ផលិតផលអេតាណុលលើកដំបូងនាំចេញពីកម្ពុជាទៅសហគមន៍អឺរុប
ក្រុងព្រះសីហនុ ៖ ក្រុមហ៊ុន MH BIO ENERGY CO.LTD បានចាប់ផ្ដើមនាំចេញផលិតផលអេតាណុល ដំបូងគេបង្អស់នៅកម្ពុជាឆ្ពោះទៅសហគមន៍អឺរ៉ុប ហើយការនាំចេញនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០០៨ តាមច្រកកំពង់ផែប្រេងក្រុមហ៊ុនសូគីម៉ិច អតីតរោងចក្រប្រេងកាតក្នុងខណ្ឌស្ទឹងហាវក្រុងព្រះ សីហនុ។ តំណាងក្រុមហ៊ុនបានបញ្ជាក់ឱ្យដឹងថា ការនាំចេញផលិតផលអេតាណុលនេះកើតឡើងក្រោមការ ខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក៏ដូចជាការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជា អស់រយៈពេលជិត២ឆ្នាំចុង ក្រោយនេះ។ ផលិតផលអេតាណុល ដែលនាំចេញទៅកាន់សហគមន៍អឺរ៉ុបជាលើកដំបូងនេះ ចំនួន៩.៦០០ តោន ចំណុះ៩.៦០០គីឡូលីត្រ ។
តំណាងក្រុមហ៊ុនឱ្យដឹងថា ផលិតផលអេតាណុលគឺជាជីវឥន្ធនៈមួយប្រភេទ ដែលអាចប្រើជំនួសប្រេងឥន្ធនៈ បានដោយមិនបង្កឱ្យមានការបំពុលបរិស្ថានឡើយ ហើយជាមួយនឹងការនាំចេញជាលើកដំបូងនេះ គឺជា ប្រវត្ដិសាស្ដ្រ និងមោទនភាពមួយសំរាប់ក្រុមហ៊ុន MH BIO ENERGY ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្ហាញឱ្យពិភពលោកបានឃើញដែរ ៕
(ដកស្រង់ពីសារព័ត៌មានកោះសន្តិភាព)

នាវាដឹកអេតាណុល