Chouk Khmer

August 7, 2008

ការធ្វើចំណាត់ថ្នាក់សេណូទីបនៃ DNA របស់គ្រាប់ពូជចាស់ៗបាត់បង់ដំណុះ

ដោយ​អត្ថបទ​ស្រាវជ្រាវ​​ខាង​ក្រោម​មាន​ជាប់​ពាក់​ព័ន្ធ​ច្រើន​នឹង​ពាក្យ​បច្ចេកទេស​ពន្ធុ ឬ​ហ្សែន ខ្ញុំ​បាន​បញ្ចូល​បន្ថែម​នូវ​ពន្យល់​ពាក្យ​គន្លិះ​​មួយ​ចំនួន​ដើម្បី​សម្រួល​ដល់​មិត្តអ្នក​អាន​ជា​​ទូទៅ​ក្នុង​ការ​ស្វែង​យល់​​ពី​របក​គំហើញ​នេះ ។

សេណូទីប គឺ​ជា​សមាស​ពន្ធុ​ដែល​មាន​នៅ​ក្នុង​កោសិកា​មួយ ឬ​គ្រប់​កោសិកា​ទាំងអស់​នៃ​សរីរាង្គ ។

អាស៊ីត​ដេអុកស៊ីរីបូនុយក្លេរិច (DNA) គឺ​ជា​សារធាតុ​ដែល​ផ្ទុក​នូវ​ព័ត៌មាន​ហ្សែន​នៅ​ក្នុង​កោសិកា​មួយ ។

ហ្សែន គឺ​ជា​ឯកតា​បន្ត​ពូជ​ពិសេស​ដែល​អាច​បញ្ជូន​ព័ត៌មាន​ពី​ជំនាន់​មួយ​ទៅ​មួយ​ក្រោយ​ទៀត ឬ​ពី​មេបា​ទៅ​កូន ។

ផេណូទីប គឺ​ជា​លក្ខណៈ​រូប​នៃ​ឯកត្តៈ​មួយ​ដែល​ជា​លទ្ធផល​អន្តរកម្ម​រវាង​សេណូទីប និង​បរិស្ថាន ។

ការធ្វើចំណាត់ថ្នាក់សេណូទីបនៃ DNA របស់គ្រាប់ពូជចាស់ៗបាត់បង់ដំណុះ

អ្នកស្រី Christina Walters មាន​វិធី​ក្នុង​ការ​ធ្វើ​ឲ្យ​គ្រាប់​ពូជ​ផ្សេងៗ​អាច​​និយាយ​បាន ។ អ្នក​ស្រី​គឺ​ជា​រុក្ខ​សរីរវិទូ​នៅ​មជ្ឈមណ្ឌល​ជាតិ​ដើម្បី​អភិរក្ស​ធនធាន​ហ្សែន (NCGRP) នៃ​សេវាកម្ម​ស្រាវជ្រាវ​កសិកម្ម (ARS) នៅ​ Fort Collins រដ្ឋ Colorado សហរដ្ឋ​អាមេរិច ។ ដោយ​បាន​​ធ្វើ​ការ​ស្រាវជ្រាវ​ជាមួយ​​លោក Gayle M. Volk ជា​រុក្ខ​សរីរវិទូ និង​លោក Christopher M. Richards ​ជា​រុក្ខ​ពន្ធុវិទូ អ្នក​ស្រី Walters បាន​បង្ហាញ​ថា គេ​អាច​អន្ទង​គ្រាប់​ពូជ​នានា​ឲ្យ​បញ្ចេញ​ប្រាប់​អំពី​ព័ត៌មាន​ហ្សែន ទោះបី​ជា​​គ្រាប់​ពូជ​ទាំង​នោះ​បាត់​បង់​ដំណុះ​ហើយ​ក៏​ដោយ ។

អ្នក​ស្រី Walters មាន​ប្រសាសន៍​ថា “ភស្តុតាង​បង្ហាញ​ថា DNA មាន​ប្រយោជន៍​​​ដែល​អាច​​​​ទាញ​យក​​​ចេញ​ពី​គ្រាប់​ពូជ​បាត់​បង់​ដំណុះ​​ មាន​ការ​ជាប់​ទាក់​ទង​យ៉ាង​សំខាន់​នៅ​ក្នុង​​ការ​គ្រប់គ្រង​ធនាគារ​គ្រាប់​ពូជ” ។

ដូច​ធនាគារ​ហ្សែន​ទាំងអស់​ដែរ មជ្ឈមណ្ឌល NCGRP រក្សា​ទុក​សរីរៈ​ហ្សែន​ដែល​អ្នក​ស្រាវជ្រាវ​អាច​ប្រើ​ប្រាស់​ដើម្បី​សិក្សា​អំពី​ធម្មជាតិ មុខងារ និង​ការ​វិវត្តន៍​របស់​​ហ្សែន​នានា ។ ដោយ​សារ​គ្រាប់​ពូជ​ទាំងអស់​​​បាត់​បង់​ដំណុះ​ក្នុង​​ពេល​រក្សា​ទុក សំណាក​ដែល​មិន​អាច​ដុះ​ដាល​​បាន​ជារឿយៗ​ត្រូវ​បាន​គេ​បោះ​បង់​ចោល ។ ប៉ុន្តែ​ ការ​សិក្សា​ថ្មី​បាន​បង្ហាញ​ថា សូម្បី​​តែ​គ្រាប់​ពូជ​ដែល​មាន​ដំណុះ​ទាប​ក៏​អាច​​​ផ្ទុក​នូវ DNA មាន​គុណប្រយោជន៍​​សម្រាប់​​ការ​ស្រាវជ្រាវ​ដែរ ។

អ្នក​ស្រី Walters និង​សហការី​​បាន​ពិនិត្យ​តាម​ដាន​គ្រាប់​ពូជ​ចំនួន​ ៣ ​ឈុត ដែល​មាន​អាយុ​ចាប់​ពី​ ១ ​ឆ្នាំ​ដល់ ១៣៥ ឆ្នាំ ដើម្បី​ស្វែង​យល់​ថា ​តើ​គ្រាប់​ពូជ​ទាំង​នោះ​ផ្ទុក​នូវ​សារធាតុ​ហ្សែន​​មិន​បាត់​បង់ (ថេរ) ​គ្រប់​គ្រាន់​សម្រាប់​​បង្ហាញ​អំពី​ព័ត៌មាន​សេណូទីប​របស់​គ្រាប់​ពូជ​ដែរ​ឬ​ទេ ។

អ្នក​វិទ្យាសាស្ត្រ​អាច​ទាញ​យក​​​ចេញ​នូវ​ DNA មាន​ប្រយោជន៍​ពី​គ្រាប់​ពូជ​ទាំង​អស់​ទោះ​ជា​គ្រាប់​ពូជ​នៅ​​ក្នុង​ឈុត​ចំណាស់​ជាង​គេ​ ដែល​បាន​រក្សាទុក​នៅ​បន្ទប់​រក្សា​មួយ​នៅ​រដ្ឋ Georgia តាំង​ពី​សម័យ​សង្គ្រាម​ស៊ីវិល​ក៏​ដោយ ។ លទ្ធភាព​​នេះ​មាន​សារៈសំខាន់​ពីព្រោះថា​​សមូហកម្ម​គ្រាប់​ពូជ​ដែល​ត្រូវ​​បាន​បរិច្ចាគ​​ ដូចជាគ្រាប់​ពូជ​ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​ទាំងនេះ ជួនកាល​ឆ្លង​រាល​ដាលដោយ​​មីក្រុប​ដែល​ផ្ទុក​នូវ​អង់ហ្ស៊ីម​ដែល​អាច​ធ្វើ​ឲ្យ​ខូច​ DNA របស់​គ្រាប់​ពូជ ។ ជាភ័ព្វ​ល្អ សរីរៈ​ហ្សែន​នៅ​មជ្ឈមណ្ឌល NCGRP ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ស្ថានភាព​សមស្រប និង​មាន​ហានិយភ័យ​តិច​តួច​ប្រឈម​នឹងការ​ធ្វើ​ឲ្យ​ខូច ។

ដោយសារ​គ្រាប់​ពូជ​ចាស់​ជាង​គេ​​បំផុត​នៅ​ក្នុង​ការ​សិក្សា​នេះ មិនមាន​លទ្ធភាព​ផ្ដល់​ដំណុះ​​បាន​ត​ទៅ​ទៀត អ្នក​វិទ្យាសាស្ត្រ​មិន​មាន​វិធី​​អ្វី​នៅ​ក្នុង​ការ​វាស់វែង​​ផេណូទីប ឬ​លក្ខណៈ​ហ្សែន​​របស់​គ្រាប់​ពូជ​ទាំងនោះ​ទេ ។ ប៉ុន្តែ DNA​ ថេរ បាន​ផ្ដល់​លទ្ធភាព​ឲ្យ​អ្នក​ស្រាវជ្រាវ​ធ្វើ​ចំណាត់​ថ្នាក់​​សេណូទីប​របស់​​គ្រាប់​ពូជ​ដើម្បី​បង្ហាញ​ពី​ព័ត៌មាន​អំពី​ពូជ​ពង្ស ឬ​ភាព​ផ្សេង​គ្នា​នៃ​ហ្សែន ។

អ្នក​ស្រី Walters មាន​ប្រសាសន៍​ថា “គ្រាប់​ពូជ​ដែល​ថ្មី​ជាង​គេ​មាន​ស្ថានភាព​ល្អ​ ប៉ុន្តែ​គ្រាប់​ពូជ​​ចំណាស់​ជាង​ មាន​ផ្ទាំង​ DNA មូលដ្ឋាន​យ៉ាងតិច​ចំនួន ៩០០ គូរ ដែល​អាច​ផ្តល់​ព័ត៌មាន​គ្រប់​គ្រាន់​ក្នុង​ការ​កំណត់​អំបូរ​នៃ​គ្រាប់​ពូជ និង​ក្នុង​ការ​ប្រៀបធៀប​ទៅ​នឹង​រុក្ខ​សរីរៈ​​​ដែល​មាន​ហ្សែន​ដូច​គ្នា ។”  អត្ថបទដោយ  Laura McGinnis, ARS.

 

បកប្រែ​ និង​ផ្សព្វផ្សាយ​ដោយ​មាន​ការ​អនុញ្ញាតពី  USDA (Agricultural Research/August 2008)

 

Comments »

The URI to TrackBack this entry is: http://choukhmer.blogsome.com/2008/08/07/senotype-cultivar-dna/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve