អំពៅសាង
អំពៅ ( ន. ) ឈ្មោះដំណាំពួកមួយ, ដើមមានថ្នាំងតូចឫស្សី, សាច់ជ្រួតជ្រាបពេញដោយទឹកមានរសផ្អែម សម្រាប់ប្រើការយកមកទំពាជញ្ជក់យកទឹកផ្អែម, គាបយកទឹក ឬរម្ងាស់ទឹកធ្វើស្ករ ។
សាង ( ន. ) នេសាទុបករណ៍មួយប្រភេទ មានដងវែងសម្រាប់ចាក់ត្រីតូចៗ ឲ្យត្បៀតជាប់ក្នុងចង្វែកផ្លែ ។ ប្រដាប់ធ្វើដោយឫស្សី មានសណ្ឋានដូចជាសាង សម្រាប់ដោតអំពៅដែលកាត់ជាកង់ខ្លីៗ: ធ្វើសាងដោតអំពៅ, អំពៅមួយសាង ។

ខ្ញុំចូលចិត្តញ៉ាំអំពៅសាងណាស់ដែរ កាលនៅពីក្មេងអាយុប្រមាណ ៧ ទៅ ១០ ឆ្នាំ ។ កាលនោះខ្ញុំរៀននៅសាលាបឋមសិក្សាចំណោម ស្ថិតក្នុងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលជាស្រុកកំណើត ។ ខ្ញុំរៀនវេនព្រឹក ហើយនៅពេលរសៀល តែងតែទៅលក់ស្ករគ្រាប់ (ស្ករគ្រាប់កញ្ចប់រូបសេក) នៅសាលារៀន ក្រោមដើមពោធិក្បែរច្រកចូលខាងត្បូង (ខ្លោងទ្វារធំនៅទិសខាងកើត) ។ ឧបករណ៍សម្រាប់លក់គឺ កញ្ជើ១ និងថាស១ ។ កញ្ជើដាក់នៅផ្ទាល់ដី សម្រាប់ស្តុកថង់ស្ករគ្រាប់ និងសម្រាប់កល់ថាស ។ រីឯថាស ដាក់នៅពីលើកញ្ជើ សម្រាប់ពង្រាយស្ករគ្រាប់ដាក់លក់ ។ ចំណែកឯខ្ញុំអ្នកលក់ អង្គុយពីលើស្បែកជើងផ្ទាត់១គូរបស់ខ្ញុំ ។ ខ្ញុំមិនសូវចាំច្បាស់ប៉ុន្មានទេ គ្រាន់តែចាំថា ខ្ញុំតែងតែយកលុយដែលលក់បានទៅទិញនំនែកផ្សេងៗ ដោយពុំសូវសល់ទៅឲ្យម៉ាក់ទេ រហូតដល់គាត់បញ្ឈប់លែងឲ្យទៅលក់ទៀតផង ។ នៅពេលនោះ ខ្ញុំចាំថាក៏មានលក់នំបំពងផងដែរ ។ នំបំពងនោះគឺ អង្ករបំពងប្រឡាក់ស្ករត្នោតជាដុំៗមានរាងចតុកោណកែងទ្រវែង ។ ខ្ញុំត្រូវប្រើកូនកាំបិតមួយដើម្បីកាត់នំបំពងជាដុំតូចៗលក់ក្នុងតម្លៃ ១ រៀលៗ ។ ពេលវេលាដែលលក់ដាច់បំផុតគឺពេលដែលកូនសិស្សសម្រាកចេញលេង (២ដងក្នុង១វេន) ។ ក្នុងចន្លោះពេលចេញលេងលើកទី១ និងទី២ ជាពេលស្ងាត់ណាស់លក់មិនដាច់ទេ ដូច្នេះហើយបានជាខ្ញុំអផ្សុកចេះញ៉ាំនេះញ៉ាំនោះ និងយកលុយដែលលក់បានទៅទិញនេះទិញនោះតាមចរិតក្មេង ។ ប្រហែលជាពេលនោះខ្ញុំនៅក្មេងពេក ពុំចេះគិតគូរពីរឿងចំណេញខាត រហូតដល់អស់ស្ករគ្រាប់ពុំមានលុយសល់ត្រឡប់ទៅផ្ទះក៏មាន (ប្រសិនបើខ្ញុំអាចត្រឡប់ទៅធ្វើរឿងនេះឡើងវិញ ខ្ញុំនឹងមិនធ្វើដូចនេះឡើយ ក៏ប៉ុន្តែវាបានកន្លងផុតទៅហើយ មិនអាចត្រឡប់ថយក្រោយបានឡើយ) ។
កាលពីឆ្នាំទៅ នៅពេលដែលខ្ញុំទៅលែងស្រុកកំណើត មានអ្នកមីងម្នាក់ (មិនចាំឈ្មោះ) បានមកផ្ទះខ្ញុំ ហើយរំលឹកថា គាត់ជាអ្នកលក់អំពៅសាងកាលនោះ ។ ខ្ញុំតែងតែញ៉ាំស្ករគ្រាប់ដែលខ្លួនកំពុងតែលក់ ហើយយកលុយដែលលក់បានទៅទិញអំពៅសាងគាត់ និងនំនែកដទៃទៀត ។ ខ្ញុំចាំថា កាលនោះក៏មានអ៊ំស្រីម្នាក់លក់អំពៅត្រែងដែលមានដើមតូចៗ ហើយរឹង ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញមានតែរទេះរុញលក់អំពៅក្លាសេទឹកក និងច្រកក្នុងថង់/ស្បោង ខ្ញុំនឹកស្មានថា លែងមានអំពៅសាងលក់ទៀតហើយ ។ ប៉ុន្តែកាលពីថ្ងៃភ្ជុំបិណ្ឌ (២៩ កញ្ញា ២០០៨) ខ្ញុំឃើញមានអំពៅសាងលក់នៅក្នុងវត្តស៊ិនសួន្នារាមចំណោម ធ្វើឲ្យខ្ញុំនឹកឃើញរឿងរ៉ាវកាលពីតូចដូចមានរាបរៀបខាងលើ ។ អំពៅសាងដែលគេលក់នេះ គឺមានអំពៅចំនួន ៨ កង់ក្នុង ១ សាង (ក្នុងរូប) ហើយលក់ក្នុងតម្លៃ ១០០ រៀល ។ នៅវត្តថ្ងៃនោះមានក្មេងៗច្រើន គឺលក់ដាច់ណាស់ បងស្រីអ្នកលក់ រួមនឹងកូនស្រីម្នាក់ដោតអំពៅចូលសាងសឹងតែមិនទាន់ ។ ខ្ញុំក៏រកឱកាសឲ្យអំពៅពេញថាសដើម្បីថតរូបពុំបានដែរ ។
ទាក់ទិននឹងបទពិសោធន៍អំពីអំពៅសាង នៅឆ្នាំ២០០២ សាលារបស់ខ្ញុំ (សាលាចំការដូង) បានធ្វើកម្មសិក្សាទៅកាន់ខេត្តបាត់ដំបង ។ ខ្ញុំមិនដឹងរឿងឮតែគេនិយាយបបួលគ្នាទៅហូបអំពៅសាងដែលលក់នៅតាមសួនច្បារម្ដុំមុខសណ្ឋាគារតេអូ ។ ខ្ញុំបានសួររកកន្លែងលក់អំពៅសាងពីស្រីៗលក់បង្អែមនៅតាមដងស្ទឹងសង្កែម្ដុំសួនច្បារឈាងខាងកើតពីមុខសាលាខេត្ត ។ ខ្ញុំចេះតែឆ្ងល់ពីអ្នកលក់បង្អែមទាំងនោះនាំគ្នាខ្សិបខ្សៀវចម្អន់ឲ្យខ្ញុំ ។ ក្រោយមកទើបមានគេប្រាប់ថា អំពៅសាងនៅបាត់ដំបងនេះ គឺដូចគ្នានឹងក្រូចច្របាច់នៅសួនច្បារមុខវត្តបុទុមវត្ដី និងសួនច្បារមុខវិមានឯករាជ្យអញ្ចឹង ។
តើអ្វីទៅជាក្រូចច្របាច់
ក្រូចច្របាច់ គឺក្រូចដែលគេពុះជាពីររួចច្របាច់យកទឹកដោយកម្លាំងម្រាមដៃ ឬឧបករណ៍ច្របាច់ក្រូច ។ ក្រូចច្របាច់ម្យ៉ាងទៀត គឺក្រូចដែលគេចិតសម្បកខៀវចេញរួចចោះប្រហោង ហើយប្រើម្រាមដៃច្របាច់បឺតទឹកក្រូចបញ្ចូលមាត់ផ្ទាល់ ។
រីឯក្រូចច្របាច់នៅសួនច្បារមុខវត្តបុទុមវត្ដី និងសួនច្បារមុខវិមានឯករាជ្យកាលពីកំឡុងចុងទសវត្សឆ្នាំ១៩៩០ និងដើមទសវត្សឆ្នាំ២០០០ អ្នកលក់គឺជាស្ត្រីមានវ័យប្រមាណពីដប់ឆ្នាំជាងទៅសាមសិបឆ្នាំ ។ ពួកគេស្លៀកពាក់តាមរបៀបស្ត្រីធម្មតាមានសំពត់ មានខោ ជួនក៏មានស្លៀកពាក់សិចស៊ីផងដែរ និងមានយួរក្រូចច្រើនតែមានទំហំតូចៗមួយស្បោង រួមនឹងកូនកាំបិតមួយ ។ នៅពេលចិតក្រូចបម្រើភ្ញៀវ គឺទាំងអ្នកលក់ ទាំងភ្ញៀវអង្គុយផ្ទាល់លើស្មៅ និងក្បែរគុម្ពផ្កា ហើយច្រើនតែកន្លែងងងឹតៗឆ្ងាយពីភ្លើងគោមបំភ្លឺសួន និងផ្លូវ ។ ក្នុងកំឡុងពេលពិសាក្រូច ភ្ញៀវអាចលូកលាន់ កេះកៀវ ច្របាច់នេះច្របាច់នោះលើអ្នកលក់បាន ។
រឿងពិតៈ មានមិត្តខ្ញុំម្នាក់ (សូមមិនបញ្ចេញឈ្មោះ) ពេលកំពុងពិសាក្រូចច្របាច់នៅសួនច្បារមុខវិមានឯករាជ្យ គាត់បានយកដៃលូកចូលទៅក្នុងខោខៅប៊យរបស់អ្នកលក់ស្រស់ស្អាតម្នាក់ ។ ពេលត្រឡប់មកផ្ទះវិញ គាត់ចេះតែស្ដោះទឹកមាត់ ”ថ្វើយៗ” ហើយរអ៊ូថា “ច្រឡំលូកដៃទៅប៉ះរបស់វា ហើយយកមកកាន់ក្រូចស៊ី ថ្វើយៗ” ។
បច្ចុប្បន្ននេះ យុគសម័យក្រូចច្របាច់នៅភ្នំពេញ និងអំពៅសាងនៅបាត់ដំបង បានកន្លងផុតទៅហើយ បន្ទាប់ពីមានការហាមឃាត់ពីអាជ្ញាធរមានសមត្ថកិច្ច ពីព្រោះមុខរបរនេះ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រពៃណី និងភាពថ្លៃថ្នូររបស់ស្ត្រីខ្មែរ ៕