អ្នកស្រុកការពារទួលបុរាណ “ត្រពាំងអង្គ”
ប៉ូលិស និងមេប៉េអឹមអាងអំណាចនាំគ្នាជីកទួលត្រពាំងអង្គកណ្ដាលអធ្រាត្រ
ទួលត្រពាំងអង្គដែលជាទួលបុរាណមួយ ត្រូវប្រជាពលរដ្ឋឱ្យដឹងថា បានត្រូវក្រុមប៉ូលិស និងប៉េអឹមស្រុករមាសហែកគាស់កកាយរកវត្ថុបុរាណ ដែលទង្វើនេះធ្វើឱ្យអ្នកស្រុកក្ដៅក្រហាយ ។ បាតុភាពនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៨ មករា ២០០៩ ហើយប្រជាពលរដ្ឋភូមិព្រៃតាមូ ឃុំសម្បត្ដិមានជ័យ ស្រុករមាសហែក ខេត្ដស្វាយរៀង បានទៅជួបជុំគ្នានៅទួលត្រពាំងអង្គនោះ ដើម្បីរារាំងការគាស់កកាយរុករកវត្ថុបុរាណពីសំណាក់ប៉ូលិស និងប៉េអឹមស្រុករមាសហែកនេះ ។
ទាក់ទិននឹងករណីខាងលើ លោកតាតី យ៉េត អាយុ៦៥ឆ្នាំ នៅភូមិកើតហេតុខាងលើបានឱ្យដឹងថា កាលពីថ្ងៃសុក្រ ទី១៦ មករា ឆ្នាំ២០០៩ វេលាម៉ោង៧យប់ លោកមេឃុំ និងលោកនាយប៉ុសិ៍្ដរដ្ឋបាលឃុំសម្បត្ដិមានជ័យ ព្រមទាំងកងរាជអាវុធហត្ថស្រុករមាសហែក៤នាក់ បាននាំគ្នាទៅកាន់ទួលត្រពាំងអង្គ បំណងគាស់កកាយរកវត្ថុបុរាណដែលបុព្វបុរសកប់នៅលើទួលនោះ តែត្រូវអ្នកស្រុករារាំង ។ លុះនៅថ្ងៃសៅរ៍ ទី១៧ មករា វេលាម៉ោង៣រសៀល អ្នកទាំងអស់នោះបានមកជួបមេភូមិ និងអ្នកថែរក្សាទួល សុំគាស់រកវត្ថុ បុរាណដោយនិយាយថា អាជ្ញាធរថ្នាក់លើបានយល់ព្រម និងអនុញ្ញាតឱ្យពួកគេគាស់យកវត្ថុបុរាណទៅរក្សាទុកនៅសារមន្ទីរជាតិ ។ ពេលអ្នកថែរក្សាសួររកលិខិតអនុញ្ញាតពុំមាន ហើយហេតុអ្វីបានជាមិនមកគាស់នៅពេលថ្ងៃ បែរជាមកគាស់នៅពេលយប់ ? ពួកគេឆ្លើយថា ខ្លាចផ្អើលប្រជាពលរដ្ឋ ។ ពេលនោះប្រជាពលរដ្ឋមិនយល់ព្រម តែពួកគេនិយាយថា ទោះបីមិនយល់ព្រមក៏គាស់ដែរ ពីព្រោះទួលបុរាណគឺជាសម្បត្ដិរបស់រដ្ឋ មិនមែនជាសម្បត្ដិរបស់ប្រជាពលរដ្ឋណាម្នាក់ឡើយ ហើយឥឡូវនេះ មានលោកមេឃុំ លោកនាយប៉ុសិ៍្ដ កងរាជអាវុធហត្ថស្រុកមកចូលរួម ដូច្នេះកុំរារាំងសមត្ថកិច្ច ។
លោកតាបន្ដទៀតថា លុះនៅម៉ោង៩យប់ ក្រុមលោកនាយប៉ុសិ៍្ដ និងប៉េអឹមប្រដាប់ដោយអាវុធ និងចប ក៏នាំគ្នាគាស់កកាយចំកណ្ដាលទួលនោះ ដោយមានអ្នកកាន់អាវុធឈរយាមយ៉ាងប្រុងប្រយ័ត្ន រីឯប្រជាពលរដ្ឋក្នុងភូមិប្រមាណជាង១០០នាក់នាំគ្នាទៅដេកយាមឃ្លាំមើលរហូតដល់ម៉ោង១រំលងអធ្រាត្រ ។ ក្រោយពី ជីករណ្ដៅបានទំហំ២ម៉ែត្របួនជ្រុងជំរៅ១ម៉ែត្រកន្លះ ពួកគេក៏ផ្អាកជីក ហើយនិយាយចរចាជាមួយភាគីប្រជាពលរដ្ឋឱ្យត្រឡប់ទៅផ្ទះវិញ កុំឱ្យនាំគ្នាមកមើលពួកគេអី តែប្រជាពលរដ្ឋមិនយល់ព្រម ឯក្រុមខាងលើក៏ផ្អាកជីករួចនាំគ្នាត្រឡប់ទៅវិញទាំងយប់ ។
លោកតាតី យ៉េត បានរៀបរាប់ពីប្រវត្ដិទួលត្រញំងអង្គនេះថា ទួលនេះពីដើមមានទំហំប្រមាណជា ១០០ម៉ែត្របួនជ្រុង មានដើមឈើធំៗដុះនៅលើទួល ហើយខាងកើតទួល មានស្រះ១ទំហំ៨០ម៉ែត្រ×៦០ម៉ែត្រ ជំរៅប្រមាណជា៤ម៉ែត្រ ព្រមទាំងមានព្រៃដុះជុំវិញស្រះ និងទួលនេះ ។ ក្នុងភូមិនេះ គឺសុទ្ធសឹងជាព្រៃឈើធំៗពុំមានអ្នកស្រុកមករស់នៅទេ តែនៅអំឡុងឆ្នាំ១៩៦០ ក៏មានមនុស្សមករស់នៅប្រមាណជា១០គ្រួសារ រហូតដល់ឆ្នាំ១៩៧០ អ្នកភូមិក៏នាំគ្នាត្រាយព្រៃជុំវិញស្រះ ដើម្បីដងទឹកប្រើ ហើយលោកតា កែវ ចន និងប្រពន្ធគាត់ឈ្មោះ យូ សុទ្ធ បាននាំគ្នាទៅត្រាយព្រៃលើទួលដើម្បីដាំបន្លែបង្ការ និងគ្រប់គ្រងរហូតមកដល់បច្ចុប្បន្ន ។ លោកតា កែវ ចន មានអាយុ៧៨ឆ្នាំហើយ ឯយាយ យូ សុទ្ធ អាយុ៦៨ឆ្នាំ បានទៅសុំសីល និងរស់នៅឯភ្នំពេញ ទុកឱ្យកូនចៅថែរក្សាបន្ដលើទួលអង្គនេះ ដែលនៅសល់ទំហំប្រមាណ៨០ ម៉ែត្របួនជ្រុង ដាំដើមត្នោត ដើមឫស្សី និងស្វាយចន្ទី រីឯស្រះបានរាក់អស់ហើយ ។
គាត់រំលឹកថា នៅឆ្នាំ១៩៨០ មានមនុស្សមិនស្គាល់មុខធ្លាប់មកលួចគាស់កកាយចំកណ្ដាលទួល យកកំណប់ម្ដង នៅពេលយប់ លុះព្រឹកឡើងឃើញតែស្នាមរណ្ដៅជីកជំរៅ៣ម៉ែត្រ ទំហំ២ម៉ែត្រ ឃើញនៅសល់អំបែង ខួចតូចធំ និងឆ្អឹងក្នុងពួច រាយប៉ាយនៅក្នុងរណ្ដៅ និងមាត់រណ្ដៅ ហើយបាតរណ្ដៅមានដុំឥដ្ឋធំៗនៅក្រាលខាងក្រោម តែមិនដឹងថា គេយកបានកំណប់អ្វីខ្លះទេ ។ ទួលបុរាណនេះ ទំនងជាមានអាយុរាប់ពាន់ឆ្នាំមកហើយ ហើយជាធម្មតា ទួលបុរាណនៅចំកណ្ដាលទួលគឺចាស់ទុំតែងតែកប់វត្ថុស័ក្ដិសិទ្ធិ រូបបដិមា និងនៅជុំវិញទួលខ្លះគឺកប់អិដ្ឋធាតុបុព្វបុរសជាទីគោរពបូជា ដែលមានទាំងវត្ថុមានតម្លៃជាទ្រព្យសម្បត្ដិរបស់បុព្វបុរសជំនាន់ នោះ ទើបមានជនទុច្ចរិតតែងតែមកគាស់កកាយរុករកវត្ថុបុរាណទាំងនោះ យកទៅលក់ ដែលនាំឱ្យរំខានដល់ព្រលឹងបុព្វបុរសជាទីគោរពបូជានៃប្រជាពលរដ្ឋទើបពួកគាត់នាំគ្នារារាំង ។
ចំណែកលោកមេឃុំសម្បត្ដិមានជ័យមានប្រសាសន៍បំភ្លឺថា នៅថ្ងៃទី១៧ មករា លោក សុខ សាវ៉ុន នាយប៉ុសិ៍្ដរដ្ឋបាលឃុំសម្បត្ដិមានជ័យ និងលោក ពេជ្រ កុសល ហៅម៉ៅ មេបញ្ជាការរងកងរាជអាវុធហត្ថ ស្រុករមាសហែក បានដឹកនាំកម្លាំងប៉េអឹម៤នាក់ និងមន្ដ្រីនគរបាលប៉ុសិ៍្ដម្នាក់ ព្រមទាំងឈ្មោះ ប៉ុល សាម៉ុន ដែលអះអាងថាជាអង្គរក្សបានមកសុំជីកគាស់រកកំណប់នេះ ទើបលោកឱ្យទៅសួរលោកមេភូមិព្រៃតាមូ និងម្ចាស់អ្នកថែរក្សាទួលផ្ទាល់ លុះដល់ម៉ោង៩យប់ ស្រាប់តែអ្នកទាំងនោះទៅជីកគាស់កកាយដោយប្រាប់ថា មេភូមិ និងម្ចាស់ថែរក្សាយល់ព្រមហើយ ។ រីឯលោក សុខ សាវ៉ុន នាយប៉ុសិ៍្ដរដ្ឋបាលឃុំនិយាយថា ដោយ លោក ពេជ្រ កុសល និងលោក ប៉ុល សាម៉ុន និយាយថា ពួកគេបានការអនុញ្ញាតពីអាជ្ញាធរ និងក្រសួងឱ្យមកគាស់វត្ថុបុរាណដែលជាបេតិកភណ្ឌជាតិ យកទៅទុកនៅសារមន្ទីរជាតិ ព្រោះខ្លាចជនខិលខូចលួចគាស់យកទៅលក់ ទើបលោកជឿតាម ហើយដោយលោក ប៉ុល សាម៉ុន បានអះអាងថា គាត់នៅអង្គរក្ស ទើបរូបលោកទៅចូលរួមការពារ ។
រីឯការទាក់ទងតាមទូរស័ព្ទទៅលោក ប៉ុល សាម៉ុន វិញ បានមានប្រសាសន៍ កាលពីថ្ងៃទី១៩ មករា វេលាម៉ោង៩ និង៥៦នាទីព្រឹកថា តាមពិតពេលរូបគាត់ទៅធ្វើការនៅភូមិកើតហេតុខាងលើក៏ឮថា ប្រជាពលរដ្ឋ និងអ្នកថែរក្សាទីទួលនោះរួមនឹងលោកមេភូមិគាស់រកកំណប់វត្ថុបុរាណនៅលើទួលទើបរូបគាត់ចង់ដឹងក៏ទៅមើល ។ ពេលទៅដល់បានឃើញប្រជាពលរដ្ឋ លោកមេភូមិ លោកមេឃុំ និងលោកនាយប៉ុសិ៍្ដរដ្ឋបាលឃុំនៅកន្លែងទួលនោះ ទើបរូបគាត់បញ្ចេញយោបល់ប្រាប់លោកនាយប៉ុសិ៍្ដរដ្ឋបាលឃុំថា ប្រសិនបើជីកបានវត្ថុបុរាណមែនត្រូវធ្វើកំណត់ហេតុជាលាយលក្ខណ៍អក្សរឱ្យបានត្រឹមត្រូវ និងកត់ចំនួនឱ្យបានច្បាស់លាស់ រួចបញ្ជូនទៅឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរក្សាទុកជាបេតិកភណ្ឌជាតិទៅ ពីព្រោះវត្ថុអស់ទាំងនេះ គឺជាបេតិកភណ្ឌជាតិ។
ផ្ទុយទៅវិញ លោក ខៀវ ផាត មេភូមិព្រៃតាមូបានមានប្រតិកម្មតបថា ពុំពិតដូចការលើកឡើងរបស់លោក ប៉ុល សាម៉ុន ទេ គឺរូបគាត់ និងប្រជាពលរដ្ឋរាប់រយនាក់បាននាំគ្នាទៅដេកយាមរារាំង ពុំមែនជាអ្នកទៅគាស់កកាយទេ ។ ចំណែកលោក ពេជ្រ កុសល ហៅម៉ៅ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុករមាសហែកវិញមិនអាចទាក់ទងសុំការបំភ្លឺបានទេ តែលោកមេឃុំ លោកមេភូមិ និងប្រជាពលរដ្ឋនិយាយថា ការពិតគឺលោក ពេជ្រ កុសល និងកូនចៅ៣នាក់ជាអ្នកជីកគាស់កកាយនោះ ហើយលោក ប៉ុល សាម៉ុន បានធ្វើទំនាក់ទំនងទៅលោកតាកែវ ចន ព្រមទាំងព្រះសង្ឃជាកូនលោកតា កែវ ចន សុំការគាស់កកាយនេះ ។
លោក ព្រំ ផារី អនុប្រធានការិយាល័យបេតិកភណ្ឌខេត្ដ ដែលបានចុះទៅពិនិត្យកន្លែងកើតហេតុ មាន ប្រសាសន៍ថា ដោយមានបណ្ដឹងពីលោកមេភូមិ និងប្រជាពលរដ្ឋសុំឱ្យជួយធ្វើអន្ដរាគមន៍ ទើបលោកប្រធាន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដ ចាត់រូបលោកឱ្យចុះទៅត្រួតពិនិត្យដោយសហការជាមួយលោកអធិការនគរបាលស្រុករមាសហែក ចុះធ្វើអន្ដរាគមន៍ រួចអញ្ជើញលោកសុខ សាវ៉ុន ទៅសាកសួរនៅស្រុក ។
ជាមួយនេះ លោកក៏បានសុំឱ្យលោកមេភូមិ និងលោកមេឃុំ ជួយផ្សព្វផ្សាយជួយការពារទួលបុរាណ បើមានមនុស្សចូលគាស់កកាយត្រូវរាយការណ៍ជូនសមត្ថកិច្ចរារាំងឱ្យទាន់ពេលវេលា ។ បច្ចុប្បន្ន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដ កំពុងសុំឱ្យសមត្ថកិច្ចចាត់ការចំពោះក្រុមជនអគតិដែលគាស់កកាយទួលបុរាណនេះ ៕
(សារព័ត៌មានកោះសន្តិភាព ថ្ងៃទី២០ ខែមករា ឆ្នាំ២០០៩)

ព្រះសង្ឃ និងប្រជាពលរដ្ឋលើកគ្នាមករារាំងប៉ូលិស និងប៉េអឹមជីករកកំណប់