ភ្នាក់ងារដំណើរលម្អងដ៏ល្អឥតខ្ចោះរបស់ល្ពៅគឺឃ្មុំ
គ្មានមន្ទិលទេដែលនំល្ពៅប្រកបដោយរសជាតិផ្អែម ទន់រលោង និងមានរសគ្រឿងទេស គឺជាអាហារចំណូលចិត្តនៅថ្ងៃឈប់សម្រាក ពីមួយឆ្នាំទៅមួយឆ្នាំ ។
ប៉ុន្តែ ផ្លែល្ពៅក្រឡូបដែលគេយកទៅធ្វើនំដ៏ឆ្ងាញ់នេះ នឹងទទួលបានមកតែក្នុងករណីដែលផ្កាពណ៌លឿងទឹកក្រូចរបស់វារោយលម្អង ។
ជាសំណាងល្អ ឃ្មុំធម្មជាតិនៃប្រភេទ Peponapis និង Xenoglossa គឺជាភ្នាក់ងារដំណើរលម្អងដ៏ល្អបំផុតរបស់ល្ពៅ ។ ឃ្មុំទាំងនេះក៏ជាភ្នាក់ងារដំណើរលម្អងដ៏ប៉ិនប្រសប់នៃដំណាំញាតិរបស់ល្ពៅផ្សេងៗទៀតដែរ រួមមាន ដំណាំអំបូរឃ្លោក និងអំបូរ Squash (ដំណាំម្យ៉ាងស្រដៀងល្ពៅ ឬរនោង) ដូចជា Spaghetti, Pattypan, Butternut, Hubbard, និង Zucchini ។
អ្នកបាណកសាស្ត្រនៃសេវាស្រាវជ្រាវកសិកម្ម (ARS) លោក Jim Cane លោក Frank Eischen និងលោក Blair Sampson ជាអ្នកគាំទ្រយ៉ាងខ្លាំងលើសត្វឃ្មុំមួយពួកដែលគេហៅថា ឃ្មុំ Squash ជាសត្វឃ្មុំព្រៃប្រហែល ២០ ប្រភេទ មានដើមកំណើតនៅទ្វីបអាមេរិចទាំងខាងជើង កណ្ដាល និងខាងត្បូង ។
លោក Cane មានប្រសាសន៍ថា ឃ្មុំ Squash ទាំងនោះឧស្សាហ៍ធ្វើការនិងមិនងាយឃើញ ជាអ្នកភ្ញាក់ពីព្រលឹម ពួកវាទៅដល់កន្លែងក្រេបផ្កាមុនពេលព្រះអាទិត្យរះ ខណៈដែលផ្ការបស់ដំណាំ Squash ទើបតែចាប់ផ្ដើមរីក ។ តាមលោក Cane ឃ្មុំទឹកឃ្មុំ (Honeybee) ឪម៉ាល់ (Bumblebee) និងសត្វល្អិតដទៃទៀត ដែលជាភ្នាក់ងារដំណើរល្អងដែរនោះ មកបង្ហាញមុខ យឺតជាងពួកឃ្មុំ Squash រយៈពេលកន្លះម៉ោង ។ លោក Cane ធ្វើការនៅផ្នែកស្រាវជ្រាវជីវសាស្ត្រ គ្រប់គ្រង និងប្រព័ន្ធិកសត្វល្អិតដំណើរលម្អង នៃ ARS នៅក្នុងក្រុង Logan រដ្ឋ Utah ។
លោក Cane ចង្អុលប្រាប់ថា ជាទូទៅ សំបុកឃ្មុំ Squash ស្ថិតនៅក្រោមដី ជារូងជម្រៅប្រហែល ១ ហ្វូត ពីផ្ទៃខាងលើ ធ្វើឲ្យអ្នកផងមិនសូវចាប់អារម្មណ៍ដូចសំបុកនៅលើដីរបស់ឃ្មុំប្រភេទដទៃទៀតទេ ។ ការនេះ អាចពន្យល់បានពីមូលហេតុដែលថា សូម្បីអ្នកដាំល្ពៅសម្រាប់កំសាន្ត ឬដាំដើម្បីលក់ដូរ មិនចាប់ភ្លឹកពីឃ្មុំ Squash ដ៏រវល់នេះ ។
ឃ្មុំ Squash ទាំងឈ្មោល និងញី បឺតយកទឹកដមពីផ្កា ។ ប៉ុន្តែ មានតែឃ្មុំញីទេដែលស្វែងរកគ្រាប់លម្អងពណ៌ទឹកក្រូច ទំពារស៊ី ឬពាំនាំគ្រាប់លម្អង រួមជាមួយទឹកដមត្រឡប់ទៅសំបុកវិញដើម្បីចិញ្ចឹមកូនរបស់វា ។
ចំពោះល្ពៅ ស្រទាប់ផ្ការបស់វានឹងបិទនៅពេលថ្ងៃត្រង់ ពេលនោះ ឃ្មុំ Squash ក៏ទៅបាត់ពុំឃើញដែរ ។ ឃ្មុំឈ្មោលដែលពោរពេញដោយឧបាយកល នឹងចំណាយពេលវេលាទាំងថ្ងៃ ទាំងយប់ ដេកយ៉ាងស្រួលនៅក្នុងផ្កា ។ នៅព្រឹកបន្ទាប់ ឃ្មុំឈ្មោលជាតួអង្គ Romeos ដែលបានគ្រោងទុក នឹងមានភាពស្រស់បស់ និងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ភាពរ៉ូមែនទិចជាមួយឃ្មុំញីដែលនឹងមកដល់ភ្លាមៗបន្ទាប់ពីផ្ការីក ។
តាមការសិក្សាថ្មីៗនេះ លោក Cane និងសហការីរបស់គាត់បានផ្ដល់ភាពលម្អិតថ្មីៗអំពីទម្លាប់ និងភាពទូទៅរបស់ឃ្មុំ Squash ។ ព័ត៌មានថ្មីបង្ហាញថា ឃ្មុំឯកទេសទាំងនេះ ទទួលខុសត្រូវលើចំណែកដ៏ធំនៃដំណើរលម្អងរបស់ដំណាំល្ពៅ Squash និងឃ្លោក នៅសហរដ្ឋអាមេរិច ។
ឯកទេសខាងដំណើរលម្អងរបស់ឃ្មុំគឺជាព័ត៌មានល្អចំពោះអ្នកដាំបន្លែនៅសួនក្រោយផ្ទះ និងអ្នកដាំបន្លែសម្រាប់ពាណិជ្ជកម្ម ជាពិសេស បញ្ហាដែលកំពុងតែញាំញីភ្នាក់ងារដំណើរលម្អងដែលគេស្គាល់ជាទូទៅ គឺឃ្មុំមានកំណើតនៅអឺរ៉ុប Apis Mellifera ។ ក្រុមសត្វឃ្មុំទទួលរងនូវ ទុក្ខសោកជាច្រើន រួមមាន ការធ្លាក់ចុះនូវចំនួនក្រុមឃ្មុំដោយពុំដឹងមូលហេតុ និងបញ្ហាមួយចំនួនដែលនាំយកមកដោយពពួកសត្វល្អិតស្លាបរឹង ពួក Mite (ជាសត្វល្អិតមានរូបរាងស្រដៀងពីពាង) ឃ្មុំមានដើមកំណើតនៅអាហ្រិច ដោយសារជម្ងឺ និងថ្នាំសម្លាប់សត្វល្អិត ។
ការសិក្សាពីឃ្មុំ Squash ដោយអ្នកវិទ្យាសាស្ត្រ ARS ទាំង៣រូប បានពង្រីកការសិក្សាមុនគេបង្អស់ដោយ លោក Vince Tepedino បច្ចុប្បន្នចូលនិវត្តពីមន្ទីរពិសោធន៍ Logan ប៉ុន្តែនៅតែបន្តការងារជាមួយក្រុមស្រាវជ្រាវនេះជាអ្នកសហការ ។ ជាក់ស្ដែង ការសង្កេតរបស់លោក Tepedino នៅវាលដាំបន្លែ Zucchini ក្នុងរដ្ឋ Utah បានផ្ដល់ភស្តុតាងថា ប្រជាពលដ៏ច្រើននៃឃ្មុំ Squash ដូចជា P. Pruinosa អាចបំពេញភារកិច្ចដំណើរលម្អងបានដោយមិនចាំបាច់មានជំនួយពីឃ្មុំទឹកឃ្មុំ ។ ឃ្មុំព្រៃប្រភេទនេះនឹងអាចបំពេញការងារជំនួសឃ្មុំទឹកឃ្មុំបាន ស្របពេលដែលមានតម្រូវការឃ្មុំទឹកឃ្មុំកើនឡើងសម្រាប់ធ្វើកិច្ចការនៅកន្លែងផ្សេង ។
នៅក្នុងការសិក្សាថ្មីៗនេះអំពីប្រភេទឃ្មុំ Squash ដូចគ្នានេះដែរ លោក Cane បញ្ជាក់ថា ឃ្មុំ P. Pruinosa ឈ្មោលតែម្នាក់ឯង អាចបំពេញភារកិច្ចនៃដំណើរលម្អងមួយភាគធំរបស់ដំណាំ Squash រដូវក្ដៅមានផ្កាពណ៌លឿង ។ គាត់មានប្រសាសន៍ថា “នេះជាការខុសប្រក្រតី ពីព្រោះកាលពីមុន មានឃ្មុំឈ្មោលតិចជាង ១០% ប៉ុណ្ណោះបានចូលរួមនៅក្នុងផលិតកម្មដំណាំ ។ ប្រសិនបើឃ្មុំឈ្មោលពិតជាបានចូលរួមចំណែកដ៏សម្បើមនៅក្នុងដំណើរលម្អងរបស់ដំណាំនោះ គឺជាគុណប្រយោជន៍ដ៏ធំដល់អ្នកដាំដំណាំ និងអ្នកចិញ្ចឹមឃ្មុំ ។ ជារួម នៅពេលឃ្មុំញី និងឈ្មោលធ្វើកិច្ចការជាមួយគ្នា យើងនឹងត្រូវការឃ្មុំក្នុងបរិមាណតិច ។”
លោក Cane មានប្រសាសន៍ថា កត្តាមួយក្នុងចំណោមកត្តាទាំងឡាយដែលអាចពន្យល់ពីតួនាទីដ៏មានសារៈសំខាន់របស់ឃ្មុំឈ្មោល P. Pruinosa គឺជម្រើសរបស់វាពីទីកន្លែងដើម្បីល្បាតឃ្មុំញី ។ មិនដូចឃ្មុំប្រភេទខ្លះដែលជាទូទៅស្វែងរកឃ្មុំញីនៅនឹងសំបុក ឃ្មុំឈ្មោល P. Pruinosa “មានចំណង់ខ្លាំងក្នុងការទៅលេងផ្កា” ។ នៅពេលឃ្មុំឈ្មោលជួបស្នេហាជាមួយឃ្មុំញី វាបាននាំយកលម្អងផ្កាជាប់នឹងខ្លួនរបស់វាតាមទៅជាមួយ ពីផ្កាមួយទៅផ្កាមួយទៀត ។
ទីតំបន់រស់នៅរបស់ឃ្មុំ Squash
ការស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីឃ្មុំ Squash ទាំងនេះ មានដើមកំណើតដំបូងពីការសិក្សាអង្កេតមួយហៅថា “ភ្នាក់ងារដំណើរលម្អងនៃដំណាំ Squash នៅទ្វីបអាមេរិច” ។ លោក Cane បានសហការជាមួយអ្នកជីវសាស្ត្រ បរិស្ថានវិទូដំណើរលម្អង និងអ្នកវិទ្យាសាស្ត្រផ្សេងៗទៀតនៅទ្វីបអាមេរិចប៉ែកខាងជើង កណ្ដាល និងខាងត្បូង នៅក្នុងឆ្នាំ២០០៤ ។ លោក Cane មានប្រសាសន៍ថា ជំរឿនដែលកំពុងតែបន្តធ្វើដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ កត់ត្រាពីចំនួនរបស់ឃ្មុំដែលជាភ្នាក់ងារដំណើរលម្អងរបស់ដំណាំ Squash និងល្ពៅ “នៅគ្រប់ទីកន្លែង តាំងពីនៅតាមសួនបន្លែគ្រួសារ តាមសួនបន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងតាមកសិដ្ឋានពាណិជ្ជកម្មទ្រង់ទ្រាយធំ នៅតាមជ្រលងនានាដែលមានកសិកម្មអតិផល ។ ទីតាំងធ្វើជំរឿនធំជាងគេបំផុតមានផ្ទៃដីដាំដំណាំ Squash ជិត ១០០០ អេខ័រ (Acres) ។ ការប៉ាន់ប្រមាណនៃការអង្កេតបឋមបង្ហាញថា ទីតាំងនេះមានឃ្មុំ Squash យ៉ាងតិច ១៣៥.០០០ ក្បាល ។
ជំរឿននេះគឺជាការសិក្សាអង្កេតក្នុងទ្រង់ទ្រាយអឌ្ឍគោលមិនធ្លាប់ធ្វើពីមុនមកចំពោះឃ្មុំក្រៅសង្គម (Nonsocial-គឺឃ្មុំមិនរស់នៅក្នុងសម្បុកបង្គង ឬរស់ជាក្រុមផ្សេងទៀត) ។ ដោយមានជំនួយពីភាពងាយស្រួលក្នុងទំនាក់ទំនងតាមរយៈអ៊ិនធឺណិត ការសិក្សាអង្កេតនេះនឹងជួយឲ្យអ្នកសហការនានាអភិវឌ្ឍនូវសេចក្ដីសរុបស្ថិតិត្រឹមត្រូវផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រនៃវត្តមាន និងវីរកម្មដំណើរលម្អងរបស់ឃ្មុំ Squash នៅពិភពលោកថ្មី (New World) ។
ពិធីការនៃការសិក្សាដែលត្រូវបានសាកល្បង និងកែលម្អដោយលោក Cane និងអ្នកសហការទាំងឡាយ ត្រូវបានទទួលយកដោយអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ ទៅធ្វើជាគំរូនៅក្នុងការសិក្សាអង្កេតអំពីសត្វល្អិតជាភ្នាក់ងារដំណើរលម្អងរបស់ដំណាំនៅទីកន្លែងផ្សេងទៀត ។
លោក Cane មានប្រសាសន៍ថា តាមពេលវេលាដែលអាចធ្វើបាន អ្នកចូលរួមទាំងឡាយផ្ដល់ទិន្នន័យអំពីចំនួន និងប្រភេទនៃភ្នាក់ងារដំណើរលម្អងដែលមកទំលើផ្កាដំណាំ Squash និងឃ្លោក នៅទីតាំងដែលបានជ្រើសរើស ។ ការរាប់តាមបែបស្ថិតិហៅថា “Snapshots” ធ្វើឡើងប្រហែល ១០ ទៅ ២០ នាទី ហើយអាចធ្វើឡើងបានគ្រប់ពេលនៅកំឡុងរដូវដាំដុះ ។
នៅផ្នែកស្រាវជ្រាវពីឃ្មុំទឹកឃ្មុំ នៅក្រុង Weslaco រដ្ឋ Texas លោក Frank Eischen បាន និងកំពុងប្រមូលទិន្នន័យសម្រាប់ការសិក្សាអង្កេតនេះ អស់រយៈពេល៣ឆ្នាំមកហើយ ។ ជាមួយអ្នកបច្ចេកទេសឈ្មោះ Henry Graham លោក Eischen កំពុងពិនិត្យតាមដានឃ្មុំ Peponapis ឃ្មុំទឹកឃ្មុំ នៅដើមរដូវដាំដុះដំណាំ Squash នៅជ្រលង Rio Grande នៃរដ្ឋ Texas ។
លោក Eischen មានប្រសាសន៍ថា លទ្ធផលពីក្រុង Weslaco បង្ហាញថា ជារៀងរាល់ឆ្នាំ ឃ្មុំ Peponapis ហាក់ដូចជាមានចំនួនច្រើនជាងឃ្មុំទឹកឃ្មុំនៅតាមបណ្ដាទីតាំងនានារបស់យើង ។ ជាក់ស្ដែងណាស់ អ្នកដាំដំណាំ Squash ចង់ឲ្យប្រាកដថា ឃ្មុំប្រភេទនេះមានចំនួនគ្រប់គ្រាន់សម្រាប់ដំណាំរបស់ពួកគេ ។
នៅភាគខាងត្បូងសហរដ្ឋអាមេរិច លោក Blair Sampson បានពិនិត្យពិច័យផ្ការបស់ដំណាំល្ពៅ Crookneck, Straight neck, Lakota, និង Zucchini នៅទីវាលនៃមន្ទីរពិសោធន៍សាកវប្បកម្មប្រចាំភាគខាងត្បូងសហរដ្ឋអាមេរិចរបស់ ARS នៅក្រុង Poplarville រដ្ឋ Mississippi និងនៅជិតក្រុង McNeil ។
លោក Sampson បានមានប្រសាសន៍ថា ទិន្នន័យបឋមពីការសង្កេតរបស់យើង ភាគច្រើនលើឃ្មុំ P. pruinosa និង X. strenua បង្ហាញថា ឃ្មុំប្រភេទព្រៃនៃដំណាំ Squash នេះ មានលក្ខណៈទាំង៥ ដែលសបញ្ជាក់ពីភ្នាក់ងារលម្អងរបស់ដំណាំដ៏មានប្រសិទ្ធិភាពបំផុតនៅក្នុងលោក គឺពួកវាមានចំនួនច្រើន ប្រកបដោយការប្រកួតប្រជែង មានប្រសិទ្ធិភាព មានភក្ដីភាព នៅក្នុងការជ្រើសរើសដំណាំ និងមានភាពរហ័ស ។
លោក Cane និយាយថា “នៅពេលអ្នកពិនិត្យមើលព័ត៌មាននេះ និងព័ត៌មានបានមកពីទីកន្លែងសិក្សាអង្កេតនានា រូបភាពរួមមួយនៃការចូលរួមចំណែករបស់ឃ្មុំ Squash នៅទ្វីបអាមេរិច ចាប់ផ្ដើមលេចរូបរាងឡើង ។” ក្នុងនោះ ៖
- ទីកន្លែងណាដែលមានប្រវត្តិដាំដុះល្ពៅ Squash ឬឃ្លោក នៅតែជាកន្លែងបន្តទទួលប្រជាពលឃ្មុំ Peponapis
- កសិដ្ឋានខ្លះដែលប្រើថ្នាំសម្លាប់សត្វល្អិតដោយប្រុងប្រយ័ត្នលើដំណាំ Squash ឬដំណាំដទៃទៀត នៅក្បែរៗនោះមានឃ្មុំ Peponapis ក្នុងចំនួនច្រើន
- សូម្បីនៅក្នុងការដាំដុះយថាផល ប្រជាពលនៃឃ្មុំ Squash និងឃ្លោកនៅតែខ្ពស់ មិនដូចដង់ស៊ីតេឃ្មុំព្រៃប្រភេទខ្លះដែលអាចធ្លាក់ចុះខណៈទំហំរបស់ទីវាលដាំដុះកើនឡើង ។
លោក Cane មានប្រសាសន៍ថា សរុបមក ឃ្មុំ Squash គឺជាភ្នាក់ងារលម្អងមានអត្ថិភាពនៅគ្រប់ទីកន្លែង ទូទៅ មានចំនួនច្រើន និងមានប្រសិទ្ធិភាព ចាប់តាំងពីប្រទេសកាណាដា ដល់ប្រទេសអ៊ុយរ៉ាហ្គាយ លើកលែងតែតំបន់ពាយ័ព្យប៉ែកខាងសមុទ្រប៉ាស៊ីហ្វិច និងអាងទន្លេអាម៉ាហ្សូន ។ ប្រសិនបើរបកគំហើញនេះនៅតែបន្តពិតត្រឹមត្រូវ វាគឺជានិមិត្តរូបនៃគំរូដំបូងរបស់ឃ្មុំក្រៅសង្គម មានដើមកំណើតក្នុងតំបន់ និងគ្មានការគ្រប់គ្រង ដើរតួនាទីយ៉ាងសំខាន់នៅក្នុងផលិតកម្មដំណាំកសិកម្ម ។
លោក Cane បន្តថា ការពិត ឃ្មុំ Squash អាចសឲ្យឃើញពីអ្នកឯកទេសខាងផ្កាដ៏សំខាន់បំផុតនៅក្នុងវិស័យកសិកម្មនៅទ្វីបអាមេរិច ។ ការសិក្សាពីឃ្មុំ Squash ជួយធ្វើឲ្យប្រាកដថា តម្រូវការនៃភ្នាក់ងារដំណើរលម្អងប្រកបដោយការប៉ិនប្រសប់ទាំងនេះត្រូវបានយល់ និងឆ្លើយតប ៕ អត្ថបទដោយ Marcia Wood និង Alfredo Flores, ARS.
បកប្រែ និងផ្សព្វផ្សាយដោយមានការអនុញ្ញាតពី USDA (Agricultural Research/Nov-Dec 2008)







































