សម្ភារៈសំណង់ និងវិវត្តន៍សំណង់ប្រាសាទខ្មែរ
សិល្បៈសំណង់ប្រាសាទបុរាណខ្មែរមានតាំងពីសម័យហ្វូណនហើយចេះតែវិវត្តន៍ហូរហែររហូតដល់សម័យបាយ័ន ។ គេនិយមចែកសិល្បៈសំណង់ជារចនាបថដោយយកឈ្មោះប្រាសាទសំខាន់ៗមកដាក់ឈ្មោះរចនាបថទាំងនោះដូចជា ៖
* ស្ថាបត្យកម្មមុនសម័យអង្គរ (សតវត្សទី១ដល់ទី៨)
១. រចនាបថភ្នំដា (សតវត្សទី១ដល់ទី៦)ៈ ដំបូងខ្មែរយើងបានចោះភ្នំធ្វើជាប្រាសាទដូចនៅឥណ្ឌាដែរ (ប្រាសាទភ្នំដា) ។
២. រចនាបថសំបូរ (ពាក់កណ្ដាលទី១នៃសតវត្សទី៧)ៈ ប្រាសាទសង់ដាច់ៗពីគ្នាហើយតូចៗដោយប្រើឥដ្ឋ បូកបាយអម្យ៉ាងធ្វើពីកំបោរលាយស្ករ ។ ឯក្របទ្វារ បង្អួច ផ្ដែរ និងសសរពេជ្រធ្វើឡើងពីថ្មភក់ដែលជាថ្មម៉្យាងផ្សំឡើងដោយគ្រាប់ខ្សាច់ល្អិតៗលាយគ្នាយ៉ាងរឹង ។ ថ្មភក់មានពណ៌ប្រផេះឬកូលាប ។
៣. រចនាបថព្រៃក្មេង (ពាក់កណ្ដាលទី២នៃសតវត្សទី៧)ៈ ស្ថាបត្យកម្មក្នុងរចនាបថព្រៃក្មេងមានលក្ខណៈប្រហាក់ប្រហែលនឹងរចនាបថសំបូរដែរ ។
៤. រចនាបថកំពង់ព្រះ (សតវត្សទី៨)ៈ ប្រាសាទសឹងតែទាំងអស់សង់ដូចរចនាបថមុនៗ គឺសង់លើដីរាបស្មើលើកលែងតែប្រសាទអកយំមួយចេញដែលសង់ច្រើនជាន់មានរាងដូចចេតិយ៍ ។
* ស្ថាបត្យកម្មសម័យអង្គរ (សតវត្សទី៩ដល់ទី១៣)
៥. រចនាបថគូលែន (ពាក់កណ្ដាលទី១នៃសតវត្សទី៩)ៈ សំណង់ប្រាសាទនៅប្រើឥដ្ឋនៅឡើយ ប៉ុន្តែគេច្រើនសាងប្រាសាទភ្នំ (ប្រាសាទសង់រាងខ្ពស់ដូចភ្នំឬសង់នៅលើកំពូលភ្នំតែម្ដង) ដើផម្បីតម្រូវទៅតាមពិធីទេវរាជ (រជ្ជកាលព្រះបាទជ័យវរ្ម័នទី២) ។ ក្នុងរចនាបថគូលែន គេបានចាត់ទុកថាជាសម័យដែលសិល្បៈមានការរីកចម្រើនដោយមានការសាកល្បងរចនាបញ្ចូលគ្នាពីសិល្បៈនៃបុព្វអង្គរពីឥទ្ធិពលចាម ជ្វាឲ្យទៅជាសិល្បៈដែលជាលក្ខណៈមួយថ្មី ។
៦. រចនាបថព្រះគោ (១ភាគ៤ចុងក្រោយនៃសតវត្សទី៩)ៈ ប្រាសាទសាងអំពីឥដ្ឋ ប៉ុន្តែគេសាងប្រាង្គជាច្រើននៅលើខឿនតែមួយ (ប្រាសាទព្រះគោ លលៃ) ដើម្បីឧទ្ទិសចំពោះបុព្វបុរសមានមាតាបិតាជាដើម ។ មានការសាកល្បងសង់ប្រាសាទតូចៗអំពីថ្មភក់ចំនួន១២នៅជាន់ទី៤នៃប្រាសាទបាគង ។
៧. រចនាបថបាខែង (ចុងសតវត្សទី៩ និងដើមសតវត្សទី១០)ៈ មានការប្លែកច្រើនដោយគេហ៊ានសាងប្រាសាទធំៗអំពីថ្មភក់នៅលើខឿនច្រើនជាន់មានរាងសាជី ពិសេសសគេនិយមសាងប្រាសាទនៅលើកំពូលភ្នំតែម្ដង (ប្រាសាទបាខែង) ។
៨. រចនាបថកោះកែ (១ភាគ៤ទី២នៃសតវត្សទី១០)ៈ សំណង់ប្រាសាទប្រហាក់ប្រហែលនឹងរចនាបថមុនៗ ប៉ុន្តែគេសង្កេតឃើញប្រាសាទមួយក្នុងចំណោមប្រាសាទនៅកោះកែសង់នៅលើខឿន៧ជាន់មានកំពស់ប្រហែល៣៥ម៉ែត្រ ។
៩. រចនាបថបន្ទាយស្រី (ពាក់កណ្ដាលទី២នៃសតវត្សទី១០)ៈ មានលក្ខណៈស្មុគស្មាញច្របូកច្របល់ ប៉ុន្តែមានការរីកចម្រើនថ្មី គឺមានសង់បន្ទប់វែងៗនៅជាន់ទី១ (ប្រាសាទមេបុណ្យខាងកើត) ។
១០. រចនាបថឃ្លាំង (ចុងសតវត្សទី១០ និងពាក់កណ្ដាលទី១នៃសតវត្សទី១១)ៈ សំណង់ប្រាសាទលែងប្រើឥដ្ឋទៀតហើយសំណង់ប្រាសាទភ្នំ និងកំណើតថែវកាន់តែរីកចម្រើនឡើង ។
១១. រចនាបថបាពួន (ពាក់កណ្ដាលទី២នៃសតវត្សទី១១)ៈ សំណង់ប្រាសាទភ្នំកាន់តែកើនឡើង ឯខឿនកាន់តែឡើងខ្ពស់ហើយកាន់តែធំ ។
១២. រចនាបថអង្គរវត្ត (ពាក់កណ្ដាលទី១នៃសតវត្សទី១២)ៈ ជាប្រាសាទភ្នំ (ប្រាសាទអង្គរវត្ត) អំពីថ្មភក់ ។ មុននឹងសាងប្រាសាទអង្គរវត្តដែលប្រកបដោយប្លង់ដ៏ល្អវិចិត្រ ស្ថាបត្យករខ្មែរបានសាកល្បងសង់ប្រាសាទបឹងមាលាដែលមានប្លង់ដូចប្រាសាទអង្គរវត្តដែរ ។ នៅក្នុងរចនាបថអង្គរវត្តស្ថាបត្យកម្មខ្មែរបានឈានដល់កម្រិតខ្ពស់ ។
១៣. រចនាបថបាយ័ន (ពាក់កណ្ដាលទី២នៃសតវត្សទី១២ និងដើមសតវត្សទី១៣)ៈ ប្រាសាទសង់រាបនឹងដីបែបជាវត្តអារាម (លើកលែងតែប្រាសាទបាយ័ន) ដើម្បីតម្រូវទៅតាមទស្សនៈពុទ្ធសាសនា ។ ស្ថាបត្យកម្មមានលក្ខណៈអន់ថយបន្តិចដោយប្រាសាទទាំងឡាយសាងដោយប្រញាប់បញាល់ពេក ហើយថ្មក៏មិនសូវមានគុណភាពល្អដូចសម័យមុនៗដែរ ។ លក្ខណៈពិសេសសនៃរចនាបថនេះ គឺប្រាង្គមុខ៤ ដែលញញឹមប្រិមប្រិយ៍ព្រមទាំងមាននាគអមសងខាងផ្លូវដែលឆ្លងគូចូលទៅកាន់ប្រាសាទ ។
ដូច្នេះសម្ភារៈសំណង់ដែលប្រើមានថ្មភ្នំ ឥដ្ឋ បាយអ ថ្មភក់ និងថ្មបាយក្រៀមដែលជាថ្មម៉្យាងមានជាតិដែកអាចធន់នឹងធាតុអាកាសគ្រប់បែបយ៉ាង ។ គេមិនឆ្លាក់លើថ្មបែបនេះទេ គេប្រើសម្រាប់ធ្វើកំពែង ។ ខឿនប្រាសាទជណ្ដើរចុះទៅកាន់ស្រះ និងប្រើធ្វើជញ្ជាំងខ្លះដែរ ។ ឯឈើគ្រាន់តែជាសម្ភារៈបន្ទាប់បន្សំំសម្រាប់ធ្វើពិដាន គ្រឿងទ្រដំបូលឬធ្វើផ្ដែរ ។
ប្រាសាទតោសង់អំពីឥដ្ឋ នៅសំបូរព្រៃគុក
ចម្លាក់អំពីបាយអ រចនាបថសំបូរ
ប្រាសាទព្រះគោ
ប្រាសាទបាគង
ប្រាសាទបាខែង
ប្រាសាទបន្ទាយស្រី
ប្រាសាទបាពួន
ប្រាសាទអង្គរវត្ត
ប្រាសាទបាយ័ន
ថ្មបាយក្រៀមប្រើសម្រាប់ជាទម្រ ជញ្ជាំង និងកំពែង


