Chouk Khmer

February 8, 2010

សង្គ្រាម​របស់​អាមេរិចកាំង ព្រំដែន​របស់​បារាំង ភាព​ជា​អ្នក​ជិតខាង​ពោរពេញ​ដោយ​កំហឹង​របស់​សៀម​ចំពោះ​កម្ពុជា

សង្គ្រាម​របស់​អាមេរិចកាំង ព្រំដែន​របស់​បារាំង ភាព​ជា​អ្នក​ជិតខាង​ពោរពេញ​ដោយ​កំហឹង​របស់​សៀម​ចំពោះ​កម្ពុជា

រំលឹកៈ នៅ​អំឡុង​ពេល​ទទួល​ទាន​អាហារ​ថ្ងៃត្រង់​មួយ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩​កន្លង​ទៅ​ ខ្ញុំ​បាន​សាកសួរ​ជនបរទេស​ម្នាក់​​ដែល​កំពុង​បម្រើ​ការ​នៅ​ស្រុក​ខ្មែរ​ដើម្បី​ស្វែង​យល់​ពី​ការ​ទទួល​ព័ត៌មាន​ និង​ទស្សនៈ​របស់​ជនជាតិ​បរទេស​មិន​មែន​ខ្មែរ​អំពី​បញ្ហា​ជម្លោះ​រវាង​ខ្មែរ​ និង​សៀម​នៅ​​ព្រំដែន​នៅ​ប្រាសាទ​ព្រះវិហារ ដែល​កំពុង​បន្ត​អូស​បន្លាយ​ប្រមាណ​មួយ​ឆ្នាំ​មក​នេះ ។ គាត់​គឺ​ជា​មនុស្ស​ម្នាក់​ដែល​យល់​ដឹង​ច្បាស់​អំពី​ចរិត និង​ទស្សនៈ​របស់​ជនជាតិ​សៀម ។ មុន​នឹង​ឆ្លើយ​គាត់​បាន​សួរ​បញ្ច្រាស​មក​ខ្ញុំ​វិញ ហើយ​ខ្ញុំ​បាន​ជម្រាប​គាត់​ថា «បន្ទាប់​ពី​ការ​បោះឆ្នោត​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​ទីក្រុង​បាងកក សម្ព័ន្ធមិត្ត​របស់​ថាក់ស៊ីន​នឹង​ជាប់​ឆ្នោត អ្វីៗ​នឹង​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​នៅ​ពេល​នោះ» ។ គាត់​ឆ្លើយ​តប​ថា «តើ​អ្នក​ប្រាកដ​ទេ​ថា​សម្ព័ន្ធមិត្ត​របស់​ថាក់ស៊ីន​នឹង​ជាប់​ឆ្នោត ? បញ្ហា​ព្រំដែន​នេះ​មិន​មែន​ជា​បញ្ហា​តូចតាច​ងាយ​ស្រួល​ទេ ។ ទោះជា​ខាង​ណា​ជាប់​ឆ្នោត​ក៏​ដោយ​ ក៏​ពិបាក​នឹង​ដោះស្រាយ​ដែរ ពីព្រោះ​មាន​រឿង​នៅ​ពីក្រោយ​បញ្ហា​នេះ​ទៀត ។»

ខ្ញុំ​មិន​ទទួល​យក​គំនិត​របស់​គាត់​ទេ ។ លុះ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ដើម្បី​ជា​សក្ខីភាព​បញ្ជាក់​ពី​គំនិត​របស់​គាត់ៗ​បាន​យក​អត្ថបទ​ស្ដីពី «សង្គ្រាម​របស់​អាមេរិចកាំង ព្រំដែន​របស់​បារាំង ភាព​ជា​អ្នក​ជិតខាង​ពោរពេញ​ដោយ​កំហឹង​របស់​សៀម​ចំពោះ​កម្ពុជា» ចុះ​ផ្សាយ​នៅ​ក្នុង​ផ្នែក​ចំណុច​ក្ដៅ​នៅ​អាស៊ី​នៃ​ព្រឹត្តិបត្រ​របស់​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​សិក្សា​អំពី​អាស៊ី (International Institute for Asia Studies) មក​ឲ្យ​ខ្ញុំ​អាន ។ អត្ថបទ​នេះ​ពិបាក​អាន​បន្តិច​ព្រោះ​ជា​អត្ថបទ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ ភាសា​អង់គ្លេស​ដែល​ប្រើ​ជ្រៅៗ និង​ទាមទារ​ឲ្យ​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​នៅ​ឥណ្ឌូចិន​ខ្លះ​ទើប​អាច​យល់​បាន ។

អត្ថបទ​នោះ​មាន​ពីរ​ភាគ​ចុះ​ផ្សាយ​នៅ​លើ​ព្រឹត្តិបត្រ​ពីរ​លេខ​គឺ No. 51-Summer 2009 និង​ No.52-Winter 2009 បកស្រាយ​វែកញែក​​អំពី​ប្រវត្តិសាស្ត្រ​ថ្មីៗ​របស់​កម្ពុជា​នៅ​អំឡុង​ពេល​ពីរ​បី​ទសវត្សរ៍​ចុង​ក្រោយ​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​ចិត្ត​លើ​គោល​​នយោបាយ​របស់​មហាអំណាច​ចិន និង​អាមេរិច និង​ គោល​នយោបាយ​ និង​ទស្សនៈ​របស់​សៀម​នៅ​ពីក្រោយ​ជម្លោះ​ថ្មីៗ​ជាមួយ​ខ្មែរ​ពាក់ព័ន្ធ​នឹង​ប្រាសាទ​ព្រះវិហារ ។ ខ្ញុំ​មិន​ធ្វើ​អត្ថាធិប្បាយ​នៅ​លើ​អត្ថបទ​នេះ​ទេ និង​សូម​ជូន​សេចក្ដី​ប្រែសម្រួល​តាម​ចំណេះ​ដឹង​ដែល​មាន​ដូច​ខាងក្រោម ។

សង្គ្រាម​របស់​អាមេរិចកាំង ព្រំដែន​របស់​បារាំង ភាព​ជា​អ្នក​ជិតខាង​ពោរពេញ​ដោយ​កំហឹង​របស់​សៀម​ចំពោះ​កម្ពុជា

នៅ​ចុង​បញ្ចប់​នៃ​ល្បែង​ចំពោះ​ជម្លោះ​ជា​ប្រវត្តិសាស្ត្រ​ដ៏​ធំ​សម្បើម​នៅ​កម្ពុជា​ថ្មីៗ​នេះ​បាន​ទទួល​ការ​កត់សម្គាល់​ជា​ដំណាក់ៗ​ដោយ​សារព័ត៌មាន​អន្តរជាតិ​គឺៈ សង្គ្រាម​ទ្រង់ទ្រាយ​តូច​នៅ​ព្រំដែន​ខ្មែរ‑សៀម និង​ចំណាត់​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​អតីត​មេដឹកនាំ​កុម្មុយនីស្ត​មួយ​ចំនួន ។ នៅ​ក្នុង​របាយការណ៍​នេះ ការ​ពិត​ជា​ប្រវត្តិ​សាស្ត្រ​មួយ​ចំនួន​ត្រូវ​បាន​និយាយ​ឡើង​វិញ​នៅ​ក្នុង​បរិបទ​ដែល​គ្មាន​កែប្រែ​លទ្ធផល ។ នៅ​ក្នុង​ភាគ​ទី​១​នៃ​អត្ថបទ​ចំនួន​២​ភាគ​នេះ លោក Eisel Mazard វែក​ញែក​អំពី​មូលហេតុ​នានា​ចំពោះ​ជម្លោះ​ទាំង​២​នេះ​ គឺ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​លទ្ធិកុម្មុនីស្ត​និយម​ខ្មែរ​ ដោយ​ទាំង​ប្រវត្តិសាស្ត្រ​ និង​បច្ចុប្បន្ន​មិន​អាច​នឹង​យល់​បាន ។

ភាគ​១

រាជានិយម​ស្ថិត​ក្រោម​បរិបាលកិច្ច (ការ​គាំពារ) ​របស់​កុម្មុយនីស្ត

កាលបរិច្ឆេទ​នៃ​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ដល់​កងកម្លាំង​ដែល​ល្បីល្បាញ​ក្រោម​ឈ្មោះ​មិន​ផ្លូវការ​ថា «ខ្មែរក្រហម» គឺ​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ដែល​ត្រូវ​បាន​គេ​ដឹង​តិចតួច​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ី ។ ខ្ញុំ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​បញ្ហា​នេះ​យ៉ាង​ហ្មត់ចត់​ ដោយសារ​ខ្វះខាត​កាលបរិច្ឆេទ​ជាក់លាក់​បង្ហាញ​នៅ​ក្នុង​បុព្វកថា​ថ្មី​នៅ​ក្នុង​សៀវភៅ​របស់​លោក Vickery ឆ្នាំ​១៩៩៩ ជា​អត្ថបទ​ដែល​ខ្ញុំ​រក​ឃើញ​ថា​ស្រពិចស្រពិល​ក្នុង​ការ​និយាយ​បញ្ឆៀង​ទៅ​លើ​ការ​មក​ដល់​នៃ​ការ​សម្រេច​ចិត្ត​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិច​នេះ (p. vii, cf. 308) ។

ចម្លើយ​ជាក់​លាក់​មិន​មាន​អ្វី​ជា​អាថ៌កំបាំង​ទេ និង​មិន​ដែល​មាន​ពី​មុន​មក ។ ការ​ភ័នច្រឡំ​ច្រើន​ជាង​គេ​ជាទូទៅ​ហាក់​ដូច​ជា​គ្មាន​ប្រភព​ណា​ក្រៅ​ពី​សៀវភៅ​របស់​លោក​ Shawcross នៅ​ឆ្នាំ​១៩៧៩ ជា​សៀវភៅ​ដែល​ព្យាយាម​បន្លំ​ឲ្យ​ទទួល​យក​ការ​ទទួល​ខុសត្រូវ​ផ្នែក​សីលធម៌​ចំពោះ​ខ្មែរក្រហម​ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន (op. cit., 387) ។ ផ្ទុយ​ទៅ​វិញ ដើម​កំណើត​នៃ​សម្ព័ន្ធមិត្ត​មួយ​ក្នុង​ចំណោម​សម្ព័ន្ធ​មិត្ត​ដ៏​ចម្លែក​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​គេ​រក​ឃើញ​មួយ​ទៀត ដែល​អាច​ម្លែក​ជាង​នេះ​គឺៈ ប្រទេស​ចិន​គាំទ្រ​ព្រះករុណ​សីហនុ​ជា​រៀងដរាប​មក​ចាប់​តាំង​ពី​ពាក់កណ្ដាល​ទសវត្សរ៍​១៩៥០ ដោយ​បដិសេធ​ការ​គាំទ្រ​ណា​មួយ ឬ​សមាណចិត្ត​ចំពោះ​ខ្មែរក្រហម ។ ពួក​ខ្មែរក្រហម​នៅ​មិន​ទាន់​ទទួល​បាន​បរិបាលកិច្ច​ពី​ប្រទេស​ចិន​ទេ​រហូត​ដល់​ពេល​ពួកគេ​ចូលរួម​កម្លាំង​ជាមួយ​ព្រះករុណា​សីហនុ បន្ទាប់​ពី​រដ្ឋប្រហារ​នៅ​ឆ្នាំ​១៩៧០ ។

ទំនាក់ទំនង​របស់​ព្រះករុណា​សីហនុ​ជាមួយ​ក្រុង​ប៉េកាំង​មិន​ទាន់​ចាប់​កំណើត​នៅ​ក្នុង​សម្ព័ន្ធមិត្ត​នៃ​សន្និសីទ​ក្រុង​ហ្សឺណែវ​នៅ​ឆ្នាំ​១៩៥៤​ទេ ប៉ុន្តែ​ប្រហែល​ជា​​ដុះដាល​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ពេល​នោះ ។ ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ជិតស្និទ្ធ​រវាង​ព្រះករុណា​សីហនុ ទាំង​ជាមួយ​លោក ​ម៉ៅ សេទុង និង​លោក ជូ អ៊ិនឡាយ ចុះកាល​កំណត់​ឆ្នាំ​១៩៥៥ ឬ​៥៦ (Basu, 1987, p. 17) ។ ការ​គោរព​យោគយល់​គ្នា​នៃ​មេដឹកនាំ​ទាំង​បី​នាក់​រូប​នេះ​នៅ​ស្ថិតស្ថេរ​រាប់​ទសវត្សរ៍ ។ នៅ​ឆ្នាំ​១៩៥៦ ព្រះករុណា​សីហនុ​យក​ចិត្ត​ទុក​ដាក់​លើ «(អ្នក​រាជានិយម) ​មិន​ចូល​បក្សសម្ព័ន្ធ» ហើយ​ប្រទេស​កម្ពុជា​ជិតស្និទ្ធ​​នឹង​ប្រទេស​ចិន​ត្រូវ​បាន​បង្ហាញ​ឃើញ​ជាក់ស្ដែង​នៅ​ក្នុង​បរិបទ​នៃ​សម្ព័ន្ធមិត្ត​ប្រឆាំង​នឹង​ការ​រុករាន​របស់​ប្រទេស​វៀតណាម​មក​លើ​ប្រទេស​កម្ពុជា ។

ការ​បារម្ភ​របស់​ប្រទេស​ចិន​ចំពោះ​ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​ឯករាជ្យ និង​គាំទ្រ​ដោយ​សូវៀត (ប្រហែល​២០​ឆ្នាំ​មុន​ការ​បារម្ភ​នេះ​កើត​ឡើង) អាច​យល់​បាន​តែ​ក្នុង​បរិបទ​នៃ​អរិភាព​រវាង​ចិន និង​សូវៀត​ដែល​គ្របដណ្ដប់​គោលនយោបាយ​ការបរទេស​នៅ​ក្នុង​សម័យកាល​នោះ ។ កូនប្រុស​របស់​លោក ម៉ៅ សេទុង ទើប​តែ​ស្លាប់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ដោយ​សារ​សូវៀត​មិន​បាន​ផ្ដល់​ការ​គាំទ្រ​ផ្នែក​អាកាស​នៅ​ក្នុង​​ការ​ប្រយុទ្ធ (ដើម្បី​ទប់​ស្កាត់​ការ​ទម្លាក់​គ្រាប់​បែក​របស់​អាមេរិច) ធ្វើ​ឲ្យ​លទ្ធភាព​នៃ​សម្ព័ន្ធ​មិត្ត​កុំម្មុយនីស្ត​បាន​ស្លាប់​ជាមួយ​កូន​របស់​​គាត់ ។

សង្គ្រាម​កូរ៉េ​បាន​បង្ហាញ​ថា អាទិភាព​នានា​របស់​សូវៀត​គឺ​នៅ​អឺរ៉ុប​ខាងកើត​ឆ្ពោះ​សំដៅ​ទៅ​ខាង​លិច ។ ផ្ទុយ​មក​វិញ អាទិភាព​របស់​លោក ម៉ៅ សេទុង​ ស្ថិត​នៅ​លើ​ការ​គាំទ្រ​របស់​គាត់​ចំពោះ​ព្រះករុណា​សីហនុ​ ដែល​ត្រូវ​បាន​ស្ដែង​ឡើង​នៅ​ឆ្នាំ​១៩៦៦​នៅ​ពេល​ចិន​ប្រកែក​មិន​ទទួល​ជនភៀសខ្លួន​ខ្មែរ (រួមទាំង​សមាជិក​សភា) ដែល​រត់​គេច​ពី​ចលនា​បង្ក្រាប​ដ៏​សាហាវ​លើ​ពួក​ឆ្វេងនិយម ។ អនុស្សាវរីយ៍​ថ្មីៗ​នៃ​ការ​សម្លាប់​រង្គាល​នៃ​ឆ្នាំ​១៩៦៣​លើ​សមាជិក​គណបក្ស​ប្រជាជន​៩០% ការ​ប្រកែក​នេះ​របស់​ចិន​ត្រូវ​គេ​មាន​អារម្មណ៍​ថា​ខ្លាំងក្លា (Basu, 1987, p. 11) ។

ពួក​កុំម្មុយនីស្ត​ខ្មែរ​បាន​រៀន​ពី​បទពិសោធន៍​នេះ: ផ្លូវ​តែ​មួយ​ដែល​គេ​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ចិន​គឺ​ត្រូវ​តែ​បញ្ចូល​ខ្លួន​​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​រាជានិយម ហើយ​ជា​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​នៅ​ឆ្នាំ​១៩៧០ ។ នៅ​ចុង​ឆ្នាំ​នេះ ប្រទេស​ចិន​ចាប់​ផ្ដើម​គាំទ្រ​ជាលើក​ដំបូង​ដល់​ពួក​ខ្មែរក្រហម ប៉ុន្តែ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ «រដ្ឋាភិបាល​និរទេស» ដែល​ដឹកនាំ​ដោយ​ព្រះករុណា​សីហនុ និង​មាន​មូលដ្ឋាន​នៅ​ក្រុង​ប៉េកាំង ប្រឆាំង​នឹង​ភាព​ផ្ដាច់ការ​របស់​ឧត្ដមេសនីយ៍ លន់ នល់ 

កុំម្មុយនីស្តនិយម​ស្ថិត​ក្រោម​បរិបាលកិច្ច​របស់​អាមេរិច

ការ​ទម្លាក់​ព្រះករុណា​សីហនុ​ពីសំណាក់​​លោក នល់ នល់ ជាញឹកញាប់​ត្រូវ​បាន​គេ​រាយការណ៍​ថា​ មាន​ការ​ចូលរួម​ពី​ភ្នាក់ងារ​សម្ងាត់​ (CIA) របស់​អាមេរិច ដែល​បញ្ហា​នេះ​ហាក់​ដូចជា​មិន​ពិត​នៅ​ពេល​ដែល​យើង​ពិចារណា​​ថា សហភាព​សូវៀត​ព្យាយាម​យ៉ាង​សកម្ម​ក្នុង​ការ​ទាក់ទាញ​សមាណចិត្ត​របស់​លោក នល់ នល់ បន្ទាប់​ពី​គាត់​ឡើង​កាន់​អំណាច ហើយ​សហរដ្ឋ​អាមេរិច​បាន​ និង​កំពុង​តែ​ចរចារ​ជាមួយ​ប្រទេស​ចិន ដើម្បី​ «ក្បត់» ​នល់ នល់ នៅ​ឆ្នាំ​១៩៧១ ។ នៅ​ក្នុង​វិជ្ជាជីវៈ​ដិតដាម​ទៅ​ដោយ​ការ​ភូត​កុហក វា​អាច​ជា​ការ​ពិត​ដែល​ប្រធានាធិបតី Nixon និយាយ​ជំទាស់​ថា ការ​ធ្វើ​រដ្ឋប្រហារ​របស់​លោក នល់ នល់ គឺ​ជា​ភ្ញាក់​ផ្អើល​ចំពោះ​យើង ។ យើង​មិន​ដែល​លើក​ទឹកចិត្ត ឬ​ក៏​បាន​ដឹង​រឿង​នេះ​ជាមុន​ទេ (Nixon, 1985, 117) ។ នៅ​ក្នុង​ករណី​ណា​ក៏​ដោយ ទាំង​អាមរិច​ និង​ចិន មិន​សប្បាយ​ចិត្ត​នឹង​លទ្ធផល​នៃ​ការ​ធ្វើ​រដ្ឋ​ប្រហារ​នេះ​ទេ ។

ឆ្នាំ​១៩៧១ ហាក់​ដូចជា​ឆ្នាំ​ដំបូង​ដែល​គោលនយោបាយ​ប្រឆាំង​នឹង​វៀតណាម​ស្ដែង​ឲ្យ​ឃើញ​ឡើង​ភ្ជាប់​ជាមួយ​សម្ភារៈ​នានា​របស់​ខ្មែរក្រហម Bizot, 2004, 113; Vickery, 1999, 215) ។ ទោះបី​ស្ថិត​ក្រោម​ភាព​តានតឹង​ផ្នែក​ជាតិសាសន៍ គោលនយោបាយ​ដូចនេះ​នឹង​មិន​មាន​ន័យ​អ្វី​ទេ​មុន​ពេល​ពួកគេ​ទទួល​បាន​បរិបាលកិច្ច​ពី​ចិន​ដែល​មាន​របៀបវារៈ​ប្រឆាំង​វៀតណាម​នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ ។ នៅ​ក្នុង​ឆ្នាំ​ជាមួយ​គ្នា​នេះ​ដែរ លោក Henry Kissinger បាន​មក​ដល់​ប្រទេស​ចិន​ដើម្បី​ចរចារ​អំពី​សម្ព័ន្ធភាព​ដែល​កំណត់​ន័យ​ភាគច្រើន​ដោយ​អរិភាព​រួម​នៃ​ប្រទេស​ទាំង​ពីរ​ចំពោះ​វៀតណាម​ខាងជើង ។ ការណ៍​នេះ​តម្រូវ​ឲ្យ​មាន​ការ​ដក​ចេញ​យ៉ាង​ឆាប់រហ័ស​នៃ​កងទ័ព​អាមេរិច​ពី​តៃវ៉ាន់ និង​ការ​បញ្ចូល​សមាជិកភាព​របស់​ប្រទេស​ចិន​ប្រជាមានិត​ទៅ​ក្នុង​អង្គការ​សហប្រជាជាតិ ។

ភាព​ចាំបាច់​ដែល​អាមេរិច​គាំទ្រ​ខ្មែរក្រហម​ត្រូវ​បាន​សម្រេច​នៅ​ពាក់​កណ្ដាល​ខែ​មិថុនា​ ឆ្នាំ​១៩៧៣ (បិទ​បញ្ចប់​ការ​ចរចារ​ដែល​បាន​ផ្ដួចផ្ដើម​នៅ​ឆ្នាំ​១៩៧១) ពីរ​ឆ្នាំ​មុន​ “ការ​ដួលរលំ​នៃ​ទីក្រុង​ភ្នំពេញ” នៅ​ចំពោះ​មុខ​កងទ័ព​កុំម្មុយនីស្ត​នៅ​ឆ្នាំ​១៩៧៥ និង​៦​ឆ្នាំ​មុន​ពេល​វៀតណាម​លុកលុយ​ដើម្បី​កម្ចាត់​ខ្មែរ​ក្រហម​ចេញ ។ បញ្ហា​នេះ​ជាញឹកញាប់​ត្រូវ​បាន​បញ្ជាក់​បង្ហាញ​ដោយ​យល់​ស្រឡំ​អំពី​​ការ​គាំទ្រ​របស់​អាមេរិច​ដល់​កុំម្មុយនីស្ត​និយម​ខ្មែរ (ឧទាហរណ៍ Kiernan, 1996, 384-5) ។

លោក​ប្រធានាធិបតី Nixon ខ្លួន​ឯង​ក៏​បាន​បង្ហាញ​ភស្តុតាង​ពី​កតិកា​នេះ​ដែរ ដែល​បន្សល់​នូវ​កំណត់ត្រា​ប្រវត្តិ​សាស្ត្រ​ដែល​មាន​ន័យ​ច្បាស់លាស់ ៖

«នាយក​រដ្ឋមន្ត្រី​ចិន ជូ អ៊ិនឡាយ ក៏​ចង់​ទប់ស្កាត់​ជ័យជំនះ​របស់​វៀតណាម​ខាងជើង​នៅ​ឥណ្ឌូចិន​ដែរ ។ ប្រទេស​ចិន​ចង់​បាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​សហរដ្ឋ​អាមេរិច​ដើម្បី​ទប់ទល់​នឹង​អរិភាព​ដែល​កាន់​តែ​កើន​ឡើង​ជាមួយ​សហភាព​សូវៀត ។ ដូច្នេះ វា​ពិត​ជា​ផ្ទុយ​នឹង​ចំណាប់​អារម្មណ៍​របស់ Peking ចំពោះ​អតិថិជន​របស់​ក្រុង​ម៉ូស្គូ នៅ​ទីក្រុង​ហាណូយ…​ដើម្បី​សម្រេច​អនុត្តរភាព​នៅ​ឥណ្ឌូចិន… ។ យើង​មាន​គ្រប់លក្ខណៈ​ចាំបាច់​ដើម្បី​ដោះស្រាយ​បញ្ហា ។ យើង​មាន​ឥទ្ធិពល​ពិសេស​លើ​ នល់ នល់ ។ ប្រទេស​ចិន​អាច​ទាញ​ខ្សែ​កុំម្មុយនីស្ត​ខ្មែរ ។ ព្រះករុណា​សីហនុ… ប្រមុខ​កម្លាំង​ប្រឆាំង​ដែល​បាន​តែង​តាំង នឹង​ស្ដាប់​ប្រឹក្សា​របស់​ ជូ អ៊ិនឡាយ ។ ភ្លាមៗ​នោះ​យើង​បាន​រួម​គ្នា​បង្កើត​ផែនការ​មួយ…​កងកម្លាំង​ព្រះករុណា​សីហនុ និង​ខ្មែរក្រហម​នឹង​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ការ​ផ្លាស់ប្ដូរ​ជំនួស​ឲ្យ​​ការ​បញ្ឈប់​ការ​ទម្លាក់​គ្រាប់បែក​របស់​យើង» ។ ប្រភព ៖ (Nixon, 1985, 176-7) ។

ទិដ្ឋភាព​មួយ​នៃ​សេចក្ដី​សង្ខេប​របស់​ប្រធានាធិបតី Nixon ដែល​ហាក់​ដូចជា​វៀចវេរ​ គឺ​ជា​សំណើ​ដែល​ថា​ការ​បញ្ឈប់​ការ​ទម្លាក់​គ្រាប់​បែក​របស់​គាត់​ គឺ​ជា​ការ​សំខាន់​ណាស់​ដើម្បី​រក្សា​ភាព​នៅ​ក្រោម​បង្គាប់​របស់​ខ្មែរក្រហម​ចំពោះ​ភាព​ជា​អ្នកដឹកនាំ​របស់​ព្រះករុណា​សីហនុ ។ នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ចរចារ​នេះ លោក Nixon បាន​ល្មើស​រួច​ជា​ស្រេច​ទៅ​ហើយ​​នឹង​បទបញ្ញា​របស់​សភា​ចុះ​ថ្ងៃ​ទី​០២​ ខែ​មករា ឆ្នាំ​១៩៧៣ ក្នុង​ការ​បញ្ចប់​គ្រប់​ប្រតិបត្តិការ​យោធា​នៅ​ឥណ្ឌូចិន (លើក​លែង​តែ​ការ​ដកចេញ) បណ្ដាល​ឲ្យ​មាន​​ច្បាប់​មួយ​ទៀត​កាន់​តែ​ច្បាស់លាស់​តឹងរ៉ឹង (អនុម័ត​នៅ​ខែ​មិថុនា​ឆ្នាំ​ដដែល) ក្នុង​ការ​បញ្ឈប់​ថវិកា​ទាំង​អស់​សម្រាប់​គ្រប់​ការ​ទម្លាក់​គ្រាប់បែក មាន​ប្រសិទ្ធភាព​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ។

សន្តិភាព​គឺ​ជា​សង្គ្រាម​ដោយ​មធ្យោបាយ​ផ្សេង​ទៀត

ទោះបី​ជា​គាត់​ពិបាក​នឹង​និយាយ​ប្រាប់​អំពី​ប្រវត្តិ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ន័យ​នេះ លោក​ Nixon បាន​ចរចារ​នៅ​លើ​ជំហរ​ទន់​ខ្សោយ​មួយ ។ សភា​ថែម​ទាំង​ជំទាស់​មិន​ព្រម​ផ្ដល់​ថវិកា​ចំពោះ​សំណើ​របស់​គាត់​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស (ថវិកា ១,៤៥​ពាន់​លាន​ដុល្លា​សម្រាប់​ជំនួយ​យោធា បូក​រួម​នឹង​ថវិកា​សរុប​សម្រាប់​ឆ្នាំ​១៩៧៣​ចំនួន ២,២៧​ពាន់​លាន​ដុល្លា​ សម្រាប់​ជំនួយ​មិន​មែន​យោធា​ ដល់​វៀតណាម​ខាងត្បូង) ហើយ​គាត់​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ដក​ទ័ព​ថយ​​ដោយ​បរាជ័យ ឬ​បន្ត​សង្គ្រាម​ដោយ​មធ្យោបាយ​ផ្សេងទៀត (Nixon, 165-6; 186; 188) ។

តាម​ប្រសិទ្ធភាព​ជម្រើស​ទាំង​ពីរ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ឡើង ។ សម្ព័ន្ធមិត្ត​ជាមួយ​ចិន​អនុញ្ញាត​ឲ្យ​សង្គ្រាម​របស់​អាមេរិចកាំង​បន្ត​ទៅ​ទៀត​តាម​បណ្ដាញ​ផ្សេង​វិញ ទោះបីជា​អ្នកសម្រេច​ចិត្ត​អនុម័ត​កតិកា​ស្ទើរ​តែ​ទាំង​អស់​បាន​ស្លាប់​បាត់​ទៅ​ហើយ ឬ​ក៏​នឹង​ធ្លាក់​ពី​តំណែង​ភ្លាមៗ​បន្ទាប់​ពី​នោះ​ក៏​ដោយ ។ លោក Nixon បាន​លាលែង​ពី​ដំណែង​នៅ​ឆ្នាំ​១៩៧៤ នៅ​ពេល​ដែល​លោក​ម៉ៅ សេទុង និង​ ជូ អ៊ិនឡាយ ស្លាប់​នៅ​ឆ្នាំ​១៩៧៦ ។ ការ​រៀបចំ​សម្រាប់​សង្គ្រាម​សិទ្ធិប្រទាន​ដែល​ពួកគេ​បាន​ព្រមព្រៀង​គ្នា​បាន​បន្ត​ទៅ​មុខ​ដោយ​ពុំ​មាន​វត្តមាន​របស់​ពួកគេ ប៉ុន្តែ​សារៈសំខាន់​នៃ​ទំនាក់ទំនង​ផ្ទាល់ខ្លួន​នៅ​តែ​មាន​អត្ថិភាព​ចេញ​ជា​លទ្ធផល​ឃើញ​ច្បាស់ ។

ការ​ខិតខំ​ប្រឹងប្រែង​ចុងក្រោយ​ដើម្បី​ពង្វាង​សង្គ្រាម​ចិន‑វៀតណាម​ចំពោះ​ការ​កាន់កាប់​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ចរចារ​ដោយ​លោក​ជំទាវ​មេម៉ាយ​របស់​ ជូ អ៊ិនឡាយ ។ បន្ទាប់​ពី​ការ​ត្រលប់​មក​ពី​ទីក្រុង​ភ្នំពេញ​របស់​គាត់ ទីក្រុង​ប៉េកាំង​បាន​ប្រកាស​ថា​ប្រទេស​កម្ពុជា​បាន​រងគ្រោះ​ពី​ការ​ឈ្លានពាន​របស់​វៀតណាម (Basu, 53-4) ។ ការណ៍​នេះ​ស្ថិត​នៅ​តែ​ជា​យុត្តិកម្ម​របស់​ពួកគេ​ចំពោះ​ការ​គាំទ្រ​ដល់​កងកម្លាំង​របស់​ ប៉ុល ពត នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០ (Zhu, 1990, 426-442) ។ ព្រះករុណា​សីហនុ​បន្ត​រស់​នៅ​ក្នុង​ភាព​ជា​ព្រះមហាក្សត្រ​ក្រោម​បរិបាលកិច្ច​របស់​ទីក្រុង​ប៉េកាំង ទោះបី​ជា​មាន​ការ​ផ្លាស់ប្ដូរ​កាលៈទេសៈ​នយោបាយ​ក៏​ដោយ នេះ​ប្រហែល​ដោយសារ​ទំនាក់​ទំនង​របស់​ព្រះអង្គ​ជាមួយ​ ម៉ៅ សេទុង (ពិត​ណាស់​មិនមែន​នៅ​លើ​មូលដ្ឋាន​នៃ​សមត្ថភាព​របស់​ព្រះអង្គ​ក្នុង​ការ​បញ្ជា ឬ​គ្រប់គ្រង​ខ្មែរក្រហម​ទេ) ។

ប្រទេស​ចិន​បាន​កាន់​កាប់​ប្រជុំ​កោះ​ប៉ារ៉ាសែល (Paracel Islands) នៅ​ខែ​មករា ឆ្នាំ​១៩៧៤ ។ នៅ​ក្នុង​ការ​រៀបចំ​ធ្វើ​សង្គ្រាម ការ​បោសសម្អាត​ទ្រង់ទ្រាយ​ធំ​នូវ​សមាសភាព​គាំទ្រ​វៀតណាម​ក្នុង​ចំណោម​ខ្មែរក្រហម​បាន​ប្រព្រឹត្ត​ទៅ​បាន​ល្អ​នៅ​ឆ្នាំ​១៩៧៥ ។ មាន​ការ​ប្រឈម​មុខ​ប្រដាប់​អាវុធ​ដាក់​គ្នា​នៅ​តាម​បណ្ដោយ​ព្រំដែន​ចិន‑វៀតណាម និង​ខ្មែរ‑វៀតណាម​នៅ​ឆ្នាំ​១៩៧៨ មុន​ពេល​ការ​ប្រកាស​បង្កើត​ «រណសិរ្ស​សង្គ្រោះ (KUFNS)» ដើម្បី​រំដោះ​ប្រទេស​កម្ពុជា​ពី​ការ​គ្រប់​គ្រង​របស់​ ប៉ុល ពត នៅ​ខែ​ធ្នូ ឆ្នាំ​ជាមួយ​គ្នា​នេះ ។

ការ​ឈ្លានពាន​ទ្រង់ទ្រាយ​ធំ​របស់​ចិន​លើ​វៀតណាម​អាច​ត្រូវ​បាន​គ្រោង​ទុក​ជាមុន​ក្នុង​ការ​គាំទ្រ​ការ​តស៊ូ​របស់​ខ្មែរ​ដែល​បាន​ដួល​រលំ​ដោយ​ភ្ញាក់​ផ្អើល​កាល​ពី​មួយ​ខែ​មុន​នេះ ។ គ្មាន​នរណា​ម្នាក់​អាច​សង្ឃឹម​ពី​ជ័យជំនះ​របស់​វៀតណាម​ក្នុង​ពេល​ដ៏​ឆាប់​ដូច​នេះ​ទេ ប៉ុន្តែ​ការ​អត់ឃ្លាន និង​ភាព​សាហាវ​យង់ឃ្មង​ដែល​បណ្ដាល​ឡើង​ដោយ​ខ្មែរក្រហម​ធ្វើ​ឲ្យ​បាត់បង់​ការ​គាំទ្រ​នៅ​ក្នុង​ស្រុក​ និង​បាន​បំផ្លាញ​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​ទប់ទល់​នឹង​សង្គ្រាម ។ លោក Basu សង្កេត​ឃើញ​ថា ការ​រុករាន​ដែល​បាន​សម្រេច​ផ្ដាច់ព្រ័ត្ត (ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​១៩៧៩) បម្រើ​ជា​ការ​ប្រឆាំង​នឹង​ (ឬ​រារាំង) ការ​ចុះ​ហត្ថលេខា​របស់​លោក​ ហេង សំរិន លើ​សន្ធិសញ្ញា​មិត្តភាព (ថ្ងៃទី​១៨ ខែ​កុម្ភៈ) ដែល​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​គោរព​តាម​វៀតណាម​នៃ​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា (Basu, 77) ។

នៅ​ខណៈ​ដែល​ជ័យជំនះ​របស់​វៀតណាម​បាន​សម្រេច​រួច​រាល់​ហើយ វា​ជា​ការ​អាម៉ាស់​ដែល​សន្និសីទ​ប្រមូល​ផ្ដុំ​សម្ព័ន្ធមិត្ត​របស់​ចិន និង​អាមេរិច (សរុប​៧៩​ប្រទេស) ដើម្បី​ប្រកាស​ពី​ការ​គាំទ្រ​របស់​ពួក​គេ​ដល់​ ប៉ុល ពត មិន​អាច​រៀប​ចំ​បាន​រហូត​ទាល់​តែ​ដល់​ខែ​កក្កដា ឆ្នាំ​១៩៨១ (Zhu, 1990, 426-442) ។ ដល់​ពេល​នេះ អ្វី​ដែល​អង្គការ​សហប្រជាជាតិ​ពោល​អះអាង​អំពី​រដ្ឋាភិបាល​របស់​កម្ពុជា​ដែល​ពេញ​ច្បាប់​គឺ​ជា​ “ទាហាន​ទ័ពព្រៃ” ​ដែល​នៅ​រាយប៉ាយ​ និង​បាន​ក្លាយ​រួច​ទៅ​ហើយ​ជា​រឿង​និទាន​ចំពោះ​ភាព​ឃោរឃៅ​របស់​ពួកគេ និង​ចំនួន​ជនស៊ីវិល​ដែល​បាន​រងគ្រោះ ហើយ​មាន​ទំនាក់ទំនង​ស្ដួចស្ដើង​​ជាមួយ​ព្រះមហាក្សត្រ​ដែល​ត្រូវ​បាន​គេ​ទម្លាក់​ពី​តំណែង និង​ថ្លែង​សុទ្ទរកថា​តែ​ពី​ក្រុង​ប៉េកាំង ។

ការ​លំបាក​ផ្នែក​ការទូត​នៃ​ការ​សំដៅ​ផ្ទាល់​ចំពោះ​ ប៉ុល ពត សម្ព័ន្ធមិត្ត​របស់​អាមេរិច​បាន​ដោះខ្លួន​ដោយ​បង្កើត​ពាក្យ​កាត់​ថ្មី​មួយ​នៅ​ឆ្នាំ​១៩៨២: «CGDK» ដែល​តាំង​ពី​ពេល​នោះ​មក​បម្រើ​ជា​ពាក្យ​រាបសារ​ក្នុង​ការ​ផ្ដល់​ថវិកា និង​អាវុធ​ដល់​ខ្មែរក្រហម ។

 

បន្ត​ទៅ​ភាគ​ទី​២

 

February 6, 2010

ក្របី​ស្នែង​កែក មនុស្ស​ស្រលៀង​ភ្នែក ក្រពើ​កំបុត​កន្ទុយ

និយមន័យៈ អ្វី​ដែល​ខុស​ប្រក្រតី បុគ្គលិក​លក្ខណៈ​ក៏​ខុស​ប្រក្រតី​ដែរ ។

អត្ថាធិប្បាយ

មនុស្ស​ក្ដី សត្វ​តិរច្ឆាន​ក្ដី ដែល​មាន​លក្ខណៈ​កាយវិការ​ដូច​ខាងលើ លោក​ប្រាប់​ថា​គួរ​ឲ្យ​ប្រុងប្រយ័ត្ន ។

ក្របី​ស្នែង​កែក

មាន​សត្វ​ជា​ច្រើន​ដែល​មាន​លក្ខណៈ​មិន​ប្រក្រតី តែ​ពេល​នេះ​លោក​លើក​យក​សត្វ​ក្របី​ស្នែង​កែក​មក​ធ្វើ​ជា​តួយ៉ាង ។ លោក​ថា​សត្វ​ក្របី​ស្នែង​កែក​តែង​កាច និង​មាន​ភាព​អំនួត​ជាង​ក្របី​ធម្មតា ។ ឫកពា​វា​ក្រអឺត​ក្រទម មិន​ខ្លាច​គេ​ទេ ។ កាលណា​វា​ឃើញ​ក្របី​ដូច​គ្នា ឬ​មនុស្ស​ទៅ​ជិត​វាៗ​តែង​អើត​ក្បាល​ស្ងើន បង្ហាញ​នូវ​ភាព​អំនួត និង​កាច ។

មនុស្ស​ស្រលៀង​ភ្នែក

តាម​ការ​កត់​សម្គាល់​ឃើញ​ថា មនុស្ស​ស្រលៀង​ភ្នែក​តែង​មាន​អ្វី​ដែល​«លើស» គឺ​ថា​ល្អ ក៏​ល្អ​លើស​គេ បើ​អាក្រក់​ក៏​លើស​គេ បើ​ស្លូត​បើ​កាច​ក៏​លើស​គេ​ដែរ ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ប្រាប់​ថា ឲ្យ​ប្រុង​ប្រយ័ត្ន ។ ព្រោះបើ​សេពគប់​ចំ​លើ​អ្នក​ដែល​ល្អ​លើស​គេ​ជា​ការ​ប្រសើរ ។ តែ​បើ​ចំ​លើ​អ្នក​អាក្រក់​លើស​គេ​វិញ​គួរ​ឲ្យ​ស្ដាយ ។

ក្រពើ​កំបុត​កន្ទុយ

ចាស់ៗ​តែង​និយាយ​ប្រាប់​កូន​ចៅ​ថា នៅ​ក្នុង​បឹង​នេះ​មាន​ក្រពើ​កំបុត​កន្ទុយ​មួយ កាច​សាហាវ​ខ្លាំង​ណាស់ ។ បើ​មាន​សត្វ​ព្រៃ​ណា​ចុះ​ផឹក​ទឹក វា​ត្របាក់​ស៊ី​គ្មាន​ឲ្យ​រួច​ទេ ។ គេ​សម្គាល់​ឃើញ​ថា ក្រពើ​កំបុត​កន្ទុយ​កាច​សាហាវ​ខ្លាំងក្លា​ជាង​ក្រពើ​ធម្មតា ។ មនុស្សម្នា​តែង​ខ្លាច​រអា​នឹង​វា​គ្រប់ៗ​គ្នា ។

ដូច្នេះ ឃើញ​ថា អ្វីៗ​ដែល​ខុស​ប្រក្រតី អត្តចរិត​ក៏​ខុស​ប្រក្រតី​ដែរ ៕

 

សុភាសិត​ផ្សេងទៀត

 

ស្វែង​យល់​ពាក្យ «កែង​កោង»

«កែង​កោង» តាម​វចនានុក្រម​បាន​សេចក្ដី​ថា ដែល​មាន​អាការ​ព្រហើន ក្រអើត​ក្រអោង ។ បរិវាស័ព្ទ «កែង» អាច​គន្លាស់​បាន​ជា​ពាក្យ «កែង​ដោយ​វាយ​ឫក​ចំខោង» គឺ «កោង​ដោយ​វាយ​ឫក​ចំខែង» ។

 

បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

 

February 5, 2010

កុមារ អាហារ​រហ័ស និង​ភាពធាត់

កុមារ អាហារ​រហ័ស និង​ភាពធាត់កុមារ​ក្មេងៗ​​អាមេរិចកាំង​ចូលចិត្ត​ម្ហូបអាហារ​រួមផ្សំ​ប្លែកៗ​ដែល​ហាង​អាហារ​រហ័ស​ភ្លាមៗ (Fast food) ​បង្កើត​ឡើង​ជាពិសេស​សម្រាប់​អតិថិជន​វ័យក្មេង​ទាំង​នេះ ។ ច្រក​ក្នុង​ស្បោង ឬ​ដាក់​ក្នុង​ប្រអប់​ពណ៌​ឆើតៗ ម្ហូបអាហារ​ងាយស្រួល​ទាំងនោះ​ជា​ញឹកញាប់​មាន​ភ្ជាប់​ប្រដាប់​លេង​មក​ជាមួយ​ជា​អ្វី​ដែល​ធ្វើ​កាន់តែ​រីករាយ​ថែម​ទៀត​ចំពោះ​កុមារ ។

តើ​ហាង​អាហារ​រហ័ស​ភ្លាមៗ​លក់​អាហារ​រួមផ្សំ​ដែល​ផ្ដល់​នូវ​សុខភាព​ល្អ​ដល់​កុមារ​មែន​ឬ​ទេ ?

កុមារ អាហារ​រហ័ស និង​ភាពធាត់មាន​មែន​នៅ​ក្នុង​ករណី​មួយ​ចំនួន ប៉ុន្តែ​អាហារ​រួម​ផ្សំ​សម្រាប់​សុខភាព​ល្អ​ដល់​កុមារ​មិន​មាន​ជាទូទៅ​ទេ ។ បើ​យោង​តាម​វេជ្ជបណ្ឌិត​ផ្នែក​កុមារ និង​ជា​អ្នកស្រាវជ្រាវ លោក Jason A. Mendoza មាន​ប្រសាសន៍​ថា “ឪពុក​ម្ដាយ​គួរ​តែ​ពិនិត្យ​មើល​បញ្ជី​មុខ​ម្ហូប​នៅ​តាម​ហាង​ឲ្យ​បាន​ច្រើន​ជាង​មួយ​ដើម្បី​ជ្រើស​រើស​យក​អាហារ​ដែល​ផ្ដល់​សុខភាព​ល្អ” ។

លោក Mendoza ជា​អ្នកស្រាវជ្រាវ​ម្នាក់​ក្នុង​ចំណោម​បួន​នាក់​ដែល​បាន​រួម​គ្នា​ពិនិត្យ​ពិច័យ​ពី​គុណភាព​អាហារូបត្ថម្ភ​នៃ​អាហារ​រហ័ស​របស់​កុមារ ។ លោក​បម្រើ​ការ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អហារូបត្ថម្ភ​កុមារ​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Baylor ក្រុង Houston រដ្ឋ Texas ។ សេវាកម្ម​ស្រាវជ្រាវ​កសិកម្ម (ARS) ផ្ដល់​ថវិកា​ដល់​មជ្ឈមណ្ឌល​នេះ​​នៅ​ក្នុង​កិច្ច​សហការ​ជាមួយ​ជា​សាកលវិទ្យាល័យ និង​មន្ទីរពេទ្យ​កុមារ Texas ។

កុមារ អាហារ​រហ័ស និង​ភាពធាត់សម្រាប់​ការ​សិក្សា​ជំហាន​ដំបូង​នេះ ក្រុម​អ្នកស្រាវជ្រាវ​ផ្ដោត​ទៅ​លើ​អាហារ​របស់​កុមារ​ដែល​ដាក់​លក់​នៅ​តាម​សង្វាក់​ភោជនីដ្ឋាន​អាហារ​រហ័ស​ពេញ​និយម​ជាងគេ​ថ្នាក់​តំបន់ ឬ​ថ្នាក់​ជាតិ​ចំនួន​១០​ហាង​ក្នុង​ក្រុង Houston ។

ម្ហូបអាហារ​ភាគ​ច្រើន​ធ្លាក់​ចំណាត់​ថ្នាក់

កុមារ អាហារ​រហ័ស និង​ភាពធាត់លោក Mendoza និង​សហការី​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា អាហារ​កុមារ​តែ​៣%​ប៉ុណ្ណោះ​ដែល​ចែកចាយ​នៅ​អាហារដ្ឋាន​ទាំង​នោះ​ជាប់​ស្ដង់ដារ​គន្លឹះ​​ចំនួន​៧​ កំណត់​ដោយ​កម្មវិធី​ជាតិ​អាហារ​ពេលថ្ងៃ​នៅ​តាម​សាលារៀន​សម្រាប់​អាហារ​ដែល​នឹង​ផ្ដល់​ឲ្យ​កុមារ​នៅ​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់​ទី​៣ ។​ អាហារ​ជា​ជម្រើស​ដ៏​ល្អ​ទាំងនេះ​ជា​អាហារ​រៀបចំ​ឡើង​ក្នុង​រូបភាព​ជា​ស៊ាំងវិច Delistyle (សាច់​មាន់​បារាំង សាច់ជ្រូក សាច់គោ​អាំង ឬ​សាច់​ត្រី​ធូណា) រួមផ្សំ​ជាមួយ​ផ្លែឈើ ដូចជា ចំណិត​ប៉ោម ឬ​ទំពាំងបាយជូរ​ក្រៀម ឬ​បន្លែ​ស្រស់ និង​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​តិច​ជា​ភេសជ្ជៈ ។

ជាប់​ចំណាត់​ថ្នាក់​ផងដែរ អាហារ​ក្នុង​រូបភាព​ជា​ហែមប៊ឺហ្គឺ​សាមញ្ញ (Plain hamburger) ផ្លែឈើ និង​ទឹកដោះ​គោ​មាន​ជាតិ​ខ្លាញ់​តិច ។

លោក Mendoza មាន​ប្រសាសន៍​ថា អាហារ​ទាំងនេះ​ត្រឹមត្រូវ ឬ​លើស​កម្រិត​អប្បបរមា​នៃ​ប្រូតេអ៊ីន វីតាមីន A និង​វិតាមីន C សារធាតុ​ដែក និង​កាល់ស្យូម មាន​ក្នុង​អាហារ​ពេលថ្ងៃ​របស់​សាលា និង​មិន​លើស​កម្រិត​អតិបរមា​អនុញ្ញាត​សម្រាប់​សារធាតុ​ខ្លាញ់ ។

កុមារ អាហារ​រហ័ស និង​ភាពធាត់ប៉ុន្តែ​ពុំ​មែន​អាហារ​ស៊ាំងវិច Delistyle ទាំងអស់​សុទ្ធ​តែ​ជាប់​ចំណាត់​ថ្នាក់​នោះ​ទេ ។ ជា​ឧទាហរណ៍ អាហារ​រួមផ្សំ​ស៊ាំងវិច Delistyle ដែល​មិន​ជាប់​ចំណាត់​ថ្នាក់​មាន​រួម​បញ្ចូល​ទឹកផ្សំ​អាហារ Mayonnaise ប្រេងខ្លាញ់​លាប​លើ​ស៊ាំងវិច​សម្រាប់​បន្ថែម​រស​ជាតិ បូក​រួម​នឹង​ផ្នែក​មិនមែន​ផ្លែឈើ​ដូចជា​ដំឡូង​ចៀន និង​ទឹក​ផ្លែឈើ ទឹកតែ ឬ​ភេសជ្ជៈ​ផ្អែម ដូចជា សូដា ។

តើ​សមាសភាព​ណា​ដែល​ធ្វើ​ឲ្យ​អាហារ​មាន​បញ្ហា ?

កុមារ អាហារ​រហ័ស និង​ភាពធាត់ក្នុង​ចំណោម​សារធាតុ​មិន​ជាប់​ចំណាត់​ថ្នាក់​ផ្សេងទៀត ទឹក​សម្រាប់​ផ្សំ​អាហារ Mayonnaise និង​ប្រេងខ្លាញ់​ធ្វើ​ឲ្យ​អាហារ​មាន​ជាតិ​ធ្វើ​ឲ្យ​ធាត់​ខ្ពស់​ខ្លាំង​ពេក និង​ការ​ខ្វះ​ជាតិ​ទឹកដោះគោ​ធ្វើ​ឲ្យ​អាហារ​មាន​ជាតិ​កាល់ស្យូម​ទាប​ពេក ។

ក្នុង​ចំណោម​អាហារ​ដែល​ធ្លាក់​ចំណាត់​ថ្នាក់​នៃ​គោលការណ៍​ណែនាំ​អាហារ​ពេលថ្ងៃ​របស់​សាលា អាហារ​ច្រើន​ជាង​៦៥%​មាន​ជាតិ​ធ្វើ​ឲ្យ​ធាត់​ច្រើន​ពេក ៧៥%​មាន​ជាតិ​កាល់ស្យូម​តិច​ពេក ៨២%​មាន​ជាតិ​ដែក​តិច​ពេក និង​៨៥%​មាន​វីតាមីន A តិច​ពេក ។

កុមារ អាហារ​រហ័ស និង​ភាពធាត់មាន​វិធី​មួយ​ទៀត​ដើម្បី​ពិនិត្យ​មើល​របាយការណ៍​អាហារ​រួមផ្សំ​គឺ​ ដង់ស៊ីតេ​ថាមពល (Energy density) ។ និយាយ​សាមញ្ញ «ដង់ស៊ីតេ​ថាមពល» ​គឺ​ជា​បរិមាណ​កាឡូរី​ក្នុង​មួយ​ក្រាម​អាហារ​ដែល​បាន​បរិភោគ ។

លោក Mendoza មាន​ប្រសាសន៍​ថា ពាក្យ​ «ដង់ស៊ីតេ​ថាមពល» នេះ មិន​ទាន់​បាន​យល់​ជ្រួតជ្រាប​គ្រប់​គ្នា​នៅ​ឡើយ​ទេ ។ ប៉ុន្តែ​គាត់​បាន​លើក​ឡើង​ថា ស្ថាប័ន​ឈាន​មុខ​ជាច្រើន ដូចជា អង្គការ​សុខភាព​ពិភពលោក និង​គណៈកម្មាធិការ​ជំនាញ​ឯកទេស​ ដែល​រៀបចំ​ផ្ដួចផ្ដើម​កោះ​ប្រជុំ​ដោយ​សមាគម​វេជ្ជសាស្ត្រ​អាមេរិចកាំង បាន​ផ្ដល់​អនុសាសន៍​ឲ្យ​ចាត់​បញ្ចូល​ការ​កំណត់​​បរិមាណ​ថាមពល​ក្នុង​អាហារ​របស់​កុមារ​ជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការ​ទប់ស្កាត់ និង​ព្យាបាល​ភាព​ធាត់ ។

ដង់ស៊ីតេ​ថាមពល​មធ្យម​នៃ​អាហារ​រហ័ស​ដែល​មិន​ត្រូវ​តាម​ស្ដង់ដារ​អាហារ​ពេលថ្ងៃ​របស់​សាលា​គឺ ២,៣ កាឡូរី/ក្រាម ធៀប​នឹង​តែ ១,៥ កាឡូរី/ក្រាម នៃ​អាហារ​ដែល​ត្រឹមត្រូវ​តាម​ស្ដង់ដារ ។

កុមារ អាហារ​រហ័ស និង​ភាពធាត់លោក Mendoza មាន​ប្រសាសន៍​ថា លទ្ធផល​នៃ​ការ​សិក្សា​គឺ​មាន​ភាព​ពាក់ព័ន្ធ​ជាទូទៅ​នៅ​ទូទាំង​ប្រទេស មិន​ត្រឹម​តែ​ក្នុង​ទំហំ​ទីក្រុង Houston ដែល​ជា​ទីក្រុង​ធំ​បំផុត​ទី​៤​របស់​សហរដ្ឋ​អាមេរិច ប៉ុណ្ណោះ​ទេ ពីព្រោះ​​ភោជនីដ្ឋាន​ទាំង​១០​នោះ​ស្ថិត​ក្នុង​ចំណោម​​សង្វាក់​ភោជនីដ្ឋាន​អាហារ​រហ័ស​ទាំង​១៣​នៅ​ថ្នាក់​តំបន់ និង​ថ្នាក់​ជាតិ (ទូទាំង​ប្រទេស) ​ដែល​លក់​អាហារ​កុមារ ។

នៅ​ក្នុង​ការ​ស្រាវជ្រាវ​នេះ លោក Mendoza បាន​ចង​ក្រុម​ជាមួយ​លោក Sharon L. Hoerr ជា​សាស្ត្រាចារ្យ​ផ្នែក​អាហារូបត្ថម្ភ​នៅ​សាកលវិទ្យាល័យ​រដ្ឋ Michigan State University-East Lansing និង​អ្នក​ស្រាវជ្រាវ​២​នាក់​ទៀត​ដែល​ធ្លាប់​បម្រើការ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាហារូបត្ថម្ភ​កុមារ លោក Eugenia T. Goh បច្ចុប្បន្ន​បម្រើការ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​កុមារ Dallas និង​ប្រធាន​ក្រុម​ស្រាវជ្រាវ និង​ជា​សេដ្ឋកិច្ច​វិទូ លោក Sharon I. O’ Donnell បច្ចុប្បន្ន​បម្រើការ​នៅ​ការិយាល័យ​ជំរឿន​សហរដ្ឋ​អាមេរិច ។

និន្នាការ​ជាតិ​ទាមទារ​ឲ្យ​មាន​ការ​សិក្សា

កុមារ អាហារ​រហ័ស និង​ភាពធាត់ចំណាប់​អារម្មណ៍​របស់​អ្នក​ស្រាវជ្រាវ​នៅ​ក្នុង​ការ​វាយតម្លៃ​ផ្នែក​វិទ្យាសាស្ត្រ​ត្រូវ​បាន​លើក​ទឹកចិត្ត​ដោយ​និន្នាការ​ចំនួន​២​គឺ ៖ ការ​កើន​ឡើង​នូវ​ភាព​ធាត់​របស់​កុមារ និង​ការ​កើន​ឡើង​នូវ​ចំនួន​ម្ហូប​អាហារ​បរិភោគ​ក្រៅ​ផ្ទះ ។ កុមារ និង​យុវជន​នៅ​សហរដ្ឋ​អាមេរិច ច្រើន​ជាង​១៦% ធាត់​លើស​ទម្ងន់ ។ គោលការណ៍​ណែនាំ​ពី​របប​អាហារ​សម្រាប់​ជនជាតិ​អាមេរិចកាំង​ឆ្នាំ​២០០៥​ពិពណ៌នា​អំពី​ការ​ធាត់​ហួស​ទម្ងន់​នេះ​ថា​ បាន​កើន​ឡើង​២​ដង​ក្នុង​ចំណោម​កុមារ និង​៣​ដង​ក្នុង​ចំណោម​យុវជន​ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុង​ក្រោម ។

កុមារ អាហារ​រហ័ស និង​ភាពធាត់វេជ្ជបណ្ឌិត​ផ្នែក​កុមារ និង​អ្នក​វិជ្ជាជីវៈ​ផ្នែក​ថែរក្សា​សុខភាព​រក​ឃើញ​ថា​ និន្នាការ​ភាព​ធាត់​របស់​កុមារ​មាន​ភ័យ​អាសន្ន​ដោយសារ​វា​មាន​សក្តានុពល​នៃ​ផលប៉ះពាល់​បន្ត​បន្ទាប់​នៅ​ក្នុង​ជីវិត ។ ឧទាហរណ៍ ការ​លើស​ទម្ងន់ និង​ការ​ធាត់​អាច​នាំ​ទៅ​ដល់​ហានិយភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ ជម្ងឺ​កក​ស្ទះ​សរសៃ​ឈាម និង​ជម្ងឺ​មហារីក​ប្រភេទ​មួយ​ចំនួន និង​អាច​ឈាន​ទៅ​ដល់​ស្លាប់​មុន​អាយុ ។

កុមារ អាហារ​រហ័ស និង​ភាពធាត់ជាទូទៅ ខណៈ​ដែល​អត្រា​ភាព​ធាត់​បន្ត​កើន​ឡើង ម្ហូប​អាហារ​បរិភោគ​នៅ​ក្រៅ​ផ្ទះ​ក៏​កើន​ឡើង​ពី​២០% នៅ​ចុង​ទសវត្សរ៍​១៩៧០ ទៅ​ជាង​៣០%​នៅ​ពេល​បច្ចុប្បន្ន នេះ​បើ​យោង​តាម​ការ​អង្កេត​លើ​ម្ហូប​អាហារ​របស់​ក្រសួង​កសិកម្ម​អាមេរិច ។ ដោយ​ឡែក នៅ​ថ្ងៃ​ធម្មតា មាន​កុមារ​អាមេរិចកាំង​អាយុ​ពី​៤ ទៅ ៨​ឆ្នាំ ២៥% ទទួល​ទាន​អាហារ​រហ័ស ។ ការ​សិក្សា​ពី​អាហារ​រហ័ស​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​នៅ​ឆ្នាំ​២០០៨​ក្នុង​ទស្សនាវដ្ដី American Journal of Clinical Nutrition ។ អត្ថបទ​ដោយ Marcia Wood

បកប្រែ​ និង​ផ្សព្វផ្សាយ​ដោយ​មាន​ការ​អនុញ្ញាត​ពី USDA (Agricultural Research/October 2009)

 

February 3, 2010

រមណីយដ្ឋាន​ភ្នំក្រោម

រមណីយដ្ឋាន​ភ្នំក្រោម

ប្រាសាទ​ភ្នំក្រោម​ជា​រមណីយដ្ឋាន​វប្បធម៌​ប្រវត្ដិសាស្ដ្រ​មាន​ទីតាំង​ស្ថិត​នៅ​លើ​កំពូលភ្នំ​មាន​រយៈកម្ពស់​១៤០​ម៉ែត្រ​ ​នៅ​ទិសនិរតី​មាន​ចម្ងាយ​១២​គីឡូម៉ែត្រ​ពី​ទីក្រុង​សៀមរាប​ ​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ស្រប​នឹង​ដងស្ទឹង​សៀមរាប​ពី​ជើង​ទៅ​ត្បូង​ ​ហើយ​ស្ថិត​នៅ​ខាងជើង​បឹង​ទន្លេសាប ។

បើ​តាម​ឯកសារ​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​របស់​អាជ្ញាធរ​អប្សរា​ ប្រាសាទ​ភ្នំក្រោម​ត្រូវ​បាន​កសាង​ឡើង​បែរ​មុខ​ទៅ​ទិស​ខាងកើត នា​ចុង​សតវត្ស​ទី​៩​ ​និង​ដើម​សតវត្ស​ទី​១០​ ​រចនាបថ​បាខែង​ក្នុង​រាជ្យ​ព្រះបាទ​យសោវរ្ម័ន​ទី​១​ ​(ឆ្នាំ​៨៨៩​-៩១០) ដើម្បី​ឧទ្ទិស​ដល់​ព្រះព្រហ្ម​ ​ព្រះ​នរាយណ៍​ និង​ព្រះ​ឥសូរ ។ ប្រាសាទ​ភ្នំក្រោម​ស្ថិត​នៅ​ក្នុង​កំពែង​រាង​បួន​ជ្រុង​ស្មើ​ មួយ​ជ្រុង​ប្រវែង​៥០​ម៉ែត្រ​ ​និង​មាន​តួ​ប៉ម​បី​​ជា​ជួរ​ចំ​អ័ក្ស​ខាងជើង​ និង​ខាងត្បូង​នៅ​លើ​ខឿន​ដែល​មាន​កម្ពស់​១​ម៉ែត្រ​២​តឹក និង​មាន​ប្រាសាទ​ចំនួន​៤​ទៀត​នៅ​ខាង​កើត ហើយ​បែរ​មុខ​ទៅ​រក​ប្រាសាទ​ចម្បង​ទាំង​បី ។

បច្ចុប្បន្ន​បើ​ពិនិត្យ​សង្កេត​ទៅ​លើ​ស្ថានភាព​ជាក់ស្ដែង​ ប្រាសាទ​ភ្នំក្រោម​នេះ​មាន​សភាព​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង ។ បើ​ពិនិត្យ​ទៅ​លើ​គុណភាព​ថ្មភក់​​មាន​សភាព​ពុក​ផុយ​ដែល​ជា​កត្ដា​នាំ​ឱ្យ​តួ​ប្រាសាទ​ទាំងមូល​ប្រេះស្រាំ​ស្ទើរតែ​នៅ​គ្រប់​ផ្ទាំង​ស្រទាប់​ថ្ម​ដែល​ជា​ហេតុ​នាំ​ឱ្យ​រលេះ​បាក់​នូវ​ក្បាច់​រចនា​របស់​ប្រាសាទ ។ ទន្ទឹម​នឹង​នោះ​ដែរ​ក៏​មាន​សំណង់​សម័យ​ថ្មី​ជា​ច្រើន​នៅ​ជុំវិញ​ប្រាសាទ​ផ្នែក​ខាងកើត ។ សំណង់​ទាំងនេះ​មាន​កុដិ​ព្រះសង្ឃ​ ខ្ទម​សំណាក់​ធម៌​របស់​យាយជី​ ​តាជី​ ​សាលាឆាន់​ ព្រះ​វិហារ​ ​និង​ស្លាកស្នាម​សំណង់​បាក់បែក​មួយ​ចំនួន​ទៀត​អំពី​ស៊ីម៉ង់ត៍​ប្រហែលជា​សាងសង់​តាំងពី​សម័យ​បារាំង ។

ការ​ខូចខាត​របស់​ប្រាសាទ​ភ្នំក្រោម​អាច​បណ្ដាល​មក​ពី​កត្ដា​ជា​ច្រើន​ដូច​ជា ៖​

  1. ប្រាសាទ​ភ្នំក្រោម​កសាង​នៅ​ជាប់​នឹង​ទន្លេសាប​បណ្ដាល​ឱ្យ​ប្រាសាទ​នេះ​មាន​សំណើម​ច្រើន​គ្រប់​ពេល​វេលា ។ សំណើម​នេះ​បាន​បក់​មក​ពី​បឹង​ទន្លេសាប​ ជា​ពិសេស​ដោយ​អាកាសធាតុ​របស់​ប្រទេស​កម្ពុជា​ក្ដៅ​ហើយ​សើម​ទៀត​ធ្វើ​ឱ្យ​ថ្ម​មាន​សភាព​សើម​ស្ងួត​រីក​រួមៗ​ជា​កត្ដា​នាំ​ឱ្យ​ថ្មភក់​ពុក​ផុយ
  2. ទឹក​ភ្លៀង​ (ទឹក​ភ្លៀង​មាន​ជាតិ​អាស៊ីត) ហូរ​ចូល​ទៅ​ផ្នែក​ខាងក្រោម​នៃ​គ្រឹះ​ប្រាសាទ​ច្រោះ​ដី​ និង​ថ្មបាយក្រៀម​ធ្វើ​ឱ្យ​ពុក​ផុយ​លែង​រឹង​មាំ​ដែល​ជា​ហេតុ​បណ្ដាល​ឱ្យ​គ្រឹះ​ប្រាសាទ​ត្រូវ​បាក់​ស្រុត​តួ​ប្រាសាទ​ត្រូវ​ហែក​បាក់​ធ្លាក់​ជា​អន្លើៗ
  3. រុក្ខជាតិ​ជា​មូលហេតុ​សំខាន់​មួយ​ដែរ​ដែល​ធ្វើ​ឱ្យ​ប្រាសាទ​ហែក​បាក់​ធ្លាក់​ដោយ​ឫស​វា​បាន​ចាក់​ចូល​ទៅ​ក្នុង​មុខតំណ​ថ្ម ។ ពេល​ណា​ឫស​ធំ​ឡើង​វា​ធ្វើ​ឱ្យ​ហើប​ប៉ើង​ថ្ម​បាក់​ធ្លាក់
  4. សត្វ​ក៏​ជា​មូលហេតុ​ដែរ ។ ប្រចៀវ​ដែល​ចូល​ទៅ​រស់នៅ​ក្នុង​ប្រាសាទ​ហើយ​ជុះនោម​ ​អាចម៍​ ​ដែល​មាន​ជាតិ​ប្រៃ​ហូរ​ធ្លាក់​តាម​ជញ្ជាំង​ប្រាសាទ​ក៏​ធ្វើ​ឱ្យ​ថ្ម​ពុក​ផុយ​ដែរ
  5. ក្រៅពី​ការ​បំផ្លាញ​ដោយ​ធម្មជាតិ​ សត្វ​ ក៏​នៅ​មាន​មនុស្ស​ដែល​ជា​ហេតុ​នាំ​ឱ្យ​ប្រាសាទ​ត្រូវ​ខូចខាត​ដែរ​ដូច​ជា​ការ​គាស់​កកាយ​ដាប់​យក​រូបចម្លាក់​ទៅ​លក់​ ​ឬ​ក៏​យក​ទីតាំង​សម្រាប់​ធ្វើសឹក​សង្គ្រាម ។

ទិដ្ឋភាព​ភ្នំក្រោម​មើល​ពី​លើ​អាកាស ។ រង្វង់​មូល​ជា​ទីតាំង​វត្ត និង​ប្រាសាទ

ទិដ្ឋភាព​ភ្នំក្រោម​មើល​ពី​លើ​អាកាស ។ រង្វង់​មូល​ជា​ទីតាំង​វត្ត និង​ប្រាសាទ

 ប្លង់​ប្រាសាទ​ភ្នំក្រោម
ប្លង់​ប្រាសាទ​ភ្នំក្រោម

ផ្លូវ​ថ្មើរជើង​ឡើង​ភ្នំក្រោម (មើល​ពី​លើ​ចុះ​ក្រោម)

ផ្លូវ​ថ្មើរជើង​ឡើង​ភ្នំក្រោម (មើល​ពី​លើ​ចុះ​ក្រោម)

ទិសដៅ​បង្ហាញ​ផ្លូវ​រថយន្ត​ឡើង​ភ្នំក្រោម ។ ឆ្លង​ផុត​ពី​ដំណាក់​នេះ​ទៅ​នឹង​ដល់​ព្រះវិហារ​វត្ត​ភ្នំក្រោម

ទិសដៅ​បង្ហាញ​ផ្លូវ​រថយន្ត​ឡើង​ភ្នំក្រោម ។ ឆ្លង​ផុត​ពី​ដំណាក់​នេះ​ទៅ​នឹង​ដល់​ព្រះវិហារ​វត្ត​ភ្នំក្រោម

ព្រះវិហារ​វត្ត​ភ្នំក្រោម មើល​ពី​ខាងកើត

ព្រះវិហារ​វត្ត​ភ្នំក្រោម មើល​ពី​ខាងកើត

ព្រះវិហារ​វត្ត​ភ្នំក្រោម មើល​ពី​ខាងលិច

ព្រះវិហារ​វត្ត​ភ្នំក្រោម មើល​ពី​ខាងលិច

ផ្លូវ​បេតុង និង​កៅអី​សម្រាប់​អង្គុយ​កំសាន្ត​នៅ​ទិស​ឦសាន​​ព្រះវិហារ​វត្ត​ភ្នំក្រោម

ផ្លូវ​បេតុង និង​កៅអី​សម្រាប់​អង្គុយ​កំសាន្ត​នៅ​ទិស​ឦសាន​​ព្រះវិហារ​វត្ត​ភ្នំក្រោម

សំណង់​ខ្ទម​អ្នកតា​នៅ​ទិស​អាគ្នេយ៍​ព្រះវិហារ​វត្ត​ភ្នំក្រោម

សំណង់​ខ្ទម​អ្នកតា​នៅ​ទិស​អាគ្នេយ៍​ព្រះវិហារ​វត្ត​ភ្នំក្រោម

ទិដ្ឋភាព​ខាងកើត​នៃ​ភ្នំក្រោម មើល​ពី​មុខ​ព្រះវិហារ

ទិដ្ឋភាព​ខាងកើត​នៃ​ភ្នំក្រោម មើល​ពី​មុខ​ព្រះវិហារ

ទិដ្ឋភាព​បឹងទន្លេសាប មើល​ពី​លើ​ភ្នំក្រោម (ភាគ​អាគ្នេយ៍)

ទិដ្ឋភាព​បឹងទន្លេសាប មើល​ពី​លើ​ភ្នំក្រោម (ភាគ​អាគ្នេយ៍)

ទិដ្ឋភាព​តំបន់​ចុងខ្នៀស មើល​ពី​លើ​ភ្នំក្រោម

ទិដ្ឋភាព​តំបន់​ចុងខ្នៀស មើល​ពី​លើ​ភ្នំក្រោម

ទិដ្ឋភាព​បឹងទន្លេសាប មើល​ពី​លើ​ភ្នំក្រោម (ទិស​ខាងលិច)

ទិដ្ឋភាព​បឹងទន្លេសាប មើល​ពី​លើ​ភ្នំក្រោម (ទិស​ខាងលិច)

ទិដ្ឋភាព​វាលស្រែ និង​ក្រុង​សៀមរាប មើល​ពី​លើ​ភ្នំក្រោម (ទិស​ខាងជើង)

ទិដ្ឋភាព​វាលស្រែ និង​ក្រុង​សៀមរាប មើល​ពី​លើ​ភ្នំក្រោម (ទិស​ខាងជើង)

រូបសំណាក​លោក​យាយ....(មិន​ចាំ​ឈ្មោះ) នៅ​ក្រោយ​ព្រះវិហារ និង​មុខ​ផ្លូវ​ចូល​ទៅ​កាន់​ប្រាសាទ

រូបសំណាក​លោក​យាយ….(មិន​ចាំ​ឈ្មោះ) នៅ​ក្រោយ​ព្រះវិហារ និង​មុខ​ផ្លូវ​ចូល​ទៅ​កាន់​ប្រាសាទ

ឆ្មាំ​របស់​លោក​យាយ.... (មិន​ចាំ​ឈ្មោះ)

ឆ្មាំ​របស់​លោក​យាយ…. (មិន​ចាំ​ឈ្មោះ)

ឆ្មាំ​របស់​លោក​យាយ.... (មិន​ចាំ​ឈ្មោះ)

ឆ្មាំ​របស់​លោក​យាយ…. (មិន​ចាំ​ឈ្មោះ)

ប្រាសាទ​ភ្នំក្រោម មើល​ពី​មុខ​ជណ្ដើរ​ខាងកើត

ប្រាសាទ​ភ្នំក្រោម មើល​ពី​មុខ​ជណ្ដើរ​ខាងកើត

ប្រាសាទ​ភ្នំក្រោម មើល​ពី​ទីជម្រាល​ខាងលិច

ប្រាសាទ​ភ្នំក្រោម មើល​ពី​ទីជម្រាល​ខាងលិច

តួប្រាសាទ​ចម្បង​ទាំង​បី​នៃ​ប្រាសាទ​ភ្នំក្រោម មើល​ពី​ខាងលិច

តួប្រាសាទ​ចម្បង​ទាំង​បី​នៃ​ប្រាសាទ​ភ្នំក្រោម មើល​ពី​ខាងលិច

តួប្រាសាទ​ចម្បង​កណ្ដាល និង​ប្រាសាទ​ខាងជើង ។ ថ្ម​ពុក របេះ​របក​ក្បាច់​រចនា​ស្ទើរ​តែ​អស់

តួប្រាសាទ​ចម្បង​កណ្ដាល និង​ប្រាសាទ​ខាងជើង ។ ថ្ម​ពុក របេះ​របក​ក្បាច់​រចនា​ស្ទើរ​តែ​អស់

តួប្រាសាទ​ជួរ​មុខ​ប៉ែក​ខាងជើង​សាង​ពី​ថ្មភក់ និង​ឥដ្ឋ​ និង​តួប្រាសាទ​ចម្បង​ខាងជើង មើល​ពី​ទិស​អាគ្នេយ៍

តួប្រាសាទ​ជួរ​មុខ​ប៉ែក​ខាងជើង​សាង​ពី​ថ្មភក់ និង​ឥដ្ឋ​ និង​តួប្រាសាទ​ចម្បង​ខាងជើង មើល​ពី​ទិស​អាគ្នេយ៍

តួប្រាសាទ​ជួរ​មុខ​សាង​ពី​ថ្មភក់ និង​ឥដ្ឋ មើល​ពី​ទិស​និរតី

តួប្រាសាទ​ជួរ​មុខ​សាង​ពី​ថ្មភក់ និង​ឥដ្ឋ មើល​ពី​ទិស​និរតី

តួប្រាសាទ​ជួរ​មុខ​ប៉ែក​ខាងត្បូង​សាង​ពី​ថ្មភក់ និង​ឥដ្ឋ មើល​ពី​ទិស​ខាងលិច

តួប្រាសាទ​ជួរ​មុខ​ប៉ែក​ខាងត្បូង​សាង​ពី​ថ្មភក់ និង​ឥដ្ឋ មើល​ពី​ទិស​ខាងលិច

ស្ដូប​សាងសង់​ពី​បេតុង​នៅ​ទិស​អាគ្នេយ៍ ​ក្រៅ​កំពែង​ប្រាសាទ​ភ្នំក្រោម

ស្ដូប​សាងសង់​ពី​បេតុង​នៅ​ទិស​អាគ្នេយ៍ ​ក្រៅ​កំពែង​ប្រាសាទ​ភ្នំក្រោម

តួប្រាសាទ​ជួរ​មុខ​ទាំង​បួន មើល​ពី​ខាងក្រៅ​កំពែង​ប្រាសាទ​ទិស​អាគ្នេយ៍

តួប្រាសាទ​ជួរ​មុខ​ទាំង​បួន មើល​ពី​ខាងក្រៅ​កំពែង​ប្រាសាទ​ទិស​អាគ្នេយ៍

ចម្លាក់​អប្សរា​នៅ​ប្រាសាទ​ភ្នំក្រោម

ចម្លាក់​អប្សរា​នៅ​ប្រាសាទ​ភ្នំក្រោម

ជើង​ទម្រ​បដិមា​នៅ​ប្រាសាទ​ភ្នំក្រោម

ជើង​ទម្រ​បដិមា​នៅ​ប្រាសាទ​ភ្នំក្រោម

បំណែក​ចម្លាក់​ពី​ថ្មភក់​ត្រូវ​បាន​គេ​ត​ដោយ​ក្បាល​ស៊ីម៉ង់ត៍

បំណែក​ចម្លាក់​ពី​ថ្មភក់​ត្រូវ​បាន​គេ​ត​ដោយ​ក្បាល​ស៊ីម៉ង់ត៍

 

កំណត់ៈ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០០៧​ ខ្ញុំ​បាន​ទៅ​កំសាន្ត​នៅ​រមណីដ្ឋាន​ភ្នំក្រោម​នៅ​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃ​ត្រង់​ ដោយ​ថ្មើរ​ជើង​ទៅ​លើ​ភ្នំ ។ ថ្ងៃ​នោះ​ពិត​ជា​ក្ដៅ​អស្ចារ្យ​ណាស់ ទម្រាំ​តែ​ឡើង​ដល់​ព្រះវិហារ​វត្ត​ឈប់​សម្រាក់​ប្រមាណ​បី​បួន​ដង ។ កាលនោះ នៅ​តូប​ខាងត្បូង​ព្រះវិហារ​មាន​អង្រឹង​ក្រចៅ​មួយ​រហែក​ដាច់ដោច​ដោយ​កន្លែង ។ ក្រោម​អំណាច​ខ្យល់​បក់​រហើយៗ​ពី​បឹងទន្លេសាប ខ្ញុំ​សម្រាក​លង់លក់​អស់​ប្រមាណ​មួយ​ម៉ោង​ជាង ។ ភ្ញាក់​ឡើង​ស្រឡះស្រឡំ ទើប​ដើរ​មើល​បរិវេណ​ជុំ​វិញ​ព្រះវិហារ ប្រាសាទ ទិដ្ឋភាព​បឹងទន្លេសាប​ឆ្ងាយ​សន្លឹម​ដាច់​កន្ទុយ​ភ្នែក និង​វាលស្រែ​វាលស្រូវ​នៅ​គ្រប់​ទិស​ទាំង​បួន ដែល​ទិដ្ឋភាព​នៅ​ពេល​នោះ​ពេចពិល​រមិល​មើល​ពេកក្រៃ ។ ប្រសិនបើ​បងប្អូន​ចង់​ធ្វើ​ដូច​ខ្ញុំ​ សូម​ប្រយ័ត្ន​ប្រយែង​កាបូប​លុយ ម៉ាស៊ីន​ថត និង​ទូរស័ព្ទដៃ​ផង ព្រោះ​ថា​ក្នុង​អំឡុង​ពេល​លង់លក់​តែ​មួយ​ភ្លេត របស់របរ​ទាំងអស់​នេះ​អាច​នឹង​បែក​ចិត្ត​ចុះ​ចោល​យើង​ទៅ​នៅ​ជាមួយ​ម្ចាស់​ថ្មី​បាន ៕

 

January 16, 2010

កុំ​ទុក​ចិត្ត​មេឃ កុំ​ទុក​ចិត្ត​ផ្កាយ កុំ​ទុក​ចិត្ត​ប្រពន្ធ​ថា​គ្មាន​សហាយ កុំ​ទុក​ចិត្ត​ម្ដាយ​ថា​គ្មាន​បំណុល

និយមន័យៈ ក្នុង​លោក​នេះ​គ្មាន​អ្វី​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ទេ ។

អត្ថាធិប្បាយ

កុំ​ទុក​ចិត្ត​មេឃ

មេឃ​ជា​របស់​ធម្មជាតិ គេ​មិន​អាច​កំណត់ ឬ​បង្គាប់​បញ្ជា​បាន​ទេ ដូចជា ពេល​ខ្លះ​មេឃ​រក​កល​ចង់​ភ្លៀង ស្រាប់​តែ​មិន​ភ្លៀង​ទៅ​វិញ ។ ជួន​គេ​ឃើញ​មេឃ​ស្រឡះ​សោះ​ស្រាប់​តែ​ភ្លៀង​ភ្លាម ។ ជួនកាល​ទៀត គេ​ឃើញ​មេឃ​បើក​ថ្ងៃ​ធម្មតា​ទេ ស្រាប់​តែ​មាន​ភ្លៀង​រ៉ុយៗ​ចុះ​មក​ដែល​គេ​ហៅ​ថា មេឃ​ភ្លៀង​បើក​ថ្ងៃ ។ ដូច្នេះ ឃើញ​ថា​គ្មាន​អ្វី​គួរ​ឲ្យ​គេ​ទុក​ចិត្ត​បាន​ឡើយ ។

កុំ​ទុក​ចិត្ត​ផ្កាយ

ផ្កាយ​ក៏​ជា​របស់​ធម្មជាតិ​ដូច​មេឃ​ដែរ ដូច្នេះ​ក៏​មិន​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ឡើយ ។ ដូចជា​កណ្ដាល​អាធ្រាត្រ​ផ្កាយ​នេះ​ឃើញ​នៅ​ចំ​ពី​លើ​ក្បាល បន្ទាប់​មក​ឃើញ​នៅ​ទិស​ខាងលិច​វិញ ។ ដូច្នេះ ឃើញ​ថា គេ​មិន​អាច​កំណត់ ឬ​ទុក​ចិត្ត​ថា វា​នៅ​នឹង​ន​មួយ​កន្លែង​បាន​ឡើយ ។

កុំ​ទុក​ចិត្ត​ប្រពន្ធ​ថា​គ្មាន​សហាយ

នៅ​ក្នុង​សង្គម​ខ្មែរ ភរិយា​ជា​ចំនួន​ច្រើន​ណាស់​ដែល​ប្រកាន់​ខ្ជាប់​នូវ​ប្រពៃណី​ជាតិ និង​មួយ​ចំនួន​ធំ​ទៀត​ជា​ឧត្ដម​ភរិយា ទោះ​បាន​រៀន​សូត្រ​ចេះ​តិច​ក្ដី ច្រើន​ក្ដី ។

ប៉ុន្តែ​ទោះ​បី​ភរិយា​នោះ​ស្ថិត​នៅ​ក្នុង​ករណី​ដូច​ម្ដេច​ក្ដី ក៏​គង់​នៅ​មាន​ភរិយា​មួយ​ចំនួន​តូច​ដែល​បណ្ដោយ​ខ្លួន​ឲ្យ​ដួល​ទៅ​តាម​ទំនើបនិយម សម្ភារៈ​និយម​អូស​ទាញ ។ ភរិយា​ខ្លះ​ទៀត​ចាក​ប្រពៃណី​ដោយសារ​ភាព​ក្រីក្រ​ ទីទ័ល​ពេក ។ ខ្លះ​ទៀត​ភ្លាត់​ខ្លួន​ដោយសារ​សម្រស់​គេ ។ ខ្លះ​ទៀត​លង់​ខ្លួន​តាម​ពាក្យ​លួងលោម ថ្នាក់​ថ្នម​របស់​គេ ។ ខ្លះ​ទៀត​ភ្លើតភ្លើន​ស្រើប​ស្រាល​តាម​កាម​តណ្ហា​អូស​ទាញ ។ ដោយសារ​មាន​ករណី​ជាច្រើន​ចាំ​អូស​ទាញ​បែប​នេះ​ហើយ ទើប​លោក​ប្រាប់​ថា កុំ​ទុក​ចិត្ត​ខ្លាំង​ពេក ។

កុំ​ទុក​ម្ដាយ​ថា​គ្មាន​បំណុល

អ្នក​ម្ដាយ​ជា​ទី​គោរព​គ្រប់​មជ្ឈដ្ឋាន ទោះ​ថ្នាក់​លើ មធ្យម និង​ក្រោម​ក្ដី គេ​កម្រ​ជួប​នូវ​អ្នកម្ដាយ​ដែល​មិន​ជំពាក់​បំណុល​គេ​សោះ​នោះ​ទេ ។ អ្នក​ម្ដាយ​ខ្លះ ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ឧត្ដម​មាន​លុយ ឡាន វីឡា មាន​គ្រឿង​ប្រើប្រាស់​សុទ្ធ​តែ​ទំនើប ពាក់​សុទ្ធ​តែ​ត្បូង​មាន​តម្លៃ មើល​ទៅ​មិន​គួរ​ឲ្យ​ជឿ​ថា គាត់​ខ្វះ​លុយ​ទេ ។ ប៉ុន្តែ​ថ្ងៃ​ណា​មួយ​អ្នក​ម្ដាយ​ចាញ់​ល្បែង ជំពាក់​គេ​ម្ដង​ម្កាល​ដែរ ។ អ្នក​ម្ដាយ​ខ្លះ​ទៀត មាន​មុខ​របរ​ពាណិជ្ជកម្ម​យ៉ាង​ធំ គឺ​ដល់​ខ្នាត​អន្តរជាតិ ។ ប៉ុន្តែ​គាត់​ក៏​ជំពាក់​គេ​ដល់​ខ្នាត​អន្តរជាតិ​ដែរ សម​ដូច​ពាក្យ​ចាស់​ថា «ទូក​ធំ​ក្ដោង​ធំ​មែន» ។ សរុប​មក អ្នក​ម្ដាយ​ភាគ​ច្រើន​ណាស់​ដែល​ជំពាក់​គេ​ទៅ​តាម​ឋានៈ​ខ្លួន ៕

 

សុភាសិត​ផ្សេងទៀត

 

ស្វែង​យល់​ពាក្យ «កៀន​កោះ»

«កៀន​កោះ» កៀន​កោះ គឺ​កៀន​កន្លៀត ចន្លោះ​តូច ។ បិរវាស័ព្ទ «កោះ» អាច​គន្លាស់​បាន​ជា​ពាក្យ «កោះ​ចន្លៀន» គឺ «កៀន​ចន្លោះ» ។ ពាក្យ​នេះ បើ​យើង​សរសេរ «កៀន​កោស» វិញ​ទើប​សមរម្យ​ជាង ។

 

បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

 

រឿងរ៉ាវ​ទាក់ទង​នឹង​​កុមារ

មូលហេតុ​កើត​ស្រែង​ទឹកដោះ​ចំពោះទារក​ទើប​ប្រសូត

មូលហេតុ​កើត​ស្រែង​ទឹកដោះ​ចំពោះទារក​ទើប​ប្រសូតអាការៈ​កើត​ស្រែង​ទឹកដោះ​គឺ​ជា​ដំណាក់​កាល​ដំបូង​នៃ​ករណី​កើត​ស្រែង​ដ៏​ពេញ​លក្ខណៈ​ ជំងឺ​ប្រភេទ​នេះ​កើត​មាន​ឡើង​ទៅ​តាម​ស្ថានភាព​របស់​គួ្រសារ​ដោយ​អាច​មក​ពីបុគ្គល​ណា​ម្នាក់​នៅ​ក្នុង​កុ្រម​គួ្រសារ​កើត​មាន​អាការៈនេះ​ឡើង​ ឬ​មក​ពី​ក្រុម​គ្រួសារ​ណានោះ​តែង​តែ​កើត​មាន​ប្រតិកម្ម​អាលែហ្ស៊ី​ ឬ​តែងតែ​កើត​មាន​ជំងឺ​ស្រែង​សួពូជ ។

ជំងឺ​បែប​នេះ​តែង​កើត​មាន​ចំពោះ​ទារក​ដែល​ទើប​តែ​ប្រសូត​រហូត​ដល់​មាន​អាយុ​៦​ខែ ហើយ​មាន​សុខភាព​បរិបូរណ៍​ទៀត​ផង ។​ ជំងឺ​សែ្រង​ទឹកដោះ​តែង​កើត​មាន​នៅ​លើ​មុខ​ នៅ​លើ​ថ្ពាល់​ទាំង​សងខាង​រហូត​ដល់​អាច​រាល​ដាល​លើ​រូបកាយ អាការៈកើតស្រែង​ទឹកដោះ​នេះ​មិន​មែន​កើត​មាន​តែ​តាម​សរីរាង្គ​ចាប់​តាំង​ពី​រង្វង់ភ្នែក​ ច្រមុះ​ មាត់​តែ​ប៉ុណ្ណោះ​ទេ ។

អាការៈ​នៃ​ជំងឺ​ជាដំបូង​ឡើយ​ គឺ​កើត​មាន​ដុំពក​តូចៗ​រួច​ហើយ​ក៏​បង្ក​ឲ្យ​ក្លាយ​ទៅ​ជា​ពងបែក​ពណ៌​ក្រហម​ រួច​ហើយ​បែក​ចេញ​ទឹក​ធ្វើ​ឲ្យ​រស្បែក​មាន​ស្នាម​របួស​ ជំងឺ​បែប​នេះ​តែង​ជាសះស្បើយ​ទៅ​វិញ​ពេល​ទារក​ចម្រើន​វ័យ​ចាប់​ពី​២-៤​ឆ្នាំ ។ ប៉ុន្តែ​ប្រសិនបើ​ឈាន​ចូល​ដល់​អាយុ​៤​ឆ្នាំ​ទៅ​ហើយ​នៅ​តែ​ពុំ​ជាសះស្បើយ​ ជំងឺ​ប្រាកដ​ជា​អូស​បន្លាយ​ជាប់​ជា​រហូត​ដោយ​ទៅ​ជា​ជំងឺ​ស្រែង​យ៉ាង​ពិតប្រាកដ​តែម្តង ។

ដូច្នេះ​គោលដៅ​នៃ​ការព្យាបាល​មាន​តែ​មាន​ការ​ធ្វើ​ឲ្យ​ស្បែក​វិល​មក​រក​ភាពប្រក្រតី​វិញ​តែ​ប៉ុណ្ណោះ​រួម​ជាមួយ​នឹង​ការ​ធ្វើ​យ៉ាងណា​ដើម្បី​កុំ​ឲ្យ​អាការៈ​នៃ​ជំងឺ​នេះ​រីករាល​ដាល​ថែមទៀត ។​ ដូច្នេះ​ពេល​ដែល​ទារក​ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាលដំបូង​ សូម​កុំ​យក​កូនតូច​របស់​លោកអ្នក​ចូល​មន្ទីរ​ពេទ្យ ។ នោះ​ក៏​ដោយសារ​តែ​បរិស្ថាន​នៅ​ក្នុង​មន្ទីរពេទ្យ​អាច​បណ្តាល​ឲ្យ​ទារក​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ​ទៀត​បាន​យ៉ាង​ងាយ ។

សំខាន់​ណាស់​ដែល​មិន​ត្រូវ​ឲ្យ​ទារក​ប៉ះ​ពាល់​ជាមួយ​អ្នក​កើត​ជំងឺ​កម​រមាស់​ ពិសេស​នៅ​ក្នុង​រដូវ​ភ្លៀង​ធ្លាក់​ដែល​អាច​បណ្តាល​ឲ្យ​ទារក​ ឬ​កូន​តូច​របស់​អ្នក​ងាយ​នឹង​កើត​អាការៈ​រោគ​ថ្មី​ផ្សេង​ទៀត​ដែល​កាន់​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​ខ្លាំង​លើស​ពីនេះ ។

វិធី​ជួយ​ក្មេង​ដែល​មិន​ចូល​ចិត្ត​ញ៉ាំ​បន្លែ

វិធី​ជួយ​ក្មេង​ដែល​មិន​ចូល​ចិត្ត​ញ៉ាំ​បន្លែក្មេងៗ​ដែល​មិន​ចូល​ចិត្ត​ទទួល​ទាន​បន្លែ​ចាត់​ទុក​ថា​ជា​បញ្ហា​ដ៏​ធំ​មួយ​សម្រាប់​ឪ​ពុក​ម្តាយ​ក្នុ​ង​យុគ​សម័យ​នេះ ព្រោះ​បង្ក​ជា​ទុក្ខ​កង្វល់​នៅ​ក្នុង​ចិត្ត​ដោយ​បារម្ភ​ថា កូន​របស់​ខ្លួន​មិន​​ទទួល​បាន​សារ​ជាតិ​អាហារ​គ្រប់​គ្រាន់​សម្រាប់​ការ​លូត​លាស់​វ័យ ។

កុ្រម​អ្នក​ជំនាញ​ផ្នែក​កុមារ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​អធិប្បាយ​ថា អំឡុង​អាយុ​នៅ​វ័យកុមារ​ជា​ពេល​វេលា​មួយ​សំខាន់​បំផុត​សម្រាប់​ការ​ធំ​លូត​លាស់​ដែល​ក្មេង​ចាំ​បាច់​ត្រូវ​តែ​ទទួល​សារ​ជាតិ​អាហារ​ឲ្យ​បាន​គ្រប់​ទាំង​៥​ក្រុម ។​ ក៏​ប៉ុន្តែ​ជា​បញ្ហា​ដែល​គេ​ជួប​ញឹក​ញាប់​នោះ​គឺ​ក្មេង​ក្នុង​អំឡុង​ចាប់​ពី​១​ខួប ​ឡើង​ទៅ​ច្រើន​មិន​សូវ​ចូល​ចិត្ត​ទទួល​ទាន​បន្លែ​ដែល​ជា​ប្រភេទ​វីតាមីន​ និងរ៉ែ ​ធាតុ​សំខាន់ៗ​សម្រាប់​រាង​កាយ​ក្នុង​នោះ​មិន​ថា​ការ៉ុត​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន A ជួយ​ដល់​គ្រាប់​ភ្នែក​ឲ្យ​មើល​ឃើញ​ល្អ​ ផ្លែ​ប៉េង​ប៉ោះ​មាន​វីតាមីន​ C ច្រើន​ជួយ​ឲ្យ​សរសៃ​ឈាម​រឹងមាំ​ និង​បន្លែ​ផ្ទី​សម្បូរ​ទៅ​ដោយ​វីតាមីន​ K ជាដើម ។

ព្រម​គ្នា​នោះ​ដែរ​ក្រុម​ជំនាញ​ក៏​បាន​ណែនាំ​ថា ប្រសិន​បើ​កូន​មិនព្រម​ទទួល​ទាន​បន្លែ​ ស្រ្តី​ជា​ម្តាយ​គួរ​ប្តូរ​មុខ​ម្ហូប​ថ្មី​ឲ្យ​ត្រូវ​ចំណង់​ចំណូល​ចិត្ត​របស់​កូន ក៏​ប៉ុន្តែ​ព្យាយាម​កាត់​បន្ថយ​រសជាតិ​ឲ្យ​កាន់​តែតិច​ចុះ​ជាលំដាប់ ។ បន្ទាប់​មកស្រ្តី​ជា​មាតា​តោង​ព្យាយាម​សន្សឹមៗ​បណ្តុះ​បណ្តាល​ឲ្យ​កូន​មើល​ឃើញ​ពី​សារៈសំខាន់​នៃ​ការ​ទទួល​ទាន​បន្លែ​ ហើយ​ភ្ជាប់​ទៅ​ជាមួយ​នឹង​តុក្កតា​ដែល​គេ​ចូល​ចិត្ត​បំផុត ។

ប្រសិន​បើ​កូន​នៅ​តែ​មិនព្រម​ទទួល​ទាន​បន្លែ​ ស្រ្តី​ជាម្តាយ​ចាំ​បាច់​ត្រូវ​ស្វែង​រក​អាហារ​ប៉ូវ​វីតាមីន​ដើម្បី​ឲ្យ​កូន​បាន​ទទួល​សារជាតិ​អាហារ​ចាំបាច់​ចំពោះ​រាងកាយ​ឲ្យ​បាន​គ្រប់​គ្រាន់​ទើប​ជា​ការ​ប្រសើរ ។

វ័យ​សិក្សា​ដែល​សមរម្យ​បំផុត​សម្រាប់​កុមារ

វ័យ​សិក្សា​ដែល​សមរម្យ​បំផុត​សម្រាប់​កុមារសាកល​វិទ្យាល័យ​ខេមប្រីត​ ចក្រភព​អង់គ្លេស​បាន​ស្រាវជ្រាវ​រកឃើញ​ថា​ កំឡុង​អាយុ​ដែល​ស័ក្តិ​សម​បំផុត​ក្នុង​ការ​ចាប់​ផ្តើម​សិក្សា​រៀន​សូត្រ​នោះ​ គឺ​អាយុ​៦​ឆ្នាំ​ដែល​មាន​កម្រិត​យឺតយ៉ាវ​ជាង​ច្បាប់​កំណត់​ចូល​រៀន​ក្នុង​ពេល​បច្ចុប្បន្ន​ដែល​ជា​ផ្លូវការ​អង់គ្លេស​បាន​កំណត់​ទុកត្រឹម​៥​ឆ្នាំ​នោះ ។

អ្នកស្រី​គីលលៀន​ ភីវ​ ប្រធាន​គណៈ​កម្មការ​ស្រាវ​ជ្រាវ​ការ​សិក្សា​ជា​មូលដ្ឋាន​ពី​សាកលវិទ្យាល័យ​ខេមប្រីត បានពោល​ថា មូលហេតុ​ដែល​តម្រូវ​ឲ្យ​ធ្វើ​បែប​នេះ​ក៏​ព្រោះ​កុមារ​៤​ទៅ​៥​ឆ្នាំ​ជា​វ័យ​ដែល​មិន​ទាន់​មាន​លក្ខណៈ​គ្រប់​គ្រាន់​សម្រាប់​រៀន​យល់​ដឹង​ពី​ទេពកោសល្យ​ពី​ការ​អាន​ ការ​សរសេរ​ ឬ​ទាំង​ពីរ​មុខ​នេះ​តែ​ម្តង ។

ទោះ​បីយ៉ាងណា​ក៏​ដោយ​មុន​នឹង​ឈាន​ដល់​អាយុ​៦​ឆ្នាំ​ ឪពុក​ម្តាយ​គួរ​ត្រៀម​ភាព​ព្រម​នៃ​លក្ខណៈ​គ្រប់​គ្រាន់​ទុក​ជា​មុន​ដោយ​ធ្វើ​ឲ្យ​កុមារ​ចូល​ទៅ​ទទួល​ការ​សិក្សា​បែប​មិន​ផ្លូវ​ការ​ ដូចជា​ការសិក្សា​ជា​មូលដ្ឋាន​ពី​វិទ្យាស្ថាន​ចិញ្ចឹម​កុមារ​ផ្សេងៗ​ ឬ​មត្តេយ្យ​សាលា​ជា​ដើម ។

ផល​អា​ក្រក់​សម្រាប់​កុមារ​ញៀន​ទូរទស្សន៍

ផល​អា​ក្រក់​សម្រាប់​កុមារ​ញៀន​ទូរទស្សន៍ពួក​អ្នក​វិទ្យា​សាស្រ្ត​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ការ​មើល​ទូរទស្សន៍​ក្នុង​១​ថ្ងៃ​មាន​រយៈ​ពេល​ច្រើន​ម៉ោង​នោះ​គឺ​ជា​មហន្តរាយ​មួយ​សម្រាប់​ក្មេង ។ ក្មេង​ដែល​ញៀន​ និង​ស្ថិត​នៅ​មុខ​ទូរទស្សន៍​យូរ​លើស​ពីរ​ម៉ោង​ក្នុង​១​ថ្ងៃ​ពួកគេ​នឹង​កើត​រោគ​ធាត់​ខុស​ធម្មតា​ ហើយ​​ក៏​អាច​ជាជំហាន​មួយ​ទៅ​រក​រោគ​លើស​ឈាម​ផង​ដែរ ។

កុ្រម​អ្នកពិសោធន៍​របស់​សហរដ្ឋ​អាមេរិក​បានស្រាវ​ជ្រាវ​រកឃើញថា​ក្មេង​ដែល​ញៀន​នឹង​ទូរទស្សន៍​រយៈ​ពេល​យូរ​ក្នុង​អំឡុង​២-៤​ម៉ោង​សម្រាប់​១​ថ្ងៃ​ ពួកគេ​នឹង​ប្រឈម​មុខ​កើត​រោគ​លើស​ឈាម​ ហើយ​អាច​នឹង​ក្លាយ​ទៅ​ជា​រោគ​បេះដូង​ព្រម​ទាំង​រោគ​ស្លាប់​មួយ​ចំហៀង​ខ្លួន​បាន​តទៅ​អនាគត​ក្នុង​កម្រិត​ខ្ពស់​ជាង​ធម្មតា​២,៥​ដង​ឯ​ណោះ ។

ជាងនេះ​ទៅ​ទៀត​អ្នក​ដែល​មើល​ទូរទស្សន៍​យូរ​រហូត​ដល់​ក្នុង​១​ថ្ងៃ​៤​ម៉ោង​នោះ​វា​កាន់​តែ​ប្រឈម​ខ្ពស់​ឡើង​ទៀត​អាច​៣,៣​ដង​ឯណោះ ។​ ទូរទស្សន៍​ជា​ការ​ពិត​មិន​ចំពោះ​ជា​គ្រោះថ្នាក់​សម្រាប់​តែ​កុមារ​នោះ​ទេ​ ប៉ុន្ត​វា​ជាដើម​ហេតុ​ធ្វើ​ឲ្យ​ក្មេង​មិន​សូវ​បាន​ធ្វើ​សកម្មភាព​ហាត់​ប្រាណ​ ហើយ​ថែម​ទាំង​គេ​ឃើញ​មាន​ការ​ឃោសនា​ទាក់​ទិន​ឲ្យ​ក្មេង​ចង់​ទទួល​ទាន​អាហារ​ប្រភេទ​គ្មាន​គុណប្រយោជន៍​អ្វី​ទាល់​តែ​សោះ​ទៀត​ផង ។

ប្រធាន​កុ្រម​អ្នកពិសោធន៍​របស់​កុ្រម​កីឡា​ និង​ការ​ហាត់ប្រាណ​របស់​មហាវិទ្យាល័យ​លូបូរ៉ូ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​គុណ​វិបត្តិ​នៃ​រោគ​ធាត់​ចំពោះ​កុមារ​វា​មាន​អាការៈ​ច្របូក​ច្របល់​ និង​ពិបាក​ក្នុង​ការស្វែង​យល់​ជាង​ទោស​នៃ​ការ​មើល​ទូរទស្ស​ន៍​រយៈពេល​យូរ​ទៀត​ឯ​ណោះ ៕

(សារព័ត៌មាន​កម្ពុជាថ្មី)

 

January 14, 2010

អំពី​ការ​ចង្អុល​ទិស​ទាំង​៨

 ការ​ចង្អុល​ទិស​ទាំង​៨

«មិន​ដឹង​ទិស​តំបន់» ជា​ឃ្លា​ដែល​ចាស់ៗ ឬ​អ្នក​រស់​នៅ​មូលដ្ឋាន​តែង​តែ​និយាយ​ទៅ​កាន់​ក្មេងៗ ឬ​អ្នក​ចំណូល​ថ្មី​ដែល​មាន​ចរិត ឬ​ការប្រព្រឹត្ត​មិន​គប្បី ឬ​ធ្វើ​អ្វី​មួយ​ខុស​ពី​ទម្លាប់​ជា​ប្រក្រតី ។ ក្នុង​ន័យ​នេះ​​ឃើញ​ថា ការ​យល់​ដឹង​អំពី​ទិស​នានា​គឺ​មាន​សារៈសំខាន់​ណាស់ ព្រោះ​ថា​ការ​មិន​ដឹង​ទិស​គឺ​តែង​តែ​បណ្ដាល​ឲ្យ​មាន​ដំណើរ​ក្នុង​គោលដៅ​មិន​ច្បាស់លាស់​ពិត​ប្រាកដ និង​តែង​ប្រព្រឹត្ត​ខុស​ទំនង និង​ទម្លាប់ ដែល​ជា​ការ​មួយ​មិន​ល្អ​ឡើយ ។

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ងាយស្រួល​ចំណាំ​ទីតាំង​ទិស​ទាំង​៨ ?

វា​ជា​ការ​ងាយស្រួល​ទេ​ក្នុង​ការ​ចង្អុល​បង្ហាញ​អំពី​ទិស​ធំៗ​ទាំង​៤ ពោល​គឺ ទិស​បូព៌ (កើត) ទក្សិណ (ត្បូង) បស្ចិម (លិច) និង​ឧត្ដរ (ជើង) តាម​វិធី​ផ្សេងៗ​ច្រើន​បែប​យ៉ាង ហើយ​​វិធី​ដែល​ងាយ​ស្រួល​បំផុត​គឺ​ពិនិត្យ​មើល​ទិស​ដែល​ព្រះអាទិត្យ​រះ និង​លិច ។ គេ​អាច​ឆ្លើយ​បាន​ភ្លាមៗ​នូវ​ទីតាំង​ទិស​៣​ផ្សេង​ទៀត​ នៅ​ពេល​ដែល​គេ​ដឹង​ទិស​ណា​មួយ ។ ប៉ុន្តែ​មិន​ងាយ​នឹង​ឆ្លើយ​តប​ឆាប់​រហ័ស​ប៉ុន្មាន​ទេ​ចំពោះ​អនុទិស​៤​ផ្សេង​ទៀត ពោល​គឺ អនុទិស​អាគ្នេយ៍ (កើត​ឆៀង​ត្បូង) និរតី (ត្បូង​ឆៀង​លិច) ពាយ័ព្យ (លិច​ឆៀង​ជើង) និង​ឦសាន (ជើង​ឆៀង​កើត) ។ បើសិន​ជា​ប្រើ​ពាក្យ «ឆៀង» ជា​ការ​ងាយ​ស្រួល​បំផុត តែ​បើ​ប្រើ​ឈ្មោះ​អនុទិស​នីមួយៗ​ចំៗ​ពិត​ជា​ពិបាក​រក​នឹក​បន្តិច ។

កាល​នៅ​ពី​​ក្មេង​ ​ពេល​និយាយ​អំពី​ទីតាំង​អនុទិស ខ្ញុំ​នឹក​ឃើញ​មុន​គេ​គឺ​អនុទិស «ឦសាន» ព្រោះ​នៅ​ពី​មុខ​ផ្ទះ​កំណើត​របស់​ខ្ញុំ​មាន​ «រាន​ព្រះភូមិ» មួយ​បែរ​មុខ​ចំ​ទៅ​ទិស​ឦសាន ។ ផ្ទុយ​ពី​ទិស​ឦសាន​គឺ​ទិស​នីរតី រី​ឯ​ទិស​២​ទៀត​គឺ​អាច​កំណត់​បាន​ជា​បន្ត​បន្ទាប់ ។

មាន​របៀប​ងាយ​មួយ​ទៀត​ដែល​អាច​យក​ទៅ​ប្រើ​ចំពោះ​មនុស្ស​ទូទៅ​បាន​គឺ​គ្រាន់​តែ​ចង​ចាំ​កាព្យ​ចុង​ចួន​មួយ​ឃ្លា​ រៀបរាប់​ទីតាំង​ទិស​ទាំង​៨​តាម​ទិសដៅ​ទ្រនិច​នាឡិកា ។ កាព្យ​មួយ​ឃ្លា​នេះ​គឺ ៖

«ទិស​បូព៌ ទិស​អាគ្នេយ៍ ទក្សិណ​រេ ទិស​និរតី បស្ចិម ពាយ័ព្យ​ខ្មី ឧត្ដររ៉ី ឦសាន​អើយ» ៕

 

January 13, 2010

ភាព​មិន​ប្រក្រតី​ក្នុង​ការ​ជ្រើសរើស​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា ????

អតីត​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា លោក អ៊ុំ យូរ៉ាន់ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា ការ​បោះឆ្នោត​រើស​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​អាណត្តិ​ថ្មី កើត​មាន​អំពើ​អយុត្តិធម៌​ដោយ​មាន​ការ​ឃុបឃិត​គ្នា​រវាង​សមាជិក​សហព័ន្ធ​ក្រោម​ឱវាទ​មួយ​ចំនួន​មាន​​គំនិត​អាក្រក់ រៀបចំ​ឯកសារ​បណ្តេញ​លោក​ចេញ​ពី​ប្រធាន​ដឹក​នាំ ។

លោក អ៊ុំ យូរ៉ាន់ បន្ត​ថា ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០០៩ លោក​បាន​ធ្វើ​របាយការណ៍​​ជូន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ក្រសួង​ទេសចរណ៍​ និង​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ និង​ចាត់​វិធានការ បើ​មិន​ដូច្នេះ​ទេ​វិស័យ​កីឡា​នៅ​កម្ពុជា​នឹង​មិន​មាន​រីក​ចម្រើន​នោះ​ទេ ។

លោក អ៊ុំ យូរ៉ាន់ បាន​រៀប​រាប់​ឈ្មោះ​សមាជិក​សហព័ន្ធ​កីឡា​​ជាប់​ឆ្នោត​ថ្មី​រៀប​គម្រោង​ទម្លាក់​លោក​ចេញ​ពី​ប្រធាន​សហព័ន្ធ​កីឡា​​ប្រដាល់​ដូច្នេះ ៖ «មេ​ធំ​គឺ តែម ម៉ឺន បន្ទាប់​មក ម៉ិល កាដូ បន្ទាប់​មក​មាន​ពីរ​បី​នាក់​ទៀត មាន​ដុកទ័រ ឆឹង យ៉ាវយ៉េន ខាង មាស សុខគ្រី ។ ខាង​អាស៊ី​សេរី​ដាក់​ឲ្យ​ចំៗ​ឲ្យ​ខ្ញុំ​ចុះ ខ្ញុំ​ទទួល​ខុស​ត្រូវ» ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ទើប​ជាប់​ឆ្នោត​ថ្មី​ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​បាន​ទេ​តាម​ទូរស័ព្ទ ។ ប៉ុន្តែ​អនុ​ប្រធាន​សហព័ន្ធ​កីឡា​កម្ពុជា លោក ឆឹង យ៉ាវយ៉េន មាន​ប្រសាសន៍​ថា ការ​បោះ​ឆ្នោត​រើស​មេ​ដឹកនាំ​សហព័ន្ធ​កីឡា​អាណត្តិ​ទី​៣​បាន​ប្រព្រឹត្ត​ទៅ​មាន​ភាព​យុត្តិធម៌​ និង​មាន​ការ​ត្រួត​ពិនិត្យ​ពី​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ ដូចជា​ មន្ត្រី​ក្រសួង​អប់រំ​ និង​គណៈកម្មការ​កីឡា​អូឡាំពិក​មក​វាយ​តម្លៃ​ការ​បោះ​ឆ្នោត​ក្រោម​ក្រសែ​ភ្នែក​អ្នក​កាសែត​ប្រកប​ដោយ​ប្រជាធិបតេយ្យ ។

លោក ឆឹង យ៉ាវយ៉េន មាន​ប្រសាសន៍​ដូច្នេះ ៖ «តំណាង​ឲ្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​ថា ការ​បោះ​ឆ្នោត​នេះ​មាន​ភាព​ត្រឹមត្រូវ​យុត្តិធម៌​ហើយ​ប្រជាធិបតេយ្យ» ។

អតីត​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់ លោក អ៊ុំ យូរ៉ាន់ បាន​ចោទ​ប្រកាន់​ថា ការ​រៀបចំ​គម្រោង​បណ្តេញ​លោក​ចេញ​ពី​តួនាទី​ជា​ប្រធាន​សហព័ន្ធ​កីឡា គឺ​ដោយសារ​កន្លង​មក​លោក​បាន​ចាត់​វិធានការ​ក្តៅ​ទៅ​លើ​អំពើ​ពុករលួយ​នៃ​ការ​ចាប់​គូ​កីឡា​ប្រកួត​លើ​សង្វៀន ផ្តើម​ចេញ​គណៈកម្មាធិការ​ចាប់​គូ​ប្រកួត​ស្ថិត​ក្នុង​ចង្កោម​សមាជិក​សហព័ន្ធ​ប្រដាល់​អាណត្តិ​ថ្មី​នេះ ។

លោក យ៉ាវយ៉េន អនុ​ប្រធាន​សហព័ន្ធ​កីឡា​ទើប​ជាប់​ឆ្នោត​ថ្មី បាន​សន្យា​ថា លុប​បំបាត់​ភាព​មិន​ប្រក្រតី​កើត​ចេញ​ពី​ការ​ចាប់​គូ​កីឡា​ចូល​រួម​ប្រកួត​លើ​សង្វៀន​នេះ​ឲ្យ​បាន​ជា​ស្ថាពរ ។

ប្រធាន​ក្លឹប​ និង​ជា​គ្រូ​បង្វឹក លោក ឡុង សាលវ័ន្ត រំពឹង​ទុក​ថា ថ្នាក់​ដឹកនាំ​សហព័ន្ធ​អាណត្តិ​ថ្មី​នឹង​លុប​បំបាត់​អំពើ​ពុករលួយ​លើ​វិស័យ​កីឡា ជា​ពិសេស​​អំពើ​ពុក​រលួយ​នៃ​ការ​ចាប់​គូ​ប្រកួត​នៅ​លើ​សង្វៀន ។

លោក ឡុង សាលវ័ន្ត បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «មេ​ដឹកនាំ​នេះ​ប្រហែល​ជា​មាន​ភាព​យុត្តិធម៌​ជាង​មេ​ដឹក​នាំ​មុន ។ មេ​ដឹក​នាំ​មុន​ដូច​ជា​មិន​ស៊ី​ចង្វាក់​នឹង​កូនចៅ» ។

គ្រូ​បង្វឹក​កីឡា​ប្រដាល់​ក្លឹប​បក្សីស្លាបដែក លោក សួរ ប៊ុនសូត្រ មិន​ទាន់​មាន​ជំនឿ​ថា ថ្នាក់​ដឹក​នាំ​សហព័ន្ធ​អាណត្តិ​ថ្មី​អាច​ទប់​ស្កាត់​​បាន​អំពើ​ពុករលួយ​ក្នុង​ការ​ចាប់​គូ​ប្រដាល់​នេះ​ទេ ព្រោះ​សមាសភាព​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​កីឡា​អាណត្តិ​ថ្មី​គឺ​សុទ្ធ​តែ​ជា​បុគ្គល​ដែល​ធ្លាប់​ប្រព្រឹត្ត​អំពើ​ពុករលួយ​កន្លង​មក ។

លោក អ៊ុំ យូរ៉ាន់ បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​រៀបចំ​ពាក្យ​បណ្តឹង​ដើម្បី​រំលាយ​សមាសភាព​សហព័ន្ធ​កីឡា​ដែល​ទើប​ ជាប់​ឆ្នោត​ថ្មី​នេះ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​ការ​ប្តឹង​ផ្តល់​របស់​គាត់​មិន​បាន​សម្រេច​បាន​ជោគជ័យ លោក​នឹង​បង្កើត​សហព័ន្ធ​ថ្មី​មួយ​ទៀត ៕

ដោយ ដែន អយុធ្យា
វិទ្យុ​អាស៊ី​សេរី ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១០

 

កំណត់​អត្តនោមតិ ៖

ខ្ញុំ​មិន​បាន​ដឹង​ថា​ការ​អនុវត្ត​សកម្មភាព​ការងារ​របស់​សហព័ន្ធ​កីឡា​ប្រដាល់​ស្ម័គ្រ​ចិត្ត​កម្ពុជា​កន្លង​មក​ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព ឬ​រលូន​យ៉ាងណា​នោះ​ទេ ហើយ​ក៏​មិន​បាន​យល់​ដឹង​អំពី​លក្ខន្តិកៈ​របស់​សហព័ន្ធ​ក៏​ទេ​ដែរ ។ ប៉ុន្តែ​ តាម​មតិ​អន្តោម័តិ​របស់​ខ្ញុំ​ ខ្មែរ​យើង​គួរ​ដល់​ពេល​នាំ​គ្នា​បង្កើត​ «វប្បធម៌​សាមញ្ញនិយម» ដោយ​លះបង់​ចោល​ «វប្បធម៌​អញនិយម» ។ ក្នុង​ន័យ​នេះ ការ​លាលែង​ពី​តំណែង ការ​បញ្ឈប់​ពី​តំណែង ការ​ធ្លាក់​ឆ្នោត ចាត់​ទុក​​ជា​រឿង​សាមញ្ញ ធម្មតា មិន​មែន​ជា​ការ​បាត់​បង់​កិត្តិយស ទទួល​នូវ​ការ​ត្មិះតិះដៀល ឬ​ជា​ការ​ផ្សំគំនិត​ផ្ចាញ់​ផ្ចាល​នោះ​ទេ វា​គឺ​ជា​ការ​ហ៊ាន​ទទួល​ខុស​ត្រូវ​មួយ​ប្រកប​ដោយ​កិត្តិយស ។ ម្យ៉ាងទៀត ការ​ចុះ​ចេញ ឬ​លាលែង​ពី​តំណែង​ដោយ​សន្តិវិធី​ ក៏​ជា​ការ​ទុក​ឱកាស​​ប្រៀប​ធៀប សាកល្បង​សមត្ថភាព​មួយ​ដែរ ពោល​គឺ យើង​អាច​រិះគន់​ពី​ការ​ចាត់​ចែង​ការងារ​របស់​អ្នក​កាន់​ការ​ថ្មី​ក្នុង​ករណី​ដែល​គេ​ធ្វើ​អន់​ជាង​យើង ហើយ​យើង​អាច​នឹង​ឈាន​ទៅ​ទទួល​ការ​ទុក​ចិត្ត​បោះ​ឆ្នោត​ឲ្យ​កាន់​តំណែង​វិញ​នៅ​អាណត្តិ​ក្រោយ​ក៏​អាច​ថា​បាន ។ ប្រសិនបើ​គេ​ធ្វើ​បាន​ល្អ​ជាង​យើងៗ​ក៏​តោង​ទទួល​ស្គាល់ លើក​សរសើរ និង​ជួយ​គាំទ្រ​បន្ថែម​ទៅ​ដើម្បី​ផលប្រយោជន៍​រួម និង​ផលប្រយោជន៍​ប្រជាជាតិ ។ កាលណា​យើង​រក្សា​ «វប្បធម៌​សាមញ្ញនិយម»​ លះបង់​ចិត្ត​គំនិត «ក្រៅ​ពី​អញ គ្មាន​នរណា​ធ្វើ​កើត» ឬ «…អ្នក​នេះ​ផ្សំ​គំនិត…» ឬ «មក​ពី​អ្នក​នេះ​អ្នក​នោះ» ឬ «ស្វែងរក​អន្តរាគមន៍​ពី​អ្នក​នេះ​អ្នក​នោះ» បាន​ហើយ ប្រជាជាតិ​ខ្មែរ​នឹង​មាន​ការ​រួបរួម​សាមគ្គី​គ្នា​ស្អិតរមួត ស្រឡាញ់​យោគយល់​សន្ដោស​គ្នា​ទៅ​វិញ​ទៅ​មក បញ្ចៀស​បាន​នូវ​អំពី​ហិង្សា និង​ការ​បែកបាក់​គ្នា តៗ​រាប់​ជំនាន់​រៀង​ទៅ ៕

 

«« Older Posts អត្ថបទចាស់ |




















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve