កំណត់ហេតុរបស់ ជីវ តាក្វាន់ (ភាគបញ្ចប់)
៣៣. អំពីខេត្ត
ខេត្តមានទាំងអស់ជាង ៩០ គឺខេត្ត ចេងពូ (ចន្ទបូរ) ឆាណាំ (ឆ្នាំង) ប៉ាកាង (បាកាន) មុងលាង ប៉ូចស៊ី ផូវមួយ ទីហួង បាក់លុតប៉ោ ណៃកាខាំង ប៉ូចស៊ឺលី ជាដើម ។ ក្រៅពីនេះ ខ្ញុំមិនចាំឈ្មោះទេ ។ ខេត្តនិមួយៗសុទ្ធតែមានមន្ត្រីធំនៅកាន់កាប់ ហើយមានធ្វើបន្ទាយឈើជារបាំងផង ។
៣៤. អំពីស្រុកភូមិ
នៅក្នុងភូមិនិមួយៗជួនមានវត្ត ជួនមានប្រាសាទ ហើយមានមន្ត្រីម្នាក់នៅត្រួតត្រាយ៉ាងហ្មត់ចត់ ។ មន្ត្រីនោះគេហៅថា បួយស៊ី ។ នៅតាមផ្លូវធំៗ តែងមានសាលាមួយសម្រាប់ឈប់សម្រាក គេហៅថា ស៊ិមប៉ាក់ ។ ប៉ុន្តែនៅពេលថ្មីៗនេះ មានកើតចម្បាំងជាមួយនឹងប្រទេសសៀម ភូមិទាំងនេះក៏ប្រែក្លាយទៅជាដីវាលទៅវិញ ។
៣៥. អំពីប្រមាត់ប្រមង់
កាលពីមុននេះ តែដល់ខែទី៨ គេតែងធ្វើការចាប់មនុស្សយកប្រមាត់ ពីព្រោះស្ដេចក្រុងចាមក្នុងមួយឆ្នាំគេសុំយកប្រមាត់មនុស្សមួយថូ ដែលមានចំនួនរាប់ពាន់ ។ នៅក្នុងពេលយប់គេចាត់ពួកអ្នកយកប្រមាត់ (ប្រមាត់ប្រមង់?) ដើរទៅតាមផ្លូវនានាក្នុងទីក្រុង និងក្នុងភូមិ ។ បើប្រទះមនុស្សណាដើរក្នុងពេលយប់ស្ងាត់នោះ គេចាប់យកខ្សែចងក្បាលឲ្យជាប់ ហើយយកកូនកាំបិតចាក់ក្រោមឃ្លៀកខាងស្ដាំខ្វេះយកប្រមាត់ដាក់ក្នុងថូ លុះត្រាតែបានពេញចំនួន ទើបគេយកទៅថ្វាយស្ដេចក្រុងចាម ។ ប៉ុន្តែគេមិនយកប្រមាត់នៃជនជាតិចិនទេ ។ ពីព្រោះមានកាលមួយឆ្នាំនោះ គេយកប្រមាត់របស់ចិនមួយទៅលាយនឹងគេ ក៏បណ្ដាលឲ្យស្អុយរលួយខូចប្រមាត់នៅក្នុងថូ លែងប្រើការបានទាំងអស់ ពេលក្រោយមក គេលែងមានការដើរចាប់យកប្រមាត់ទៀតហើយ ហើយគេចាត់មន្ត្រីដោយឡែកសម្រាប់មុខងារខាងយកប្រមាត់ពីពួកក្រោមអំណាចខ្លួន ដែលតាំងឲ្យនៅជាយក្រុងក្បែរទ្វារខាងជើង ។
៣៦. អំពីរឿងចម្លែកមួយ
នៅក្នុងកំពែងនាទិសខាងកើត មានអ្នកព្រៃម្នាក់នោះរួមរ័កជាមួយប្អូនស្រីឯងបង្កើត ក៏ស្រាប់តែជាប់ស្បែកសាច់គ្នាបេះមិនចេញ រហូតដល់គ្រប់បីថ្ងៃ ឥតមានស៊ីចុកអ្វីសោះ ក៏ស្លាប់បង់ជិវិតទៅ ។ អ្នកស្រុកខ្ញុំម្នាក់សែ “ស៊ិ” គេបានមករស់នៅស្រុកនេះរវាងសាមសិបប្រាំឆ្នាំហើយ គេថា គេបានឃើញរឿងនេះច្បាស់នឹងភ្នែកពីរលើក ហើយគេថា បានជាសក្តិសិទ្ធិដូច្នេះ ព្រោះបារមីព្រះរបស់ស្រុកនេះខ្លាំងពូកែណាស់ ។
៣៧. អំពីការងូតទឹក
ប្រទេសនេះក្ដៅខ្លាំងណាស់ ក្នុងមួយថ្ងៃៗបើមិនងូតទឹកច្រើនលើកទេ គឺច្បាស់ជាអត់ទ្រាំមិនបានឡើយ ទោះបីនៅពេលយប់ក៏ជៀសមិនរួចពីការងូតទឹកម្ដង ឬពីរដងដែរ ។ គេគ្មានបន្ទប់ទឹក គ្មានចានដែក គ្មានប៉ោតទេ ។ ក្នុងផ្ទះមួយតោងមានស្រះមួយ បើពុំនោះទេ គេព្រួតគ្នា ២‑៣ ផ្ទះទៅងូតទឹកស្រះមួយដោយលែងខ្លួនចោល ឥតគិតអៀនខ្មាសគ្នាស្រីប្រុសទេ ។ ប៉ុន្តែបើឪពុកម្ដាយចាស់ គាត់ទៅដល់ស្រះមុន ក្មេងស្រីប្រុសមិនហ៊ានទៅជិតទេ ប្រសិនបើក្មេងកំពុងតែងូតទឹកស្រះនោះមុនវិញ ក៏ចាស់ទុំនោះ នាំគ្នាគេចចេញដែរ ។ មនុស្សមានវ័យស្របាលគ្នា ឥតគិតអៀនខ្មាសគ្នាឡើយ ។ គេយកតែដៃឆ្វេងបិទបាំងកេរ្តិ៍ខ្មាសរបស់ខ្លួន ហើយដើរចុះក្នុងទឹកទៅ ។ ជួនកាលក្នុងរយៈ ៣‑៥ ថ្ងៃ ឬ ៥‑៦ ថ្ងៃម្ដង ពួកស្រីៗក្នុងទីក្រុងមួយក្រុមមានគ្នា ៣‑៤ នាក់ នាំគ្នាចេញទៅមុជទឹកទន្លេឯខាងក្រៅកំពែងក្រុង ។ នៅពេលដែលទៅដល់ទន្លេនោះ គេដោះសំពត់ដែលវ័ណ្ឌខ្លួនចេញ ដើរចុះទៅក្នុងទឹកហើយទៅជួបជុំគ្នានៅក្នុងទន្លេនោះរាប់ពាន់នាក់ ។ សូម្បីតែពួកស្រីៗដែលមានត្រកូលខ្ពង់ខ្ពស់ក៏ដូច្នោះដែរ ។ គេឥតមានការអៀនខ្មាសអ្វីទេ ចាប់តាំងពីក្បាលដល់ចុងជើងមើលគ្នាឃើញទាំងអស់ ។
នៅមាត់ទន្លេក្រៅទីក្រុងនោះ រាល់ថ្ងៃតែងតែមានជនជាតិចិននៅទំនេរ ហើយលួចនាំគ្នាទៅចាំមើលលេងតាមគំនិតខិលខូច ហើយឮថាគេលួចឆ្លៀតពេលនៅក្នុងទឹកនោះផង ។ ទឹកនោះនៅក្ដៅឧណ្ហៗជានិច្ច លុះត្រាដល់ពេលយប់យាមបួនទើបត្រជាក់ លុះដល់ព្រឹក ថ្ងៃរះឡើងក៏ក្ដៅឧណ្ហៗឡើងវិញទៀត ។
៣៨. ការចូលជ្រកនៅ (អន្តោប្រវេសន៍)
ពួកជនជាតិចិន ដែលជាអ្នកស៊ីឈ្នួលដើរសំពៅ កាលមកដល់ស្រុកនេះ ក៏ពេញចិត្តគេខ្លាំងណាស់ ព្រោះស្រុកនេះមិនបាច់ប្រើសម្លៀកបំពាក់ច្រើន ហើយអង្ករគេក៏ស្រួលរក ប្រពន្ធក៏ស្រួលរកបាន ឯផ្ទះសម្បែងក៏ងាយធ្វើ គ្រឿងប្រើប្រាស់ក៏ងាយរក ការលក់ដូរក៏ធូរងាយ ម៉្លោះហើយបានជាមានអ្នកចូលពីស្រុកក្រៅមករស់នៅស្រុកនេះច្រើនណាស់ ។
៣៩. អំពីកងទ័ព
កងទ័ពក៏ធ្វើដំណើរដោយលែងខ្លួនឥតអាវ ។ ដៃស្ដាំគេកាន់លំពែង ដៃឆ្វេងកាន់ខែល គ្មានប្រើធ្នូ និងព្រួញទេ កាំភ្លើងធំ ឬ អាវក្រោះក៏គ្មានដែរ ។ តាមឮគេថា កាលកើតចម្បាំងនឹងជាតិសៀមគេនាំគ្នាកេណ្ឌអ្នកស្រុកទៅវាយដោយកម្លាំងតែម្ដង ពុំមានប្រើល្បិចកលឧបាយអ្វីឡើយ (តាមឯកសារជាច្រើនថា ខ្មែរចេះរៀបចំទ័ពត្រឹមត្រូវមានសាស្ត្រាវុធ និងក្បួនយុទ្ធសាស្ត្រផង រឿងនេះប្រហែលមកពី ជីវ តាក្វាន់ មិនបានឃើញ និងមិនបានស៊ើបព័ត៌មាន) ។
៤០. ការយាងចេញនៃមហាក្សត្រ
ខ្ញុំបានឮគេនិយាយថា ស្ដេចអង្គមុនៗ មិនដែលយាងចេញទៅណាទេ ព្រោះខ្លាចមានរឿងហេតុ ។ ស្ដេចអង្គថ្មីនេះ ត្រូវជាសុណិសាស្ដេចមុន ។ កាលពីដើម លោកមានឋានៈជាមេទ័ព ។ បិតាក្មេកនោះសព្វព្រះទ័យនឹងបុត្រីព្រះអង្គណាស់បានជាកូនស្រីនេះ លួចយកព្រះខ័នមាសបាន ហើយយកទៅឲ្យប្ដីរបស់ព្រះនាង ។ បុត្រាបង្កើតក៏មិនបានទទួលរាជ្យស្នងបិតា ក៏លើកទៅវាយដណ្ដើមរាជ្យ តែត្រូវស្ដេចថ្មីជ្រាបការទាន់ ចាប់បាននាំយកមកកាត់ម្រាមជើង ហើយយកទៅដាក់គុកងងឹត ។ ស្ដេចថ្មីនេះមានពាក់អាវក្រោះដែក ទោះបីគេប្រើកាំបិត ឬព្រួញក៏មិនអាចមុតបានដែរ ។ ដូច្នេះហើយ ទើបព្រះអង្គហ៊ានយាងចេញក្រៅ ។ ខ្ញុំបានទៅនៅទីនោះជាងមួយឆ្នាំ បានឃើញព្រះអង្គយាងចេញមកបួន‑ប្រាំដង ។ ការយាងចេញមកម្ដងណា តែងមានទ័ពនៅការពារពីខាងមុខ មានអ្នកកាន់ទង់ជ័យ និងមានតន្ត្រីនៅខាងក្រោយ ។ ស្រីស្នំបួន ឬប្រាំនាក់ស្លៀកសំពត់ផ្កាសៀតផ្កានៅសក់ក្បាល ដៃកាន់ទៀនធំដើរជាមួយក្រុមៗ ។ ទោះបីនៅពេលថ្ងៃភ្លឺក្រឡែតក្ដី ក៏គេអុជទានដែរ ។ នៅក្នុងចំណោមស្រីស្នំទាំងនោះ មានខ្លះកាន់គ្រឿងមានដូចជា ភាជន៍មាស និងគ្រឿងបិទបាំងជាដើមផ្សេងៗពីគ្នា មិនដឹងជាគេយកទៅប្រើការអ្វីខ្លះឡើយ ។ នៅមានស្រីស្នំខ្លះទៀតកាន់ស្នរ លំពែង ខែល ជាទ័ព នៅខាងក្នុងមួយក្រុមទៀតផង មានរទេះទឹមពពែ និងរទេះទឹមសេះ ដែលមានតាក់តែងដោយគ្រឿងមាសបរដង្ហែដែរ ។
ពួកនាម៉ឺនសព្វមុខមន្ត្រី និងពួកញាតិវង្ស សុទ្ធតែជិះដំរីនៅខាងមុខ បើមើលពីចម្ងាយទៅ ឃើញសុទ្ធតែក្លស់ពណ៌ក្រហមឥតគណនា ។ បន្ទាប់មក ទើបដល់ព្រះមហេសីធំ‑តូចតាមលំដាប់ថ្នាក់ ជិះអង្រឹងស្នែង ជិះរទេះសេះ ឬជិះដំរីដ៏មានក្លស់បើកបាំងមិនតិចជាងមួយរយទេ ។ បន្ទាប់មកទៀត ទើបដល់ព្រះរាជាទ្រង់ឈរនៅលើខ្នងដំរី ព្រះហត្ថកាន់ព្រះខ័នទិព្វ ។ ភ្លុកដំរី ព្រះទីនាំងសឹងមានពាក់ចង្កំមាស ។ មានក្លស់ស (ស្វេច្ឆត្រ) ចំនួន ២០ ដ៏មានស៊ែមមាសបើកបាំងជុំព្រះអង្គ ដែលសុទ្ធតែជាក្លស់ដងមាស នៅជុំវិញព្រះអង្គមានទ័ពដំរីប្រដាប់ដោយអាវុធជាគ្រឿងការពារ ។ បើប្រសិនជាស្ដេចយាងទៅណាជិតៗទេ ទ្រង់គង់លើគ្រែស្នែង (ព្រះវរ) ហើយអ្នកសែងសុទ្ធតែស្រីៗស្នំ ។ សឹងតែរាល់ដង កាលណាស្ដេចយាងចេញដំណើរតែងមានរូបស្តូបតូចមួយ ហើយពីមុខនេះមានព្រះពុទ្ធរូបមាសមួយអង្គផង សែងពីមុខព្រះរាជា ។ បណ្ដាជនដែលនៅតាមដងផ្លូវ ត្រូវសំពះលុតជង្គង់ក្រាបក្បាលដល់ដីដែលគេហៅថា “សាំប៉ា” (សំពះ?) បើពុំដូច្នោះទេ នឹងត្រូវគេចោទថា មើលងាយព្រះចេស្ដា ហើយនឹងត្រូវគេចាប់យកទៅឃុំចោល ឥតដោះលែងឡើយ ។
ក្នុងមួយថ្ងៃ ព្រះរាជាទ្រង់កិច្ចការរដ្ឋពីរលើក គឺទទួលសវនាការពីរដ្ឋមន្ត្រី និងរាស្ត្រ ប៉ុន្តែគ្មានបញ្ជីកត់កំណត់ចំនួនមនុស្ស និងកិច្ចការនោះទេ ។ បើមន្ត្រី ឬរាស្ត្រណាចង់ចូលគាល់ ត្រូវតែចូលទៅអង្គុយបត់ជើងផ្ទាល់នឹងដីរងចាំជាមុន ។ មួយសន្ទុះក្រោយមក ទើបគេឮសូរសម្លេងតន្ត្រីរងំពីខាងក្នុង ។ អ្នកនៅខាងក្រៅផ្លុំស័ង្ខតបទៅវិញ ។ ខ្ញុំឮគេថា គេប្រើតែទីនាំងគ្រែស្នែងមាស (ព្រះវរមាស) ទេ បើគ្រាន់តែយាងជិតៗ ។ បន្តិចមក គេឃើញស្រីស្នំពីរនាក់រូតវាំងននព្រះវរនោះឡើង ក៏លេចឃើញស្ដេចគង់ឈរកាន់ព្រះខ័ន នៅក្នុងស៊ុមមាសជាទីព្រះទែនគង់ប្រថាប់ ។ ពេលនោះ ទាំងមន្ត្រី ទាំងរាស្ត្រសុទ្ធតែឱនក្បាលលើកដៃសំពះ លុះត្រាតែផុតសម្លេងស័ង្ខដែលជាសញ្ញាឲ្យងើបមុខឡើង ទើបហ៊ានងើបព្រមគ្នា ។ ស្ដេចក៏គង់ប្រថាប់ដែរ ។ ព្រះទែននោះ ក្រាលដោយស្បែកសត្វសិង្ហ ដែលជាកេរ្តិ៍ដំណមកច្រើនស្ដេចហើយ ។ លុះទ្រង់ប្រាស្រ័យការចប់ហើយ ស្ដេចយាងចូលវិញដោយមានស្រីស្នំពីរនាក់រូតរនាំងបិទដូចដើម អ្នកទាំងអស់គ្នាក៏ក្រោកឈរហើយអែបៗខ្លួនទៅកៀនរៀងខ្លួនទៅ ។
ពិតមែនតែស្រុកនេះមិនសូវស៊ីវិល័យ តែគេស្គាល់ច្បាប់ទម្លាប់គោរពព្រះមហាក្សត្រ ៕
















