កំសាន្តថ្ងៃនេះ

បងស្រី ! ឱនថែមតិចទៀតមក ប្អូនមើលមិនឃើញទេ !

អឹម ! អូនតូចទ្រាំមិនបានទេម៉ាក់ !

បងស្រី ! ឱនថែមតិចទៀតមក ប្អូនមើលមិនឃើញទេ !

អឹម ! អូនតូចទ្រាំមិនបានទេម៉ាក់ !
បទសម្ភាសន៍ពីជនជាតិជប៉ុនធ្វើកំណាយរកឃើញគ្រោងឆ្អឹង
កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០០៩ គណៈប្រតិភូរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយលោក ប្រាក់ សុណ្ណារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ អមដំណើរដោយ លោក ហោម គឹមស៊ុន ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្ដិវិទ្យា លោក ពៅ សំណាង ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដបន្ទាយមានជ័យ និងអស់លោកជាមន្ដ្រីវប្បធម៌ជាច្រើនរូបទៀត បានអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខ នៅថ្ងៃបញ្ចប់ការងាររបស់ក្រុមអ្នកស្រាវជ្រាវជប៉ុន ដែលបានមកធ្វើកំណាយនៅស្ថានីយបុរេប្រវត្ដិខ្មែរក្នុងភូមិស្នាយ ឃុំរហាល ស្រុកព្រះនេត្រព្រះ ។
លោកបណ្ឌិត មីយ៉ាសូកា នាយកគម្រោង និងលោក យូស៊ីណូរីយ៉ាសូដា ជាសាស្ដ្រាចារ្យនៅមជ្ឈមណ្ឌលស្រាវជ្រាវអន្ដរជាតិនៃប្រទេសជប៉ុន ដែលដឹកនាំអនុវត្ដកំណាយផ្លូវការនៅស្ថានីយបុរេប្រវត្ដិភូមិស្នាយ ឃុំរហាល ស្រុកព្រះនេត្រព្រះ បានប្រាប់អ្នករាយការណ៍ព័ត៌មានថា ការមកស្រាវជ្រាវនៅស្ថានីយបុរេប្រវត្ដិភូមិស្នាយនេះបានចាប់ផ្ដើមតាំងពីឆ្នាំ២០០៨ ហើយបានបញ្ចប់ការងារនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០៩ ។ លោក យូស៊ីណូរីយ៉ាសូដា បានបញ្ជាក់ឱ្យដឹងថា កំណាយដែលយើងបានធ្វើការស្រាវជ្រាវកន្លងមកនេះ គឺមានចំនួន៩រណ្ដៅ ក្នុងនោះយើងបានរកឃើញអដ្ឋិធាតុបុព្វបុរសចំនួន៤២រូប និងរកឃើញទួលថ្មកំបោរបាយអចំនួន៣ដែលមានរូបរាងច្បាស់លាស់ ។ លោកសាស្ដ្រាចារ្យបានបន្ដឱ្យដឹងទៀតថា យោងតាមការស្រាវជ្រាវរបស់អ្នកឯកទេសនៃប្រទេសជប៉ុន ស្ថានីយបុរេប្រវត្ដិភូមិស្នាយនេះ គឺអាចកើតឡើងតាំងពី៥០០ឆ្នាំមុននៃគ្រិស្ដសករាជមកម្ល៉េះ ។ ចំពោះទួលថ្មកំបោរបាយអចំនួន៣ ដែលយើងបានរកឃើញនេះ គឺបង្ហាញឱ្យឃើញថា បុព្វបុរសខ្មែរយើងមានប្រាជ្ញាវៃឆ្លាតចេះកសាងអាងតំកល់ទឹកសម្រាប់ទុកប្រើប្រាស់ និងធ្វើពិធីបូជាសពតាំងពីយូរលង់មកហើយ ប៉ុន្ដែបញ្ហានេះនៅតែជាប្រធានបទមួយដែលយើងមានគម្រោងទិសដៅស្រាវជ្រាវតទៅទៀត ។ យើងត្រូវសិក្សាពីអាថ៌កំបាំងពីអរិយធម៌ ពីការប្រើប្រាស់ទឹក ទាក់ទិននឹងការកសាងទីទួលស័ក្ដិសិទ្ធិពីកំបោរបាយអដែលបានរកឃើញតាមរយៈកំណាយក្នុងភូមិស្នាយ ។
លោកបណ្ឌិត មីយ៉ាសូកា បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា កំណាយផ្លូវការនៅស្ថានីយបុរេប្រវត្ដិភូមិស្នាយនេះ បានដំណើរការតាំងពីឆ្នាំ២០០៨ ដោយមជ្ឈមណ្ឌលស្រាវជ្រាវអន្ដរជាតិរបស់ជប៉ុន ក្រោមការឧបត្ថម្ភពីក្រសួងវប្បធម៌ វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងកីឡា នៃប្រទេសជប៉ុន រួមសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានការគាំទ្រពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាផងដែរ ។ ការស្រាវជ្រាវកំណាយបុរេប្រវត្ដិភូមិស្នាយបានបញ្ចប់នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០៩ ហើយមុននឹងវិលត្រឡប់ទៅមាតុប្រទេសវិញក្រុមការងារ របស់មជ្ឈមណ្ឌលស្រាវជ្រាវអន្ដរជាតិជប៉ុន បានកសាងស្ដូបមួយសម្រាប់ដាក់អដ្ឋិធាតុដែលប្រជាពលរដ្ឋបានជីកកកាយនៅក្នុងភូមិស្នាយនេះកាលពីពេលកន្លងមក ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមការងារបានទាំងជាវពុទ្ធបដិមាចំនួន២អង្គ សម្រាប់ដាក់តំកល់ក្នុងស្ដូបនោះទុកជាទីសក្ការបូជាទៀតផង ។

ទិដ្ឋភាពនៃការធ្វើកំណាយនៅស្ថានីយបុរេប្រវត្ដិសាស្ដ្រ
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក ប្រាក់ សុណ្ណារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ដែលជាតំណាងរបស់ឯឧត្ដមរដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងកោតសរសើរដល់ក្រុមស្រាវជ្រាវជប៉ុនដែលបានយកចិត្ដទុកដាក់សហការជាមួយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ចុះធ្វើការស្រាវជ្រាវនៅស្ថានីយបុរេប្រវត្ដិភូមិស្នាយ ដោយទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរបំផុត ។ លោកអគ្គនាយករងមានសេចក្ដីសង្ឃឹមថា ក្រុមអ្នកស្រាវជ្រាវជប៉ុន នឹងវិលមកបន្ដការងារនេះនៅពេលឆាប់ៗខាងមុខទៀត ទៅលើអាថ៌កំបាំង និងអរិយធម៌នៃការប្រើប្រាស់ទឹកទាក់ទិននឹងការកសាងទីទួលស័ក្ដិសិទ្ធិពីកំបោរបាយអ ដែលបានរកឃើញនៅស្ថានីយបុរេប្រវត្ដិភូមិស្នាយនេះ ។
លោក ប្រាក់ សុណ្ណារ៉ា និងលោក ហោម គឹមស៊ុន បានថ្លែងអំណរគុណ និងជូនពរក្រុមការងារ នៃមជ្ឈមណ្ឌលស្រាវជ្រាវអន្ដរជាតិជប៉ុន សូមឱ្យទទួលបានជោគជ័យក្នុងការបំពេញភារកិច្ច ហើយវិលត្រឡប់ទៅមាតុភូមិវិញប្រកបដោយសុខសុវត្ថិភាព ។
សារព័ត៌មានកោះសន្តិភាព ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩
អត្ថបទពាក់ព័ន្ធៈ
ប្រាសាទតាមន្ត ជួនកាលត្រូវបានគេហៅថា “ប្រាសាទតាមាន់” ផងដែរ ព្រោះមានសម្លេងស្រដៀងគ្នា ប៉ុន្តែឈ្មោះដែលត្រឹមត្រូវគឺ “ប្រាសាទតាមន្ត” គឺជាប្រាសាទមន្តអាគម ពុំមែនពាក់ព័ន្ធនឹងមាន់ទាអ្វីទេ ។
ប្រាសាទតាមន្តធំ គឺជាស្នាដៃល្អឯករបស់បុព្វបុរសខ្មែរ ស្ថិតនៅលើជម្រាលនៃជួរភ្នំដងរែក ស្ថិតនៅក្នុងឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្ដរមានជ័យ ឈមនឹងឃុំបាក់ដៃ ស្រុកភ្នំដុងរ៉ាក់ ខេត្តសុរិន្ទរបស់សៀម ។ ប្រាសាទនេះត្រូវបានសាងសង់ឡើងក្នុងសតវត្សរ៍ទី១១ ពីថ្មបាយក្រៀមលាយថ្មភក់ដោយព្រះបាទសុរិយវរ្ម័នទី១ បែរមុខទៅទិសខាងត្បូងតម្រូវទៅតាមភូមិសាស្ត្រខ្ពង់រាបនៅតំបន់នោះដែលមានចម្រាក់បែរទៅខាងត្បូង ។ ប្រាសាទនេះប្រកបទៅដោយក្បូរក្បាច់រចនាដ៏ល្អប្រណីត ហើយមានប្រជាប្រិយភាពគួរជាទីចាប់អារម្មណ៍បំផុត ។ ភាពអស្ចារ្យនៃប្រាសាទតាមន្តធំល្បីរន្ធឺនៃសាសន៍ស្ថាននេះគឺបណ្ដាលមកពីកត្តាជាច្រើនយ៉ាង ដូចជា ភាពវិសេសវិសាលនៃទីតាំងប្រាសាទ និងស្ថានភាពភូមិសាស្ត្រដោយគួបផ្សំទៅនឹងជំនឿលើអច្ឆរិយវត្ថុក្នុងប្រព័ន្ធគំនិតខ្មែរនាសម័យមហាអង្គរដែលនៅដិតដាមជាប់នៅឡើយក្នុងទំនៀមទម្លាប់របស់អ្នកស្រុកសៀមដើមកំណើតខ្មែរនៅក្នុងប្រទេសសៀមសព្វថ្ងៃនេះ ។
ទេវស្ថានដ៏មានសារសំខាន់នេះគឺជាក្រុមប្រាសាទតូចធំជាច្រើនមានប្រាង្គនៅចំកណ្ដាលធំជាងគេតំណាងឲ្យភ្នំសុមេរុ ដែលជាចន្ទល់នៃចក្រវាលក្នុងលោកធាតុវិទ្យាឥណ្ឌា‑ខ្មែរ ហើយក៏ជាកន្លែងដ៏ស័ក្តិសិទ្ធិជាងគេផងដែរ ។ ភាពសក្តិសិទ្ធិនៃប្រាសាទតាមន្តធំនេះ ក៏ត្រូវបានឆ្លុះបញ្ចាំងផងដែរតាមរយៈថ្មធម្មជាតិមួយដែលមានលក្ខណៈសើមដោយខ្សែទឹកដែលផុសចេញពីបាតភ្នំ ៕

រូបភាពប្រាសាទតាមន្តមើលពីលើអាកាស តាមរយៈ Google Earth
រូបភាពទាំងអស់បង្ហាញជូនខាងក្រោមនេះ ថតនៅថ្ងៃទី២១/០២/២០០៩

ទីតាំងកងពលតូចលេខ៤២ នៅជើងភ្នំ ផ្លូវឡើងទៅកាន់ប្រាសាទតាមន្តធំ

កងពលតូចលេខ៤២ ដែលឈរជើងនៅតំបន់ប្រាសាទតាមន្ត

ទិដ្ឋភាពព្រៃតំបន់ប្រាសាទតាមន្ត មើលពីជើងភ្នំ

រូបចម្លាក់តោសល់តែខ្លួន និងព្រះភូមិ នៅក្នុងបរិវេណទីតាំងកងពល

ទឹកផុសនៅពីលើទីតាំងកងពលតូចលេខ៤២ គឺជាប្រភពផ្គត់ផ្គង់ទឹកដ៏សំខាន់

នៅទីតាំងឈរជើងរបស់កងពលតូចលេខ៤២ មានកៅអីជាក្ដារបន្ទះ លម្អដោយវល្លិ៍ជណ្ដើរស្វារបៀបនេះជាច្រើនកន្លែង

សួនបន្លែរបស់កងពល

នៅតំបន់ប្រាសាទតាមន្ត ស្លាកសញ្ញានេះនៅតែមានច្រើនកន្លែងនៅឡើយ

ផ្លូវឡើងទៅកាន់ប្រាសាទតាមន្ត ជាផ្លូវថ្មើជើងមានថ្មកន្ដឹបកន្ដុប មិនទាន់មានជាជណ្ដើរឡើងស្រួលបួលនៅឡើយទេ

នៅពេលឡើងជិតដល់តំបន់ខ្នងភ្នំរាបស្មើ គេសង្កេតឃើញមានដុំថ្មធំៗ មានរូបរាងប្លែកៗ គេអាចសន្មតហៅបានថាជាសត្វនេះ ឬសត្វនោះ

ទិដ្ឋភាពព្រៃនៅតំបន់ខ្នងភ្នំរាបស្មើ

ទិដ្ឋភាពធម្មជាតិនៃរុក្ខជាតិព្រៃ ដុះដាលពាក់ព័ន្ធលើគ្នា

ជ្រុងមួយនៃទេសភាពនៅក្នុងព្រៃតំបន់ប្រាសាទតាមន្ត

នៅក្នុងព្រៃតំបន់ភ្នំតាមន្ត មានដើមស្ពង់ធំៗខ្ពស់សន្លឹមជាច្រើន

ដើមស្ពង់មានរូបរាងចម្លែក

កន្លែងគោរពបូជាដល់អ្នកតាម្ចាស់ទឹកដី នៅក្រោមដើមស្ពង់ដ៏ធំមួយដើម

ខ្ទមស័ង្កសីសម្រាប់ទាហានយាមល្បាត ស្នាក់អាស្រ័យ ។ នេះជាការវិវឌ្ឍគួរឲ្យកត់សម្គាល់ ព្រោះថា តាមការផ្សព្វផ្សាយតាមទូរទស្សន៍កន្លងមក ឃើញបងៗកងពល ជ្រកកោននៅក្រោមសំពត់តង់តែប៉ុណ្ណោះ

ស្នាមចារជាពាក្យពេចន៍ផ្សេងៗ នៅលើគល់ដើមស្ពង់

ស្នាមចារជាពាក្យពេចន៍ជាតិនិយម នៅគល់ដើមស្ពង់

របងឈើដែលទាហានសៀមធ្វើក្នុងកាលកន្លងទៅ ។ របងនេះមានទ្វារ២ ដែលមានដាក់ស្លាកជាអក្សរអង់គ្លេសបែរមកខាងខ្មែរ និងអក្សរសៀមបែរទៅខាងប្រាសាទ ដែលបញ្ជាក់ថា ទ្វារ១ សម្រាប់បុរស និង១ទៀតសម្រាប់ស្ត្រី ឆ្លងកាត់ ។

ជណ្ដើរឡើងទៅកាន់ប្រាសាទតាមន្ត ទិសខាងត្បូង

ជ្រុងមួយនៃប្រាសាទតាមន្ត មើលពីជណ្ដើរឡើងខាងត្បូង

ជ្រុងមួយនៃប្រាសាទតាមន្ត មើលពីខាងត្បូងឆៀងខាងកើត

(ប្រហែលជា) បណ្ណាល័យខាងកើត

ប្រាង្គប្រាសាទមានរូបរាងដូចនេះ មានចំនួន២ ស្ថិតនៅសងខាងពីក្រោមប្រាសាទកណ្ដាល ។ ប៉ុន្តែមានតែប្រាង្គប្រសាទខាងលិចនេះទេដែលស្ថិតក្នុងស្ថានភាពល្អជាងគេ ហើយក៏ជានិមិត្តរូបនៃប្រាសាទតាមន្តផងដែរ ។

ជ្រុងមួយនៃប្រាសាទនិមិត្តរូប

ទ្វារបញ្ឆោតនៃប្រាសាទនិមិត្តរូប

ដំបូលប្រាសាទនិមិត្តរូប មើលពីក្រោម

ជ្រុងមួយនៃថែវក្រោយប្រាសាទនិមិត្តរូប

ជ្រុងមួយនៃប្រាសាទតាមន្ត មើលពីមុខ

ខ្លោងទ្វារខាងមុខនៃប្រាងប្រាសាទកណ្ដាល

យោនីនាងឧមាវតី និងរូបសំណាកព្រះគោ មើលពីមុខប្រាសាទ

រូបសំណាកព្រះគោ និងយោនីនាងឧមាវតី មើលពីខាងក្នុងប្រាសាទ

ក្បាច់ផ្កាភ្ញី នៅលើជ្រុងមួយនៃប្រាសាទកណ្ដាល

ទ្វារប៉ែកខាងត្បូងនៃប្រាសាទកណ្ដាល

ជ្រុងមួយនៃប្រាសាទតាមន្ត នៅប៉ែកខាងលិចឆៀងខាងត្បូង

កំពែងប្រាសាទតាមន្តនៅខាងជើងឆៀងខាងកើត

ស្រះទឹកនៅពីក្រោយប្រាសាទតាមន្ត

ផ្លូវចូលប្រាសាទតាមន្តពីខាងក្រោយ

ភាគីខ្មែរអាចចូលបានត្រឹមចំណុចនេះ ប្រហែល៣០-៥០ម ពីក្រោយប្រាសាទ ។ ពីទីកន្លែងនេះ យើងអាចមើលឃើញបន្ទាយទាហានសៀម និងមានផ្លូវក្រាលកៅស៊ូរបស់សៀម ចាក់ចូលមកជិតដល់ប្រាសាទ ។

ទិដ្ឋភាពប្រាសាទតាមន្ត មើលពីក្រោយ ។ បងទាហានម្នាក់នេះ បានស្នើឲ្យខ្ញុំចូលទៅក្នុងបរិវេណប្រាសាទវិញ ដោយបារម្ភពីសុវត្ថិភាព ព្រោះខ្លាចខ្ញុំរុលចូលទៅក្នុងតំបន់ហាមឃាត់ ។

ក្បាច់ចម្លាក់នៅប្រាសាទតាមន្ត

ក្បាច់ផ្កាភ្ញីនៅប្រាសាទតាមន្ត

ដំរីផុង ឬស្លុះ ស្ថិតនៅជើងជណ្ដើរឡើងទៅប្រាសាទភាគខាងលិច ប៉ុន្តែជណ្ដើរប៉ែកខាងនេះ បាក់បែកដុះព្រៃអស់ហើយ មិនអាចឡើងទៅកាន់ប្រាសាទបានទៀតទេ

ស្លាកស្នាមជណ្ដើរឡើងទៅកាន់ប្រាសាទប៉ែកខាងលិច
រូបអ្នកតាដែលធ្វើដោយជាងចម្លាក់តំណាងឱ្យអ្នកមានបារមីសម្រាប់គោរពបូជា
“អ្នកតា” គឺសម្ដៅទៅលើការសន្មតចំពោះវត្ថុផ្សេងៗ ដែលជួនកាលគេធ្វើអំពីថ្ម ពីឈើ ពីស៊ីម៉ង់ត៍ ឬជួនកាលគេយកដុំថ្មទាំងដុំតែម្ដងទៅដាក់តំកល់នៅក្នុងរោង ឬខ្ទមតាមក្រោមដើមឈើធំៗ ហើយត្រូវបានគេគោរពបូជាតាមអបិយជំនឿដោយធ្វើពិធីបន់ស្រន់សុំសេចក្ដីសុខ ឬសុំជួយរករបស់ផ្សេងៗ ដូចជា សត្វពាហនៈជាដើម ដែលបានបាត់ទៅឱ្យរកឃើញវិញ ហើយអ្នកតាទាំងនោះត្រូវបានដាក់ឈ្មោះ ផ្សេងៗ តាមការឧប្បត្ដិកឡើងផ្អែកតាមភូមិ និងតំបន់នីមួយៗ ។
អ្នកតាដែលបានដិតដាមក្នុងអារម្មណ៍ប្រជាពលរដ្ឋខ្មែរយើងថា មានមហិទ្ធិរឹទ្ធិខ្លាំងជាងគេនោះ មានដូចជា អ្នកតាដំបងដែក អ្នកតាក្រហម.ក អ្នកតាដំបងគ្រញូង លោកយាយខាន់ខៀវ អ្នកតាឃ្លាំងមឿង ជាដើម ហើយអ្នកតាខ្លះមានឈ្មោះតាមភូមិ តាមតំបន់ខុសៗគ្នា ដូចជា លោកយាយទេព អ្នកតាស្ដីតាគង អ្នកតាក្បាល៨ ។ល។ គ្រប់អ្នកតាទាំងអស់ត្រូវបានប្រជាពលរដ្ឋគោរពបូជា និងបន់ស្រន់តាមអបិយជំនឿរៀងៗ ខ្លួន ។ ទីសក្ការៈនៃរោងអ្នកតាខ្លះ ត្រូវបានគេប្រារឰធ្វើពិធីបុណ្យជារៀងរាល់ឆ្នាំ ដែលភាគច្រើនបុណ្យនោះ គេធ្វើឡើងក្នុងខែមេសា គឺមុនឬក្រោយថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ។ ពិធីបុណ្យនោះខ្លះហៅថា បុណ្យឡើងអ្នកតា ខ្លះហៅថា បុណ្យសុំទឹកភ្លៀង ប៉ុន្ដែទោះជាហៅថា បុណ្យឡើងអ្នកតាក្ដី ក៏ពិធីបុណ្យនេះ បានផ្សារភ្ជាប់ទៅនឹងការបន់ស្រន់សុំទឹកភ្លៀង និងសុំសេចក្ដីសុខសប្បាយផងដែរ ។
ពិធីបុណ្យនោះ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមផងដែរ ដោយមាននិមន្ដព្រះសង្ឃច្រើនអង្គ សូត្រជយន្ដោ និងមានសម្ដែងធម៌ទេសនាទៀតផង ។ នៅតាមកន្លែងធ្វើការធំៗដូចជាសាលាខេត្ដសាលាស្រុក ឬតាមវត្ដអារាម គឺតែងមានខ្ទមអ្នកតា និងរូបសំណាកអ្នកតាស្ទើរគ្រប់កន្លែង ពិសេសចំពោះស្ថាប័នតុលាការចាប់ពីសាលាដំបូងរហូតដល់សាលាឧទ្ធរណ៍ និងតុលាការកំពូល សុទ្ធតែបានរៀបចំឱ្យមានរោងអ្នកតា និងមានរូបសំណាកអ្នកតាដែលកសាងឡើង ខ្លះអំពីឈើ និងខ្លះទៀតអំពីស៊ីម៉ង់ត៍ ហើយភាគច្រើនជារូបសំណាកអ្នកតាដំបងដែក ។ ការតម្រូវឱ្យមានរូបអ្នកតានេះ ព្រោះតុលាការតម្រូវឱ្យទាំងភាគីចុងចោទ និងភាគីដើមចោទធ្វើពិធីសម្បថដូចគ្នា រួមទាំងសាក្សីទាំងសងខាងផងដែរ មុននឹងចូលទៅឆ្លើយនឹងសំណួររបស់តុលាការ ។
កាលពីពេលថ្មីៗកន្លងទៅនេះ សមាជិក-សមាជិកាសភា សមាជិក-សមាជិការដ្ឋាភិបាល ក៏ដូចជាមន្ដ្រីយុត្ដិធម៌ និងមន្ដ្រីនគរបាលតម្រូវឱ្យស្បថមុននឹងចូលកាន់មុខតំណែង ។ ដោយមានជំនឿយ៉ាងមុតមាំនេះ បានដិតដាមជាប់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសនៅតាមទីជនបទដាច់ស្រយាល ពេលមានជម្ងឺតម្កាត់ម្ដងៗ ពួកគាត់នៅតែមានជំនឿលើការបន់ស្រន់ ការបញ្ចូលរូប ឬលៀងអារក្សជាដើម ដោយពុំទាន់បោះបង់ចោលនូវជំនឿបែបនេះនៅឡើយទេ បើទោះបីពេលនេះជាសម័យវិទ្យាសាស្ដ្រទៅហើយក្ដី ៕
(សារព័ត៌មានកោះសន្តិភាព ថ្ងៃទី១៨ ខែកុមៈ ឆ្នាំ២០០៩)

ពាក្យមួយឃ្លានេះ "ជាតិណាៗបងក៏ស្រឡាញ់អូនតីដែល" សម្រាប់អ្នកដែលឧស្សាហ៍ធ្វើដំណើរភ្នំពេញ-សៀមរាប តាមរថយន្តក្រុងពិតជាធ្លាប់ឃើញនៅនឹងទីណាមួយ ។ តើអ្នកដឹងទេថា ទីកន្លែងពិតប្រាកដដែលមានពាក្យមួយឃ្លានេះស្ថិតនៅឯណា ?

ខ្ញុំយល់ថា ប្រសិនបើគេអនុវត្តបានប្រកបដោយប្រសិទ្ធិភាពនូវពាក្យមួយឃ្លាខាងលើ "ហាមប្រើប្រាស់គ្រឿងញៀន និង ជួញដូរផ្លូវភេទ" គឺពិតជាការប្រសើរណាស់ ។ ស្លាកសញ្ញានេះខ្ញុំបានប្រទះឃើញនៅក្នុងបន្ទប់ទឹកនៃក្លិបកំសាន្តមួយនៅទីក្រុងបាត់ដំបង ។ តើអ្នកដឹងទេថា ក្លិបនោះឈ្មោះអ្វី ?

រូបសំណាកដើម និងផ្លែអសង្ខេយ្យ នៅខេត្តឧត្ដរធានី (Udonthani) ប្រទេសថៃ ខែមិថុនា ឆ្នាំ២០០៣
តាមដំណាលថា ផ្លែឈើអសង្ខេយ្យ គឺជាផ្លែឈើដែលកម្រមានណាស់នៅលើពិភពលោក ព្រោះផ្លែឈើបែបនេះមាននៅតែប្រទេសឥណ្ឌាឯណោះទេ ហើយរាប់រយរាប់ពាន់ឆ្នាំទើបផ្លែម្ដងដែលផ្លែអសង្ខេយ្យនេះមានរូបរាងដូចមនុស្សយ៉ាងដូច្នោះដែរ ចំពោះគ្រាប់វិញក៏ពិបាកនឹងបណ្ដុះឱ្យដុះដែរ ។
ទាក់ទិននឹងដើមអសង្ខេយ្យនេះ នៅក្នុងរឿងថាំងចេងទៅចម្លងធម៌របស់ចិន ក៏មាននិយាយផងដែរថា ដើមឈើនេះចេញផ្លែក្នុងរយៈពេល៣ពាន់ឆ្នាំម្ដង ហើយបើអ្នកណាម្នាក់មានវាសនាបានផ្លែអសង្ខេយ្យយកទៅទទួលទាននោះនឹងមានអាយុវែងអមតៈ ។
ប៉ុន្ដែនៅក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលបានបោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិតនាឆ្នាំ១៩៦៧នោះ ពាក្យអសង្ខេយ្យដែលជាគុណនាមប្រែថា ដែលច្រើនរាប់ពុំអស់ ដែលរាប់ពុំបានប្រមាណពុំអស់ ។ បើជានាមវិញ គឺជាឈ្មោះសំខ្យាចំនួនមួយរយសែនមហាកថាន មាន១៤០សូន្យ អសង្ខេយ្យអប្បមេយ្យច្រើនរាប់ពុំបាន ស្មាន ឬប្រៀបប្រដូចពុំកើត ។ គឺថាពុំមាននិយាយដល់ផ្លែអសង្ខេយ្យទេ មានតែនិយាយអំពី នារីផល ដែលជាឈើមានផ្លែរូបដូចជាស្រីក្រមុំ មានតែក្នុងព្រៃហិមពាន្ត; មានតំណាលក្នុងរឿងបុរាណថា វេលាដែលឈើនេះមានផ្កាផ្លែ, ពួកពិទ្យាធរជ្រួលជ្រើមដណ្ដើមគ្នាបេះផ្កា និងផ្លែឈើនោះ ដោយសេចក្ដីស្នេហាខ្លាំង ។ ដូច្នេះ ឈ្មោះដែលត្រឹមត្រូវគួរហៅថា នារីផល ។

ផ្លែអសង្ខេយ្យចំនួន២ ផ្លែនេះ ត្រូវបាននាំមកពីប្រទេសឥណ្ឌាដោយព្រះចៅអធិការវត្ដប្រសិទ្ធិ៍ក្រោម ស្ថិតក្នុងភូមិឈ្វាំង ឃុំឈ្វាំង ស្រុកពញាឮ ខេត្ដកណ្ដាល កាលពីឆ្នាំ២០០៤ ។ កាលណោះមានមនុស្សម្នាច្រើនកុះការផ្អើលទៅមើល និងដើម្បីសុំអំបោះ និងទឹកមន្តសម្រាប់លើកជោគជតារាសី ។ ខ្ញុំក៏មានមុខទៅនឹងគេដែរ ប៉ុន្តែខ្ញុំមិនបានចូលទៅឃើញផ្ទាល់នឹងភ្នែកទេ ឃើញតែរូបថតប៉ុណ្ណោះ ដោយសារមានមនុស្សច្រើនពេក មិនអំណត់នឹងប្រជ្រៀតចូល

ផ្លែអសង្ខេយ្យ ១

ផ្លែអសង្ខេយ្យ ២

ផ្លែអសង្ខេយ្យ ៣
រូបផ្លែអសង្ខេយ្យ ១-៣ មានចុះផ្សាយនៅលើវិបសាយភាសាសៀម palungjit.com កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៨ ដោយបញ្ជាក់ថាបាននាំមកពីព្រៃហេមពាន្ត ។

ផ្លែអសង្ខេយ្យ ៤

ផ្លែអសង្ខេយ្យ ៥

ផ្លែអសង្ខេយ្យ ៦
រូបផ្លែអង្ខេយ្យ ៤-៦ មានចុះផ្សាយដំបូងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០០៨ នៅលើវិសាយសៀមជាភាសាអង់គ្លេស sreedhara.com បន្ទាប់មក មានការចុះផ្សាយបន្តនៅលើវិបសាយ និងប្លុកផ្សេងៗជាច្រើនភាសា ។ នៅខែកក្កដា ខ្ញុំក៏ទទួលបានរូបថតទាំងនេះពីមិត្តភក្តិតាមរយៈអ៊ីម៉ែល ។ ប៉ុន្តែនៅខែមេសា ឆ្នាំ២០០៨ នោះដែរ មានប្លុកឥណ្ឌាជាភាសាអង់គ្លេស shabdashilp.blogspot.com បានបដិសេធថា មិនមែនជារូបថតពិត គ្រាន់តែជាការកែច្នៃរូបតាមកុំព្យូទ័រ ដោយចម្លងយកគំនិតពីវេបសាយមួយផ្សេងទៀត ។
ការចរចារវាងគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំជាវិសាមញ្ញលើកទី៤ កាលពីថ្ងៃទី៣ ទី៤ ខែកុម្ភៈកន្លងមក នៅទីក្រុងបាងកកស្ដីពីបច្ចេកទេសក្នុងការបោះបង្គោលព្រំដែននៅតំបន់ប្រាសាទព្រះវិហារ មិនទទួលបានជោគជ័យឡើយ ។ របៀបវារៈនៃអង្គប្រជុំនេះត្រូវបានភាគីថៃលើកឡើងជាដំបូងអំពីការដូរឈ្មោះ “ប្រាសាទព្រះវិហារ” មកជា “ប្រាសាទព្រះវិហាន” ។ កាសែតបាងកកប៉ុស្ដិ៍បានរាយការណ៍ថា ការចរចាបានជំពប់ជើងដួលជុំវិញការប្រើប្រាស់ពាក្យ “ព្រះវិហារ” និង “ព្រះវិហាន” ដោយភាគីសៀមបានព្យាយាមភ្ជាប់ឱ្យមានការប្រើពាក្យជាសំនៀងភាសារបស់ខ្លួនថា “ព្រះវិហាន” ជាផ្លូវការ តែខាងកម្ពុជាបានច្រានចោល ព្រោះថា ការប្រើពាក្យនេះសម្រាប់ហៅឈ្មោះប្រាសាទខ្មែរមិនត្រឹមត្រូវឡើយ ។
ជុំវិញនៅពីក្រោយការសុំដូរឈ្មោះប្រាសាទព្រះវិហារ មកជាព្រះវិហានវិញ ភាគីថៃបានបង្កប់អាថ៌កំបាំងយ៉ាងច្រើនទៅលើការសុំដូរឈ្មោះនេះ ពិសេសសាលដីការបស់តុលាការក្រុងឡាអេ ដែលបានកាត់ក្ដីឱ្យខ្មែរឈ្នះ ក្ដីអំពីប្រាសាទព្រះវិហារនេះនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ។ ប្រសិនបើភាគីខ្មែរយល់ព្រមតាមសំណើរបស់ថៃវិញ ប្រាសាទនេះនឹងទៅជារបស់ថៃតាមទឡ្ហីករណ៍នៃការប្រើសំនៀងភាសាថៃវិញ ដែលភាសានេះពុំមានអក្សរ “រ” ឡើយ ។ ដូចនេះថៃអាចធ្វើការប្ដឹងតស៊ូតាមផ្លូវច្បាប់ដើម្បីទាមទារយកប្រាសាទនេះមកគ្រប់គ្រងឡើងវិញ ហើយអាចបដិសេធសាលដីការបស់តុលាការយុត្ដិធម៌អន្ដរជាតិក្រុងឡាអេ ដែលកាត់ឱ្យកម្ពុជាឈ្នះក្ដី គឺឈ្មោះប្រាសាទព្រះវិហារ ឬម្យ៉ាងទៀតគេអាចប្រើកម្លាំងទ័ពមកដណ្ដើមកាន់កាប់ប្រាសាទព្រះវិហារឡើងវិញ ដោយសម្អាងទៅលើឈ្មោះប្រាសាទព្រះវិហាន ដែលទទួលស្គាល់ដោយភាគីកម្ពុជារួចហើយ ។ វាជាការអស់សំណើចបំផុតដែលប្រាសាទព្រះវិហារជារបស់ផងខ្មែរ តាមសាលដីការបស់ តុលាការយុត្ដិធម៌អន្ដរជាតិសម្រេចកាត់ក្ដីឱ្យខ្មែរឈ្នះ បែរជាពួកសៀមសុំដាក់ឈ្មោះឱ្យទៅជាប្រាសាទព្រះវិហានទៅវិញ ។ មិនខុសពីប្ដីប្រពន្ធពីរនាក់ គេបង្កើតបានកូនប្រុសមួយ បែរជាអ្នកជិតខាងមកសុំប្ដូរឈ្មោះដែលប្ដីប្រពន្ធរបស់គេបានដាក់ឈ្មោះឱ្យកូនគេហើយនោះទេ ។ តើសៀមមានភាគហ៊ុនក្នុងការកសាងប្រាសាទព្រះវិហារជាមួយខ្មែរដែរឬទេ ? បើតាមអ្នកប្រាជ្ញប្រវត្ដិសាស្ដ្រនានាបានឱ្យដឹងថា ជនជាតិថៃជាជនជាតិមកពី ណានចាវ (Nan Chao) ដែលរាជាណាចក្រទី១របស់គេ ត្រូវបានស្គាល់ក្នុងប្រវត្ដិសាស្ដ្រ គឺ ណានចាវ មានទីតាំងនៅក្បែរខេត្ដយូណាន (Yunnan) ប្រទេសចិនបច្ចុប្បន្ន ដែលជនជាតិនេះបានតស៊ូប្រយុទ្ធ និងរាជវង្សចិននៅភាគខាងត្បូងជាច្រើនជំនាន់ ចាប់តាំងពីសតវត្សទី៧ រហូតដល់សតវត្សទី១២ ។ ទោះបីជាយ៉ាងណា ពួកគេត្រូវបានកំចាត់កំចាយដោយពួកម៉ុងហ្គោល (Mongol) និងបានដណ្ដើមយកជ័យជំនះនៅក្នុងសតវត្សទី១៣ ។ ព្រឹត្ដិការណ៍នេះបានក្លាយទៅជាល្បឿនចលករក្នុងការវាតទីទឹកដីឆ្ពោះទៅទិសខាងត្បូង។ រាជាណាចក្រថៃដ៏តូចនេះបានលេចមុខនៅភាគខាងជើងប្រទេសនៅដើមសតវត្សទី១១ ។ នៅក្នុងសតវត្សទី១៣ ព្រះរាជាណាចក្រសុខោថៃ (Sukothai) (ឈ្មោះដើម សុខោទ័យ ជាឈ្មោះខេត្ដមួយរបស់ចក្រភពខ្មែរ ដែលពួកថៃបានវាយដណ្ដើមកាន់កាប់) ធ្វើជារាជធានីរបស់គេស្ថិតនៅភាគខាងជើង និងត្រួតត្រាបណ្ដាខេត្ដភាគកណ្ដាល និងភាគខាងត្បូងរបស់ចក្រភពខ្មែរ ដោយបានប្ដូរឈ្មោះជារាជាណាចក្រថៃ រហូតមកដល់បច្ចុប្បន្ននេះ ។
តាមរយៈឯកសារនេះ យើងឃើញថា រដ្ឋថៃមានមុខនៅអាស៊ីអាគ្នេយ៍នេះ នៅចុងសតវត្សទី១៣ ដើមសតវត្សទី១៤ប៉ុណ្ណោះ ហើយពួកសៀមដែលដូរឈ្មោះមកជាថៃនៅឆ្នាំ១៩៣០នោះ គឺជាពួកពនេចរពីដែនដីភាគខាងត្បូងប្រទេសចិនមកកាន់អាស៊ីអាគ្នេយ៍នេះ ។ ពួកគេពិតជាពុំបានរួមចំណែកអ្វីបន្ដិចបន្ដួចឡើយ ក្នុងការកសាងប្រាសាទព្រះវិហារនេះ ។ លើសពីនេះពួកគេបានឈ្លានពានកាន់កាប់យកដីនៃចក្រភពខ្មែរយ៉ាងច្រើនបំផុត នៅពេលដែលអំណាចកណ្ដាលរបស់ចក្រភពខ្មែររង្គោះរង្គើដោយគ្រប់គ្រងប្រទេសមិនបានល្អ ។
ប្រវត្ដិវិទូថៃ លោកស៊ូឡាក់ ស៊ីវ៉ារ៉ាក់ (Sulak Sivarak) ដែលជាអ្នកទទួលរង្វាន់ណូបែលសន្ដិភាពម្នាក់ និងជាអ្នកឈ្នះរង្វាន់ The Right Livelihood បាននិយាយអំពីចក្រភពខ្មែរថា “វាបានរួមទាំងអស់ គ្រប់អ្វីៗទាំងអស់ចាប់តាំងពីខាងលើរហូតទៅដល់លុពបុរី និងអ្វីៗទាំងអស់រួមទាំងបាងកកបច្ចុប្បន្ន” ។
បន្ថែមជាថ្មីទៀត ការពិពណ៌នាអំពីចក្រភពខ្មែរត្រូវបានលោក Peter Janssan នៃកាសែត The Hindustan Times ដកស្រង់ពីលោក Sulak Sivarak នៅក្នុងអត្ថបទរបស់ខ្លួនចុះផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០៨ ថា “ពួកថៃបានឈ្លានពានកម្ពុជា ហើយបន្ទាប់មកនៅក្នុងការទទួលយករបស់គេ នាំទៅដល់ការត្រាប់យកតាមប្រពៃណីវប្បធម៌ដ៏ច្រើនរបស់ខ្មែរ ដោយពួកថៃ រួមទាំងទស្សនាទានលទ្ធិហិណ្ឌូនៃស្ដេចអាទិទេព និងតុលាការ សម្បថបានចាក់ឫសយ៉ាងជ្រៅលើលទ្ធិព្រាហ្មណ៍អំពីមន្ដអាគម ហើយជាពិសេសក្នុងចំណោមអ្នកនយោ បាយថៃ” ។ លោក Peter Janssan បានបន្ថែមថា មានប្រាសាទខ្មែរយ៉ាងច្រើនបានស្ថិតនៅក្នុងទីតាំងនៃប្រទេសថៃ ជាពិសេស នៅតាមបណ្ដោយព្រំដែនទិសឦសាន្ដ ថៃ-កម្ពុជា ដូចជា បូរីរ៉ាម (Buriram) សុរិន្ទ (Surin) និងស៊ីសាកេត (Sisaket) ។ តើការត្រាប់យកតាមប្រពៃណីវប្បធម៌ដ៏ច្រើនរបស់គេពីពួកថៃដូចម្ដេចខ្លះ ?
យើងលើកយកតែវប្បធម៌តែមួយមកបកស្រាយឃើញថា អក្សរខ្មែរជា “អក្សរមូល” ។ ពួកអ្នកប្រាជ្ញថៃបានត្រាប់យកអក្សរខ្មែរយើង ហើយកែសម្រួលរូបរាងអក្សរមូលខ្មែរឱ្យទៅជាអក្សរថៃបច្ចុប្បន្ន ។ យើងឃើញមានអក្សរខ្លះ ដូចជាអក្សរ Z ស្រះ a i I ។ល។ និងត្រាប់យកលេខខ្មែរទាំងស្រុង ដោយគ្រាន់តែប្ដូរសំនៀងហៅតាមសំនៀងថៃ ដូចជា ១ (មួយ) ថៃថា នឹង លេខ២ (ពីរ) ថៃថា សង និងលេខ៣ (បី) ថៃថា សាម ជាដើម ។
ដោយឡែកប្រាសាទព្រះវិហារកសាងជាង៣០០ឆ្នាំ ដោយព្រះបាទយសោវរ្ម័នទី១ (គ.ស៨៨៩-៩១០) ហើយប្រាសាទនេះបានកសាងរួចរាល់រហូតដល់រាជព្រះបាទសូរ្យវរ្ម័នទី២ (គ.ស១១១៣-…..) ជាក្សត្រស្ថាបនិករាជធានីអង្គរនៃចក្រភពខ្មែរ ។ ការសាងសង់ប្រាសាទព្រះវិហារ គឺជាមនោគតិសម្រាប់ព្រះរាជាខ្មែរ ដើម្បីឧទ្ទិសដល់អាទិទេពសិវៈ ពីព្រោះក្សត្រទាំងនោះគិតថា លំនៅឋានរបស់អាទិទេពស្ថិតនៅលើកំពូលភ្នំខ្ពស់បំផុតជាង៥០០ម៉ែត្រពីផែនដី ។ បើយើងប្រៀបធៀបការចាប់ផ្ដើមសាងសង់ប្រាសាទព្រះវិហារយើងគិតថា នៅឆ្នាំ៨៨៩នៃគ្រិស្ដសករាជទៅចុះ ថាតើជនជាតិសៀមស្ថិតនៅឯណា ? បើតាមឯកសារស្រាវជ្រាវ យើងប្រាកដក្នុងចិត្ដច្បាស់ថា ពួកគេកំពុងរស់នៅឯណានចាវឯណោះ ហើយប្រហែលពួកគេកំពុងតែជាប់ធ្វើសង្គ្រាមជាមួយរាជវង្សចិនទេដឹង ? ពួកសៀមមានវត្ដមានពិតប្រាកដនៅភូមិភាគអាស៊ីអាគ្នេយ៍នេះ នៅចុងសតវត្សទី១៣ដើមសតវត្សទី១៤ប៉ុណ្ណោះ ។ ពួកគេពុំមានចំណែកណាមួយក្នុងការកសាងប្រាសាទព្រះវិហារ ហើយពួកគេក៏ជាពូជសាសន៍អំបូរខុសពីអំបូរខ្មែរ-មនដែរ ។
ពួកសៀមតាមសំនៀងនៃភាសារបស់ពួកគេ អ្នកប្រាជ្ញខាងសូរវិទ្យាបានចាត់អំបូរសៀមនេះ នៅក្នុងពួកអំបូរចិន-វៀតណាម ព្រោះសំនៀងខាងភាសារបស់គេមានសម្លេងឡើងចុះដូចគ្នា ។ ឯអំបូរខ្មែរ-មនយើងវិញ ពុំមានសំនៀងភាសាឡើងចុះឡើយ ។
លើសពីនេះទៀត ពួកសៀមនៅតែមានមហិច្ឆតាបន្ដដំណើរឆ្ពោះទៅទិសខាងត្បូងជានិច្ច ត្រាប់តាមគំរូដូនតារបស់គេ ហេតុនេះហើយបានជាយើងឃើញក្នុងសម័យអាណានិគមបារាំងត្រួតត្រាឥណ្ឌូចិន ខ្មែរយើងបានបាត់បង់ខេត្ដចំនួន៣ទៅថៃ គឺខេត្ដបាត់ដំបង សៀមរាប ស្វាយស៊ីសុផុន តែដោយសង្គ្រាមលោកលើកទី២បញ្ចប់ សម្ព័ន្ធជប៉ុនបានចាញ់សង្គ្រាម សម្ព័ន្ធបារាំងបានឈ្នះសង្គ្រាម ជប៉ុនក៏ប្រគល់ទឹកដីខេត្ដទាំង៣មកឱ្យបារាំងត្រួតត្រាវិញ ។ នៅពេលដែលបារាំងបានចាកចេញពីឥណ្ឌូចិន ហើយបានប្រគល់ឯករាជ្យឱ្យកម្ពុជា ក្រោមចលនាទាមទាររបស់សម្ដេចព្រះបាទ នរោត្ដម សីហនុ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺមួយឆ្នាំក្រោយមក នៅឆ្នាំ១៩៥៤ ទ័ពសៀមបានឈ្លានពានចូលដណ្ដើមកាន់កាប់ប្រាសាទព្រះវិហារ ដោយតាំងរដ្ឋបាលរបស់គេនៅលើប្រាសាទខ្មែរដោយចាត់ទុកថា ប្រាសាទព្រះវិហារជារបស់គេ ហើយបានដូរឈ្មោះប្រាសាទព្រះវិហារទៅជាប្រាសាទព្រះវិហាន តាមសំនៀងភាសារបស់គេដែលគេប្រើអក្សរ “រ” ជំនួសដោយអក្សរ “ន” ព្រោះ សំនៀងក្នុងភាសារបស់គេពុំមានសំនៀងអក្សរ “រ” ឡើយ ។ នៅពេលពួកសៀមកាន់កាប់ប្រាសាទព្រះវិហារពីឆ្នាំ១៩៥៤ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ពួកគេមិនគ្រាន់តែមិនបានជួសជុលថែរក្សាប្រាសាទប៉ុណ្ណោះទេ ពួកគេថែមទាំងបានដឹកជញ្ជូនរូបចម្លាក់ដែលចល័តបាន ចូលទៅទុកក្នុងប្រទេសគេ ដោយពួកគេបានកំណត់ក្នុងចិត្ដថា ប្រាសាទព្រះវិហារនេះមិនមែនជារបស់ផងគេ ។ ហេតុនេះហើយបានជានៅក្នុងការកាត់ក្ដីរបស់តុលាការយុត្ដិធម៌អន្ដរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ បានសម្រេចថា “ក្នុងភាពសមនឹងទទួលរបស់តុលាការ ដោយមានការបោះឆ្នោត៩សម្លេងទល់នឹង៣សម្លេង តុលាការបានកាត់ឱ្យកម្ពុជាឈ្នះក្ដីថា ប្រាសាទព្រះវិហារស្ថិតក្នុងទីតាំងទឹកដីក្រោមអធិបតេយ្យភាពនៃកម្ពុជា ហើយក្នុងហេតុផលនេះថា ប្រទេសថៃ គឺស្ថិតនៅក្រោមកាតព្វកិច្ចមួយដើម្បីដកថយកម្លាំងយោធា ឬកម្លាំងនគរបាល ឬឆ្មាំទាំងឡាយ ឬអ្នកថែរក្សា ដែលបានដាក់ពង្រាយដោយប្រទេសថៃ នៅឯប្រាសាទ ឬនៅក្នុងទីតាំងជុំវិញរបស់ប្រាសាទ ក្នុងបូរណភាពទឹកដីកម្ពុជា” ។
លើសពីនេះទៅទៀត តុលាការបានតម្រូវឱ្យភាគីថៃជួសជុលកន្លែងបែកបាក់របស់ប្រាសាទឡើងវិញ និងនាំយកមកទុកកន្លែងដើមវិញអំពីរូបចម្លាក់ចល័តណាដែលខ្លួនបាននាំយកទៅទុកនៅប្រទេសរបស់ខ្លួន ។ នេះជាការសម្រេចរបស់តុលាការ “ដោយមានសម្លេងបោះឆ្នោត៧សំលេងទល់នឹង៥សម្លេង តុលាការបានកាត់ឱ្យកម្ពុជាឈ្នះក្ដីថា ប្រទេសថៃគឺស្ថិតនៅក្រោមកាតព្វកិច្ចមួយ ដើម្បីជួសជុលឡើងវិញជូនដល់កម្ពុជា នូវក្បាច់ចម្លាក់នានា សសរពេជ្រ បំណែកបាក់បែកនៃវិមាននានា គំរូថ្មភក់នានានៃចម្លាក់ និងភាជនៈបូរាណ ដែលប្រហែលតាំងពីពេលនៃការកាន់កាប់ប្រាសាទព្រះវិហារដោយប្រទេសថៃក្នុងឆ្នាំ១៩៥៤ ដែលបានផ្លាស់ប្ដូរទីកន្លែងចេញពីប្រាសាទ ឬតំបន់ប្រាសាទដោយអាជ្ញាធរថៃ” ។ តុលាការយុត្ដិធម៌អន្ដរជាតិ [International Court of Justice (ICJ)] ដែលបានកាត់ក្ដីឱ្យកម្ពុជា បានឈ្នះក្ដីទទួលបានប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទដែលមានទំហំដី៤,៦គីឡូម៉ែត្រ ដែលមានព្រំដែនជាប់នឹងប្រទេសថៃនោះ គឺផ្អែកតាមសន្ធិសញ្ញាបារាំង-សៀម ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ ក្នុងភាពដោយឡែក និងសន្ធិសញ្ញាព្រំដែនបារាំង-សៀម ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ។ នេះជាសេចក្ដីសម្រេចរបស់តុលាការ “នៅក្នុងការកាត់ក្ដីរបស់គេ តុលាការបានកាត់ឱ្យកម្ពុជាឈ្នះក្ដីថា រឿងក្ដីនៃជម្លោះគឺអំពីអធិបតេយ្យភាពទៅលើតំបន់នៃប្រាសាទព្រះវិហារ ។ ទីសក្ការៈដ៏ចាស់បុរាណនេះ ផ្នែកខ្លះៗស្ថិតក្នុងភាពបែកបាក់បានតាំងនៅលើជ្រោយខ្ពស់មួយនៃជួរភ្នំដងរែក ដែលបានបង្កើតជាព្រំដែនរវាងកម្ពុជា និងថៃ ។ ជម្លោះមាន Fons et Origo របស់វានៅក្នុងការដាក់ព្រំដែន ដែលបានធ្វើក្នុងឆ្នាំ១៩០៤-១៩០៨ រវាងបារាំង ហើយបន្ទាប់មកការនាំទៅដល់ទំនាក់ទំនងបរទេសរវាងឥណ្ឌូចិន និងសៀម ។ ការអនុវត្ដសន្ធិសញ្ញាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ គឺក្នុងភាពដោយឡែកនៃការពាក់ព័ន្ធ ។ សន្ធិសញ្ញានោះបានបង្កើតចរិតលក្ខណៈទូទៅនៃព្រំប្រទល់ព្រំដែនពិតប្រាកដ នៃអ្វីដែលត្រូវបានគូសដោយគណៈកម្មាធិការចម្រុះបារាំង-សៀម” ។
ការចង់ដាក់ឈ្មោះប្រាសាទព្រះវិហារខ្មែររបស់ភាគីថៃឱ្យទៅជាឈ្មោះតាមសំនៀងភាសាថៃថា ប្រាសាទព្រះវិហានពិតជាធ្វើឱ្យខុសនឹងក្បួនវេយ្យាករណ៍ខ្មែរ ដែលគេមិនអាចផ្លាស់ប្ដូរបកតិនាម (Proper noun) បានឡើយ។ បកតិនាម គឺនាមឈ្មោះរបស់អ្វីមួយទោះបីគេសរសេរខុសអក្ខរាវិរុទ្ធក៏ដោយ ក៏គេមិនអាចកែប្រែផ្លាស់ប្ដូរវិញឡើយ ឧទាហរណ៍ឈ្មោះ”សំ” បើគេសរសេរជាផ្លូវការ ”សំម” បែបនេះ គឺគ្មាននរណាអាចកែមកជា”សំ” បានឡើយ ព្រោះជាបកតិនាម ដូចគ្នាដែរ ប្រាសាទព្រះវិហារខ្មែរយើងបានសរសេរថា ជា”ប្រាសាទព្រះវិហារ” គឺភាគីថៃមិនអាចសុំកែប្រែសរសេរមកជា “ប្រាសាទព្រះវិហាន” បានឡើយ ហើយប្រាសាទនេះជាកម្មសិទ្ធរបស់ខ្មែរជាយូរលង់មកហើយ ហើយលើសពីនេះខ្មែរយើងពុំអាចទទួលយកបានដោយសារសាលដីការបស់តុលាការយុត្ដិធម៌អន្ដរជាតិបានទទួលយកឈ្មោះប្រាសាទព្រះវិហារនេះ ហើយបានកាត់ឱ្យខ្មែរយើងបានឈ្នះក្ដីទៀតផង ។ សាលដីកាមានអានុភាពគតិយុត្ដ សម្រាប់ភាគីទាំងពីរក្នុងជម្លោះ ទាំងអ្នកឈ្នះ និងអ្នកចាញ់ត្រូវអនុវត្ដតាមសាលដីកាដោយ សច្ចធម៌ (Good faith) ៕
(ដកស្រង់ពីអត្ថបទរបស់លោក ងួន សំ ចុះផ្សាយតាមសារព័ត៌មានកោះសន្តិភាព)

ផែនទីទ្វីបអាស៊ីក្នុងគ.ស ១២០០ បង្ហាញពីចក្រភពខ្មែរ និងនគរណានចាវ

នៅគ.ស ១២៣៨ ជនជាតិថៃបានប្រកាសបង្កើតរដ្ឋនៅសុខោទ័យ ហើយនៅគ.ស ១២៥៣ អធិរាជម៉ុងហ្គោល គូប៊ីឡៃ ខាន់ បានវាយដណ្ដើមគ្រប់គ្រងនគរណានចាវទាំងស្រុង ។ ព្រឹត្ដិការណ៍នេះបានក្លាយទៅជាល្បឿនចលករក្នុងការវាតទីទឹកដីរបស់ជនជាតិថៃឆ្ពោះទៅទិសខាងត្បូង ។

ដំណើរឆ្ពោះមកទិសខាងត្បូងនៃជនជាតិភូមា សៀម វៀតណាម និងហាន

សេចក្ដីពណ៌នាសង្ខេបអំពីអក្សរខ្មែរ បញ្ជាក់ថា អក្សរខ្មែរគឺជាមេបានៃអក្សរថៃ និងអក្សរឡាវ

អក្ខរក្រមខ្មែរ

អក្ខរក្រមថៃ ដែលបានចម្លងពីខ្មែរ

លេខខ្មែរប្រៀបផ្ទឹមនឹងលេខថៃ និងឡាវ ដែលបានចម្លងពីខ្មែរ

មជ្ឈមណ្ឌលពាណិជ្ជកម្មស៊ីតធីក្នុងទីក្រុងឡុង
លទ្ធផលការសិក្សាមួយបានបង្ហាញថា ប្រវែងម្រាមដៃរបស់បុរសអាចព្យាករណ៍ពីជ័យជំនះរបស់ខ្លួននៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម The City នៅក្នុងទីក្រុងឡុង ។ អ្នកវិទ្យាសាស្ដ្រនៅឯសាកលវិទ្យាល័យឃែមប្រ៊ីត ប្រទេសអង់គ្លេស បានរកឃើញថា ពាណិជ្ជករដែលមានម្រាមនាងដៃ(ម្រាមពាក់ចិញ្ចៀន) វែងជាងម្រាមចង្អុរដៃនោះ រកចំណូលបានច្រើនបំផុត ។
វិទ្យាស្ថានជាតិវិទ្យាសាស្ដ្រសហរដ្ឋអាមេរិក Proceedings of the National Academy of Sciences (PNAS) បានរាយការណ៍ឱ្យដឹងថា ការជាប់ពាក់ព័ន្ធនេះអាចទាក់ទិននឹងកម្រិតអ័រម៉ូនបុរសភេទគឺតេស្ដូស្ដេរ៉ូនរបស់គភ៌នៅក្នុងស្បូន ។ កម្រិតនៃអ័រម៉ូនតេស្ដូស្ដេរ៉ូនច្រើនរបស់គភ៌នៅក្នុងស្បូនអាចបង្កើនជំនាញធ្វើការសម្រេចចិត្ដភ្លាមៗរបស់ពួកគេ ហើយវាត្រូវបានគេរកឃើញថា ជាប់ពាក់ព័ន្ធនឹងអាកប្បកិរិយាឆេវឆាវរបស់ពួកគេផងដែរ ។
ប្រវែងស្មើគ្នានៃម្រាមនាងដៃ និងម្រាមចង្អុរដៃដែលត្រូវបានកំណត់ដោយអ័រម៉ូននៅពេលដែលគភ៌ស្ថិតនៅក្នុងស្បូននោះកាលពីមុនមកត្រូវបានអ្នកវិទ្យាសាស្ដ្ររកឃើញថា មានទំនាក់ទំនងជាមួយជោគជ័យនៅក្នុងការប្រកួតកីឡា ។
លោក ចន ខូតេស ជាអ្នកស្រាវជ្រាវមួយរូបរួមជាមួយក្រុមរបស់លោកបានរាយការណ៍កាលពីឆ្នាំមុនថា អ័រម៉ូនតេស្ដូស្ដេរ៉ូនហាក់ដូចជាជួយបង្កើនភាពជោគជ័យរយៈពេលខ្លីផ្នែកហិរញ្ញវត្ថុក្រោយពីពួកលោកបានស្រាវជ្រាវរកឃើញថា ពាណិជ្ជករនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម City ដែលមានកម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូនខ្ពស់នៅពេលព្រឹកព្រលឹម អាចរកប្រាក់ចំណូលបានច្រើនខុសពីធម្មតានៅក្នុងថ្ងៃនោះ ។
ការរកឃើញចុងក្រោយបង្អស់របស់អ្នកស្រាវជ្រាវបានផ្អែកលើការសិក្សាមួយដែលធ្វើឡើងទៅលើបុរសជាពាណិជ្ជករចំនួន ៤៤នាក់ នៅក្នុងទីក្រុងឡុង ហើយខ្លះក្នុងចំណោមពួកគេអាចរកប្រាក់ចំណូលបានដល់ទៅជាង ៤លានផោន នៅក្នុងរយៈពេលមួយឆ្នាំ ។
អ្នកស្រាវជ្រាវបានរកឃើញថា នៅក្នុងរយៈពេលសិក្សាស្រាវជ្រាវជាង ២០ខែ បណ្ដាពាណិជ្ជករដែលមានម្រាមនាងដៃវែងជាងម្រាមចង្អុរដៃអាចរកប្រាក់ចំណូលបានច្រើនជាងអ្នកដែលមានម្រាមនាងដៃខ្លីជាងម្រាមចង្អុរដៃដល់ទៅ ១១ដង ។
ការជះឥទ្ធិពលបែបជីវសាស្ដ្រទៅលើជោគជ័យនេះគឺមានកម្រិតប្រហាក់ប្រហែលគ្នាទៅនឹងការជះឥទ្ធិពលពីរយៈពេលនៃបទពិសោធន៍ការងារផងដែរ ។ ពាណិជ្ជករដែលមានបទពិសោធន៍ច្រើនបំផុតអាចរកចំណូលបានច្រើនជាងអ្នកដែលមានបទពិសោធន៍តិចបំផុតប្រមាណ ៩ដង ។
នៅពេលដែលអ្នកវិទ្យាសាស្ដ្រក្រឡេកមើលតែចំពោះក្រុមពាណិជ្ជករដែលមានបទពិសោធន៍នោះ ពួកគេបានរកឃើញថា ពាណិជ្ជករដែលមានម្រាមនាងដៃវែងជាងម្រាមចង្អុរ អាចរកប្រាក់ចំណូលបានជាមធ្យមដល់ទៅ ៨៣៨.០០០ផោន ក្នុងមួយឆ្នាំ បើប្រៀបធៀបជាមួយពាណិជ្ជករដែលមានម្រាមនាងដៃខ្លីជាងម្រាមចង្អុរដៃដែលអាចរកប្រាក់ចំណូលបានតែ ១៥៤.០០០ផោន ជាមធ្យមនោះ ។
អ្នកស្រាវជ្រាវទាំងនោះបានប្រាប់វិទ្យាស្ថាន PNAS ថា ជោគជ័យលើផ្នែកទីផ្សារហិរញ្ញវត្ថុរងឥទ្ធិពលពីកត្ដាជីវសាស្ដ្រច្រើនដូចកត្ដាបទពិសោធន៍ផងដែរ ។ ទន្ទឹមគ្នានោះដែរ អ្នកស្រារជ្រាវប៊ែលហ្សិកបានរកឃើញថា បុរសដែលមានម្រាមនាងដៃវែងជាងម្រាមចង្អុរគិតគូរអំពីសង្គមតិចតួច និងមិនសូវចំណាយប្រាក់ផ្ដេសផ្ដាសទេ ។ផ្ទុយមកវិញ បុរសដែលមានម្រាមនាងដៃខ្លីជាងម្រាមចង្អុរដៃចូលចិត្ដចំណាយប្រាក់ច្រើនបំផុត ។
លោក កូបេ មីលេត អ្នកស្រាវជ្រាវដ៏ល្បីល្បាញមួយរូបបានមានប្រសាសន៍ថា “លទ្ធផលទាំងនេះប្រាប់យើងថា កម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូនដែលគភ៌មាននៅមុនពេលចាប់កំណើតនោះបន្ដជះឥទ្ធិពលដល់អាកប្បកិរិយារបស់ពួកគេនៅរយៈពេលពេញមួយជីវិតរបស់ពួកគេ ។ លោកបានបន្ថែមថា ការសិក្សាដែលរកឃើញពីទំនាក់ទំនងនៃប្រវែងម្រាមដៃនេះក៏ត្រូវបានគេប្រទះឃើញកើតមានចំពោះស្ដ្រីផងដែរ ៕
ប្រទេសកម្ពុជាមានអាកាសធាតុក្ដៅ ហើយសើម ដីប្រកបទៅដោយជីវជាតិអនុគ្រោះដល់រុក្ខជាតិ និងដំណាំគ្រប់មុខ ដោយចេញផ្លែ-ផ្កាយ៉ាងសន្ធឹកសន្ធាប់ ផ្ដល់រសជាតិឈ្ងុយឆ្ងាញ់ទៀតផង ។ ក្នុងចំណោមរុក្ខជាតិទាំងនោះ គេសង្កេតឃើញដើមត្នោតដែលដុះនៅតាមវាលស្រែ ទីទួល ភូមិ-ស្រុក ឬតាមខ្សែបន្ទាត់ព្រំដែន ឱ្យតែមានដើមត្នោតដុះនៅទីណាទឹកដីនោះជារបស់ខ្មែរ ហើយដើមត្នោតត្រូវបានប្រជាពលរដ្ឋខ្មែរចាត់ទុកជាប្រភេទរុក្ខជាតិលេខ១ ព្រោះវាផ្ដល់នូវសារប្រយោជន៍យ៉ាងច្រើនបំផុតខុសប្លែកពីរុក្ខជាតិនានា ។ សព្វថ្ងៃនេះ សង្កេតឃើញរុក្ខជាតិប្រភេទនេះដុះនៅពាសពេញផ្ទៃប្រទេស ជាពិសេសនៅខេត្ដកំពង់ឆ្នាំង កំពង់ស្ពឺ ដែលមានដុះច្រើនជាងគេ ហើយអ្នកស្រុកបានទាញផលប្រយោជន៍ពីដើមត្នោតសម្រាប់ប្រកបរបរចិញ្ចឹមជីវិត រស់នៅយ៉ាងសុខសាន្ដទៀតផង ។
ដើមត្នោតត្រូវបានប្រជាពលរដ្ឋខ្មែរចាត់ទុកជាប្រភេទរុក្ខជាតិមានតម្លៃបំផុត និងតំណាងឱ្យភូមិសាស្ដ្រ ទឹកដីនៃប្រទេសកម្ពុជាទៀតផង គេសង្កេតឃើញដើមត្នោតដុះនៅក្បែរផ្ទះសម្បែង ភូមិស្រុក លើវាលស្រែ ទីទួល ខ្លះដុះរាយប៉ាយ ខ្លះទៀតដុះជាជួរ ចេញផ្លែផ្ការយីងរយោង មានស្លឹកពណ៌បៃតង ហើយពេលខ្លះស្លឹកងាប់ធ្លាក់មកក្រោមលម្អឱ្យដើមត្នោតមួយកម្រិតថែមទៀត ។ ដើមត្នោតមានដុះច្រើនជាងគេនៅ ខេត្ដកំពង់ឆ្នាំង និងខេត្ដកំពង់ស្ពឺ ហើយអ្នកស្រុកដែលរស់នៅតំបន់នោះ ក៏បានប្រកបរបរឡើងត្នោត ខ្លះទៀតកែច្នៃផលិតផលពីដើមត្នោតយកទៅលក់ដូរក្នុងទីផ្សារ ទទួលបានប្រាក់កម្រៃយ៉ាងច្រើនគួរជាទីពេញចិត្ដផងដែរ ។ រុក្ខជាតិត្នោតដែលដុះនៅតាមវាលស្រែ ឬនៅជិតភូមិឋាន ត្រូវបានអ្នកស្រុកនាំគ្នាកែច្នៃទាញយកផលប្រយោជន៍ទៅតាមសមត្ថភាពរៀងៗខ្លួន ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ព្រមទាំងបន្ដនូវមរតករបស់ដូនតាដែលបានបន្សល់ទុកជាច្រើនតំណមកហើយ ។ អ្នកស្រុកអាចទាញយកផលប្រយោជន៍ពីដើមត្នោតបានយ៉ាងច្រើន ដូចជា នៅពេលត្នោតចេញផ្កាមិនថា ញី ឬឈ្មោលនោះទេ គេនាំគ្នាយកបង្អោងដើមឫស្សីចងផ្អោបតាំងពីគល់រហូតដល់ធាងត្នោតឱ្យជាប់ងាយស្រួលឡើងទៅគាប ចិត និងត្រងយកទឹកជាប្រចាំថ្ងៃ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថាហេតុ ។
ខណៈពេលនោះគេឡើងទៅគាបត្នោតចំនួន៣ថ្ងៃតាមបច្ចេកទេសឱ្យបានត្រឹមត្រូវប្រចាំថ្ងៃ ពីបុរាណ រួចចិតស្ដើងៗបំផុតមួយថ្ងៃម្ដងឬពីរដង នៅពេលទឹកចេញហើយគេយកបំពង់ឫស្សី ឬជ័រ ឬស័ង្កសីក៏បាន ដោយមានចងខ្សែឱ្យជាប់ដើម្បីត្រងទឹកត្នោតកុំឱ្យធ្លាក់ទៅដី ព្រោះទឹកត្នោតមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ណាស់ ។ តាមទម្លាប់ អ្នកធ្វើត្នោតតែងឡើងយកទឹកត្នោតនៅពេលព្រឹកព្រលឹម និងពេលល្ងាចជារៀងរាល់ថ្ងៃ អ្នកខ្លះធ្វើទឹកត្នោតផ្អែមសម្រាប់ទទួលទាន និងរម្ងាស់ធ្វើស្ករផែន ឬស្ករពាងសម្រាប់លក់ឱ្យប្រជាពលរដ្ឋយកទៅទទួលទាន ខ្លះទៀតគេធ្វើទឹកត្នោតជូរ ឬផលិតជាទឹកខ្មេះសម្រាប់លក់ក្នុង និងក្រៅប្រទេស ដែលមានរសជាតិឆ្ងាញ់ មិនប៉ះពាល់ដល់សុខភាពឡើយ ។ ចំពោះត្នោតញីដែលចេញផ្លែផ្កា បើគេមិនគាបយកទឹកនោះ ផ្លែខ្ចីរបស់វាគេអាចយកទៅធ្វើបន្លែសម្រាប់ស្ល ផ្លែវាគេអាចយកគ្រាប់ទៅហូប និងធ្វើបង្អែមមានរសជាតិឈ្ងុយឆ្ងាញ់ ចំណែកផ្លែទុំគេយកទៅធ្វើនំផ្សេងៗទៅតាមទំលាប់របស់អ្នកស្រុក ។ គ្រាប់ត្នោតទុំដែលរឹងក៏អាចច្នៃជាប្រយោជន៍សម្រាប់ធ្វើកង់រទេះឱ្យក្មេងអូសលេង បង្កើតការសប្បាយមិនរំខានចំពោះឪពុកម្ដាយដែរ ហើយគ្រាប់ដែលរឹងនោះបើមានដុះសាច់ជាពន្លក់ គេអាចពុះយកទៅទទួលទានបានទៀត (ក្រពីងត្នោត) ។
ស្លឹកត្នោត អ្នកស្រុកបានច្នៃជាឧបករណ៍ និងប្រដាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃយ៉ាងច្រើនប្រភេទ ដូចជា កន្ទេល ស្លឹកកណ្ដបសម្រាប់ប្រក់ជញ្ជាំងផ្ទះ មួក ផ្លិត ស្មុក ហើយស្លឹកពេលខ្លះ ពេលកូនយំក៏អាចច្នៃធ្វើប៉ីឱ្យក្មេងផ្លុំលេងយ៉ាងសប្បាយជក់ចិត្ដ និងឫសរបស់វាត្រូវបានគេផ្សំសម្រាប់ធ្វើជាថ្នាំសម្រាប់ព្យាបាលរោគយ៉ាងពូកែស័ក្ដិសិទ្ធិទៀតផង ។ ចំណែកផ្កាដែលងាប់ធ្លាក់មកដីត្រូវគេរើសទៅដុតចម្អិនអាហារ រីឯធាងឬគៀវ គេយកទៅច្នៃធ្វើអម្បោសសម្អាតផ្ទះសម្បែង វេញធ្វើខ្សែសម្រាប់ចងគោ-ក្របី សង្រែក ហើយដើមរបស់វាកាន់តែមានប្រយោជន៍ ត្រូវគេពុះជ្រៀកសម្រាប់យកទៅធ្វើជាគ្រឿងសម្រាប់ធ្វើផ្ទះ ឬរោងគោ-ក្របី ផ្នែកដែលខ្លឹមធ្វើទូកសម្រាប់ឆ្លងឬសម្រាប់នេសាទ ពេលខ្លះគេអាចច្នៃធ្វើស្គរ លូសម្រាប់បង្ហូរទឹកក៏មានដែរ វាអាស្រ័យលើចំណេះដឹងរបស់អ្នកស្រុក និងចំណង់ចំណូលចិត្ដ ។ ដោយសារតែរុក្ខជាតិត្នោតមានអត្ថប្រយោជន៍ច្រើនយ៉ាងដែលមនុស្សមិនអាចខ្វះបានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយដើមត្នោតមានចរិតតំណាងឱ្យភូមិសាស្ដ្រ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាំដើមត្នោតដោយចាប់ផ្ដើមពីខេត្ដតាកែវ និងបន្ដដាំតាមបណ្ដាព្រំដែនទាំងអស់ទុកជាបង្គោលព្រំដែន ដែលបញ្ជាក់ថា ទីណាមានដើមត្នោត ទីនោះជាទឹកដីខ្មែរ ។ លើសពីនេះទៀតកវីនិពន្ធបានតែងជាបទចម្រៀងអួតសរសើរពីអត្ថប្រយោជន៍នៃដើមត្នោតយ៉ាងពិរោះជក់ចិត្ដ ចំណែកឯវិចិត្រករក្នុងផ្ទាំងគំនូរដែលបង្ហាញពីទេសភាពស្រុកស្រែ គេមិនដែលភ្លេចពីដើមត្នោតនោះទេ សូម្បីតែនៅបរិវេណប្រាសាទអង្គរវត្ដក៏មានដើមត្នោតដុះបង្អួតភ្ញៀវទេសចរផងដែរ ។ ក្រៅពីដើមត្នោត ប្រទេសកម្ពុជាមានដើមរុក្ខជាតិជាច្រើនប្រភេទដែលដុះនៅពាសពេញផ្ទៃប្រទេស ផ្ដល់ផ្លែផ្កា ស្លឹកសម្រាប់ទទួលទាន និងប្រើប្រាស់ព្រមទាំងបានផ្ដល់សោភ័ណភាពគួរឱ្យចាប់អារម្មណ៍ទៀតផង ៕

ដើមត្នោតក្នុងបរិវេណប្រាសាទអង្គរវត្ត

ដើមត្នោតនៅក្នុងភូមិ

ដើមត្នោតដុះនៅគុម្ពោតព្រៃក្បែរភូមិ
ខ្មែរ មានន័យថា មនុស្សមានសេចក្ដីក្សេមចូលចិត្ដបង្កបង្កើនមិនឈប់ឈរនូវទ្រព្យសម្បត្ដិជាប្រយោជន៍សង្គម ដើម្បីភាពសុខដុមរមនានៃមនុស្សខ្មែរ ។ ខ្មែរជាជាតិសាសន៍មួយមានអារ្យធម៌ខ្ពង់ខ្ពស់ ឬជាតួឯកនៃអារ្យធម៌ចាស់ជាងគេក្នុងតំបន់ ដោយមានភស្ដុតាងជាសម្បត្ដិវប្បធម៌ និងសមិទ្ធផលសង្គម បន្ដទុកជូនកូនខ្មែរជំនាន់ក្រោយសម្រាប់ជាមូលដ្ឋានគ្រឹះដើម្បីអភិវឌ្ឍន៍សង្គម ។
អារ្យធម៌ជារបៀបរស់នៅថ្លៃថ្នូររបស់មនុស្សមានវប្បធម៌រីកចម្រើននៅក្នុងទីក្រុង ឬក្នុងសង្គមគ្រប់គ្រងដោយរដ្ឋ និងច្បាប់អាចនិយាយថា ជាដំណាក់កាលរីកចម្រើនខ្ពស់នៃវប្បធម៌ និងសង្គម ។ មនុស្សមានអារ្យធម៌គេហៅថា អារ្យជន ឬអ្នកក្រុង ខ្មែរហៅថា អ្នកស្រុក ។ មនុស្សគ្រប់រូបសុទ្ធតែមានវប្បធម៌ ប៉ុន្ដែមិនមែនជាអារ្យជនទាំងអស់គ្នាឡើយ ព្រោះអារ្យជន ឬអ្នកស្រុក ជាមនុស្សរស់នៅថ្លៃថ្នូរគោរពច្បាប់ មានសីលធម៌ គុណធម៌ អភិវឌ្ឍសមត្ថភាពមិនឈប់ឈរ តាមសម័យកាល ប្រកបមុខរបរស្របច្បាប់ គាំទ្រ និងស្រឡាញ់ការបង្កបង្កើនទ្រព្យសម្បត្ដិជូនសង្គម ។
នាសតវត្សទី១នៃគ្រិស្ដសករាជ អ្នកស្រុកខ្មែរបានបង្កើតរដ្ឋក្នុងតំបន់គឺរដ្ឋ“នគរភ្នំ” ដែលចិនហៅថា ហ្វ៊ូណន ធ្វើឱ្យអារ្យធម៌ខ្មែរផុសឡើងមុនគេក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺមុនរដ្ឋចម្ប៉ារបស់ចាមដែលកើតនាសតវត្សទី២ និងរលាយទៅវិញនាសតវត្សទី១១ រដ្ឋឥណ្ឌូនេស៊ីរជ្ជកាលសៃឡិនដ្រាស កើតនាសតវត្សទី៨ ឯរដ្ឋដំបូងរបស់សៀម គឺសុខោទ័យ ទើបកើតនាគ.ស ១២៣៨ ។ អារ្យធម៌នគរភ្នំជាបុព្វហេតុបង្កការរីកចម្រើនខ្ពស់បំផុតនៃអារ្យធម៌សម័យអង្គរ (គ្រិស្ដសករាជ ៨០២-១៤៣១) និងបន្ដកេរដំណែលជាសម្បត្ដិវប្បធម៌ និងសមិទ្ធផលសង្គមសម្រាប់បច្ចុប្បន្នកាល ។ អារ្យធម៌ខ្មែរសម័យអង្គរមានទីក្រុងដ៏ប្រណីតលម្អដោយប្រាង្គប្រាសាទល្អវិចិត្រយ៉ាងច្រើន ដូចជា ប្រាសាទអង្គរវត្ដ ប្រាសាទបាយ័ន ។ល។ ដែលជាស្នាដៃខាងសិល្បៈស្ថាបត្យកម្ម និងមានប្រជាជនប្រមាណ១លាននាក់រស់នៅក្នុងក្រុងអង្គរដែលជាក្រុងធំជាងទីក្រុងជាច្រើននៅទ្វីបអឺរ៉ុបនាសម័យកាលនោះ ។
ចូរយើងក្រឡេកមើលសម្បត្ដិវប្បធម៌ខ្មែរ និងសមិទ្ធផលសង្គមសំខាន់ៗដែលបានបង្កើតឡើងតាំងពីកកើតវប្បធម៌ខ្មែរគឺ ៖
១-បុព្វការីខ្មែរបានបង្កើតអក្សរខ្មែរនាគ.ស ៦១១ មានភស្ដុតាងជាសិលាចារឹកអង្គរបុរី គ.ស ៦០០ ដើម្បីកត់ត្រាទុកដំណើរបុព្វហេតុ និងប្រវត្ដិសាស្ដ្រព្រមទាំងធ្វើជាយានសម្រាប់ការអភិវឌ្ឍសង្គមខ្មែរ ។ ប្រសិនបើប្រៀបជាមួយអក្សរសៀម អក្សរខ្មែរមានអាយុចាស់ជាង៧០០ឆ្នាំ ព្រោះអក្សរសៀមទើបកើតឡើងក្នុងរជ្ជកាលស្ដេច រាមកំហែង រវាងគ.ស ១២៧៩-១៣១៧ ។ ការបង្កើតអក្សរខ្មែរមានអត្ថន័យជាប្រវត្ដិសាស្ដ្រចំពោះខ្មែរគ្រប់គ្នា ព្រោះអក្សរខ្មែរនេះហើយជាកត្ដាសំខាន់បំផុតសម្រាប់អភិវឌ្ឍសមត្ថភាពមនុស្សខ្មែរឱ្យមានចំណេះជ្រៅជ្រះ ទើបខ្មែរជំនាន់ដើមតែងគោរពអក្សរខ្មែរជាវត្ថុសក្ការៈ ។ ផ្នែកអក្សរសាស្ដ្រខ្មែរមានស្នាដៃជាសិលាចារឹកប្រមាណ ១១៥០ ផ្ទាំង សាស្ដ្រាស្លឹករឹតជាច្រើននៅតាមវត្ដអារាម វចនានុក្រមខ្មែរសម្ដេចសង្ឃរាជ ជួន ណាត ស្នាដៃអក្សរសិល្ប៍ទាំងឡាយ ដូចជា រឿងរាមកេរ្ដិ៍ខ្មែរ ក្រុងសុភមិត្រ ចៅស្រទបចេក មរណៈមាតា សព្វសិទ្ធ កាកី ទុំទាវ ច្បាប់រាជនេតិ និងច្បាប់ផ្សេងៗទៀត ។ល។
២-ផ្នែកសិល្បៈស្ថាបត្យកម្ម ខ្មែរស្ថាបនាស្ពានថ្មបុរាណ ប្រាង្គប្រាសាទល្អវិចិត្រនានាពេញផ្ទៃប្រទេសមានប្រាសាទភ្នំដា សម្បូរព្រៃគុក ស្ពានកំពង់ក្ដី ប្រាសាទអង្គរវត្ដ បាយ័ន ព្រះវិហារ បន្ទាយឆ្មារ ។ល។ ហើយដោយសារសម្បត្ដិវប្បធម៌ជាប្រាង្គប្រាសាទទាំងនោះហើយធ្វើឱ្យអារ្យធម៌ខ្មែរកាន់តែល្បីរន្ទឺលើសកលលោក ទាក់ទាញអ្នកទេសចររាប់លាននាក់ឱ្យមកកាន់ព្រះរាជាណាចក្រកម្ពុជា បង្កបង្កើតការងារជូនកូនខ្មែរ និងផ្ដល់ប្រាក់ចំណូលរដ្ឋនាបច្ចុប្បន្ន ។
៣-អារ្យជនខ្មែរមានជំនឿគោរពអ្នកតា គោរពព្រហ្មញ្ញសាសនា គោរពធម៌ព្រះពុទ្ធ គឺ“លទ្ធិកម្មផល”និងបានបង្កើតប្រពៃណីទំនៀមទម្លាប់ដែលជាច្បាប់ល្អត្រឹមត្រូវសម្រាប់ខ្មែររស់នៅគោរពតាម និងដោះស្រាយបញ្ហាតាមច្បាប់ ។ ប្រពៃណីគោរពមេបា និងស្ដ្រីជាធំនាំឱ្យអ្នកស្រុកមានសុជីវធម៌ សេចក្ដីថ្លៃថ្នូរ គោរពចាស់ទុំ ម៉ែឪ គ្រូបាធ្យាយ ញ៉ាំងសង្គមខ្មែរមានភាពសុខដុមរមនា ។ ពិធីអាពាហ៍ពិពាហ៍ព្រះថោងតោងស្បៃនាងនាគ ជាច្បាប់គោលរបស់ខ្មែរបង្កឱ្យយុវជនយុវតីខ្មែរក្លាយជាអារ្យជនចៀសផុតពីការលួចស្រឡាញ់គ្នាតាមបែបអនារ្យជន ដូចពាក្យចាស់លោកថា ខូចគ្នាក្នុងគុម្ពចេក គុម្ពអំពៅ ។ ច្បាប់ក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរ និងជំនឿលើព្រះពុទ្ធសាសនាធ្វើឱ្យខ្មែរក្លាយជាអារ្យជន ចេះគោរពសំពះគ្នា ចេះជួយសាមគ្គីគ្នា ឧស្សាហ៍ព្យាយាមខិតខំធ្វើការ និងប្រកបការងារតាមសម្មាអាជីវោ ។ សេចក្ដីបញ្ជាក់ថាមនុស្សខ្មែរល្អ គឺយោងតាមលោក ប៉ូល ប៉េលីយ៉ូ ជនជាតិបារាំង បានសរសេរអត្ថបទចំណងជើងហ្វ៊ូណន ចុះក្នុងព្រឹត្ដិប័ត្រសាលាបារាំងចុងបូព៌ានាឆ្នាំ ១៩០៣ ថា “អ្នកស្រុកហ្វ៊ូណនមានឬកពាល្អ និងមិនចូលចិត្ដឈ្លោះគ្នាឡើយ” ។
៤-អារ្យជនខ្មែរបង្កបង្កើតនូវស្នាដៃច្រើនអនេកខាងផ្នែកសិល្បៈ ដូចជា របាំក្បាច់បុរាណ ស្បែកធំ របាំប្រជាប្រិយ បទភ្លេងបុរាណ ប្រពៃណី….។ល។ ហើយរបាំព្រះរាជទ្រព្យ និងស្បែកធំសព្វថ្ងៃ បានក្លាយជាសម្បត្ដិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។
៥-នាសតវត្សរ៍ទី២០កន្លងទៅ ខ្មែរយើងបានបង្កបង្កើតស្នាដៃថ្មីខាងអក្សរសិល្ប៍មាន រឿងកូឡាបប៉ៃលិន ផ្កាស្រពោន សូផាត….ស្នាដៃខាងភាពយន្ដ រឿងលាហើយដួងតារា កងកែវកងកម្ម ស្នាដៃថ្មីខាងចម្រៀងតូរ្យតន្ដ្រីសម័យ គឺបទចំប៉ាបាត់ដំបង ក្រុងកែប លលកញីឈ្មោល បុប្ឆាអង្គរ ចំប៉ីសៀមរាប កំពង់ធំជំរំចិត្ដ រំដួលក្រចេះ ។ល។ យើងសម្គាល់ឃើញថា សិល្បករខ្មែរជាអារ្យជននិយមច្រៀងត្រឹមត្រូវ មិនកែប្រែនូវចម្រៀងបុរាណ និងប្រពៃណី ហើយមិននិយមច្រៀងបទចម្រៀងសម័យរបស់គេទេ តែចូលចិត្ដបទចម្រៀងស្របច្បាប់ដែលបង្កបង្កើតតែងនិពន្ធថ្មី ។
៦-សព្វថ្ងៃនេះរាល់សកម្មភាពក្នុងសង្គមខ្មែរ កំពុងបន្ដពង្រឹងអារ្យធម៌ខ្មែរឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត តាមរយៈការបង្កើតច្បាប់ជាច្រើនសម្រាប់អភិរក្ស អភិវឌ្ឍវប្បធម៌ជាតិ និងគ្រប់គ្រងសង្គម ព្រមទាំងបានបង្កើតសមិទ្ធិថ្មីៗមិនឈប់ឈរជាប្រយោជន៍សាធារណៈ ដូចជា ស្ថាបនាស្ពានកំពង់ចាម ទន្លេបិទ ស្ពានស្ទឹត្រែង ផ្លូវគមនាគមន៍ជាច្រើនខ្សែ សាលារៀន វិមានថ្មីនៃរដ្ឋសភា….. ប្រព័ន្ធស្រោចស្រពនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ។ល។
ធនធានមនុស្សជាកត្ដាសំខាន់សម្រាប់សម្រេចនូវកិច្ចការអភិវឌ្ឍវប្បធម៌ និងពង្រឹងនីតិរដ្ឋ ព្រោះបើខ្វះធនធានមនុស្ស សង្គមជាតិនឹងប្រែក្លាយទៅជាប្រទេសប្រើប្រាស់ផលិតផលវប្បធម៌បរទេសទាំងស្រុង ។ ខ្វះធនធានមនុស្សនឹងគ្មានការតាក់តែងច្បាប់ថ្មីៗ គ្មានការបង្កើតសមិទ្ធផលថ្មីសម្រាប់បម្រើផលប្រយោជន៍តាមសភាពការណ៍រីកចម្រើន ហើយនឹងកើតមានបាតុភាពមិនគោរពច្បាប់រដ្ឋ សម្បត្ដិវប្បធម៌នឹងត្រូវទុកចោលដោយមិនធ្វើអាជីវកម្មទាញយកផល ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងថែមទាំងកើតមាននិន្នាការមើលស្រាលវប្បធម៌ប្រពៃណីជាតិទៀតផង ។ ហេតុនេះការអភិវឌ្ឍន៍ធនធានមនុស្សជាភារកិច្ចដែលត្រូវអនុវត្ដជាបន្ទាន់ដោយបណ្ដុះនូវសីលធម៌ គុណធម៌ និងចំណេះដឹងអំពីវប្បធម៌ជាតិ គួបផ្សំនឹងវប្បធម៌ពីខាងក្រៅគឺវិទ្យាសាស្ដ្របច្ចេកទេសថ្មី ។
យោលទៅលើសារប្រយោជន៍នៃកត្ដាមនុស្ស និងធនធានវប្បធម៌ដែលមានស្រាប់របស់កម្ពុជា យើងមានសង្ឃឹមថាកិច្ចការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិនាពេលអនាគត ពិតជាធ្វើឱ្យអារ្យធម៌ខ្មែរចម្រើនថែមទៀតនាសម័យទំនើបនេះ ជាគោលដៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បំពេញកិច្ចការអភិវឌ្ឍវប្បធម៌ខ្មែរ ដោយប្រែក្លាយព្រះរាជាណាចក្រកម្ពុជាជាមជ្ឈមណ្ឌលផ្សព្វផ្សាយវប្បធម៌ខ្មែរ តាមរយៈការបណ្ដុះកូនខ្មែរឱ្យមានសីលធម៌ គុណធម៌ សម្រាប់ប្រព្រឹត្ដសេចក្ដីថ្លៃថ្នូរតាមគំរូបុព្វការីជាអារ្យជន គឺគោរពតាមប្រពៃណីទំនៀមទម្លាប់ល្អរបស់ជាតិគោរពច្បាប់រដ្ឋ គោរពព្រះពុទ្ធសាសនា និងខិតខំបង្កើនថ្មីនូវស្នាដៃវប្បធម៌ ដើម្បីបង្កើតជាផលិតផលវប្បធម៌ ។ ប្រែក្លាយតំបន់ប្រាសាទបុរាណជារមណីយដ្ឋានទេសចរណ៍វប្បធម៌ ដោយផ្ដើមបើកតំបន់ប្រាសាទសម្បូរព្រៃគុក និងប្រាសាទបន្ទាយឆ្មារ ជារមណីដ្ឋានវប្បធម៌ ។ វិស័យច្បាប់គឺដឹកនាំការអនុវត្ដច្បាប់ កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងមានវិធានច្បាប់ ទើបបេតិកភណ្ឌវប្បធម៌នៅគង់វង់ ហើយស្នាដៃថ្មីជាផលិតផលវប្បធម៌ខ្មែរ នឹងបម្រើបាននូវសេចក្ដីត្រូវការរបស់សង្គមខ្មែរ ។
ក្នុងប្រវត្ដិសាស្ដ្រ វប្បធម៌ខ្មែរជាកត្ដាកំណត់អភិវឌ្ឍសង្គមខ្មែរ ជាសង្គមមានអារ្យធម៌នាសម័យសកលភាវូបនីកម្ម វប្បធម៌ខ្មែរជាមូលដ្ឋានគ្រឹះនៃអារ្យធម៌សម័យទំនើប ។
សារព័ត៌មានកោះសន្ដិភាព ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៩

ប្រាសាទអង្គរវត្ត មើលពីកំពូលភ្នំបាខែង

ទិដ្ឋភាពប្រាសាទបាយ័ននៅរដូវវស្សា
Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve