ភាពខ្ពង់ខ្ពស់របស់ជនជាតិខ្មែរ
ជនជាតិខ្មែរជាជាតិសាសន៍មានអារ្យធម៌ខ្ពង់ខ្ពស់ឬជាតួឯកនៃអារ្យធម៌ចាស់ជាងគេក្នុងតំបន់
ខ្មែរ មានន័យថា មនុស្សមានសេចក្ដីក្សេមចូលចិត្ដបង្កបង្កើនមិនឈប់ឈរនូវទ្រព្យសម្បត្ដិជាប្រយោជន៍សង្គម ដើម្បីភាពសុខដុមរមនានៃមនុស្សខ្មែរ ។ ខ្មែរជាជាតិសាសន៍មួយមានអារ្យធម៌ខ្ពង់ខ្ពស់ ឬជាតួឯកនៃអារ្យធម៌ចាស់ជាងគេក្នុងតំបន់ ដោយមានភស្ដុតាងជាសម្បត្ដិវប្បធម៌ និងសមិទ្ធផលសង្គម បន្ដទុកជូនកូនខ្មែរជំនាន់ក្រោយសម្រាប់ជាមូលដ្ឋានគ្រឹះដើម្បីអភិវឌ្ឍន៍សង្គម ។
អារ្យធម៌ជារបៀបរស់នៅថ្លៃថ្នូររបស់មនុស្សមានវប្បធម៌រីកចម្រើននៅក្នុងទីក្រុង ឬក្នុងសង្គមគ្រប់គ្រងដោយរដ្ឋ និងច្បាប់អាចនិយាយថា ជាដំណាក់កាលរីកចម្រើនខ្ពស់នៃវប្បធម៌ និងសង្គម ។ មនុស្សមានអារ្យធម៌គេហៅថា អារ្យជន ឬអ្នកក្រុង ខ្មែរហៅថា អ្នកស្រុក ។ មនុស្សគ្រប់រូបសុទ្ធតែមានវប្បធម៌ ប៉ុន្ដែមិនមែនជាអារ្យជនទាំងអស់គ្នាឡើយ ព្រោះអារ្យជន ឬអ្នកស្រុក ជាមនុស្សរស់នៅថ្លៃថ្នូរគោរពច្បាប់ មានសីលធម៌ គុណធម៌ អភិវឌ្ឍសមត្ថភាពមិនឈប់ឈរ តាមសម័យកាល ប្រកបមុខរបរស្របច្បាប់ គាំទ្រ និងស្រឡាញ់ការបង្កបង្កើនទ្រព្យសម្បត្ដិជូនសង្គម ។
នាសតវត្សទី១នៃគ្រិស្ដសករាជ អ្នកស្រុកខ្មែរបានបង្កើតរដ្ឋក្នុងតំបន់គឺរដ្ឋ“នគរភ្នំ” ដែលចិនហៅថា ហ្វ៊ូណន ធ្វើឱ្យអារ្យធម៌ខ្មែរផុសឡើងមុនគេក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺមុនរដ្ឋចម្ប៉ារបស់ចាមដែលកើតនាសតវត្សទី២ និងរលាយទៅវិញនាសតវត្សទី១១ រដ្ឋឥណ្ឌូនេស៊ីរជ្ជកាលសៃឡិនដ្រាស កើតនាសតវត្សទី៨ ឯរដ្ឋដំបូងរបស់សៀម គឺសុខោទ័យ ទើបកើតនាគ.ស ១២៣៨ ។ អារ្យធម៌នគរភ្នំជាបុព្វហេតុបង្កការរីកចម្រើនខ្ពស់បំផុតនៃអារ្យធម៌សម័យអង្គរ (គ្រិស្ដសករាជ ៨០២-១៤៣១) និងបន្ដកេរដំណែលជាសម្បត្ដិវប្បធម៌ និងសមិទ្ធផលសង្គមសម្រាប់បច្ចុប្បន្នកាល ។ អារ្យធម៌ខ្មែរសម័យអង្គរមានទីក្រុងដ៏ប្រណីតលម្អដោយប្រាង្គប្រាសាទល្អវិចិត្រយ៉ាងច្រើន ដូចជា ប្រាសាទអង្គរវត្ដ ប្រាសាទបាយ័ន ។ល។ ដែលជាស្នាដៃខាងសិល្បៈស្ថាបត្យកម្ម និងមានប្រជាជនប្រមាណ១លាននាក់រស់នៅក្នុងក្រុងអង្គរដែលជាក្រុងធំជាងទីក្រុងជាច្រើននៅទ្វីបអឺរ៉ុបនាសម័យកាលនោះ ។
សម្បត្ដិវប្បធម៌ និងសមិទ្ធផលសង្គម
ចូរយើងក្រឡេកមើលសម្បត្ដិវប្បធម៌ខ្មែរ និងសមិទ្ធផលសង្គមសំខាន់ៗដែលបានបង្កើតឡើងតាំងពីកកើតវប្បធម៌ខ្មែរគឺ ៖
១-បុព្វការីខ្មែរបានបង្កើតអក្សរខ្មែរនាគ.ស ៦១១ មានភស្ដុតាងជាសិលាចារឹកអង្គរបុរី គ.ស ៦០០ ដើម្បីកត់ត្រាទុកដំណើរបុព្វហេតុ និងប្រវត្ដិសាស្ដ្រព្រមទាំងធ្វើជាយានសម្រាប់ការអភិវឌ្ឍសង្គមខ្មែរ ។ ប្រសិនបើប្រៀបជាមួយអក្សរសៀម អក្សរខ្មែរមានអាយុចាស់ជាង៧០០ឆ្នាំ ព្រោះអក្សរសៀមទើបកើតឡើងក្នុងរជ្ជកាលស្ដេច រាមកំហែង រវាងគ.ស ១២៧៩-១៣១៧ ។ ការបង្កើតអក្សរខ្មែរមានអត្ថន័យជាប្រវត្ដិសាស្ដ្រចំពោះខ្មែរគ្រប់គ្នា ព្រោះអក្សរខ្មែរនេះហើយជាកត្ដាសំខាន់បំផុតសម្រាប់អភិវឌ្ឍសមត្ថភាពមនុស្សខ្មែរឱ្យមានចំណេះជ្រៅជ្រះ ទើបខ្មែរជំនាន់ដើមតែងគោរពអក្សរខ្មែរជាវត្ថុសក្ការៈ ។ ផ្នែកអក្សរសាស្ដ្រខ្មែរមានស្នាដៃជាសិលាចារឹកប្រមាណ ១១៥០ ផ្ទាំង សាស្ដ្រាស្លឹករឹតជាច្រើននៅតាមវត្ដអារាម វចនានុក្រមខ្មែរសម្ដេចសង្ឃរាជ ជួន ណាត ស្នាដៃអក្សរសិល្ប៍ទាំងឡាយ ដូចជា រឿងរាមកេរ្ដិ៍ខ្មែរ ក្រុងសុភមិត្រ ចៅស្រទបចេក មរណៈមាតា សព្វសិទ្ធ កាកី ទុំទាវ ច្បាប់រាជនេតិ និងច្បាប់ផ្សេងៗទៀត ។ល។
២-ផ្នែកសិល្បៈស្ថាបត្យកម្ម ខ្មែរស្ថាបនាស្ពានថ្មបុរាណ ប្រាង្គប្រាសាទល្អវិចិត្រនានាពេញផ្ទៃប្រទេសមានប្រាសាទភ្នំដា សម្បូរព្រៃគុក ស្ពានកំពង់ក្ដី ប្រាសាទអង្គរវត្ដ បាយ័ន ព្រះវិហារ បន្ទាយឆ្មារ ។ល។ ហើយដោយសារសម្បត្ដិវប្បធម៌ជាប្រាង្គប្រាសាទទាំងនោះហើយធ្វើឱ្យអារ្យធម៌ខ្មែរកាន់តែល្បីរន្ទឺលើសកលលោក ទាក់ទាញអ្នកទេសចររាប់លាននាក់ឱ្យមកកាន់ព្រះរាជាណាចក្រកម្ពុជា បង្កបង្កើតការងារជូនកូនខ្មែរ និងផ្ដល់ប្រាក់ចំណូលរដ្ឋនាបច្ចុប្បន្ន ។
៣-អារ្យជនខ្មែរមានជំនឿគោរពអ្នកតា គោរពព្រហ្មញ្ញសាសនា គោរពធម៌ព្រះពុទ្ធ គឺ“លទ្ធិកម្មផល”និងបានបង្កើតប្រពៃណីទំនៀមទម្លាប់ដែលជាច្បាប់ល្អត្រឹមត្រូវសម្រាប់ខ្មែររស់នៅគោរពតាម និងដោះស្រាយបញ្ហាតាមច្បាប់ ។ ប្រពៃណីគោរពមេបា និងស្ដ្រីជាធំនាំឱ្យអ្នកស្រុកមានសុជីវធម៌ សេចក្ដីថ្លៃថ្នូរ គោរពចាស់ទុំ ម៉ែឪ គ្រូបាធ្យាយ ញ៉ាំងសង្គមខ្មែរមានភាពសុខដុមរមនា ។ ពិធីអាពាហ៍ពិពាហ៍ព្រះថោងតោងស្បៃនាងនាគ ជាច្បាប់គោលរបស់ខ្មែរបង្កឱ្យយុវជនយុវតីខ្មែរក្លាយជាអារ្យជនចៀសផុតពីការលួចស្រឡាញ់គ្នាតាមបែបអនារ្យជន ដូចពាក្យចាស់លោកថា ខូចគ្នាក្នុងគុម្ពចេក គុម្ពអំពៅ ។ ច្បាប់ក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរ និងជំនឿលើព្រះពុទ្ធសាសនាធ្វើឱ្យខ្មែរក្លាយជាអារ្យជន ចេះគោរពសំពះគ្នា ចេះជួយសាមគ្គីគ្នា ឧស្សាហ៍ព្យាយាមខិតខំធ្វើការ និងប្រកបការងារតាមសម្មាអាជីវោ ។ សេចក្ដីបញ្ជាក់ថាមនុស្សខ្មែរល្អ គឺយោងតាមលោក ប៉ូល ប៉េលីយ៉ូ ជនជាតិបារាំង បានសរសេរអត្ថបទចំណងជើងហ្វ៊ូណន ចុះក្នុងព្រឹត្ដិប័ត្រសាលាបារាំងចុងបូព៌ានាឆ្នាំ ១៩០៣ ថា “អ្នកស្រុកហ្វ៊ូណនមានឬកពាល្អ និងមិនចូលចិត្ដឈ្លោះគ្នាឡើយ” ។
៤-អារ្យជនខ្មែរបង្កបង្កើតនូវស្នាដៃច្រើនអនេកខាងផ្នែកសិល្បៈ ដូចជា របាំក្បាច់បុរាណ ស្បែកធំ របាំប្រជាប្រិយ បទភ្លេងបុរាណ ប្រពៃណី….។ល។ ហើយរបាំព្រះរាជទ្រព្យ និងស្បែកធំសព្វថ្ងៃ បានក្លាយជាសម្បត្ដិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។
៥-នាសតវត្សរ៍ទី២០កន្លងទៅ ខ្មែរយើងបានបង្កបង្កើតស្នាដៃថ្មីខាងអក្សរសិល្ប៍មាន រឿងកូឡាបប៉ៃលិន ផ្កាស្រពោន សូផាត….ស្នាដៃខាងភាពយន្ដ រឿងលាហើយដួងតារា កងកែវកងកម្ម ស្នាដៃថ្មីខាងចម្រៀងតូរ្យតន្ដ្រីសម័យ គឺបទចំប៉ាបាត់ដំបង ក្រុងកែប លលកញីឈ្មោល បុប្ឆាអង្គរ ចំប៉ីសៀមរាប កំពង់ធំជំរំចិត្ដ រំដួលក្រចេះ ។ល។ យើងសម្គាល់ឃើញថា សិល្បករខ្មែរជាអារ្យជននិយមច្រៀងត្រឹមត្រូវ មិនកែប្រែនូវចម្រៀងបុរាណ និងប្រពៃណី ហើយមិននិយមច្រៀងបទចម្រៀងសម័យរបស់គេទេ តែចូលចិត្ដបទចម្រៀងស្របច្បាប់ដែលបង្កបង្កើតតែងនិពន្ធថ្មី ។
៦-សព្វថ្ងៃនេះរាល់សកម្មភាពក្នុងសង្គមខ្មែរ កំពុងបន្ដពង្រឹងអារ្យធម៌ខ្មែរឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត តាមរយៈការបង្កើតច្បាប់ជាច្រើនសម្រាប់អភិរក្ស អភិវឌ្ឍវប្បធម៌ជាតិ និងគ្រប់គ្រងសង្គម ព្រមទាំងបានបង្កើតសមិទ្ធិថ្មីៗមិនឈប់ឈរជាប្រយោជន៍សាធារណៈ ដូចជា ស្ថាបនាស្ពានកំពង់ចាម ទន្លេបិទ ស្ពានស្ទឹត្រែង ផ្លូវគមនាគមន៍ជាច្រើនខ្សែ សាលារៀន វិមានថ្មីនៃរដ្ឋសភា….. ប្រព័ន្ធស្រោចស្រពនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ។ល។
បន្ដអភិវឌ្ឍវប្បធម៌ខ្មែរ ដើម្បីពង្រឹងនីតិរដ្ឋ
ធនធានមនុស្សជាកត្ដាសំខាន់សម្រាប់សម្រេចនូវកិច្ចការអភិវឌ្ឍវប្បធម៌ និងពង្រឹងនីតិរដ្ឋ ព្រោះបើខ្វះធនធានមនុស្ស សង្គមជាតិនឹងប្រែក្លាយទៅជាប្រទេសប្រើប្រាស់ផលិតផលវប្បធម៌បរទេសទាំងស្រុង ។ ខ្វះធនធានមនុស្សនឹងគ្មានការតាក់តែងច្បាប់ថ្មីៗ គ្មានការបង្កើតសមិទ្ធផលថ្មីសម្រាប់បម្រើផលប្រយោជន៍តាមសភាពការណ៍រីកចម្រើន ហើយនឹងកើតមានបាតុភាពមិនគោរពច្បាប់រដ្ឋ សម្បត្ដិវប្បធម៌នឹងត្រូវទុកចោលដោយមិនធ្វើអាជីវកម្មទាញយកផល ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងថែមទាំងកើតមាននិន្នាការមើលស្រាលវប្បធម៌ប្រពៃណីជាតិទៀតផង ។ ហេតុនេះការអភិវឌ្ឍន៍ធនធានមនុស្សជាភារកិច្ចដែលត្រូវអនុវត្ដជាបន្ទាន់ដោយបណ្ដុះនូវសីលធម៌ គុណធម៌ និងចំណេះដឹងអំពីវប្បធម៌ជាតិ គួបផ្សំនឹងវប្បធម៌ពីខាងក្រៅគឺវិទ្យាសាស្ដ្របច្ចេកទេសថ្មី ។
យោលទៅលើសារប្រយោជន៍នៃកត្ដាមនុស្ស និងធនធានវប្បធម៌ដែលមានស្រាប់របស់កម្ពុជា យើងមានសង្ឃឹមថាកិច្ចការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិនាពេលអនាគត ពិតជាធ្វើឱ្យអារ្យធម៌ខ្មែរចម្រើនថែមទៀតនាសម័យទំនើបនេះ ជាគោលដៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បំពេញកិច្ចការអភិវឌ្ឍវប្បធម៌ខ្មែរ ដោយប្រែក្លាយព្រះរាជាណាចក្រកម្ពុជាជាមជ្ឈមណ្ឌលផ្សព្វផ្សាយវប្បធម៌ខ្មែរ តាមរយៈការបណ្ដុះកូនខ្មែរឱ្យមានសីលធម៌ គុណធម៌ សម្រាប់ប្រព្រឹត្ដសេចក្ដីថ្លៃថ្នូរតាមគំរូបុព្វការីជាអារ្យជន គឺគោរពតាមប្រពៃណីទំនៀមទម្លាប់ល្អរបស់ជាតិគោរពច្បាប់រដ្ឋ គោរពព្រះពុទ្ធសាសនា និងខិតខំបង្កើនថ្មីនូវស្នាដៃវប្បធម៌ ដើម្បីបង្កើតជាផលិតផលវប្បធម៌ ។ ប្រែក្លាយតំបន់ប្រាសាទបុរាណជារមណីយដ្ឋានទេសចរណ៍វប្បធម៌ ដោយផ្ដើមបើកតំបន់ប្រាសាទសម្បូរព្រៃគុក និងប្រាសាទបន្ទាយឆ្មារ ជារមណីដ្ឋានវប្បធម៌ ។ វិស័យច្បាប់គឺដឹកនាំការអនុវត្ដច្បាប់ កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងមានវិធានច្បាប់ ទើបបេតិកភណ្ឌវប្បធម៌នៅគង់វង់ ហើយស្នាដៃថ្មីជាផលិតផលវប្បធម៌ខ្មែរ នឹងបម្រើបាននូវសេចក្ដីត្រូវការរបស់សង្គមខ្មែរ ។
ក្នុងប្រវត្ដិសាស្ដ្រ វប្បធម៌ខ្មែរជាកត្ដាកំណត់អភិវឌ្ឍសង្គមខ្មែរ ជាសង្គមមានអារ្យធម៌នាសម័យសកលភាវូបនីកម្ម វប្បធម៌ខ្មែរជាមូលដ្ឋានគ្រឹះនៃអារ្យធម៌សម័យទំនើប ។
សារព័ត៌មានកោះសន្ដិភាព ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៩

ប្រាសាទអង្គរវត្ត មើលពីកំពូលភ្នំបាខែង

ទិដ្ឋភាពប្រាសាទបាយ័ននៅរដូវវស្សា

