Chouk Khmer

November 7, 2008

អេតាណុលសែឡុយឡូសផលិតពីដើមពោត

គណនា និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ខ្សែ​បន្ទាត់​ខាង​ក្រោម

បច្ចុប្បន្ន​នេះ នៅ​ភូមិភាគ​កណ្ដាល​ខាង​លិច​នៃ​សហរដ្ឋអាមេរិច ដើម​ពោត (ដែលកាត់​ប្រមូល​យក​ផ្លែ​រួច) ​ជា​សំណល់​ដំណាំ​​ពី ១០០ ទៅ ១៥០ លាន​តោន ​ត្រូវ​បាន​ទុក​ចោល​នៅ​ក្នុង​ទីវាល​​ដើម្បី​ការពារ​សំណឹក និង​ដើម្បី​ផ្ដល់​សារធាតុ​ចិញ្ចឹម​មក​ឲ្យ​ដី​វិញ ។

ឥឡូវ​នេះ ដើម​ពោត​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ថា ​អាច​ជា​ប្រភព​នៃ​សែឡុយឡូស​សម្រាប់​ផលិត​​ជីវឥន្ធនៈ ។ ប៉ុន្តែ​ តម្លៃ និង​ផល​កម្រៃ​នៃ​ការ​ច្រូតកាត់​​ប្រមូល​ដើម​ពោត​ត្រូវ​តែ​យក​មក​គិត​ពិចារណា ។

លោក Doug Karlen ជា​ធរណីវិទូ​ធ្វើការ​នៅ​មន្ទីរ​ពិសោធន៍​ជាតិ​​ការ​រៀប​ចំ​ដី (ភ្ជួរ​រាស់) ​​នៃ​សេវាកម្ម​ស្រាវជ្រាវ​កសិកម្ម (ARS) នៅ​ក្រុង Ames រដ្ឋ Iowa បាន​មាន​ប្រសាសន៍​ថា “សំណល់​ពោត​​មិន​មែន​គ្រាន់​តែ​​ជា​សំរាម​ទេ យើង​ត្រូវ​ស្វែង​រក​វិធី​ដើម្បី​អភិវឌ្ឍន៍​ការ​អនុវត្ត​នៅ​ទីកន្លែង​ជាក់លាក់​មួយ​សម្រាប់​គ្រប់គ្រង​ការ​កាត់​យក​ចេញ​​​នូវ​ដើមពោត ដែល​មិន​មែន​ជា​វិធី​សាស្ត្រ Big-box ចំពោះការ​គ្រប់​គ្រង​ដី ។ ជាមួយនឹង​វិធី​សាស្ត្រ​ត្រឹមត្រូវ ដើម​ពោត​អាច​មាន​គុណ​ប្រយោជន៍​ជីវថាមពល​ដល់​អ្នក​ប្រើប្រាស់ និង​ផលិតករ​ជាតិ​អាមេរិច” ។

លោក​ Karlen ជា​​ប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​អង្គភាព​ស្រាវជ្រាវ​គុណភាព​ដី និង​ទឹក ។ ក្រុម​របស់​លោក គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ថ្នាក់​ជាតិ​ធ្វើការ​វាយ​តម្លៃ​ច្រើន​ឆ្នាំ​ពី​តម្លៃ និង​ផលកម្រៃ​ផ្នែក​បរិស្ថាន និង​សេដ្ឋកិច្ច ​ដែល​អាច​ទាញ​ប្រយោជន៍​ពី​ការកាត់​យក​ចេញ​នូវ​​​ដើម​ពោត​ទ្រង់ទ្រាយ​ធំ​ដើម្បី​​ផលិត​ជា​អេតាណុល ។ គំរោង​វាយតម្លៃ​លើ​ថាមពល​កកើត​ឡើង​វិញ (REAP) នេះ កំពុង​តែ​អនុវត្ត​នៅ​ក្នុង​រដ្ឋ Alabama, Colorado, Indiana, Iowa, Minnesota, Nebraska, Oregon, Pennsylvania, និង South Dakota ។

ថ្មីៗ​នេះ លោក Karlen បាន​បញ្ចប់​ការ​ស្រាវជ្រាវ​មួយ​វគ្គ​​ពី​ឥទ្ធិពល​នៃ​ការ​អនុវត្ត​ការ​ប្រមូលផល​ទៅ​លើ​តម្លៃ​ជីគីមី និង​គុណភាព​នៃ​ដើម​ពោត​ដែល​បាន​ប្រមូល​ផល​រួច ​សម្រាប់​ជា​វត្ថុធាតុ​ដើម​ដើម្បី​ផលិត​ជីវឥន្ធនៈ ។ ក្រុម​ស្រាវជ្រាវ​របស់​គាត់​មាន​លោក Stuart J. Birrell ជា​វិស្វករ​នៃ​សាកលវិទ្យាល័យ​រដ្ឋ Iowa លោក Corey W. Radtke អ្នក​វិទ្យាសាស្ត្រ​នៃ​មន្ទីរពិសោធន៍​ជាតិ Idaho (INL) និង លោក Wally Wilhelm រុក្ខសរីរវិទូ​នៃ ARS ។ លោក Wilhelm ធ្វើការ​នៅ​អង្គភាព​ស្រាជ្រាវ​ការ​គ្រប់គ្រង​ប្រព័ន្ធ​កសិ‑បរិស្ថាន នៅ​ក្រុង​ Lincoln រដ្ឋ Nebraska ។

អ្វីៗ​អាស្រ័យ​លើ​​របៀប​នៃ​ការ​កាត់

នៅ​ឆ្នាំ ២០០៥ ក្រុម​ស្រាវជ្រាវ​នេះ រួមទាំង​លោក Reed L. Hoskinson ជាអ្នក​វិទ្យាសាស្ត្រ​នៃ INL ដែល​បាន​ចូល​និវត្តន៍​តាំង​ពីពេល​​ស្រាវជ្រាវ​នោះ​មក បាន​ធ្វើ​ការ​ពិសោធន៍​លើ​ដំណាំ​ពោត​នៅ​ជិត​ក្រុង Ames ហើយ​បន្ទាប់​មក​បាន​ប្រមូល​ផល​ដើម​ពោត​តាម​កំពស់​ចំនួន ៤ ​​ខុសៗគ្នា ដើម្បី​វាស់​ស្ទង់​ពី​បរិមាណ និង​គុណភាព​នៃ​ដើម​ពោត​ដែល​អាច​ប្រមូល​ផល​ដោយ​ប្រើ​វិធី​សាស្ត្រ​នៃ​ការ​កាត់​​​ផ្សេងៗ ។

អ្នក​វិទ្យាសាស្ត្រ​ធ្វើ​ឲ្យ​ប្រែប្រួល​​បរិមាណ​ជីវម៉ាស​ដែល​បាន​កាត់​​រួច ដោយ​ផ្លាស់​ប្ដូរ​ប្រភេទ និង​កំពស់​​​នៃ​​ធ្មេញ​កាត់​របស់​ម៉ាស៊ីន​ប្រមូល​ផល ។

ការ​ប្រមូផល “កាត់​ខ្ពស់” ​ ដោយ​​ប្រើ​ធ្មេញ​កាត់​ប្រភេទ Row-crop ហើយ​កាត់​ដើម​ពោត​ត្រង់​ក្រោម​ផ្លែ​បន្តិច ដូចនេះ​មាន​តែ​ផ្លែ និង​ដើម​ពោត​ផ្នែក​ខាង​លើ​ប៉ុណ្ណោះ​ដែល​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ប្រមូលផល ។

ការ​ប្រមូលផល ​កាត់​ធម្មតា” ដែល​ប្រើ​ធ្មេញ​កាត់​ស្ដង់ដារ​ជាមួយ​នឹង Snapping rollers បាន​បន្សល់​គល់​ពោត​ត្រឹមតែ ១៦ អ៊ីញ ។ ប៉ុន្តែ​ការ​កាត់​នេះ​មិន​បាន​បង្កើន​បរិមាណ​ជីវម៉ាស​ទេ​ដោយ​ហេតុ​ថា​ផ្នែក​​ផ្សេងៗ​របស់​រុក្ខជាតិ​ត្រូវ​បាន​ទាញ​ចូល​តាម​កង់​រមូរ (Rollers) រួច​បញ្ចេញ​​ចោល​នៅ​លើ​ដី​វិញ ។

ការ​ប្រមូល​ផល “កាត់​ទាប” ដែល​កាត់​ប្រមូល​យក​ដើម និង​ផ្លែ​ស្ទើរតែ​ទាំង​អស់ ក៏​ប្រើ​ធ្មេញ​កាត់​ប្រភេទ Row-crop ហើយ​បន្សល់​គល់​ពោត​តែ ៤ អ៊ីញ​ ប៉ុណ្ណោះ ។

ការ​ប្រមូល​ផល​កាត់​ទាប​លើក​ទី២ ហៅថា “ការ​កាត់​ដល់​គល់” ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រមូល​ផល​កាត់​ខ្ពស់ ។ ជីវម៉ាស​ដែល​ប្រមូល​បាន​ពី​ការ​កាត់​នេះ​មាន​ដើម​ពោត​ផ្នែក​ខាង​ក្រោម​ប្រវែង​តែ ៣០ អ៊ីញ និង​ស្លឹក​ដែល​នៅ​ជាប់​ជាមួយ​ប៉ុណ្ណោះ ។ នៅ​គ្រប់​វិធី​ទាំង​អស់ គ្រាប់​ពោត​ត្រូវ​បាន​បេះ​ចេញ​ពី​ស្នូល​មុន​ពេល​អ្នក​ស្រាវជ្រាវ​ចាប់​ផ្ដើម​ធ្វើ​ការ​វាយ​តម្លៃ ។

បន្ទាប់​ពី​ការ​ប្រមូល​ផល​បញ្ចប់​ទៅ អ្នក​វិទ្យាសាស្ត្រ​បាន​វាយតម្លៃ​កត្តា​មួយ​ចំនួន​ដូចជា ឥទ្ធិពល​នៃ​ការ​កាត់​យក​ចេញ​នៃ​ដើម​ពោត​ទៅ​លើ​ផលិតកម្ម​ដំណាំ​ និង​គុណភាព​ដី​នៅ​ពេល​ខាងមុខ សក្ដានុពល​នៃ​ផលិតកម្ម​អេតាណុល​ដែល​អាច​ប្រែប្រួល​ដោយ​វិធីប្រមូលផល និង​ថា​​តើ​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​ដោះ​ស្រាយ​ការប្រឈម​នានា​ផ្នែក​ស្ថាបនា​គ្រឿង​ម៉ាស៊ីន​សម្រាប់​ប្រមូលផល ។

អ្នក​ស្រាវជ្រាវ​ទាំងនោះ​បាន​រក​ឃើញថា វត្ថុធាតុ​ដើម​ដែល​កាត់​បន្ទាប់​ពី​ការ​កាត់​ខ្ពស់​មាន​បរិមាណ​ទឹក​ប្រមាណ ៦៤ % ដែល​កាត់​បន្ថយ​គុណ​​តម្លៃ​របស់​វា​ជា​វត្ថុ​ធាតុ​ដើម ។ ជីវម៉ាស​ដែល​មាន​បរិមាណ​ទឹក​ច្រើន​ទាមទារ​ឲ្យ​ចំណាយ​ច្រើន​ជាង​ជីវម៉ាស​ស្ងួត​ក្នុង​ការ​ប្រមូលផល រក្សាទុក និង​ដឹកជញ្ជូន​ទៅ​កាន់​ទី​សម្ភារៈ​បំប្លែង​ទៅ​ជា​អេតាណុល ។

ក្រុម​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ការ​កាត់​យក​ដើម​ពោត​ចេញ​ធ្វើ​ឲ្យ​បាត់​បង់​អាសូត រហូត​ដល់ ៤៥ ផោន ផូស្វរ ២ ទៅ ៤ ផោន និង​ប៉ូតាស្យូម ២៣ ទៅ ៣៨ ផោន ក្នុង​ផ្ទៃ​ដី ១​អែគ័រ ។ ចំពោះ​ដី​ប្រភេទ​ខ្លះ ការ​បាត់​បង់​នេះ​អាច​ធ្វើ​ឲ្យ​មាន​កង្វះខាត​សារធាតុ​ប៉ូតាស្យូម​រយៈពេល​វែង​ដែល​នឹង​កាត់​បន្ថយ​ផលិតភាព​ដំណាំ ប្រសិន​បើ​ពុំ​មាន​ដាក់សំណង​​ជីគីមី​ទេ ។

ប្រសិនបើ​គិត​ជា​ដុល្លា វិធីសាស្ត្រ​កាត់​ទាប អាច​ចំណាយ​ថវិកា​ចំនួនពី ២៥ ទៅ ៣០ ដុល្លា ក្នុង​១អែគ័រ អាស្រ័យ​លើ​តម្លៃ​នៃ​ជីគីមី ។ ការ​ដាក់​សំណង​សារធាតុ​របស់​ដី​ដែល​បាត់បង់​ផ្សេងទៀត​ដូចជា កាល់ស្យូម ម៉ាញ៉េស្យូម ដែក ស័ង្កសី ទង់ដែង និង​ម៉ង់កាណែស នឹង​ធ្វើ​ឲ្យ​តម្លៃ​កាន់​តែ​កើនឡើង​ថែម​ទៀត ។

ការ​គណនា​ពី​ការ​បំប្លែង​នៃ​ស្នូលពោត និង​ផ្នែក​ដទៃ​ទៀត

ដើម​ពោត​ដែល​ប្រមូល​កាត់​បាន​មក​ទាំង ៤ ក្រុម ​ត្រូវ​បាន​បំប្លែង​ទៅ​ជា​ឥន្ធនៈ​​តាម​រយៈ​ការ​កែច្នៃ​ហៅថា Thermochemical Processing ។ ក្រុម​របស់​លោក Karlen បាន​វាស់​​ថាមពល​ទិន្នផល​ដែល​ទទួល​បាន ហើយ​បាន​សន្និដ្ឋាន​ថា កត្ដា​ដែល​ជម្រុញ​ឲ្យ​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​បំប្លែង​គឺ​កម្រិត​សំណើម​នៅ​ក្នុង​វត្ថុ​ធាតុ​ដើម ។

ក្រុម​ស្រាវជ្រាវ​ក៏​បាន​ប្រើ​វិធីសាស្ត្រ​ជ្រើស​ដើម្បី​ប៉ាន់​ប្រមាណ​ពី​ការ​ឆ្លើយ​តប​នៃ​ដើម​ពោត​ទាំង ៤​ក្រុម​ទៅ​នឹង​ប្រព្រឹត្តកម្ម​គីមី​បឋម ។ ប្រព្រឹត្តកម្ម​បឋម​ទាំង​នេះ​បាន​បំបែក​វត្ថុធាតុ​ដើម​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ដើម​ពោត​ក្លាយ​ទៅ​ស្ករ​ងាយស្រួល​ក្នុង​ការ​បណ្ដុះ​មេ (Fermentation) ។

ពួក​គេ​រក​ឃើញ​ថា​ ការ​ប្រើ​ប្រាស់​ប្រព្រឹត្តកម្ម​បឋម​ជាធម្មតា​មួយ​ជាមួយ​ដើម​ពោត​កាត់​ខ្ពស់​​​ផ្នែក​ខាងលើ​ផ្ដល់​លទ្ធផលនូវ​ផលិតកម្ម​​អេតាណុល​ច្រើន​ជាង​ដើម​ពោត​កាត់​ខ្ពស់​រួច​កាត់​ត្រឹម​គល់ (កាត់​ខ្ពស់​ខាងក្រោម) ។ លទ្ធផល​ទាំង​នេះ​បង្ហាញថា​ដើម​ពោត​កាត់​ខ្ពស់ខាងលើ​មាន​តម្លៃ​​ផលិតកម្ម​ទាប​ក្នុង​ការ​រៀប​ចំ​បំប្លែង​ទៅ​ជា​អេតាណុល ។

បន្ទាប់​ពី​ប្រព្រឹត្តកម្ម​បឋម និង​សម្រាំង​ដំណុះ​មេ ពួកគេ​បាន​រក​ឃើញ​ថា ទិន្នផល​អេតាណុល​រវាង​ការ​ប្រមូលផល​ដោយ​កាត់​កំពស់​ធម្មតា និង​កាត់​ខ្ពស់​ផ្នែក​ខាងលើ​មិន​មាន​ភាព​ខុស​គ្នា​ទេ ។ ការណ៍​នេះ​បង្ហាញ​ថា​ ការ​ប្រមូលផល​ដោយ​កាត់​កំពស់​ធម្មតា ដែល​មាន​លក្ខណៈ​ងាយស្រួល និង​ទាំង​​ល្បឿន​កាត់ បរិមាណ​ទឹក​នៅ​ក្នុង​ដើម​សម​ស្រប និង​សក្ដានុពល​តម្លៃ​កែច្នៃ​ទាប ធ្វើ​ឲ្យ​ផលិតករ​មាន​ជម្រើស​ការ​ប្រមូលផល​ដើម​ពោត​ល្អ​បំផុត​សម្រាប់​ការ​ផលិត​ជីវឥន្ធនៈ ។

លោក Karlen មាន​ប្រសាសន៍​ថា “លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​យើង​បង្ហាញ​ថា ស្នូល​ពោត និង​ផ្នែក​ខាង​លើ​នៃ​ដើម​ពោត​មាន​លក្ខណៈ​ល្អ​បំផុត​សម្រាប់​ការ​ផលិត​អេតាណុល ។ ហើយ​ប្រសិន​បើ​យើង​ប្រមូលផល​យក​តែ​ផ្នែក​នេះ​នៃ​ដើម​ពោត​សម្រាប់​ការ​ផលិត​ជីវឥន្ធនៈ យើង​អាច​រក្សា​បាន​នូវ​សំណល់​ដំណាំ​គ្រប់​គ្រាន់​នៅ​ក្នុង​ទី​វាល​សម្រាប់​ការ​អភិរក្ស​ដី” ។

ក្រុម​ស្រាវជ្រាវ​មាន​គំរោង​បន្ត​ការ​ស្រាវជ្រាវ​របស់​ពួក​គេ​អំពី​ឥទ្ធិពល​នៃ​កំពស់​ប្រមូល​ផល​ទៅ​លើ​គុណភាព​ដើម​ពោត ។ ពួក​គេ​នឹង​ធ្វើឲ្យ​ប្រែប្រួល​ការ​អនុវត្ត​ក្សេត្រសាស្ត្រ ដូចជា ចម្ងាយ​ដាំ បរិមាណ​នៃ​ការ​ដាក់​ជី និង​​ដាំ​ដំណាំ​គម្រប​ដែល​មាន​អាយុ​មួយ​ឆ្នាំ ឬ​ច្រើន​ឆ្នាំ ដើម្បី​វាយ​តម្លៃ​ពី​ឥទ្ធិពល​នៃ​កត្តា​ក្សេត្រសាស្ត្រ​ទាំង​នេះ​ទៅ​លើ​គុណភាព​ដើម​ពោត ។

ការ​សិក្សា​រយៈពេលវែង​ទាំង​​នេះ​ជួយ​គាំទ្រ​ដល់​អ្នក​ផលិត​ពោត​នៅ​ក្នុង​តំបន់​ដែល​កំពុង​តែ​ស្វែង​រក​​ជម្រើស​សម្រាប់​ការ​អនុវត្ត​ប្រកប​ដោយ​ចេរភាព​ដែល​ធ្វើ​ឲ្យ​ផលិតកម្ម​អតិបរមា កាត់​បន្ថយ​តម្លៃ និង​ការពារ​ធនធាន​ធម្មជាតិ ។ អត្ថបទ​ដោយ Ann Perry, ARS

 

បកប្រែ​ និង​ផ្សព្វ​ផ្សាយ​ដោយ​មាន​ការ​អនុញ្ញាតពី  USDA (Agricultural Research/Oct 2008)

 

 លោក Doug Karlen ធរណីវិទូ​ កំពុង​ពន្យល់​នាង Tanya Ferguson អ្នក​បច្ចេកទេស (មក​ជាមួយ​ដោយ​សុនខ​ជំនួយ​ផ្នែក​សោតបសាទ​របស់​នាង) អំពី​ការ​វាយ​តម្លៃ​​ដោយ​ភ្នែក​ពី​ផល​ប៉ះពាល់​​​គុណភាព​ដី​នៃ​​ការ​ប្រមូល​ សំណល់​ដំណាំ​ជា​វត្ថុធាតុ​សម្រាប់​ផលិត​ជីវថាមពល ។ ផ្នែក​ខាង​មុខ​បង្ហាញ​ពី​សញ្ញា​នៃ​សំណឹក​ដី​ធ្ងន់ធ្ងរ​ដោយសារ​​ដើម​ពោត​ ចំនួន ៩០% ត្រូវ​បាន​ប្រមូល​ផល ។

លោក Doug Karlen ធរណីវិទូ​ កំពុង​ពន្យល់​នាង Tanya Ferguson អ្នក​បច្ចេកទេស (មក​ជាមួយ​ដោយ​សុនខ​ជំនួយ​ផ្នែក​សោតបសាទ​របស់​នាង) អំពី​ការ​វាយ​តម្លៃ​​ដោយ​ភ្នែក​ពី​ផល​ប៉ះពាល់​​​គុណភាព​ដី​នៃ​​ការ​ប្រមូល​សំណល់​ដំណាំ​ជា​វត្ថុធាតុ​សម្រាប់​ផលិត​ជីវថាមពល ។ ផ្នែក​ខាង​មុខ​បង្ហាញ​ពី​សញ្ញា​នៃ​សំណឹក​ដី​ធ្ងន់ធ្ងរ​ដោយសារ​​ដើម​ពោត​ចំនួន ៩០% ត្រូវ​បាន​ប្រមូល​ផល ។

 

លោក Doug Karlen ធរណីវិទូ (ខាង​ឆ្វេង) ពិភាក្សា​អំពី​ម៉ាស៊ីន​ប្រមូលផល​ខ្នាត​ពាណិជកម្ម​កែសម្រួល​ដែល​លោក Stuart Birrell សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​រដ្ឋ Iowa បាន​​គូរ​​ប្លង់​ដើម្បី​ប្រមូល​ដើម​ពោត​ធ្វើ​ជា​វត្ថុធាតុ​ដើម​ផលិត​ ជីវថាមពល​សម្រាប់​គំរោង​សហប្រតិបត្តិការ​ស្រាវជ្រាវ REAP (គំរោង​វាយ​តម្លៃ​ថាមពល​កកើត​ឡើង​វិញ) ។

លោក Doug Karlen ធរណីវិទូ (ខាង​ឆ្វេង) ពិភាក្សា​អំពី​ម៉ាស៊ីន​ប្រមូលផល​ខ្នាត​ពាណិជកម្ម​កែសម្រួល​ដែល​លោក Stuart Birrell សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​រដ្ឋ Iowa បាន​​គូរ​​ប្លង់​ដើម្បី​ប្រមូល​ដើម​ពោត​ធ្វើ​ជា​វត្ថុធាតុ​ដើម​ផលិត​ជីវថាមពល​សម្រាប់​គំរោង​សហប្រតិបត្តិការ​ស្រាវជ្រាវ REAP (គំរោង​វាយ​តម្លៃ​ថាមពល​កកើត​ឡើង​វិញ) ។

 

Comments »

The URI to TrackBack this entry is: http://choukhmer.blogsome.com/2008/11/07/ethanol-from-corn/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve