អាជ្ញាធរសៀមបិទការនាំចូលស្រូវពីខ្មែរ

រថយន្តដឹកស្រូវលក់ឲ្យសៀមត្រូវកកស្ទះ
ជាងមួយសបា្ដហ៍មកហើយដែលអាជ្ញាធរសៀមបិទច្រករបៀងមិនឱ្យខ្មែរនាំស្រូវចូល
តាមប្រភពព័ត៌មានបានឱ្យដឹងថា អស់រយៈពេលជាងមួយសបា្ដហ៍មកហើយដែល ភាគីសៀម បានបិទច្រករបៀងមិនឱ្យឈ្មួញនាំស្រូវចូលទៅលក់ឱ្យឈ្មួញសៀម បណ្ដាលឱ្យកកស្ទះផលស្រូវរកទី ផ្សារលក់គ្មាន ។ មានការកត់សម្គាល់ថា កន្លងមកនៅរដូវប្រមូលផលស្រូវគេឃើញមានឈ្មួញដើររកទិញ ស្រូវយ៉ាងគគ្រឹកគគ្រេង ហើយទីផ្សារស្រូវក៏មានតម្លៃធ្វើឱ្យប្រជាកសិករសប្បាយចិត្ដ ក្នុងការបង្កបង្កើនផល ទោះជាគ្មានទីផ្សារនាំចេញដោយស្របច្បាប់ក៏ដោយ ។
ប្រជាកសិករបានប្រាប់អ្នកយកព័ត៌មានថា នៅពេលពួកគាត់ប្រមូលផលស្រូវរួច ឃើញឈ្មួញដើរទិញដោយតម្លៃសមរម្យ អាចនឹងលក់បាន សម្រាប់ទូទាត់ថ្លៃកម្មករច្រូតកាត់ ថ្លៃបោកបែន និងថ្លៃជី ។ ពួកគាត់បន្ដថា ទោះជាឈ្មួញឱ្យក្នុងតម្លៃណាក៏ដោយ ក៏ត្រូវតែបង្ខំចិត្ដលក់ដែរ ដើម្បីយកប្រាក់សងការជំពាក់ និងសម្រាប់ ចាយវាយផ្គត់ផ្គង់ក្នុងក្រុមគ្រួសារ ព្រោះថាប្រជាកសិករនៅពេលធ្វើស្រែបានផល តែងនាំគ្នាលក់ស្រូវដើម្បីទិញរបស់របរឱ្យកូនរៀន និងចាយវាយតាមតម្រូវការផ្សេងៗ គឺមួយឆ្នាំមានតែម្ដងប៉ុណ្ណោះ ។ ដោយឡែក រាល់ឆ្នាំគឺស្រូវមានតម្លៃខ្ពស់ជាងឆ្នាំនេះ ហើយទិន្នផលស្រូវឆ្នាំនេះបានច្រើនជាងឆ្នាំមុនៗ ក៏ប៉ុន្ដែបែរជាតម្លៃ ស្រូវចុះថោកជាងឆ្នាំមុន ។ នៅដើមរដូវច្រូតកាត់ គឺតម្លៃស្រូវខ្ពស់មធ្យមដែលប្រជាកសិករអាចលក់ បានគ្រាន់បើ ក៏ប៉ុន្ដែរយៈពេលប៉ុន្មានថ្ងៃនេះ ស្រូវបានចុះថ្លៃយ៉ាងខ្លាំង ព្រោះតែភាគីសៀមបានបិទតាមច្រក របៀងមិនឱ្យឈ្មួញសៀមចូលមកទិញ ទើបបណ្ដាលឱ្យកកស្ទះទុកចោល ហើយស្រូវមានតម្លៃថោក ។
ឈ្មួញទិញស្រូវបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី២៧ មករា ឆ្នាំ២០០៩ ថា រយៈពេលជាងមួយសបា្ដហ៍មកហើយ ដែលភាគីសៀមបិទច្រករបៀងមិនឱ្យឈ្មួញចូលមកទិញស្រូវ បណ្ដាលឱ្យស្រូវត្រូវកកស្ទះ ហើយរកទីផ្សារនាំចេញ មិនបាន និងមានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចភ្លៀងធ្លាក់ទទឹកបណ្ដាលឱ្យស្រូវខូចខាត ។ បញ្ហាដែលសៀមបិទច្រករបៀងមិនឱ្យនាំស្រូវចេញទៅលក់នោះ គឺបណ្ដាលមកពីប្រជាពលរដ្ឋសៀមតាមជាយដែននាំគ្នាធ្វើការតវ៉ានឹងរាជរដ្ឋាភិបាលមិនឱ្យឈ្មួញចូលមកទិញស្រូវកម្ពុជា ព្រោះពួកគេចង់ឱ្យតម្លៃស្រូវប្រទេសគេខ្ពស់ និងឈ្មួញប្រមូលទិញក្នុងស្រុកឱ្យអស់ទើបអាចបើកឱ្យទិញពីប្រទេសជិតខាងបាន ។ ឈ្មួញរូបនោះបានបន្ដ ទៀតថា ស្រូវដែលទិញពីប្រជាកសិករនាំចេញយកទៅលក់នៅតាមជាយដែន គឺមានសមត្ថកិច្ចតាមផ្លូវ ឬច្រករបៀងបានកំណត់យកមួយក្បាលរថយន្ដក្នុងតម្លៃ១.៥០០ ទៅ ២.០០០បាត ។
មន្ដ្រីខេត្ដបានប្រាប់អ្នកយកព័ត៌មានថា សមាគមអ្នកទិញស្រូវមួយចំនួនបានឱ្យតម្លៃថោក ទើបបណ្ដាលឱ្យប្រជាពលរដ្ឋត្រូវលក់ឱ្យឈ្មួញនាំចេញទៅប្រទេសជិតខាងក្នុងតម្លៃខ្ពស់ជាង ៕
សារព័ត៌មានកោះសន្តិភាព ថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៩