សៀមបិទកសិផលខ្មែរចូលៈ គួរប្រើវិធីមុតបន្លាយកបន្លាជោះ
ឧប្បត្ដិហេតុភាគីសៀមបិទព្រំដែនជាឯកតោភាគីមិនឱ្យកសិផលកម្ពុជានាំចូលទៅប្រទេសខ្លួនតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៩មកនោះ មន្ដ្រីនិងកសិករកម្ពុជាបានស្នើអាជ្ញាធរកម្ពុជាថាគួរប្រើវិធីមុតបន្លាយកបន្លាជោះ គឺបិទមិនឱ្យនាំកសិផលសៀមនាំចូលប្រទេសកម្ពុជាវិញដែរ ទើបភាគីទាំងពីរស្កាត់ជួបគ្នាចរចាដោះស្រាយបញ្ហា ។
លោកវរសេនីយ៍ ទឹម សារ៉េត អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-សៀមប្រាប់រស្មីកម្ពុជានៅថ្ងៃទី៤ កុម្ភៈ ថា រឿងទីផ្សារកសិផលឬទំនិញផ្សេងទៀតរវាងកម្ពុជានិងសៀមយើងនិយាយគ្នាកោកៗថា នៅព្រំដែនត្រូវសហប្រតិបត្ដិការល្អនឹងគ្នាដើម្បីជីវភាព និងមិត្ដភាព ។ តែរឿងបិទច្រកនេះយើងនិយាយនឹងគេ(សៀម) តែគេអត់ធ្វើអ្វីល្អតបទេ ។
លោកបន្ដថា “ហេតុនេះបើគេបិទព្រំដែនមិនឱ្យកសិផលខ្មែរចូលទៅ យើងក៏គួរបិទមិនឱ្យទំនិញកសិផលសៀមចូលមកវិញដែរ ។ ចាំមើលបន្លែ ផ្លែឈើ ផ្កា….សៀមយកទៅចាក់ចោលឯណា” ។
ដោយឈឺឆ្អាលនឹងបញ្ហាកកស្ទះកសិផលរបស់កសិករកម្ពុជាមានស្រូវ ដំឡូង ពោតក្រហម នៅព្រំដែនកម្ពុជា-សៀមដែលសៀមបិទព្រំដែនជាឯកតោភាគីនោះ មន្ដ្រីរូបនេះបានស្នើដោយរបៀបមុតបន្លាយកបន្លាជោះបែបនេះ ។ ព្រោះថាការនិយាយគ្នាក្នុងប្រជុំកិច្ចសហប្រតិបត្ដិការថ្នាក់ភូមិភាគ ថ្នាក់ក្រុមលេខាភូមិភាគ និង ផ្នែកពាក់ព័ន្ធដទៃទៀតនៃភាគីទាំងពីរកន្លងមកពុំបានលទ្ធផលនិងមានប្រសិទ្ធភាពសោះ ។ កម្ពុជាចាញ់ប្រៀបសៀមរហូតមក ។
ដោយមិនគិតទំនិញគ្រប់មុខរបស់សៀមនាំមកកម្ពុជាតាមព្រំដែនគោក ព្រំដែនសមុទ្រ និងតាមយន្ដហោះនោះទំនិញកសិផលសៀមនាំមកកម្ពុជាគឺច្រើនជាងការនាំពីកម្ពុជាទៅវិញយ៉ាងច្រើនលើសលប់ ។ ពោលគឺគ្មានតុល្យភាពពាណិជ្ជកម្មទេ ។ សៀមចំណេញពីកម្ពុជាដ៏ច្រើនលើសលប់ ។
មន្ដ្រីកម្ពុជាថា “បើសៀមធ្វើអ្វីយើងមិនតវ៉ា ឬរកវិធីដោះស្រាយទេនោះ សៀមគេបានចិត្ដរហូត ។ ផ្លែឈើម្ហូបអាហាររបស់ប្រើប្រាស់នៅព្រំដែនគឺយើងទិញពីសៀមស្ទើរទាំងអស់” ។
ចំណែកលោកឧកញ៉ា អ៊ឹម ភាន់សុផល អភិបាលរងខេត្ដបន្ទាយមានជ័យប្រាប់រស្មីកម្ពុជានៅថ្ងៃដដែលថាករណីសៀមបិទព្រំដែនមិនឱ្យកសិផលកម្ពុជានាំចូលនោះ ជាល្បិចនៃជំនួញ គឺបើកាលណាគេចង់ឱ្យទំនិញយើងចុះថោកគេឱ្យប្រមូលទៅរួចគេមិនទិញ ។ តែនេះ អាចជាទីផ្សារកសិផលសៀមក្នុងស្រុករបស់គេឆ្អែតទើបគេមិនទិញពីយើងទៀត ។
លោកឧកញ៉ា អ៊ឹម ភាន់សុផល និយាយថា “យើងពុំអាចប្ដឹងតវ៉ានឹងគេបានពុំអាចចរចាបានទេព្រោះរឿងនេះពុំមែនជាកិច្ចសន្យាផ្លូវការរវាងឈ្មួញខ្មែរនិងឈ្មួញសៀមដោយលាយលក្ខណ៍អក្សរ និងដឹងឮពីសមត្ថកិច្ចរដ្ឋ” ។
ទោះយ៉ាងណាអភិបាលរងខេត្ដរូបនេះនិយាយថា យើងគិតគូរពីផលរបរនិងជីវភាពប្រជាពលរដ្ឋយើងក្នុងការរកទីផ្សារលក់កសិផល ។ តែបញ្ហានេះជាបទពិសោធន៍មួយរបស់កសិករនិងឈ្មួញយើងដែរលើទីផ្សារនេះ ។ ទោះយ៉ាងណាមន្ទីរពាណិជ្ជកម្ម សភាពាណិជ្ជកម្មអាចរកច្រកដោះស្រាយបញ្ហានេះ ។
លោក លី អ៊ុតនី ប្រធានសភាពាណិជ្ជកម្មបន្ទាយមានជ័យប្រាប់រស្មីកម្ពុជាដែរថា តាមពិតទៅសភាពាណិជ្ជកម្មបង្កើតមកនេះគ្មានសិទ្ធិអំណាចអ្វីទេ ។ យើងគ្មានទទួលបានថវិកាពីផ្នែកណាមួយសម្រាប់មកដោះស្រាយទីផ្សារផលិតផលប្រជាពលរដ្ឋរួមទាំងទទួលឥណទានពីផ្នែកណាសម្រាប់ទិញស្ដុកកសិផលកម្ពុជា ។
ទាក់ទិនដល់សម្ដីចង់បិទមិនឱ្យកសិផលសៀមនាំចូលមកកម្ពុជាលោកនិយាយថា រាជរដ្ឋាភិបាលយើងបានដឹងរឿងនេះហើយ(រឿងបិទកសិផលកម្ពុជានាំទៅសៀម)តែយើងពុំទាន់អាចថាបិទមិនឱ្យទំនិញកសិផលសៀមចូលមកវិញនោះទេ ព្រោះសេដ្ឋកិច្ច ពាណិជ្ជកម្ម និងពន្ធនាំចូលយើងមួយផ្នែកធំបានពីការនាំទំនិញពីសៀមនេះ ។ “បើបិទវាធ្វើឱ្យអាតូចខូចអាធំ” ។
ទោះយ៉ាងណាស្ដ្រីឈ្មោះ ហាក់ សុភា ជាអាជីវករទិញស្រូវធំម្នាក់នៅស្រុកអូរជ្រៅប្រាប់រស្មីកម្ពុជានៅល្ងាចថ្ងៃទី៤ កុម្ភៈថា បើសៀមនៅតែបិទមិនឱ្យស្រូវឬផលដំណាំដទៃទៀតដែលតិចតួចរបស់យើងចូលទៅទេ ហើយខាងព្រំដែនវៀតណាមក៏មិនទិញដែរ គឺយើងមានទីផ្សារឯណាលក់ ? ហេតុនេះសុំឱ្យរដ្ឋជួយអន្ដរាគមន៍ផង ។
អ្នកស្រី ហាក់ សុភា គាំទ្រពេញទំហឹងលើវិធានការ (បើអាចធ្វើបាន) គឺវិធីមុតបន្លាយកបន្លាជោះ ។ “នោះគឺកម្ពុជាយើងត្រូវបិទព្រំដែនកុំឱ្យផ្លែឈើ បន្លែ ផ្កា និងកសិផលសៀមដទៃនាំចូលមកកម្ពុជា ។ បើបិទយើងតូចទេ តែបើយើងបិទវិញគឺធំ ។ គេនឹងរត់មកសុំយើងវិញល្អជាង” ។
ទំនិញកសិផលកម្ពុជានាំទៅប្រទេសសៀមដូចជាស្រូវ ដំឡូងមី ពោតក្រហម ច្រើននាំចេញតាមច្រករបៀង (ច្រកមិនផ្លូវការ) តែត្រូវបង់លុយឱ្យកុងត្រូលជជុះច្រើនកន្លែងដូចជា ប៉ូលិសច្រើនជំនាញ ប៉េអឹម ទាហានច្រើនជំនាញ…..។ ដូចជា រថយន្ដធំកង់១០ (យីឌុប) ផ្ទុកស្រូវមួយគ្រឿងត្រូវបង់ឱ្យកុងត្រូលជជុះតាមផ្លូវនិងច្រករបៀងមិនតិចជាង២០ម៉ឺនរៀលទេ ។ នេះបើតាមឈ្មួញស្រូវនិងមន្ដ្រីតូចតាចនិយាយ ។
លោក ជួប អេន ប្រធានទីស្នាក់ការគយនិងរដ្ឋាករច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ប្រាប់រស្មីកម្ពុជានៅព្រលប់ថ្ងៃទី៤ ខែកុម្ភៈថា កន្លងមកពុំមានការណែនាំឬផែនការពីថ្នាក់លើថាហាមនាំស្រូវឬកសិផលខ្មែរទៅសៀមទេបើទោះជានាំចេញតែតាមច្រករបៀង (ច្រកខុសច្បាប់ក្ដី) ។ ដល់ពេលនេះសៀមបិទព្រំដែនមិនឱ្យនាំចូលទៅគេយើងក៏ពុំអាចធ្វើអីបានដែរ ។
ទាក់ទិនដល់វិធីមុតបន្លាយកបន្លាជោះ គឺបិទមិនឱ្យកសិផលសៀមនាំចូលមកកម្ពុជាវិញ ដើម្បីទូទាត់នឹងសៀមដែលធ្វើចំពោះកសិផលកម្ពុជាលោក ជួប អេន និយាយថា “បើថ្នាក់លើដាក់ផែនការឬណែនាំឱ្យបិទកសិផលសៀមនាំចូល គយយើងនឹងធ្វើតាមភ្លាម ។ តែបើគ្មានទេយើងអត់ហ៊ានធ្វើទេព្រោះខ្លាចទៅជាមានបញ្ហាទទួលខុសត្រូវ” ។
(អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០០៩)