អ្នកតាឃ្លាំងមឿង
តាមឿងមានស្រុកកំណើតនៅស្រុកបាកាន ខេត្តពោធិ៍សាត់ ជាបុគ្គលម្នាក់ខ្លាំងពូកែ ចេះមន្តអាគមគាថាគ្រប់បែបយ៉ាងស័ក្តសិទ្ធិ ។ នៅពេលបានដំណឹងថាព្រះបាទអង្គចន្ទរាជា ត្រឡប់មកពីប្រទេសសៀម និងកំពុងតែលើកទ័ពតម្រង់ចូលមកខេត្តពោធិ៍សាត់ តាមឿងធ្វើសកម្មភាពបញ្ចុះបញ្ចូលប្រជាពលរដ្ឋ និងប្រមូលទ័ពបានប្រមាណជា ៣០០០ នាក់ ចាំបម្រើ និងដង្ហែព្រះអង្គ ។ ក្រោយពីបានច្បាំងឈ្នះ និងសម្លាប់ពញាសួគ៌ាលោក ចៅហ្វាយខេត្តពោធិ៍សាត់របស់ព្រះស្ដេចកន ព្រះអង្គចន្ទរាជា បានតែងតាំងតាមឿង ជាចៅហ្វាយខេត្តពោធិ៍សាត់ មុខងារជា ឧកញ៉ាសួគ៌ាលោក និងជាមេទ័ពធំរបស់ព្រះអង្គ នៅឆ្នាំជូត គ.ស. ១៥១៦ ។ ឧកញ៉ាសួគ៌ាលោក មឿង តែងតាំងកូនប្រុសទាំងបួននាក់ជាមេទ័ពស្រួច ទទួលបន្ទុកដឹកនាំទ័ពផ្នែកមុខ ក្រោយ ឆ្វេង និងស្ដាំ ។ កូនប្រុសទី១ ឈ្មោះ កែវ ទទួលងារជា ពញាវង្សាអធិរាជ កូនទី២ ឈ្មោះ អន ជាពញាបរទេសរាជ កូនទី៣ ឈ្មោះ ទេព ជាពញាវិបុលរាជ និងកូនទី៤ ឈ្មោះ សុខ ជាពញារាជតេជះ ។
បន្ទាប់ពីត្រូវសម្ដេចចៅហ្វា កៅ បញ្ជាការកងទ័ពរបស់ព្រះស្ដេចកន បញ្ជាកងទ័ពចោមរោមវាយលុកសម្រុកបន្ទាយពោធិ៍សាត់របស់ព្រះអង្គចន្ទរាជា ពីគ្រប់ទិសទី និងបានហ៊ុមព័ទ្ធបន្ទាយនេះដើម្បីបង្អត់បាយទឹកសត្រូវឲ្យត្រូវស្លាប់ដោយដាច់ពោះនោះ ឧកញ៉ាសួគ៌ាលោក មឿង បង្គំសុំអនុញ្ញាតពីព្រះអង្គចន្ទរាជា ដើម្បីទៅកែនប្រមូលទ័ពខ្មោចឲ្យនាំចេញមកជួយវាយប្រហារបង្ក្រាបកងទ័ពព្រះស្ដេចកន ។ ឧកញ៉ាសួគ៌ាលោក មឿង ចាត់ឲ្យពលទាហានជីករណ្ដៅធំមួយនៅកណ្ដាលបន្ទាយ មានជម្រៅប្រមាណជា ៨ ហត្ថ (៤ ម៉ែត្រ) ហើយឲ្យយកគ្រឿងយុទ្ធភ័ណ្ឌគ្រប់បែបយ៉ាងមកដោតបញ្ចុះក្នុងនោះ ។ នៅជុំវិញរណ្ដៅនោះ លោកឲ្យរៀបចំធ្វើរានទេវតា ៨ ថ្នាក់ ដាក់នៅតាមទិសទាំង ៨ ដោយមានបាយសី ទឹកអប់ និងគ្រឿងបូជាផ្សេងៗជាច្រើន លុះរៀបចំស្រេចបាច់ហើយកាលណា ឧកញ៉ាសួគ៌ាលោក មឿង ទៅមុជទឹកសម្អាតកាយ ស្លៀកពាក់ស ហើយបញ្ជាឲ្យវង់ភ្លេងពិណពាទ្យប្រគំភ្លេងថ្វាយគ្រូ និងគុណបុណ្យបារមីស័ក្តិសិទ្ធិទាំង៨ទិស ។ នៅពេល ឧកញ៉ាសួគ៌ាលោក ហក់លោតទៅក្នុងរណ្ដៅដែលមានអាវុធដាវលំពែងបណ្ដុះច្រូងច្រាងនៅក្នុងនោះ លោកធ្លាក់ទៅចំផ្លែដាវ ក្បាលលោកដាច់ធ្លាក់ក្នុងពេលនោះទៅ ។ កូនប្រុស ឧកញ៉ាសួគ៌ាលោក មឿង ឃើញឪពុកលោតធ្វើអត្តឃាតក៏លោតសម្លាប់ខ្លួនតាមឪពុកដែរ ។ ពួកគេយល់ថាគួរតែនាំគ្នាទៅតាមបម្រើឪពុកទៀត ។ អ្នកទាំង៤ ក៏នាំគ្នាលោតទៅក្នុងរណ្ដៅ តែនាម៉ឺនមន្ត្រីនាំគ្នាស្ទុះទៅចាប់ជាប់បានកូនប្រុសទី១ និងទី៤ ។ ចំណែកកូនប្រុសទី២ និងទី៣ បានលោតស្លាប់ខ្លួនក្នុងរណ្ដៅ ស្លាប់បាត់ទៅហើយ ។
ក្នុងពេលជាមួយគ្នានោះ អ្នកម្នាង ខៀវ ស្នំឯករបស់ព្រះអង្គចន្ទរាជា ក៏បានសម្រេចចិត្តធ្វើការបួងសួងបន់ស្រន់ ហើយលោតទៅក្នុងរណ្ដៅធ្វើអត្តឃាតដែរ ដើម្បីទៅជួយប្រមូលកម្លាំងខ្មោច ។ បម្រើអ្នកម្នាងឈ្មោះ ពេញ ឃើញចៅហ្វាយស្រីធ្វើអត្តឃាត ក៏លោតទឹកសម្លាប់ខ្លួនក្នុងស្ទឹងពោធិ៍សាត់ដើម្បីទៅតាមបម្រើក្នុងបរលោកទៀត ។
កន្លែង ឧកញ៉ាសួគ៌ាលោក មឿង បានសម្លាប់ខ្លួន ថ្ងៃក្រោយមក ដុះក្លាយទៅជាដំបូកដែលគេដាក់ឈ្មោះហៅថា ដំបូកតាឃ្លាំងមឿង ។ ជារៀងរហូតមក គេតែងកត់សម្គាល់យល់ជាប្រផ្នូលថា បើដំបូកនោះដុះខ្ពស់ល្អ ចៅហ្វាយខេត្តសប្បាយចិត្ត ។ បើដំបូកនោះរេចរឹល ចៅហ្វាយខេត្តមានទុក្ខព្រួយដោយការងារនគរដើរមិនល្អ ឬដោយសារមានកើតជម្ងឺពេញស្រុក បើដំបូកនោះប្រេះបែកក្រហែង ចៅហ្វាយខេត្តត្រូវអស់បុណ្យ ឬត្រូវស្លាប់ ។ នៅខាងលិចនោះ ដែលជាកន្លែងកូនតាមឿងស្លាប់ ក៏មានដុះដំបូកដែរ ដែលគេដាក់ឈ្មោះថា ដំបូកក្រវាញ ។ បើដំបូកនោះដុះល្អ ក្រវាញនឹងបានផលល្អ ។ ផ្ទុយទៅវិញ បើដំបូកនោះរេចរឹល ក្រវាញមិនបានល្អទេ ។ បើសិនជាមានសត្វទៅធ្វើឲ្យដំបូកនោះធ្លុះធ្លាយនឹងមានជនបរទេសមកលួចដើមក្រវាញជាមិនខាន ។
កន្លែងអ្នកម្នាង ខៀវ បានធ្វើអត្តឃាតក៏ដុះទៅជាដំបូក ដែលគេហៅថា ដំបូកកន្ទោងខៀវ ។ ដំបូកនោះតែងតែផ្ដល់ប្រផ្នូលថា បើដំបូកនោះដុះឡើងល្អ ព្រះមហាក្សត្រនឹងបានសុខសប្បាយរីករាយ ។ តែបើដំបូកនោះត្រូវរេចរឹល ព្រះមហាក្សត្រនឹងត្រូវអស់ព្រះជន្ម ។ ឯកន្លែងដែលនាងពេញ បានសម្លាប់ខ្លួនក្នុងស្ទឹងពោធិ៍សាត់ ក៏មានដុះជាដីកោះនៅកណ្ដាលស្ទឹងទល់មុខផ្សារ ។ កោះនោះហៅថា កោះដូនពេញ ។ ចំពោះប្រផ្នូលវិញ គេតែងនិយាយតគ្នាមកថា បើច្រាំងកោះដូនពេញដុះខ្ពស់ល្អ ចៅហ្វាយខេត្តនឹងបានឡើងបុណ្យស័ក្តិ សុខសប្បាយ ។ បើសិនច្រាំងនោះត្រូវរេចរឹល ចៅហ្វាយខេត្តនឹងមានទុកព្រួយ ។ បើច្រាំងបាក់ ចៅហ្វាយខេត្តនឹងត្រូវអស់បុណ្យ ។
រហូតមកដល់សព្វថ្ងៃនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តពោធិ៍សាត់ តែងតែមានជំនឿទៅលើគុណបុណ្យបារមីលោកតាឃ្លាំងមឿងជានិច្ច ។ ជារៀងរាល់ឆ្នាំ គេតែងតែធ្វើបុណ្យឡើងអ្នកតា ថ្វាយជូនអ្នកតាឃ្លាំងមឿង ។ មិនតែប៉ុណ្ណោះ បើមានការអ្វី អ្នកស្រុកនៅពោធិ៍សាត់តែងតែធ្វើពិធីបន់ស្រន់ដល់អ្នកតាឃ្លាំងមឿង ។ បើគេបានសម្រេចគោលបំណងហើយ គេពុំដែលភ្លេចទៅធ្វើបុណ្យលាបំណន់ឡើយ ។
រូបសំណាកលោកឧកញ៉ាសួគ៌ាលោក មឿង និងអ្នកម្នាងខៀវ

រូបសំណាកលោកឧកញ៉ាសួគ៌ាលោក មឿង និងអ្នកម្នាងខៀវ

ពលសេនារបស់អ្នកតាឃ្លាំងមឿង

គ្រឿងដង្វាយដល់អ្នកតាឃ្លាំងមឿង និងអ្នកម្នាងខៀវ

អន្លង់ដែលអ្នកតាឃ្លាំងមឿងលោតចុះ
អត្ថបទពាក់ព័ន្ធៈ រឿងនិទានអំពីប្រវត្តិអ្នកតាឃ្លាំងមឿង
អត្ថបទពាក់ព័ន្ធៈ កោះសំពៅមាសនៅខេត្ដពោធិ៍សាត់