ខ្មែរបុរាណមានជំនឿទៅលើខ្នាយតាន់របស់ជ្រូកព្រៃថាពូកែស័ក្ដិសិទ្ធិ
ខ្នាយតាន់របស់ជ្រូកព្រៃរាងកោងជុំក្រឡង់
នៅក្នុងសង្គមខ្មែរយើង ពិសេសគឺនៅពេលស្រុកទេសកើត សង្គ្រាម កងទ័ពតែងមានជំនឿទៅលើខ្នាយតាន់ថាបាញ់មិនចេញនិងអាចការពារនូវគ្រោះមហន្ដរាយបានចំពោះអ្នកដែលបានកាន់ឬថែរក្សាផ្ទាល់ខ្លួន ។
ជាធម្មតា “ ខ្នាយ” គេតែងសម្គាល់នូវអាវុធរបស់មាន់ដែលជាធម្មជាតិដុះនៅខាងលើក្រញាំជើងមាន់ឈ្មោលមានសភាពស្រួចដូចបន្លា ។ ប៉ុន្ដែចំពោះជ្រូកព្រៃដែលមានចង្កូមដុះវែងកោងជារង្វង់មូលខុបជិតគ្នាគេហៅថា ជុំក្រឡង់ ។ ជ្រូកព្រៃឈ្មោលតែងដុះចង្កូមដែលគេហៅថា ខ្នាយជ្រូក គឺវាដុះចេញពីមាត់ ដែលមិនមែនដុះចេញពីជើងដូចមាន់ឈ្មោលនោះទេ ។ ខ្នាយជ្រូកមាន២យ៉ាងគឺ ខ្នាយប្រហោង និងខ្នាយតាន់ ។ ខ្នាយដែលតាន់នោះហើយដែលគេយល់ថាមានឬទ្ធិខ្លាំងពូកែ ។ ជ្រូកឈ្មោល ឬហៅថាបាជ្រូកមានមាឌធំលើសគេ មានកម្លាំងត្រួតត្រាក្នុងហ្វូងជ្រូកព្រៃទាំងមូល ។ ជ្រូកព្រៃឈ្មោលធំ គេនិយាយថាមានផ្កាយក្បាលដែលជាបារមីខ្លាំងពូកែ ឬជាពន្លឺនៅនឹងក្បាលដែលពុំមានសត្វសាហាវណាប្រយុទ្ធយកឈ្នះវាបានឡើយ ។ ចាស់ទុំក្នុងភូមិតែងនិយាយតៗមកថា សូម្បីតែសត្វខ្លាកំណាចក៏គង់រអែងនឹងជ្រូកព្រៃដែរ ។ ជ្រូកព្រៃមិនខ្លាចខ្លាឡើយ ។ នៅពេលទ័លច្រកជ្រូកតែងសង្ខុញបែរមុខប្រយុទ្ធខ្វេះដោយខ្នាយរបស់ខ្លួនដើម្បីវាយបកលើខ្លា ឬលើសត្វសាហាវដទៃទៀត ។ ជួនកាលមនុស្សប្រយុទ្ធជាមួយជ្រូកព្រៃក៏ត្រូវជ្រូកព្រៃខ្វេះដែរ ។
ដោយសារតែជ្រូកព្រៃឈ្មោលខ្លាំងលើសខ្លា ឬលើសសត្វសាហាវឯទៀតយ៉ាងនេះ ទើបប្រជាជនខ្មែរបុរាណតែងចំណាំតៗមកថា ជ្រូកព្រៃជាសត្វខ្លាំងពូកែហើយមានអាវុធសំខាន់របស់វាក្នុងការប្រឈមមុខតទល់ឧបសគ្គនោះគឺ ខ្នាយ ។ យ៉ាងនេះហើយទើបខ្មែរបុរាណ ឬអ្នករៀនមន្ដអាគមអូមអាមកន្សែងយ័ន្ដ ខ្សែបន្ដោងក តែងចង់បានខ្នាយជ្រូកព្រៃពិសេសគឺខ្នាយតាន់ដែលគេយល់ថាមានបារមី ឬអារុក្សអារក្សអ្នកតាព្រៃភ្នំកាន់ផង ។
គេតែងលើកបញ្ជាក់ថា ជ្រូកព្រៃឈ្មោលជាបាជ្រូកតែងមានសិទ្ធិធម្មជាតិរបស់វាក្នុងការប្រហារកូនឈ្មោលចោល ដូចឆ្មាឈ្មោលខាំសម្លាប់កូនណាដែលឈ្មោល និងមានសម្បុរបីចោលដែរ ។ ប៉ុន្ដែជ្រូកព្រៃឈ្មោលដែលជាមេជ្រូកព្រៃកាលណាចាស់ទៅ ឬនៅពេលជិតងាប់តែងមានការទុកដាក់ការងារក្រុមឱ្យជ្រូកឈ្មោលដទៃណាមួយជំនួស គឺជាជ្រូកមាឌធំមានខ្នាយវែងបន្ដធ្វើជាមេពួកនៃជ្រូកទាំងឡាយ ។ ចំណែកបាជ្រូកចាស់នោះបានដើរទៅជល់បំបាក់ខ្នាយរបស់ខ្លួនឱ្យជាប់នៅគល់ឈើ រួចហើយទើបជ្រូកបានោះងាប់ជាក្រោយ ។ ត្រង់កន្លែងជ្រូកនោះងាប់ហើយមានដើមឈើធំនៅជិតនោះ គេតែងសម្លឹងរកមើលខ្នាយដែលជ្រូកកាច់បង្កប់នៅនឹងដើមឈើ(គល់ឈើនោះ) ។ បានសេចក្ដីថា ខ្នាយតាន់ជារបស់កម្រណាស់ព្រោះវាជាប់នៅក្នុងសាច់ឈើ ។ លុះត្រាតែអ្នកមានភ័ព្វសំណាងទើបរកបានខ្នាយតាន់មកកាន់កាប់ថែរក្សា ហើយដែលបារមីតាមថែរក្សាឱ្យបានឆ្លងផុតពីឧបសគ្គផងទាំងពួង គឺតាមរយៈជំនួយដ៏មានប្រសិទ្ធភាពពីមន្ដអាគមអូមអាមផងដែរ ។
ដូចនេះហើយទើបកងទ័ពតែងស្វែងរកខ្នាយតាន់ ដើម្បីថែរក្សាការពារខ្លួនក្នុងពេលប្រយុទ្ធក្នុងសមរភូមិ ។ គេស្វែងរកទាំងខ្នាយតាន់ដ៏កម្រ និងមានតម្លៃខ្ពស់ផង និងស្វែងរកចង្កូមខ្លាផងដែរ ។ ទាំងអស់នេះហើយដែលប្រជាជនចាស់ៗតែងនិយាយប្រាប់ក្មេងៗជំនាន់ក្រោយនៅតាមជនបទ ពិសេសនៅតំបន់ភ្នំ ៕
អត្ថបទដកស្រង់ពីសារព័ត៌មានកោះសន្ដិភាព ថ្ងៃទី១៧/១២/០៨



