Chouk Khmer

February 14, 2009

ប្រវែង​ម្រាម​ដៃ​បង្ហាញ​ពី​អំណាច​នៃ​ការ​រក​ចំណូល​របស់​មនុស្ស

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ស៊ីតធី​ក្នុង​ទីក្រុង​ឡុង

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ស៊ីតធី​ក្នុង​ទីក្រុង​ឡុង 

លទ្ធផល​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ​ប្រវែង​ម្រាមដៃ​របស់​បុរស​អាច​ព្យាករណ៍​ពី​ជ័យ​ជំនះ​របស់​ខ្លួន​នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​The City​ ​នៅ​ក្នុង​ទីក្រុង​ឡុ​ង ។​ ​អ្នក​វិទ្យាសាស្ដ្រ​នៅ​ឯ​សាកល​វិទ្យាល័យ​ឃែ​ម​ប្រ៊ី​ត​ ប្រទេស​អង់គ្លេស​ បាន​រក​ឃើញ​ថា​ ​ពាណិជ្ជករ​ដែល​មាន​ម្រាម​នាងដៃ​(ម្រាម​ពាក់​ចិញ្ចៀន) វែង​ជាង​ម្រាម​ចង្អុរ​ដៃ​នោះ​ រក​ចំណូល​បាន​ច្រើន​បំផុត ។​

វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ដ្រ​សហរដ្ឋអាមេរិក​ ​Proceedings​ ​of​ ​the​ ​National​ ​Academy​ ​of​ ​Sciences​ ​(PNAS​) បាន​រាយការណ៍​ឱ្យ​ដឹង​ថា​ ​ការ​ជាប់​ពាក់ព័ន្ធ​នេះ​អាច​ទាក់ទិន​នឹង​កម្រិត​អ័រម៉ូន​បុរស​ភេទ​គឺ​តេស្ដូស្ដេរ៉ូន​របស់​គភ៌​នៅ​ក្នុង​ស្បូន ។​ ​កម្រិត​នៃ​អ័រម៉ូន​តេស្ដូស្ដេរ៉ូន​ច្រើន​របស់​គភ៌​នៅ​ក្នុង​ស្បូន​អាច​បង្កើន​ជំនាញ​ធ្វើការ​សម្រេចចិត្ដ​ភ្លាមៗ​របស់​ពួក​គេ​ ​ហើយ​វា​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ ​ជាប់​ពាក់ព័ន្ធ​នឹង​អាកប្បកិរិយា​ឆេវឆាវ​របស់​ពួក​គេ​ផង​ដែរ ។​

ប្រវែង​ស្មើគ្នា​នៃ​ម្រាម​នាងដៃ ​និង​ម្រាម​ចង្អុរ​ដៃ​ដែល​ត្រូវ​បាន​កំណត់​ដោយ​អ័រម៉ូន​នៅ​ពេល​ដែល​គភ៌​ស្ថិត​នៅ​ក្នុង​ស្បូន​នោះ​កាល​ពី​មុន​មក​ត្រូវ​បាន​អ្នក​វិទ្យាសាស្ដ្រ​រក​ឃើញ​ថា​ ​មាន​ទំនាក់ទំនង​ជាមួយ​ជោគជ័យ​នៅ​ក្នុង​ការ​ប្រកួត​កីឡា ។​

លោក​ ចន​ ​ខូតេស​ ​ជា​អ្នក​ស្រាវជ្រាវ​មួយ​រូប​រួម​ជាមួយ​ក្រុម​របស់​លោក​បាន​រាយការណ៍​កាលពី​ឆ្នាំ​មុន​ថា​ ​អ័រម៉ូន​តេស្ដូស្ដេរ៉ូន​ហាក់​ដូចជា​ជួយ​បង្កើន​ភាព​ជោគជ័យ​រយៈពេល​ខ្លី​ផ្នែក​ហិរញ្ញវត្ថុ​ក្រោយ​ពី​ពួក​លោក​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា​ ​ពាណិជ្ជករ​នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​City​ ​ដែល​មាន​កម្រិត​អ័រម៉ូន​តេស្ដូស្ដេរ៉ូន​ខ្ពស់​នៅ​ពេល​ព្រឹក​ព្រលឹម​ អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ខុស​ពី​ធម្មតា​នៅ​ក្នុង​ថ្ងៃ​នោះ ។​

ការ​រក​ឃើញ​ចុង​ក្រោយបង្អស់​របស់​អ្នក​ស្រាវជ្រាវ​បាន​ផ្អែក​លើ​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ទៅ​លើ​បុរស​ជា​ពាណិជ្ជករ​ចំនួន​ ៤៤​នាក់​ នៅ​ក្នុង​ទីក្រុង​ឡុ​ង​ ​ហើយ​ខ្លះ​ក្នុង​ចំណោម​ពួក​គេ​អាច​រក​ប្រាក់​ចំណូល​បាន​ដល់​ទៅ​ជាង​ ៤​លាន​ផោន​ នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ ។

អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ​នៅ​ក្នុង​រយៈពេល​សិក្សា​ស្រាវជ្រាវ​ជាង​ ២០​ខែ​ ​បណ្ដា​ពាណិជ្ជករ​ដែល​មាន​ម្រាម​នាងដៃ​វែង​ជាង​ម្រាម​ចង្អុរ​ដៃ​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​អ្នក​ដែល​មាន​ម្រាម​នាងដៃ​ខ្លី​ជាង​ម្រាម​ចង្អុរ​ដៃ​ដល់​ទៅ​ ១១​ដង ។​

ការ​ជះ​ឥទ្ធិពល​បែប​ជីវសាស្ដ្រ​ទៅ​លើ​ជោគជ័យ​នេះ​គឺ​មាន​កម្រិត​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ការ​ជះ​ឥទ្ធិពល​ពី​រយៈពេល​នៃ​បទពិសោធន៍​ការងារ​ផង​ដែរ ។​ ​ពាណិជ្ជករ​ដែល​មាន​បទពិសោធន៍​ច្រើន​បំផុត​អាច​រក​ចំណូល​បាន​ច្រើន​ជាង​អ្នក​ដែល​មាន​បទពិសោធន៍​តិច​បំផុត​ប្រមាណ​ ៩​ដង ។​

នៅ​ពេល​ដែល​អ្នក​វិទ្យាសាស្ដ្រ​ក្រឡេក​មើល​តែ​ចំពោះ​ក្រុម​ពាណិជ្ជករ​ដែល​មាន​បទពិសោធន៍​នោះ​ ​ពួក​គេ​បាន​រក​ឃើញ​ថា​ ​ពាណិជ្ជករ​ដែល​មាន​ម្រាម​នាងដៃ​វែង​ជាង​ម្រាម​ចង្អុរ អាច​រក​ប្រាក់​ចំណូល​បាន​ជា​មធ្យម​ដល់​ទៅ​ ៨៣៨.០០០​ផោន ក្នុង​មួយ​ឆ្នាំ បើ​ប្រៀបធៀប​ជាមួយ​ពាណិជ្ជករ​ដែល​មាន​ម្រាម​នាងដៃ​ខ្លី​ជាង​ម្រាម​ចង្អុរ​ដៃ​ដែល​អាច​រក​ប្រាក់​ចំណូល​បាន​តែ​ ១៥៤.០០០​ផោន ជា​មធ្យម​នោះ ។

អ្នក​ស្រាវជ្រាវ​ទាំងនោះ​បាន​ប្រាប់​វិទ្យាស្ថាន ​PNAS ​ថា​ ​ជោគជ័យ​លើ​ផ្នែក​ទីផ្សារ​ហិរញ្ញវត្ថុ​រង​ឥទ្ធិពល​ពី​កត្ដា​ជីវសាស្ដ្រ​ច្រើន​ដូច​កត្ដា​បទពិសោធន៍​ផង​ដែរ ។​ ​ទន្ទឹម​គ្នា​នោះ​ដែរ​ ​អ្នក​ស្រារ​ជ្រាវ​ប៊ែលហ្សិក​បាន​រក​ឃើញ​ថា​ ​បុរស​ដែល​មាន​ម្រាម​នាងដៃ​វែង​ជាង​ម្រាម​ចង្អុរ​គិតគូរ​អំពី​សង្គម​តិចតួច​ ​និង​មិនសូវ​ចំណាយ​ប្រាក់​ផ្ដេសផ្ដាស​ទេ ។​ផ្ទុយ​មក​វិញ​ បុរស​ដែល​មាន​ម្រាម​នាងដៃ​ខ្លី​ជាង​ម្រាម​ចង្អុរ​ដៃ​ចូល​ចិត្ដ​ចំណាយ​ប្រាក់​ច្រើន​បំផុត ។​

លោក​ កូបេ​ ​មីលេត​ ​អ្នក​ស្រាវជ្រាវ​ដ៏​ល្បីល្បាញ​មួយ​រូប​បាន​មាន​ប្រសាសន៍​ថា​ ​“លទ្ធផល​ទាំងនេះ​ប្រាប់​យើង​ថា​ ​កម្រិត​អ័រម៉ូន​តេស្ដូស្ដេរ៉ូន​ដែល​គភ៌​មាន​នៅ​មុន​ពេល​ចាប់​កំណើត​នោះ​បន្ដ​ជះ​ឥទ្ធិពល​ដល់​អាកប្បកិរិយា​របស់​ពួក​គេ​នៅ​រយៈពេល​ពេញ​មួយ​ជីវិត​របស់​ពួក​គេ ។​ លោក​បាន​បន្ថែម​ថា​ ​ការ​សិក្សា​ដែល​រក​ឃើញ​ពី​ទំនាក់ទំនង​នៃ​ប្រវែង​ម្រាមដៃ​នេះ​ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កើត​មាន​ចំពោះ​ស្ដ្រី​ផង​ដែរ ៕

 

Comments »

The URI to TrackBack this entry is: http://choukhmer.blogsome.com/2009/02/14/length-of-finger/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve