ប្រភេទចម្លាក់ខ្មែរ
គេសង្កេតឃើញថា ចម្លាក់បូរាណខ្មែរមាន ៣ ប្រភេទគឺៈ ចម្លាក់លិបឬចម្លាក់រាក់ ចម្លាក់លៀនឬចម្លាក់ជ្រៅ និងចម្លាក់លោតក្លាយទៅជារូបបដិមា ។
១. ចម្លាក់លិប ឬចម្លាក់រាក់ (Bas-relief)
គេឆ្លាក់ក្បាច់នេះនៅលើផ្ទាំងថ្មដោយលូកចូលទៅក្នុងផ្ទៃផ្ទាំងថ្ម មើលទៅមិនសូវឃើញខ្ពស់ឬផុសចេញពីផ្ទៃផ្ទាំងថ្មទេ ។ គេច្រើនប្រើចម្លាក់លិបនៅលើជញ្ជាំងប្រាសាទ ។ ឧ. ក្បាច់លិបជារឿងនៅតាមថែវជាន់ទី១នៃប្រាសាទអង្គរវត្ត ។
ចម្លាក់លិប ឬចម្លាក់រាក់នៅថែវជាន់ទី១ ប្រាសាទអង្គរវត្ត
២. ចម្លាក់លៀន (Haut-relief)
គឺជាចម្លាក់ដែលគេឆ្លាក់លៀនចេញពីផ្ទៃផ្ទាំងថ្ម ។ គេច្រើនឆ្លាក់ចម្លាក់លៀននៅលើផ្ដែរ លើសរសរពេជ្រ និងលើជញ្ជាំង ។
ចម្លាក់លៀននៅលើហោជាង នៃប្រាសាទអង្គរវត្ត
៣. ចម្លាក់លោត (Ronde-bosse)
ម្ដងនេះគេឆ្លាក់រូបសត្វ ឬមនុស្សពុំមែននៅលើជញ្ជាំងទៀតទេ គឺដាច់ពីជញ្ជាំង ប៉ុន្តែផ្អែកនឹងជញ្ជាំងដោយយកជញ្ជាំងធ្វើជាទម្ររ ។ លុះក្រោយមកទៀតគេឆ្លាក់រូបបដិមាករដោយពុំចាំចាប់មានទម្រទៀតទេ ។
ចម្លាក់លោតជាពុទ្ធបដិមា នៅភ្នំបាខែង
ប្រធានចម្លាក់
ចម្លាក់បុរាណខ្មែរមានច្រើនយ៉ាងណាស់ ប៉ុន្តែយើងលើកយកតែចម្លាក់ណាដែលទាក់ទងនឹងសាសនា និងប្រាសាទមកសិក្សាតែប៉ុណ្ណោះ ។
១. ពុទ្ធរូប
ពុទ្ធបដិមាមានតាំងពីសម័យនគរភ្នំម៉្លេះ នៅក្នុងសិល្បៈខ្មែរ ព្រះពុទ្ធរូបគ្មានគ្រឿងអលង្ការទេ ហើយច្រើនតែមានកាយវិការ (មុទ្រៈ ឬ មុទ្រា) ប្លែកៗពីគ្នា ។
ឈានមុទ្រៈ គេឆ្លាក់រូបគង់ភ្នែន មាននាគប្រក់ពីលើ ឬមិននាគប្រក់ពីលើ ព្រះហស្តទាំង២លាដាក់លើភ្លៅ គឺជាកាយវិការធ្វើសមាធិ ។
ភូមិស្បសិមុទ្រៈ រូបគង់ភ្នែន ព្រះហស្តឆ្វេងដាក់លើភ្លៅ ព្រះហស្តស្ដាំដាក់លើក្បាលជង្គង់ ចង្អុលព្រះហស្តសំយុងចុះក្រោមចង្អុលទៅរកដី គឺជាកាយវិការយកព្រះធរណីធ្វើជាសាក្សីក្នុងពេលផ្ចាញ់មារ ។
អភយមុទ្រៈ រូបឈរ ព្រះហស្តទាំង២ ឬតែម្ខាងលាដាក់ទៅមុខ ចង្អុលព្រះហស្តលើកទៅលើ គឺជាកាយវិការបញ្ជាក់ថាកុំខ្លាច ។
ធម្មចក្រមុទ្រៈ រូបគង់ភ្នែន ព្រះហស្តទាំង២បង្ហាញជាសញ្ញាបង្វិលកងចក្រ គឺជាកាយវិការសម្ដែងធម្មចក្រ ។
វរមុទ្រៈ រូបគង់ឈរ ព្រះហស្តទាំង២លាដាក់ទៅមុខ (ឬគង់ភ្នែន និងលាព្រះហសត្តតែម្ខាង) ចង្អុលព្រះហស្តចុះទៅក្រោម គឺជាកាយវិការសប្បុរសធម៌ឬដាក់ទាន ។
វិតកិមុទ្រៈ រូបគង់ឈរ ព្រះហស្តទាំង២លាទៅមុខ បត់ចង្អុលព្រះហស្តកណ្ដាលមកភ្ជាប់នឹងមេដៃ គឺជាកាយវិការបញ្ជាក់ថា អ្វីដែលធ្វើរួចហើយ ធ្វើតទៅទៀតឲ្យរឹតតែមាំមួនឡើង ឬបង្ហាញការត្រិះរិះពិចារណា ។
ក្រៅពីរូបដែលមានកាយវិការទាំងនេះ គេឃើញមានរូបព្រះពុទ្ធគង់ភ្នែនមានរាងកាយស្គាំងស្គម (ព្រះពុទ្ធធ្វើទុក្ករកិរិយា) និងរូបផ្ទុំផ្អៀងទៅខាងស្ដាំ (ព្រះពុទ្ធរូបចូលនិព្វាន) ។
រូបព្រះពុទ្ធចូលនិព្វាន នៅភូមិវប្បធម៌កម្ពុជា ខេត្តសៀមរាប
នៅមានលក្ខណៈពិសេសផ្សេងៗទៀតសម្រាប់សម្គាល់ព្រះពុទ្ធរូបគឺៈ
- គ្រងចីវរទុកស្មាខាងស្ដាំទទេ
- មានសញ្ញាមួយនៅចន្លោះព្រះនេត្រ
- មានពកឬកន្តុបនៅលើព្រះកេស
- មានសក់ច្រើនរួញ ហើយគួចត្របាញ់ដុំៗ
- មានមុខមូលរាងពងក្រពើ
- មានត្រចៀកធំវែងចុះមកក្រោម
- ទឹកមុខញញឹម ។
២. ពោធិសត្វ (ខាងពុទ្ធសាសនាមហាយាន)
លោកេស្វរៈ ជាពោធិសត្វជួយសង្គ្រោះ និងផ្ដល់សុខដល់សត្វលោក ។ គេឆ្លាក់រូបពោធិសត្វលោកេស្វរៈគង់ឈរលើផ្កាឈូក មានព្រះហស្តច្រើន ទ្រង់កេតនភណ្ឌផ្សេងៗដូចជា គម្ពីរ ខ្សែផ្គាំ ដបឬថូ ផ្កាឈូក ជាដើម មានគ្រឿងអលង្ការ ច្រើនមានភ្នួងសក់ធំៗដែលនៅពីលើភ្នួងសក់មានព្រះពុទ្ធរូបមួយអង្គឈ្មោះ អមិតាតៈ ។
លោកេស្វរៈ ជាពោធិសត្វជួយសង្គ្រោះ និងផ្ដល់សុខដល់សត្វលោក
មញ្ចុស្រីៈ ជាពោធិសត្វខាងតុលាការ គេឆ្លាក់ជារូបមនុស្សកាន់សៀវភៅ១ ព្រះខាន់១ គង់លើសត្វតោ ។
សមន្តភទ្រៈ ជាពោធិសត្វគ្រប់គ្រងខ្មាន់សាសនា ។ គេឆ្លាក់ជារូបមនុស្សគង់លើដំរី ។
មៃត្រេយៈ ជាពោធិសត្វដែលនឹងបានត្រាសជាព្រះពុទ្ធបន្ទាប់ពីព្រះសមណគោតម ។
ក្សិតិគភិៈ ជាពោធិសត្វស្រង់មនុស្សពីនរក ។
វជ្របាណិៈ ជាពោធិសត្វការពារសាសនា គេធ្វើជារូបមនុស្សកាន់រន្ទះ ។
ប្រជ្ញាបារមិតាៈ ជាពោធិសត្វស្រី ជានិមិត្តរូបនៃបញ្ញា ។
ប្រជ្ញាបារមិតាជាពោធិសត្វស្រី ជានិមិត្តរូបនៃបញ្ញា
រូបបដិមាទាំងបីនេះ គេតែងតែឃើញនៅជាមួយ គឺព្រះពោធិសត្វអាវាលោកេស្វរៈ ព្រះពុទ្ធ និងប្រាជ្ញាបារមិតា
៣. ព្រហ្ម
លក្ខណៈសម្រាប់សម្គាល់ព្រះព្រហ្មមានៈ
- ព្រះភក្ត្រ៤
- កេតនភណ្ឌៈ ប៉ាន់ឬថូ ថាស ស្លាបព្រារាជពិធី ខ្សែផ្គាំ ។ល។
- យានជំនិះ: សត្វហង្ស
- មហេសីៈ សរស្វតី
- បុត្រ ៣ អង្គៈ ទក្យ ភកិ និង សន្ធិយា ។
ចម្លាក់ព្រះព្រហ្មនៅក្បាលស្ពាន (ឆ្វេង) និងព្រះព្រហ្មនៅសារមន្ទីរជាតិ (ស្ដាំ)
៤. ឥសូរ ឬ សិវៈ
នៅមុនសម័យអង្គរ គេពុំឃើញមានចម្លាក់ជារូបមនុស្សសម្គាល់ព្រះឥសូរទេ គឺមានតែរូបលិង្គព្រះឥសូរដែលតម្កល់នៅក្នុងប្រាសាទដែលមានរាងរូវដូចតទៅៈ
- ផ្នែកលើមានរាងមូលវែងដូចសរសរ
- ផ្នែកកណ្ដាលមានរាង៦ជ្រុង ឬ ៨ ជ្រុង ជាទម្ររ
- ផ្នែកក្រោមមានរាង៤ជ្រុងស្មើជាទម្ររដែរ ។
គេសង្កេតឃើញថាចម្លាក់រូបលិង្គព្រះឥសូរដែលតម្កល់ក្នុងប្រាសាទមិនមែនសុទ្ធតែតំណាងព្រះឥសូរទេ ដូចជា រូបដែលតម្កល់ក្នុងប្រាសាទភ្នំខ្លះដូចជាប្រាសាទបាខែង បាគង ជាដើម គឺជារូបចម្លាក់សម្រាប់រាជពិធី ។
លុះក្រោយមកទៀត ទើបមានឆ្លាក់ជារូបមនុស្សផ្សេងៗសម្រាប់សម្គាល់ព្រះឥសូរៈ
- រូបដូចឥសីៈ មានភ្នូងសក់ធំ មានខ្សែផ្គាំនៅកឬនៅដៃ ។
- រូបដូចមហាក្សត្រគង់លើបល័ង្ល មានគ្រឿងអលង្ការគ្រប់មុខ ។
- រូបដូចគ្រូរបាំ ។
- រូបមនុស្សមានភ្នូងសក់ លម្អដោយចំណិតព្រះច័ន្ទនៅពីមុខ ។
- រូបមនុស្សភ្នែក ៣ៈ ភ្នែក២ដូចមនុស្សធម្មតា ឯភ្នែកទី៣នៅកណ្ដាលថ្ងាស ។
- រូបមនុស្សមុខមួយដៃ២ ជួនកាលបែងជាមុខ៥ ដៃ១០ ហើយមានកេតនភណ្ឌផ្សេងៗ ត្រីសូល៍ (ច្បូក) ខ្សែផ្គាំ ស្គរ ដប លលាក្បាល ខ្សែមួយចង្វាយ ជាដើម ។
រូបព្រះឥសូរ គេច្រើនឆ្លាក់តែម្នាក់ឯង ឬជួនកាលជាមួយនឹងយានជំនិះគោនន្ទិ ។ សក្តិ (មហេសីអាទិទេព) មាននាមផ្សេងៗៈ បរវតី ឧមា ទូរគា កាឡី គោរី កុមារី ទេវី ចន្ទី មហាទេវី ។ ព្រះឥសូរមានបុត្រ២អង្គគឺ ស្គន្ទ (ជាទេវៈតំណាងចម្បាំងមានយានជំនិះជាសត្វក្ងោក) និង គណេស (ជាទេវៈតំណាងបញ្ញាមានពោះកំប៉ោង ដៃ៤ ក្បាលជាសត្វដំរី មានភ្លុកខាងស្ដាំ ឯភ្លុកខាងឆ្វេងបាក់ក្នុងពេលប្រយុទ្ធជាមួយ បរសុរាមៈ ដែលជាអវតារព្រះវិស្ណុ ហើយមានយានជំនិះជាសត្វកណ្ដុរ) ។
៥. នារាយណ៍ ឬ វិស្ណុ
គេច្រើនធ្វើរូបព្រះនារាយណ៍គង់ឈរដោយឆ្លាក់ជារូបមនុស្សដែលច្រើនតែមានដៃ៤ មានកេតនភណ្ឌផ្សេងៗដូចជា ខ្យងស័ង្ខ មោង ថាស ដុំមូល(ផែនដី) ផ្កាឈូក(និយមនៅឥណ្ឌា) ម្កុដមូលវែង ។
នៅតាមជញ្ជាំងប្រាសាទអង្គរវត្ត គេប្រទះឃើញរូបព្រះនារាយណ៍ជិះសត្វគ្រុឌ ។ ជួនកាលទៀត គេឆ្លាក់រូបព្រះនារាយណ៍ផ្ទុំលើសត្វពស់ឈ្មោះ សេសៈ នៅកណ្ដាលសមុទ្រមានដើមឈូកដុះចេញពីផ្ចិត ហើយនៅលើផ្កាឈូកមានរូបព្រះព្រហ្ម ។ សក្តិរបស់ព្រះនារាយណ៍មាននាមថា ស្រ៊ី (តំណាងទ្រព្យសម្បត្តិ) ឬ លក្ស្មី (តំណាងសោភណ្ឌនភាព) ព្រះហស្តកាន់ផ្កាឈូក ។ អវតារព្រះនារាយណ៍មានទាំងអស់ ១០ គឺៈ
- អវតារជារូបមនុស្សៈ វាមនៈ បរសុរាមៈ រាម ក្រិស្ណ ព្រះពុទ្ធ
- អវតាររូបជាមនុស្សក្បាលជាសត្វៈ នរសិង្ហ កល្កិន
- អវតាររូបជាសត្វៈ មត្ស្យា កូម៌ វរាហៈ
នៅស្រុកខ្មែរ គេមិនទាន់បានឆ្លាក់រូបអវតារឲ្យបានគ្រប់ទាំងអស់ទេ ។ នៅតាមជញ្ជាំងប្រាសាទអង្គរវត្ត គេឃើញមាន កូមិ (នៅក្នុងរឿងកូរសមុទ្រទឹកដោះ) រាម (នៅក្នុងរឿងរាមកេរ្តិ៍) ក្រិស្ណ (នៅក្នុងរឿងមហាភាតរៈ) រូបក្រិស្ណមួយទៀតលើកដៃទ្រភ្នំ (ឆ្លាក់ជាក្បាច់លោតនៅវត្តកោះ ខេត្តតាកែវ) រូបកល្កិន (រូបមនុស្សក្បាលសេះ) ។
មត្ស្យា ត្រីដែលបានជួយជីវិតស្ដេចឲ្យរួចពីទឹកជំនន់
កូម៌ អណ្ដើកដែលបានធ្វើជាកំណល់ទ្រភ្នំមន្ទរៈពេលកូរសមុទ្រទឹកដោះ
វរាហៈ ជ្រូកព្រៃដែលបានជួយលោកឲ្យផុតពីការជិះជាន់សង្កត់សង្កិនរបស់ហិរណយក្ស
នរសិង្ហ មនុស្សក្បាលតោដែលបានសម្លាប់យក្សឈ្មោះហិរណកសិបុ
វាមនៈ មនុស្សតឿដែលបានរំដោះលោកដោយសុំដីបីជំហានពីយក្សពាលី
បរសុរាម ព្រះរាមកាន់ពូថៅដែលបានរំដោះពួកព្រាហ្មណ៍ពីពួកក្សត្រិយៈកំណាច
ព្រះរាម តួអង្គក្នុងរឿងរាមាយណៈដែលបានសម្លាប់យក្សឈ្មោះក្រុងរាពណ៍
ក្រឹស្ណ មនុស្សសម្បុរខ្មៅដែលបានសម្រេចស្នាដៃជាច្រើន
ព្រះពុទ្ធ ដែលពួកហិណ្ឌូបញ្ចូលជាអវតារព្រះវិស្ណុដើម្បីអូសទាញពុទ្ធបរិស័ទ
កល្កិន មនុស្សក្បាលសេះដែលនឹងមកដល់ក្នុងអនាគតដើម្បីរៀបចំច្បាប់ទម្លាប់ឡើងវិញ
៦. ហរិហរៈ
នៅស្រុកខ្មែរ គេឆ្លាក់រូបហរិហរៈដំណាងឲ្យអាទិទេពឥសូរផង វិស្ណុផង គេស្គាល់ថាជាឥសូរដោយសារមុខ (នៅចំហៀងខាងស្ដាំរូប) កេតនភណ្ឌ ឬសក់រួញផ្នត់ៗ ។ ឯព្រះវិស្ណុ គេស្គាល់ដោយសារមុខ (នៅចំហៀងខាងឆ្វេងរូប) មានម្កុដមូលវែង ។
ហរិហរៈអាទិទេពតំណាងឥសូរ និងវិស្ណុ
៧. ទេវៈផ្សេងៗទៀត
ក្រៅពីទេវៈសំខាន់ៗដែលបានរៀបរាប់រួចមកហើយនេះនៅមានទេវៈរាយរងជាច្រើនទៀតដូចជាៈ
១. ព្រះចន្ទក៏ដូចព្រះអាទិត្យៈ គង់លើរទេះសេះមានពន្លឺចេញពីខ្លួន ។ បើជាគំនូរ ព្រះអាទិត្យមានរង្វង់ពន្លឺពីខាងក្រោយពណ៌ក្រហម ឯព្រះចន្ទពណ៌ស ។ រីឯចម្លាក់នៅលើថ្ម គេឆ្លាក់ឆូតៗលើរង្វង់ពន្លឺសម្រាប់ព្រះអាទិត្យ និងមិនមានឆូតសម្រាប់ព្រះចន្ទ ។
ព្រះអាទិត្យ ឬព្រះសូរ្យៈ គង់លើរទេះសេះ
ព្រះចន្ទពែនភ្នែនលើបល្ល័ង្ក (ឆ្វេង) និងព្រះចន្ទគង់លើរទេះសេះ (ស្ដាំ)
២. ព្រះយមៈ ឬ ព្រះយមរាជៈ ទេវៈតំណាងសេចក្ដីស្លាប់ និងជាទេវៈទទួលខុសត្រូវទិសខាងត្បូង ។ ព្រះយមៈគង់លើសត្វក្របី កាន់មោង ដាវ កាំបិត ពូថៅ ។
ព្រះយមៈ ឬ ព្រះយមរាជគង់លើសត្វក្របី
៣. ព្រះវរុណ ឬ ព្រះពិរុណៈ ទេវៈបង្កើតភ្លៀង និងជាទេវៈទទួលការខុសត្រូវទិសខាងលិច ។ ព្រះវរុណគង់លើសត្វហង្ស ឯកសារខ្លះថា គង់លើសត្វនាគបាំងក្លោះ ។
ព្រះវរុណ ឬ ព្រះពិរុណគង់លើសត្វហង្ស
៤. ព្រះឥន្ទ្រៈ ជាស្ដេចនៃទេវលោក ជាទេវៈបង្កើតផ្គររន្ទះ និងជាទេវៈទទួលការខុសត្រូវទិសខាងកើត ។ ព្រះឥន្ទ្រគង់លើសត្វដំរីឰរាវ័ណក្បាល៣ កាន់វជ្រៈ ពូថៅ ថាស កង្វេរដំរី ។
ព្រះឥន្ទ្រគង់លើដំរី
៥. ព្រះកុវេរៈ ទេវៈតំណាងទ្រព្យសម្បត្តិ និងជាទេវៈទទួលការខុសត្រូវទិសខាងជើង ។ ព្រះកុវេរៈគង់លើសត្វសេះ ។
ព្រះកុវេរៈគង់លើសត្វសេះ
៦. ព្រះអគ្និ ឬ ព្រះអគ្គីៈ ទេវៈតំណាងភ្លើង គង់លើសត្វពពែ (ឯកសារខ្លះថា គង់លើសត្វចៀម) កាន់ពូថៅ ភ្លើងចន្លុះ ផ្លិត ។
ព្រះអគ្និ ឬ ព្រះអគ្គីគង់លើសត្វពពែ
៧. រាហូៈ ទេវៈបង្កើតគ្រាស មានដងខ្លួនខាងក្រោមកប់ក្នុងពពក ។
រាហូមានដងខ្លួនខាងក្រោមកប់ក្នុងពពក
៨. កេតុៈ ទេវៈបង្កើតផ្កាយដុះកន្ទុយ គង់លើសត្វតោ ។
ព្រះកេតុគង់លើសត្វតោ
ចំពោះទេព្ដា និងទេពអប្សរនៅក្នុងសិល្បៈខ្មែរ គេច្រើនតែឆ្លាក់ជារូបដែលមានកាយវិការហោះហើរលើអាកាសជាអ្នករាំ ឬកាន់បាច់ផ្កា ។
គេមានធ្វើរូបទ្វារបាលនៅអមសងខាងទ្វារប្រាសាទដោយមានកាន់អាវុធផង ។
៨. សត្វ
- សត្វដែលជាយានជំនិះរបស់អាទិទេពៈ គនន្ទិ ហង្ស គ្រុឌ ។ល។
- សត្វដែលមានភារៈថែរក្សាប្រាសាទ ឬសម្រាប់លម្អប្រាសាទមានៈ នាគ ម្ករ រាហ៊ូ សិង្ហ ដំរី ស្វា ។ល។
៩. ផ្កា ភ្ញី ក្បាច់ផ្សេងៗ
ក្បាច់ផ្កា ភ្ញី ស្លឹកឈើ និងក្បាច់ផ្សេងៗ គេច្រើនឆ្លាក់នៅលើផ្ដែរ សរសរពេជ្រ និងជញ្ជាំងសម្រាប់លម្អប្រាសាទ ។
១០. រឿង
ចម្លាក់រឿងមានឆ្លាក់នៅតាមជញ្ជាំងដូចជា ជញ្ជាំងប្រាសាទអង្គរវត្តជាដើម មានចម្លាក់ដកស្រង់ពីរឿងរាមកេរ្តិ៍ (រាមាយណៈខ្មែរ) រឿងមហាភាតរៈ រឿងរាមាយណៈ (ត្រង់រឿងកូរសមុទ្រទឹកដោះដើម្បីបង្កើតទឹកអម្រឹត) ជាដើម ។ នៅជញ្ជាំងប្រាសាទបាយ័នមានចម្លាក់រឿងប្រវត្តិសាស្ត្រដូចជា ចម្បាំងរវាងខ្មែរ និងចាម រឿងជីវភាពរស់នៅពិតប្រាកដរបស់អ្នកស្រុកដូចជា ការបរបាញ់ ការនេសាទត្រី ការលក់ដូរ ល្បែងកំសាន្តមានប្រជល់មាន់ ប្រជល់ជ្រូក ជាដើម ៕
ចម្លាក់ព្រហ្មនៅប្រាសាទបាយ័ន្ត
ចម្លាក់លិង្គព្រះឥសូរ នៅពីលើយោនីនាងឧមាមហេសីព្រះឥសូរ
ចម្លាក់ព្រះនារាយណ៍ នៅប្រាសាទអង្គរវត្ត
ចម្លាក់ទ្វារបាល នៅប្រាសាទបាពួន

ចម្លាក់នាគ នៅផ្លូវចូលទៅកាន់ប្រាសាទបាគង
ចម្លាក់សត្វប្រភេទផ្សេងៗនៅប្រាសាទបាយ័ន
ចម្លាក់គ្រុឌ និងក្បាលនាគ នៅប្រាសាទព្រះខ័ន
ចម្លាក់ផ្កា ភ្ញី នៅប្រាសាទធម្មនន្ទ
ចម្លាក់ផ្កា ភ្ញី លើទ្វារបញ្ឆោតនៃប្រាសាទមេបុណ្យខាងកើត
ចម្លាក់ផ្កា ភ្ញី នៅលើសរសរពេជ្រ និងផ្ដែរ នៃប្រាសាទតោ សំបូរព្រៃគុក

ចម្លាក់ផ្កា ភ្ញី តុបតែងលម្អអប្សរនៅប្រាសាទធម្មនន្ទ
ចម្លាក់កូរសមុទ្រទឹកដោះនៅប្រាសាទអង្គរវត្ត
ចម្លាក់សៀករហសកម្មនៅប្រាសាទបាយ័ន្ត
















































