Chouk Khmer

February 13, 2009

ដើម​ត្នោត

ដើម​ត្នោត  

រុក្ខជាតិ​មាន​តម្លៃ​បំផុត​

តំណាង​ឱ្យ​ភូមិសាស្ដ្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​

ប្រទេស​កម្ពុជា​មាន​អាកាសធាតុ​ក្ដៅ​ ​ហើយ​សើម​ ​ដី​ប្រកប​ទៅ​ដោយ​ជីវជាតិ​អនុគ្រោះ​ដល់​រុក្ខជាតិ​ ​និង​ដំណាំ​គ្រប់មុខ​ ​ដោយ​ចេញ​ផ្លែ​-ផ្កា​យ៉ាង​សន្ធឹកសន្ធាប់​ ផ្ដល់​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ទៀត​ផង ។​ ​ក្នុង​ចំណោម​រុក្ខជាតិ​ទាំងនោះ​ គេ​សង្កេត​ឃើញ​ដើម​ត្នោត​ដែល​ដុះ​នៅ​តាម​វាលស្រែ​ ​ទីទួល​ ​ភូមិ​-ស្រុក​ ​ឬ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ ​ឱ្យ​តែ​មាន​ដើម​ត្នោត​ដុះ​នៅ​ទីណា​ទឹកដី​នោះ​ជា​របស់​ខ្មែរ​ ​ហើយ​ដើម​ត្នោត​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ចាត់ទុកជា​ប្រភេទ​រុក្ខជាតិ​លេខ​១​ ​ព្រោះ​វា​ផ្ដល់​នូវ​សារ​ប្រយោជន៍​យ៉ាង​ច្រើន​បំផុត​ខុស​ប្លែក​ពី​រុក្ខជាតិ​នានា ។​ សព្វ​ថ្ងៃនេះ​ សង្កេត​ឃើញ​រុក្ខជាតិ​ប្រភេទ​នេះ​ដុះ​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​ ​ជា​ពិសេស​នៅ​ខេត្ដ​កំពង់ឆ្នាំង​ ​កំពង់ស្ពឺ​ ​ដែល​មាន​ដុះ​ច្រើន​ជាងគេ​ ហើយ​អ្នកស្រុក​បាន​ទាញ​ផលប្រយោជន៍​ពី​ដើម​ត្នោត​សម្រាប់​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ រស់នៅ​យ៉ាង​សុខសាន្ដ​ទៀត​ផង ។​

ដើម​ត្នោត​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ចាត់ទុកជា​ប្រភេទ​រុក្ខជាតិ​មាន​តម្លៃ​បំផុត​ ​និង​តំណាង​ឱ្យ​ភូមិសាស្ដ្រ​ ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​ទៀត​ផង​ ​គេ​សង្កេត​ឃើញ​ដើម​ត្នោត​ដុះ​នៅ​ក្បែរ​ផ្ទះសម្បែង​ ​ភូមិ​ស្រុក​ ​លើ​វាលស្រែ​ ​ទីទួល​ ​ខ្លះ​ដុះ​រាយ​ប៉ាយ​ ​ខ្លះ​ទៀត​ដុះ​ជា​ជួរ​ ចេញ​ផ្លែផ្កា​រយីងរយោង​ ​មាន​ស្លឹក​ពណ៌​បៃតង​ ​ហើយ​ពេល​ខ្លះ​ស្លឹក​ងាប់​ធ្លាក់​មក​ក្រោម​លម្អ​ឱ្យ​ដើម​ត្នោត​មួយ​កម្រិត​ថែម​ទៀត ។​ ​ដើម​ត្នោត​មាន​ដុះ​ច្រើន​ជាង​គេ​នៅ​ ​ខេត្ដកំពង់ឆ្នាំង​ ​និង​ខេត្ដកំពង់ស្ពឺ​ ​ហើយ​អ្នកស្រុក​ដែល​រស់នៅ​តំបន់​នោះ​ ​ក៏​បាន​ប្រកប​របរ​ឡើង​ត្នោត​ ​ខ្លះ​ទៀត​កែច្នៃ​ផលិតផល​ពី​ដើម​ត្នោត​យក​ទៅ​លក់ដូរ​ក្នុង​ទីផ្សារ​ ​ទទួល​បាន​ប្រាក់​កម្រៃ​យ៉ាង​ច្រើន​គួរ​ជាទី​ពេញចិត្ដ​ផង​ដែរ ។​ ​រុក្ខជាតិ​ត្នោត​ដែល​ដុះ​នៅ​តាម​វាលស្រែ​ ​ឬ​នៅ​ជិត​ភូមិឋាន ​ត្រូវ​បាន​អ្នកស្រុក​នាំ​គ្នា​កែច្នៃ​ទាញ​យក​ផលប្រយោជន៍​ទៅ​តាម​សមត្ថភាព​រៀងៗ​ខ្លួន​ ​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ ​ព្រមទាំង​បន្ដ​នូវ​មរតក​របស់​ដូនតា​ដែល​បាន​បន្សល់​ទុក​ជា​ច្រើន​តំណ​មក​ហើយ ។​ ​អ្នកស្រុក​អាច​ទាញ​យក​ផលប្រយោជន៍​ពី​ដើម​ត្នោត​បាន​យ៉ាងច្រើន​ ​ដូច​ជា​ នៅ​ពេល​ត្នោត​ចេញ​ផ្កា​មិន​ថា​ ​ញី​ ​ឬ​ឈ្មោល​នោះ​ទេ​ ​គេ​នាំ​គ្នា​យក​បង្អោង​ដើម​ឫស្សី​ចង​ផ្អោប​តាំង​ពី​គល់​រហូត​ដល់​ធាង​ត្នោត​ឱ្យ​ជាប់​ងាយស្រួល​ឡើង​ទៅ​គាប​ ចិត​ ​និង​ត្រង​យក​ទឹក​ជា​ប្រចាំ​ថ្ងៃ​ ​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​កើត​ឡើង​ជាយថាហេតុ ។

ខណៈ​ពេល​នោះ​គេ​ឡើង​ទៅ​គាប​ត្នោត​ចំនួន​៣​ថ្ងៃ​តាម​បច្ចេកទេស​ឱ្យ​បាន​ត្រឹមត្រូវ​ប្រចាំ​ថ្ងៃ​ ​ពី​បុរាណ​ ​រួច​ចិត​ស្ដើងៗ​បំផុត​មួយ​ថ្ងៃ​ម្ដង​ឬ​ពីរ​ដង​ ​នៅ​ពេល​ទឹក​ចេញ​ហើយ​គេ​យក​បំពង់​ឫស្សី​ ​ឬ​ជ័រ​ ​ឬ​ស័ង្កសី​ក៏​បាន​ ​ដោយ​មាន​ចង​ខ្សែ​ឱ្យ​ជាប់​ដើម្បី​ត្រង​ទឹក​ត្នោត​កុំ​ឱ្យ​ធ្លាក់​ទៅ​ដី​ ​ព្រោះ​ទឹក​ត្នោត​មាន​រសជាតិ​ផ្អែម​ឈ្ងុយ​ឆ្ងាញ់​ណាស់ ។​ ​តាម​ទម្លាប់​ អ្នក​ធ្វើ​ត្នោត​តែង​ឡើង​យក​ទឹក​ត្នោត​នៅ​ពេល​ព្រឹក​ព្រលឹម​ ​និង​ពេល​ល្ងាច​ជា​រៀងរាល់ថ្ងៃ​ ​អ្នកខ្លះ​ធ្វើ​ទឹក​ត្នោត​ផ្អែម​សម្រាប់​ទទួលទាន​ ​និង​រម្ងាស់​ធ្វើ​ស្ករ​ផែន​ ​ឬ​ស្ករ​ពាង​សម្រាប់​លក់​ឱ្យ​ប្រជាពលរដ្ឋ​យក​ទៅ​ទទួលទាន​ ​ខ្លះ​ទៀត​គេ​ធ្វើ​ទឹក​ត្នោត​ជូរ​ ​ឬ​ផលិត​ជា​ទឹកខ្មេះ​សម្រាប់​លក់​ក្នុង​ ​និង​ក្រៅប្រទេស​ ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ មិន​ប៉ះពាល់​ដល់​សុខភាព​ឡើយ ។​ ​ចំពោះ​ត្នោត​ញី​ដែល​ចេញ​ផ្លែផ្កា​ ​បើ​គេ​មិន​គាប​យក​ទឹក​នោះ​ ​ផ្លែ​ខ្ចី​របស់​វា​គេ​អាច​យក​ទៅ​ធ្វើ​បន្លែ​សម្រាប់​ស្ល​ ​ផ្លែ​វា​គេ​អាច​យក​គ្រាប់​ទៅ​ហូប​ ​និង​ធ្វើ​បង្អែម​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ ​ចំណែក​ផ្លែ​ទុំ​គេ​យក​ទៅ​ធ្វើ​នំ​ផ្សេងៗ​ទៅ​តាម​ទំលាប់​របស់​អ្នកស្រុក ។​ ​គ្រាប់​ត្នោត​ទុំ​ដែល​រឹង​ក៏​អាច​ច្នៃ​ជា​ប្រយោជន៍​សម្រាប់​ធ្វើ​កង់​រទេះ​ឱ្យ​ក្មេង​អូស​លេង​ បង្កើត​ការ​សប្បាយ​មិន​រំខាន​ចំពោះ​ឪពុក​ម្ដាយ​ដែរ​ ​ហើយ​គ្រាប់​ដែល​រឹង​នោះ​បើ​មាន​ដុះ​សាច់​ជា​ពន្លក់​ គេ​អាច​ពុះ​យក​ទៅ​ទទួលទាន​បាន​ទៀត​ (ក្រពីង​ត្នោត​) ។

ស្លឹក​ត្នោត ​អ្នកស្រុក​បាន​ច្នៃ​ជា​ឧបករណ៍​ ​និង​ប្រដាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​យ៉ាងច្រើន​ប្រភេទ​ ​ដូច​ជា ​កន្ទេល ​ស្លឹកកណ្ដប​សម្រាប់​ប្រក់​ជញ្ជាំង​ផ្ទះ​ ​មួក​ ​ផ្លិត​ ​ស្មុ​ក​ ​ហើយ​ស្លឹក​ពេល​ខ្លះ ​ពេល​កូន​យំ​ក៏​អាច​ច្នៃ​ធ្វើ​ប៉ី​ឱ្យ​ក្មេង​ផ្លុំ​លេង​យ៉ាង​សប្បាយ​ជក់​ចិត្ដ​ ​និង​ឫស​របស់​វា​ត្រូវ​បាន​គេ​ផ្សំ​សម្រាប់​ធ្វើ​ជា​ថ្នាំ​សម្រាប់​ព្យាបាល​រោគ​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​ទៀត​ផង ។​ ​ចំណែក​ផ្កា​ដែល​ងាប់​ធ្លាក់​មក​ដី​ត្រូវ​គេ​រើស​ទៅ​ដុត​ចម្អិន​អាហារ​ ​រីឯ​ធាង​ឬ​គៀវ​ គេ​យក​ទៅ​ច្នៃ​ធ្វើ​អម្បោស​សម្អាត​ផ្ទះសម្បែង​ វេញ​ធ្វើ​ខ្សែ​សម្រាប់​ចង​គោ​-ក្របី​ ​សង្រែក​ ​ហើយ​ដើម​របស់​វា​កាន់​តែ​មាន​ប្រយោជន៍​ ត្រូវ​គេ​ពុះ​ជ្រៀក​សម្រាប់​យក​ទៅ​ធ្វើ​ជា​គ្រឿង​សម្រាប់​ធ្វើ​ផ្ទះ​ ​ឬ​រោង​គោ​-ក្របី​ ​ផ្នែក​ដែល​ខ្លឹម​ធ្វើ​ទូក​សម្រាប់​ឆ្លង​ឬ​សម្រាប់​នេសាទ​ ​ពេល​ខ្លះ​គេ​អាច​ច្នៃ​ធ្វើ​ស្គរ​ លូ​សម្រាប់​បង្ហូរទឹក​ក៏​មាន​ដែរ​ ​វា​អាស្រ័យ​លើ​ចំណេះដឹង​របស់​អ្នកស្រុក​ ​និង​ចំណង់​ចំណូល​ចិត្ដ ។​ ​ដោយសារ​តែ​រុក្ខជាតិ​ត្នោត​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ដែល​មនុស្ស​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ ​ហើយ​ដើម​ត្នោត​មាន​ចរិត​តំណាង​ឱ្យ​ភូមិសាស្ដ្រ​ ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ ​និង​នេសាទ​ បាន​ដាំ​ដើម​ត្នោត​ដោយ​ចាប់​ផ្ដើម​ពី​ខេត្ដ​តាកែវ​ ​និង​បន្ដ​ដាំ​តាម​បណ្ដា​ព្រំដែន​ទាំងអស់​ទុកជា​បង្គោល​ព្រំដែន​ ​ដែល​បញ្ជាក់​ថា​ ​ទីណា​មាន​ដើម​ត្នោត​ ​ទីនោះ​ជា​ទឹកដី​ខ្មែរ ។​ ​លើស​ពី​នេះ​ទៀត​កវីនិពន្ធ​បាន​តែង​ជា​បទ​ចម្រៀង​អួត​សរសើរ​ពី​អត្ថប្រយោជន៍​នៃ​ដើម​ត្នោត​យ៉ាង​ពិរោះ​ជក់ចិត្ដ​ ​ចំណែកឯ​វិចិត្រករ​ក្នុង​ផ្ទាំងគំនូរ​ដែល​បង្ហាញ​ពី​ទេសភាព​ស្រុកស្រែ​ ​គេ​មិន​ដែល​ភ្លេច​ពី​ដើម​ត្នោត​នោះ​ទេ​ ​សូ​ម្បី​តែ​នៅ​បរិវេណ​ប្រាសាទ​អង្គរវត្ដ​ក៏​មាន​ដើម​ត្នោត​ដុះ​បង្អួត​ភ្ញៀវ​ទេសចរ​ផង​ដែរ ។​ ​ក្រៅពី​ដើម​ត្នោត​ ​ប្រទេស​កម្ពុជា​មាន​ដើម​រុក្ខជាតិ​ជា​ច្រើន​ប្រភេទ​ដែល​ដុះ​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​ ​ផ្ដល់​ផ្លែផ្កា​ ​ស្លឹក​សម្រាប់​ទទួលទាន​ ​និង​ប្រើប្រាស់​ព្រមទាំង​បាន​ផ្ដល់​សោភ័ណភាព​គួរ​ឱ្យ​ចាប់អារម្មណ៍​ទៀត​ផង ៕

ដើម​ត្នោត​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត

ដើម​ត្នោត​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត

ដើម​ត្នោត​នៅ​ក្នុង​ភូមិ

ដើម​ត្នោត​នៅ​ក្នុង​ភូមិ

ដើម​ត្នោត​ដុះ​នៅ​គុម្ពោត​ព្រៃ​ក្បែរ​ភូមិ

ដើម​ត្នោត​ដុះ​នៅ​គុម្ពោត​ព្រៃ​ក្បែរ​ភូមិ

 

Comments »

The URI to TrackBack this entry is: http://choukhmer.blogsome.com/2009/02/13/tnot/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve