ក្រុមការងារនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ និងនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្ដិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទើបតែស្រាវជ្រាវ និងរកឃើញស្ថានីយតម្កល់អដ្ឋិធាតុបុរាណមួយ ដែល មានអាយុកាលប្រហែល៥០០ឆ្នាំមុន ស្ថិតនៅភូមិជីផាត ស្រុកថ្មបាំង ខេត្ដកោះកុង ។ តាមមន្ដ្រីជំនាញថា ស្ថានីយនេះត្រូវចុះត្រួតពិនិត្យតាំងពីខែវិច្ឆិកា ២០០៨កន្លងមក ។
ក្រុមការងារចុះស្រាវជ្រាវស្ថានីយតម្កល់អដ្ឋិធាតុបុរាណបានឱ្យដឹងថា ទីតាំងតម្កល់សពបុរាណនោះ មិនមែនជា របកគំហើញថ្មីទេ សម្រាប់អ្នករស់នៅតំបន់នោះ ព្រោះពួកគាត់បាននិយាយថា ពួកគាត់បានស្គាល់ និងឃើញទីតាំងតម្កល់សពនេះតាំងពីយូរណាស់មកហើយ តែពួកគាត់ហាក់ដូចជាមិនបានចាប់អារម្មណ៍ និងមិនបានរាយការណ៍ជូនអាជ្ញាធរដែនដី ឬអ្នកជំនាញឱ្យបានដឹងឡើយ ។ មួយឆ្នាំមុននេះ ពេលដែលមានការបង្កើតសមាគមទេសចរណ៍នៅក្នុងតំបន់នោះ ទើបអ្នកស្រុកបានរាយការណ៍ឱ្យតំណាងសហគមន៍បានដឹងអំពីទីតាំងបញ្ចុះសពបុរាណនោះ ។
ក្រោយពីទទួលបានដំណឹងនេះ តំណាងសហគមន៍ទេសចរណ៍បានផ្ដល់ព័ត៌មានទៅមន្ទីរ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយក៏មានការចាត់បញ្ជូនមន្ដ្រីជំនាញចុះស្រាវជ្រាវតំបន់នោះតែម្ដង ។ មន្ដ្រីនៃក្រុមស្រាវ ជ្រាវបាននិយាយថា ទីតាំងតម្កល់សពបុរាណស្ថិតនៅពីរកន្លែងផ្សេងគ្នា ហើយឃ្លាតពីគ្នាចម្ងាយប្រមាណ ៤០ម៉ែត្រ។ ទីតាំងទីមួយបានស្រាវជ្រាវរកឃើញមានក្រឡធំៗ ដាក់នៅក្នុងប្រឡោះថ្មនៃជញ្ជាំងភ្នំមានកំពស់ប្រហែល៨ម៉ែត្រ តែក្រុមការងារមិនទាន់បានត្រួតពិនិត្យក្រឡទាំងនោះឱ្យបានល្អិតល្អន់នៅឡើយ ព្រោះស្ថានភាពភូមិសាស្ដ្រមិនអំណោយផល ។ យោងតាមព័ត៌មានដែលផ្ដល់ដោយប្រជាពលរដ្ឋគឺក្រឡបុរាណនោះមានទាំងអស់ចំនួន៧ ដោយមួយចំនួននៅរក្សារូបរាងដើមល្អ តែមួយចំនួនទៀតបានបែកខូចខាត ហើយទំនងជាត្រូវក្រុមមនុស្សវាយបំបែកដើម្បីរកវត្ថុមានតម្លៃ ។ ចំណែកទីតាំងទីពីរស្ថិតនៅខាងត្បូងទីតាំងទីមួយប្រហែល៤០ម៉ែត្រ ។ ទីតាំងទីពីរនោះ ពុំមានក្រឡដូចទីតាំងទីមួយទេ គឺមានតែក្ដារមឈូសដាក់តម្រៀបគ្នានៅក្នុងជម្រកថ្ម មានរយៈកម្ពស់ដូចគ្នានឹងទីតាំងនៃក្រឡបុរាណដែរ តែយើងអាចឡើងទៅកាន់ទីនោះបានមិនមានឧបសគ្គអ្វីឡើយ ។ តាមការពិនិត្យ គឺទីតាំងទីពីរនោះ មានតម្កល់ក្ដារមឈូសចំនួន១៣ ក្នុងនោះក្ដារមឈូសចំនួន១២ គឺនៅរក្សារូបរាងល្អ តែក្ដារមឈូសមួយទៀតមានសភាពពុកផុយស្ទើរតែទាំងស្រុង ។ ក្ដារមឈូសទាំងនោះ គឺធ្វើអំពីឈើរាងបួនជ្រុងទ្រវែងមានប្រវែងចាប់ពី៨០សង្ទីម៉ែត្រ រហូតដល់១២០សង្ទីម៉ែត្រ និងទទឹងជាទូទៅមានប្រវែងប្រហែល២០សង្ទីម៉ែត្រ ព្រមទាំងមានគម្របដែលមានមុខកាត់រាងត្រីកោណ ។ នៅក្នុងមឈូសនីមួយៗ មាននៅសេសសល់ឆ្អឹងសាកសពខ្លះៗដូចជា ឆ្អឹងដៃជើង ឆ្អឹងជំនីរ ឆ្អឹងខ្នង និងបំណែកឆ្អឹងលលាដ៍ក្បាល ។ ក្ដារមឈូសទាំងនោះទំនងជាត្រូវបានគេរុះរើកកាយក្នុងបំណងរកវត្ថុមានតម្លែដូចជាក្រឡដែរ បណ្ដាលឱ្យឆ្អឹងសេសសល់ជ្រុះរប៉ាត់រប៉ាយ និងបែកបាក់គួរឱ្យសោកស្ដាយ ។ ក្រៅពីឆ្អឹងដែលនៅសេសសល់ គេក៏សង្កេតឃើញមានក្រឡតូចៗដាក់ក្នុងក្ដារមឈូសមួយចំនួនផងដែរ ។
មន្ដ្រីជំនាញបាននិយាយថា ទាក់ទិនទៅនឹងអាយុកាលនៃស្ថានីយតម្កល់សពបុរាណនោះ យើងមិនអាចធ្វើការសន្និដ្ឋានបានភ្លាមៗក្រៅផ្លូវការណាមួយនោះឡើយ ព្រោះថា ដើម្បីបានដឹងឱ្យជាក់លាក់អំពីអាយុកាលនោះ គឺត្រូវធ្វើការវិភាគតាមបែបវិទ្យាសាស្ដ្រ វិទ្យុសកម្ម កាបូន១៤ ទៅលើវត្ថុនីមួយៗសំខាន់ឆ្អឹងសាកសព ។
ប៉ុន្ដែយើងអាចប្រៀបធៀបទៅនឹងរបកគំហើញ ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានោះដែរ នៅឯតំបន់ ជួរភ្នំក្រវាញក្នុងខេត្ដពោធិ៍សាត់ ដែលបានរកឃើញស្ថានីយតម្កល់សពបុរាណ ដូចគ្នានឹងរបកគំហើញនៅខេត្ដកោះកុងនេះផងដែរ ។ ដូច្នេះយើងអាចសន្មតថា ស្ថានីយតម្កល់សពបុរាណដែលរកឃើញនៅខេត្ដកោះកុង នេះ គឺមានអាយុប្រហែល៥០០ឆ្នាំមុន ដូចគ្នានឹងស្ថានីយតម្កល់សពបុរាណនៅខេត្ដពោធិ៍សាត់ដែរ ។ ម្យ៉ាងទៀតស្ថានីយទាំងពីរនេះ គឺស្ថិតនៅក្នុងតំបន់ជួរភ្នំតែមួយដែលជាប្រភពនៃអារ្យធម៌ពិសេសមួយនៅក្នុងតំបន់នោះ ។
គួររម្លឹកថា នេះជាព័ត៌មានទី២ដែលត្រូវបានផ្សព្វផ្សាយក្នុងខែកុម្ភៈ ដែលស្ថានីយមួយក៏ត្រូវបានធ្វើកំណាយ ដែរដោយអ្នកជំនាញជប៉ុននៅខេត្ដបន្ទាយមានជ័យ ហើយបានរកឃើញអដ្ឋិធាតុមនុស្សបុរាណដែលមានអាយុកាល៥០០ឆ្នាំមុនគ.ស ៕
(សារព័ត៌មានកោះសន្ដិភាព ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០៩)

មឈូសបុរាណត្រូវបានរុញចូលតម្រៀបនៅក្រោមថ្មដ៏ធំមួយផ្ទាំងនេះ

មឈូសដាក់សាកសពមនុស្សបុរាណដែលបានរកឃើញ