កម្ចីអក្សរខ្មែរដោយជនជាតិសៀម

សិលាចារឹកនៅសុខោទ័យកម្ចីអក្សរខ្មែររបស់ជនជាតិសៀម សព្វថ្ងៃគេរក្សានៅភូមា
អ្នកជំនាញស្រាវជ្រាវខាងប្រវត្ដិសាស្ដ្រកម្ពុជាបានរកឃើញ “កម្ចីអក្សរខ្មែរ” ដោយជនជាតិសៀម ត្រូវបានចារឹកឡើងនៅពាក់កណ្ដាលសតវត្សរ៍ទី១៤ ឬដើមសតវត្សរ៍ទី១៥យ៉ាងប្រាកដ ហើយផ្ទាំងសិលានោះរក្សាទុកក្នុងសារមន្ទីរបុរាណវិទ្យាទីក្រុងបាហ្គាន ប្រទេសភូមាបច្ចុប្បន្ន ។
បណ្ឌិតមីសែល ត្រាណេ ជំនាញខាងប្រវត្ដិសាស្ដ្រប្រទេសកម្ពុជាបានធ្វើការបកស្រាយគំហើញថ្មីថា នៅសារមន្ទីរបុរាណវិទ្យានៃទីក្រុងបាហ្គាន ប្រទេសភូមាសព្វថ្ងៃ គេឃើញមានតម្កល់ទុកនូវផ្ទាំងសិលាចារឹកសៀមជាច្រើនផ្ទាំង ដែលបានមកពីតាវ៉យ និងមេកហ្គូយ ដែលជាទីប្រជុំជនចាស់របស់ជនជាតិមនស្ថិតក្នុងភូមិភាគខាងក្រោមនៃប្រទេសភូមា ។
លោកបណ្ឌិតបានឱ្យដឹងទៀតថា “ក្នុងចំណោមសិលាចារឹកសៀមទាំងនោះ គេឃើញមានសិលាចារឹកមួយផ្ទាំងចុះលេខរៀង៩៤ដែលប្រហែលជាត្រូវបានគេរកឃើញនៅឆ្នាំ១៩២១ ម្ល៉េះនៅទីក្រុងតាវ៉យ ត្រូវបានសរសេរជាភាសាសៀម តែប្រើតួអក្សរខ្មែរសម័យក្រោយអង្គរ ។ ផ្ទាំងសិលាចារឹកនេះសរសេរអក្សរខ្មែរ ២៥បន្ទាត់ ថ្វីត្បិតតែផ្នែកខាងលើ និងចំហៀងត្រូវបាក់ ក៏ប៉ុន្ដែនៅរក្សាបាននូវខ្លឹមសារទាំងស្រុងដែលពាក់ព័ន្ធនឹងប្រវត្ដិសាស្ដ្រសៀម” ។
បុរាណវិទ្យាខ្មែរយើងបានចាត់ទុកវត្ដមានរបស់សិលាចារឹកសៀមដំបូងនេះថា មិនមែនជាការចៃដន្យអ្វីទេព្រោះថាភូមិភាគនេះស្ថិតក្រោមការគ្រប់គ្រងត្រួតត្រាដោយរាជវង្សចាប់តាំងពីឆ្នាំ១២៨៧មកដោយព្រះអង្គម្ចាស់ វរេរូ ដែលត្រូវជាព្រះរាជបុត្រាធម៌របស់ព្រះបាទរាមកំហែង ព្រះមហាក្សត្រាដ៏ខ្លាំងពូកែនៃនគរសុខោទ័យ(អតីតទឹកដីខ្មែរ) ។
ការសិក្សាប្រៀបធៀបនៃតួអក្សរចារឹកខាងលើនេះទៅនឹងសិលាចារឹកសុខោទ័យលេខ៤ជាភាសាខ្មែរចារនៅឆ្នាំ១៣៦០ និងសិលាចារឹកលេខ៨ជាភាសាសៀមប្រើតួអក្សរខ្មែរចារក្រោយឆ្នាំ១៤០៦ ដោយលោកគ្រិសវូល នោះ លោកបណ្ឌិតមីសែល ត្រាណេ បានបញ្ជាក់ឱ្យដឹងថា ពីពាក់កណ្ដាលសតវត្សរ៍ទី១៣រហូតដល់ដើមសតវត្សរ៍ទី១៥ ជនជាតិសៀមនៅតែប្រើតួអក្សរខ្មែរនៅក្នុងឯកសារជាផ្លូវការរបស់ពួកគេនៅឡើយ ។ ការតាំងកាលបរិច្ឆេទនេះ ដែលជាលទ្ធផលនៃការវិភាគនេះ លោកមីសែល គិតថាពិតជាសមស្របទៅនឹងព្រឹត្ដិការណ៍នយោបាយក្នុងតំបន់ ។ ដោយហេតុថាទីក្រុងតាវ៉យ នេះ ត្រូវបានកាន់កាប់ដោយព្រះរាជវង្សានុវង្សសៀមនាសម័យអយុធ្យានៅពាក់កណ្ដាលសតវត្សរ៍ទី១៤ ក្នុងខណៈដែលទីក្រុងមនមួយទៀតឈ្មោះប៉េហ្គូ ឬប៉េគូ វិញ បានរក្សាអធិបតេយ្យភាពរបស់ខ្លួនត្រឹមតែដល់ឆ្នាំ១៥៣៩ តែប៉ុណ្ណោះ ។
សរុបសេចក្ដីមក សិលាចារឹកសៀមប្រើអក្សរខ្មែររបស់យើងពិតជាត្រូវបានចារឡើងនៅពាក់កណ្ដាលសតវត្សរ៍ទី១៤ ឬដើមសតវត្សរ៍ទី១៥យ៉ាងប្រាកដ ។ លោកបុរាណវិទូយើងបានបញ្ជាក់យ៉ាងដូច្នេះថា អត្ថប្រយោជន៍នៃសិលាចារឹកនេះ គឺការបង្ហាញបញ្ជាក់ថា ពីដើមជនជាតិសៀម ដែលជាមនុស្សចំណូលថ្មីក្នុងតំបន់មិនទាន់មានអក្សរដើម្បីកត់ត្រាប្រចាំជាតិសាសន៍នៅឡើយទេក្នុងទំព័រប្រវត្ដិសាស្ដ្រ ។ ដូច្នេះហើយជនជាតិនេះបានប្រើតួអក្សរខ្មែរជាបណ្ដោះអាសន្ន ហើយកម្ចីអក្សរខ្មែរនេះ នៅពេញនិយមនៅឡើយរហូតដល់សម័យអយុធ្យា ពោលគឺ រហូតដល់ដើមសតវត្សរ៍ទី១៥នៃគ្រិស្ដសករាជ ៕
(អត្ថបទដកស្រង់ពីសារព័ត៌មានរស្មីកម្ពុជា ថ្ងៃទី២០/១០/០៨)
អត្ថបទពាក់ព័ន្ធៈ ប្រាសាទព្រះវិហារ ឬ ព្រះវិហាន ?