Chouk Khmer

February 15, 2009

ផ្លែ​​អសង្ខេយ្យ

រូប​សំណាក​ដើម និង​ផ្លែ​អសង្ខេយ្យ នៅ​ខេត្ត​ឧត្ដរធានី (Udonthani) ប្រទេស​ថៃ ខែ​មិថុនា ឆ្នាំ​២០០៣

រូប​សំណាក​ដើម និង​ផ្លែ​អសង្ខេយ្យ នៅ​ខេត្ត​ឧត្ដរធានី (Udonthani) ប្រទេស​ថៃ ខែ​មិថុនា ឆ្នាំ​២០០៣

ផ្លែ​អសង្ខយ្យ​មាន​ពិត​ឬ​ទេ ?

តាម​ដំណាល​ថា ផ្លែ​ឈើ​អសង្ខេយ្យ​ គឺ​ជា​ផ្លែ​ឈើ​ដែល​​កម្រ​មាន​ណាស់​នៅ​លើ​ពិភពលោក​ ​ព្រោះ​ផ្លែ​ឈើ​បែប​នេះ​មាន​នៅ​តែ​ប្រទេស​ឥណ្ឌា​ឯណោះ​ទេ​ ​ហើយ​រាប់រយ​រាប់​ពាន់​ឆ្នាំ​ទើប​ផ្លែ​ម្ដង​ដែល​ផ្លែ​អសង្ខេយ្យ​នេះ​មាន​រូបរាង​ដូច​មនុស្ស​​យ៉ាង​ដូច្នោះដែរ​ ​ចំពោះ​គ្រាប់​វិញ​ក៏​ពិបាក​នឹង​បណ្ដុះ​ឱ្យ​ដុះ​ដែរ ។

ទាក់ទិន​នឹង​ដើម​អសង្ខេយ្យ​នេះ​ ​នៅ​ក្នុង​រឿង​ថាំង​ចេង​ទៅ​ចម្លង​ធម៌​របស់​ចិន​ ​ក៏​មាន​និយាយ​ផង​ដែរ​ថា​ ដើម​ឈើ​នេះ​ចេញ​ផ្លែ​ក្នុង​រយៈពេល​៣​ពាន់​ឆ្នាំ​ម្ដង​ ហើយ​បើ​អ្នក​ណា​ម្នាក់​មាន​វាសនា​បាន​ផ្លែ​អសង្ខេយ្យ​យក​ទៅ​ទទួលទាន​នោះ​នឹង​មាន​អាយុ​វែង​អមតៈ ។​ ​

ប៉ុន្ដែ​នៅ​ក្នុង​វចនានុក្រម​របស់​សម្ដេចព្រះសង្ឃរាជ ​ជួន​ ​ណាត​ ​ដែល​បាន​បោះ​ពុម្ព​ផ្សាយ​ដោយ​ពុទ្ធ​សាសន​បណ្ឌិត​នា​ឆ្នាំ​១៩៦៧​នោះ​ ពាក្យ​អសង្ខេយ្យ​ដែល​ជា​គុណនាម​ប្រែ​ថា​ ​ដែល​ច្រើន​រាប់​ពុំ​អស់​ ​ដែល​រាប់​ពុំ​បាន​ប្រមាណ​ពុំ​អស់ ។​ ​បើជា​នាម​វិញ​ ​គឺជា​ឈ្មោះ​សំខ្យា​ចំនួន​មួយ​រយ​សែន​មហាកថាន​ ​មាន​១៤០​សូន្យ​ អសង្ខេយ្យ​អប្បមេយ្យ​ច្រើន​រាប់​ពុំ​បាន​ ​ស្មាន​ ​ឬ​ប្រៀបប្រដូច​ពុំ​កើត ។ ​គឺថា​ពុំ​មាន​និយាយ​ដល់​ផ្លែ​អសង្ខេយ្យ​ទេ​ មាន​តែ​និយាយ​អំពី នារីផល ដែល​ជា​ឈើ​មាន​ផ្លែ​រូប​ដូច​ជា​ស្រី​ក្រមុំ មាន​តែ​ក្នុង​ព្រៃ​ហិមពាន្ត; មាន​តំណាល​ក្នុង​រឿង​បុរាណ​ថា វេលា​ដែល​ឈើ​នេះ​មាន​ផ្កា​ផ្លែ, ពួក​ពិទ្យាធរ​ជ្រួលជ្រើម​ដណ្ដើម​គ្នា​បេះ​ផ្កា និង​ផ្លែ​ឈើ​នោះ ដោយ​សេចក្ដី​ស្នេហា​ខ្លាំង ។ ដូច្នេះ ឈ្មោះ​ដែល​ត្រឹម​ត្រូវ​គួរ​ហៅថា នារីផល

ផ្លែ​ឈើ​អសង្ខេយ្យ​

ផ្លែ​អសង្ខេយ្យ​ចំនួន​២ ផ្លែ​នេះ ត្រូវ​បាន​នាំ​មក​ពី​ប្រទេស​ឥណ្ឌា​ដោយ​ព្រះ​ចៅអធិការ​វត្ដ​ប្រសិទ្ធិ៍​​ក្រោម​ ស្ថិត​ក្នុងភូមិ​ឈ្វាំង​ ​ឃុំ​ឈ្វាំង​ ​ស្រុក​ពញាឮ​ ​ខេត្ដ​កណ្ដាល  កាល​ពី​ឆ្នាំ​២០០៤ ។ កាល​ណោះ​មាន​មនុស្ស​ម្នា​​ច្រើន​កុះការ​​ផ្អើល​ទៅ​មើល និង​ដើម្បី​សុំ​អំបោះ និង​ទឹក​មន្ត​សម្រាប់​លើក​ជោគជតារាសី ។ ខ្ញុំ​ក៏​មាន​មុខ​ទៅ​នឹង​គេ​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ចូល​ទៅ​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ទេ ឃើញ​តែ​រូប​ថត​ប៉ុណ្ណោះ ដោយ​សារ​មាន​​មនុស្ស​ច្រើន​ពេក មិន​អំណត់​នឹង​ប្រជ្រៀត​ចូល

ផ្លែ​ឈើ​អសង្ខេយ្យ​

 ផ្លែ​អសង្ខេយ្យ ១

ផ្លែ​ឈើ​អសង្ខេយ្យ​

ផ្លែ​អសង្ខេយ្យ ២

ផ្លែ​ឈើ​អសង្ខេយ្យ​

 ផ្លែ​អសង្ខេយ្យ ៣

រូប​ផ្លែ​អសង្ខេយ្យ ១-៣ មាន​ចុះ​ផ្សាយ​នៅ​លើ​វិបសាយ​ភាសា​សៀម palungjit.com កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០០៨ ដោយ​​​បញ្ជាក់​ថា​បាន​នាំ​មក​ពី​ព្រៃ​ហេមពាន្ត ។

ផ្លែ​ឈើ​អសង្ខេយ្យ​

 ផ្លែ​អសង្ខេយ្យ ៤

ផ្លែ​ឈើ​អសង្ខេយ្យ​

 ផ្លែ​អសង្ខេយ្យ ៥

ផ្លែ​ឈើ​អសង្ខេយ្យ​

ផ្លែ​អសង្ខេយ្យ ៦

 រូប​ផ្លែ​អង្ខេយ្យ ៤-៦ មាន​ចុះ​ផ្សាយ​ដំបូង​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០០៨ នៅ​លើ​វិសាយ​សៀម​ជា​ភាសា​អង់គ្លេស sreedhara.com បន្ទាប់​មក មាន​ការ​ចុះ​ផ្សាយ​បន្ត​​នៅ​លើ​វិបសាយ និង​ប្លុក​ផ្សេងៗ​​ជា​ច្រើន​ភាសា ។ នៅ​ខែ​កក្កដា ខ្ញុំ​ក៏​​ទទួល​បាន​រូប​ថត​ទាំង​នេះ​ពី​មិត្តភក្តិ​តាម​រយៈ​អ៊ីម៉ែល ។ ប៉ុន្តែ​នៅ​ខែ​មេសា ឆ្នាំ​២០០៨ នោះ​ដែរ មាន​ប្លុក​ឥណ្ឌា​ជាភាសា​អង់គ្លេស shabdashilp.blogspot.com បាន​បដិសេធ​ថា មិន​មែន​ជា​រូប​ថត​ពិត គ្រាន់​តែ​ជា​ការ​កែច្នៃ​រូប​តាម​កុំព្យូទ័រ ដោយ​ចម្លង​យក​គំនិត​ពី​វេបសាយ​មួយ​ផ្សេង​ទៀត ។

 

ប្រាសាទព្រះវិហារ ឬ ព្រះវិហាន ?

ប្រាសាទ​ព្រះវិហារ​ខ្មែរ 

តើ​ថៃ​មាន​ភាគហ៊ុន​ទេ​ ​ក្នុង​ការ​ចង់​ដាក់​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ថា​ ​ព្រះ​វិហាន ?

ការ​ចរចា​រវាង​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​កម្ពុជា-ថៃ​ ​ក្នុង​កិច្ចប្រជុំ​ជា​វិសាមញ្ញ​លើក​ទី​៤​ ​កាលពី​ថ្ងៃ​ទី​៣​ ​ទី​៤​ ​ខែ​កុម្ភៈ​កន្លង​មក​ ​នៅ​ទីក្រុង​បាងកក​ស្ដី​ពី​បច្ចេកទេស​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ ​មិន​ទទួល​បាន​ជោគជ័យ​ឡើយ ។ របៀបវារៈ​នៃ​អង្គប្រជុំ​នេះ​ត្រូវ​បាន​ភាគី​ថៃ​លើក​ឡើងជា​ដំបូង​អំពី​ការ​ដូរ​ឈ្មោះ​ ​“ប្រាសាទ​ព្រះវិហារ” មក​ជា​ ​“ប្រាសាទព្រះវិហាន” ។ កាសែត​បាងកក​ប៉ុស្ដិ៍​បាន​រាយការណ៍​ថា​ ​ការ​ចរចា​បាន​ជំពប់​ជើង​ដួល​ជុំវិញ​ការ​ប្រើប្រាស់​ពាក្យ​ ​“ព្រះ​វិហារ” និង​ ​“ព្រះ​វិហាន” ដោយ​ភាគី​សៀម​បាន​ព្យាយាម​ភ្ជាប់​ឱ្យ​មាន​ការ​ប្រើ​ពាក្យ​ជា​សំនៀង​ភាសា​របស់​ខ្លួន​ថា​ ​“ព្រះ​វិហាន​” ជា​ផ្លូវការ​ ​តែ​ខាង​កម្ពុជា​​បាន​ច្រាន​ចោល​ ​ព្រោះថា​ ​ការ​ប្រើ​ពាក្យ​នេះ​សម្រាប់​ហៅ​ឈ្មោះ​ប្រាសាទ​ខ្មែរ​មិន​ត្រឹមត្រូវ​ឡើយ ។

ជុំវិញ​នៅ​ពីក្រោយ​ការ​សុំ​ដូរ​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​ ​មក​ជា​ព្រះ​វិហាន​វិញ​ ​ភាគី​ថៃ​បាន​បង្កប់​អាថ៌​កំបាំង​យ៉ាង​ច្រើន​ទៅ​លើ​ការ​សុំ​ដូរ​ឈ្មោះ​នេះ​ ​ពិសេស​សាលដីកា​របស់​តុលាការ​ក្រុង​ឡាអេ​ ​ដែល​បាន​កាត់​ក្ដី​ឱ្យ​ខ្មែរ​ឈ្នះ​ ​ក្ដី​អំពី​ប្រាសាទ​ព្រះវិហារ​នេះ​នៅ​ថ្ងៃ​ទី​១៥​ ​ខែ​មិថុនា​ ​ឆ្នាំ​១៩៦២ ។ ប្រសិនបើ​ភាគី​ខ្មែរ​យល់ព្រម​តាម​សំណើ​របស់​ថៃ​វិញ​ ​ប្រាសាទ​នេះ​នឹង​ទៅ​ជា​របស់​ថៃ​តាម​ទឡ្ហីករណ៍​នៃ​ការ​ប្រើ​សំនៀង​ភាសា​ថៃ​វិញ​ ​ដែល​ភាសា​នេះ​ពុំ​មាន​អក្សរ​ ​“រ” ឡើយ ។ ដូចនេះ​ថៃ​អាច​ធ្វើ​ការ​ប្ដឹង​តស៊ូ​តាម​ផ្លូវ​ច្បាប់​ដើម្បី​ទាមទារ​យក​ប្រាសាទ​នេះ​មក​គ្រប់គ្រង​ឡើង​វិញ​ ​ហើយ​អាច​បដិសេធ​សាលដីកា​របស់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ក្រុង​ឡាអេ​ ​ដែល​កាត់​ឱ្យ​កម្ពុជា​ឈ្នះ​ក្ដី​ ​គឺ​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​ ​ឬ​ម្យ៉ាងទៀត​គេ​អាច​ប្រើ​កម្លាំង​ទ័ព​មក​ដណ្ដើម​កាន់កាប់​ប្រាសាទ​ព្រះ​វិហារ​ឡើង​វិញ​ ​ដោយ​សម្អាង​ទៅ​លើ​ឈ្មោះ​ប្រាសាទ​ព្រះវិហាន​ ​ដែល​ទទួល​ស្គាល់​ដោយ​ភាគី​កម្ពុជា​រួច​ហើយ ។​ ​វា​ជា​ការ​អស់សំណើច​បំផុត​ដែល​ប្រាសាទ​ព្រះវិហារ​ជា​របស់​ផង​ខ្មែរ​ ​តាម​សាលដីកា​របស់​ ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​សម្រេច​កាត់ក្ដី​ឱ្យ​ខ្មែរ​ឈ្នះ​ ​បែរ​ជា​ពួក​សៀម​សុំ​ដាក់​ឈ្មោះ​ឱ្យ​ទៅ​ជា​ប្រាសាទ​ព្រះ​វិហាន​ទៅ​វិញ ។ មិន​ខុស​ពី​ប្ដី​ប្រពន្ធ​ពីរ​នាក់​ ​គេ​បង្កើត​បានកូន​ប្រុស​មួយ​ ​បែរជា​អ្នក​ជិតខាង​មក​សុំ​ប្ដូរ​ឈ្មោះ​ដែល​ប្ដី​ប្រពន្ធ​របស់​គេ​បាន​ដាក់​ឈ្មោះ​ឱ្យ​កូន​គេ​ហើយ​នោះ​ទេ ។​ ​តើ​សៀម​មាន​ភាគហ៊ុន​ក្នុង​ការ​កសាង​ប្រាសាទ​ព្រះ​វិហារ​ជាមួយ​ខ្មែរ​ដែរ​ឬទេ ? បើ​តាម​អ្នកប្រាជ្ញ​ប្រវត្ដិសាស្ដ្រ​នានា​បាន​ឱ្យ​ដឹង​ថា​ ​ជនជាតិ​ថៃ​ជា​ជនជាតិ​មក​ពី​ ​ណានចាវ​ ​(Nan Chao) ដែល​រាជាណាចក្រ​ទី​១​របស់​គេ​ ត្រូវ​បាន​ស្គាល់​ក្នុង​ប្រវត្ដិសាស្ដ្រ​ ​គឺ​ ​ណានចាវ​ ​មាន​ទីតាំង​នៅ​ក្បែរ​ខេត្ដ​យូណាន​ ​(Yunnan​) ប្រទេស​ចិន​បច្ចុប្បន្ន​ ដែល​ជនជាតិ​នេះ​បាន​តស៊ូ​ប្រយុទ្ធ​ និង​រាជវង្ស​ចិន​នៅ​ភាគ​ខាងត្បូង​ជា​ច្រើន​ជំនាន់​ ​ចាប់​តាំង​ពី​សតវត្ស​ទី​៧​ រហូត​ដល់​សតវត្ស​ទី​១២ ។​ ​ទោះបីជាយ៉ាងណា​ ​ពួក​គេ​ត្រូវ​​បាន​កំចាត់​កំចាយ​ដោយ​​ពួក​ម៉ុងហ្គោល​ ​(Mongol​) និង​បាន​ដណ្ដើម​យក​ជ័យ​ជំនះ​នៅ​ក្នុង​សតវត្ស​ទី​១៣ ។ ព្រឹត្ដិការណ៍​នេះ​បាន​ក្លាយ​ទៅ​ជា​ល្បឿន​ចលករ​ក្នុង​ការ​វាតទី​ទឹក​ដី​ឆ្ពោះ​ទៅ​ទិស​ខាងត្បូង​។​ ​រាជាណាចក្រ​ថៃ​ដ៏​តូច​នេះ​បាន​លេចមុខ​នៅ​ភាគ​ខាងជើង​ប្រទេស​នៅ​ដើម​សតវត្ស​ទី​១១ ។​ ​នៅ​ក្នុង​សតវត្ស​ទី​១៣​ ព្រះរាជាណាចក្រ​សុខោថៃ​ ​(Sukothai​) (ឈ្មោះ​ដើម​ ​សុខោទ័យ​ ​ជា​ឈ្មោះ​ខេត្ដ​មួយ​របស់​ចក្រភព​ខ្មែរ​ ​ដែល​ពួក​ថៃ​បាន​វាយ​ដណ្ដើម​កាន់កាប់​) ធ្វើ​ជា​រាជធានី​របស់​គេ​ស្ថិត​នៅ​ភាគ​ខាងជើង​ ​និង​ត្រួតត្រា​បណ្ដា​ខេត្ដ​ភាគ​កណ្ដាល​ ​និង​ភាគ​ខាងត្បូង​របស់​ចក្រភព​ខ្មែរ​ ​ដោយ​បាន​ប្ដូរ​ឈ្មោះ​ជា​រាជាណាចក្រ​ថៃ​ ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។

តាម​រយៈ​ឯកសារ​នេះ​ យើង​ឃើញ​ថា​ ​រដ្ឋ​ថៃ​មាន​មុខ​នៅ​អាស៊ី​អាគ្នេយ៍​នេះ​ ​នៅ​ចុង​សតវត្ស​ទី​១៣​ ​ដើម​សតវត្ស​ទី​១៤​ប៉ុណ្ណោះ​ ​ហើយ​ពួក​សៀម​ដែល​ដូរ​ឈ្មោះ​មក​ជា​ថៃ​នៅ​ឆ្នាំ​១៩៣០​នោះ​ ​គឺជា​ពួក​ពនេចរ​ពី​ដែន​ដី​ភាគ​ខាងត្បូង​ប្រទេស​ចិន​មក​កាន់​អាស៊ី​អាគ្នេយ៍​នេះ ។​ ​ពួក​គេ​ពិតជា​ពុំ​បាន​រួម​ចំណែក​អ្វី​បន្ដិច​បន្ដួច​ឡើយ​ ​ក្នុង​ការ​កសាង​ប្រាសាទ​ព្រះវិហារ​នេះ ។​ ​លើស​ពី​នេះ​ពួក​គេ​បាន​ឈ្លានពាន​កាន់កាប់​យក​ដី​នៃ​ចក្រភព​ខ្មែរ​យ៉ាង​ច្រើន​បំផុត​ ​នៅ​ពេល​ដែល​អំណាច​កណ្ដាល​របស់​ចក្រភព​ខ្មែរ​រង្គោះរង្គើ​ដោយ​គ្រប់គ្រង​ប្រទេស​មិន​បាន​ល្អ ។​

ប្រវត្ដិវិទូ​ថៃ​ ​លោក​ស៊ូឡាក់​ ​ស៊ីវ៉ារ៉ាក់​ ​(Sulak​ ​Sivarak​) ដែល​ជា​អ្នក​ទទួល​រង្វាន់​ណូបែល​សន្ដិភាព​ម្នាក់​ ​និង​ជា​អ្នក​ឈ្នះ​រង្វាន់​ ​The​ ​Right​ ​Livelihood​ ​បាន​និយាយ​អំពី​ចក្រភព​ខ្មែរ​ថា​ ​“វា​បាន​រួម​ទាំងអស់​ ​គ្រប់​អ្វីៗ​ទាំងអស់​ចាប់​តាំង​ពី​ខាងលើ​រហូត​ទៅ​ដល់​លុពបុរី​ ​និង​អ្វីៗ​ទាំងអស់​រួម​ទាំង​បាងកក​បច្ចុប្បន្ន” ។

បន្ថែម​ជា​ថ្មី​ទៀត​ ការ​ពិពណ៌នា​អំពី​ចក្រភព​ខ្មែរ​ត្រូវ​បាន​លោក​ ​Peter​ ​Janssan​ ​នៃ​កាសែត​ ​The​ ​Hindustan​ ​Times​ ​ដក​ស្រង់​ពី​លោក​ ​Sulak​ ​Sivarak​ ​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៨​ ​ខែ​មិថុនា​ ​ឆ្នាំ​២០០៨ ថា​ ​“ពួក​ថៃ​បាន​ឈ្លាន​ពាន​កម្ពុជា​ ​ហើយ​បន្ទាប់​មក​នៅ​ក្នុង​ការ​ទទួល​យក​របស់​គេ​ ​នាំ​ទៅ​ដល់​ការ​ត្រាប់​យក​តាម​ប្រពៃណី​វប្បធម៌​ដ៏​ច្រើន​របស់​ខ្មែរ​ ​ដោយ​ពួក​ថៃ​ ​រួម​ទាំង​ទស្សនាទាន​លទ្ធិ​ហិណ្ឌូ​នៃ​ស្ដេច​អាទិទេព​ ​និង​តុលាការ​ ​សម្បថ​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​លើ​លទ្ធិព្រាហ្មណ៍​អំពី​មន្ដអាគម​ ​ហើយ​ជា​ពិសេស​ក្នុង​ចំណោម​អ្នក​នយោ​ ​បាយ​ថៃ” ។ លោក​ ​Peter​ ​Janssan​ ​បាន​បន្ថែម​ថា​ ​មាន​ប្រាសាទ​ខ្មែរ​យ៉ាងច្រើន​បាន​ស្ថិត​នៅ​ក្នុង​ទីតាំង​នៃ​ប្រទេស​ថៃ​ ​ជា​ពិសេស​ នៅ​តាម​បណ្ដោយ​ព្រំដែន​ទិស​ឦសាន្ដ​ ​ថៃ-កម្ពុជា​ ​ដូច​ជា​ បូរីរ៉ាម​ ​(Buriram​) ​សុរិន្ទ​ ​(Surin​) និង​ស៊ីសាកេត​ ​(Sisaket) ។ តើ​ការ​ត្រាប់​យក​តាម​ប្រពៃណី​វប្បធម៌​ដ៏​ច្រើន​របស់​គេ​ពី​ពួក​ថៃ​ដូច​ម្ដេច​ខ្លះ ?

យើង​លើកយក​តែ​វប្បធម៌​តែ​មួ​យមក​បកស្រាយ​ឃើញ​ថា​ ​អក្សរ​ខ្មែរ​ជា​ ​“អក្សរ​មូល” ។ ពួក​អ្នកប្រាជ្ញ​ថៃ​បាន​ត្រាប់​យក​អក្សរ​ខ្មែរ​យើង​ ​ហើយ​កែសម្រួល​រូបរាង​អក្សរ​មូល​ខ្មែរ​ឱ្យ​ទៅ​ជា​អក្សរ​ថៃ​បច្ចុប្បន្ន ។​ ​យើង​ឃើញ​មាន​អក្សរ​ខ្លះ​ ​ដូច​ជា​អក្សរ​ ​Z ស្រះ​ ​a​ ​i​ ​I ។ល។ និង​ត្រាប់​យក​លេខ​ខ្មែរ​ទាំងស្រុង​ ​ដោយ​គ្រាន់តែ​ប្ដូរ​សំនៀង​ហៅ​តាម​សំនៀង​ថៃ​ ​ដូច​ជា​ ​១ (មួយ​) ថៃ​ថា​ ​នឹង​ លេខ​២​ ​(ពីរ) ថៃ​ថា​ ​សង​ ​និង​លេខ​៣​ ​(បី) ថៃ​ថា​ ​សាម​ ​ជាដើម ។

ដោយឡែក​ប្រាសាទ​ព្រះវិហារ​កសាង​ជាង​៣០០​ឆ្នាំ​ ​ដោយ​ព្រះបាទ​យសោវរ្ម័ន​ទី​១​ ​(គ.ស​៨៨៩​-៩១០) ហើយ​ប្រាសាទ​នេះ​បាន​កសាង​រួចរាល់​រហូត​ដល់​រាជ​ព្រះបាទ​​សូរ្យវរ្ម័ន​ទី​២​ ​(គ.ស​១១១៣​-…..) ជា​ក្សត្រ​​ស្ថាបនិក​រាជធានី​អង្គរ​នៃ​ចក្រភព​ខ្មែរ ។​ ​ការ​សាងសង់​ប្រាសាទ​ព្រះវិហារ​ ​គឺ​ជា​មនោគតិ​សម្រាប់​ព្រះរាជា​ខ្មែរ​ ​ដើម្បី​ឧទ្ទិស​ដល់​អាទិទេព​សិវៈ​ ​ពីព្រោះ​ក្សត្រ​​ទាំងនោះ​គិត​ថា​ ​លំនៅ​ឋាន​របស់​អាទិទេព​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ខ្ពស់​បំផុត​ជាង​៥០០​ម៉ែត្រ​ពី​ផែនដី ។ បើ​យើង​ប្រៀបធៀប​ការ​ចាប់ផ្ដើម​សាងសង់​ប្រាសាទ​ព្រះវិហារ​យើង​គិត​ថា​ ​នៅ​ឆ្នាំ​៨៨៩​នៃ​គ្រិស្ដសករាជ​ទៅ​ចុះ​ ​ថា​តើ​ជនជាតិ​សៀម​ស្ថិត​នៅ​ឯណា ? បើ​តាម​ឯកសារ​ស្រាវជ្រាវ​ យើង​ប្រាកដ​ក្នុង​ចិត្ដ​ច្បាស់​ថា​ ​ពួក​គេ​កំពុង​រស់​នៅ​ឯ​ណានចាវ​ឯណោះ​ ​ហើយ​ប្រហែល​ពួក​គេ​កំពុង​តែ​ជាប់​ធ្វើ​សង្គ្រាម​ជាមួយ​រាជវង្ស​ចិន​ទេ​ដឹង ? ពួក​សៀម​មាន​វត្ដមាន​ពិតប្រាកដ​នៅ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​នេះ​ ​នៅ​ចុង​សតវត្ស​ទី​១៣​ដើម​សតវត្ស​ទី​១៤​ប៉ុណ្ណោះ ។ ពួក​គេ​ពុំ​មាន​ចំណែក​ណាមួយ​ក្នុង​ការ​កសាង​ប្រាសាទ​ព្រះ​វិហារ​ ​ហើយ​ពួក​គេ​ក៏​ជា​ពូជសាសន៍​អំបូរ​ខុស​ពី​អំបូរ​ខ្មែរ​-មន​ដែរ ។​

ពួក​សៀម​តាម​សំនៀង​នៃ​ភាសា​របស់​ពួក​គេ​ ​អ្នកប្រាជ្ញ​ខាង​សូរវិទ្យា​បាន​ចាត់​អំបូរ​សៀម​នេះ​ ​នៅ​ក្នុង​ពួក​អំបូរ​ចិន​-វៀតណាម​ ​ព្រោះ​សំនៀង​ខាង​ភាសា​របស់​គេ​មាន​សម្លេង​ឡើង​ចុះ​ដូច​គ្នា ។​ ​ឯ​អំបូរ​ខ្មែរ-មន​យើង​វិញ​ ​ពុំ​មានសំនៀង​ភាសា​ឡើង​ចុះ​ឡើយ ។​

លើស​ពី​នេះ​ទៀត ​ពួក​សៀម​នៅ​តែ​មាន​មហិច្ឆតា​បន្ដ​ដំណើរ​ឆ្ពោះទៅ​ទិស​ខាងត្បូង​ជា​និច្ច​ ​ត្រាប់​តាម​គំរូ​ដូនតា​របស់​គេ​ ​ហេតុនេះ​ហើយ​បានជា​យើង​ឃើញ​ក្នុង​សម័យ​អាណានិគម​បារាំង​ត្រួតត្រា​ឥណ្ឌូចិន​ ​ខ្មែរ​យើង​បាន​បាត់បង់​ខេត្ដ​ចំនួន​៣​ទៅ​ថៃ​ ​គឺ​ខេត្ដ​បាត់ដំបង​ ​សៀមរាប​ ​ស្វាយ​ស៊ីសុផុន​ ​តែ​ដោយ​សង្គ្រាម​លោក​លើក​ទី​២​បញ្ចប់​ ​សម្ព័ន្ធ​ជប៉ុន​បាន​ចាញ់​សង្គ្រាម​ ​សម្ព័ន្ធ​បារាំង​បាន​ឈ្នះ​សង្គ្រាម​ ​ជប៉ុន​ក៏​ប្រគល់​ទឹក​ដី​ខេត្ដ​ទាំង​៣​មក​ឱ្យ​បារាំង​ត្រួត​ត្រា​វិញ ។ នៅ​ពេល​ដែល​បារាំង​បាន​ចាក​ចេញពី​ឥណ្ឌូចិន​ ​ហើយ​បាន​ប្រគល់​ឯករាជ្យ​ឱ្យ​កម្ពុជា​ ​ក្រោម​ចលនា​ទាមទារ​របស់​សម្ដេច​ព្រះបាទ​ នរោត្ដម​ ​សីហនុ​ ​នា​ថ្ងៃ​ទី​៩​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​១៩៥៣ គឺ​មួយ​ឆ្នាំ​ក្រោយមក​ ​នៅ​ឆ្នាំ​១៩៥៤​ ​ទ័ព​សៀម​បាន​ឈ្លានពាន​ចូល​ដណ្ដើម​កាន់​កាប់​ប្រាសាទ​ព្រះវិហារ​ ​ដោយ​តាំង​រដ្ឋបាល​របស់​គេ​នៅ​លើ​ប្រាសាទ​ខ្មែរ​ដោយ​ចាត់​ទុក​ថា​ ​ប្រាសាទ​ព្រះវិហារ​ជា​របស់​គេ​ ​ហើយ​បាន​ដូរ​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​ទៅ​ជា​ប្រាសាទ​ព្រះវិហាន​ ​តាម​សំនៀង​ភាសា​របស់​គេ​ដែល​គេ​ប្រើ​អក្សរ​ ​“រ” ជំនួស​ដោយ​អក្សរ​ ​“ន” ព្រោះ​ ​សំនៀង​ក្នុង​ភាសា​របស់​គេ​ពុំ​មាន​សំនៀង​អក្សរ​ ​“រ” ឡើយ ។​ ​នៅ​ពេល​ពួក​សៀម​កាន់​កាប់​ប្រាសាទ​ព្រះវិហារ​ពី​ឆ្នាំ​១៩៥៤​ ​ដល់​ថ្ងៃ​ទី​១៥​ ​ខែ​មិថុនា​ ​ឆ្នាំ​១៩៦២ ពួក​គេ​មិន​គ្រាន់តែ​មិន​បាន​ជួសជុល​ថែរក្សា​ប្រាសាទ​ប៉ុណ្ណោះ​ទេ​ ​ពួក​គេ​ថែម​ទាំង​បាន​ដឹក​ជញ្ជូន​រូប​ចម្លាក់​ដែល​ចល័ត​បាន​ ​ចូល​ទៅ​ទុក​ក្នុង​ប្រទេស​គេ​ ​ដោយ​ពួក​គេ​បាន​កំណត់​ក្នុង​ចិត្ដ​ថា​ ​ប្រាសាទ​ព្រះវិហារ​នេះ​មិនមែន​ជា​របស់​ផង​គេ ។ ហេតុនេះ​ហើយ​បាន​ជា​នៅ​ក្នុង​ការ​កាត់​ក្ដី​របស់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ក្រុង​ឡាអេ​ ​នា​ថ្ងៃ​ទី​១៥​ ​ខែ​មិថុនា​ ​ឆ្នាំ​១៩៦២ បាន​សម្រេច​ថា​ ​“ក្នុង​ភាព​សម​នឹង​ទទួល​របស់​តុលាការ​ ​ដោយ​មាន​ការ​បោះ​ឆ្នោត​៩​សម្លេង​ទល់​នឹង​៣​សម្លេង​ ​តុលាការ​បាន​កាត់​ឱ្យ​កម្ពុជា​ឈ្នះក្ដី​ថា​ ​ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​ទីតាំង​ទឹក​ដី​ក្រោម​អធិបតេយ្យភាព​នៃ​កម្ពុជា​ ​ហើយ​ក្នុង​ហេតុផល​នេះ​ថា​ ​ប្រទេស​ថៃ​ ​គឺ​ស្ថិត​នៅ​ក្រោម​កាតព្វកិច្ច​មួយ​ដើម្បី​ដក​ថយ​កម្លាំង​យោធា​ ​ឬ​កម្លាំង​នគរបាល​ ​ឬ​ឆ្មាំ​ទាំងឡាយ​ ​ឬ​អ្នក​ថែរក្សា​ ​ដែល​បាន​ដាក់​ពង្រាយ​ដោយ​ប្រទេស​ថៃ​ ​នៅ​ឯ​ប្រាសាទ​ ​ឬ​នៅ​ក្នុង​ទីតាំង​ជុំវិញ​របស់​ប្រាសាទ​ ​ក្នុង​បូរណភាព​ទឹកដី​កម្ពុជា” ។

លើស​ពី​នេះ​ទៅ​ទៀត​ ​តុលាការ​បាន​តម្រូវ​ឱ្យ​ភាគី​ថៃ​ជួសជុល​កន្លែង​បែកបាក់​របស់​ប្រាសាទ​ឡើង​វិញ​ ​និង​នាំ​យក​មក​ទុក​កន្លែង​ដើម​វិញ​អំពី​រូបចម្លាក់​ចល័ត​ណា​ដែល​ខ្លួន​បាន​នាំ​យក​ទៅ​ទុក​នៅ​ប្រទេស​របស់​ខ្លួន ។​ ​នេះ​ជា​ការ​សម្រេច​របស់​តុលាការ​ ​“ដោយ​មាន​សម្លេង​បោះ​ឆ្នោត​៧​សំលេង​ទល់​នឹង​៥​សម្លេង​ ​តុលាការ​បាន​កាត់​ឱ្យ​កម្ពុជា​ឈ្នះក្ដី​ថា​ ​ប្រទេស​ថៃ​គឺ​ស្ថិត​នៅ​ក្រោម​កាតព្វកិច្ច​មួយ​ ​ដើម្បី​ជួសជុល​ឡើង​វិញ​ជូន​ដល់​កម្ពុជា​ ​នូវ​ក្បាច់ចម្លាក់​នានា​ ​សសរ​ពេជ្រ​ ​បំណែក​បាក់បែក​នៃ​វិមាន​នានា​ ​គំរូ​ថ្ម​ភក់​នានា​នៃចម្លាក់​ ​និង​ភាជនៈ​បូរាណ​ ​ដែល​ប្រហែល​តាំង​ពី​ពេល​នៃ​ការ​កាន់កាប់​ប្រាសាទ​ព្រះវិហារ​ដោយ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​១៩៥៤​ ​ដែល​បាន​ផ្លាស់​ប្ដូរ​ទីកន្លែង​ចេញពី​ប្រាសាទ​ ​ឬ​តំបន់​ប្រាសាទ​ដោយ​អាជ្ញាធរ​ថៃ​” ។ តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ ​[International​ ​Court​ ​of​ ​Justice​ ​(ICJ​)] ដែល​បាន​កាត់ក្ដី​ឱ្យ​កម្ពុជា​ ​បាន​ឈ្នះ​ក្ដី​ទទួល​បាន​ប្រាសាទ​ព្រះវិហារ​ ​និង​តំបន់​ជុំវិញ​ប្រាសាទ​ដែល​មាន​ទំហំ​ដី​៤,៦​គីឡូម៉ែត្រ ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ​នោះ​ ​គឺ​ផ្អែក​តាម​សន្ធិសញ្ញា​បារាំង-សៀម​ ​ថ្ងៃ​ទី​១៣​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​១៩០៤ ក្នុង​ភាព​ដោយឡែក​ ​និង​សន្ធិសញ្ញា​ព្រំដែន​បារាំង-សៀម​ ​ថ្ងៃ​ទី​២៣​ ​ខែ​មីនា​ ​ឆ្នាំ​១៩០៧ ។ នេះ​ជា​សេចក្ដីសម្រេច​របស់​តុលាការ​ ​“នៅ​ក្នុង​ការ​កាត់ក្ដី​របស់​គេ​ ​តុលាការ​បាន​កាត់​ឱ្យ​កម្ពុជា​ឈ្នះក្ដី​ថា​ ​រឿង​ក្ដី​នៃ​ជម្លោះ​គឺ​អំពី​អធិបតេយ្យភាព​ទៅ​លើ​តំបន់​នៃ​ប្រាសាទ​ព្រះវិហារ ។​ ទីសក្ការៈ​ដ៏​ចាស់​បុរាណ​នេះ​ ​ផ្នែក​ខ្លះៗ​ស្ថិត​ក្នុង​ភាព​បែក​បាក់​បាន​តាំង​នៅ​លើ​ជ្រោយ​ខ្ពស់​មួយ​នៃ​ជួរ​ភ្នំ​ដងរែក​ ​ដែល​បាន​បង្កើត​ជា​ព្រំដែន​រវាង​កម្ពុជា​ និង​ថៃ ។ ជម្លោះ​មាន​ ​Fons​ ​et​ ​Origo​ ​របស់​វា​នៅ​ក្នុង​ការ​ដាក់​ព្រំដែន​ ​ដែល​បាន​ធ្វើ​ក្នុង​ឆ្នាំ​១៩០៤-១៩០៨ រវាង​បារាំង​ ហើយ​បន្ទាប់​មក​ការ​នាំ​ទៅ​ដល់​ទំនាក់ទំនង​បរទេស​រវាង​ឥណ្ឌូចិន​ និង​សៀម ។ ការ​អនុវត្ដ​សន្ធិសញ្ញា​ថ្ងៃ​ទី​១៣​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​១៩០៤ គឺ​ក្នុង​ភាព​ដោយឡែក​នៃ​ការ​ពាក់ព័ន្ធ ។ សន្ធិសញ្ញា​នោះ​បាន​បង្កើត​ចរិតលក្ខណៈ​ទូទៅ​នៃ​ព្រំប្រទល់​ព្រំដែន​ពិតប្រាកដ​ ​នៃ​អ្វី​ដែល​ត្រូវ​បាន​គូស​ដោយ​គណៈកម្មាធិការ​ចម្រុះ​បារាំង-សៀម” ។

ការ​ចង់​ដាក់​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​របស់​ភាគី​ថៃ​ឱ្យ​ទៅ​ជា​ឈ្មោះ​តាម​សំនៀង​ភាសា​ថៃ​ថា​ ​ប្រាសាទ​ព្រះ​វិហាន​ពិតជា​ធ្វើ​ឱ្យ​ខុស​នឹង​ក្បួន​វេយ្យាករណ៍​ខ្មែរ​ ​ដែល​គេ​មិន​អាច​ផ្លាស់​ប្ដូរ​បកតិនាម (Proper noun) ​បាន​ឡើយ​។​ ​បកតិនាម​ ​គឺ​នាម​ឈ្មោះ​របស់​អ្វីមួយ​ទោះបី​គេ​សរសេរ​ខុស​អក្ខរាវិរុទ្ធ​ក៏​ដោយ​ ​ក៏​គេ​មិន​អាច​កែប្រែ​ផ្លាស់​ប្ដូរ​វិញ​ឡើយ​ ​ឧទាហរណ៍​ឈ្មោះ​”សំ”​ ​បើ​គេ​សរសេរ​ជា​ផ្លូវការ​ ”សំ​ម” ​បែប​នេះ​ ​គឺ​គ្មាន​នរណា​អាច​កែ​មក​ជា​”សំ” ​បាន​ឡើយ​ ​ព្រោះ​ជា​បកតិនាម​ ដូច​គ្នា​ដែរ​ ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​យើង​បាន​សរសេរ​ថា​ ​ជា​”ប្រាសាទ​ព្រះវិហារ”​ ​គឺ​ភាគី​ថៃ​មិន​អាច​សុំ​កែប្រែ​សរសេរ​មក​ជា​ ​“ប្រាសាទ​ព្រះវិហាន​” បាន​ឡើយ​ ​ហើយ​ប្រាសាទ​នេះ​ជា​កម្ម​សិទ្ធ​របស់​ខ្មែរ​ជា​យូរលង់​មក​ហើយ​ ​ហើយ​លើស​ពី​នេះ​ខ្មែរ​យើង​ពុំ​អាច​ទទួល​យក​បាន​ដោយសារ​សាលដីកា​របស់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​បាន​ទទួលយក​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​នេះ​ ​ហើយ​បាន​កាត់​ឱ្យ​ខ្មែរ​យើង​បាន​ឈ្នះក្ដី​ទៀត​ផង ។​ ​សាលដីកា​មាន​អានុភាព​គតិយុត្ដ​ ​សម្រាប់​ភាគី​ទាំង​ពីរ​ក្នុង​ជម្លោះ​ ទាំង​អ្នក​ឈ្នះ​ ​និង​អ្នក​ចាញ់​ត្រូវ​អនុវត្ដ​តាម​សាលដីកា​ដោយ​ ​សច្ចធម៌​ ​(Good faith) ៕

(ដកស្រង់ពីអត្ថបទរបស់លោក​ ​ងួន​ ​សំ​ ចុះ​ផ្សាយ​តាម​សារព័ត៌មាន​កោះសន្តិភាព)

ផែនទី​​ទ្វីប​អាស៊ី​​​ក្នុង​​គ.ស ១២០០ បង្ហាញ​ពី​ចក្រភព​ខ្មែរ និង​នគរ​ណានចាវ

 ផែនទី​​ទ្វីប​អាស៊ី​​​ក្នុង​​គ.ស ១២០០ បង្ហាញ​ពី​ចក្រភព​ខ្មែរ និង​នគរ​ណានចាវ

នៅ​​គ.ស ​១២៣៨ ជនជាតិ​ថៃ​បាន​ប្រកាស​​បង្កើត​រដ្ឋ​​នៅ​សុខោទ័យ ហើយ​នៅ​គ.ស ​១២៥៣ អធិរាជ​ម៉ុងហ្គោល គូប៊ីឡៃ ខាន់ បាន​វាយ​ដណ្ដើម​គ្រប់គ្រង​នគរ​ណានចាវ​ទាំងស្រុង ។ ព្រឹត្ដិការណ៍​នេះ​បាន​ក្លាយ​ទៅ​ជា​ល្បឿន​ចលករ​ក្នុង​ការ​វាតទី​ទឹក​ដី​​ របស់​ជនជាតិ​ថៃ​ឆ្ពោះ​ទៅ​ទិស​ខាងត្បូង ។

 នៅ​​គ.ស ​១២៣៨ ជនជាតិ​ថៃ​បាន​ប្រកាស​​បង្កើត​រដ្ឋ​​នៅ​សុខោទ័យ ហើយ​នៅ​គ.ស ​១២៥៣ អធិរាជ​ម៉ុងហ្គោល គូប៊ីឡៃ ខាន់ បាន​វាយ​ដណ្ដើម​គ្រប់គ្រង​នគរ​ណានចាវ​ទាំងស្រុង ។ ព្រឹត្ដិការណ៍​នេះ​បាន​ក្លាយ​ទៅ​ជា​ល្បឿន​ចលករ​ក្នុង​ការ​វាតទី​ទឹក​ដី​​របស់​ជនជាតិ​ថៃ​ឆ្ពោះ​ទៅ​ទិស​ខាងត្បូង ។

ដំណើរ​ឆ្ពោះ​មក​ទិស​ខាង​ត្បូង​នៃ​ជនជាតិ​ភូមា សៀម វៀតណាម និង​ហាន

ដំណើរ​ឆ្ពោះ​មក​ទិស​ខាង​ត្បូង​នៃ​ជនជាតិ​ភូមា សៀម វៀតណាម និង​ហាន

សេចក្ដី​​ពណ៌នា​សង្ខេប​អំពី​អក្សរ​ខ្មែរ បញ្ជាក់​ថា អក្សរ​ខ្មែរ​គឺជា​មេបា​នៃ​អក្សរ​ថៃ និង​អក្សរ​​ឡាវ

 សេចក្ដី​​ពណ៌នា​សង្ខេប​អំពី​អក្សរ​ខ្មែរ បញ្ជាក់​ថា អក្សរ​ខ្មែរ​គឺជា​មេបា​នៃ​អក្សរ​ថៃ និង​អក្សរ​​ឡាវ

 អក្ខរក្រម​ខ្មែរ

 អក្ខរក្រម​ខ្មែរ

អក្ខរក្រម​ថៃ ដែល​បាន​ចម្លង​ពី​ខ្មែរ

 អក្ខរក្រម​ថៃ ដែល​បាន​ចម្លង​ពី​ខ្មែរ

លេខ​ខ្មែរ​ប្រៀប​ផ្ទឹម​នឹង​លេខ​ថៃ និង​ឡាវ ដែល​បាន​ចម្លង​ពី​ខ្មែរ

 លេខ​ខ្មែរ​ប្រៀប​ផ្ទឹម​នឹង​លេខ​ថៃ និង​ឡាវ ដែល​បាន​ចម្លង​ពី​ខ្មែរ

 

វប្បធម៌ ខ្មែរ និង សៀម

 






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve