Chouk Khmer

March 3, 2009

ប្រាសាទ​សំបូរ​ព្រៃគុក​ក្នុង​របប​ខ្មែរ​ក្រហម

ប្រាសាទ​សំបូរ​ព្រៃគុក 

សែម​ ​ណម​ អាយុ​៤៥​ឆ្នាំ​ ​គឺជា​អ្នក​អភិរក្ស​ប្រាសាទ​សំបូរ​ព្រៃគុក​តំណ​តាំងពី​ឪពុក​របស់​គាត់​នៅ​រស់​ ​កាល​ពី​សង្គម​រាស្ដ្រនិយម​មក​ម្ល៉េះ ។​ ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ​ប្រាសាទ​សំបូរ​ត្រូវ​ពួក​វា​បញ្ជា​ឱ្យ​គាស់​យក​ឥដ្ឋ​ទៅ​ធ្វើ​គុក​រម្ងាស់​ស្ករ​ បញ្ជា​ឱ្យ​គាស់​យក​ផ្ទាំង​ថ្ម​បាយក្រៀម​ជា​ខឿន​ប្រាសាទ​ទៅ​ក្រាល​ថ្នល់​ ទៅ​ធ្វើ​លូ​ទឹក​ ​ហើយ​បញ្ជា​ឱ្យ​វាយ​យក​ដែក​សរសៃ​នៅ​អភិរក្ស​ដ្ឋាន​(ផ្ទះ​បារាំង) ទៅ​ធ្វើ​ស្ពាន ។

លោក​ សែម​ ​ណម​ ​សព្វថ្ងៃ​គឺ​ជា​ប្រធាន​អភិរក្ស​ ​និង​ជា​ប្រធាន​សហគមន៍​អភិរក្ស​ប្រាសាទ​សំបូរ​ព្រៃគុក​​បាន​និយាយ​ថា​ ​ឪពុក​របស់​គាត់​ឈ្មោះ​ មួក​ ​សែម​ ​គឺ​ជា​មន្ដ្រី​អភិរក្ស​ប្រាសាទ​សំបូរ​តាំងពី​សង្គម​រាស្ដ្រនិយម ។ សែម​ ​ណម​ ​និយាយ​ថា​ ​តាំងពី​កើត​មក​ឃើញ​ឪពុក​របស់​គាត់​ និង​គ្រួសារ​របស់​គាត់​រស់​នៅ​អភិរក្ស​ដ្ឋាន​ដែល​គេ​ហៅ​ថា​ ផ្ទះ​បារាំង​រហូត ។​ ​ក្នុង​អំឡុង​ទសវត្ស​ទី​៦០​មាន​បុគ្គលិក​ខ្មែរ​អភិរក្ស​ប្រាសាទ​តែ​៤​នាក់​ប៉ុណ្ណោះ​ ដែល​មាន​ជនជាតិ​បារាំង​ជួយ​មើល​ផង ។ នៅ​ក្នុង​ឆ្នាំ​១៩៩៧០​ ​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​គឺជា​តំបន់​រំដោះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ទាហាន​ខ្មែរ​ក្រហម​ ពួក​វា​ចាប់ផ្ដើម​ជម្លៀស​គ្រ​សារ​របស់​គាត់​ និង​បុគ្គលិក​ទាំងអស់​ចេញពី​អភិរក្ស​ដ្ឋាន ។​ ​ក្រុម​គ្រួសារ​របស់​គាត់​ត្រូវ​ខ្មែរក្រហម​យក​ទៅ​ឱ្យ​រស់​នៅ​ភូមិ​ជាំស្វាយ​ជា​ភូមិ​កណ្ដាល​ព្រៃ​ ​ក្នុង​ស្រុក​សណ្ដាន់ ។ ចំណែក​គ្រួសារ​ផ្សេង​ទៀត​ត្រូវ​ជម្លៀស​ទៅ​នៅ​ភូមិ​សំបូរ​ ​ដែល​ឆ្ងាយ​ពី​ប្រាសាទ​១,៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ ។

សែម​ ​ណម​ ​និយាយ​ថា​ ​ពេល​នោះ​ពួក​ខ្មែរក្រហម​បាន​យក​អភិរក្ស​ដ្ឋាន​ដែល​ជា​លំនៅ​សម្រាប់​អ្នក​អភិរក្ស​ស្នាក់​នៅ​ការពារ​ប្រាសាទ​ ​ទៅ​ធ្វើ​ជា​កន្លែង​ច្នៃ​គ្រាប់​ធ្វើ​មីន​សម្រាប់​វាយ​ទាហាន​លន់​ ​នល់​ នៅ​កំពង់ធំ ។

នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៧២-១៩៧៣ យន្ដហោះ​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ ​បណ្ដាល​ឱ្យ​ខូច​​ខាត​អភិរក្ស​ដ្ឋា​ន​តែ​មួយ​ជ្រុង​ប៉ុណ្ណោះ ។​ ​រហូត​ដល់​ក្រោយ​ថ្ងៃ​រំដោះ​១៧​ ខែ​មេសា​ ឆ្នាំ​១៩៧៥​ គ្រួសារ​របស់​គាត់​ត្រូវ​ពួក​ខ្មែរក្រហម​បញ្ជូន​ត្រឡប់​មក​រស់នៅ​ភូមិ​សំបូរ​វិញ​ ​ប៉ុន្ដែ​មិន​មាន​ភារកិច្ច​អ្វី​ពាក់ព័ន្ធ​នឹង​ប្រាសាទ​ទៀត​ទេ ។ លោក​ ​សែម​ ​ណម​ ​និយាយ​ទៀត​ថា​ ​ក្នុង​អំឡុង​ឆ្នាំ​១៩៧៦-១៩៧៧ និង​ឆ្នាំ​១៩៧៨​ ​ពួក​ខ្មែរក្រហម​បាន​បញ្ជា​ឱ្យ​ប្រជាជន​បរ​រទេះ​គោ​ ​រទេះ​ក្របី​ទៅ​ដឹក​យក​ឥដ្ឋ​បុរាណ​ក្នុង​ប្រាសាទ​ទៅ​ធ្វើ​គុក​រម្ងាស់​ស្ករ​ ​បន្ទាប់​មក​ទៀត​ពួក​ខ្មែរក្រហម​បាន​បញ្ជា​ឱ្យ​ប្រជាជន​យក​រទេះ​គោ​ ​រទេះក្របី​មក​ដឹក​យក​ផ្ទាំង​ថ្ម​បាយក្រៀម​ដែល​ជា​ខឿន​ របង​ហ៊ុម​ព័ទ្ធ​ប្រាសាទ​ ​ទៅ​ក្រាល​ថ្នល់​ យក​ទៅ​ធ្វើ​លូ​ទឹក​ ​ដោយ​គ្មាន​ស្ដាយស្រណោះ​ ឬ​យល់​ពី​តម្លៃ​នៃ​ថ្ម​ប្រាសាទ​ទាំង​អស់នោះ​ឡើយ ។ បន្ទាប់​មក​ពួក​ខ្មែរក្រហម​បាន​បញ្ជា​ឱ្យ​ប្រជាជន​វាយ​កំទេច​អភិរក្ស​ដ្ឋាន​ដើម្បី​យក​ដែក​សរសៃ​ទៅ​កាត់​ធ្វើ​ដែកគោល​ដើម្បី​ធ្វើ​ស្ពាន ។​ ក្រៅពី​បំផ្លាញ​ដោយ​មនុស្ស​ ប្រាសាទ​នៅ​បាន​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ពួក​អាមេរិក​ទម្លាក់​គ្រាប់បែក​ក្នុង​អំឡុង​សង្គ្រាម​ឆ្នាំ​១៩៧០​ផង​ដែរ ។

សែម​ ​ណម​ ​បាន​និយាយ​ទៀត​ថា​ ​នៅ​ក្រោយ​ឆ្នាំ​១៩៧៩​ បន្ទាប់​របប​ខ្មែរក្រហម​បាន​ដួល​រលំ​ទៅ​ ​ឪពុក​របស់​គាត់​ មួក​ ​សែម​ ​បាន​ឡើង​ជា​មេឃុំ​សំបូរ​ ​កាល​ណោះ​នៅ​ស្រុក​កំពង់ស្វាយ ។ នៅ​ឆ្នាំ​១៩៩៤​ ​គាត់​ (មួក​ ​សែម) ត្រូវ​ក្រសួង​វប្បធម៌​ហៅ​គាត់​មក​ធ្វើ​ជា​អភិរក្ស​ប្រាសាទ​សំបូរ​វិញ ។ ប៉ុន្ដែ​គាត់​បាន​ស្លាប់​នៅ​ពាក់​កណ្ដាល​ឆ្នាំ​១៩៩៤​ ​ហើយ​គាត់​(សែម​ ​ណម) ជា​កូន​បាន​បន្ដ​វេន​ឪពុក​ ​ហើយ​ដឹកនាំ​ក្រុម​អភិរក្ស​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

នេះ​គឺជា​ស្នាដៃ​របស់​ពួក​ខ្មែរក្រហម​ក្រោម​ការ​ដឹកនាំ​របស់​បង​ធំ​ ប៉ុល​ ពត​ ដែល​មិន​ត្រឹម​តែ​សម្លាប់​មនុស្ស​បំផ្លិច​បំផ្លាញ​អ្វីៗ​ទាំងអស់​ប៉ុណ្ណោះ​ទេ​ ​សូម្បី​ប្រាសាទ​ដែល​ចាត់​ទុក​ជា​ព្រលឹង​ជាតិ​ក៏​ត្រូវ​បំផ្លាញ​ដែរ ៕

(អត្ថបទ​ដកស្រង់​ពី​សារព័ត៌មាន​រស្មីកម្ពុជា​)

 

Comments »

The URI to TrackBack this entry is: http://choukhmer.blogsome.com/2009/03/03/sambo-prey-kuk-in-kr/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve