Chouk Khmer

February 12, 2009

ភាពខ្ពង់ខ្ពស់របស់ជនជាតិខ្មែរ

ជន​ជាតិ​​ខ្មែរ​​ជា​​ជាតិ​​សាសន៍​​មាន​​អារ្យធម៌​​ខ្ពង់​ខ្ពស់​​ឬ​​ជា​​តួ​ឯក​​នៃ​​អារ្យធម៌​​ចាស់​​ជាង​គេ​​ក្នុង​​តំបន់​

ខ្មែរ​ មាន​ន័យ​ថា​ មនុស្ស​មាន​សេចក្ដី​ក្សេម​ចូល​ចិត្ដ​បង្កបង្កើន​មិន​ឈប់​ឈរ​នូវ​ទ្រព្យសម្បត្ដិ​ជា​ប្រយោជន៍​សង្គម​ ដើម្បី​ភាព​សុខដុមរមនា​នៃ​មនុស្ស​ខ្មែរ ។ ខ្មែរ​ជា​ជាតិ​សាសន៍​មួយ​មាន​អារ្យធម៌​ខ្ពង់ខ្ពស់​ ​ឬ​ជា​តួឯក​នៃ​អារ្យធម៌​ចាស់​ជាងគេ​ក្នុង​តំបន់​ ដោយ​មាន​ភស្ដុ​តាង​ជា​សម្បត្ដិ​វប្បធម៌​ ​និង​សមិទ្ធផល​សង្គម​ ​បន្ដ​ទុក​ជូន​កូន​ខ្មែរ​ជំនាន់​ក្រោយ​សម្រាប់​ជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​អភិវឌ្ឍន៍​សង្គម ។

អារ្យធម៌​ជា​របៀប​រស់នៅ​ថ្លៃថ្នូរ​របស់​មនុស្ស​មាន​វប្បធម៌​រីក​ចម្រើន​នៅ​ក្នុង​ទីក្រុង​ ឬ​ក្នុង​សង្គម​គ្រប់គ្រង​ដោយ​រដ្ឋ​ និង​ច្បាប់​អាច​និយាយ​ថា​ ជា​ដំណាក់កាល​រីក​ចម្រើន​ខ្ពស់​នៃ​វប្បធម៌​ ​និង​សង្គម ។ មនុស្ស​មាន​អារ្យធម៌​គេ​ហៅ​ថា​ អារ្យជន​ ​ឬ​អ្នកក្រុង​ ខ្មែរ​ហៅ​ថា​ អ្នកស្រុក ។ មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​មាន​វប្បធម៌ ប៉ុន្ដែ​មិន​មែន​ជា​អារ្យជន​ទាំងអស់​គ្នា​ឡើយ ព្រោះ​អារ្យជន ឬ​អ្នកស្រុក​ ​ជា​មនុស្ស​រស់នៅ​ថ្លៃថ្នូរ​គោរព​ច្បាប់​ ​មាន​សីលធម៌​ ​គុណធម៌​ ​អភិវឌ្ឍ​សមត្ថភាព​មិន​ឈប់​ឈរ​ តាម​សម័យកាល​ ប្រកប​មុខរបរ​ស្របច្បាប់​ ​គាំទ្រ​ ​និង​ស្រឡាញ់​ការ​បង្កបង្កើន​ទ្រព្យសម្បត្ដិ​ជូន​សង្គម ។

នា​សតវត្ស​ទី​១​នៃ​គ្រិស្ដសករាជ​ អ្នកស្រុក​ខ្មែរ​បាន​បង្កើត​រដ្ឋ​ក្នុង​តំបន់​គឺ​រដ្ឋ​“នគរ​ភ្នំ” ដែល​ចិន​ហៅ​ថា​ ហ្វ៊ូណន​ ធ្វើ​ឱ្យ​អារ្យធម៌​ខ្មែរ​ផុស​ឡើង​មុនគេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ គឺ​មុន​រដ្ឋ​ចម្ប៉ា​របស់​ចាម​ដែល​កើត​នា​សតវត្ស​ទី​២​ ​និង​រលាយ​ទៅ​វិញ​នា​សតវត្ស​ទី​១១​ ​រដ្ឋ​ឥណ្ឌូនេស៊ី​រជ្ជកាល​សៃឡិនដ្រា​ស​ ​កើត​នា​សតវត្ស​ទី​៨​ ​ឯ​រដ្ឋ​ដំបូង​របស់​សៀម​ ​គឺ​សុខោទ័យ​ ​ទើប​កើត​នា​គ.ស​ ១២៣៨ ។​ អារ្យធម៌​នគរ​ភ្នំ​ជា​បុព្វហេតុ​បង្ក​ការ​រីក​ចម្រើន​ខ្ពស់​បំផុត​នៃ​អារ្យធម៌​សម័យ​អង្គរ​ (គ្រិស្ដសករាជ ​៨០២-១៤៣១) និង​បន្ដ​កេរដំណែល​ជា​សម្បត្ដិ​វប្បធម៌ ​និង​សមិទ្ធផល​សង្គម​សម្រាប់​បច្ចុប្បន្នកាល ។ អារ្យធម៌​ខ្មែរ​សម័យ​អង្គរ​មាន​ទីក្រុង​ដ៏​ប្រណីត​លម្អ​ដោយ​ប្រាង្គ​ប្រាសាទ​ល្អ​វិចិត្រ​យ៉ាងច្រើន​ ដូច​ជា​ ​ប្រាសាទអង្គរវត្ដ​ ​ប្រាសាទបាយ័ន ។ល។ ដែល​ជា​ស្នាដៃ​ខាង​សិល្បៈ​ស្ថាបត្យកម្ម​ ​និង​មាន​ប្រជាជន​ប្រមាណ​១​លាន​នាក់​រស់​នៅ​ក្នុង​ក្រុង​អង្គរ​ដែល​ជា​ក្រុង​ធំ​ជាង​ទីក្រុង​ជា​ច្រើន​នៅ​ទ្វីបអឺរ៉ុប​នា​សម័យ​កាល​នោះ ។

សម្បត្ដិ​វប្បធម៌​ ​និង​សមិទ្ធផល​សង្គម​

ចូរ​យើង​ក្រឡេក​មើល​សម្បត្ដិ​វប្បធម៌​ខ្មែរ​ ​និង​សមិទ្ធផល​សង្គម​សំខាន់ៗ​ដែល​បាន​បង្កើត​ឡើង​តាំងពី​កកើត​វប្បធម៌​ខ្មែរ​គឺ ៖

១-បុព្វការី​ខ្មែរ​បាន​បង្កើត​អក្សរ​ខ្មែរ​នា​គ.ស​ ៦១១​ ​មាន​ភស្ដុ​តាង​ជា​សិលាចារឹក​អង្គរបុរី​ ​គ.ស ​៦០០​ ​ដើម្បី​កត់ត្រា​ទុក​ដំណើរ​បុព្វហេតុ​ ​និង​ប្រវត្ដិសាស្ដ្រ​ព្រមទាំង​ធ្វើ​ជា​យាន​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ខ្មែរ ។ ប្រសិនបើ​ប្រៀប​ជាមួយ​អក្សរ​សៀម​ ​អក្សរ​ខ្មែរ​មាន​អាយុ​ចាស់​ជាង​៧០០​ឆ្នាំ​ ​ព្រោះ​អក្សរ​សៀម​ទើប​កើតឡើង​ក្នុង​រជ្ជកាល​ស្ដេច ​រាម​កំហែង ​រវាង​គ.ស ​១២៧៩​-១៣១៧ ។ ការ​បង្កើត​អក្សរ​ខ្មែរ​មាន​អត្ថន័យ​ជា​ប្រវត្ដិសាស្ដ្រ​ចំពោះ​ខ្មែរ​គ្រប់​គ្នា ​ព្រោះ​អក្សរ​ខ្មែរ​នេះ​ហើយ​ជា​កត្ដា​សំខាន់​បំផុត​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​មនុស្ស​ខ្មែរ​ឱ្យ​មាន​ចំណេះ​ជ្រៅ​ជ្រះ​ ​ទើប​ខ្មែរ​ជំនាន់​ដើម​តែង​គោរព​អក្សរ​ខ្មែរ​ជា​វត្ថុ​សក្ការៈ ។ ផ្នែក​អក្សរសាស្ដ្រ​ខ្មែរ​មាន​ស្នាដៃ​ជា​សិលាចារឹក​ប្រមាណ​ ១១៥០​ ផ្ទាំង​ ​សាស្ដ្រា​ស្លឹករឹត​ជា​ច្រើន​នៅ​តាម​វត្ដ​អារាម​ វចនានុក្រម​ខ្មែរ​សម្ដេច​សង្ឃរាជ​ ជួន​ ​ណាត​ ​ស្នាដៃ​អក្សរសិល្ប៍​ទាំងឡាយ ​ដូច​ជា ​រឿង​រាមកេរ្ដិ៍​ខ្មែរ​ ​ក្រុងសុភមិត្រ​ ​ចៅ​ស្រទប​ចេក​ ​មរណៈ​មាតា​ ​សព្វសិទ្ធ​ ​កាកី​ ​ទុំទាវ​ ​ច្បាប់​រាជនេតិ​ ​និង​ច្បាប់​ផ្សេងៗ​ទៀត ។ល។

២-ផ្នែក​សិល្បៈ​ស្ថាបត្យកម្ម​ ខ្មែរ​ស្ថាបនា​ស្ពាន​ថ្ម​បុរាណ​ ​ប្រាង្គ​ប្រាសាទ​ល្អ​វិចិត្រ​នានា​ពេញ​ផ្ទៃ​ប្រទេស​មាន​ប្រាសាទ​ភ្នំដា​ ​សម្បូរ​ព្រៃ​គុក​ ​ស្ពាន​កំពង់ក្ដី​ ​ប្រាសាទ​អង្គរវត្ដ​ ​បាយ័ន​ ​ព្រះវិហារ​ ​បន្ទាយឆ្មារ ។ល។ ហើយ​ដោយ​សារ​សម្បត្ដិ​វប្បធម៌​ជា​ប្រាង្គ​ប្រាសាទ​ទាំងនោះ​ហើយ​ធ្វើ​ឱ្យ​អារ្យធម៌​ខ្មែរ​កាន់តែ​ល្បី​រន្ទឺ​លើ​សកលលោក​ ទាក់ទាញ​អ្នកទេសចរ​រាប់​លាន​នាក់​ឱ្យមក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ ​បង្កបង្កើត​ការងារ​ជូន​កូន​ខ្មែរ​ ​និង​ផ្ដល់​ប្រាក់​ចំណូល​រដ្ឋ​នា​បច្ចុប្បន្ន ។

៣-អារ្យជន​ខ្មែរ​មាន​ជំនឿ​គោរព​អ្នកតា​ គោរព​ព្រហ្មញ្ញសាសនា​ ​គោរព​ធម៌​ព្រះពុទ្ធ​ ​គឺ​“លទ្ធិ​កម្មផល”​និង​បាន​បង្កើត​ប្រពៃណី​ទំនៀមទម្លាប់​ដែល​ជា​ច្បាប់​ល្អ​ត្រឹមត្រូវ​សម្រាប់​ខ្មែរ​រស់នៅ​គោរព​តាម​ ​និង​ដោះស្រាយ​បញ្ហា​តាម​ច្បាប់ ។ ប្រពៃណី​គោរព​មេបា​ ​និង​ស្ដ្រី​ជា​ធំ​នាំ​ឱ្យ​អ្នកស្រុក​មាន​សុជីវធម៌​ ​សេចក្ដី​ថ្លៃថ្នូរ​ ​គោរព​ចាស់ទុំ​ ​ម៉ែ​ឪ​ ​គ្រូបាធ្យាយ​ ​ញ៉ាំង​សង្គម​ខ្មែរ​មាន​ភាព​សុខដុមរមនា ។ ពិធី​អាពាហ៍ពិពាហ៍​ព្រះថោង​តោង​ស្បៃ​នាងនាគ​ ​ជា​ច្បាប់​គោល​របស់​ខ្មែរ​បង្ក​ឱ្យ​យុវជន​យុវតី​ខ្មែរ​ក្លាយជា​អារ្យជន​ចៀស​ផុត​ពី​ការ​លួច​ស្រឡាញ់​គ្នា​តាម​បែប​អនារ្យជន​ ដូច​ពាក្យចាស់​លោក​ថា​ ខូច​គ្នា​ក្នុង​គុម្ព​ចេក​ ​គុម្ព​អំពៅ ។ ច្បាប់​ក្នុង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ​និង​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា​ធ្វើ​ឱ្យ​ខ្មែរ​ក្លាយជា​អារ្យជន​ ចេះ​គោរព​សំពះ​គ្នា​ ​ចេះ​ជួយ​សាមគ្គី​គ្នា​ ​ឧស្សាហ៍​ព្យាយាម​ខិតខំ​ធ្វើការ​ និង​ប្រកប​ការងារ​តាម​សម្មាអាជីវោ ។ សេចក្ដី​បញ្ជាក់​ថា​មនុស្ស​ខ្មែរ​ល្អ​ ​គឺ​យោង​តាម​លោក​ ប៉ូល​ ប៉េលីយ៉ូ​ ​ជនជាតិ​បារាំង​ បាន​សរសេរ​អត្ថបទ​ចំណងជើង​ហ្វ៊ូណន​ ចុះ​ក្នុង​ព្រឹត្ដិប័ត្រ​សាលា​បារាំង​ចុង​បូព៌ា​នា​ឆ្នាំ​ ១៩០៣​ ថា​ ​“អ្នកស្រុក​ហ្វ៊ូ​ណ​ន​មាន​ឬកពា​ល្អ​ ​និង​មិន​ចូល​ចិត្ដ​ឈ្លោះ​គ្នា​ឡើយ” ។

៤-អារ្យជន​ខ្មែរ​បង្កបង្កើត​នូវ​ស្នាដៃ​ច្រើន​អនេក​ខាង​ផ្នែក​សិល្បៈ​ ដូច​ជា ​របាំ​ក្បាច់​បុរាណ​ ​ស្បែក​ធំ​ ​របាំ​ប្រជាប្រិយ​ ​បទ​ភ្លេង​បុរាណ ​ប្រពៃណី​….។ល។ ហើយ​របាំ​ព្រះរាជ​ទ្រព្យ​ ​និង​ស្បែក​ធំ​សព្វថ្ងៃ​ បាន​ក្លាយជា​សម្បត្ដិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ ។

៥-នា​សតវត្សរ៍​ទី​២០​កន្លង​ទៅ ​ខ្មែរ​យើង​បាន​បង្កបង្កើត​ស្នាដៃ​ថ្មី​ខាង​អក្សរសិល្ប៍​មាន រឿង​កូឡាប​ប៉ៃលិន​ ​ផ្កា​ស្រពោន​ ​សូផាត​….ស្នាដៃ​ខាង​ភាពយន្ដ​ រឿង​លា​ហើយ​ដួងតារា​ ​កង​កែវ​កង​កម្ម​ ​ស្នាដៃ​ថ្មី​ខាង​ចម្រៀង​តូរ្យតន្ដ្រី​សម័យ​ គឺ​បទ​ចំប៉ា​បាត់ដំបង​ ​ក្រុងកែប​ ​លលក​ញី​ឈ្មោល​ ​បុប្ឆា​អង្គរ​ ​ចំប៉ី​សៀមរាប​ ​កំពង់ធំ​ជំរំ​ចិត្ដ​ ​រំដួល​ក្រចេះ ។​ល​។​ ​យើង​សម្គាល់​ឃើញ​ថា​ សិល្បករ​ខ្មែរ​ជា​អារ្យជន​និយម​ច្រៀង​ត្រឹមត្រូវ​ មិន​កែប្រែ​នូវ​ចម្រៀង​បុរាណ​ ​និង​ប្រពៃណី​ ​ហើយ​មិន​និយម​ច្រៀង​បទ​ចម្រៀង​សម័យ​របស់​គេ​ទេ​ ​តែ​ចូល​ចិត្ដ​បទ​ចម្រៀង​ស្របច្បាប់​ដែល​បង្កបង្កើត​តែង​និពន្ធ​ថ្មី ។

៦-សព្វថ្ងៃ​នេះ​រាល់​សកម្មភាព​ក្នុង​សង្គម​ខ្មែរ​ កំពុង​បន្ដ​ពង្រឹង​អារ្យធម៌​ខ្មែរ​ឱ្យ​កាន់​តែ​ខ្ពង់ខ្ពស់​ថែម​ទៀត​ តាម​រយៈ​ការ​បង្កើត​ច្បាប់​ជា​ច្រើន​សម្រាប់​អភិរក្ស​ ​អភិវឌ្ឍ​វប្បធម៌​ជាតិ​ ​និង​គ្រប់គ្រង​សង្គម​ ​ព្រមទាំង​បាន​បង្កើត​សមិទ្ធិ​ថ្មីៗ​មិន​ឈប់​ឈរ​ជា​ប្រយោជន៍​សាធារណៈ​ ដូចជា ​ស្ថាបនា​ស្ពាន​កំពង់ចាម​ ​ទន្លេ​បិទ​ ​ស្ពាន​ស្ទឹ​ត្រែង​ ​ផ្លូវ​គមនាគមន៍​ជា​ច្រើន​ខ្សែ​ ​សាលារៀន​ ​វិមាន​ថ្មី​នៃ​រដ្ឋសភា​….. ប្រព័ន្ធ​ស្រោចស្រព​នៅ​ស្រុក​កណ្ដាលស្ទឹង​ ​ខេត្ដកណ្ដាល ។ល។

បន្ដ​អភិវឌ្ឍ​វប្បធម៌​ខ្មែរ​ ​ដើម្បី​ពង្រឹង​នីតិរដ្ឋ​

ធនធាន​មនុស្ស​ជា​កត្ដា​សំខាន់​សម្រាប់​សម្រេច​នូវ​កិច្ចការ​អភិវឌ្ឍ​វប្បធម៌​ ​និង​ពង្រឹង​នីតិរដ្ឋ​ ព្រោះ​បើ​ខ្វះ​ធនធាន​មនុស្ស​ សង្គម​ជាតិ​នឹង​ប្រែ​ក្លាយ​ទៅ​ជា​ប្រទេស​ប្រើប្រាស់​ផលិតផល​វប្បធម៌​បរទេស​ទាំងស្រុង ។ ខ្វះ​ធនធាន​មនុស្ស​នឹង​គ្មាន​ការ​តាក់តែង​ច្បាប់​ថ្មីៗ ​គ្មាន​ការ​បង្កើត​សមិទ្ធផល​ថ្មី​សម្រាប់​បម្រើ​ផលប្រយោជន៍​តាម​សភាពការណ៍​រីក​ចម្រើន​ ​ហើយនឹង​កើត​មាន​បាតុភាព​មិន​គោរព​ច្បាប់​រដ្ឋ​ សម្បត្ដិ​វប្បធម៌​នឹង​ត្រូវ​ទុក​ចោល​ដោយ​មិន​ធ្វើ​អាជីវកម្ម​ទាញ​យក​ផល​ ​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ ​និង​ថែម​ទាំង​កើត​មាន​និន្នាការ​មើល​ស្រាល​វប្បធម៌​ប្រពៃណី​ជាតិ​ទៀត​ផង ។ ហេតុនេះ​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ជា​ភារកិច្ច​ដែល​ត្រូវ​អនុវត្ដ​ជាបន្ទាន់​ដោយ​បណ្ដុះ​នូវ​សីលធម៌​ គុណធម៌​ ​និង​ចំណេះដឹង​អំពី​វប្បធម៌​ជាតិ​ ​គួប​ផ្សំ​នឹង​វប្បធម៌​ពី​ខាងក្រៅ​គឺ​វិទ្យាសាស្ដ្រ​បច្ចេកទេស​ថ្មី ។

យោល​ទៅ​លើ​សារ​ប្រយោជន៍​នៃ​កត្ដា​មនុស្ស​ ​និង​ធនធាន​វប្បធម៌​ដែល​មាន​ស្រាប់​របស់​កម្ពុជា​ យើង​មាន​សង្ឃឹម​ថា​កិច្ចការ​អភិរក្ស​ ​និង​អភិវឌ្ឍ​វប្បធម៌​ជាតិ​នា​ពេល​អនាគត​ ​ពិតជា​ធ្វើ​ឱ្យ​អារ្យធម៌​ខ្មែរ​ចម្រើន​ថែម​ទៀត​នា​សម័យ​ទំនើប​នេះ​ ជា​គោលដៅ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រសិល្បៈ​ ​បំពេញ​កិច្ចការ​អភិវឌ្ឍ​វប្បធម៌​ខ្មែរ​ ​ដោយ​ប្រែក្លាយ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ តាម​រយៈ​ការ​បណ្ដុះ​កូន​ខ្មែរ​ឱ្យ​មាន​សីលធម៌​ ​គុណធម៌​ ​សម្រាប់​ប្រព្រឹត្ដ​សេចក្ដី​ថ្លៃថ្នូរ​តាម​គំរូ​បុព្វការី​ជា​អារ្យជន​ ​គឺ​គោរព​តាម​ប្រពៃណី​ទំនៀមទម្លាប់​ល្អ​របស់​ជាតិ​គោរព​ច្បាប់​រដ្ឋ​ ​គោរព​ព្រះពុទ្ធ​សាសនា​ ​និង​ខិតខំ​បង្កើន​ថ្មី​នូវ​ស្នាដៃ​វប្បធម៌​ ​ដើម្បី​បង្កើត​ជា​ផលិតផល​វប្បធម៌ ។ ​ប្រែក្លាយ​តំបន់​ប្រាសាទ​បុរាណ​ជា​រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌​ ​ដោយ​ផ្ដើម​បើក​តំបន់​ប្រាសាទ​សម្បូរព្រៃគុក​ ​និង​ប្រាសាទបន្ទាយឆ្មារ​ ​ជា​រមណីដ្ឋា​ន​វប្បធម៌ ។ វិស័យ​ច្បាប់​គឺ​​ដឹកនាំ​ការ​អនុវត្ដ​ច្បាប់​ ​កិច្ច​ការពារ​បេតិកភណ្ឌ​វប្បធម៌​ ​និង​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ​ ​និង​សិទ្ធិ​ប្រហាក់​ប្រហែល ​ព្រមទាំង​មាន​វិធាន​ច្បាប់​ ​ទើប​បេតិកភណ្ឌ​វប្បធម៌​នៅ​គង់​វង់​ ហើយ​ស្នាដៃ​ថ្មី​ជា​ផលិតផល​វប្បធម៌​ខ្មែរ​ ​នឹង​បម្រើ​បាន​នូវ​សេចក្ដី​ត្រូវការ​របស់​សង្គម​ខ្មែរ ។

ក្នុង​ប្រវត្ដិសាស្ដ្រ​ វប្បធម៌​ខ្មែរ​ជា​កត្ដា​កំណត់​អភិវឌ្ឍ​សង្គម​ខ្មែរ​ ​ជា​សង្គម​មាន​អារ្យធម៌​នា​សម័យ​សកលភាវូបនីកម្ម​ វប្បធម៌​ខ្មែរ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​អារ្យធម៌​សម័យ​ទំនើប ។

សារព័ត៌មាន​កោះសន្ដិភាព​ ​ថ្ងៃ​ទី​១១​ ​ខែកុម្ភៈ​ ​ឆ្នាំ​២០០៩​

 

ប្រាសាទ​អង្គរវត្ត មើល​ពី​កំពូល​ភ្នំ​បាខែង

ទិដ្ឋភាព​ប្រាសាទ​បាយ័ន​នៅ​រដូវ​វស្សា

 

Comments »

The URI to TrackBack this entry is: http://choukhmer.blogsome.com/2009/02/12/prime-khmer-culture/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve