វិធីសាស្ត្រកាត់បន្ថយការប្រើប្រាស់ទឹកលើផលិតកម្មស្រូវ
ការកាត់បន្ថយការប្រើប្រាស់ទឹកលើដំណាំស្រូវ
នៅភូមិភាគកណ្ដាលខាងត្បូងនៃសហរដ្ឋអាមេរិច
បើប្រៀបធៀបទៅនឹងដំណាំផ្សេងៗទៀតនៅភូមិភាគកណ្ដាលខាងត្បូងនៃសហរដ្ឋអាមេរិច ស្រូវគឺជាដំណាំដែលត្រូវការទឹកច្រើន ហើយទឹកមួយភាគធំគឺបូមចេញមកពីប្រភពទឹកក្រោមដី (Aquifers)មានជម្រៅរាក់ដែលកំពុងតែថយចុះបរិមាណតិចទៅៗ ។ បច្ចុប្បន្ន សេវាកម្មស្រាវជ្រាវកសិកម្ម (ARS) និងអ្នកវិទ្យាសាស្ត្រសហការកំពុងតែសិក្សាពីប្រព័ន្ធសាកល្បងមួយនៅក្នុងវាលស្រែ ដែលអាចកាត់បន្ថយការប្រើប្រាស់ទឹកបាន ២៤% ។
ប្រព័ន្ធនោះគឺ ការស្រោចស្រពស្រូវដោយពហុរង្វះទឹក (MIRI) ពាក់ព័ន្ធនឹងការក្រាលបំពង់ប៉ូលីអេទីឡែនដែលមានកម្រាស់ស្ដើង និងប្រើហើយអាចបោះចោលបាន ដើម្បីតភ្ជាប់ពីស្រែមួយទៅស្រែមួយ ខណៈពេលបញ្ចូលទឹកទៅក្នុងស្រែ ។ ថ្មីៗនេះ វាលស្រែភាគច្រើនត្រូវបានបញ្ចូលទឹកដោយបង្ហូរទឹកផ្ទាល់ចូលស្រែនៅទីខ្ពស់ជាងគេ ហើយអនុញ្ញាតឲ្យទឹកហូរចូលទៅក្នុងស្រែនៅទីទាបបំផុតខាងក្រោម ។
លោក Earl Vories ជាវិស្វករកសិកម្មនៅផ្នែកស្រាវជ្រាវប្រព័ន្ធដាំដុះ និងគុណភាពទឹក នៃ ARS នៅទីតាំងផ្កាយរណប ក្នុងក្រុង Portageville រដ្ឋ Missouri បាន និងកំពុងធ្វើការជាមួយសហការីនៃផ្នែកស្រាវជ្រាវប្រព័ន្ធដាំដុះ និងគុណភាពទឹក និងជាមួយវិស្វករផ្សព្វផ្សាយ គឺលោក Phil Tacker និងសហការីផ្សេងៗទៀតនៅផ្នែកសេវាកម្មផ្សព្វផ្សាយសហករណ៍នៃសាកលវិទ្យាល័យ Arkansas ដើម្បីសិក្សាអំពីតម្រូវការទឹករបស់ស្រូវចំពោះផលិតកម្មក្នុងទ្រង់ទ្រាយពាណិជ្ជកម្ម ។
ការសិក្សាទាំងឡាយរបស់ពួកគេ ពីការប្រើប្រាស់ទឹកនៅលើវាលស្រែសម្រាប់រដូវដាំដុះនានាពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០២ រួមមានស្រែ ១៤ គូ ស្ថិតនៅជិតគ្នា ដោយមានដាំពូជ ប្រភេទដី ថ្ងៃដាំដុះ និងការអនុវត្តការគ្រប់គ្រងដូចគ្នា ។
ក្រុមអ្នកស្រាវជ្រាវរកឃើញថា វិធីសាស្ត្រ MIRI ត្រូវការទឹកស្រោចស្រព ២៤% តិចជាងការស្រោចស្រពធម្មតា ។ ការកាត់បន្ថយការប្រើប្រាស់ទឹកសម្រាប់ការស្រោចស្រពស្រូវ គឺមានសារៈសំខាន់ណាស់ចំពោះដំណាំផ្សេងៗទៀតរបស់កសិករផងដែរ ដោយសារវាលដាំដំណាំទាំងនោះ ជានិច្ចកាលចែករំលែកការផ្គត់ផ្គង់ទឹកជាមួយស្រូវ ។ បរិមាណទឹកដែលមានសម្រាប់ស្រោចស្រពដំណាំផ្សេងទៀត ជាទូទៅអាស្រ័យលើបរិមាណប៉ុន្មានដែលត្រូវប្រើប្រាស់គ្រប់គ្រាន់សម្រាប់ស្រូវជាមុនសិន ។ ការសន្សំបានទឹកក្នុងបរិមាណ ២៤% សម្រាប់ស្រូវ អាចឆ្លើយតបទៅនឹងការទទួលបាននូវកំណើនទិន្នផលសម្រាប់ដំណាំផ្សេងទៀត ។ ហើយការបូមទឹកកាន់តែតិចសម្រាប់ស្រោចស្រពស្រូវផ្ដល់ជាលទ្ធផលឲ្យមានតម្រូវការទឹកតិចជាងមុនពីប្រភពទឹកក្រោមដីដែលកំពុងតែថយចុះតិចទៅៗ ។
លោក Vories និងសហការី ក៏បានសិក្សាអង្កេតពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃវិធីសាស្ត្រ MIRI សម្រាប់ការផ្គត់ផ្គង់ទឹកផ្សេងៗដែលប្រើសម្រាប់ផលិតកម្មស្រូវនៅក្នុងភូមិភាគកណ្ដាលខាងត្បូងនៃសហរដ្ឋអាមេរិចផងដែរ ។ ការសិក្សាបន្តបន្ទាប់មកទៀតបានបញ្ជាក់អំពីផលប៉ះពាល់ផ្នែកបរិស្ថាននៃប្រព័ន្ធនេះដោយរកមើលលើគុណភាពនៃទឹកហូរចេញពីវាលស្រែ ។ អ្នកស្រាវជ្រាវបានរកឃើញថា គ្មានការធ្លាក់ចុះគុណភាពទឹកនៅក្នុងប្រព័ន្ធ MIRI ទេ ។
លោក Vories មានប្រសាសន៍ថា “លទ្ធផលនៃការស្រាវជ្រាវបឋមរបស់យើងគឺជាព័ត៌មានល្អចំពោះកសិករដាំដុះស្រូវដែលកំពុងព្យាយាមសន្សំសំចៃទឹក និងថាមពល ក្នុងពេលដែលអាចរក្សាបាននូវទិន្នផល និងការពារបរិស្ថាន ។” អត្ថបទដោយ Alfredo Flores, ARS.
បកប្រែ និងផ្សព្វផ្សាយដោយមានការអនុញ្ញាតពី USDA (Agricultural Research/January 2009)
ប្រព័ន្ធស្រោចស្រពស្រូវដោយពហុរង្វះទឹក (MIRI) កំពុងដំណើរការនៅក្នុងវាលស្រែ ។ ទឹកហូរចេញពីរចនាសម្ព័ន្ធជាបំពង់តាមរយៈស្នាមចោះ ។
នៅក្នុងការសិក្សាពីការប្រើប្រាស់ទឹក បរិមាណទឹកហៀរចេញ និងគុណភាពទឹក លោក Earl Vories (ខាងស្ដាំ) និងអ្នកបច្ចេកទេសនៃសាកលវិទ្យាល័យ Arkansas លោក Shawn Lancaster ប្រមូលទិន្នន័យពីប្រព័ន្ធ MIRI ។