ផ្លែអសង្ខេយ្យ

រូបសំណាកដើម និងផ្លែអសង្ខេយ្យ នៅខេត្តឧត្ដរធានី (Udonthani) ប្រទេសថៃ ខែមិថុនា ឆ្នាំ២០០៣
ផ្លែអសង្ខយ្យមានពិតឬទេ ?
តាមដំណាលថា ផ្លែឈើអសង្ខេយ្យ គឺជាផ្លែឈើដែលកម្រមានណាស់នៅលើពិភពលោក ព្រោះផ្លែឈើបែបនេះមាននៅតែប្រទេសឥណ្ឌាឯណោះទេ ហើយរាប់រយរាប់ពាន់ឆ្នាំទើបផ្លែម្ដងដែលផ្លែអសង្ខេយ្យនេះមានរូបរាងដូចមនុស្សយ៉ាងដូច្នោះដែរ ចំពោះគ្រាប់វិញក៏ពិបាកនឹងបណ្ដុះឱ្យដុះដែរ ។
ទាក់ទិននឹងដើមអសង្ខេយ្យនេះ នៅក្នុងរឿងថាំងចេងទៅចម្លងធម៌របស់ចិន ក៏មាននិយាយផងដែរថា ដើមឈើនេះចេញផ្លែក្នុងរយៈពេល៣ពាន់ឆ្នាំម្ដង ហើយបើអ្នកណាម្នាក់មានវាសនាបានផ្លែអសង្ខេយ្យយកទៅទទួលទាននោះនឹងមានអាយុវែងអមតៈ ។
ប៉ុន្ដែនៅក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលបានបោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិតនាឆ្នាំ១៩៦៧នោះ ពាក្យអសង្ខេយ្យដែលជាគុណនាមប្រែថា ដែលច្រើនរាប់ពុំអស់ ដែលរាប់ពុំបានប្រមាណពុំអស់ ។ បើជានាមវិញ គឺជាឈ្មោះសំខ្យាចំនួនមួយរយសែនមហាកថាន មាន១៤០សូន្យ អសង្ខេយ្យអប្បមេយ្យច្រើនរាប់ពុំបាន ស្មាន ឬប្រៀបប្រដូចពុំកើត ។ គឺថាពុំមាននិយាយដល់ផ្លែអសង្ខេយ្យទេ មានតែនិយាយអំពី នារីផល ដែលជាឈើមានផ្លែរូបដូចជាស្រីក្រមុំ មានតែក្នុងព្រៃហិមពាន្ត; មានតំណាលក្នុងរឿងបុរាណថា វេលាដែលឈើនេះមានផ្កាផ្លែ, ពួកពិទ្យាធរជ្រួលជ្រើមដណ្ដើមគ្នាបេះផ្កា និងផ្លែឈើនោះ ដោយសេចក្ដីស្នេហាខ្លាំង ។ ដូច្នេះ ឈ្មោះដែលត្រឹមត្រូវគួរហៅថា នារីផល ។

ផ្លែអសង្ខេយ្យចំនួន២ ផ្លែនេះ ត្រូវបាននាំមកពីប្រទេសឥណ្ឌាដោយព្រះចៅអធិការវត្ដប្រសិទ្ធិ៍ក្រោម ស្ថិតក្នុងភូមិឈ្វាំង ឃុំឈ្វាំង ស្រុកពញាឮ ខេត្ដកណ្ដាល កាលពីឆ្នាំ២០០៤ ។ កាលណោះមានមនុស្សម្នាច្រើនកុះការផ្អើលទៅមើល និងដើម្បីសុំអំបោះ និងទឹកមន្តសម្រាប់លើកជោគជតារាសី ។ ខ្ញុំក៏មានមុខទៅនឹងគេដែរ ប៉ុន្តែខ្ញុំមិនបានចូលទៅឃើញផ្ទាល់នឹងភ្នែកទេ ឃើញតែរូបថតប៉ុណ្ណោះ ដោយសារមានមនុស្សច្រើនពេក មិនអំណត់នឹងប្រជ្រៀតចូល

ផ្លែអសង្ខេយ្យ ១

ផ្លែអសង្ខេយ្យ ២

ផ្លែអសង្ខេយ្យ ៣
រូបផ្លែអសង្ខេយ្យ ១-៣ មានចុះផ្សាយនៅលើវិបសាយភាសាសៀម palungjit.com កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៨ ដោយបញ្ជាក់ថាបាននាំមកពីព្រៃហេមពាន្ត ។

ផ្លែអសង្ខេយ្យ ៤

ផ្លែអសង្ខេយ្យ ៥

ផ្លែអសង្ខេយ្យ ៦
រូបផ្លែអង្ខេយ្យ ៤-៦ មានចុះផ្សាយដំបូងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០០៨ នៅលើវិសាយសៀមជាភាសាអង់គ្លេស sreedhara.com បន្ទាប់មក មានការចុះផ្សាយបន្តនៅលើវិបសាយ និងប្លុកផ្សេងៗជាច្រើនភាសា ។ នៅខែកក្កដា ខ្ញុំក៏ទទួលបានរូបថតទាំងនេះពីមិត្តភក្តិតាមរយៈអ៊ីម៉ែល ។ ប៉ុន្តែនៅខែមេសា ឆ្នាំ២០០៨ នោះដែរ មានប្លុកឥណ្ឌាជាភាសាអង់គ្លេស shabdashilp.blogspot.com បានបដិសេធថា មិនមែនជារូបថតពិត គ្រាន់តែជាការកែច្នៃរូបតាមកុំព្យូទ័រ ដោយចម្លងយកគំនិតពីវេបសាយមួយផ្សេងទៀត ។