

 

កង្វះ​វីតាមីន​ឌី​អាច​បង្កើន​ការ​កើត​រោគផ្ដាសាយ

កង្វះ​វីតាមីន​ឌី​អាច​បង្កើន​ការ​កើត​រោគផ្ដាសាយ

យោង​តាម​របាយការណ៍​មួយ​ចេញផ្សាយ​កាលពី​ ​ថ្ងៃ​ទី​២៣​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០០៩​ ​បាន​ឱ្យ​ដឹង​ថា​ ​វីតាមីន​ឌី​ ​(D​) អាច​ជា​វិធី​ដ៏​សំខាន់​មួយ​ក្នុង​កា​ធ្វើ​ឱ្យ​ប្រព័ន្ធ​ស៊ាំ​របស់​មនុស្ស​មាន​សមត្ថភាព​ប្រឆាំង​នឹង​ជម្ងឺ​ផ្សេងៗ​ដូច​ជា​ជម្ងឺ​ផ្ដាសាយ​ជាដើម ។​

ក្នុង​ការ​សិក្សា​នោះ​បាន​និយាយ​ថា​ ​អ្នក​ដែល​មាន​កម្រិត​វីតាមីន​ឌី​ទាប​ក្នុង​ឈាម​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​មាន​កើត​ករណី​ជម្ងឺ​គ្រុន​ផ្ដាសាយ​ច្រើន ។​ ​ហើយ​ករណី​នេះ​កាន់តែ​ខ្ពស់​ថែម​ទៀត​ចំពោះ​មនុស្ស​ដែល​មាន​ជម្ងឺ​ផ្លូវ​ដង្ហើម​រ៉ាំ​រៃ​ ដូច​ជា​ ​ជម្ងឺ​ហឺត​ ​និង​ជម្ងឺ​ស្ទះ​បំពង់ខ្យល់​ ​(Emphysema) 

លោក​ ​អេឌីត​ ​ជីនឌី​ ​ប្រធាន​ក្រុម​ដឹកនាំ​ការ​សិក្សា​បាន​និយាយ​ថា​ ​“ការ​រក​ឃើញ​ពី​ការ​សិក្សា​របស់​យើង​បាន​គាំទ្រ​ភាព​សំខាន់​របស់​វីតាមីន​ឌី​ក្នុង​ការ​ការពារ​ប្រឆាំង​នឹង​ជម្ងឺ​ឆ្លង​តាម​ផ្លូវ​ដង្ហើម​ផ្សេងៗ​ ដូចជា​ ​ជម្ងឺ​គ្រុន​ផ្ដាសាយ​ជាដើម ។​ ​ហើយ​ចំពោះ​អ្នក​ដែល​មាន​ជម្ងឺ​សួត​ ដូច​ជា​ ​ជម្ងឺ​ហឺត​ ​ឬ​ជម្ងឺ​ស្ទះ​បំពង់ខ្យល់​ ​អាច​កើត​ជម្ងឺ​ផ្លូវ​ដង្ហើម​បាន​យ៉ាង​ងាយ​ដោយសារ​កង្វះ​បរិមាណ​វីតាមីន​ឌី​នោះ” ។

ខណៈ​ដែល​វីតាមីន​ស៊ី​ ​(C​) ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ប្រឆាំង​នឹង​ជម្ងឺ​ផ្ដាសាយ​ ​និង​ជម្ងឺ​ផ្លូវដង្ហើម​ផ្សេង​ទៀត​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​នោះ​ ​មាន​ការ​បញ្ជាក់​តាម​បែប​វិទ្យាសាស្ដ្រ​តិចតួច​ណាស់​ពី​ប្រសិទ្ធភាព​របស់​វា ។​ ​ផ្ទុយ​ទៅ​វិញ​ ​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​មាន​ភស្ដុតាង​កាន់​តែ​ច្រើន​ឡើង​ដែល​បាន​បញ្ជាក់​ថា​ ​វីតាមីន​ឌី​ ​ដែល​ជា​ទូទៅ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ការ​រីក​លូតលាស់​ ​និង​រក្សា​ភាព​រឹងមាំ​នៃ​ឆ្អឹង​នោះ​ ​ក៏​ប្រហែលជា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ​មនុស្ស​ផង​ដែរ ។​

របាយការណ៍​នេះ​បាន​និយាយ​ថា​ ​ភស្ដុតាង​មួយ​ចំនួន​បាន​បង្ហាញ​ពី​ភាព​ពាក់ព័ន្ធ​ទៅ​នឹង​កង្វះ​បរិមាណ​វីតាមីន​ឌី​ក្នុង​រដូវ​ត្រជាក់​ ​នៅ​ពេល​ដែល​ការ​ផលិត​វីតាមីន​នេះ​របស់​រាង​កាយ​មនុស្ស​តាម​រយៈ​ពន្លឺ​ព្រះអាទិត្យ​បាន​ធ្លាក់​ចុះ​ ជា​ហេតុ​ធ្វើ​ឱ្យ​ជម្ងឺ​ផ្ដាសាយ​ ​និង​គ្រុន​ផ្ដាសាយ​ក៏​រីក​រាលដាល​ឡើង ​ហើយ​ការ​សិក្សា​មួយ​ចំនួន​តូច​បាន​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​បរិមាណ​វីតាមីន​ឌី​ក្នុង​ឈាម​ទាប​ទៅ​នឹង​ឱកាស​ដែល​អាច​ឆ្លង​ជម្ងឺ​ផ្លូវដង្ហើម​បាន ។

កង្វះ​វីតាមីន​ឌី​អាច​បង្កើន​ការ​កើត​រោគផ្ដាសាយ

ការ​សិក្សា​នេះ​បាន​ធ្វើ​ឡើង​ចំពោះ​អ្នក​ដែល​មាន​បរិមាណ​វីតាមីន​ឌី​ទាប​នៅ​ក្នុង​ឈាម​ ​គឺ​ទាប​ជាង​១០​ nanogram ​ក្នុង​ឈាម​មួយ​មិល្លីលីត្រ​ទំនងជា​អាច​កើត​ជម្ងឺ​ផ្លូវដង្ហើម​៤០​ភាគរយ​ច្រើន​ជាង​អ្នក​ដែល​មាន​បរិមាណ​វីតាមីន​នេះ​៣០​ nanogram​ ​ឬ​ខ្ពស់​ជាង​នេះ ។​ ​ហើយ​ទំនាក់ទំនង​នេះ​កើតឡើង​គ្រប់​ពេលវេលា​ទាំងអស់​ទោះបីជា​អ្នក​ជម្ងឺ​ហឺត​ ​ឬ​ក៏​ជម្ងឺ​ស្ទះ​ផ្លូវ​ដង្ហើម​ ​(COPD​) មាន​សុខភាព​ល្អ​ក៏​ដោយ ។​ ​ការ​សិក្សា​បាន​បន្ថែម​ថា​ ​អ្នក​ដែល​មាន​ជម្ងឺ​ហឺត​ហើយ​មាន​កម្រិត​វីតាមីន​ឌី​ទាប​នៅ​ក្នុង​ឈាម​ ទំនង​ជា​អាច​កើត​ជម្ងឺ​ផ្លូវដង្ហើម​៥​ដង​ឯណោះ​ ​ផ្ទុយ​ទៅ​វិញ​ក្នុង​ចំណោម​អ្នក​ដែល​មាន​ជម្ងឺ​ ​COPD​ ​នេះ​អាច​កើត​មាន​ជម្ងឺ​ផ្ដាសាយ​តែ​២​ដង​ទេ​ ដោយសារ​កង្វះ​វីតាមីន​ឌី ។​ ​ដូច្នេះ​វីតាមីន​ឌី​បាន​ត្រូវ​គេ​ផ្ដល់​យោបល់​ថា​អាច​ទប់ទល់​នឹង​ជម្ងឺ​ផ្ដាសាយ​ ​ឬ​គ្រុនផ្ដាសាយ​បាន ៕​

 

វីរភាព​របស់​ស្ដ្រី​ខ្មែរ​នៅ​សម័យ​អង្គរ

រូប​ចម្លាក់​នា​សម័យ​អង្គរ​បង្ហាញ​ពី​វីរភាព​របស់​ស្ដ្រី​ខ្មែរ​ 

រូប​ចម្លាក់​នា​សម័យ​អង្គរ​បង្ហាញ​ពី​វីរភាព​របស់​ស្ដ្រី​ខ្មែរ​

ចម្លាក់​នៅ​រោងទង​ខាងក្រៅ​នៃ​ប្រាសាទ​បាយ័ន​ ​បាន​បង្ហាញ​អំពី​ស្ដ្រី​មាន​ភារកិច្ច​ដឹកនាំ​ជាមួយ​ខ្លួន​ច្រើន​ផ្នែក​នៅ​ពេល​ធ្វើ​ដំណើរ​ ​ដែល​គេ​មើល​យល់​ថា​ ​ជា​ពេល​ស្រុក​កើត​សង្គ្រាម ។

រូប​ចម្លាក់​នា​សម័យ​អង្គរ​បង្ហាញ​ពី​វីរភាព​របស់​ស្ដ្រី​ខ្មែរ​

រូប​ចម្លាក់​នា​សម័យ​អង្គរ​បង្ហាញ​ពី​វីរភាព​របស់​ស្ដ្រី​ខ្មែរ​ 

តាម​រយៈ​រូបភាព​នៃ​ចម្លាក់​ថ្ម​បាន​បង្ហាញ​ថា​ ​ស្ដ្រី​ម្នាក់​នេះ​មាន​ទូល​សម្ភារៈ​អ្វី​មួយ​លើ​ក្បាល​ ​ទំនង​ជា​ធ្ងន់​ផង​ដែរ​ ​ទើប​ដៃ​ឆ្វេង​ជួយ​ទប់​ទម្ងន់ ។​ ​លើ​ស្មា​ឆ្វេង​មាន​ស្ពាយ​ទៃ​មួយ​ ​ទំនងជា​ចំណី​របស់​កូន​ហូប​តាម​ផ្លូវ​ ​ឬ​ក៏​ជា​វត្ថុ​សំខាន់​ ដូចជា​ គ្រឿង​អលង្ការ​ជាដើម ។​ ​ឯ​ដៃស្ដាំ​វិញ​ ​ស្ដ្រី​នោះ​ព​កូន​តូច​ប្រកៀក​ជាប់​នឹង​ដងខ្លួន​ ​ដោយ​ចុងដៃ​មាន​ក្ដាប់​លំពែង​ ​និង​គង​ដង​ពី​លើ​ស្មា​ស្ដាំ​ផង​ ​សម្រាប់​ទុក​ការពារ​ខ្លួន​ក៏​ថា​បាន​ ​ឬ​ក៏​សម្រាប់​ទុក​ឱ្យ​ប្ដី​ធ្វើសឹក​សង្គ្រាម​ក៏​ថា​បាន​ ​ព្រោះ​សម័យ​នោះ​កងទ័ព​ប្រើ​តែ​ដាវ​លំពែង​ ​ធ្នូ​ ​ស្នា​ ​ប៉ុណ្ណោះ​ ​ពុំ​ទាន់​មាន​កាំភ្លើង​ទេ ។​ ​ឯ​ប្ដី​វិញ​ ​បាន​រែក​ស្រូវ​អង្ករ​យ៉ាង​ធ្ងន់​ដើរ​នៅ​មុខ​ប្រពន្ធ​ ​ហើយ​បាន​ដាក់​អំរែក​ឈប់​សម្រាក​ឱ្យ​មាន​កម្លាំង​បន្ដិច ។

រូប​ចម្លាក់​នេះ​ ​បាន​បង្ហាញ​អំពី​ស្រុក​កើត​សង្គ្រាម​ ​ដែល​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ផ្លាស់​ប្ដូរ​ទីកន្លែង​ ​ពី​មួយ​ទៅ​មួយ​ដោយ​ការ​ដឹក​ជញ្ជូន​កូនចៅ​ ​និង​ស្បៀង​អាហារ​ទុក​សម្រាប់​បរិភោគ ។​ ​ចំពោះ​ស្ដ្រី​ដែល​មាន​កាន់​លំពែង​នោះ​ ​គឺ​ជា​អាវុធ​សម្រាប់​បង្ក្រាប​សត្រូវ​ក្នុង​សមរភូមិ ។​

លំពែង​ជា​អាវុធ​របស់​ប្ដី​ដែល​ជា​យុទ្ធជន​ក៏​ថា​បាន​ ​និង​លំពែង​ជា​អាវុធ​របស់​ប្រជាពលរដ្ឋ​ទុក​បង្ការ​ខ្លួន​តាម​ផ្លូវ​ក៏​ថា​បាន ។​ ​ប៉ុន្ដែ​គេ​បាន​អះអាង​ថា​ ​ពេល​ប្ដី​ទៅ​ធ្វើសង្គ្រាម​ ​តែង​នាំ​ប្រពន្ធ​កូន​ទាំង​គ្រួសារៗ​ទៅ​តាម​ខ្លួន​ ​ទើប​បណ្ដាល​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ប្រកប​ដោយ​ការ​ដឹក​ជញ្ជូន​ ពាំនាំ​រយីងរយោង​ផ្ទាល់ខ្លួន​យ៉ាង​នេះ ។

ក្រៅពី​រែក​ ​មាន​សែង​ ​ពុន​ ​ព្រមទាំង​ទូល​ ​និង​លី​ ​កណ្ដៀត​ ​ទៅ​តាម​ទម្ងន់​ធ្ងន់​ឬ​ស្រាល​ ​និង​ទៅ​តាម​ឧបករណ៍​សម្រាប់​ចែក​រម្លែក​កម្លាំង​គ្នា​ដឹកនាំ​ ឬ​ជ​ញ្ចូ​ន​ឱ្យ​បាន​អស់​ក្នុង​ការ​បន្ដ​ដំណើរ​ទៅ​មុខ ។

ជំនាន់​បុរាណ​ ​យាន​ជំនិះ​ផ្លូវគោក​សម្រាប់​ដឹក​ជញ្ជូន​សំខាន់​ជាង​គេ​ ​គឺ​រទេះគោ​ ​ឬ​រទេះក្របី​-សេះ​ ​ប៉ុណ្ណោះ ។ ក្រៅពី​នោះ​ ​មាន​តែ​ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ ​មាន​ទូល​ ​រែក​ ​សែង​ដោយ​កម្លាំង​ផ្ទាល់​របស់​មនុស្ស ។​ ​ប៉ុន្ដែ​ ​គួរ​ឱ្យ​ស្ងើច​សរសើរ​ណាស់​ ​ចំពោះ​ស្ដ្រី​ខ្មែរ​ដែល​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ដឹក​ជញ្ជូន​អស់​ពី​សមត្ថភាព​ ​គឺ​ប្រើ​ប្រាស់​ដៃ​ឥត​មាន​ទំនេរ​ទេ​ ​មិន​ដើរ​តែ​ខ្លួន​ទទេ​បង់បោយ​រលះ​នោះ​ឡើយ​ ​ដូច​ឃើញ​ក្នុង​រូបចម្លាក់​នៅ​ប្រាសាទ​បាយ័ន​ស្រាប់ ។ នេះ​គឺ​ជា​ជីវិត​តស៊ូ​ក្នុង​សង្គ្រាម​ដែល​តែងតែ​លំបាក​វេទនា​យ៉ាងហ្នឹង ។ ដូច​ពាក្យ​ចាស់​ទុកជា​បណ្ដាំ​ថា​ ​“ដំរី​ជល់​គ្នា​ ​ងាប់​ស្រមោច​សង្អារ” គឺ​ប្រជាពលរដ្ឋ​ជា​អ្នក​ទទួល​រង​ទុក្ខវេទនា​ ​លំបាក​លំបិន​ ​ប្រកបដោយ​គ្រោះថ្នាក់​ ​ក្លាយ​ខ្លួន​ទៅ​ជា​ចំណី​សង្គ្រាម​យ៉ាង​អណោច​អាធ័ម​ទៀត​ផង ។

ជាក់ស្ដែង​ ​នៅ​ស្រុក​ខ្មែរ​យើង​កន្លង​មក​ភ្លើង​សង្គ្រាម​ឆាបឆេះ​រយៈពេល​ជាង​២០​ឆ្នាំ​ ​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​រង​ទុក្ខវេទនា​ ​គ្មាន​អ្វី​ប្រៀប​បាន​ឡើយ ។ ក្រៅពី​ការ​ស្លាប់​ ​និង​ការ​ព្រាត់​ប្រាស់​ ​គឺ​ទ្រព្យសម្បត្ដិ​ប្រជា​ពលរដ្ឋ​ ​និង​ទ្រព្យសម្បត្ដិ​សាធារណៈ​ត្រូវ​វិនាស​អន្ដរាយ​យ៉ាង​ធ្ងន់ធ្ងរ​ក្រៃ​លែង ។ នៅ​ពេល​ដែល​ស្រុក​ទេស​កើត​សង្គ្រាម​ពេញ​បន្ទុក​ហើយ​នោះ​ ​គឺ​ប្រាកដ​ជា​ពួក​អ្នក​នយោបាយ​នឹង​រត់​ចោល​ស្រុក​ ​រត់​ចោល​ប្រជាពលរដ្ឋ​ ​ឯ​ទុក្ខវេទនា​ត្រូវ​ធ្លាក់​មក​លើ​ប្រជាពលរដ្ឋ​ដដែល​ជា​ដដែល ៕

លី​ ​ហាក់​សេង​
(ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​កោះសន្ដិភាព​ ​ថ្ងៃ​ទី​៤​ ​ខែកុម្ភៈ​ ​ឆ្នាំ​២០០៩​)

 






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve