ការប្រមូលផលស្រូវ
ការច្រូតកាត់ស្រូវ គឺជាប្រតិបត្ដិការមួយដែលយើងអនុវត្ដចុងក្រោយនៃដំណើការលូតលាស់នៃដំណាំស្រូវ ហើយក៏ជាពេលវេលាមួយដែលកសិករគ្រប់រូបទន្ទឹងរង់ចាំអស់រយៈពេលជាយូរ ក្រោយពីពួកគាត់បានចំណាយនូវកម្លាំងកាយ ថវិកា ពេលវេលា ចាប់តាំងពីការរៀបចំដី ការដាំដុះ ការថែទាំ និងការងារចុងក្រោយ គឺការប្រមូលផល ។

ការប្រមូលផល ជាកិច្ចប្រតិបត្ដិការមួយយ៉ាងសំខាន់ក្នុងការប្រមូលនូវទិន្នផលនៅក្នុងស្រែ ដោយរួម បញ្ចូលទាំងការច្រូតកាត់ ការប្រមូលកណ្ដាប់ ការបោកបែន ការហាលសម្ងួត និងការសម្អាត ។
ការច្រូតកាត់បានទាន់ពេលវេលាកំណត់ ធ្វើឱ្យយើងទទួលបាននូវទិន្នផលខ្ពស់ គុណភាពល្អប្រសើរមានតម្លៃខ្ពស់ក្នុងទីផ្សារ និងជាទីពេញចិត្ដនៃអ្នកបរិភោគ ។ ផ្ទុយទៅវិញ ប្រសិនបើយើងធ្វើការច្រូតកាត់មិនបានកំណត់តាមពេលវេលាទេនោះ ធ្វើឱ្យយើងបាត់បង់ទាំងបរិមាណ និងគុណភាពស្រូវ ។ ការច្រូតកាត់ស្រូវមុនពេលកំណត់ធ្វើឱ្យបរិមាណស្រូវ និងគុណភាពអង្ករដើមថយចុះ ។ រីឯការពន្យាពេលច្រូតកាត់ស្រូវ ពោលគឺស្រូវទុំញុះ ធ្វើឱ្យយើងបាត់បង់បរិមាណស្រូវ និងបាក់ជាកំណាត់នៅពេលកិនជាអង្ករ ។

ការកំណត់ពេលវេលាច្រូតកាត់
ក. ភាពទុំរបស់គ្រាប់ស្រូវ

មុនពេលធ្វើការច្រូតកាត់សំខាន់បំផុត ត្រូវធ្វើការវិនិច្ឆ័យភាពទុំរបស់គ្រាប់ស្រូវឱ្យបានត្រឹមត្រូវ យើង ត្រូវសង្កេតមើលស្រូវក្នុងស្រែរៀងរាល់ថ្ងៃ ដោយជ្រើសរើសយកកួរស្រូវទុំល្អ ហើយប្រឡេះយកគ្រាប់មកបកសម្បកចេញ ពិនិត្យភាពថ្លារបស់គ្រាប់ និងភាពរឹងរបស់វា។ ក្នុងកួរស្រូវមួយកួរ កាលណាយើងពិនិត្យឃើញភាពទុំរបស់វាចាប់ពី៨០-៨៥% និងផ្នែកខាងលើនៃកួរស្រូវមានពណ៌ស្លាបសេកហើយនោះ យើងអាចធ្វើការច្រូតកាត់បានហើយ ទោះជាផ្នែខាងក្រោមនៃកួរស្រូវ ភាពទុំរបស់វានៅពុំទាន់បានល្អក៏ដោយ តែវាស្ថិតនៅក្នុងដំណាក់កាលដាក់ម្សៅ ។
ខ. ការបញ្ចេញទឹកពីក្នុងស្រែ

ដើម្បីបង្ករភាពងាយស្រួលក្នុងការច្រូតកាត់ស្រូវ យើងគប្បីត្រូវបង្ហូរទឹកចេញពីស្រែឱ្យអស់ ចាប់ពី ៧-១០ថ្ងៃ មុនពេលច្រូតកាត់ ។
គ. វិធីសាស្ដ្រក្នុងការច្រូវកាត់

នៅប្រទេសកម្ពុជាយើង ការប្រមូលផលស្រូវភាគច្រើនកសិករេយើង ច្រូតកាត់ដោយដៃ ដោយប្រើ កណ្ដៀវជាឧបករណ៍សម្រាប់កាត់ដើមស្រូវ។ ដើមស្រូវដែលកាត់រួចហើយ ត្រូវបានប្រមូលចងជាកណា្ដប់ រួចហាលនៅវាលស្រែ ២-៣ថ្ងៃ ទើបដឹកជញ្ជូនទៅបោកបែន រួចហាលសម្ងួតក្នុងអត្រាសំណើមប្រមាណ ១៤% ទើបយកទៅរក្សាទុកកន្លែងមានសុវត្ថិភាព ។ តាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ការច្រូតកាត់ដោយដៃមានការបាត់បង់ច្រើនជាងការច្រូតកាត់ដោយម៉ាស៊ីន ។
-ការច្រូតកាត់ដោយម៉ាស៊ីន

បច្ចុប្បន្ននេះ បច្ចេកវិទ្យាប្រមូលផលបានអភិវឌ្ឍពីម៉ាស៊ីនពាក់កណ្ដាលស្វ័យប្រវត្ដិរហូតម៉ាស៊ីនច្រូតស្វ័យប្រវត្ដិ (Combine Harvester) ។ តាមប្រភពព័ត៌មានពីកសិករបានឱ្យដឹងថា ការច្រូតកាត់ដោយម៉ាស៊ីនស្វ័យប្រវត្ដិចំណាយថវិកាត្រឹមតែ ៣៥០.០០០រៀល ប៉ុណ្ណោះក្នុងមួយហិកតា រីឯការច្រូតកាត់ដោយដៃចំណាយពេលវេលាច្រើន ហើយមានតំលៃរហូត ៤០០.០០០រៀល ក្នុងមួយហិកតា ។


ចំណុចគួរចងចាំៈ ការច្រូតកាត់ដោយម៉ាស៊ីន ច្រូតស្វ័យប្រវត្ដិ (Combine Harvester) ធុនធំ នៅក្នុងវាលស្រែដែលមានទឹក ឬដីដែលមានសំណើមខ្ពស់ ធ្វើអោយខូចដីស្រែ នឹងបង្កឱ្យមានបញ្ហាលំបាកក្នុងការភ្ជួររាស់នៅឆ្នាំបន្ទាប់ ។
ជម្រើសសមស្របក្នុងការច្រូតកាត់ស្រូវ
|
អត្រាទុំនៃគ្រាប់ |
អត្រាសំណើម |
លក្ខណៈរូបសាស្ដ្រ |
សា្ថនភាពស្រែ |
|
ក្នុងស្រូវមួយកួរត្រូវមានភាពទុំចាប់ពី៨០-៨៥% |
អត្រាសំណើមរបស់គ្រាប់ស្រូវដែលសមស្របក្នុងការច្រូតកាត់ ២០-២៥% |
ស្រូវមានពណ៌លឿង កួរស្រូវកោងចុះ ដោយទម្ងន់របស់វា គ្រាប់អង្គរភ្លឺថា រីឯផ្នែកខាងក្រោមនៃកួរមានសម្បុរ (លឿង-បៃតង) តែដាក់គ្រាប់ពេញ |
មុនពេលច្រូតកាត់ត្រូវបង្ហូរទឹកចេញពីស្រែឱ្យបានមុន៧-១០ ថ្ងៃ |

