ប្រាសាទព្រះវិហារ ឬ ព្រះវិហាន ?
តើថៃមានភាគហ៊ុនទេ ក្នុងការចង់ដាក់ឈ្មោះប្រាសាទព្រះវិហារខ្មែរថា ព្រះវិហាន ?
ការចរចារវាងគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំជាវិសាមញ្ញលើកទី៤ កាលពីថ្ងៃទី៣ ទី៤ ខែកុម្ភៈកន្លងមក នៅទីក្រុងបាងកកស្ដីពីបច្ចេកទេសក្នុងការបោះបង្គោលព្រំដែននៅតំបន់ប្រាសាទព្រះវិហារ មិនទទួលបានជោគជ័យឡើយ ។ របៀបវារៈនៃអង្គប្រជុំនេះត្រូវបានភាគីថៃលើកឡើងជាដំបូងអំពីការដូរឈ្មោះ “ប្រាសាទព្រះវិហារ” មកជា “ប្រាសាទព្រះវិហាន” ។ កាសែតបាងកកប៉ុស្ដិ៍បានរាយការណ៍ថា ការចរចាបានជំពប់ជើងដួលជុំវិញការប្រើប្រាស់ពាក្យ “ព្រះវិហារ” និង “ព្រះវិហាន” ដោយភាគីសៀមបានព្យាយាមភ្ជាប់ឱ្យមានការប្រើពាក្យជាសំនៀងភាសារបស់ខ្លួនថា “ព្រះវិហាន” ជាផ្លូវការ តែខាងកម្ពុជាបានច្រានចោល ព្រោះថា ការប្រើពាក្យនេះសម្រាប់ហៅឈ្មោះប្រាសាទខ្មែរមិនត្រឹមត្រូវឡើយ ។
ជុំវិញនៅពីក្រោយការសុំដូរឈ្មោះប្រាសាទព្រះវិហារ មកជាព្រះវិហានវិញ ភាគីថៃបានបង្កប់អាថ៌កំបាំងយ៉ាងច្រើនទៅលើការសុំដូរឈ្មោះនេះ ពិសេសសាលដីការបស់តុលាការក្រុងឡាអេ ដែលបានកាត់ក្ដីឱ្យខ្មែរឈ្នះ ក្ដីអំពីប្រាសាទព្រះវិហារនេះនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ។ ប្រសិនបើភាគីខ្មែរយល់ព្រមតាមសំណើរបស់ថៃវិញ ប្រាសាទនេះនឹងទៅជារបស់ថៃតាមទឡ្ហីករណ៍នៃការប្រើសំនៀងភាសាថៃវិញ ដែលភាសានេះពុំមានអក្សរ “រ” ឡើយ ។ ដូចនេះថៃអាចធ្វើការប្ដឹងតស៊ូតាមផ្លូវច្បាប់ដើម្បីទាមទារយកប្រាសាទនេះមកគ្រប់គ្រងឡើងវិញ ហើយអាចបដិសេធសាលដីការបស់តុលាការយុត្ដិធម៌អន្ដរជាតិក្រុងឡាអេ ដែលកាត់ឱ្យកម្ពុជាឈ្នះក្ដី គឺឈ្មោះប្រាសាទព្រះវិហារ ឬម្យ៉ាងទៀតគេអាចប្រើកម្លាំងទ័ពមកដណ្ដើមកាន់កាប់ប្រាសាទព្រះវិហារឡើងវិញ ដោយសម្អាងទៅលើឈ្មោះប្រាសាទព្រះវិហាន ដែលទទួលស្គាល់ដោយភាគីកម្ពុជារួចហើយ ។ វាជាការអស់សំណើចបំផុតដែលប្រាសាទព្រះវិហារជារបស់ផងខ្មែរ តាមសាលដីការបស់ តុលាការយុត្ដិធម៌អន្ដរជាតិសម្រេចកាត់ក្ដីឱ្យខ្មែរឈ្នះ បែរជាពួកសៀមសុំដាក់ឈ្មោះឱ្យទៅជាប្រាសាទព្រះវិហានទៅវិញ ។ មិនខុសពីប្ដីប្រពន្ធពីរនាក់ គេបង្កើតបានកូនប្រុសមួយ បែរជាអ្នកជិតខាងមកសុំប្ដូរឈ្មោះដែលប្ដីប្រពន្ធរបស់គេបានដាក់ឈ្មោះឱ្យកូនគេហើយនោះទេ ។ តើសៀមមានភាគហ៊ុនក្នុងការកសាងប្រាសាទព្រះវិហារជាមួយខ្មែរដែរឬទេ ? បើតាមអ្នកប្រាជ្ញប្រវត្ដិសាស្ដ្រនានាបានឱ្យដឹងថា ជនជាតិថៃជាជនជាតិមកពី ណានចាវ (Nan Chao) ដែលរាជាណាចក្រទី១របស់គេ ត្រូវបានស្គាល់ក្នុងប្រវត្ដិសាស្ដ្រ គឺ ណានចាវ មានទីតាំងនៅក្បែរខេត្ដយូណាន (Yunnan) ប្រទេសចិនបច្ចុប្បន្ន ដែលជនជាតិនេះបានតស៊ូប្រយុទ្ធ និងរាជវង្សចិននៅភាគខាងត្បូងជាច្រើនជំនាន់ ចាប់តាំងពីសតវត្សទី៧ រហូតដល់សតវត្សទី១២ ។ ទោះបីជាយ៉ាងណា ពួកគេត្រូវបានកំចាត់កំចាយដោយពួកម៉ុងហ្គោល (Mongol) និងបានដណ្ដើមយកជ័យជំនះនៅក្នុងសតវត្សទី១៣ ។ ព្រឹត្ដិការណ៍នេះបានក្លាយទៅជាល្បឿនចលករក្នុងការវាតទីទឹកដីឆ្ពោះទៅទិសខាងត្បូង។ រាជាណាចក្រថៃដ៏តូចនេះបានលេចមុខនៅភាគខាងជើងប្រទេសនៅដើមសតវត្សទី១១ ។ នៅក្នុងសតវត្សទី១៣ ព្រះរាជាណាចក្រសុខោថៃ (Sukothai) (ឈ្មោះដើម សុខោទ័យ ជាឈ្មោះខេត្ដមួយរបស់ចក្រភពខ្មែរ ដែលពួកថៃបានវាយដណ្ដើមកាន់កាប់) ធ្វើជារាជធានីរបស់គេស្ថិតនៅភាគខាងជើង និងត្រួតត្រាបណ្ដាខេត្ដភាគកណ្ដាល និងភាគខាងត្បូងរបស់ចក្រភពខ្មែរ ដោយបានប្ដូរឈ្មោះជារាជាណាចក្រថៃ រហូតមកដល់បច្ចុប្បន្ននេះ ។
តាមរយៈឯកសារនេះ យើងឃើញថា រដ្ឋថៃមានមុខនៅអាស៊ីអាគ្នេយ៍នេះ នៅចុងសតវត្សទី១៣ ដើមសតវត្សទី១៤ប៉ុណ្ណោះ ហើយពួកសៀមដែលដូរឈ្មោះមកជាថៃនៅឆ្នាំ១៩៣០នោះ គឺជាពួកពនេចរពីដែនដីភាគខាងត្បូងប្រទេសចិនមកកាន់អាស៊ីអាគ្នេយ៍នេះ ។ ពួកគេពិតជាពុំបានរួមចំណែកអ្វីបន្ដិចបន្ដួចឡើយ ក្នុងការកសាងប្រាសាទព្រះវិហារនេះ ។ លើសពីនេះពួកគេបានឈ្លានពានកាន់កាប់យកដីនៃចក្រភពខ្មែរយ៉ាងច្រើនបំផុត នៅពេលដែលអំណាចកណ្ដាលរបស់ចក្រភពខ្មែររង្គោះរង្គើដោយគ្រប់គ្រងប្រទេសមិនបានល្អ ។
ប្រវត្ដិវិទូថៃ លោកស៊ូឡាក់ ស៊ីវ៉ារ៉ាក់ (Sulak Sivarak) ដែលជាអ្នកទទួលរង្វាន់ណូបែលសន្ដិភាពម្នាក់ និងជាអ្នកឈ្នះរង្វាន់ The Right Livelihood បាននិយាយអំពីចក្រភពខ្មែរថា “វាបានរួមទាំងអស់ គ្រប់អ្វីៗទាំងអស់ចាប់តាំងពីខាងលើរហូតទៅដល់លុពបុរី និងអ្វីៗទាំងអស់រួមទាំងបាងកកបច្ចុប្បន្ន” ។
បន្ថែមជាថ្មីទៀត ការពិពណ៌នាអំពីចក្រភពខ្មែរត្រូវបានលោក Peter Janssan នៃកាសែត The Hindustan Times ដកស្រង់ពីលោក Sulak Sivarak នៅក្នុងអត្ថបទរបស់ខ្លួនចុះផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០៨ ថា “ពួកថៃបានឈ្លានពានកម្ពុជា ហើយបន្ទាប់មកនៅក្នុងការទទួលយករបស់គេ នាំទៅដល់ការត្រាប់យកតាមប្រពៃណីវប្បធម៌ដ៏ច្រើនរបស់ខ្មែរ ដោយពួកថៃ រួមទាំងទស្សនាទានលទ្ធិហិណ្ឌូនៃស្ដេចអាទិទេព និងតុលាការ សម្បថបានចាក់ឫសយ៉ាងជ្រៅលើលទ្ធិព្រាហ្មណ៍អំពីមន្ដអាគម ហើយជាពិសេសក្នុងចំណោមអ្នកនយោ បាយថៃ” ។ លោក Peter Janssan បានបន្ថែមថា មានប្រាសាទខ្មែរយ៉ាងច្រើនបានស្ថិតនៅក្នុងទីតាំងនៃប្រទេសថៃ ជាពិសេស នៅតាមបណ្ដោយព្រំដែនទិសឦសាន្ដ ថៃ-កម្ពុជា ដូចជា បូរីរ៉ាម (Buriram) សុរិន្ទ (Surin) និងស៊ីសាកេត (Sisaket) ។ តើការត្រាប់យកតាមប្រពៃណីវប្បធម៌ដ៏ច្រើនរបស់គេពីពួកថៃដូចម្ដេចខ្លះ ?
យើងលើកយកតែវប្បធម៌តែមួយមកបកស្រាយឃើញថា អក្សរខ្មែរជា “អក្សរមូល” ។ ពួកអ្នកប្រាជ្ញថៃបានត្រាប់យកអក្សរខ្មែរយើង ហើយកែសម្រួលរូបរាងអក្សរមូលខ្មែរឱ្យទៅជាអក្សរថៃបច្ចុប្បន្ន ។ យើងឃើញមានអក្សរខ្លះ ដូចជាអក្សរ Z ស្រះ a i I ។ល។ និងត្រាប់យកលេខខ្មែរទាំងស្រុង ដោយគ្រាន់តែប្ដូរសំនៀងហៅតាមសំនៀងថៃ ដូចជា ១ (មួយ) ថៃថា នឹង លេខ២ (ពីរ) ថៃថា សង និងលេខ៣ (បី) ថៃថា សាម ជាដើម ។
ដោយឡែកប្រាសាទព្រះវិហារកសាងជាង៣០០ឆ្នាំ ដោយព្រះបាទយសោវរ្ម័នទី១ (គ.ស៨៨៩-៩១០) ហើយប្រាសាទនេះបានកសាងរួចរាល់រហូតដល់រាជព្រះបាទសូរ្យវរ្ម័នទី២ (គ.ស១១១៣-…..) ជាក្សត្រស្ថាបនិករាជធានីអង្គរនៃចក្រភពខ្មែរ ។ ការសាងសង់ប្រាសាទព្រះវិហារ គឺជាមនោគតិសម្រាប់ព្រះរាជាខ្មែរ ដើម្បីឧទ្ទិសដល់អាទិទេពសិវៈ ពីព្រោះក្សត្រទាំងនោះគិតថា លំនៅឋានរបស់អាទិទេពស្ថិតនៅលើកំពូលភ្នំខ្ពស់បំផុតជាង៥០០ម៉ែត្រពីផែនដី ។ បើយើងប្រៀបធៀបការចាប់ផ្ដើមសាងសង់ប្រាសាទព្រះវិហារយើងគិតថា នៅឆ្នាំ៨៨៩នៃគ្រិស្ដសករាជទៅចុះ ថាតើជនជាតិសៀមស្ថិតនៅឯណា ? បើតាមឯកសារស្រាវជ្រាវ យើងប្រាកដក្នុងចិត្ដច្បាស់ថា ពួកគេកំពុងរស់នៅឯណានចាវឯណោះ ហើយប្រហែលពួកគេកំពុងតែជាប់ធ្វើសង្គ្រាមជាមួយរាជវង្សចិនទេដឹង ? ពួកសៀមមានវត្ដមានពិតប្រាកដនៅភូមិភាគអាស៊ីអាគ្នេយ៍នេះ នៅចុងសតវត្សទី១៣ដើមសតវត្សទី១៤ប៉ុណ្ណោះ ។ ពួកគេពុំមានចំណែកណាមួយក្នុងការកសាងប្រាសាទព្រះវិហារ ហើយពួកគេក៏ជាពូជសាសន៍អំបូរខុសពីអំបូរខ្មែរ-មនដែរ ។
ពួកសៀមតាមសំនៀងនៃភាសារបស់ពួកគេ អ្នកប្រាជ្ញខាងសូរវិទ្យាបានចាត់អំបូរសៀមនេះ នៅក្នុងពួកអំបូរចិន-វៀតណាម ព្រោះសំនៀងខាងភាសារបស់គេមានសម្លេងឡើងចុះដូចគ្នា ។ ឯអំបូរខ្មែរ-មនយើងវិញ ពុំមានសំនៀងភាសាឡើងចុះឡើយ ។
លើសពីនេះទៀត ពួកសៀមនៅតែមានមហិច្ឆតាបន្ដដំណើរឆ្ពោះទៅទិសខាងត្បូងជានិច្ច ត្រាប់តាមគំរូដូនតារបស់គេ ហេតុនេះហើយបានជាយើងឃើញក្នុងសម័យអាណានិគមបារាំងត្រួតត្រាឥណ្ឌូចិន ខ្មែរយើងបានបាត់បង់ខេត្ដចំនួន៣ទៅថៃ គឺខេត្ដបាត់ដំបង សៀមរាប ស្វាយស៊ីសុផុន តែដោយសង្គ្រាមលោកលើកទី២បញ្ចប់ សម្ព័ន្ធជប៉ុនបានចាញ់សង្គ្រាម សម្ព័ន្ធបារាំងបានឈ្នះសង្គ្រាម ជប៉ុនក៏ប្រគល់ទឹកដីខេត្ដទាំង៣មកឱ្យបារាំងត្រួតត្រាវិញ ។ នៅពេលដែលបារាំងបានចាកចេញពីឥណ្ឌូចិន ហើយបានប្រគល់ឯករាជ្យឱ្យកម្ពុជា ក្រោមចលនាទាមទាររបស់សម្ដេចព្រះបាទ នរោត្ដម សីហនុ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺមួយឆ្នាំក្រោយមក នៅឆ្នាំ១៩៥៤ ទ័ពសៀមបានឈ្លានពានចូលដណ្ដើមកាន់កាប់ប្រាសាទព្រះវិហារ ដោយតាំងរដ្ឋបាលរបស់គេនៅលើប្រាសាទខ្មែរដោយចាត់ទុកថា ប្រាសាទព្រះវិហារជារបស់គេ ហើយបានដូរឈ្មោះប្រាសាទព្រះវិហារទៅជាប្រាសាទព្រះវិហាន តាមសំនៀងភាសារបស់គេដែលគេប្រើអក្សរ “រ” ជំនួសដោយអក្សរ “ន” ព្រោះ សំនៀងក្នុងភាសារបស់គេពុំមានសំនៀងអក្សរ “រ” ឡើយ ។ នៅពេលពួកសៀមកាន់កាប់ប្រាសាទព្រះវិហារពីឆ្នាំ១៩៥៤ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ពួកគេមិនគ្រាន់តែមិនបានជួសជុលថែរក្សាប្រាសាទប៉ុណ្ណោះទេ ពួកគេថែមទាំងបានដឹកជញ្ជូនរូបចម្លាក់ដែលចល័តបាន ចូលទៅទុកក្នុងប្រទេសគេ ដោយពួកគេបានកំណត់ក្នុងចិត្ដថា ប្រាសាទព្រះវិហារនេះមិនមែនជារបស់ផងគេ ។ ហេតុនេះហើយបានជានៅក្នុងការកាត់ក្ដីរបស់តុលាការយុត្ដិធម៌អន្ដរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ បានសម្រេចថា “ក្នុងភាពសមនឹងទទួលរបស់តុលាការ ដោយមានការបោះឆ្នោត៩សម្លេងទល់នឹង៣សម្លេង តុលាការបានកាត់ឱ្យកម្ពុជាឈ្នះក្ដីថា ប្រាសាទព្រះវិហារស្ថិតក្នុងទីតាំងទឹកដីក្រោមអធិបតេយ្យភាពនៃកម្ពុជា ហើយក្នុងហេតុផលនេះថា ប្រទេសថៃ គឺស្ថិតនៅក្រោមកាតព្វកិច្ចមួយដើម្បីដកថយកម្លាំងយោធា ឬកម្លាំងនគរបាល ឬឆ្មាំទាំងឡាយ ឬអ្នកថែរក្សា ដែលបានដាក់ពង្រាយដោយប្រទេសថៃ នៅឯប្រាសាទ ឬនៅក្នុងទីតាំងជុំវិញរបស់ប្រាសាទ ក្នុងបូរណភាពទឹកដីកម្ពុជា” ។
លើសពីនេះទៅទៀត តុលាការបានតម្រូវឱ្យភាគីថៃជួសជុលកន្លែងបែកបាក់របស់ប្រាសាទឡើងវិញ និងនាំយកមកទុកកន្លែងដើមវិញអំពីរូបចម្លាក់ចល័តណាដែលខ្លួនបាននាំយកទៅទុកនៅប្រទេសរបស់ខ្លួន ។ នេះជាការសម្រេចរបស់តុលាការ “ដោយមានសម្លេងបោះឆ្នោត៧សំលេងទល់នឹង៥សម្លេង តុលាការបានកាត់ឱ្យកម្ពុជាឈ្នះក្ដីថា ប្រទេសថៃគឺស្ថិតនៅក្រោមកាតព្វកិច្ចមួយ ដើម្បីជួសជុលឡើងវិញជូនដល់កម្ពុជា នូវក្បាច់ចម្លាក់នានា សសរពេជ្រ បំណែកបាក់បែកនៃវិមាននានា គំរូថ្មភក់នានានៃចម្លាក់ និងភាជនៈបូរាណ ដែលប្រហែលតាំងពីពេលនៃការកាន់កាប់ប្រាសាទព្រះវិហារដោយប្រទេសថៃក្នុងឆ្នាំ១៩៥៤ ដែលបានផ្លាស់ប្ដូរទីកន្លែងចេញពីប្រាសាទ ឬតំបន់ប្រាសាទដោយអាជ្ញាធរថៃ” ។ តុលាការយុត្ដិធម៌អន្ដរជាតិ [International Court of Justice (ICJ)] ដែលបានកាត់ក្ដីឱ្យកម្ពុជា បានឈ្នះក្ដីទទួលបានប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទដែលមានទំហំដី៤,៦គីឡូម៉ែត្រ ដែលមានព្រំដែនជាប់នឹងប្រទេសថៃនោះ គឺផ្អែកតាមសន្ធិសញ្ញាបារាំង-សៀម ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ ក្នុងភាពដោយឡែក និងសន្ធិសញ្ញាព្រំដែនបារាំង-សៀម ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ។ នេះជាសេចក្ដីសម្រេចរបស់តុលាការ “នៅក្នុងការកាត់ក្ដីរបស់គេ តុលាការបានកាត់ឱ្យកម្ពុជាឈ្នះក្ដីថា រឿងក្ដីនៃជម្លោះគឺអំពីអធិបតេយ្យភាពទៅលើតំបន់នៃប្រាសាទព្រះវិហារ ។ ទីសក្ការៈដ៏ចាស់បុរាណនេះ ផ្នែកខ្លះៗស្ថិតក្នុងភាពបែកបាក់បានតាំងនៅលើជ្រោយខ្ពស់មួយនៃជួរភ្នំដងរែក ដែលបានបង្កើតជាព្រំដែនរវាងកម្ពុជា និងថៃ ។ ជម្លោះមាន Fons et Origo របស់វានៅក្នុងការដាក់ព្រំដែន ដែលបានធ្វើក្នុងឆ្នាំ១៩០៤-១៩០៨ រវាងបារាំង ហើយបន្ទាប់មកការនាំទៅដល់ទំនាក់ទំនងបរទេសរវាងឥណ្ឌូចិន និងសៀម ។ ការអនុវត្ដសន្ធិសញ្ញាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ គឺក្នុងភាពដោយឡែកនៃការពាក់ព័ន្ធ ។ សន្ធិសញ្ញានោះបានបង្កើតចរិតលក្ខណៈទូទៅនៃព្រំប្រទល់ព្រំដែនពិតប្រាកដ នៃអ្វីដែលត្រូវបានគូសដោយគណៈកម្មាធិការចម្រុះបារាំង-សៀម” ។
ការចង់ដាក់ឈ្មោះប្រាសាទព្រះវិហារខ្មែររបស់ភាគីថៃឱ្យទៅជាឈ្មោះតាមសំនៀងភាសាថៃថា ប្រាសាទព្រះវិហានពិតជាធ្វើឱ្យខុសនឹងក្បួនវេយ្យាករណ៍ខ្មែរ ដែលគេមិនអាចផ្លាស់ប្ដូរបកតិនាម (Proper noun) បានឡើយ។ បកតិនាម គឺនាមឈ្មោះរបស់អ្វីមួយទោះបីគេសរសេរខុសអក្ខរាវិរុទ្ធក៏ដោយ ក៏គេមិនអាចកែប្រែផ្លាស់ប្ដូរវិញឡើយ ឧទាហរណ៍ឈ្មោះ”សំ” បើគេសរសេរជាផ្លូវការ ”សំម” បែបនេះ គឺគ្មាននរណាអាចកែមកជា”សំ” បានឡើយ ព្រោះជាបកតិនាម ដូចគ្នាដែរ ប្រាសាទព្រះវិហារខ្មែរយើងបានសរសេរថា ជា”ប្រាសាទព្រះវិហារ” គឺភាគីថៃមិនអាចសុំកែប្រែសរសេរមកជា “ប្រាសាទព្រះវិហាន” បានឡើយ ហើយប្រាសាទនេះជាកម្មសិទ្ធរបស់ខ្មែរជាយូរលង់មកហើយ ហើយលើសពីនេះខ្មែរយើងពុំអាចទទួលយកបានដោយសារសាលដីការបស់តុលាការយុត្ដិធម៌អន្ដរជាតិបានទទួលយកឈ្មោះប្រាសាទព្រះវិហារនេះ ហើយបានកាត់ឱ្យខ្មែរយើងបានឈ្នះក្ដីទៀតផង ។ សាលដីកាមានអានុភាពគតិយុត្ដ សម្រាប់ភាគីទាំងពីរក្នុងជម្លោះ ទាំងអ្នកឈ្នះ និងអ្នកចាញ់ត្រូវអនុវត្ដតាមសាលដីកាដោយ សច្ចធម៌ (Good faith) ៕
(ដកស្រង់ពីអត្ថបទរបស់លោក ងួន សំ ចុះផ្សាយតាមសារព័ត៌មានកោះសន្តិភាព)

ផែនទីទ្វីបអាស៊ីក្នុងគ.ស ១២០០ បង្ហាញពីចក្រភពខ្មែរ និងនគរណានចាវ

នៅគ.ស ១២៣៨ ជនជាតិថៃបានប្រកាសបង្កើតរដ្ឋនៅសុខោទ័យ ហើយនៅគ.ស ១២៥៣ អធិរាជម៉ុងហ្គោល គូប៊ីឡៃ ខាន់ បានវាយដណ្ដើមគ្រប់គ្រងនគរណានចាវទាំងស្រុង ។ ព្រឹត្ដិការណ៍នេះបានក្លាយទៅជាល្បឿនចលករក្នុងការវាតទីទឹកដីរបស់ជនជាតិថៃឆ្ពោះទៅទិសខាងត្បូង ។

ដំណើរឆ្ពោះមកទិសខាងត្បូងនៃជនជាតិភូមា សៀម វៀតណាម និងហាន

សេចក្ដីពណ៌នាសង្ខេបអំពីអក្សរខ្មែរ បញ្ជាក់ថា អក្សរខ្មែរគឺជាមេបានៃអក្សរថៃ និងអក្សរឡាវ

អក្ខរក្រមខ្មែរ

អក្ខរក្រមថៃ ដែលបានចម្លងពីខ្មែរ

លេខខ្មែរប្រៀបផ្ទឹមនឹងលេខថៃ និងឡាវ ដែលបានចម្លងពីខ្មែរ