Chouk Khmer

September 17, 2008

ទសពិធរាជធម៌

ទសពិធ​រាជធម៌ ជាក្រិត្យ​ក្រម​ច្បាប់​វិន័យ​ដែល​ព្រះមហាក្សត្រ ឬ​អ្នក​ដឹក​នាំ​ប្រទេស​ជាតិ​ខ្មែរ​ ត្រូវ​តែ​ប្រកាន់ គោរព និង​អនុវត្ត​តាម ដោយ​ហ្មត់ចត់ ខ្ជាប់​ខ្ជួន និង​ត្រឹមត្រូវ​ជាទីបំផុត ។ បើ​ពុំ​នោះ​សោត​ទេ ប្រទេស​ជាតិ ប្រជានុរាស្ត្រ​ នឹង​ជួប​ប្រទះ​វិបត្តិ អន្តរាយ សេចក្ដី​ក្ដៅ​ក្រហាយ រំជើប​រំជួល ចលាចល អសន្តិសុខ សង្គ្រាម ទុក្ខ​សោក​សង្រេង ភ័យ​ព្រួយ ព្រាត់​ប្រាស​ក្រុម​គ្រួសារ​ញាតិ​សន្ដាន​ជា​មិន​ខាន​ ។ ឯ​ព្រះមហក្សត្រ និង​អ្នក​ដឹកនាំ​ ក៏​មិន​អាច​គេច​ផុត​យក​រួច​ខ្លួន​បាន​ដែរ ។

ដូច​ក្នុង​ន័យ​ពាក្យ​ពេចន៍​បាន​បញ្ជាក់​ស្រាប់ ទស​ពិធ​​រាជធម៌ គឺ​ច្បាប់​ទាំង ១០ ប្រការ ដែល​ចែង​ចង​បញ្ញត្តិ​អំពី​ករណីយកិច្ច​របស់​ព្រះមហាក្សត្រ និង​អ្នក​ដឹក​នាំ​ប្រទេស​ជាតិ​ខ្មែរ ៖

១‑​ទាន

ព្រះមហាក្សត្រ ឬ​អ្នក​ដឹកនាំ​ជាតិ​ ត្រូវ​តែ​ធ្វើ​ទាន​ចែក​អំណោយ​ដល់​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន ដោយ​គ្មាន​គំនិត​គិត​កេងប្រវ័ញ្ច ធ្វើ​ប្រជាភិថុត​ឡើយ ។ គឺ​មាន​ន័យ​ថា ទាន​នោះ​ត្រូវ​មាន​ភាព​បរិសទ្ធ​ល្អ​ប្រសើរ គ្មាន​ជាប់​ជំពាក់​ប្រឡាក់ប្រឡូក​​នឹង​បាបកម្ម ។ បើ​យើង​ពោល​ឲ្យ​ចំ​ទៅ ព្រះមហាក្សត្រ ឬ​អ្នក​ដឹកនាំ​ ត្រូវ​រៀប​ចំ​នគរ ធ្វើ​ដូចម្ដេច​ចេះ​ចែក​ចាយ ផ្ដល់​ដល់​ប្រជាពលរដ្ឋ​ និង​ជាតិ​ នូវ​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​ជម្រុញ​ឲ្យ​មាន​ធនធាន មាន​ចំណេះ​វិជ្ជា អាច​រស់​នៅ​ក្នុង​សភាព​ថ្លៃថ្នូរ ពេញ​លេញ​ជា​មនុស្សម្នា មាន​កិត្តិយស និង​រុងរឿង​ថ្កុំថ្កើង ។

២‑​សីល

ព្រះមហាក្សត្រ ឬ​អ្នក​ដឹកនាំ​ ត្រូវ​តែ​ប្រកាន់ និង​រក្សា​ឲ្យ​មាន​សីលធម៌​ដក់​ជាប់​ក្នុង​ខ្លួន​ជានិច្ច ។ សីលធម៌​នេះ គឺ បញ្ចសីលា ឬ សីល​៥ និង​ព្រហ្មវិហារធម៌ ចំពោះ​ប្រជានុរាស្ត្រ ។ ក្នុង​បញ្ចសីលា គេ​កត់​សម្គាល់​ឃើញ​មានៈ ការ​មិន​ប្រមាថ ឬ​សម្លាប់​ជីវិត មិន​លួច​ប្លន់ មិន​លួច​លាក់​មាន​សហាយស្មន់ មិន​ភូត​ភរ​កុហក​បោក​ប្រាស និង​មិន​ភ្លើត​ភ្លើន​បណ្ដោយ​ខ្លួន​ឲ្យ​លង់​លក់​ទៅ​ដោយ​គ្រឿង​ស្រវឹង ។ ចំណែក ក្នុង​ព្រហ្មវិហារធម៌​វិញ មាន​ធម៌​ទាំងអស់​៤ គឺៈ មេត្តា ជា​ការ​ស្រឡាញ់​រាប់​អាន ដែល​មាន​ចំពោះ​មនុស្ស​សត្វ​គ្រប់​រូប គ្រប់​ប្រភេទ ករុណា ដែល​ជា​ការ​ផ្សព្វផ្សាយ​នូវ​ការ​អាណិត​អាសូរ​សណ្ដោស មុទិតា ដែល​ជាការ​ត្រេក​អរសាទរ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​សុខ​សប្បាយ​ ចម្រុង​ចម្រើន​ក្សេមក្សាន្ត និង ឧបេក្ខា ដែល​ជា​ការ​រាប់​រក​អស់​គ្រប់​សព្វ​សត្វ ដោយ​ក្ដី​ស្មោះស្ម័គ្រ ស្មើ​គ្នា គ្មាន​រើស​អើង​ប្រកាន់​វណ្ណៈ ឬ​ព័ណ៌​សម្បុរ ។

៣‑​បរិច្ចាគៈ

ព្រះមហាក្សត្រ ឬ​អ្នក​ដឹកនាំ ត្រូវ​យក​ព្រះរាជទ្រព្យ ឬ​សម្បត្តិ​រដ្ឋ ទៅ​ចែក​ជួយ​ប្រទេស​ជាតិ ។ គឺ​ក្នុង​ន័យ​ត្រូវ​ចេះ​ប្រើ​ប្រាក់​កាស​ធនធាន​រដ្ឋ ដោយ​យុត្តិធម៌​ត្រឹមត្រូវ​ ឥត​លម្អៀង​កេង​បន្លំ​ យក​ទៅ​កសាង អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​បាន​ជឿន​លឿន​ឆ្ពោះ​ទៅ​រក​វឌ្ឍនភាព និង​សុភមង្គល ។ វិធី​នេះ គឺ​ការ​បែង​ចែក​ភោគ​ផល​ធនធាន​នគរ ឲ្យ​បាន​ទៅ​ដល់​ប្រជាជន​គ្រប់​ស្រទាប់​ជាន់​ថ្នាក់ ដោយ​គ្មាន​រើស​អើង​វណ្ណៈ ។ ពីព្រោះ​នេះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់​ៗ​រូប មិន​មែន​ជា​អំណោយ ឬ​ជាការ​សុំ​ទាន​ដូច​ដែល​គេ​តែង​តែ​យល់​ច្រឡំ​នោះ​ឡើយ ។ ហើយ​នេះ​ក៏​ជា​ករណីយកិច្ច​មួយ​ដ៏​ធំ ដែល​អ្នក​ដឹកនាំ និង​អ្នក​នយោបាយ​ម្នាក់ៗ​ត្រូវ​តែ​គោរព​ប្រតិបត្តិ​ធ្វើ​តាម​ដែរ ។

៤‑​អាជ្ជវៈ

គឺ​ការ​ទៀង​ត្រង់​មិន​វៀចវេរ​ដែល​ព្រះ​មហាក្សត្រ​ និង​អ្នក​ដឹកនាំ​ត្រូវ​តែ​គោរព និង​ប្រកាន់​ខ្ជាប់​ខ្លួន​ជា​ដាច់​ខាត ។ ក្នុង​ពាក្យ​ទៀងត្រង់ អត្ថន័យ​មាន​ទំហំ​ធំធេង​ណាស់ គឺ​ជាប់​ជំពាក់​ទៅ​នឹង​កាយ​វាចា ចិត្ត​របស់​អ្នក​ដឹកនាំ ។ បើ​និយាយឲ្យ​ចំ​ទៅ គឺ​គេ​មិន​ត្រូវ​ក្បត់​ប្រជាជន និង​ប្រទេស​ជាតិ​ឯង មិន​ប្រើ​អំណាច​ផ្ដាច់​ការ មិន​អយុត្តិធម៌ មិន​បម្រើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ក្រុម​គ្រួសារ បក្ស​ពួក និង​បរទេស ។

៥‑​មន្ទវៈ

ព្រះមហាក្សត្រ ឬ​អ្នក​ដឹកនាំ​ជាតិ ត្រូវ​តែ​រៀប​ចំ​ឫកពារ អាកប្បកិរិយា ពាក្យ​សម្ដី ចិត្ត​គំនិត​ឲ្យ​បាន​ទន់​ភ្លន់​សុភាព​រាបសា ល្អ​ត្រឹមត្រូវ​ថ្លៃ​ថ្នូរ​យុត្តិធម៌ ដោយ​មិន​បញ្ចេញ​អាករៈ​ឫកពារ ច្រងេង​ច្រងាង​ច្រឡោង​ខាម​ច្រឡើស​បើស ហារ​ឡើង​រក​តែ​កាប់​ចាក់ ប្រើ​កម្លាំង​បាយ​ជាមួយ​នឹង​ប្រជានុរាស្ត្រ​ទន់​ខ្សោយ ។ ព្រះមហាក្សត្រ ឬ​អ្នក​ដឹកនាំ​ជាតិ ជា​តំណាង​ប្រជាជាតិ​មួយ​ទាំងមូល ។ ប្រសិន​បើ​អ្នក​តំណាង​ប្រទេស​ជាតិ​ទាំង​នេះ មាន​កាយ​វាចារ​ចិត្ត​មិន​ល្អ​សមរម្យ​នោះ​ គឺ​ប្រទេស​ជាតិ និង​ប្រជាជន​ទាំងអស់​គ្នា​ដែល​ត្រូវ​បាត់​បង់​កិត្តិយស ត្រូវ​គេ​មើល​ងាយ និង​ទទួល​នូវ​ផលវិបាក រង​គ្រោះ​ថ្នាក់​គ្រប់​ប្រភេទ​បែប​យ៉ាង ។

៦‑​តបៈ

ព្រះមហាក្សត្រ ឬ​អ្នក​ដឹកនាំ​ជាតិ តាម​កាល​កំណត់ ត្រូវ​តែ​ចូល​កាន់​ឧបោសថសីល​ដើម្បី​ដុស​ខាត់​ អប់រំ​ចិត្ត​អារម្មណ៍ មនោសញ្ចេតនា ឲ្យ​ភ្លឺ​ស្វាង​ជៀសវាង​អវិជ្ជា ដែល​ជា​ប្រភព​នៃ​ក្ដី​វិនាស ។ ការ​ចូល​កាន់​ឧបោសថសីល អាច​ចាត់​ទុក​ជាការ​ដក​ឃ្លា​មួយ​រយៈ ពី​ភាព​ជាប់​ជំពាក់​ជំពឹន​ក្នុង​បញ្ហា​បច្ចុប្បន្ន ដើម្បី​យក​ពេល​យក​ឱកាស សម្រាប់​សញ្ជប់​សញ្ជឹង​រិះ​គិត​ពិចារណា ឆ្លុះ​ពិនិត្យ​មើល​អស់​សព្វ​គ្រប់​សកម្មភាព និង​អំពើ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​ផ្ទាល់​បាន​ប្រព្រឹត្ត ។ អាកប្បកិរិយា និង​កាយវិការ​របៀប​នេះ អាច​នាំ​ឲ្យ​អ្នក​ដឹក​នាំ ឬ​អ្នក​នយោបាយ មាន​ពេល​វេលា​នឹង​រក​ផ្លូវ​ល្អ​ឃើញ ហើយ​គេ​អាច​ផ្លាស់​ប្ដូរ លុប​លាង​កែ​កំហុស​អាក្រក់​មិន​ល្អ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​​ផង​ដែរ ។

៧‑​អក្កោធនៈ

ព្រះមហាក្សត្រ ឬ​អ្នក​ដឹកនាំ​ជាតិ មិន​ត្រូវ​ដើរ​ឆ្កិះ​ឆ្កៀល រុក​គួន ដុតរោល បំបែក​បំបាក់​អ្នក​ដទៃ ឲ្យ​កើត​មាន​កំហឹង ដើម្បី​គ្រប់​គ្រង តាំង​ខ្លួន​មាន​តែ​មួយ​គត់​ប៉ុណ្ណោះ​នោះ​ទេ ។ ការ​បង្ក​បង្កើត​ឲ្យ​មាន​រឿង​សៅហ្មង ឲ្យ​មាន​ការ​ក្ដៅ​ក្រហល់​ក្រហាយ​ដូច្នេះ បណ្ដាល​ធ្វើ​ឲ្យ​បែក​បាក់​ប្រេះឆា​សាមគ្គី​ផ្ទៃ​ក្នុង ហើយ​អាច​ក្លាយ​ទៅ​ជា​ចលាចល​ប្របូកច្របល់ និង​ជា​សង្គ្រាម​បង្ហូរ​ឈាម ។ អ្នក​ដឹកនាំ​ជាតិ​ត្រូវ​តែ​ចេះ​រម្ងាប់​ចិត្ត មិន​ឲ្យ​មាន​កំហឹង គំនុំ និង​មាន​ការ​សង​សឹក ឆេះឆាប ដក់​គុំ​ក្នុង​ខ្លួន​ឡើយ ។ ការ​កសាង​ប្រទេស​ជាតិ មិន​មែន​ស្ថិត​នៅ​លើ​ការ​បំបែក​បំបាក់​សាមគ្គី បង្កើត​ឲ្យ​មាន​ជម្លោះ ឈ្លោះ​មើល​មុខ​គ្នា​មិន​ត្រង់​នោះ​ឡើយ ។

៨‑​អវិហឹសា

គឺ​ព្រះមហាក្សត្រ ឬ​អ្នក​ដឹកនាំ​ជាតិ មិន​ត្រូវ​យក​ហិង្សា ឬ​កម្លាំង​បាយ​ កម្លាំង​អាវុធ មក​ធ្វើ​ជា​ត្រី​មុខ​ទេ ក្នុង​ការ​ត្រិះរិះ​គិត​ពិចារណា និង​ដោះស្រាយ​បញ្ហា​អាយុ​ជីវិត​ប្រទេស​ជាតិ ។ បើ​យើង​គ្មាន​គំនិត​អាក្រក់ មិន​ប្រើ​កម្លាំង​អាវុធ មិន​បៀត​បៀន​គេ គេ​ក៏​មិន​បៀតបៀន​មក​លើ​យើង​ដែរ ។ គោលការណ៍​ធំ ត្រូវ​ស្ថិត​នៅ​លើ​ទស្សនៈ​សន្តិវិធី​ក្នុង​ការ​ដោះស្រាយ​គ្រប់​បញ្ហា​កសាង​ប្រទេស​ជាតិ ។ ទស្សនៈ​សន្តិភាព ត្រូវ​ស្ថិត​នៅ​ជា​មូលដ្ឋាន ជា​គោល​ដៅ​ធំ​ចម្បង​ដែល​ព្រះមហាក្សត្រ និង​អ្នក​ដឹកនាំ​ជាតិ ត្រូវ​តែ​នាំ​គ្នា​ខំ​ដើរ​ស្វែង​ទៅ​រក ឈោង​ហក់​ចាប់​ឱប​ក្រសោប យក​មក​ឲ្យ​បាន​ជា​ចាំបាច់ ។ ពីព្រោះ ប្រទេស​ជាតិ​នីមួយៗ​ត្រូវ​ការ​សន្តិភាព ដើម្បី​កសាង ដើរ​ឆ្ពោះ​ទៅ​រក​អ្វី​ដែល​ជា​ការ​អភិវឌ្ឍន៍ ជា​ការ​រីក​ចម្រើន​លូតលាស់ និង​ជីវភាព​រុង​រឿង រស់​នៅ​ដោយ​សុខ​សន្តិភាព​ក្សេមក្សាន្ត ។

៩‑​ខន្តី

ព្រះមហាក្សត្រ ឬ​អ្នក​ដឹកនាំ​ជាតិ ត្រូវ​តែ​មាន​ចិត្ត​អំណត់​អត់ធន់ ហើយ​មិន​លោត​ទៅ​តាម​កម្លាំង​ខ្យល់​ព្រឹត្តិការណ៍ ដែល​បោក​បក់​នោះ​ទេ ។ ការ​ស្ទុះ​ហក់​លោត​ទាំង​កម្រោល​ទៅ​តាម​ភ្លើង​កំហឹង​ទៅ​តាម​ចំណង់​ចិត្ត​មានៈ ទៅ​តាម​ការ​លោភលន់ រំជើប​រំជួល​ត្រេក​ត្រអាល អាច​នាំ​មក​នូវ​ការ​វិនាស​អន្តរាយ នូវ​ផល​អាក្រក់ ដែល​គេ​ពុំ​អាច​ប៉ាន់​ស្មាន​បាន ដល់​ការ​ត្រិះ​រិះ​ពិចារណា​រក​យល់​ហេតុផល ការ​រៀបចំ និង​អនុវត្ត​គោលដៅ គម្រោង​ផែនការណ៍​ផ្សេងៗ ជា​អត្ថប្រយោជន៍ សម្រាប់​ប្រទេស​ជាតិ ។ ការ​ប្រកាន់​ចិត្ត​នឹង​ន​មិន​ឆេវឆាវ ព្យាយាម សំភី​អំណត់ អាច​ណែនាំ​ឲ្យ​យើង​ចេះ​រង​ចាំ​ពេល​វេលា​ឱកាស​ល្អ ដើម្បី​អនុវត្ត​គោលការណ៍​ឲ្យ​បាន​សម្រេច ។ ការ​ប្រកាន់​ខន្តី អត់​ធ្មត់ សង្កត់​ចិត្ត និង​ព្យាយាម ជា​គុណសម្បត្តិ​មួយ​យ៉ាង​ធំ​សំខាន់​ណាស់​របស់​អ្នក​ដឹកនាំ ឬ​អ្នក​នយោបាយ ក្នុង​ការ​គិត​គូរ ដោះស្រាយ គ្រប់គ្រង​បម្រើ​ប្រទេស​ជាតិ ។

១០‑​អវិរោធនៈ

ព្រះមហាក្សត្រ ឬ​អ្នក​ដឹកនាំ​ជាតិ ត្រូវ​តែ​គោរព​ច្បាប់​ជាធរមាន ។ គេ​ត្រូវ​តែ​ដាក់​ច្បាប់​ជា​ធំ​ឲ្យ​ខ្ពស់​ផុត​ពី​លើ​បុគ្គល ។ គេ​ត្រូវ​ទុក​ដាក់​ច្បាប់​ វិន័យធម៌​ជាមូលដ្ឋាន និង​ជា​គ្រឹះ​របស់​ជាតិ​សម្រាប់​រៀបចំ​ស្ថាប័ន ឲ្យ​កើត​មាន​ជានីតិរដ្ឋ ។ គេ​ត្រូវ​ធ្វើ​ដូចម្ដេច ឲ្យ​ច្បាប់ ធម្មវិន័យ​ក្រិត្យក្រម ក្លាយ​ទៅ​ជា​របង សម្រាប់​ការពារ​ធានា​រ៉ាប់រង​សុខ​សន្តិភាព​របស់​ប្រជាពល​រដ្ឋ​ទន់​ខ្សោយ ។ ជា​ដាច់​ខាត គេ​មិន​ត្រូវ​រំលោភ បំពារបំពាន ដើរ​ជាន់​ឈ្លី​លើ​ច្បាប់ លើ​ធម៌ លើ​វិន័យ​ក្រិត្យ​ក្រម ដែល​ធ្លាប់​មាន​ក្នុង​សង្គមជាតិ​នោះ​ឡើយ ។ ទោះ​ស្ដេច ទោះ​នាម៉ឺន​មន្ត្រី ទោះ​សេដ្ឋីគហបតី និង​ក្រុម​គ្រួសារ ក៏​ត្រូវ​តែ​ទទួល​ទោស​ដែរ​ នៅ​ចំពោះ​មុខ​ច្បាប់ ។ ប្រសិន​បើ​ក្សត្រ​នោះ អ្នក​ដឹកនាំជាតិ​នោះ មិន​គោរព​ច្បាប់​សង្គម ហើយ​បែរ​ជា​នាំ​គ្នា​បង្កើត​ច្បាប់​ថ្មី​ ​តម្រង់​សម្រាប់​បម្រើ​អំណាច និង​ផល​ប្រយោជន៍​របស់​ខ្លួន ពេល​នោះ​ប្រទេស​ជាតិ​នឹង​ជួប​ប្រទះ​នូវ​ភាព​អនាធិបតេយ្យ រំជើបរំជួល ចលាចល អសន្តិសុខ អន្តរាយ ហើយ​ប្រជារាស្ត្រ​នឹង​រង​ទុក្ខ​វេទនា ព្រាត់ប្រាស បែក​បាក់​ក្រុម​គ្រួសារ​ញាតិ​សន្ដាន​ជា​មិនខាន ។

គឺ​បាន​សេចក្ដី​ថា នគរ​ណា​ដែល​គ្មាន​ច្បាប់ គ្មាន​ធម៌ គ្មាន​សីល គ្មាន​វិន័យ​ក្រិត្យ​ក្រម នគរ​​នោះ​មិន​អាច​នឹង​ចម្រើន​រុង​រឿង​ រស់​ក្នុង​សុខ​សន្តិភាព​បាន​ឡើយ ។ នគរ​នោះ​នឹង​ត្រូវ​រលេះ​រលួយ ទ្រុឌទ្រោម​ចុះ​ឱន​ថយ ខ្សោយ​ដើរ​ថយ​ក្រោយ ចាញ់​គេ​ជា​លំដាប់ ។ ចំណែក​ព្រះ​មហាក្សត្រ និង​អ្នក​ដឹកនាំជាតិ​ទាំង​នោះ​វិញ ក៏​រត់​មិន​រួច​ពី​ប្រជានុរាស្ត្រ​ផ្ដន្ទា​កាត់​ទោស​ដែរ ។

 

រួម​សេចក្ដី​មក ទស​ពិធ​រាជ​ធម៌ ឬ ធម៌ ឬ ច្បាប់​ទាំង​១០​ប្រការ សម្រាប់​​គ្រប់​គ្រង​ដឹកនាំ​កសាង​ប្រទេស​ជាតិ និង​ទំនុក​បម្រុង​ប្រជានុរាស្ត្រ ឲ្យ​ស្គាល់​តែ​សេចក្ដី​សុខ​សប្បាយ​ចម្រុង​ចម្រើន គ្មាន​អ្វី​ជា​អាថ៌កំបាំង​ដែល​ខ្មែរ​គ្រប់​រូប​​មិន​ធ្លាប់​ស្គាល់​នោះ​ឡើយ ។ ខ្មែរ​ធ្លាប់​ឮ​សូរ​ពាក្យ​ពេជន៍​នេះ​ជា​ញឹក​ញាប់​ណាស់ តែ​ខ្មែរ​មិន​សូវ​មាន​ការ​​ចាប់​អារម្មណ៍ យក​ចិត្ត​ទុក​ដាក់ យក​មក​ត្រិះរិះ​ពិចារណា ។ ទស្សនៈ​នយោបាយ​ ទស​ពិធ​រាជ​ធម៌ ជា​ទស្សនៈ​មួយ ដែល​ដក​ស្រង់​យក​ចេញ​មក​អំពី​ទ្រឹស្ដី​ក្នុង​ព្រះពុទ្ធសាសនា​ទាំង​ស្រុង ។ ទស្សនៈ​នយោបាយ​ទសពិធរាជធម៌ អាច​ជា​ជំនួយ​យ៉ាង​សំខាន់​មួយ​ក្នុង​ការ​ពិនិត្យ​ឆ្លុះ​មើល និង​ធ្វើ​ការ​សិក្សា​ប្រៀប​ធៀប​រក​យល់​ក្នុង​វិស័យ​នយោបាយ និង​ប្រវត្តិសាស្ត្រ​ខ្មែរ ៕

អត្ថបទ​ពាក់ព័ន្ធៈ   ព្រហ្មវិហារធម៌ និង​ទសពិធរាជធម៌

 

3 Comments »

The URI to TrackBack this entry is: http://choukhmer.blogsome.com/2008/09/17/tenfold-conduct-of-the-king/trackback/

  1. Thank for sharing. Great post.

    Anyway, if you are Khmer and want to get a free khmer hosting, you can get free hosting at www.members.phnompenh.name

    Comment by Phnom Penh — September 18, 2008 @ 7:56 pm

  2. This is a very great info, great to visit your site.

    Comment by Khmer — September 18, 2008 @ 7:57 pm

  3. Thanks for your support!

    I am not an IT person so the appearance of this blog does not look nice! My only attempt is to share information and knowledge I got in Khmer.

    I wish Khmer Nation become great again as Angkor Empire.

    Comment by choukhmer — September 19, 2008 @ 10:34 am

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve