Chouk Khmer

March 1, 2009

រក​ឃើញ​កន្លែង​តម្កល់​អដ្ឋិធាតុ​បុរាណ​អាយុ​៥០០​ឆ្នាំ​នៅ​កោះកុង

ក្រុមការងារ​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​ ​និង​នាយកដ្ឋាន​បុរាណវិទ្យា​ ​និង​បុរេប្រវត្ដិ​វិទ្យា​ ​នៃ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រសិល្បៈ​ ​ទើបតែ​ស្រាវជ្រាវ​ និង​រក​ឃើញ​ស្ថានីយ​តម្កល់​អដ្ឋិធាតុ​បុរាណ​មួយ​ ​ដែល​ ​មាន​អាយុកាល​ប្រហែល​៥០០​ឆ្នាំ​មុន​ ​ស្ថិត​នៅ​ភូមិ​ជីផាត​ ​ស្រុក​ថ្មបាំង​ ​ខេត្ដ​កោះកុង ។  តាម​មន្ដ្រី​ជំនាញ​ថា​ ​ស្ថានីយ​នេះ​ត្រូវ​ចុះ​ត្រួតពិនិត្យ​តាំងពី​ខែ​វិច្ឆិកា​ ​២០០៨​កន្លងមក ។

ក្រុមការងារ​ចុះ​ស្រាវជ្រាវ​ស្ថានីយ​តម្កល់​អដ្ឋិធាតុ​បុរាណ​បាន​ឱ្យ​ដឹង​ថា​ ​ទីតាំង​តម្កល់​សព​បុរាណ​នោះ​ ​មិន​មែន​ជា​ ​របក​គំហើញ​ថ្មី​ទេ​ ​សម្រាប់​អ្នក​រស់​នៅ​តំបន់​នោះ​ ​ព្រោះ​ពួក​គាត់​បាន​និយាយ​ថា​ ​ពួក​គាត់​បាន​ស្គាល់​ និង​ឃើញ​ទីតាំង​តម្កល់សព​នេះ​តាំងពី​យូរណាស់​មក​ហើយ​ ​តែ​ពួក​គាត់​ហាក់​ដូចជា​មិន​បាន​ចាប់អារម្មណ៍​ ​និង​មិន​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ដែនដី​ ឬ​អ្នកជំនាញ​ឱ្យ​បានដឹង​ឡើយ ។​ ​មួយ​ឆ្នាំ​មុន​នេះ​ ​ពេល​ដែល​មាន​ការ​បង្កើត​សមាគម​ទេសចរណ៍​នៅ​ក្នុង​តំបន់​នោះ​ ​ទើប​អ្នកស្រុក​បាន​រាយការណ៍​ឱ្យ​តំណាង​សហគមន៍​បាន​ដឹង​អំពី​ទីតាំង​បញ្ចុះ​សព​បុរាណ​នោះ ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ តំណាង​សហគមន៍​ទេសចរណ៍​បាន​ផ្ដល់​ព័ត៌មាន​ទៅ​មន្ទីរ​ ​និង​ក្រសួង​វប្បធម៌​ ​និង​វិចិត្រសិល្បៈ​ ​ហើយ​ក៏​មាន​ការ​ចាត់​បញ្ជូន​មន្ដ្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​តំបន់​នោះ​តែ​ម្ដង ។​ ​មន្ដ្រី​នៃ​ក្រុម​ស្រាវ​ ​ជ្រាវ​បាន​និយាយ​ថា​ ​ទីតាំង​តម្កល់សព​បុរាណ​ស្ថិត​នៅ​ពីរ​កន្លែង​ផ្សេង​គ្នា​ ​ហើយ​ឃ្លាត​ពី​គ្នា​ចម្ងាយ​ប្រមាណ​ ​៤០​ម៉ែត្រ។ ទីតាំង​ទី​មួយ​បាន​ស្រាវជ្រាវ​រក​ឃើញ​មាន​ក្រឡ​ធំៗ​ ​ដាក់​នៅ​ក្នុង​ប្រឡោះ​ថ្ម​នៃ​ជញ្ជាំង​ភ្នំ​មាន​កំពស់​ប្រហែល​៨​ម៉ែត្រ​ ​តែ​ក្រុមការងារ​មិន​ទាន់​បាន​ត្រួតពិនិត្យ​ក្រឡ​ទាំងនោះ​ឱ្យ​បាន​ល្អិតល្អន់​នៅឡើយ​ ​ព្រោះ​ស្ថានភាព​ភូមិសាស្ដ្រ​មិន​អំណោយផល ។ យោង​តាម​ព័ត៌មាន​ដែល​ផ្ដល់​ដោយ​ប្រជាពលរដ្ឋ​គឺ​ក្រឡ​បុរាណ​នោះ​មាន​ទាំងអស់​ចំនួន​៧​ ​ដោយ​មួយ​ចំនួន​​នៅ​រក្សា​រូបរាង​ដើម​ល្អ​ ​តែ​មួយ​ចំនួន​ទៀត​បាន​បែក​ខូចខាត​ ​ហើយ​ទំនងជា​ត្រូវ​ក្រុម​មនុស្ស​វាយ​បំបែក​ដើម្បី​រក​វត្ថុ​មាន​តម្លៃ ។​ ​ចំណែក​ទីតាំង​ទី​ពីរ​ស្ថិត​នៅ​ខាងត្បូង​ទីតាំង​ទី​មួយ​ប្រហែល​៤០​ម៉ែត្រ​ ​។ ទីតាំង​ទី​ពីរ​នោះ​ ​ពុំ​មាន​ក្រឡ​ដូច​ទីតាំង​ទី​មួយ​ទេ​ ​គឺ​មាន​តែ​ក្ដារ​មឈូស​ដាក់​តម្រៀប​គ្នា​នៅ​ក្នុង​ជម្រក​ថ្ម​ ​មាន​រយៈកម្ពស់​ដូច​គ្នា​នឹង​ទីតាំង​នៃ​ក្រឡ​បុរាណ​ដែរ​ ​តែ​យើង​អាច​ឡើង​ទៅ​កាន់​ទីនោះ​បាន​មិន​មាន​ឧបសគ្គ​អ្វី​ឡើយ ។ តាម​ការ​ពិនិត្យ​ ​គឺ​ទីតាំង​ទី​ពីរ​នោះ​ ​មាន​តម្កល់​ក្ដារ​មឈូស​ចំនួន​១៣​ ​ក្នុង​នោះ​ក្ដារ​មឈូស​ចំនួន​១២​ ​គឺ​នៅ​​រក្សា​រូបរាង​ល្អ​ ​តែ​ក្ដារ​មឈូស​មួយទៀត​មាន​សភាព​ពុក​ផុយ​ស្ទើរតែ​ទាំងស្រុង ។​ ​ក្ដារ​មឈូស​ទាំងនោះ​ ​គឺ​ធ្វើ​អំពី​ឈើ​រាង​បួន​ជ្រុង​ទ្រវែង​មាន​ប្រវែង​ចាប់ពី​៨០​សង្ទីម៉ែត្រ​ ​រហូត​ដល់​១២០​សង្ទីម៉ែត្រ​ ​និង​ទទឹង​ជា​ទូទៅ​មាន​ប្រវែង​ប្រហែល​២០​សង្ទីម៉ែត្រ​ ​ព្រមទាំង​មាន​គម្រប​ដែល​មាន​មុខ​កាត់​រាង​ត្រីកោណ ។​ ​នៅ​ក្នុង​មឈូស​នីមួយៗ​ ​មាន​នៅ​សេស​សល់​ឆ្អឹង​សាកសព​ខ្លះៗ​ដូច​ជា​ ​ឆ្អឹង​ដៃជើង​ ​ឆ្អឹង​ជំនីរ​ ​ឆ្អឹង​ខ្នង​ ​និង​បំណែក​ឆ្អឹង​លលាដ៍​ក្បាល ។ ក្ដារ​មឈូស​ទាំងនោះ​ទំនងជា​ត្រូវ​បាន​គេ​រុះរើ​កកាយ​ក្នុង​បំណង​រក​វត្ថុ​មាន​តម្លែ​ដូច​ជា​ក្រឡ​ដែរ​ ​បណ្ដាល​ឱ្យ​ឆ្អឹង​សេសសល់​ជ្រុះ​រប៉ាត់រប៉ាយ​ ​និង​បែកបាក់​គួរ​ឱ្យ​សោកស្ដាយ ។​ ​ក្រៅពី​ឆ្អឹង​ដែល​នៅ​សេសសល់​ ​គេ​ក៏​សង្កេត​ឃើញ​មាន​ក្រឡ​តូចៗ​ដាក់​ក្នុង​ក្ដារ​មឈូស​មួយ​ចំនួន​ផង​ដែរ ។

មន្ដ្រី​ជំនាញ​បាន​និយាយ​ថា​ ​ទាក់ទិន​ទៅ​នឹង​អាយុកាល​នៃ​ស្ថានីយ​តម្កល់​សព​បុរាណ​នោះ​ ​យើង​មិន​អាច​ធ្វើការ​សន្និដ្ឋាន​បាន​ភ្លាមៗ​ក្រៅ​ផ្លូវការ​ណាមួយ​នោះ​ឡើយ​ ​ព្រោះថា​ ​ដើម្បី​បាន​ដឹង​ឱ្យ​ជាក់លាក់​អំពី​អាយុ​កាលនោះ​ ​គឺ​ត្រូវ​ធ្វើការ​វិភាគ​តាម​បែប​វិទ្យាសាស្ដ្រ​ ​វិទ្យុសកម្ម​ ​កាបូន​១៤​ ​ទៅ​លើ​វត្ថុ​នីមួយៗ​សំខាន់​ឆ្អឹង​សាកសព ។

ប៉ុន្ដែ​យើង​អាច​ប្រៀបធៀប​ទៅ​នឹង​របកគំហើញ​ ​ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​នោះ​ដែរ​ ​នៅ​ឯ​តំបន់​ ​ជួរ​ភ្នំក្រវាញ​ក្នុង​ខេត្ដពោធិ៍សាត់​ ​ដែល​បាន​រក​ឃើញ​ស្ថានីយ​តម្កល់សព​បុរាណ​ ​ដូច​គ្នា​នឹង​របកគំហើញ​នៅ​ខេត្ដ​កោះកុង​នេះ​ផង​ដែរ ។ ដូច្នេះ​យើង​អាច​សន្មត​ថា​ ​ស្ថានីយ​តម្កល់សព​បុរាណ​ដែល​រក​ឃើញ​នៅ​ខេត្ដ​កោះកុង​ ​នេះ​ ​គឺ​មាន​អាយុ​ប្រហែល​៥០០​ឆ្នាំ​មុន​ ​ដូច​គ្នា​នឹង​ស្ថានីយ​តម្កល់សព​បុរាណ​នៅ​ខេត្ដពោធិ៍សាត់​ដែរ ។ ម្យ៉ាង​ទៀត​ស្ថានីយ​ទាំង​ពីរ​នេះ​ ​គឺ​ស្ថិត​នៅ​ក្នុង​តំបន់​ជួរ​ភ្នំ​តែ​មួយ​ដែល​ជា​ប្រភព​នៃ​អារ្យធម៌​ពិសេស​មួយ​នៅ​ក្នុង​តំបន់​នោះ ។

គួរ​រម្លឹក​ថា​ ​នេះ​ជា​ព័ត៌មាន​ទី​២​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​ខែកុម្ភៈ​ ​ដែល​ស្ថានីយ​មួយ​ក៏​ត្រូវ​បាន​ធ្វើ​កំណាយ​ ​ដែរ​ដោយ​អ្នកជំនាញ​ជប៉ុន​នៅ​ខេត្ដបន្ទាយមានជ័យ​ ​ហើយ​បាន​រក​ឃើញ​អដ្ឋិធាតុ​មនុស្ស​បុរាណ​ដែល​មាន​អាយុ​កាល​៥០០​ឆ្នាំ​មុន​គ​.ស ៕

(សារព័ត៌មាន​កោះសន្ដិភាព​ ​ថ្ងៃ​ទី​២៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​២០០៩​)

 

មឈូស​បុរាណ​ត្រូវ​បាន​រុញ​ចូល​តម្រៀប​នៅ​ក្រោម​ថ្ម​ដ៏​ធំ​មួយ​ផ្ទាំង​នេះ

មឈូស​បុរាណ​ត្រូវ​បាន​រុញ​ចូល​តម្រៀប​នៅ​ក្រោម​ថ្ម​ដ៏​ធំ​មួយ​ផ្ទាំង​នេះ​

មឈូស​ដាក់​សាកសព​មនុស្ស​បុរាណ​ដែល​បាន​រក​ឃើញ​

មឈូស​ដាក់​សាកសព​មនុស្ស​បុរាណ​ដែល​បាន​រក​ឃើញ​

 

Comments »

The URI to TrackBack this entry is: http://choukhmer.blogsome.com/2009/03/01/koh-kong-corpes/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve