កំណាយរកឃើញអដ្ឋិធាតុអាយុ៥០០ឆ្នាំមុនគ.ស
បទសម្ភាសន៍ពីជនជាតិជប៉ុនធ្វើកំណាយរកឃើញគ្រោងឆ្អឹង
កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០០៩ គណៈប្រតិភូរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយលោក ប្រាក់ សុណ្ណារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ អមដំណើរដោយ លោក ហោម គឹមស៊ុន ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្ដិវិទ្យា លោក ពៅ សំណាង ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដបន្ទាយមានជ័យ និងអស់លោកជាមន្ដ្រីវប្បធម៌ជាច្រើនរូបទៀត បានអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខ នៅថ្ងៃបញ្ចប់ការងាររបស់ក្រុមអ្នកស្រាវជ្រាវជប៉ុន ដែលបានមកធ្វើកំណាយនៅស្ថានីយបុរេប្រវត្ដិខ្មែរក្នុងភូមិស្នាយ ឃុំរហាល ស្រុកព្រះនេត្រព្រះ ។
លោកបណ្ឌិត មីយ៉ាសូកា នាយកគម្រោង និងលោក យូស៊ីណូរីយ៉ាសូដា ជាសាស្ដ្រាចារ្យនៅមជ្ឈមណ្ឌលស្រាវជ្រាវអន្ដរជាតិនៃប្រទេសជប៉ុន ដែលដឹកនាំអនុវត្ដកំណាយផ្លូវការនៅស្ថានីយបុរេប្រវត្ដិភូមិស្នាយ ឃុំរហាល ស្រុកព្រះនេត្រព្រះ បានប្រាប់អ្នករាយការណ៍ព័ត៌មានថា ការមកស្រាវជ្រាវនៅស្ថានីយបុរេប្រវត្ដិភូមិស្នាយនេះបានចាប់ផ្ដើមតាំងពីឆ្នាំ២០០៨ ហើយបានបញ្ចប់ការងារនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០៩ ។ លោក យូស៊ីណូរីយ៉ាសូដា បានបញ្ជាក់ឱ្យដឹងថា កំណាយដែលយើងបានធ្វើការស្រាវជ្រាវកន្លងមកនេះ គឺមានចំនួន៩រណ្ដៅ ក្នុងនោះយើងបានរកឃើញអដ្ឋិធាតុបុព្វបុរសចំនួន៤២រូប និងរកឃើញទួលថ្មកំបោរបាយអចំនួន៣ដែលមានរូបរាងច្បាស់លាស់ ។ លោកសាស្ដ្រាចារ្យបានបន្ដឱ្យដឹងទៀតថា យោងតាមការស្រាវជ្រាវរបស់អ្នកឯកទេសនៃប្រទេសជប៉ុន ស្ថានីយបុរេប្រវត្ដិភូមិស្នាយនេះ គឺអាចកើតឡើងតាំងពី៥០០ឆ្នាំមុននៃគ្រិស្ដសករាជមកម្ល៉េះ ។ ចំពោះទួលថ្មកំបោរបាយអចំនួន៣ ដែលយើងបានរកឃើញនេះ គឺបង្ហាញឱ្យឃើញថា បុព្វបុរសខ្មែរយើងមានប្រាជ្ញាវៃឆ្លាតចេះកសាងអាងតំកល់ទឹកសម្រាប់ទុកប្រើប្រាស់ និងធ្វើពិធីបូជាសពតាំងពីយូរលង់មកហើយ ប៉ុន្ដែបញ្ហានេះនៅតែជាប្រធានបទមួយដែលយើងមានគម្រោងទិសដៅស្រាវជ្រាវតទៅទៀត ។ យើងត្រូវសិក្សាពីអាថ៌កំបាំងពីអរិយធម៌ ពីការប្រើប្រាស់ទឹក ទាក់ទិននឹងការកសាងទីទួលស័ក្ដិសិទ្ធិពីកំបោរបាយអដែលបានរកឃើញតាមរយៈកំណាយក្នុងភូមិស្នាយ ។
លោកបណ្ឌិត មីយ៉ាសូកា បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា កំណាយផ្លូវការនៅស្ថានីយបុរេប្រវត្ដិភូមិស្នាយនេះ បានដំណើរការតាំងពីឆ្នាំ២០០៨ ដោយមជ្ឈមណ្ឌលស្រាវជ្រាវអន្ដរជាតិរបស់ជប៉ុន ក្រោមការឧបត្ថម្ភពីក្រសួងវប្បធម៌ វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងកីឡា នៃប្រទេសជប៉ុន រួមសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានការគាំទ្រពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាផងដែរ ។ ការស្រាវជ្រាវកំណាយបុរេប្រវត្ដិភូមិស្នាយបានបញ្ចប់នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០៩ ហើយមុននឹងវិលត្រឡប់ទៅមាតុប្រទេសវិញក្រុមការងារ របស់មជ្ឈមណ្ឌលស្រាវជ្រាវអន្ដរជាតិជប៉ុន បានកសាងស្ដូបមួយសម្រាប់ដាក់អដ្ឋិធាតុដែលប្រជាពលរដ្ឋបានជីកកកាយនៅក្នុងភូមិស្នាយនេះកាលពីពេលកន្លងមក ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមការងារបានទាំងជាវពុទ្ធបដិមាចំនួន២អង្គ សម្រាប់ដាក់តំកល់ក្នុងស្ដូបនោះទុកជាទីសក្ការបូជាទៀតផង ។

ទិដ្ឋភាពនៃការធ្វើកំណាយនៅស្ថានីយបុរេប្រវត្ដិសាស្ដ្រ
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក ប្រាក់ សុណ្ណារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ដែលជាតំណាងរបស់ឯឧត្ដមរដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងកោតសរសើរដល់ក្រុមស្រាវជ្រាវជប៉ុនដែលបានយកចិត្ដទុកដាក់សហការជាមួយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ចុះធ្វើការស្រាវជ្រាវនៅស្ថានីយបុរេប្រវត្ដិភូមិស្នាយ ដោយទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរបំផុត ។ លោកអគ្គនាយករងមានសេចក្ដីសង្ឃឹមថា ក្រុមអ្នកស្រាវជ្រាវជប៉ុន នឹងវិលមកបន្ដការងារនេះនៅពេលឆាប់ៗខាងមុខទៀត ទៅលើអាថ៌កំបាំង និងអរិយធម៌នៃការប្រើប្រាស់ទឹកទាក់ទិននឹងការកសាងទីទួលស័ក្ដិសិទ្ធិពីកំបោរបាយអ ដែលបានរកឃើញនៅស្ថានីយបុរេប្រវត្ដិភូមិស្នាយនេះ ។
លោក ប្រាក់ សុណ្ណារ៉ា និងលោក ហោម គឹមស៊ុន បានថ្លែងអំណរគុណ និងជូនពរក្រុមការងារ នៃមជ្ឈមណ្ឌលស្រាវជ្រាវអន្ដរជាតិជប៉ុន សូមឱ្យទទួលបានជោគជ័យក្នុងការបំពេញភារកិច្ច ហើយវិលត្រឡប់ទៅមាតុភូមិវិញប្រកបដោយសុខសុវត្ថិភាព ។
សារព័ត៌មានកោះសន្តិភាព ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩
អត្ថបទពាក់ព័ន្ធៈ