Chouk Khmer

January 30, 2009

អាជ្ញាធរសៀមបិទការនាំចូលស្រូវពីខ្មែរ

 រថយន្ត​ដឹក​ស្រូវ​លក់​ឲ្យ​សៀម​ត្រូវ​កក​ស្ទះ

រថយន្ត​ដឹក​ស្រូវ​លក់​ឲ្យ​សៀម​ត្រូវ​កក​ស្ទះ

ជាង​មួយ​សបា្ដហ៍​មក​ហើយ​ដែល​អាជ្ញាធរ​សៀម​បិទ​ច្រករបៀង​មិន​ឱ្យ​ខ្មែរ​នាំ​ស្រូវ​ចូល

តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ​អស់​រយៈពេល​ជាង​មួយ​សបា្ដហ៍​មក​ហើយ​ដែល​ ​ភាគី​សៀម​ ​បាន​បិទ​ច្រក​របៀង​មិន​ឱ្យ​ឈ្មួញ​នាំ​ស្រូវ​ចូល​ទៅ​លក់​ឱ្យ​ឈ្មួញ​សៀម​ ​បណ្ដាល​ឱ្យ​កកស្ទះ​ផល​ស្រូវ​រក​ទី​ ​ផ្សារ​លក់​គ្មាន ។ មានការ​កត់​សម្គាល់ថា​ ​កន្លង​មក​នៅ​រដូវ​ប្រមូល​ផល​ស្រូវ​គេ​ឃើញ​មាន​ឈ្មួញ​ដើរ​រក​ទិញ​ ​ស្រូវ​យ៉ាង​គគ្រឹក​គគ្រេង​ ​ហើយ​ទីផ្សារ​ស្រូវ​ក៏​មាន​តម្លៃ​ធ្វើ​ឱ្យ​ប្រជា​កសិករ​សប្បាយចិត្ដ​ ​ក្នុង​ការ​បង្កបង្កើន​ផល​ ​ទោះជា​គ្មាន​ទីផ្សារ​នាំ​ចេញ​ដោយ​ស្រប​ច្បាប់​ក៏​ដោយ ។

ប្រជា​កសិករ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ​នៅ​ពេល​ពួក​គាត់​ប្រមូល​ផល​ស្រូវ​រួច​ ​ឃើញ​ឈ្មួញ​ដើរ​ទិញ​ដោយ​តម្លៃ​សមរម្យ​ ​អាច​នឹង​លក់​បាន​ ​សម្រាប់​ទូទាត់​ថ្លៃ​កម្មករ​ច្រូតកាត់​ ​ថ្លៃ​បោក​បែន​ ​និង​ថ្លៃ​ជី ។​ ​ពួក​គាត់​បន្ដ​ថា​ ​ទោះជា​ឈ្មួញ​ឱ្យ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ ​ក៏​ត្រូវ​តែ​បង្ខំចិត្ដ​លក់​ដែរ​ ​ដើម្បី​យក​ប្រាក់​សងការ​ជំពាក់​ ​និង​សម្រាប់​ ​ចាយវាយ​ផ្គត់ផ្គង់​ក្នុង​ក្រុម​គ្រួសារ​ ​ព្រោះថា​ប្រជា​កសិករ​នៅ​ពេល​ធ្វើស្រែ​បាន​ផល​ ​តែង​នាំ​គ្នា​លក់​ស្រូវ​ដើម្បី​ទិញ​របស់របរ​ឱ្យ​កូន​រៀន​ ​និង​ចាយវាយ​តាម​តម្រូវការ​ផ្សេងៗ​ ​គឺ​មួយ​ឆ្នាំ​មាន​តែ​ម្ដង​ប៉ុណ្ណោះ ។ ដោយឡែក​ ​រាល់​ឆ្នាំ​គឺ​ស្រូវ​មាន​តម្លៃ​ខ្ពស់​ជាង​ឆ្នាំ​នេះ​ ​ហើយ​ទិន្នផល​ស្រូវ​ឆ្នាំ​នេះ​បាន​ច្រើន​ជាង​ឆ្នាំ​មុនៗ​ ​ក៏​ប៉ុន្ដែ​បែរជា​តម្លៃ​ ​ស្រូវ​ចុះថោក​ជាង​ឆ្នាំ​មុន ។ នៅ​ដើមរដូវ​ច្រូតកាត់​ ​គឺ​តម្លៃ​ស្រូវ​ខ្ពស់​មធ្យម​ដែល​ប្រជា​កសិករ​អាច​លក់​ ​បាន​គ្រាន់បើ​ ​ក៏​ប៉ុន្ដែ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ ​ស្រូវ​បាន​ចុះថ្លៃ​យ៉ាង​ខ្លាំង​ ​ព្រោះតែ​ភាគី​សៀម​បាន​បិទ​តាម​ច្រក​ ​របៀង​មិន​ឱ្យ​ឈ្មួញ​សៀម​ចូល​មក​ទិញ​ ​ទើប​បណ្ដាល​ឱ្យ​កកស្ទះ​ទុក​ចោល​ ​ហើយ​ស្រូវ​មាន​តម្លៃ​ថោក ។

ឈ្មួញ​ទិញ​ស្រូវ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៧​ ​មក​រា​ ឆ្នាំ​២០០៩ ​ថា​ ​រយៈពេល​ជាង​មួយ​សបា្ដហ៍​មក​ហើយ​ ​ដែល​ភាគី​សៀម​បិទ​ច្រករបៀង​មិន​ឱ្យ​ឈ្មួញ​ចូល​មក​ទិញ​ស្រូវ​ ​បណ្ដាល​ឱ្យ​ស្រូវ​ត្រូវ​កកស្ទះ​ ​ហើយ​រក​ទីផ្សារ​នាំ​ចេញ​ ​មិន​បាន​ ​និង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​ខ្លាច​ភ្លៀង​ធ្លាក់​ទទឹក​បណ្ដាល​ឱ្យ​ស្រូវ​ខូចខាត ។ បញ្ហា​ដែល​សៀម​បិទ​ច្រករបៀង​មិន​ឱ្យ​នាំ​ស្រូវ​ចេញ​ទៅ​លក់​នោះ​ ​គឺ​បណ្ដាល​មក​ពី​ប្រជាពលរដ្ឋ​សៀម​តាម​ជាយ​ដែន​នាំ​គ្នា​ធ្វើការ​​តវ៉ា​នឹង​រាជរដ្ឋាភិបាល​​មិន​ឱ្យ​ឈ្មួញ​ចូល​មក​ទិញ​ស្រូវ​កម្ពុជា​ ​ព្រោះ​ពួក​គេ​ចង់ឱ្យ​តម្លៃ​ស្រូវ​ប្រទេស​គេ​ខ្ពស់​ ​និង​ឈ្មួញ​ប្រមូល​ទិញ​ក្នុង​ស្រុក​ឱ្យ​អស់​ទើប​អាច​បើក​ឱ្យ​ទិញ​ពី​ប្រទេស​ជិតខាង​បាន ។​ ​ឈ្មួញ​រូប​នោះ​បាន​បន្ដ​ ​ទៀត​ថា​ ​ស្រូវ​ដែល​ទិញ​ពី​ប្រជា​កសិករ​នាំ​ចេញ​យក​ទៅ​លក់​នៅ​តាម​ជាយ​ដែន​ ​គឺ​មាន​សមត្ថកិច្ច​តាម​ផ្លូវ​ ​ឬ​ច្រករបៀង​បាន​កំណត់​យក​មួយ​ក្បាល​រថយន្ដ​ក្នុង​តម្លៃ​១.៥០០ ទៅ​ ២.០០០បាត ។

មន្ដ្រីខេត្ដ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ​សមាគម​អ្នកទិញ​ស្រូវ​មួយ​ចំនួន​បាន​ឱ្យ​តម្លៃ​ថោក​ ​ទើប​បណ្ដាល​ឱ្យ​​ប្រជាពលរដ្ឋ​ត្រូវ​លក់​ឱ្យ​ឈ្មួញ​នាំ​ចេញ​ទៅ​ប្រទេស​ជិតខាង​ក្នុង​តម្លៃ​ខ្ពស់​ជាង ៕

សារព័ត៌មាន​កោះសន្តិភាព ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០០៩

 

ការលក់ដូរឈាមនៅស្រុកខ្មែរបច្ចុប្បន្ន

អាថ៌​កំបាំង​ការ​ទិញ​ និង​លក់​ឈាម 

អាថ៌​កំបាំង​ការ​ទិញ​ និង​លក់​ឈាម​

មុខរបរ​មួយ​ដែល​គេ​មិន​បានដឹង ​គួរ​ឱ្យ​ព្រួយបារម្ភ​ ​និង​គ្រោះថ្នាក់​បំផុត​

ការ​លក់ដូរ​ឈាម​នៅ​ប្រទេស​កម្ពុជា​ ​គឺជា​បញ្ហា​ដ៏​សកម្ម​មួយ​ដែល​អូស​បន្លាយ​រាប់​ទស​វត្ស​មក​ហើយ​ ​ដោយ​គ្មាន​នរណា​ម្នាក់​ឬ​ស្ថាប័ន​ណា​គិតគូរ​ដល់​ឡើយ ។​ ​នៅ​ពេល​នរណា​ម្នាក់​ត្រូវការ ឈាម​គេ​ត្រូវ​តែ​ចំណាយ​ប្រាក់​ ​ហើយ​នេះ​បាន​ក្លាយជា​ប្រពៃណី​ទៅ​ហើយ ។​ ​គ្មាន​នរណា​ម្នាក់​អាច​បដិសេធ​ថា​ ​មិន​ធ្លាប់​ឮ​រឿង​នេះ​ទេ ។  អ្នកជម្ងឺ​រាប់​មិន​អស់​ទេ​ ​ដែល​ត្រូវ​ចំណាយ​ប្រាក់​ដើម្បី​យក​ទៅ​ទិញ​ឈាម ។​ ​បើ​គេ​ដើរ​មួយ​ត្រួស​តាម​មន្ទីរពេទ្យ​នានា​ ​ឬ​តាម​គ្លីនិក​ឯកជន​ធំៗ​ ​គេ​ច្បាស់​ជា​ឮ​ក្រុម​គ្រួសារ​អ្នកជម្ងឺ​ត្អូញត្អែរ​ពី​ការ​ចំណាយ​លុយ​ពី​៤០​ ទៅ​៨០​ ដុល្លារ​ ​សម្រាប់​ឈាម​មួយ​បោ្លក ។ តើ​គេ​យក​ប្រាក់​ពី​អ្នកជម្ងឺ​ទៅ​ធ្វើ​អ្វី ?

ជា​គោលការណ៍​ថា​ ​ឈាម​ត្រូវ​បាន​ផ្ដល់​ទៅ​ឱ្យ​ជន​រង​គ្រោះ​ដោយ​ពុំ​គិត​ប្រាក់​នោះ​ទេ ។ ទោះបីជា​បែប​ណា​ ​បើ​យើង​តាមដាន​រឿង​នេះ​តែ​បន្ដិច​ ​គឺ​ស្រួល​យល់​ណាស់​ ​ហើយ​គ្មាន​អ្វី​ជា​អាថ៌​កំបាំង​ទេ ។​ ​រឿង​លក់ដូរ​ឈាម​នេះ ​គឺ​គេ​មាន​ប្រព័ន្ធ​របស់​គេ​ត្រឹមត្រូវ​ណាស់​ ​មិនមែន​ចង់​ទិញ​ក៏​ទិញ​បាន​ ​ចង់​លក់​ក៏​លក់​បាន​នោះ​ឡើយ ។

តាម​សេចក្ដី​រាយការណ៍​មួយ​បានឱ្យ​ដឹង​ថា​ ​ឈ្មួញកណ្ដាល​ម្នាក់​ ​និង​ប្រពន្ធ​របស់​គាត់​ ​រកស៊ី​ជា​ឈ្មួញកណ្ដាល​លក់​ឈាម​ជាង​២០​ឆ្នាំ​មក​ហើយ ។​ ​ពួក​គេ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​មន្ដ្រី​សំខាន់ៗ​ ​រាប់​ទាំង​ពេទ្យ​បូម​ឈាម​ ​ពេទ្យ​ឡា​បូ​ ​ជា​ពិសេស​រហូត​ដល់​ចុងភៅ​ ​និង​អ្នកបើកបរ​ ​កម្មករ​…សន្ដិសុខ ។ ទោះជា​បែប​ណា​ ​ឈ្មួញ​នោះ​ត្អូញត្អែរ​ថា​ ​មិនសូវ​បាន​ចំណេញ​ទេ​ ​ព្រោះ​គេ​ត្រូវ​បែងចែក​ច្រើន​ណាស់​ ​ណាមួយ​ត្រូវ​បង់​ខែ​ ​ណាមួយ​ត្រូវ​ចែក​ចាយ​ដល់​ពួក​ពេទ្យ​គ្រប់ៗ​គ្នា​ទៀត ។​ ​តាម​ដែល​យើង​ធ្លាប់​បាន​ដឹង​ ​ពេល​លក់​ឈាម​មួយ​ ​បោ្លក​គឺ​គេ​ជម្រិត​ទារ​ពី​អ្នកជម្ងឺ​ទៅ​តាម​ស្ថានភាព​ ​បើ​ធ្ងន់​ទារ​ច្រើន​ ​មិនសូវ​ធ្ងន់​ទារ​ចុះ​បន្ដិច​ ​តែ​មាន​ស្ដង់ដា​របស់​គេ​ដែរ​ ​គឺ​ពី​៤០ ​ទៅ​ ៦០​ ដុល្លារ​ ​ជួនកាល​៨០ ​ដុល្លារ​ ផង ។​ ​ប្រាក់​នេះ​យក​មក​ផ្ដល់​ឱ្យ​ដូនណ័រ​ ​(អ្នកលក់​ឈាម​) ២​ម៉ឺន​រៀល ពួក​ពេទ្យ​៦​នាក់​ម្នាក់ៗ​១​ម៉ឺន​រៀល​ ​ពួក​ឡា​បូ​តាម​មន្ទីរពេទ្យ​ដែល​មក​យក​ឈាម​ពី​ ១០​ ​ទៅ​ ១៥​ ​ដុល្លារ​ ​ដែល​ក្នុង​នោះ​គិត​ទាំង​គ្រូពេទ្យ​ដែល​បញ្ជា​ឱ្យ​ដាក់​ឈាម​ក៏​បាន​លុយ​ពី​ ២​ ទៅ​ ៣​ ម៉ឺន​រៀល​ដែរ​ ​សម្រាប់​ឈាម​មួយ​បោ្លកៗ ។ ពេល​មាន​អ្នកជម្ងឺ​ត្រូវការ​បញ្ចូល​ឈាម​ ​ខាង​មន្ទីរពេទ្យ​ត្រូវ​ទាក់ទង​មក​ភ្លាម​ ​រួច​ហើយ​ឈ្មួញ​កណ្ដាល​ក៏​ចាត់​ចែង​ទៅ​តាម​នីតិវិធី​ជា​ធម្មតា​របស់​គេ​ គឺ​ទៅ​រក​ដូនណ័រ​ម​ក​ឱ្យ​ពួក​ពេទ្យ​ប្រចាំការ​ ​ហើយ​ដូនណ័រ​ ​(អ្នកលក់​ឈាម​) ដែល​គេ​រក​មកនេះ​រួម​មានៈ​ ​អ្នក​ហិតកាវ​ ​អ្នក​ប្រើ​គ្រឿងញៀន​ ​ក្មេង​អនាថា​តាម​ចិញ្ចើមថ្នល់​ ​ដែល​ពួក​អ្នក​ទាំង​អស់នោះ​ពុំ​មាន​សុខ​ភាព​រឹងមាំ​ទេ​ ​ហើយ​គេ​ដឹង​យ៉ាង​ប្រាកដ​ថា​ ​ពួក​អ្នក​ទាំងអស់​នោះ​ ក៏​មាន​ផ្ទុក​មេរោគ​អេដស៍​ភាគច្រើន​ទៀត​ផង ។

ទោះជា​អ្វី​ក៏​ដោយ​ ​ពួក​គេ​មាន​គ្រប់​មធ្យោបាយ​សម្រាប់​ទាក់ទង​ ​និង​ស្វែងរក​ពួកក្មេង​អនាថា​ទាំង​អស់នេះ ។ គេ​មាន​ទាំង​រថយន្ដ​ចត​ប្រចាំការ​ ​ហេតុនេះ​មិនបាច់​ព្រួយបារម្ភ​ថា​ ​ថ្ងៃត្រង់​ ​ឬ​កណ្ដាល​យប់​នោះ​ទេ​ ​សំខាន់​គឺ​ត្រូវ​ថ្លៃ​គ្នា ។ ជា​រៀងរាល់ថ្ងៃ​ ​គេ​បានដឹង​ថា​ ​គេ​ទទួលយក​ឈាម​ពី​ពួក​នេះ​ប្រមាណ​ពី​ ៣០​ ទៅ​ ៤០​ នាក់ ។ រឿង​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ​ ​គឺ​បើ​មាន​ក្រុម​គ្រួសារ​មក​បូម​ឈាម​ ​ពួក​គេ​មិនសូវ​រវីរវល់​ជាមួយ​ទេ ។​ ​គេ​ជជីក​សួរ​ដល់​ឫសគល់​តាំងពី​លាមក​ ​ពី​ទឹកមូត្រ​របស់​អ្នកជម្ងឺ​ ​បើ​មិន​ដឹង​ទេ​ ​គេ​ចោទ​អ្នក​ទាំងនោះ​ថា​ ​ជា​អ្នក​លក់​ឈាម​មក​បន្លំ​ ​ហើយ​មិន​ទទួល​យក​ទេ​ ​ដេញ​ចេញ​ឱ្យ​ទៅ​រក​អ្នក​ថ្មី​ទៀត​ ​ឯ​សម្ដី​ទៀត​សោត​ ​ដូច​ចាក់​លាមក​ទាំង​កន្ថោ​សម្រាប់​ពេទ្យ​ខ្លះ ។​ ​ម្យ៉ាងទៀត​គេ​អាច​មិន​បូម​ឈាម​ពី​យើង​ ​ដោយ​មូលហេតុ​ផ្សេងៗ​ ​ដូច​ជា​ ​ឈាម​មិន​ត្រូវ​គ្នា​ ​ឈាម​មិន​គ្រប់​ ​ឬ​ឈាម​ស្អុយ ប៉ុន្ដែ​បើជា​អ្នកលក់​ឈាម​ឱ្យ​ក្រុម​ឈ្មួញ​នោះ​វិញ​ ​គ្មាន​មូលហេតុ​ទាំងនេះ​ទេ​ ​ពួក​គេ​មិន​ដែល​ទាំង​សួរ​មួយ​ម៉ាត់​ផង​ ​គឺ​បូម​យក​តែ​ម្ដង​ ​ជួនកាល​ក្រោយ​ពី​ពេល​បូម​ ​អ្នកលក់​ឈាម​ដួល​សន្លប់​ក៏​មាន​ដែរ​ ​ដូច​កាលពី​ខែ​មុន​ ​អ្នកលក់​ឈាម​ស្រី​ម្នាក់​ដួល​សន្លប់​ដេក​ក្នុង​បន្ទប់ទឹក ។​

ចលនា​លក់​ឈាម​បច្ចុប្បន្ន​មាន​សភាព​រឹតតែ​ខ្លាំងក្លា​ទៅ​ទៀត​ គឺ​នៅ​តាម​គ្លីនិក​ឯកជន​ធំៗ​ ​ព្រោះ​ពួក​អ្នក​ចាត់​ចែង​ការ​សំខាន់ៗ​ ​ដែល​ទទួល​ខុស​ត្រូវ​បើក​ឈាម​ ​ពេល​ដែល​គ្លីនិក​ទាំងនេះ​ត្រូវការ​ឈាម​ពេល​ណា​ ​ក៏​ពួក​គេ​​រក​ឱ្យ​បាន​ដែរ ៕

ដក​ស្រង់​ពី​សារព័ត៌មាន​កោះសន្តិភាព ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០០៩

 

January 27, 2009

ព្រះបរមសារីរិកធាតុរបស់គោតមពុទ្ធ

ព្រះបរមសារីរិកធាតុ

ព្រះបរមសារីរិកធាតុ

មតិ​ប្រាកដ​និយម

ព្រះ​សារីរិក​ធាតុ​របស់​គោតម​ពុទ្ធ​ត្រូវ​បាន​គេ​ជឿ​ថា ស្ថិត​នៅ​ភាស​ពេញ​តំបន់​អាស៊ី​ដែល​ជាទី​ចាប់​​កំណើត​នៃ​ព្រះ​ពុទ្ធ​សាសនា ​តាំង​ពី​ពេល​ធ្វើ​ឈាបនកិច្ច​ព្រះ​បរម​​សព​មក​ម៉្លេះ ។ តាម​ដំណាល​ថា បន្ទាប់​ពី​ធ្វើ​ឈាបនកិច្ច​រួច ​មាន​ចម្បាំង​​​ផ្ទុះ​ឡើង​​យ៉ាង​ខ្លាំង​ក្លា ​ដើម្បី​ដណ្ដើម​យក​ព្រះ​សារីរិកធាតុ ហើយ​ដើម្បី​បញ្ចប់​នូវ​ជម្លោះ​នេះ ភាគី​ជម្លោះ​ទាំង​ឡាយ​បាន​យល់​ព្រម​ធ្វើ​ការ​​បែង​ចែក​ព្រះ​សារីរិកធាតុ​​ជា ៨ ចំណែក និង​ត្រូវ​បាន​បាំង​ដោយ​ក្លស់ (ឆត្រ) ដែល​ក្រោយ​មក ​ក្លស់​បាន​​ក្លាយ​ទៅ​ជា​និមិត្តរូប​នៃ​សិល្បៈ​ផ្នែក​ព្រះ​ពុទ្ធ​សាសនា ។ ​សារីរិកធាតុ​​ចំណែក​និមួយៗ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​នគរ​ជា​ច្រើន​ដើម្បី​បញ្ចុះ​នៅ​ក្នុង​ស្ដូប (ចេតិយ) សម្រាប់​គោរព​បូជា ។ តាម​ដំណាល​បាន​បន្ត​ទៀត​ថា ប្រហែល​ ១០០ ឆ្នាំ​ ក្រោយ​មក មាន​ស្ដេច​មួយ​អង្គ​ឈ្មោះ អសុកា ជាក្សត្រ​ដែល​មាន​ជំនឿ​មុតមាំ ជ្រះ​ថ្លា​​​លើ​ពុទ្ធ​សាសនា បាន​ផ្សព្វផ្សាយ​លទ្ធិសាសនា​នេះ​​ដុះ​ដាល និង​បាន​ប្រមែ​ប្រមូល​សារីរិកធាតុ​ទាំង​អស់ ហើយ​បាន​យក​ទៅ​បញ្ចុះ​នៅ​ក្នុង​ស្ដូប​ចំនួន ៨៤០០០ ដែល​បច្ចុប្បន្ន​ស្ដូប​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា​នានា​នៅ​អាស៊ី ។ អ្នក​មាន​ជំនឿ​ភាគ​ច្រើន​ជឿជាក់​ថា សារីរិកធាតុ​ទាំង​នេះ​បាន​សម្ដែង​នូវ​អម្ភូត​ហេតុ​​ពិសិដ្ឋ​ដ៏​មហស្ចារ្យ ។ សារីរិកធាតុ​ភាគ​ច្រើន​មាន​រូប​រាង​ដូចជា​គុលិកា​គុជ​តូចៗ ខ្លះ​​​​ស្រអាប់ ខ្លះ​​​​ថ្លា មាន​ពណ៌​ផ្សេងៗ តាម​ជំនឿ​ថា ផ្នែក​ផ្សេងៗ​នៃ​​រាង​កាយ​ព្រះ​សម្ពុទ្ធ ​ផ្ដល់​នូវ​សារីរិកធាតុ​ពណ៌​ផ្សេង​គ្នា ។ ព្រះ​សារីរិកធាតុ​​មួយ​ចំនួន​ធំ​ត្រូវ​បាន​បញ្ចុះ​នៅ​ក្នុង​ស្ដូប ហើយ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​បែង​ចែក​ដោយ​ព្រះ​សង្ឃ​ទៅ​ឲ្យ​​អ្នក​ដែល​មាន​ជំនឿ​ដើម្បី​​រក្សា​ទុក​គោរព​បូជា​លក្ខណៈ​គ្រួសារ ដែល​ករណី​ដូច​នេះ​មាន​តិច​តួច​បំផុត ។ ដោយ​ហេតុថា​ ព្រះ​សារីរិកធាតុ​​ជា​វត្ថុ​​ពិសិដ្ឋ សក្តិសិទ្ធិ ប្រកប​ដោយ​មហិទ្ធិឫទ្ធិ​ គឺ​ត្រូវ​បាន​ដាក់​ដំកល់​​ជា​សាធារណៈ​ដើម្បី​គោរព​បូជា​រួម​គ្នា​ក្នុង​ចំណោម​អ្នក​ដែល​មាន​ជំនឿ​ទាំង​ឡាយ ។​

ព្រះបរមសារីរិកធាតុ

 ព្រះបរមសារីរិកធាតុ

ការអត្ថាធិប្បាយ​តាម​បែប​សាសនា

ព្រះ​ពុទ្ធ​កិច្ច​ គឺ​កិច្ច​ដែល​ព្រះ​អរហន្ត​សម្មាសម្ពុទ្ធ​ទាំង​ឡាយ​ទ្រង់​ប្រតិបត្តិ​ជានិច្ច​ក្រោយ​អំពី​ត្រាស់​ដឹង​នូវសព្វញ្ញតញ្ញាណ​ដោយ​បញ្ញា​ដ៏​កំពូល​របស់​ព្រះអង្គ ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បំពេញ​ពុទ្ធ​ចរិយា​ដែល​ជា​ប្រយោជន៍​ដល់​សត្វ​លោក ទ្រង់​ត្រាស់​សម្ដែង​ធម៌​ប្រោស​វេនេយ្យ​សត្វ​ដោយ​ព្រះ​មហា​ករុណា​របស់​ព្រះ​អង្គ ទ្រង់​ដឹក​នាំ​សត្វ​លោក​ឲ្យ​ប្រកប​ដោយ​សេចក្ដី​សុខ ឲ្យ​តាំង​នៅ​ក្នុង​សរណៈ​ឲ្យ​រួច​ផុត​ចាក​ទុក្ខ​ឲ្យ​បន្លុំ​អមត​ធម៌ មិន​ថា​ព្រះ​អង្គ​គង់​ក្នុង​ទី​ណា​ទេ ព្រះ​អង្គ​ទ្រង់​មិន​លះ​នូវ​កិច្ច​៥​យ៉ាង​គឺ ​កិច្ច​ក្នុង​បុរេភត្ត កិច្ច​ក្នុង​បច្ឆាភត្ត កិច្ច​ក្នុង​បឋម​យាម កិច្ច​ក្នុង​មជ្ឈិម​យាម និង​កិច្ច​ក្នុង​បច្ឆិម​យាម ដូច​បោរាណាចារ្យ​ប្រព័ន្ធ​ជា​គាថា​ទុក​ថា ៖

«ព្រះ​សម្មាសម្ពុទ្ធ​ជា​ចម្បង​ជាង​អស់​អ្នក​ប្រាជ្ញ ទ្រង់​ជម្រះ​នូវ​ពុទ្ធ​កិច្ច​ទាំង​ឡាយ​៥​ប្រការ​នេះ គឺ​ក្នុង​ពេល​ព្រឹក​ទ្រង់​ត្រាច់​ទៅ​បិណ្ឌ​បាត​១ ក្នុង​ពេល​ល្ងាច​ទ្រង់​សម្ដែង​ធម៌​ទេសនា​១ ក្នុង​ពេល​ព្រលប់​ទ្រង់​ប្រទាន​ឱវាទ​ដល់​ពួក​ភិក្ខុ​១ ក្នុង​ពេល​អាធ្រាត​ទ្រង់​ដោះ​ប្រស្នា​នៃ​ទេវតា​១ ក្នុង​ពេល​ជិត​ភ្លឺ​ទ្រង់​ប្រមើល​មើល​នូវ​សត្វ​លោក​ដែល​គួរ​ត្រាស់​ដឹង​និង​មិន​គួរ​ត្រាស់​ដឹង​១ ។»

ព្រះ​ពុទ្ធ​អង្គ​ទ្រង់​បំពេញ​ពុទ្ធកិច្ច​អស់​៤៥ ឆ្នាំ​ហើយ ក្នុង​ថ្ងៃ​អង្គារ ១៥​កើត ខែ​ពិសាខ មុន​ពុទ្ធ​សករាជ​១​ថ្ងៃ ព្រះ​អង្គ​ទ្រង់​ចូល​បរិនិព្វាន​ក្រោម​សាលព្រឹក្ស​ទាំង​គូ ដោយ​អនុបាទិសេស​និព្វាន ។ ព្រះ​បរម​សព​នៃ​ព្រះ​អរហន្ត​សម្មាសម្ពុទ្ធ ត្រូវ​ពួក​មនុស្ស ទេវតា ព្រហ្ម ជាដើម​នាំ​គ្នា​បូជា​យ៉ាង​សន្ធឹក​សន្ធាប់​ជាទី​បំផុត ហើយ​បាន​ដង្ហែ​យក​ទៅ​បូជា​ត្រង់​មកុដ​ពន្ធន​ចេតិយ ។ ក្នុង​ថ្ងៃ​ទី​៧ បន្ទាប់​ពី​ព្រះអង្គ​ទ្រង់​បរិនិព្វាន ព្រះ​បរមសព​ដែល​តម្កល់​លើ​ចិតកាធាន ត្រូវ​ភ្លើង​ឆេះ​ឡើង​ដោយ​អំណាច​នៃ​ទេវតា​បណ្ដាល​ឲ្យ​ឆេះ​ព្រះ​បរមសព​នៃ​ព្រះ​ដ៏​មាន​ព្រះភាគ​អស់​រូបរាង​កាយ ធារទឹក​បាន​ធ្លាក់​ហូរ​ចុះ​ពី​លើ​អាកាស​បាន​ពន្លត់​ចិតកាធាន​របស់​ព្រះសាស្ដា នៅ​សល់​តែ​ព្រះបរមធាតុ​នៃ​ព្រះ​ដ៏​មាន​ព្រះភាគ​ប៉ុណ្ណោះ ។ ពួក​មល្ល​ក្សត្រ​បាន​អារាធនា​ព្រះបរម​សារីរិក​ធាតុ​ទាំង​អស់​ទៅ​ដាក់​ទុក​ក្នុង​សុវណ្ណទោណ​ប្រោស​ព្រំ​ដោយ​ទឹក​ក្រអូប​គ្រប់​ប្រភេទ រោយរាយ​គន្ធជាតិ​ក្នុង​សុវណ្ណទោណ ហើយ​បាន​នាំ​សុវណ្ណទោណ​ទៅ​ប្រតិស្ឋាន​លើ​ដំរី​ដែល​ប្រដាប់​តាក់​តែង​ហើយ និង​បូជា​ដោយ​វត្ថុ​ទាំង​ឡាយ​ដោយ​មាន​កម្រង​ផ្កា និង​គ្រឿង​ក្រអូវ​ជា​ដើម ហើយ​ក៏​នាំ​យក​ព្រះ​បរម​សារីរិក​ធាតុ​ចូល​ទៅ​កាន់​ក្នុង​នគរ តម្កល់​ទុក​លើ​សត្តរតន​មយបល្ល័ង្ក គឺ​បល្ល័ង្ក​ដែល​ធ្វើ​ដោយ​រតន​៧​ប្រការ ក្នុង​សណ្ឋាគារ​បាំង​ស្វេតឆ័ត្រ​ពី​ខាងលើ ហើយ​នាំ​គ្នា​រៀបចំ​ធ្វើ​សក្ការបូជា​ចំពោះ​ព្រះ​បរម​សារីរិកធាតុ​នៃ​ព្រះ​ដ៏​មាន​ព្រះភាគ រហូត​អស់​៧​ថ្ងៃ​ទៀត ។

មកុដពន្ធនចេតិយ ស្ថានទីបូជាព្រះបរមសព​នៃ​ព្រះសម្មាសម្ពុទ្ធ

មកុដពន្ធនចេតិយ ស្ថានទីបូជាព្រះបរមសព​នៃ​ព្រះសម្មាសម្ពុទ្ធ

ក្នុង​កាលណោះ​ព្រះរាជា​ក្នុង​ដែន​ផ្សេងៗ​មាន​ព្រះបាទ​មាគធអជាសត្តុ​ជាដើម​ទ្រង់​បាន​ឮ​ដំណឹង​ថា ព្រះ​ដ៏មាន​ព្រះ​ភាគ​ទ្រង់​បរនិព្វាន​ហើយ​ក្នុង​ក្រុង​កុសិនារាថា ព្រះ​ដ៏មាន​ព្រះភាគ​ជាក្សត្រ យើង​ក៏​ជា​ក្សត្រ យើង​គួរ​បាន​ចំណែក​នៃ​ព្រះ​សារីរិកធាតុ​របស់​ព្រះ​ដ៏​មាន​ព្រះភាគ​ដែរ​ យើង​ធ្វើ​ស្ដូប​ផង ការ​បូជា​ផង​ចំពោះ​ព្រះ​សារីរិកធាតុ​នៃ​ព្រះ​ដ៏​មាន​ព្រះភាគ ។ តែ​ពួក​មល្លក្សត្រ​គិត​ថា ធម្មតា​ពុទ្ធ​រតនៈ​ជា​វត្ថុ​ដ៏​ប្រសើរ​បំផុត​ក្នុង​លោក ព្រម​ទាំង​ទេវលោក ក៏​រតនៈ​នេះ​កើត​ក្នុង​គាមក្ខេត្ត​របស់​យើង យើង​មិន​ព្រម​ឲ្យ​ដល់​អ្នក​ណា​ទេ ។

កាលបើ​ពួក​មល្លក្សត្រ​មិន​ព្រម​ចែក​ព្រះ​សារីរិកធាតុ​យ៉ានេះ ព្រះវាជា និង​ព្រាហ្មណ៍​ទាំង​អស់​នោះ ចាប់​ផ្ដើម​នាំ​គ្នា​ធ្វើ​ចម្បាំង​ដើម្បី​ដណ្ដើម​យក​ព្រះ​សារីរិកធាតុ ។ ក៏​រៀប​ចំ​កង​ទ័ព​រៀងៗ​ខ្លួន​ដើម្បី​ឡោម​ព័ទ្ធ​ក្រុង​កុសិនារា ។ ឯ​ពួក​មល្ល​ក្សត្រ​អ្នក​ក្រុង​កុសិនារា​វិញ ក៏​បាន​រៀប​ចំ​កង​ទ័ព​ត​តាំង​ច្បាំង​វិញ​ដែរ ។ ក្នុង​កាល​ណោះ​ទោណព្រាម្មណ៍​ជាអាចារ្យ​របស់​ក្សត្រ និង​ព្រាហ្មណ៍​ទាំង​នោះ ឃើញ​ការ​វិវាទ​ទាស់​ទែង​គ្នា​ដោយ​សារ​ព្រះ​សារីរិកធាតុ​ជា​រឿង​មិនសម​គួរ​ទាល់​តែ​សោះ ទើប​ឡើង​ទៅ​ឈរ​លើ​កំពែង​ទី​ខ្ពស់​ស្រែក​ឡើង​ថា ៖

«លោក​ទាំង​ឡាយ​ដ៏​ចម្រើន សូម​ស្ដាប់​ពាក្យ​ខ្ញុំ​មួយ​មាត់​សិន ព្រះ​ពុទ្ធ​ជា​ម្ខាស់​នៃ​យើង ព្រះ​អង្គ​ជា​ខន្តិវាទ ការ​ប្រហារ​គ្នា ច្បាំង​គ្នា​ព្រោះ​ចំណែក​នៃ​ព្រះ​សារីរិកធាតុ​របស់​ឧត្ដម​បុរស​នេះ​មិន​ប្រពៃ​ឡើយ ។ បពិត្រ​លោក​ដ៏​ចម្រើន​ទាំង​ឡាយ យើង​ទាំង​អស់​គ្នា​គួរ​តែ​ស្រុះ​ស្រួល​គ្នា ព្រម​ព្រៀង​គ្នា រីករាយ​រក​គ្នា ចែក​ព្រះ​សារីរិកធាតុ​ឲ្យ​ជា​៨​ចំណែក ព្រះ​ស្ដូប​ទាំង​ឡាយ សូម​ផ្សាយ​ទៅ​ក្នុង​ទិស​ទាំង​ឡាយ​ចុះ ពួក​ជន​ច្រើន​ជ្រះ​ថ្លា​ចំពោះ​ព្រះ​សម្ពុទ្ធ​មាន​ចក្ខុ​មិន​លែង ។»

កាល​ទោណព្រាហ្មណ៍​ពោល​ពាក្យ​នេះ​លើក​ទី​១ គ្មាន​អ្នកណា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ ព្រោះ​ម្នាក់​ៗ​គិត​តែ​ថា​ត្រូវ​ច្បាំងៗ ។ តែ​អាស្រ័យ​ទោណព្រាហ្មណ៍​ជា​អាចារ្យ​របស់​ក្សត្រ និង​ព្រាហ្មណ៍​ទូទាំង​ជម្ពូទ្វីប​ មិន​មាន​ក្សត្រ និង​ព្រាហ្មណ៍​ណា​មួយ​ថា​មិន​ស្គាល់​ឡើយ ។ ទើប​ទោណព្រាហ្មណ៍​ស្រែក​ប្រកាស​យ៉ាង​ខ្លាំង​ជា​ពីរ​ដង​ថា ៖

«ពួក​លោក​ចាំ​សម្លេង​អាចារ្យ​របស់​ខ្លួន​មិន​បាន​ទេ​ឬ ។ ប្រសិន​បើ​ចាំ​បាន​ សូម​ស្ងាត់​ស្ងៀម​គ្រប់​ៗ​គ្នា ហើយ​ស្ដាប់​វាចា​ដែល​ខ្ញុំ​ពោល ។»

ពួក​ក្សត្រ​ទាំង​នោះ បាន​ឮ​សម្លេង​ស្រែក​ឡើង​នោះ​ក៏​ចាំ​បាន​ថា នេះ​ជា​សម្លេង​របស់​ទោណព្រាហ្ម​ជា​អាចារ្យ​របស់​ខ្លួន ហើយ​ក៏​នាំ​គ្នា​ស្ងៀម​ស្ងាត់​ទៅ ។ ទោណព្រាហ្មណ៍​ក៏​ប្រកាស​ឡើង​ដូច​ពាក្យ​មុន​នោះ​ឯង ដើម្បី​បបួល​គ្នា​ចែក​ព្រះ​បរម​សារីរិកធាតុ​ឲ្យ​ជា​៨​ចំណែក​សម្រាប់​ក្សត្រ និង​ព្រហ្មណ៍​៨​នគរ ដែល​មក​ជួប​ជុំ​គ្នា​នៅ​ពេល​នោះ ។ ក្សត្រ និង​ព្រាហ្មណ៍​ព្រម​តាម​ទោណព្រាហ្មណ៍ មាន​ឆន្ទៈ​តែ​មួយ​ថា​នឹង​ចែក​ឲ្យ​បាន​ស្មើ​ៗ​គ្នា ។ ទោណព្រាហ្មណ៍​បាន​ដឹង​ពី​ការ​ព្រម​ព្រៀង​គ្នា​របស់​ក្សត្រ​ និង​ព្រាហ្មណ៍​ទាំង​នោះ​ហើយ ក៏​បាន​បញ្ជា​ឲ្យ​គេ​បើ​តុម្ព​មាស​ឡើង​ដើម្បី​ចែក​ព្រះ​បរមសារីរិកធាតុ ។ ពេល​នោះ ព្រះរាជា​ទាំង​ឡាយ​បាន​ឈរ​នៅ​ជិត​ឯ​តុម្ព​មាស​នោះ ឃើញ​នូវ​ព្រះធាតុ​មាន​ពណ៌​ដូច​មាស​ក៏​ខ្សឹម​ខ្សួល​កន្ទក់​កន្ទេញ​ថា ព្រះ​ដ៏​មាន​ព្រះភាគ​ជា​សព្វញ្ញូ​ក្នុង​កាល​មុន​ យើង​បាន​ឃើញ​សរីរៈ​របស់​ព្រះ​អង្គ​មាន​ពណ៌​ដូច​មាស​ដែល​ប្រដាប់​តាក់​តែង​ហើយ​ដោយ​បុរិស​លក្ខណៈ ៣២ ប្រការ ដែល​មាន​ឆព្វណ្ណរង្សី ៦ ប្រការ និង​លម្អ​រុងរឿង​ទៅ​ដោយ​អនុព្យញ្ជនៈ ៨០ ឥឡូវ​នេះ​នៅ​សល់​តែ​ព្រះ​ធាតុ​មាន​ពណ៌​ដូច​មាស​ប៉ុណ្ណោះ ។ ឯ​ទោណព្រហ្មណ៍​ដឹង​នូវ​សេចក្ដី​ប្រមាទ​របស់​ក្សត្រ និង​ព្រហ្មណ៍​ទាំង​នោះ ក៏​ចាប់​យក​ទក្ខិណទាឋៈ គឺ​ចង្កូម​កែវ​ខាង​ស្ដាំ ដាក់​ក្នុង​ចន្លោះ​ឈ្នួត​ក្បាល ។ កាល​បើ​ក្សត្រ និង​ព្រាហ្មណ៍​ទាំង​នោះ បន្ទោបង់​សេចក្ដី​សោក​ខ្សឹក​ខ្សួល​ហើយ ក៏​បាន​នាំ​គ្នា​ចែក​នូវ​ព្រះ​ធាតុ​នោះ​ជា ៨​ ចំណែក គឺ ៖

  1. ព្រះ​បាទ​មាគធអជាសត្តុ​វេទេហីបុត្រ បាន​ទទួល​ព្រះ​ធាតុ​មួយ​ចំណែក​គឺ ២ នាឡិ យក​ទៅ​បញ្ចុះ​ក្នុង​ស្ដូប (ព្រះ​ចេតិយ) ក្នុង​រាជ​គ្រឹះ ។
  2. ពួក​ក្សត្រ​លិច្ឆវី បាន​ទទួល​មួយ​ចំណែក​គឺ ២ នាឡិ យក​ទៅ​បញ្ចុះ​ក្នុង​ស្ដូប​ក្រុង​វេសាលី ។
  3. ពួក​ក្សត្រ​អ្នក​ក្រុង​កបិលវត្ថុ បាន​ទទួល​មួយ​ចំណែក​គឺ ២ នាឡិ យក​ទៅ​បញ្ចុះ​ក្នុង​ស្ដូប ក្រុង​កបិលវត្ថុ ។
  4. ពួក​ក្សត្រ​ថូលិ អ្នក​ក្រុង​អល្លកប្បៈ បាន​ទទួល​មួយ​ចំណែក​គឺ ២ នាឡិ យក​ទៅ​បញ្ចុះ​ក្នុង​ស្ដូប ក្រុង​អល្លកប្បៈ ។
  5. ពួក​ក្សត្រ​កោឡិយៈ អ្នក​រាមគ្រាម បាន​ទទួល​មួយ​ចំណែក​គឺ ២ នាឡិ យក​ទៅ​បញ្ចុះ​ក្នុង​ស្ដូប ក្រុង​រាមគ្រាម ។
  6. ព្រាហ្មណ៍​អ្នក​វេដ្ឋទីបកៈ បាន​ទទួល​មួយ​ចំណែក​គឺ ២​ នាឡិ យក​ទៅ​បញ្ចុះ​ក្នុង​ស្ដូប ក្នុង​ដែន​វេដ្ឋទីបកៈ ។
  7. ពួក​មល្ល​ក្សត្រ​ក្រុង​បាវ បាន​ទទួល​មួយ​ចំណែក​គឺ ២ នាឡិ យក​ទៅ​បញ្ចុះ​ក្នុង​ស្ដូប ក្នុង​ក្រុង​បាវា ។
  8. ពួក​មល្ល​ក្សត្រ​អ្នក​ក្រុង​កុសិនារា បាន​ទទួល​មួយ​ចំណែក​គឺ​ ២​ នាឡិ យក​ទៅ​បញ្ចុះ​ក្នុង​ស្ដូប ក្នុង​ក្រុង​កុសិនារា ។

ក្នុង​កាល​ណោះ ស្ដេច​សក្កទេវរាជ​ទ្រង់​រមិល​មើល​ថា អ្នក​ណា​យក​ចង្កូប​កែវ​ខាង​ស្ដាំ​ទៅ ? ក៏​បាន​ដឹង​ថា​ទោណព្រាហ្មណ៍​ជា​អ្នក​យក​ទុក​ក្នុង​ចន្លោះ​ឈ្នួត​ក្បាល ក៏​បាន​គិត​ថា ទោណព្រាហ្មណ៍​នេះ មិន​អាច​ធ្វើ​សក្ការៈ​គោរព​បូជា​ចំពោះ​ចង្កូមកែវ​នេះ​បាន​ទេ ហើយ​ក៏​យក​ចង្កូម​កែវ​ពី​ទោណព្រាហ្មណ៍​នោះ​ទៅ ។ ឯ​ទោណព្រាហ្មណ៍​កាល​ចែក​ព្រះ​ធាតុ​អស់​ហើយ ក៏​យក​ដៃ​ចាប់​មើល​ចង្កូម​កែវ​ត្រង់​ឈ្នួត​ក្បាល​មិន​ឃើញ តែ​មិន​អាច​សួរ​ថា អ្នក​ណា​យក​ចង្កូម​កែវ​ទៅ ? ព្រោះ​ខ្លួន​ជា​ម្ចាស់​ចំណែក​ហើយ ។ ទោណព្រាហ្មណ៍​គិត​ថា បើ​ដូច្នោះ​អាត្មាអញ​នឹង​សូម​តុម្ព​នេះ​ជំនួស​ចង្កូម​កែវ​វិញ ។ ទើប​ពោល​ឡើង​ថា បពិត្រ​លោក​ដ៏​ចម្រើន ខ្ញុំ​សូម​តុម្ព​នេះ​ទៅ​បញ្ចុះ​ក្នុង​ស្ដូប គ្រាន់​បាន​ធ្វើ​សក្ការៈ​គោរព​បូជា ។ ព្រះ​រាជា​ទាំង​ឡាយ​ក៏​ព្រម​អនុញ្ញាត​ឲ្យ​ដល់​ទោណព្រាហ្មណ៍​នោះ ។ ចំណែក​ពួក​ក្សត្រ​មោរិយៈ​អ្នក​ក្រុង​បិប្ផលិវ័ន មក​សូម​ព្រះ​ធាតុ​ក្រោយ​គេ​មិន​បាន ក៏​សូម​យក​ព្រះ​អង្គារៈ​គឺ​ធ្យូង​យក​ទៅ​ធ្វើ​ស្ដូប ធ្វើ​ការ​បូជា​ក្នុង​ក្រុង​របស់​ខ្លួន ។

ព្រះបរមសារីរិកធាតុ (ធ្មេញ)  

ព្រះបរមសារីរិកធាតុ (ធ្មេញ)

នៅ​ក្នុង​គម្ពីរ​ពុទ្ធវំស​របស់​ប្រទេស​ភូមា (ច្បាប់​ឆដ្ឋសង្គាយនា) និង​គម្ពីរ​ពុធ្ធវំស (ច្បាប់​មហាចុឡាតិបិដក ភាគ​៣៣ ទំព័រ​៥៧៩ ប្រទេស​ថៃ) មាន​បាលី​ប្រាកដ​ពណ៌នា​ពី​រឿង​ព្រះធាតុ​នេះ តែ​ក្នុង​គម្ពីរ​ពុទ្ធវំស​បិដក​ខ្មែរ​យើង​លេខ​៧៧ គ្រាន់​តែ​លើក​យក​បាលី​ពី​បិដក​ភូមា​មក​ដាក់​ជា​លេខ​យោង​ត្រង់​ទំព័រ​២៣៧ បន្ទាត់​ទី​១០ ប៉ុណ្ណោះ ។

ឯ​បាលី​នោះ​ថា ៖

«ព្រះ​សារីរិកធាតុ​ទាំង​ឡាយ​នោះ ដែល​មិន​បែក​ចេញ​មាន ៧ អង្គ​គឺ ព្រះ​ឧណ្ហីស​ធាតុ (ឆ្អឹង​ថ្ងាស) ១ ព្រះ​ទាឋ​ធាតុ (ចង្កូម​កែវ) ៤ ព្រះ​អក្ខក​ធាតុ (ឆ្អឹង​ដង​កាំបិត) ២ ព្រះ​សារីរិក​ធាតុ​ដ៏​សេស​សល់​ក្រៅ​ពី​នោះ​សុទ្ធ​តែ​បែក​ចេញ (ជា​ចំណែក​តូចៗ) ។»

ព្រះ​បរម​ធាតុ​ទាំង​ឡាយ​មាន​ខ្នាត​ផ្សេងៗ​គ្នា​គឺ ព្រះ​ធាតុ​ខ្នាត​ធំ​ មាន​ទំហំ​ប៉ុន​គ្រាប់​សណ្ដែក​បាយ ព្រះ​ធាតុ​ខ្នាត​កណ្ដាល ​មាន​ទំហំ​ប៉ុន​កំណាត់​គ្រាប់​អង្ករ​បាក់ ព្រះ​ធាតុ​ខ្នាត​តូច មាន​ទំហំ​ប៉ុន​គ្រាប់​ស្ពៃ ។

ព្រះ​បរម​ធាតុ​ទាំង​ឡាយ មាន​ពណ៌​ផ្សេងៗ​គ្នា​គឺ ព្រះ​ធាតុ​ខ្នាត​ធំ​មាន​ពណ៌​ដូច​មាស ព្រះ​ធាតុ​ខ្នាត​កណ្ដាល​មាន​ពណ៌​ដូច​កែវ​មុក្ដា ព្រះ​ធាតុ​ខ្នាត​តូច​មាន​ពណ៌​ដូច​ផ្កា​ម្លិះ រួម​ទាំង​អស់​ប្រមាណ ១៦ នាឡិ ស្មើ ១ ទោណ ។

នៅ​ក្នុង​គម្ពីរ​សុមង្គលវិលាសិនី អដ្ឋកថា មហាបរិនិព្វាន​សូត្រ ៥/៣៤៧ បាន​សម្ដែង​ថា ៖

«ចុះ​ព្រះ​ធាតុ​របស់​ព្រះ​សម្មាសម្ពុទ្ធ​បរម​សាស្ដា​បែក​ជា​ចំណែក​ប៉ុន្មាន ? មិន​បែក​ប៉ុន្មាន​ដែរ ? ព្រះ​បរម​ធាតុ​ព្រះ​សម្មាសម្ពុទ្ធ​នៃ​យើង​ មិន​បែក​ជា​ចំណែក​តូចៗ​មាន ៧ គឺ ព្រះ​ចង្កូម​កែវ ៤ ដង​កាំបិត ២ ថ្ងាស ១ ឯ​ព្រះ​ធាតុ​ដ៏​សេស​សល់​ក្រៅ​ពី​នោះ សុទ្ធ​តែ​ជា​ចំណែក​តូចៗ ។ បណ្ដា​ព្រះ​ធាតុ​ទាំង​នោះ ព្រះ​ធាតុ​តូច​បំផុត​ប៉ុន​គ្រាប់​ស្ពៃ ព្រះ​ធាតុ​ខ្នាត​កណ្ដាល​ប៉ុន​គ្រាប់​អង្ករ​បាក់​ពាក់​កណ្ដាល ព្រះ​ធាតុ​ខ្នាត​ធំ​បំផុត​ប៉ុន​គ្រាប់​សណ្ដែក​បាយ​បាក់​ពាក់​កណ្ដាល ។»

សេចក្ដី​បញ្ជាក់ៈ នៅ​ក្នុង​បទ​នមស្សការ​ត្រង់​ធាតុ​ចេតិយ​នមស្សការ​គាថា ដែល​រៀប​រៀង​ដោយ បណ្ឌិត សែម សូរ ក្នុង​សៀវភៅ​ប្រជុំ​ភាណវារ​បាលី​ប្រែ​ពិស្ដារ ត្រង់​ទំព័រ​៣០៣ បន្ទាត់​ទី​១៣ ដែល​គាថា​នេះ​បាន​ដក​ចេញ​ពី​គម្ពីរ​បឋម​សម្ពោធិ​ត្រង់​ទំព័រ​២៦០ តែ​មិន​ត្រឹម​ត្រូវ​តាម​គម្ពីរ​ព្រះ​ត្រៃ​បិដក ដែល​មាន​ក្នុង​គម្ពីរ​ពុទ្ធវំស​បិដក​លេខ​៧៧ ទំព័រ​២៣៧ បន្ទាត់​ទី​១១ នោះ​ទេ ។ ដូច​គាថា​ក្នុង​ព្រះ​ត្រៃ​បិដក​​ថា មុត្តា​វណ្ណា ច មជ្ឈិមា ព្រះធាតុ​ខ្នាត​កណ្ដាល​មាន​ពណ៌​ដូច​កែវ​មុក្ដា តែ​ក្នុង​បឋម​សម្ពោធិ និង​យើង​ធ្លាប់​សូត្រ​មក​ថា មជ្ឈិមា ផលិកប្បភា ព្រះធាតុ​ខ្នាត​កណ្ដាល​មាន​ពណ៌​ដូច​កែវ​ផលិក ដូច្នេះ​គាថា​នេះ ប្រាកដ​ជា​មិន​ត្រឹម​ត្រូវ​តាម​ព្រះត្រៃ​បិដក​ទេ ។ ដូច​គាថា​ក្នុង​ព្រះត្រៃបិដក​មួយ​បាទ​ទៀត​ថា ខុទ្ទកា មកុលវណ្ណា ច ព្រះ​ធាតុ​ខ្នាត​តូច​មាន​ពណ៌​ដូច​ផ្កា​ម្លិះ ស្រាប់​តែ​ក្នុង​បឋម​សម្ពោធិ និង​យើង​ធ្លាប់​សូត្រ​មក​ថា ខុទ្ទកា ពកុលវណ្ណា ព្រះធាតុ​ខ្នាត​តូច​មាន​ពណ៌​ដូច​ផ្កា​ថ្កុល បាទ​គាថា​នេះ ក៏​មិន​ត្រឹម​ត្រូវ​តាម​ព្រះត្រៃ​បិដក និង​អដ្ឋកថា ព្រោះ​ហេតុ​នេះ មិន​អាច​កាន់​យក​បាន​ឡើយ ។ តាម​ពិត​ មកុល ស័ព្ទ​មិនមែន​ប្រែ​ថា ផ្កា​ម្លិះ​តែ​ម្ដង​ទេ តែ​ក្នុង​គាថា​នេះ អាស្រ័យ​ច្បាប់​ឆ័ន្ទ​ទើប​កាត់​ពាក្យ សុមនៈ ចេញ​ដែល​ប្រែ​ថា ផ្កា​ម្លិះ​នោះ ។ ពាក្យ​ថា មកុល ក្នុង​គម្ពីរ​អភិធានប្បទីបិកា និង​អភិធានប្បទីបិកា​ដីកា​ត្រង់​សូត្រ​៥៤៤ ថា មកុល (មុច មោចនេ + ឧល) ប្រែ​ថា ផ្កា​ឈើ​ក្ដោប ឬ​ផ្កា​ឈើ​ក្រពុំ វិ. មុចតីតិ មកុលោ ផ្កា​ឈើ​ដែល​លាស់​ចេញ ឈ្មោះ​ថា មកុល (អាទេស គឺ​ផ្លាស់ ឧ ជា អ, ច ជា ក) ។ មាន​ក្នុង​អដ្ឋកថា មជ្ឈិម​និកាយថា កមលុប្បលាទីនី ឯកស្មឹ កាលេ វិកសន្តិ ឯកស្មឹ មកុលនិ ហោន្តិ ។ ផ្កា​ឈូក​ក្រហម និង​ឧប្បល​ជា​ដើម​តែង​រីក​ក្នុង​វេលា​មួយ​ តែង​ក្ដោប​ទៅ​ក្នុង​វេលា​មួយ ។ ចុះ​ពាក្យ​ថា មកុល ប្រែ​ថា ក្ដោប ឬ​ក្រពុំ ហេតុ​អ្វី​បាន​ជា​ហ៊ាន​ប្រែ​ថា ផ្កា​ម្លះ​នោះ​ទៅ​វិញ ? បាន​ជា​ហ៊ាន​ប្រែ​ថា​ផ្កា​ម្លិះ​នោះ ព្រោះ​អាង​គម្ពីរ​សុមង្គលវិលាសិនី អដ្ឋកថា មហាបរិនិព្វាន​សូត្រ ៥/៣៤៧ ថា ៖

«ព្រះ​ធាតុ​ទាំង​ឡាយ​ដែល​នៅ​សេស​សល់​ប្រាកដ ដូច​ផ្កា​ម្លិះ​ក្រពុំ​ខ្លះ ដូច​កែវ​មុក្ដា​ដ៏​ស្អាត​ខ្លះ ដូច​លម្អិត​មាស​ខ្លះ ។»

ដូច្នេះ​ក្នុង​អដ្ឋកថា​បាន​បញ្ជាក់​ហើយ​ថា សុមនមកុលសទិសា ប្រាកដ​ដូច​ផ្កា​ម្លិះ​ក្រពុំ​ជាក់​ច្បាស់​ទៅ​ហើយ និង​គម្ពីរ​ជិនកាលមាលីបករណ៍ (១/៣៩) បាន​សម្ដែង​ថា ៖

«បណ្ដា​ព្រះ​បរម​សារីរិកធាតុ​នោះ ព្រះ​ធាតុ​ខ្នាត​តូច​ប៉ុន​គ្រាប់​ស្ពៃ ។ ព្រះធាតុ​កណ្ដាល​ប៉ុន​គ្រាប់​អង្ករ​បាក់​ពាក់​កណ្ដាល ។ បណ្ដា​ព្រះ​បរម​សារីរិកធាតុ​នោះ ព្រះ​ធាតុ​ខ្នាត​តូច​មាន​ពណ៌​ប្រាកដ​ដូច​ផ្កា​ម្លិះ​ក្រពុំ ។ ព្រះ​ធាតុ​កណ្ដាល​មាន​ពណ៌​ប្រាកដ​ដូច​កែវ​មុក្ដា​ដ៏​ស្អាត ។ ព្រះ​ធាតុ​ខ្នាត​ធំ​មាន​ពណ៌​ប្រាកដ​ដូច​ជា​មាស ។»

ព្រម​ទាំង​ក្នុង​គម្ពីរ​បបញ្ចសូទនី​អដ្ឋកថា មជ្ឈិមនិកាយ ពាកុល​សូត្រ​ត្រង់​សុញ្ញតវគ្គ​បាន​បញ្ជាក់​ធាតុ​ព្រះ​ពាកុលៈ​មាន មកុល ស័ព្ទ​ដែរ​ថា ៖

«ព្រះ​ធាតុ​ទាំង​ឡាយ​នោះ​ឯង​នៅ​សេល​សល់​ប្រាកដ​ដូច​ផ្កា​ម្លិះ​ក្រពុំ ។»

តាម​ទឡ្ហីករណ៍​ដែល​បាន​លើក​ឡើង​ខាង​លើ​នេះ ព្រះ​ធាតុ​ខ្នាត​តូច​គឺ​មាន​ពណ៌​ដូច​​ផ្កា​ម្លិះ​ក្រពុំ មិន​មែន​ពណ៌​ដូច​ផ្កា​ថ្កុល​ទេ ដោយ​ហេតុ​ថា​ពាក្យ ពកុល មិន​មាន​ក្នុង​បិដក និង​អដ្ឋកថា​ដែល​ជា​ច្បាប់​ដើម​​នោះ​ទេ ។ ដូច្នេះ​ យើង​ទាំង​អស់​គ្នា​គប្បី​កែ​បទ​នមស្សការ​នេះ​ឲ្យ​ត្រឹម​ត្រូវ​តាម​ព្រះ​ត្រៃ​បិដក និង​អដ្ឋ​កថា​វិញ ។

នៅ​ក្នុង​សុមង្គលវិលាសិនី អដ្ឋកថា មហាបរិនិព្វាន​សូត្រ​ប្រាប់​ថា ៖

«ព្រះ​បរមធាតុ​រួម​ទាំង​អស់ ១៦ នាឡិ ដោយ​នាឡិ​តាម​ប្រក្រតី (អដ្ឋកថា ទីឃនិកាយ ៥/៣៥៦) ។»

នៅ​ក្នុង​សុត្តន្តបិដក ទីឃនិកាយ មហាវគ្គ (១៦/៣៤៩/១០) ថា ៖

«ព្រះ​បរម​ធាតុ​របស់​ព្រះ​សម្ពុទ្ធ​មាន​ចក្ខុ មាន​ចំនួន ៨ ទោណ ។»

យើង​ត្រូវ​គិត​ពី​មាគធ​នាឡិ (បាកតិ​នាឡិ) និង​ទោណ​នេះ​ឲ្យ​បាន​ច្បាស់​លាស់​ដើម្បី​ដឹង​ពី​ប្រមាណ​នៃ​ព្រះ​ធាតុ​នេះ ។ តាម​គម្ពីរ​អភិធានប្បទិបិកា គាថាទី​៤៨២‑៣ ត​ទៅ ៖

  • ១ បសតៈ ជា ១ កុឌុវៈ
  • ៤ កុឌុវៈ ជា ១ បត្ថៈ
  • ៤ បត្ថៈ ជា អាឡ្ហក
  • ៤ អាឡ្ហក ជា ១ ទោណ ។

តាម​មាត្រា​វាស់​នេះ ស​ឲ្យ​ឃើញ​ថា ៤ កំបង់​ដៃ​ ស្មើ ១ បត្ថៈ គឺ ១ នាឡិ តាម​ប្រក្រតី ។ ដូច​ពាក្យ​ក្នុង​វិសុទ្ធិមកញក មហាដីកា (២/១៦៧) ថា ៤ កឌុវៈ ជា ១ នាឡិ ។

ក្នុង​សុមង្គលវិលាសិនី អដ្ឋកថា ទីឃនិកាយ (២/២១៨) និង​ក្នុង​សមន្តប្បាសាទិកា វេរញ្ជកណ្ឌវណ្ណនា (១/៣៤០‑៣៤១) ថា ឈ្មោះ​ថា បត្ថៈ គឺ​មាន​ប្រមាណ​ប៉ុន​នាឡិ​ត្រឹម​ល្ម​ដើម្បី​ចិញ្ចឹម​បុរស​ម្នាក់ៗ​ឲ្យ​ប្រព្រឹត្ត​ទៅ​បាន ។

សរុប​ព្រះ​ធាតុៈ

៤ កុឌុវៈ ជាមួយ​នាឡិ​តាម​ប្រក្រតី ៤ នាឡិ​តាម​ប្រក្រតី ជាមួយ អាឡ្ហក ៤ អាឡ្ហក ជា ១ ទោណ ។ ដូច្នេះ ៤ x ៤ = ១៦ គឺ ១៦ នាឡិ​តូច​ស្មើ ១ ទោណ ។

ព្រះ​បរម​សិរីរិកធាតុ​សរុប​ទាំង​អស់​មាន ១៦ នាឡិ ស្មើ ១ ទោណ ប៉ុណ្ណោះ​តាម​ន័យ​ក្នុង​អដ្ឋកថា ។ តែ​ព្យញ្ជនៈ​ក្នុង​សុត្តន្តបិដក ទីឃនិកាយ មហាវគ្គ (១៦/៣៤៩/១០) ថា ព្រះ​បរម​សារីរិក​ធាតុ​របស់​សម្ពុទ្ធ​មាន​ចក្ខុ​មាន​ចំនួន ៨ ទោណ ។ បើ​មាន​ ៨ ទោណ មែន​នោះ​គឺ ១៦ x ៨ = ១២៨ នាឡិ ទៅ​ហើយ តែ​អដ្ឋកថា​បញ្ជាក់​ថា មាន​តែ ១៦ នាឡិ​ធម្មតា​ប៉ុណ្ណោះ ។ ហើយ​គួរ​ឲ្យ​សង្ស័យ​ដល់​អ្នក​សិក្សា​ទៀត​នោះ គឺ​ក្នុង​សារត្ថទីបនីដីកា (១/២២៣) ព្រះ​សារីបុត្រ​ជា​គន្ថរចនាចារ្យ​បាន​ខៃ​ពន្យល់​ពី​ព្រះ​ធាតុ​ដែល​បាន​ត​មក​ពី​រាមគ្រាម​ចំនួន ១ ទោណ ថា ៖

«ពាក្យ​ថា ត្រឹម ១ ទោណ គឺ​ស្មើ​ប្រមាណ ១៦ នាឡិ ដោយ​នាឡិ​មគធ ។ តាម​ក្នុង​ដីកាខៃ​ពន្យល់​ព្រះ​បរម​ធាតុ​មាន​ចំនួន ១២៨ នាឡិ តែ​តាម​ពិត ព្រះ​បរម​ធាតុ​មាន​តែ ១៦ នាឡិ ស្មើ​នឹង ១ ទោណ ទេ ។»

ចុះ​ពាក្យ​ថា ព្រះ​បរមធាតុ​មាន ៨ ទោណ ដែល​មាន​ក្នុង​សុត្តន្តបិដក ទីឃនិកាយ មហាវគ្គ ភាគ​១៦ ទំព័រ​៣៤៩ បន្ទាត់​ទី​១០ នោះ​យ៉ាង​ណា​ទៅ​វិញ ? ពាក្យ​នេះ​អដ្ឋកថា​ប្រាប់​ថា ៖

«ក៏​គាថា​ទាំង​ឡាយ​មាន​ពាក្យ​ជា​ដើម​ថា ព្រះបរមធាតុ​របស់​ព្រះ​សម្ពុទ្ធ​មាន​ចក្ចុ​ មាន​ចំនួន ៨ ទោណ ដូច្នេះ​ជា​ដើម គឺ​ព្រះ​ថេរៈ​ទាំង​ឡាយ អ្នក​នៅ​ក្នុង​កោះ​តាម្ពបណ្ណិទ្វីប (ប្រទេស​សិរីលង្កា​សព្វថ្ងៃ) ពោល​ទុក​ហើយ ។»

តាម​គាថា​ពន្យល់​ក្នុង​គម្ពីរ​បឋមសម្ពោធិ​ត្រង់​ទំព័រ​២៦១ បាន​ចង្អុល​បង្ហាញ​ប្រាប់​ថា ព្រះ​ថេរៈ​ក្នុង​កោះ​តាម្ពបណ្ណិទ្វីប​នោះ​មិន​បាន​គិត​ពី​មាត្រា​វាស់​ទេ លោក​ចង​គាថា​ឲ្យ​គិត​យ៉ាង​នេះ​ថា ១ ទោណ ស្មើ ២ នាឡិ ដូច្នេះ ៨ x ២ = ១៦ នាឡិ ។ សូម្បី​គម្ពីរ​ដទៃ​មាន​គម្ពីរ​ជិនកាលមាលីបករណ៍ (១/៣៩) ក៏​បាន​ពន្យល់​យ៉ាង​ជាក់​ច្បាស់​ដែរ​ថា ក៏​ធាតុ​ទាំង​ឡាយ​របស់​ព្រះ​ដ៏​មាន​ព្រះភាគ​នៃ​យើង​មាន​ត្រឹម ១៦ នាឡិ ។

ហើយ​ធ្វើ​ឲ្យ​យើង​លែង​សង្ស័យ​គ្រាន់​ពាក្យ​ថា ៨ ទោណ ដែល​មាន​ក្នុង​បិដក​ទៀត​នោះ ព្រោះ​ក្នុង​អដ្ឋកថា (៥/៣៥៦) បាន​បញ្ជាក់​ពី​ព្រះ​ធាតុ​ចែក​ឲ្យ​ទៅ​ទាំង ៨ នគរ​នោះ​ថា ៖

«ព្រះ​រាជា និង​ព្រាហ្មណ៍​អ្នក​ក្នុង​នគរ​និមួយៗ បាន​ទទួល​ចំណែក​ព្រះ​ធាតុ​ ២ នាឡិៗ (ក្នុង​មួយ​នគរៗ) ។»

ចំណែក​ព្រះ​ធាតុ​ដែល​ប្រទេស​សិរីលង្កា​បាន​ត​មក​ពី​រាមគ្រាម​នោះ ក៏​បាន​ចំណែក​តែ​ ២ នាឡិ​ដែរ មិន​មែន ១៦ នាឡិ ដូច​ដីកា​ពោល​នោះ​ទេ ។

ដូច្នេះ​សរុប​គ្រប់​គម្ពីរ​មក ព្រះ​បរម​ធាតុ មាន ១៦ នាឡិ ស្មើ ១ ទោណ ។

ខ្នាត ពណ៌ និង បរិមាណ របស់​សម្ភិន្នធាតុ

ព្រះធាតុ​ខ្នាត​ធំ

  1. ខ្នាតៈ   គ្រាប់​សណ្ដែក​បាយ
  2. ពណ៌ៈ   ពណ៌មាស
  3. បរិមាណៈ   ៥ នាឡិ

ព្រះ​ធាតុ​ខ្នាត​កណ្ដាល

  1. ខ្នាតៈ   ប៉ុន​គ្រាប់​អង្ករ​បាក់
  2. ពណ៌ៈ   កែវ​មុក្ដា
  3. បរិមាណៈ   ៥ នាឡិ

ព្រះធាតុ​ខ្នាត​តូច

  1. ខ្នាតៈ   ប៉ុន​គ្រាប់​ស្ពៃ
  2. ពណ៌ៈ   ដូច​ផ្កា​ម្លិះ​ក្រពុំ
  3. បរិមាណៈ   ៦ នាឡិ ។

មាន​អ្នក​សាក​សួរ​ថា ហេតុ​អ្វី​ទើប​ព្រះធាតុ​របស់​ព្រះ​អរហន្តសម្មាសម្ពុទ្ធ​មាន​បំណែក​បែក​ជា​ចំណែក​តូចៗ​យ៉ាង​នេះ ? ប្រស្នា​នេះ​លុះ​ណា​តែ​យើង​សិក្សា​ពី​ព្រះ​គុណ​របស់​ព្រះ​សម្ពុទ្ធ​ដែល​ព្រះ​អង្គ​ទ្រង់​មាន​សព្វញ្ញូតញ្ញាណ ទ្រង់​មាន​ព្រះ​ទ័យ​ករុណា​ចំពោះ​សត្វ​លោក​យ៉ាងណា ដូច​ព្រះ​អង្គ​ទ្រង់​សឹង​លើ​គ្រែ​បរិនិព្វាន​ ទ្រង់​បាន​អធិដ្ឋាន​ឲ្យ​ព្រះធាតុ​បែក​ជា​ចំណែក​តូចៗ (ជិនកាលមាលីបករណ៍ ១/៣៩) ថា ៖

«តថាគត​មិន​ស្ថិត​នៅ​យូរ​អង្វែង​ទេ នឹង​បរិនិព្វាន​ទៅ សាសនា​តថាគត​នៅ​មិន​ទាន់​ផ្សាយ​ទៅ​គ្រប់​ទី​កន្លែង​នៅ​ឡើយ ព្រោះ​ហេតុ​នេះ កាល​បើ​តថាគត​បរិនិព្វាន​ទៅ​ហើយ មហាជន​ទទួល​យក​នូវ​ព្រះ​ធាតុ​សូម្បី​ប៉ុន​គ្រាប់​ស្ពៃ​ ហើយ​ធ្វើ​ចេតិយ​ក្នុង​ទី​នៅ​របស់​ខ្លួនៗ ហើយ​គោរព​បូជា កាល​ត្រាច់​ទៅ​នឹង​មាន​សួគ៌​ក្នុង​ខាង​មុខ ។ ព្រោះ​ហេតុ​នោះ ព្រះ​ធាតុ​បែក​ចេញ​ជា​ចំណែក​តូចៗ​ខ្លះ មិន​បែក​ចេញ​ខ្លះ ។»

អដ្ឋកថា ទីឃនិកាយ មហាវគ្គ ៥/៣៤៧ ថា ៖

«ព្រះអរហន្តសម្មាសម្ពុទ្ធ​ព្រះ​អង្គ​ទ្រង់​បំពេញ​ពុទ្ធចរិយា​អស់ ៤៥ វស្សា ដើម្បី​ប្រយោជន៍​ដល់​សត្វ​លោក សូម្បី​ព្រះអង្គ​ទ្រង់​បរិនិព្វាន​ទៅ​ហើយ ក៏​ព្រះ​អង្គ​នៅ​តែ​បំពេញ​ប្រយោជន៍​ដល់​សត្វ​លោក​ទៀត ដូច​ព្រះ​អង្គ​ទ្រង់​អធិដ្ឋាន​ឲ្យ​ព្រះ​ធាតុ​បែក​ជា​ចំណែក​តូចៗ ដើម្បី​ផ្សាយ​ទៅ​គ្រប់​ទី​កន្លែង​សម្រាប់​ជា​គ្រឿង​សក្ការៈ​គោរព​បូជា​របស់​ពុទ្ធបរិស័ទ នឹង​បាន​សម្រេច​នូវ​ស្ថាន​សួគ៌ និង​ព្រះនិព្វាន​ក្នុង​កាល​ខាង​មុខ ៕»

ព្រះបរមសារីរិកធាតុ (សាច់)

 ព្រះបរមសារីរិកធាតុ (សាច់)

ព្រះបរមសារីរិកធាតុ (ព្រះកេស និង​ឈាម)

 ព្រះបរមសារីរិកធាតុ (ព្រះកេស និង​ឈាម)

ព្រះបរមសារីរិកធាតុ (ថ្ងាស)

 ព្រះបរមសារីរិកធាតុ (ថ្ងាស)

 

ព្រះបរមសារីរិកធាតុ (ឈាម)

 ព្រះបរមសារីរិកធាតុ (ឈាម)

ព្រះបរមសារីរិកធាតុ (ធ្មេញ)

 ព្រះបរមសារីរិកធាតុ (ធ្មេញ)

 

January 21, 2009

អ្នកស្រុកការពារទួលបុរាណ “ត្រពាំងអង្គ”

ប៉ូលិស ​និង​មេ​ប៉េអឹម​អាង​អំណាច​នាំ​គ្នា​ជីក​ទួល​ត្រពាំង​អង្គ​កណ្ដាល​អធ្រាត្រ

ទួល​ត្រពាំង​អង្គ​ដែល​ជា​ទួល​បុរាណ​មួយ​ ​ត្រូវ​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា​ ​បាន​ត្រូវ​ក្រុម​ប៉ូលិស​ ​និង​ប៉េ​អឹ​ម​ស្រុក​រមាសហែក​គាស់​កកាយ​រក​វត្ថុ​បុរាណ​ ​ដែល​ទង្វើ​នេះ​ធ្វើ​ឱ្យ​អ្នកស្រុក​ក្ដៅ​ក្រហាយ ។ បាតុភាព​នេះ​ ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៨​ ​មករា​ ​២០០៩ ហើយ​ប្រជាពលរដ្ឋ​ភូមិ​ព្រៃតាមូ​ ​ឃុំ​សម្បត្ដិ​មាន​ជ័យ​ ​ស្រុក​រមាសហែក​ ​ខេត្ដ​ស្វាយរៀង​ ​បាន​ទៅ​ជួបជុំ​គ្នា​នៅ​ទួល​ត្រពាំង​អង្គ​នោះ​ ​ដើម្បី​រារាំង​ការ​គាស់​កកាយ​រុករក​វត្ថុ​បុរាណ​ពី​សំណាក់​ប៉ូលិស​ ​និង​ប៉េអឹម​ស្រុក​រមាសហែក​នេះ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​ ​លោកតា​តី​ ​យ៉េ​ត​ ​អាយុ​៦៥​ឆ្នាំ​ ​នៅ​ភូមិ​កើត​ហេតុ​ខាងលើ​បាន​ឱ្យ​ដឹង​ថា​ ​កាល​ពី​ថ្ងៃ​សុក្រ​ ​ទី​១៦​ ​មក​រា​ ​ឆ្នាំ​២០០៩​ ​វេលា​ម៉ោង​៧​យប់​ ​លោក​មេឃុំ​ ​និង​លោក​នាយ​ប៉ុសិ៍្ដ​រដ្ឋបាល​ឃុំ​សម្បត្ដិ​មានជ័យ​ ​ព្រមទាំង​កង​រាជ​អាវុធហត្ថ​ស្រុក​រមាសហែក​៤​នាក់​ ​បាន​នាំ​គ្នា​ទៅ​កាន់​ទួល​ត្រពាំង​អង្គ​ ​បំណង​គាស់​កកាយ​រក​វត្ថុ​បុរាណ​ដែល​បុព្វបុរស​កប់​នៅ​លើ​ទួល​នោះ​ ​តែ​ត្រូវ​អ្នកស្រុក​រារាំង ។ លុះ​​នៅ​ថ្ងៃ​សៅរ៍​ ​ទី​១៧​ ​មក​រា​ ​វេលា​ម៉ោង​៣​រសៀល​ ​អ្នក​ទាំង​អ​ស់នោះ​បាន​មក​ជួប​មេ​ភូមិ​ ​និង​អ្នក​ថែរក្សា​ទួល​ ​សុំ​គាស់​រក​វត្ថុ​ ​បុរាណ​ដោយ​និយាយ​ថា​ ​អាជ្ញាធរ​ថ្នាក់លើ​បាន​យល់ព្រម​ ​និង​អនុញ្ញាត​ឱ្យ​ពួក​គេ​គាស់​យក​វត្ថុ​បុរាណ​ទៅ​​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ ។​ ​ពេល​អ្នក​ថែរក្សា​សួរ​រក​លិខិត​អនុញ្ញាត​ពុំ​មាន​ ​ហើយ​ហេតុ​អ្វី​បាន​ជា​មិន​មក​គាស់​នៅ​ពេល​ថ្ងៃ​ ​បែរជា​មក​គាស់​នៅ​ពេល​យប់ ? ពួក​គេ​ឆ្លើយ​ថា​ ​ខ្លាច​ផ្អើល​ប្រជាពលរដ្ឋ ។ ពេល​នោះ​ប្រជាពលរដ្ឋ​មិន​យល់ព្រម​ ​តែ​ពួក​គេ​និយាយ​ថា​ ​ទោះបី​មិន​យល់ព្រម​ក៏​គាស់​ដែរ​ ​ពីព្រោះ​ទួល​បុរាណ​គឺជា​សម្បត្ដិ​របស់​រដ្ឋ​ ​មិនមែន​ជា​សម្បត្ដិ​របស់​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឡើយ​ ​ហើយ​ឥឡូវនេះ​ ​មាន​លោក​មេឃុំ​ ​លោក​នាយ​ប៉ុ​សិ៍្ដ​ ​កង​រាជ​អាវុធហត្ថ​ស្រុក​មក​ចូលរួម​ ​ដូច្នេះ​កុំ​រារាំង​សមត្ថកិច្ច ។

លោកតា​បន្ដ​ទៀត​ថា​ ​លុះ​នៅ​ម៉ោង​៩​យប់​ ​ក្រុម​លោក​នាយ​ប៉ុសិ៍្ដ​ ​និង​ប៉េអឹម​ប្រដាប់​ដោយ​អាវុធ និង​ចប​ ​ក៏​នាំ​គ្នា​គាស់​កកាយ​ចំ​កណ្ដាល​ទួល​នោះ​ ​ដោយ​មាន​អ្នក​កាន់​អាវុធ​ឈរ​យាម​យ៉ាង​ប្រុង​ប្រយ័ត្ន​ ​រីឯ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ប្រមាណ​ជាង​១០០​នាក់​នាំ​គ្នា​ទៅ​ដេក​យាម​ឃ្លាំ​មើល​រហូត​ដល់​ម៉ោង​១​រំលង​អធ្រាត្រ ។ ក្រោយ​ពី​ ​ជីក​រណ្ដៅ​បាន​ទំហំ​២​ម៉ែត្រ​បួន​ជ្រុង​ជំរៅ​១​ម៉ែត្រ​កន្លះ​ ​ពួក​គេ​ក៏​ផ្អាក​ជីក​ ​ហើយ​និយាយ​ចរចា​ជាមួយ​ភាគី​ប្រជាពលរដ្ឋ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ កុំឱ្យ​នាំ​គ្នា​មក​មើល​ពួក​គេ​អី​ ​តែ​ប្រជាពលរដ្ឋ​មិន​យល់ព្រម​ ​ឯ​ក្រុម​ខាងលើ​ក៏​ផ្អាក​ជីក​រួច​នាំ​គ្នា​ត្រឡប់​ទៅ​វិញ​ទាំង​យប់ ។

លោកតា​តី​ ​យ៉េ​ត​ ​បាន​រៀបរាប់​ពី​ប្រវត្ដិ​ទួល​ត្រ​ញំ​ង​អង្គ​នេះ​ថា​ ​ទួល​នេះ​ពី​ដើម​មាន​ទំហំ​ប្រមាណ​ជា​ ​១០០ម៉ែត្របួនជ្រុង មាន​ដើមឈើ​ធំៗ​ដុះ​នៅ​លើ​ទួល​ ​ហើយ​ខាងកើត​ទួល​ ​មាន​ស្រះ​១​ទំហំ​៨០​ម៉ែត្រ​×​៦០​ម៉ែត្រ​ ​ជំរៅ​ប្រមាណ​ជា​៤​ម៉ែត្រ​ ​ព្រមទាំង​មានព្រៃ​ដុះ​ជុំវិញ​ស្រះ​ ​និង​ទួល​នេះ ។​ ​ក្នុង​ភូមិ​នេះ​ ​គឺ​សុទ្ធ​សឹង​ជា​ព្រៃឈើ​ធំៗ​ពុំ​មាន​អ្នកស្រុក​មក​រស់​នៅទេ​ ​តែ​នៅ​អំឡុង​ឆ្នាំ​១៩៦០​ ​ក៏​មាន​មនុស្ស​មក​រស់នៅ​ប្រមាណ​ជា​១០​គ្រួសារ​ ​រហូត​ដល់​ឆ្នាំ​១៩៧០​ ​អ្នក​ភូមិ​ក៏​នាំ​គ្នា​ត្រាយ​ព្រៃ​ជុំវិញ​ស្រះ​ ​ដើម្បី​ដងទឹក​ប្រើ​ ​ហើយ​លោក​តា កែវ​ ​ចន​ ​និង​ប្រពន្ធ​គាត់​ឈ្មោះ ​យូ​ ​សុទ្ធ​ ​បាន​នាំ​គ្នា​ទៅ​ត្រាយ​ព្រៃ​លើ​ទួល​ដើម្បី​ដាំ​បន្លែបង្ការ​ ​និង​គ្រប់​គ្រង​រហូត​មក​ដល់​បច្ចុប្បន្ន ។​ ​លោកតា​ ​កែវ ចន​ ​មាន​អាយុ​៧៨​ឆ្នាំ​ហើយ​ ​ឯ​យាយ​ យូ​ ​សុទ្ធ​ ​អាយុ​៦៨​ឆ្នាំ​ ​បាន​ទៅ​សុំ​សីល និង​រស់នៅ​ឯ​ភ្នំពេញ​ ទុក​ឱ្យ​កូនចៅ​ថែរក្សា​បន្ដ​លើ​ទួល​អង្គ​នេះ​ ​ដែល​នៅ​សល់​ទំហំ​ប្រមាណ​៨០​ ​ម៉ែត្រ​បួន​ជ្រុង​ ​ដាំ​ដើម​ត្នោត​ ​ដើម​ឫស្សី​ ​និង​ស្វាយចន្ទី​ ​រីឯ​ស្រះ​បាន​រាក់​អស់ហើយ ។

គាត់​រំលឹក​ថា​ ​នៅ​ឆ្នាំ​១៩៨០​ ​មាន​មនុស្ស​មិន​ស្គាល់​មុខ​ធ្លាប់​មក​លួច​គាស់​កកាយ​ចំ​កណ្ដាល​ទួល​ ​យក​កំណប់​ម្ដង​ ​នៅ​ពេល​យប់​ ​លុះ​ព្រឹក​ឡើង​ឃើញ​តែ​ស្នាម​រណ្ដៅ​ជីក​ជំរៅ​៣​ម៉ែត្រ​ ​ទំហំ​២​ម៉ែត្រ​ ​ឃើញ​នៅ​សល់​អំបែង​ ​ខួច​តូច​ធំ​ ​និង​ឆ្អឹង​ក្នុង​ពួច​ ​រាយ​ប៉ាយ​នៅ​ក្នុង​រណ្ដៅ​ ​និង​មាត់​រណ្ដៅ​ ​ហើយ​បាត​រណ្ដៅ​មាន​ដុំឥដ្ឋ​ធំៗ​នៅ​ក្រាល​ខាងក្រោម​ ​តែ​មិន​ដឹង​ថា​ ​គេ​យក​បាន​កំណប់​អ្វីខ្លះ​ទេ ។​ ​ទួល​បុរាណ​នេះ​ ​ទំនងជា​មាន​អាយុ​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ ​ហើយ​ជា​ធម្មតា​ ​ទួល​បុរាណ​នៅ​ចំ​កណ្ដាល​ទួល​គឺ​ចាស់ទុំ​តែងតែ​កប់​វត្ថុ​ស័ក្ដិសិទ្ធិ​ ​រូប​បដិមា​ ​និង​នៅ​ជុំវិញ​ទួល​ខ្លះ​គឺ​កប់​អិដ្ឋ​ធាតុ​បុព្វបុរស​ជាទី​គោរព​បូជា​ ​ដែល​មាន​ទាំង​វត្ថុ​មាន​តម្លៃ​ជា​ទ្រព្យសម្បត្ដិ​របស់​បុព្វបុរស​ជំនាន់​ ​នោះ​ ​ទើប​មាន​ជន​ទុច្ចរិត​តែងតែ​មក​គាស់​កកាយ​រុករក​វត្ថុ​បុរាណ​ទាំងនោះ​ ​យក​ទៅ​លក់​ ​ដែល​នាំ​ឱ្យ​រំខាន​ដល់​ព្រលឹង​បុព្វបុរស​ជាទី​គោរព​បូជា​នៃ​ប្រជាពលរដ្ឋ​ទើប​ពួក​គាត់​នាំ​គ្នា​រារាំង ។

ចំណែក​លោក​មេឃុំ​សម្បត្ដិ​មានជ័យ​មាន​ប្រសាសន៍​បំភ្លឺ​ថា​ ​នៅ​ថ្ងៃ​ទី​១៧​ ​មក​រា​ ​លោក​ ​សុខ​ ​សាវ៉ុន​ ​នាយ​ប៉ុសិ៍្ដ​រដ្ឋបាល​ឃុំ​សម្បត្ដិ​មានជ័យ​ ​និង​លោក ពេជ្រ​ ​កុសល​ ​ហៅ​ម៉ៅ​ ​មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ ​ស្រុក​រមាសហែក​ ​បាន​ដឹកនាំ​កម្លាំង​ប៉េអឹ​ម​៤​នាក់​ ​និង​មន្ដ្រី​នគរបាល​ប៉ុសិ៍្ដ​ម្នាក់​ ​ព្រមទាំង​ឈ្មោះ​ ប៉ុល​ ​សាម៉ុន​ ​ដែល​អះអាង​ថា​ជា​អង្គរក្ស​បាន​មក​សុំ​ជីក​គាស់​រក​កំណប់​នេះ​ ​ទើប​លោក​ឱ្យ​ទៅ​សួរ​លោក​មេ​ភូមិ​ព្រៃ​តាមូ​ ​និង​ម្ចាស់​អ្នក​ថែរក្សា​ទួល​ផ្ទាល់​ ​លុះដល់​ម៉ោង​៩​យប់​ ​ស្រាប់តែ​អ្នក​ទាំងនោះ​ទៅ​ជីក​គាស់​កកាយ​ដោយ​ប្រាប់​ថា​ ​មេ​ភូមិ​ និង​ម្ចាស់​ថែរក្សា​យល់​ព្រម​ហើយ ។ រីឯ​លោក​ សុខ​ ​សាវ៉ុន​ ​នាយ​ប៉ុសិ៍្ដ​រដ្ឋបាល​ឃុំ​និយាយ​ថា​ ​ដោយ​ លោក​ ពេជ្រ​ ​កុសល​ ​និង​លោក ​ប៉ុល​ ​សាម៉ុន​ ​និយាយ​ថា​ ​ពួក​គេ​បានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ ​និង​ក្រសួង​ឱ្យ​មក​គាស់​វត្ថុ​បុរាណ​ដែល​ជា​បេតិកភណ្ឌ​ជាតិ​ ​យក​ទៅ​ទុក​នៅ​សារមន្ទីរ​ជាតិ​ ព្រោះ​ខ្លាច​ជន​ខិលខូច​លួច​គាស់​​យក​ទៅ​លក់​ ​ទើប​លោក​ជឿ​តាម​ ​ហើយដោយ​លោក​ ប៉ុ​ល​ ​សាម៉ុន​ ​បាន​អះអាង​ថា​ ​គាត់​នៅ​អង្គរក្ស​ ​ទើប​រូប​លោក​ទៅ​ចូលរួម​ការពារ ។

រីឯ​ការ​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក​ ប៉ុល​ ​សាម៉ុន​ ​វិញ​ ​បាន​មាន​ប្រសាសន៍​ ​កាលពី​ថ្ងៃ​ទី​១៩​ ​មក​រា​ ​វេលា​ម៉ោង​៩​ និង​៥៦​នាទី​ព្រឹក​ថា​ ​តាម​ពិត​ពេល​រូប​គាត់​ទៅ​ធ្វើការ​នៅ​ភូមិ​កើតហេតុ​ខាងលើ​ក៏​ឮ​ថា​ ​ប្រជាពលរដ្ឋ​ ​និង​អ្នក​ថែរក្សា​ទីទួល​នោះ​រួម​នឹង​លោក​មេ​ភូមិ​គាស់​រក​កំណប់​វត្ថុ​បុរាណ​នៅ​លើ​ទួល​ទើប​រូប​គាត់​ចង់​ដឹង​ក៏​ទៅ​មើល ។ ពេល​ទៅ​ដល់​បានឃើញ​ប្រជាពលរដ្ឋ​ ​លោក​មេ​ភូមិ​ ​លោក​មេឃុំ​ ​និង​លោកនាយ​ប៉ុសិ៍្ដ​រដ្ឋបាល​ឃុំ​នៅ​កន្លែង​ទួល​នោះ​ ​ទើប​រូប​គាត់​បញ្ចេញ​យោបល់​ប្រាប់​លោកនាយ​ប៉ុសិ៍្ដ​រដ្ឋបាល​ឃុំ​ថា​ ​ប្រ​សិន​បើ​ជីក​បាន​វត្ថុ​បុរាណ​មែន​ត្រូវ​ធ្វើ​កំណត់ហេតុ​ជា​លាយលក្ខណ៍​អក្សរ​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​កត់​ចំនួន​ឱ្យ​បាន​ច្បាស់​លាស់​ ​រួច​បញ្ជូន​ទៅ​ឱ្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ​ដើម្បី​រក្សា​ទុកជា​បេតិកភណ្ឌ​ជាតិ​ទៅ​ ​ពីព្រោះ​វត្ថុ​អស់ទាំង​នេះ​ ​គឺជា​បេតិកភណ្ឌ​ជាតិ​។

ផ្ទុយ​ទៅ​វិញ​ ​លោក​ ខៀវ​ ​ផាត​ ​មេ​ភូមិ​ព្រៃ​តាមូ​បាន​មាន​ប្រតិកម្ម​តប​ថា​ ​ពុំ​ពិត​ដូច​ការ​លើក​ឡើង​របស់​លោក​ ​ប៉ុល​ ​សាម៉ុន​ ទេ​ ​គឺ​រូប​គាត់​ និង​ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​នាំ​គ្នា​ទៅ​ដេក​យាម​រារាំង​ ​ពុំ​មែន​ជា​អ្នក​ទៅ​គាស់​កកាយ​ទេ ។​ ​ចំណែក​លោក ​ពេជ្រ​ ​កុសល​ ​ហៅ​ម៉ៅ​ ​មេបញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ស្រុក​រមាសហែក​វិញ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ ​តែ​លោក​មេឃុំ​ ​លោក​មេ​ភូមិ​ ​និង​ប្រជាពលរដ្ឋ​និយាយ​ថា​ ​ការ​ពិត​គឺ​លោក ​ពេជ្រ​ ​កុសល​ ​និង​កូនចៅ​៣​នាក់​ជា​អ្នក​ជីក​គាស់​កកាយ​នោះ​ ​ហើយ​លោក​ ប៉ុ​ល​ ​សាម៉ុន​ ​បាន​ធ្វើ​ទំនាក់ទំនង​ទៅ​លោក​តា​កែវ​ ​ចន​ ​ព្រមទាំង​ព្រះសង្ឃ​ជា​កូន​លោក​តា កែវ​ ​ចន​ ​សុំ​ការ​គាស់​កកាយ​នេះ ។​

លោក​ ព្រំ​ ​ផារី​ ​អនុប្រធាន​ការិយាល័យ​បេតិកភណ្ឌ​ខេត្ដ​ ​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ ​មាន​ ​ប្រសាសន៍​ថា​ ​ដោយ​មាន​បណ្ដឹង​ពី​លោក​មេ​ភូមិ​ ​និង​ប្រជាពលរដ្ឋ​សុំ​ឱ្យ​ជួយ​ធ្វើ​អន្ដរាគមន៍​ ​ទើប​លោក​ប្រធាន​ ​មន្ទីរ​វប្បធម៌​ ​និង​វិចិត្រសិល្បៈ​ខេត្ដ​ ​ចាត់​រូប​លោក​ឱ្យ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ដោយ​សហការ​ជាមួយ​លោក​អធិការ​នគរបាល​ស្រុក​រមាសហែក​ ​ចុះ​ធ្វើ​អន្ដរាគមន៍​ ​រួច​អញ្ជើញលោក​សុខ​ ​សាវ៉ុន​ ​ទៅ​សាកសួរ​នៅ​ស្រុក ។

ជាមួយ​នេះ​ ​លោក​ក៏​បាន​សុំ​ឱ្យ​លោក​មេ​ភូមិ​ ​និង​លោក​មេឃុំ​ ​ជួយ​ផ្សព្វផ្សាយ​ជួយ​ការពារ​ទួល​បុរាណ​ បើ​មាន​មនុស្ស​ចូល​គាស់​កកាយ​ត្រូវ​រាយការណ៍​ជូន​សមត្ថកិច្ច​រារាំង​ឱ្យទាន់​ពេលវេលា ។​ ​បច្ចុប្បន្ន​ ​មន្ទីរ​វប្បធម៌​ ​និង​វិចិត្រសិល្បៈ​ខេត្ដ​ ​កំពុង​សុំ​ឱ្យ​សមត្ថកិច្ច​ចាត់ការ​ចំពោះ​ក្រុម​ជន​អគតិ​ដែល​គាស់កកាយ​ទួល​បុរាណ​នេះ ៕

(សារព័ត៌មាន​កោះសន្តិភាព​ ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០០៩)

 ព្រះសង្ឃ​ និង​ប្រជាពលរដ្ឋ​លើកគ្នា​មក​រារាំង​ប៉ូលិស​ និង​ប៉េអឹម​ជីក​រក​កំណប់​

ព្រះសង្ឃ​ និង​ប្រជាពលរដ្ឋ​លើកគ្នា​មក​រារាំង​ប៉ូលិស​ និង​ប៉េអឹម​ជីក​រក​កំណប់​

 

January 16, 2009

ការប្រមូលផលស្រូវ

ការ​ច្រូតកាត់​ស្រូវ គឺជា​ប្រតិបត្ដិការ​មួយ​ដែល​យើង​អនុវត្ដ​ចុង​ក្រោយ​នៃ​ដំណើ​ការ​លូតលាស់​នៃ​ដំណាំ​ស្រូវ​ ​ហើយ​ក៏​ជា​ពេលវេលា​មួយ​ដែល​កសិករ​គ្រប់​រូប​​​ទន្ទឹងរង់ចាំ​អស់​រយៈពេល​ជា​យូរ​ ​ក្រោយ​ពី​ពួក​គាត់​បាន​​ចំណាយ​នូវ​កម្លាំងកាយ​ ថវិកា​ ពេលវេលា​ ចាប់តាំងពី​ការ​រៀបចំ​ដី​ ​ការ​ដាំ​ដុះ​ ​ការ​ថែទាំ​ ​និង​ការងារ​ចុង​ក្រោយ​ ​គឺ​ការ​ប្រមូល​ផល ។

ការប្រមូលផលស្រូវ

ការ​ប្រមូល​ផល​ ​ជា​កិច្ច​ប្រតិបត្ដិការ​មួយ​យ៉ាង​​​សំខាន់​ក្នុង​ការ​ប្រមូល​នូវ​ទិន្នផល​នៅ​ក្នុង​ស្រែ​ ​ដោយ​រួម​ ​បញ្ចូល​ទាំង​ការ​ច្រូតកាត់​ ​ការ​ប្រមូល​កណ្ដាប់​ ​ការ​បោក​​​បែន​ ​ការ​ហាល​សម្ងួត​ ​និង​ការ​សម្អាត ។

ការ​ច្រូតកាត់​បាន​ទាន់​ពេលវេលា​កំណត់​ ​ធ្វើ​ឱ្យ​​យើង​ទទួល​បាន​នូវ​ទិន្នផល​ខ្ពស់​ គុណភាព​​​ល្អ​ប្រសើរ​មាន​​​តម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ​ ​និង​ជាទី​ពេញចិត្ដ​នៃ​​អ្នក​បរិភោគ​ ​។ ផ្ទុយ​ទៅ​វិញ​ ​ ប្រសិន​​បើ​យើង​ធ្វើការ​ច្រូតកាត់​​មិន​បាន​កំណត់​​តាម​ពេលវេលា​ទេ​នោះ​ ​ធ្វើ​ឱ្យ​យើង​បាត់បង់​ទាំង​បរិមាណ​ និង​គុណភាព​ស្រូវ ។ ការ​ច្រូតកាត់​ស្រូវ​មុន​ពេល​​​កំណត់​ធ្វើ​ឱ្យ​​បរិមាណ​ស្រូវ​ ​ ​និង​​គុណភាព​អង្ករដើម​ថយ​ចុះ​ ​។  រីឯ​ការ​ពន្យា​ពេល​​​ច្រូតកាត់​ស្រូវ​ ពោល​គឺ​​ស្រូវ​ទុំ​ញុះ​ ​ធ្វើ​ឱ្យ​យើង​បាត់បង់​​បរិមាណ​ស្រូវ​ ​និង​បាក់​ជា​កំណាត់​នៅ​ពេល​កិន​ជា​អង្ករ ។

ការប្រមូលផលស្រូវ

ការ​កំណត់​ពេល​វេលា​ច្រូតកាត់​

ក. ភាព​ទុំ​របស់​គ្រាប់ស្រូវ​

ភាព​ទុំ​របស់​គ្រាប់ស្រូវ​

មុន​ពេលធ្វើការ​ច្រូតកាត់​សំខាន់​បំផុត​ ​ត្រូវធ្វើ​​ការ​វិនិច្ឆ័យ​ភាព​ទុំ​របស់​គ្រាប់ស្រូវ​ឱ្យ​បាន​ត្រឹមត្រូវ​ ​យើង​ ​ត្រូវ​សង្កេត​មើល​ស្រូវ​ក្នុង​ស្រែ​រៀងរាល់ថ្ងៃ​ ​ដោយ​ជ្រើស​​​រើស​យក​កួរស្រូវ​ទុំ​ល្អ​ ​ហើយ​ប្រឡេះ​យក​គ្រាប់​មក​បក​​សម្បក​ចេញ​ ​ពិនិត្យ​ភាព​ថ្លា​របស់​គ្រាប់​ ​និង​ភាព​រឹង​របស់​វា​។​ ​ក្នុង​កួរស្រូវ​មួយ​កួរ​ ​កាលណា​យើង​ពិនិត្យ​ឃើញ​ភាព​​​ទុំ​របស់​វា​ចាប់ពី​​៨០-៨៥% និង​ផ្នែក​ខាងលើ​នៃ​កួរស្រូវ​មាន​ពណ៌​ស្លាបសេក​ហើយ​នោះ​ ​យើង​អាច​ធ្វើការ​ច្រូត​​កាត់​បាន​ហើយ​ ​ទោះជា​ផ្នែ​ខាងក្រោម​នៃ​កួរស្រូវ​ ​ភាព​ទុំ​របស់​វា​នៅ​ពុំ​ទាន់​បាន​ល្អ​ក៏​ដោយ​ ​តែ​វា​ស្ថិត​នៅ​ក្នុង​​ដំណាក់កាល​ដាក់​ម្សៅ ។

ខ. ការ​បញ្ចេញ​ទឹក​ពី​ក្នុង​ស្រែ​

ភាព​ទុំ​របស់​គ្រាប់ស្រូវ​

ដើម្បី​បង្ករ​ភាព​ងាយស្រួល​​​ក្នុង​ការ​ច្រូតកាត់​​​ស្រូវ​ ​យើង​គប្បី​ត្រូវ​បង្ហូរទឹក​ចេញពី​ស្រែ​ឱ្យ​អស់​ ​ចាប់ពី​ ​៧-១០ថ្ងៃ មុន​ពេល​ច្រូតកាត់ ។​

គ​. វិធីសាស្ដ្រ​ក្នុង​ការ​ច្រូ​វ​កាត់​

-ការ​ច្រូតកាត់​ដោយ​ដៃ

ការ​ច្រូតកាត់​ដោយ​ដៃ

នៅ​ប្រទេស​កម្ពុជា​យើង​ ​ការ​ប្រមូល​ផល​ស្រូវ​ភាគច្រើន​កសិក​រេ​យើង​ ​ច្រូតកាត់​ដោយ​ដៃ​ ​ ​ដោយ​ប្រើ​ ​កណ្ដៀវ​ជា​ឧបករណ៍​សម្រាប់​កាត់​ដើម​ស្រូវ​។​ ​ដើម​ស្រូវ​ដែល​កាត់​រួច​ហើយ​ ​ ​ត្រូវ​បាន​ប្រមូល​ចង​ជា​កណា្ដ​ប់​ ​រួច​ហាល​នៅ​វាលស្រែ​ ​ ​២-៣​ថ្ងៃ​ ​ទើប​ដឹក​ជញ្ជូន​ទៅ​បោក​បែន​ ​រួច​ហាល​សម្ងួ​ត​ក្នុង​អត្រា​សំណើម​ប្រមាណ​ ​១៤% ទើប​​​យក​ទៅ​រក្សា​ទុក​កន្លែង​មាន​សុវត្ថិភាព ។ តាម​ការ​សិក្សា​ស្រាវជ្រាវ​បានឱ្យ​ដឹង​ថា​ ​ការ​ច្រូតកាត់​ដោយ​ដៃ​​មានការ​បាត់បង់​ច្រើន​ជាង​ការ​ច្រូត​​កាត់​ដោយ​ម៉ាស៊ីន ។​

-ការ​ច្រូតកាត់​ដោយ​ម៉ាស៊ីន​

ការ​ច្រូតកាត់​ដោយ​ម៉ាស៊ីន​

បច្ចុប្បន្ន​នេះ បច្ចេកវិទ្យា​ប្រមូល​ផល​បាន​អភិវឌ្ឍ​ពី​ម៉ាស៊ីន​ពាក់​កណ្ដាល​ស្វ័យប្រវត្ដិ​រហូត​ម៉ាស៊ីន​ច្រូត​ស្វ័យប្រវត្ដិ​ (Combine​ ​Harvester) ។ តាម​ប្រភព​ព័ត៌មាន​ពី​កសិករ​បានឱ្យ​ដឹង​ថា​ ​ការ​ច្រូតកាត់​ដោយ​ម៉ាស៊ីន​ស្វ័​យ​​​ប្រវត្ដិ​ចំណាយ​ថវិកា​ត្រឹមតែ​ ​៣៥០.០០០រៀល ប៉ុ​ណ្ណោះ​​ក្នុង​មួយ​ហិ​កតា​ ​រីឯ​ការ​ច្រូតកាត់​ដោយ​ដៃ​ចំណាយពេល​​​វេលា​ច្រើន​ ​ហើយ​មាន​តំលៃ​រហូត​ ​៤០០.០០០រៀល ក្នុង​មួយ​ហិ​កតា ។​

ការ​ច្រូតកាត់​ដោយ​ម៉ាស៊ីន​

ធ្វើ​អោយ​ខូច​ដីស្រែ

ចំណុច​គួរ​ចង​ចាំៈ​ ការ​ច្រូតកាត់​ដោយ​ម៉ាស៊ីន​ ​ច្រូត​ស្វ័យប្រវត្ដិ​ ​(Combine​ ​Harvester) ធុន​ធំ​ ​នៅ​​ក្នុង​វាលស្រែ​ដែល​មានទឹក​ ​ឬ​ដី​ដែល​មាន​សំណើម​ខ្ពស់​ ​ធ្វើ​អោយ​ខូច​ដីស្រែ​ ​នឹង​បង្ក​ឱ្យ​មាន​បញ្ហា​លំបាក​ក្នុង​ការ​​​ភ្ជួរ​រាស់​នៅ​ឆ្នាំ​បន្ទាប់ ។​

ជម្រើស​សម​ស្រប​ក្នុង​ការ​ច្រូតកាត់​ស្រូវ

អត្រា​ទុំ​នៃ​គ្រាប់​

អត្រា​សំណើម​

លក្ខណៈ​រូបសាស្ដ្រ​

សា្ថ​នភា​ព​ស្រែ​

ក្នុង​ស្រូវ​មួយ​កួរ​ត្រូវ​មាន​ភាព​ទុំ​ចាប់​ពី​៨០-៨៥%

អត្រា​សំណើម​របស់​គ្រាប់​ស្រូវ​ដែល​សម​ស្រប​ក្នុង​ការ​ច្រូតកាត់​ ​២០-២៥%

ស្រូវ​មាន​ពណ៌​លឿង​ ​កួរស្រូវ​កោង​​ចុះ​ ​ដោយ​ទម្ងន់​របស់​វា​ ​គ្រាប់​អង្គរ​​ភ្លឺ​ថា​ ​រីឯ​ផ្នែក​ខាង​ក្រោម​នៃ​កួរ​មាន​​សម្បុរ​ ​(លឿង​-បៃតង​) តែ​ដាក់​គ្រាប់​ពេញ​

មុន​ពេល​ច្រូតកាត់​ត្រូវ​បង្ហូរទឹក​ចេញពី​ស្រែ​ឱ្យ​បាន​មុន​៧-១០ ថ្ងៃ​

 

ត្រាក់ទ័រ MTZ 50/80

ប្រើប្រាស់ ថែទាំ និង​ជួសជុល​

ត្រាក់ទ័រ MTZ 50/80

ត្រាក់ទ័រ MTZ 80

១. លក្ខណៈ​បច្ចេកទេស​ទូទៅ​របស់​ត្រាក់ទ័រ MTZ 50 និង MTZ 80

ត្រាក់ទ័រ​កង់​កៅស៊ូ MTZ 50/80 មាន​លក្ខណៈ​ប្រើ​ទូទៅ នៅ​ក្នុង​វិស័យ​កសិកម្ម ។ ត្រាក់ទ័រ​នេះ​មាន​កម្លាំង​អូសទាញ ១,៤ តោន កម្លាំង​ដើម្បី​បម្រើ​ការងារ​កសិកម្ម​ជា​មធ្យម និង​មាន​សំណង់​ជា​ប្រភេទ​ពាក់កណ្ដាល​តួ ។ បង្គុំ​តួ​ត្រាក់ទ័រ​មានៈ

  • ពាក់​កណ្ដាល​តួ
  • ប្រអប់​អំប្រាយ៉ា
  • ប្រអប់​លេខ
  • ប៉ុង​ក្រោយ

នៅ​ផ្នែក​ខាង​មុខ​នៃ​ត្រាក់ទ័រ​មាន​ចលករ​ម៉ាក D50/D240 ឬ D50L/D240L​ បញ្ឆេះ​ដោយ​ដេម៉ារ័រ ឬ​មួយ​ដោយ​ចលករ​ទាញ​បញ្ឆេះ (អក្សរ L) ។ ផ្នែក​ខាង​ក្រោយ​នៃ​ចលករ​ភ្ជាប់​យ៉ាងរឹងមាំ​ទៅ​សំបក​អំប្រាយ៉ា​ដោយ​កន្លះ​ទប់ ។

ផ្នែក​ខាងមុខ​នៃ​ចលករ មាន​បង្គុំ​ដោយ​រ៉ាឌីយ៉ាទ័រ​ប្រេង និង​ទឹក ។ ភ្ជាប់​ខាង​ក្រោយ​នៃ​ចលករ មាន​ផ្នែក​បន្ត​កម្លាំង ៖

អំប្រាយ៉ា រេឌុចទ័រ​បន្ថយ​ល្បឿន និង​ប្រអប់​លេខ ដោយ​មាន ១៨ លេខ​ទៅ​មុខ និង ៤ លេខ​ទៀត​ថយ​ក្រោយ ប៉ុង​ក្រោយ​ជាមួយ​សោ​ខ្ទាស់​កង់​ក្រោយ ។ ភ្លៅ​បន្ត​កម្លាំង​ខាង​ក្រោយ​មាន​ល្បឿន​ពីរៈ

១‑ ឯករាជ្យ (មិន​ទាក់ទង) (៥៤៥ ជុំ/នាទី‑១.០០០ ជុំ/នាទី)

២‑ រណប (ទាក់ទង) (៣,៥ ជុំ/ម៉ែត្រ) ធៀប​ទៅ​នឹង​ចំនួន​ជុំ​របស់​កង់​ក្រោយ ។ ត្រាក់ទ័រ MTZ 50/80 កង់​ខាង​មុខ គឺ​ផ្នែក​នាំ​ទិសដៅ និង​កង់​ក្រោយ ជា​ផ្នែក​នាំ​ចលករ ។

ទំហំ​កង់​មុខៈ  ២០០‑៥០៨ មម (៧,៥‑២០ អ៊ីញ)

ទំហំនៃ​កង់​ក្រោយៈ  ៤០០‑៩៦៥ មម (១៥,៥‑៣៨ អ៊ីញ)

នៅ​គ្រប់​ត្រាក់ទ័រ​កង់​កៅស៊ូ​ទាំងអស់​ ផ្នែក​ខាង​មុខ​មាន​បង្គុំ​រឺស័រ ជា​ប្រភេទ​បំពង់​នៅ​ក្នុង​សំបក​អ័ក្ស​ហ៊្វុយស៊្សេ ដើម្បី​ជួយ​ទប់​នូវ​ការ​អុក នៅ​ផ្នែក​ខាង​មុខ​របស់​ត្រាក់ទ័រ ។

ដាន​កង់​នៃ​ត្រាក់ទ័រ អាច​កែសម្រួល​បាន​ក្នុង​ចន្លោះ​ពី ១.២០០‑១.៨០០ មម និង​កង់​ក្រោយ​អាច​កែសម្រួល​បាន​ក្នុង​ចន្លោះ​ពី ១.៤០០‑២.១០០ មម ។ ដើម្បី​បង្កើន​គុណភាព​ច្បាម​ដី​នៅ​កង់​ក្រោយ គេ​អាច​បំពាក់​បន្ទះ​ដែក​ជា​ជំនួយ​សម្រាប់​បង្កើន​ទម្ងន់ ។

ប្រព័ន្ធ​អគ្គសនី ជា​ប្រភេទ​ចរន្ត​ជាប់ ដែល​មាន​តង់ស្យុង ១២ វ៉ុល ។ ដៃ​ចង្កូត​គេ​អាច​លើក ឬ​ដាក់​ចុះ​ប្រវែង ១២០ មម ធុង​ប្រេង​ម៉ាស៊ូត​ទាំង ២ មាន​ចំណុះ ១៣០ លីត្រ ។

ត្រាក់ទ័រ MTZ 80

លក្ខណៈ​បច្ចេកទេស​ដែល​មាន

លរ

យថា​ប្រភេទ

រង្វាស់​ខ្នាត

MTZ 50

MTZ 80

ប្រភេទ​ត្រាក់ទ័រ

 

កង់​កៅស៊ូ

កង់​កៅស៊ូ

ម៉ាក​ត្រាត់ទ័រ

 

បេឡារូស

បេឡារូស

គំរូ

 

MTZ 50

MTZ 80

បណ្ដោយ​ត្រាក់ទ័រ

មម

៣១៨៥

៣៨១៥

ទទឹង

មម

១៩៧០

១៩៧០

កំពស់

មម

២៤៨៥

២៤៧០

ដាន​កង់​នៃ​ត្រាត់ទ័រ

មម

១២០០‑១៨០០

១៤០០‑២១០០

កំពស់​ពី​ដី​ទៅ​ប៉ុង​ខាង​ក្រោយ

មម

៤៦៥

៤៦៥ “កែសម្រួល”

ប្រវែង​កាំ​ពេល​បត់ (ជាន់​ហ្វ្រាំង)

២,៥

២,៥

១០

ទម្ងន់​ត្រាក់ទ័រ

គក

៣០៤០

៣២៧០

១១

មុំ​ផ្អៀង​របស់​ត្រាក់ទ័រ

អង្សា

៤០

៤០

ចលករ

ប្រភេទ​ចលករ​ឌីស្សែល​មាន​បួន​សង្វាក់

 

D50

D240

កម្លាំង

សេះ

៥៥

៧៥±៥

ចំនួន​ជុំ​ផ្លូវ​ចលករ​វិល​ជា​មធ្យម

ជុំ/នាទី

១៧០០

២២០០

ចំនួន​ជុំ​អប្បបរមា​គ្មាន​បន្ទុក

ជុំ/នាទី

៦៥០

៦០០

ចំនួន​ជុំ​អតិបរមា​គ្មាន​បន្ទុក

ជុំ/នាទី

១៨៥០

២៣៨០

ចំនួន​ជុំ​អតិបរមា​មាន​បន្ទុក

ជុំ/នាទី

 

១៤០០

មុំ​ផ្ដល់​ប្រេង (ពី​ពិស្តុង​ឡើង​ជិត​ដល់​ចំណុច​ស្លាប់​លើ)

ដឺក្រេ

១៧

២៦

កម្រិត​ចំណាយ​ប្រេង​ធ្វើការ

ក្រាម/សេះ/ម៉ោង

១៩៥

១៨៥

ប្រេង​រំអិល​ឆេះ​គិត​ជា​ភាគរយ

ក្រាម/សេះ/ម៉ោង

០,៨

០,៨

១០

ចំនួន​ស៊ីឡាំង

ចំនួន

១១

អង្កត់​ផ្ចិត​របស់​ស៊ីឡាំង

មម

១១០

១១០

១២

របត់​ពិស្តុង

មម

១២៥

១២៥

១៣

សមាមាត្រ​សម្ពាធ

 

១៦

១៦

១៤

មាឌ​ស៊ីឡាំង

លីត្រ

៤,៧៥

៤,៧៥

១៥

លំដាប់​ធ្វើការ​របស់​ស៊ីឡាំង

 

១.៣.៤.២

១.៣.៤.២

១៦

បូម​បញ្ឆេះ (ថ្នោល​ស្នប់ ៤)

 

YTH-5

YTH-5

១៧

ប្រភេទ​ស្នប់​ដៃ

 

YTH-3

ពិស្តុង

១៨

សម្ពាធ​ដែល​មាន​ក្នុង​ស្នប់

គកហ្វក/សម

១,៧

១,៧

ចំពុះ​បញ្ឆេះ

ប្រភេទ

 

Fw-6-2x25o

FD-22

សម្ពាធ​ព្រួស​ប្រេង

គកហ្វក/សម

១៣០±៥

១៧៥៖១៨០

តម្រង​ខ្យល់

ចលនា​វិល​ស្ងួត និង​ប្រេង​ដើម្បី​សម្អាត​ខ្យល់

ចលនា​វិល​ស្ងួត និង​ប្រេង​ដើម្បី​សម្អាត​ខ្យល់

សម្ពាធ​កង់

កង់​មុខ

គកហ្វក/សម

១,៧៖២,៥

១,៧៖២,៥

កង់​ក្រោយ

គកហ្វក/សម

១,០៖១,៤

១,០៖១,៤

អំប៉្រាយ៉ា ជា​ប្រភេទ​ស្បែក​ស្ងួត ចលនា​ជាប់​រហូត

រេឌុកទ័រ​បន្ថយ​ល្បឿន មាន​ស្ពឺ​ពីរ ជា​ប្រភេទ​បំពង់

(ភាគ​បន្ត)

January 15, 2009

ប្រវត្ដិស្មុគស្មាញរបស់លោកបណ្ឌិត កេង វ៉ាន់សាក់

លោក​បណ្ឌិត កេង វ៉ាន់សាក់ (ឆ្នាំ​២០០៥)

លោក​បណ្ឌិត កេង វ៉ាន់សាក់ (ឆ្នាំ​២០០៥)

តាម​ប្រវត្ដិ​ដ៏​ស្មុគស្មាញ​ថ្លែងប្រាប់​ផ្ទាល់​ដោយ​បណ្ឌិត​ ​កេង វ៉ាន់សាក់ ​ជាមួយ​វិទ្យុ​អាស៊ី​សេរី​នៅ​មុន​មរណភាព​របស់​លោក​ ​ក៏​ដូច​ជា​ប្រភព​នានា​ទៀត​នោះ​ ​បណ្ឌិត​អក្សរសាស្ដ្រ​ដែល​មិន​ខ្វះ​សត្រូវ​ក្នុង​ជីវិត​របស់​លោក​ជា​ជីវិត​នយោបាយ​ក្ដី​ ​និង​ក្នុង​ជម្លោះ​ផ្នែក​អក្សរសាស្ដ្រ​ក្ដី​ ​មិន​ថា​តែ​គូរ​ទំនាស់​ជា​ជនជាតិ​ខ្មែរ​ ​ឬ​ជា​ជនបរទេស​នោះ​ ​លោក​គឺជា​កូន​ទី​៣​របស់​អ្នក​ម្នាង​មួយ​រូប​នៃ​សែ​ស៊ីសុវត្ថិ ។​

បណ្ឌិត​កេង​ ​វ៉ាន់សាក់​ ​ដែល​ទើប​បាន​អនិច្ចកម្ម​កាលពី​ថ្ងៃ​​ព្រហស្បតិ៍ ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០៨ មុន​ក្នុង​ជន្មាយុ​៨៤​ឆ្នាំ គឺជា​កូន​ប្រុស​ទី​៣​របស់​លោកស្រី​ ​ហម​ ​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ដ​ពោធិ៍សាត់​ហើយ​ក៏​ជា​ញាតិ​នៃ​សែ​ក្សត្រីយ៍​ ម៉ូនីកា​ ​ជា​មហេសី​របស់​ព្រះ​អង្គ​ម្ចាស់​ ​នរោត្ដម​ ​យុគន្ធរ​ ​ដែល​ជា​ព្រះរាជ​បុត្រ​​របស់​ព្រះបាទ​នរោត្ដម ។​ ​បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ ​មាន​ឪពុក​ឈ្មោះ​ ​កេង ស៊ីផាន់​ ​រស់​នៅ​កំពង់ចាម​ ​ថ្វីបើ​បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ ​ផ្ទាល់​ ​ក៏​ដូច​ជា​ប្រភព​នានា​បាន​បញ្ជាក់​ថា​ ​លោក​ ​កេង​ ​ស៊ីផាន់​ ​គ្រាន់​តែ​ជា​ឪពុក​ចម្លង​ ​និង​មិន​មែន​ជា​ឪពុក​ដែល​បង្កើត​ខ្លួន​លោក​ក៏​ដោយ​នោះ ។​

បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ក៏​ដូច​​ជា​ឪពុក​ចិញ្ចឹម​របស់​គាត់ ​កេង ស៊ីផាន់​ធ្លាប់​បាន​ប្រាប់​គេឯង​ថា​ គាត់​បាន​ជួប​ទុក្ខ​លំបាក​ក្នុង​ជីវិត ។​ បណ្ឌិត​កេង​ ​វ៉ាន់សាក់​ ​បាន​ប្រាប់​ថា​ ​លោក​ ​កេង​ ​ស៊ី​ផា​ន់​ ​គ្រាន់តែ​ជា​មនុស្ស​ដែល​គេ​ឧបកិច្ច​ថា​ជា​ឪពុក​ ជា​កិច្ច​ចម្លង​ប៉ុណ្ណោះ ​ហើយ​ដែល​ឪពុក​ចម្លង​រូប​នេះ​តែងតែ​តាម​ធ្វើ​ទុក្ខ​បុកម្នេញ​លោក​តាំង​ពី​កុមារភាព​រហូត​រៀង​មក ។​

ដោយ​បាន​ចាប់កំណើត​នៅ​ថ្ងៃ​សៅរ៍​ ​២​កើត ខែ​អស្សុជ​ ​ឆ្នាំ​ឆ្លូវ​ ​សប្ត​ស័ក​ ​ព.ស​២៤៦៨​ ​ត្រូវ​នឹង​ថ្ងៃ​ទី​១៩​ ខែ​កញ្ញា​ ឆ្នាំ​១៩២៥​ នោះ​ ​បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់ ​បាន​​ធំ​ចម្រើន​វ័យ​នៅ​ឃុំ​កំពង់បឹង​ ស្រុក​កំពង់លែង​ ខេត្ដកំពង់ឆ្នាំង ។​ ហើយ​ក្នុង​ជីវិត​របស់​លោក​ លោក​បាន​ឆ្លងកាត់​ប្រវត្ដិសាស្ដ្រ​នានា​នៃ​កម្ពុជា​ក៏​ដូច​ជា​ការ​ប្រែ​ប្រួល​របស់​ប្រទេស​នេះ​ ​ទាំង​ចលនា​នយោបាយ​ ​ទាំង​ចលនា​ទាមទារ​ឯករាជ្យ​ ​ក៏​ដូចជា​​​ការ​តតាំង​គ្នា​ផ្នែក​អក្សរសាស្ដ្រ​ជាមួយ​អ្នកប្រាជ្ញ​ធំៗ ​រួម​មាន​សម្ដេច​ព្រះសង្ឃរាជ​ ​ជួន​ ​ណាត​ ផង​ដែរ ។​

លោក​ក៏​ត្រូវ​បាន​គេ​និយាយ​ថា​ បាន​ចូលរួម​ក្នុង​ចលនា​នយោ​បាយ​ចម្រើន​ ​ដែល​ជា​ការ​សម្ដៅ​ដល់​ក្រុម​ឆ្វេង​និយម​ខ្មែរ​នៃ​​បក្ខ​​ពួក​ ​ប៉ុ​ល​ ​ពត​, អៀង​ ​សារី​ ​ដែល​ជា​មេដឹកនាំ​នៃ​របប​វាល​ពិឃាត​សម្លាប់​មនុស្ស​ប្រមាណ​ជាង​១​លាន​៧​សែន​នាក់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផង ។​ បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ ​ក៏​បាន​មាន​ចំណែក​នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​ក្រុម​ឆ្វេងនិយម​ជ្រុល​នេះ​ ​ហើយ​បើ​តាម​សៀវភៅ​រៀបរៀង​ឡើង​ដោយ​លោកស្រី​ឡូរ៉ា​សាម័​រ​ សម្រាប់​ជា​ឯកសារ​សិក្សា​នៅ​សកល​វិទ្យាល័យ​ឃុននែល​ ​នៃ​សហរដ្ឋអាមេរិក ​ភ្ជាប់​នឹង​ស្នាដៃ​របស់​លោក​ ​ខៀវ​ សំ​ផ​ន​ បក​ប្រែជា​ភាសា​អង់គ្លេស​នោះ​ ​បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​នៃ​ការ​តាម​រក​សម្លាប់​របស់​ក្រុម​លោក​ ​លន់​ ​ណុល ​កាល​ជំនាន់​មុន​ឆ្នាំ​១៩៧០ ​។​

អំពី​ទំនាក់ទំនង​របស់​បណ្ឌិត ​កេង​ ​វ៉ាន់សាក់​ ​ជាមួយនឹង​ពួក​មេដឹកនាំ​ខ្មែរក្រហម​នោះ​ លោក ​នួន​ជា​ ​អតីត​ប្រធាន​សភា​កម្ពុជា​ប្រជាធិបតេយ្យ​ និង​ជា​បងធំ​ទី​២​នៃ​របប​នោះ​បាន​និយាយ​ថា​ កេង​ ​វ៉ាន់សាក់​ ​មិនមែន​ជា​មេ​ខ្មែរក្រហម​ទេ ។​

លោក នួន​ ​ជា​ ​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​កាល​មុនគេ​ចាប់​ខ្លួន​ថា​ ​“ទស្សនៈ​របស់​ ​កេង​ ​វ៉ាន់សាក់​ ​និង​ទស្សនៈ​របស់​ ​សា​ឡុ​ត​ ស​ ​ឱ្យ​ជ្រៅ​ទៅ​មិន​ដូច​គ្នា​ទេ​ ពីព្រោះ​ ​កេង​ ​វ៉ាន់សាក់​ជា​បញ្ញា​ ​ជន​ជាន់ខ្ពស់​ ខុស​ពី​សាឡុត​ ស, សាឡុត ស​ជា​បញ្ញាវ័ន​មែន​តែ​ខាង​បច្ចេកទេស” ។

លោក នួន​ ​ជា​ ​បាន​និយាយ​ទៀត​អំពី​ភាព​ខុស​គ្នា​ថា​ ​“និយាយ​រួម​ទៅ​ ​ដល់ទី​ចុង​បំផុត​ ​កេង​ ​វ៉ាន់សាក់​ ​គាត់​គេច​រត់​ចេញពី​ស្រុក​ទៅ ។​ ​ឯ​ ​សាឡុត​ ​ស​ ​អត់​ចេញ​ពី​ស្រុក​ទេ ។​ ​គាត់​នៅ​ស្រុក​ខ្មែរ​បន្ដ​ការ​ដឹកនាំ​តទៅ​ទៀត ។​ នេះ​ជា​គោល​ជំហរ​មួយ​ធំ​ណាស់” ។

លោក នួន​ ​ជា​បាន​អធិប្បាយ​ទៀត​ថា​ ​កេង​ ​វ៉ាន់សាក់​ ​មិនមែន​ជា​មេដឹកនាំ​នៃ​ចលនា​ចម្រើន​និយម​នៃ​ក្រុម​ ​ប៉ុល​ ​ពត, អៀង​ ​សារី ​ទេ ។​ ​តាម​សម្ដី​ ​ លោក នួន​ ​ជា​ ​“ អត់​ទេ​ជា​រូបភាព​ ​គាត់​ ​កេង​ ​វ៉ាន់សាក់​ចេញ ។​ ​ប៉ុន្ដែ​ស៊ីជម្រៅ​ក្នុង​បក្ស​គេ​មិន​ដែល​យក​អ្នក​ចំហ​​អញ្ចឹ​ង​ទៅ​ដឹកនាំ​ទេ ​បក្ស​ណា​ក៏​ដោយ” ។

ភាព​ស្មុគស្មាញ​នៃ​​ដំណើរ​ជីវិត​របស់​បណ្ឌិត ​កេង​ ​វ៉ាន់សាក់​ ដែល​មាន​ទំនាស់​នឹង​គេ​ស្ទើរតែ​គ្រប់​គ្នា​ក្នុង​ជួរ​អ្នកចេះ​ដឹង​ជាន់​ខ្ពស់​ ​និង​អ្នកមាន​អំណាច​ ​ក៏​ដូច​ជា​ពួក​មន្ដ្រី​អាណា​និគម​និយម​បារាំង​នោះ​ ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​របស់​គាត់​ជាប់​ទុក្ខ​កង្វល់​ច្រើន​លើក​ច្រើន​សារ ។​ ​កាលពី​អាយុ​បាន​៣០​ឆ្នាំ​ ​បណ្ឌិត​ ​កេង​ វ៉ាន់សាក់​ ​បាន​ជាប់គុក​ច្រើន​ខែ​នៅ​ឆ្នាំ​១៩៥៥​ ​ជា​ឆ្នាំ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​រូប​គាត់​ជា​អគ្គលេខាធិការ​រង​​នោះ​បាន​ចាញ់​ក្នុង​ការ​បោះ​ឆ្នោត​ទល់​នឹង​គណបក្ស​សង្គម​រាស្ត្រ​​និយម​ដឹកនាំ​ដោយ​ព្រះ​ ​នរោត្ដម សីហនុ ។

បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ ​បាន​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ដាក់​ផែនការ​ប៉ុនប៉ង​បាញ់​សម្លាប់​មេ​ដឹកនាំ​ ​និង​ឥស្សរជន​នៃ​គណ​បក្ស​សង្គម​រាស្ដ្រ​និយម​តាម​ការ​ឆ្លើយ​ដាក់​របស់​បុគ្គលិក​ម្នាក់​នៅ​ក្នុង​ក្រសួង​ចារកម្ម​ឈ្មោះ​ ​ជ័យ​ សុផល ។

ក្នុង​វ័យ​៣៧​ឆ្នាំ​ បណ្ឌិត​កេង ​វ៉ាន់សាក់​ ​ក៏​ត្រូវ​បាន​គេ​ចាប់​ដាក់គុក​ម្ដងទៀត​នៅ​ឆ្នាំ​១៩៦៨​ ពី​បទ​សង្ស័យ​ថា​ ​បង្កើត​ភាព​ច្របូក​ច្របល់​រំជើប​រំជួល​ក្នុង​ការ​ចាត់ចែង​អក្សរសាស្ដ្រ​ជាតិ​កាល​គាត់​ធ្វើ​ជា​សាស្ដ្រាចារ្យ​នៅ​ពុទ្ធិក​សកល​វិទ្យាល័យ​សីហនុរាជ្យ ។​

គឺជា​ដំណាក់កាល​នៃ​សង្គ្រាម​អក្សរសាស្ដ្រ​ដែល​ក្រុម​បណ្ឌិត ​កេង​ ​វ៉ាន់សាក់​ ​មាន​កម្លាំង​តិច​ជាង​ ​និង​អ្នកគាំទ្រ​តិច​ជាង​ ​បាន​ប្រឈម​តទល់​ ​ថ្វីបើ​មិន​ចំហ​ និង​ចំពោះ​មុខ​ផ្ទាល់​ ​ជាមួយ​សម្ដេច​ព្រះសង្ឃរាជ​ជួន ណាត ។​

កាលនោះ​យោង​តាម​មន្ដ្រី​បុគ្គលិក​សិក្សា​ប្រទេស​កម្ពុជា​ថា​ ​បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ ​គឺជា​បុគ្គលិក​សិក្សា​ដើម​ខ្សែ​ថ្នាក់​ទី​១ ​ហើយ​ដែល​គេ​ស្គាល់​ថា​ ​ជា​អ្នក​ដែល​ពុំ​មាន​យោបល់​ស្រប​នឹង​បញ្ញា​ជន ​និង​អ្នកដឹកនាំ​ដទៃ​ណា​ទៀត​ឡើយ ។​ លោក​មើលឃើញ​ថា ​អ្នកដឹកនាំ​ទាំងនោះ​​​ពុំ​មាន​ឆន្ទៈ​ដឹកនាំ​ប្រទេស​ខ្មែរ​ឱ្យ​រួច​ចាក​ផុត​ពី​ការ​លេប​ត្របាក់​យក​របស់​បរទេស​ជិតខាង​ ​ជា​ពិសេស ​បារាំង​ ​និង​វៀតណាម​​នោះ​ទេ ​។​

អំពី​រឿង​នេះ​បណ្ឌិត​ ​កេង ​វ៉ាន់សាក់​ ​បាន​និយាយ​ប្រាប់​ថា​ “កើត​មក​ខ្ញុំ​ជា​អ្នក​ស្រឡាញ់​ជាតិ ​ស្រឡាញ់​ស្រុក​ ​ស្រឡាញ់​ខ្មែរ​ប៉ុណ្ណឹង​ទេ ។​ ​ហើយ​ដឹង​ថា​ ​ខ្មែរ​ហ្នឹង​គង់តែ​ភ្លាត់​ដោយសារ​បារាំង​ដោយសារ​ចិន​ ​ដោយសារ​យួន​ និង​ដោយសារ​មេដឹកនាំ​ខ្មែរ​ពុក​រលួយ​ ​ដោយសារ​ស្ដេច​យើង​ ដោយសារ​រាស្ដ្រ​យើង​ល្ងង់ខ្លៅ​ ខ្មែរ​ទាំងអស់​ឱន​ក្បាល​ក្រាប​តាម​តែ​គេ ។​ ​ដឹង​អាហ្នឹង​វា​ទៅ​ជា​ឈឺ​ចាប់​រហូត​រៀង​មក​ ហើយ​ទទួល​រឿង​ឪពុក​ម្ដាយ​ខ្ញុំ​អីហ្នឹង​វា​ពិបាក​ថែម​ទៀត​ ​មានចិត្ដ​ក្នុង​ខ្លួន​ថា​ធ្វើ​ម៉េច​ខំរៀន​ឱ្យ​បាន​ចេះ​ដឹង​” ។

លោក​បាន​និយាយ​រៀបរាប់​អ្វី​ដែល​ជា​កង្វល់​ធំ​ជាងគេ​គឺ​ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​បាន​ឯករាជ្យ​នោះ​ទាល់តែ​ខ្មែរ​មាន​ពុម្ព​​អក្សរ​ប្រើ​ ​ព្រោះ​មិន​អាច​ពឹងពាក់​លើ​ការ​សរសេរ​អក្សរ​នឹង​ដៃ​ក្នុង​កិច្ច​ការ​រដ្ឋ​នោះ​ទេ​ ហេតុ​ដូច្នេះ​ហើយ​ជា​លទ្ធផល​នោះ​ ​បណ្ឌិត​ ​កេង​ វ៉ាន់សាក់​ ​គឺជា​អ្នក​ដែល​បាន​បង្កើត​អង្គុលី​លេខ​ប្រើ​ភាសា​ខ្មែរ​មុនគេ ។​ លោក​បាន​និយាយ​ថា​ ​“ខ្ញុំ​ខំ​ធ្វើ​ម៉េច​ឱ្យ​ប្រើ​ភាសា​ខ្មែរ​បាន​ សរសេរ​អក្សរ​ជា​អក្សរ​ពុម្ព​​បាន​ ​ហើយ​យក​មក​ប្រើ​ផង​ដើម្បី​ឱ្យ​យើង​អាច​ឯករាជ្យ​បាន ។​ នេះ​ជា​បញ្ហា​ធំ​ជំនាន់​ហ្នឹង​ ​ព្រោះ​ថា​ឯករាជ្យ​ម៉េច​កើត​បើ​យើង​អត់​មាន​ពុម្ព​សរសេរ ។​ ​សរសេរ​ដៃ​កិច្ចការរដ្ឋ​ទៅ​មិន​ទាន់​ទេ ។​ជំនាន់​នោះ​មិន​ទាន់​មាន​ម៉ាស៊ីន​សរសេរ” ។

ប៉ុន្ដែ​នៅ​ពេល​ដែល​មានការ​លើក​ឡើងជា​សំណួរ​ថា បើ​ទាស់​ជាមួយ​បរទេស​ ​ជា​ពិសេស​ជា​មួយ​អាណានិគម​បារាំង​ប្រហែល​ជា​ពុំ​មាន​បញ្ហា​អ្វី​ធំ​ដំ​ទេ​ ​ប៉ុន្ដែ​តាម​ប្រសាសន៍​លោក​ខាង​ដើម​នោះ​លោក​ទាស់​តាំង​តែ​ជាមួយ​ព្រះករុណា​ ទាស់​ជាមួយ​សម្ដេច​ព្រះ​សង្ឃរាជ​ ទាស់​ជាមួយ​លោក​សេនាប្រមុខ​ ​លន់​ ​ណុ​ល​ ​ទាស់​ជាមួយ​គ្រប់​គ្នា​ទាំងអស់ ។​ នោះ​បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ ​បាន​ផ្ដល់​ការ​ពន្យល់ ។​

បណ្ឌិត​រូប​នេះ​បាន​និយាយ​ថា​ ​នោះ​ក៏​មក​ពី​គេ​ទៅ​សាកសួរ​រូប​គាត់​ ​ហើយ​គាត់​ក៏​ធ្វើការ​វិនិច្ឆ័យ​យល់​ឃើញ​ថា ​ពួក​មនុស្ស​អស់ទាំង​នោះ​សុទ្ធតែ​ជា​មនុស្ស​អន់​ ​គ្មាន​ឧត្ដមគតិ​ជាតិ​អ្វី​ទេ​ ​គិត​តែ​ពី​ការ​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​ និង​អ្វីៗ ។​ លោក​មិន​បាន​និយាយ​អ្វី​វែង​ឆ្ងាយ​ក្រៅ​តែ​ពី​ថា​ ​នៅ​ក្នុង​ចិត្ដ​គាត់​គិត​ឃើញ​ថា​ ​ពួក​អស់ហ្នឹង​អត់​បានការ​អ្វី​ទាំងអស់​ ហើយ​បង្ខូច​ស្រុក​ឱ្យ​ធ្លាក់​ដល់​ប៉ុណ្ណឹង​ថែម​ទៀត ។​

នេះ​ក៏​ជា​ហេតុផល​មួយ​ដែល​គាត់​បាន​លើក​ពន្យល់​ថា​នាំ​ឱ្យ​គាត់​ងាក​ទៅ​រក​ទាក់ទង​ជាមួយ​ក្មេងៗ​ជំនាន់​ក្រោយ​ដែល​សម្ដៅ​ដល់​ ​ប៉ុល​ ​ពត, អៀង ​សារី ។ យ៉ាងណា​ក៏​ដោយ​គាត់​បាន​អធិប្បាយ​ថា​ ​គឺ​ពួក​ ​ប៉ុល ​ពត​ ​អៀង​ ​សារី​ ​នោះ​ទេ​ដែល​តាម​ទៅ​រក​គាត់​ ​និង​​​គាត់​មិន​​ដើរ​តាម​ពួក​អស់នោះ​ឡើយ​ដែល​កាលនោះ​គាត់​មើល​ឃើញ​ថា​ ​របប​ក្បួន​ល្ងង់​គិតតែ​អំពើ​ពុក​រលួយ​ឃោរឃៅ ​ហើយ​គាត់​យល់​ថា​ពួកក្មេង​ជំនាន់​ក្រោយ​សម្ដៅ​ដល់​ ​ប៉ុល​ ​ពត,​ ​នួន​ ​ជា,​ អៀង​ ​សារី​, ​ខៀវ​ ​សំផន​ ​ជា​មនុស្ស​ដែល​គាត់​យល់​ថា​ ​ត្រឹម​ត្រូវ​អាច​គិតគូរ​រឿង​ស្រុក​ទេស​បាន ។​

អំពី​ប្រវត្ដិ​របស់​បណ្ឌិត​ ​កេង ​វ៉ាន់សាក់​ ​នេះ​ ​សមាជិក​រាជវង្ស​ខ្មែរ​ម្នាក់​បាន​រៀបរាប់​ថា​ បណ្ឌិត ​កេង​ ​វ៉ាន់សាក់​ ​ជា​បុត្រា​ពៅ​បន្ទាប់​ពី​បុត្រីយ៍​ច្បង​ពីរ​នាក់​របស់​អ្នក​ម្នាង ​ហម​ ​ដែល​ជា​អ្នក​ម្នាង​របស់​ព្រះ​អង្គ​ម្ចាស់​ ​ស៊ីសុវត្ថិ​ ​ដួងលក្ខិណា​ ​ជា​ព្រះ​អនុជ​បង្កើត​របស់​ព្រះករុណា​ព្រះមហាក្សត្រ​ ស៊ីសុវត្ថិ​ ​មុន្នីវង្ស​ ​ព្រះ​ចៅក្រុង​កម្ពុជាធិបតី ។​

ហើយ​តាម​ប្រភព​សមាជិក​រាជវង្ស​ដដែល​ថា​ ​នៅ​ថ្ងៃ​ទារក​ វ៉ាន់សាក់​ ​នេះ​ប្រសូត្រ​ ​ក៏​មាន​កើត​ហេតុ​ដ៏​ប្លែក​មួយ​ ​ដោយ​មាន​ភាព​ងងឹត​ពេញ​ផ្ទៃ​ព្រះ​បរម​រាជវាំង​អស់​ពេញ​មួយ​ថ្ងៃ ។​

យ៉ាងណា​ព្រឹត្ដិការណ៍​នេះ​ក៏​បាន​ធ្វើ​ឱ្យ​មាន​ភាព​ចលាចល​ ហើយ​មានការ​កាប់​សម្លាប់​គ្នា​នៃ​ក្រុម​រាជវង្ស ។​ ​ហើយ​នេះ​ក៏​បណ្ដាល​ឱ្យ​មាន​ការ​ហៅ​រក​ហោរា​នៃ​ព្រះ​បរមរាជវាំង​មក​ទស្សទាយ​ឃើញ​ថា​មាន​ទារក​ចង្រៃ​កើត​ចំ​ថ្ងៃ​នោះ​ដែល​ត្រូវ​តែ​យក​ទៅ​ប្រហារជីវិត​ ​ឬ​បំបរបង់​ចោល ។​ ​ត្រង់នេះ​ក៏​ពុំ​មាន​ឯក​សារ​ណាមួយ​ជា​ផ្លូវការ​បញ្ជាក់​បដិសេធ​ ​ឬ​ក៏​ទទួលស្គាល់​នោះ​ឡើយ ។​

រឿងរ៉ាវ​ទាំងនេះ​បើ​ទោះបី​ជា​មិន​ទាន់​មានការ​អធិប្បាយ​ផ្សាយ​ជា​សាធារណៈ​ទូលំទូលាយ​ក៏​ដោយ​ ​ក៏​បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ ​ខ្លួនឯង​បាន​សារភាព​អំពី​ការ​ដែល​ម្ដាយ​របស់​លោក​ អ្នក​ម្នាង​ ​ហម​ ​បាន​ជ្រើស​រើស​យក​ការ​ចាក​ចេញពី​ព្រះ​បរមរាជវាំង​ដើម្បី​បន្ដ​រស់នៅ​ថែទាំ​កូន​រហូត​ដល់​ពេញ​រូប​ពេញ​រាង​ធំ​ ​និង​បន្ដ​ការ​សិក្សា ។ ​ហើយ​ជា​ញឹកញាប់​បណ្ឌិត​ កេង​ ​វ៉ាន់សាក់​ ​បាន​ប្រាប់​គេឯង​អំពី​ការ​ដែល​គាត់​នៅ​តែ​ដឹងគុណ​គ្មាន​ថ្ងៃ​​ភ្លេច​បាន​នូវ​មហា​ករុណា​ទិ​គុណ​ដ៏​ធំធេង​នៃ​មាតា​របស់​លោក​ដែល​លោក​នៅ​តែ​នឹក​ឃើញ​ជាមួយ​ពាក្យ​ថ្លែង​ថា​ ពេល​ខ្លះ​លោក​បាន​ទាំង​យំ​ខ្សឹប​ខ្សួល​អស់​ពេញ​មួយ​ថ្ងៃ​ពេល​រំលឹក​ដល់​សម្ដី​របស់​មាតា​លោក​ដែល​ប្រកបដោយ​ទឹក​ចិត្ដ​មេត្ដា​នោះ ។​

ប្រវត្ដិ​រឿងរ៉ាវ​របស់​បណ្ឌិត ​កេង​ ​វ៉ាន់សាក់​ ​នៅ​មាន​វែង​ឆ្ងាយ​ទៅ​ទៀត ​ប៉ុន្ដែ​អ្វី​ដែល​គាត់​បាន​ប្រកាស​ប្រាប់​គេឯង​ដូច​ដែល​គេ​ដឹង​នោះ​ ​គឺ​គាត់​តាំងចិត្ដ​ថា​ជា​អ្នក​ប្រឆាំង​ដាច់​ខាត​នឹង​របប​រាជា​និយម​ ​ទំនង​ជា​ដោយសារ​ការ​ដែល​គាត់​បាន​ឃ្លាតឆ្ងាយ​ពី​ទី​កំណើត​ដោយសារ​ការ​ព្យាករណ៍​របស់​ហោរា​ ​ធ្វើ​ឱ្យ​វាសនា​គាត់​ច្របូក​ច្របល់​ដូច​សំពៅ​ឆ្លងកាត់​មហាសមុទ្រ​នោះ ៕​

 ទិដ្ឋភាព​ក្នុង​គេហដ្ឋាន​លោក​បណ្ឌិត កេង វ៉ាន់សាក់ (រូប​ថត​លោក និង​ភរិយា​ព្យួរ​នៅ​លើ​ជញ្ជាំង)

ទិដ្ឋភាព​ក្នុង​គេហដ្ឋាន​លោក​បណ្ឌិត កេង វ៉ាន់សាក់
(រូប​ថត​លោក និង​ភរិយា​ព្យួរ​នៅ​លើ​ជញ្ជាំង)

 

ពាក្យ​រឭកៈ

ខ្ញុំ​ជា​ប្រិយមិត្ត​គាំ​ទ្រ​សាស្ត្រាចារ្យ កេង វ៉ាន់សាក់ និង​តាម​ដាន​ជាប់​ជានិច្ច នៅ​ពេល​លោក​ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ស្ដីអំពី “អត្តសញ្ញាណ​ជាតិ​ខ្មែរ” ។ ប៉ុន្តែ ខ្ញុំ​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​លោក​អត្ថាធិប្បាយ​ដល់​ចំណុច​ពាក់​ព័ន្ធ​នឹង​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​បាន​ទទួល​នូវ​ចំណេះ​ដឹង​ស្ដី​អំពី​បញ្ហា​ខ្មែរ​យ៉ាង​ច្រើន តាម​រយៈ​បទសម្ភាសន៍​នានា​ដែល​លោក​បាន​ធ្វើ​ជា​មួយ​វិទ្យុ​អាស៊ីសេរី តាំង​​ពី​​ដើម​កំណើត​ជនជាតិ​ខ្មែរ ទឹក​ដី ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ការ​ប្រារព្ធ​ពិធី​បុណ្យ ការ​រៀបចំ​រចនា​សម្ព័ន្ធ​សង្គម សិល្បៈ សំណង់ ជំនឿ​សាសនា អក្សរ​សាស្ត្រ និង​ភាសា​សាស្ត្រ រហូត​ដល់​ការ​វិវត្ត​ស្ថានភាព​នយោបាយ​ក្នុង​​ស្រុក​ខ្មែរ​នៅ​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ ។ រីឯ​បញ្ហា​អវិជ្ជមាន​នានា​ដែល​លោក​បាន​លើក​ឡើង​ទាក់​ទិន​ទៅ​នឹង​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ខ្ញុំ​យល់​ឃើញ​ថា យើង​ពុំ​គួរ​ច្រាន​ចោល​គំនិត​ទស្សនៈ​នេះ​ទាំង​ស្រុង​ទេ យើង​គួរ​ចាត់​ទុក​ទស្សនៈ​នេះ​ជា​សម្មតិកម្ម​មួយ​សម្រាប់​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​បន្ត​ទៀត ដើម្បី​ស្វែង​រក​ហេតុ​ផល និង​ភស្តុតាង​ជាក់​ស្ដែង​មក​បញ្ជាក់​ថា ទស្សនៈ​ដែល​លើក​ឡើង​នេះ “ត្រឹម​ត្រូវ”  ឬ “ត្រូវ​ដោយ​ភាគ”  ឬ “ខុស​ទាំង​ស្រុង”

អត្ថបទ​ពាក់ព័ន្ធៈ  លោក​សាស្ត្រាចារ្យ​បណ្ឌិត កេង វ៉ាន់សាក់ និង​ស្នាដៃ​លោក

 






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve