ឈូក
ឈូកជាផ្កាសក្ការៈ
ឈូកគឺជាវារីជាតិដុះនៅក្នុងភក់នៃស្រះ ត្រពាំង បឹងបួរ វាលភក់ និងស្រែពន្លិចទឹកដែលមានជម្រៅរាក់ ។ ឈូកមានដើមកំណើតនៅមជ្ឈឹមបូព៌ា អាស៊ី អូស្ត្រាលី និងញូគីនៀ ។ ឈូកអាចមានកំពស់រហូតដល់ ៦ម អាស្រ័យទៅតាមជម្រៅទឹក ។ ឈូកមានដុះនៅគ្រប់ទីតំបន់ក្នុងប្រទេសកម្ពុជា ។

មើមឈូក គឺជាពករឹងនៅក្នុងភក់ក្រោមទឹក ។ ឈូកមានដើមមូលវែង និងមានបន្លាតូចៗព័ទ្ធជុំវិញ ហើយវាមានតួនាទីតភ្ជាប់មើមទៅស្លឹក និងផ្កា ។ ភាគច្រើនគេយកមើមឈូកទៅស្ងោជាមួយជើងជ្រូក ឬឆ្អឹងជ្រូក ហើយគេក៏យកមើមឈូកទៅហាលឲ្យស្ងួត រួចកិនកម្ទេចធ្វើម្សៅផងដែរ ។ ក្រអៅឈូក គឺជាខ្នែងខ្ចីដែលបែកចេញពីមើមឈូក ។ គេយកក្រអៅឈូកទៅធ្វើជាអាហារបរិភោគបានច្រើនយ៉ាង ដូចជា អន្លក់ ញ៉ាំ ឆា និងស្លម្ជូរ ។
ស្លឹកឈូក មានរាងមូលដូចថាសអាចមានទំហំដល់ ៩តឹក (៩០សម) ។ ស្លឹកឈូកអាចអណ្ដែត ឬផុសចេញផុតពីផ្ទៃទឹក និងមានស្នាមឆូតៗ ។ ក្នុងកំឡុងពេលដែលថង់ផ្លាស្ទិចមិនបានគេនាំចូលមកប្រើប្រាស់ ស្លឹកឈូកត្រូវបានគេប្រើប្រាស់យ៉ាងទូលាយសម្រាប់វេចខ្ចប់របស់របរ និងចំណីអាហារ ។ ខ្ញុំនឹកឃើញកាលពីក្មេងទៅផ្សារទិញនំពងអន្សង និងសាច់ជ្រូកដែលគេខ្ចប់នឹងស្លឹកឈូក ។ បើគិតពីតម្លៃខាងបរិស្ថាន ស្លឹកឈូកល្អជាងថង់ផ្លាស្ទិច ពីព្រោះស្លឹកឈូកឆាប់រលួយ និងផ្ដល់ជាជីកុំប៉ុស្តិ៍មានប្រយោជន៍ដល់កសិកម្ម ។ រីឯថង់ផ្លាស្ទិចចំណាយពេលយូរឆ្នាំទំរាំតែរលាយ ។
ផ្កាឈូក មានច្រើនត្របក និងមានច្រើនពណ៌ ដូចជា ស ក្រហម និងច្រាល ។ ឈូកគឺជាផ្កាសក្ការៈនៅក្នុងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ។ ផ្កាឈូកមានទំនាក់ទំនងយ៉ាងជិតស្និទទៅនឹងពុទ្ធប្រវត្តិ ។ គេចាត់ទុកផ្កាឈូកថាជាផ្កាបរិសុទ្ធទោះជាដុះចេញពីក្នុងភក់ និងជាផ្កាសម្រាប់ថ្វាយព្រះ ។
ផ្លែឈូក មានរាងកោនដែលអាចមើលឃើញនៅពេលដែលស្រទាប់ត្របកផ្ការុះធ្លាក់ ។ ផ្លែឈូកប្រើជាអាហារតាមខ្ចីតាមចាស់ ។ ចំណែកឯផ្លែគ្រាប់ខ្ចីដែលគ្មានសាច់ក៏ជាល្បែងលែងរបស់ក្មេងៗដែរ គឺយកវាទៅជល់នឹងអ្វីមួយដើម្បីឮសូរ ជាពិសេស ជល់នឹងថ្ងាស ។ អ្នកខ្លះមានជំនឿថាការខាំទំពារគ្រាប់ឈូកលីងឲ្យបានញឹកញាប់ គឺជាការសមធ្មេញឲ្យមានភាពរឹងមាំ ។ គ្រាប់ឈូកមានរាងមូល ឬអូវ៉ុល មានពណ៌បៃតងពេលខ្ចី និងពណ៌ត្នោតចាស់ ។ គ្រាប់ឈូកស្ថិតក្នុងប្រភេទគ្រាប់រុក្ខជាតិមានវត្តមានយូរអង្វែងតាមការកត់ត្រាក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ។